រឿងមហាភារតយុទ្ធ ភាគទី៦៖ការលេងស្កាភ្នាល់យ៉ាងធំ

ពីវិគីភីឌា

ឥឡូវ​នេះ​ទុរយោជន៍​នឹង​សកុនី បាន​រួម​គំនិត​គិត​ការ​ត្រៀម​ទុក​ព្រម​ស្រេច​ហើយ លំដាប់​នោះ ទុរយោជន៍ ក៏​ចូល​ទៅ​គាល់​ព្រះ​រាជ​បិតា ក្រាប​ចុះ​យុគល​បាទ ទ្រង់​ព្រះ​កន្សែង​អាក់អួល​ទឹក​ព្រះ​នេត្រ​ស្រក់​ស្រស្រាក់​ស្រោច​ភក្ត្រា ព្រះ​រាជ​បិតា​ឃើញ​អាការ​កូន​សម្លាញ់​ដូច​នោះ ក៏​ត្រាស់​សួរ​ដល់​ហេតុ​ផល ។ ព្រះ​ជា​ម្ចាស់​លើ​ត្បូង​ចូល​ទ្រង់​ជ្រាប សេចក្ដី​ល្អ​នៃ​ក្រុង​ឥន្ទ្របទ​របស់​យុធិស្ឋិរ ជា​ជាង​ហស្ដិនបូរ​របស់​យើង ដែល​ល្បីល្បាញ​ពី​ណា​មក​ហើយ ជា​ច្រើន​ភាគ ទី​ព្រះ​ឃ្លាំង​របស់​គេ​ពេញ​ទៅ​ដោយ​មាស ប្រាក់ កែវកង ពេជ្រ និល​ចិន្ដា​ដ៏​មាន​តម្លៃ រដ្ឋ​សីមា​របស់​គេ​សុទ្ធ​សឹង​តែ​ប្រាសាទ​ច្រូង​ច្រាង​ច្រាល​រន្ទាល ហាក់បី​ដូចជា​យោង​យឺត​យក​អំពី​ស្ថាន​សួគ៌ មក​ប្រតិស្ថាន​ទុក​នៅ​ទី​នោះ​សម្បត្តិ​ទាំង​នេះ ដើម​ឡើយ​យើង​ជា​អ្នក​អប​លោក​ឲ្យ​គេ ឥឡូវ​នេះ​គេ​រុងរឿង​ហួស​មុខ​មាត់​យើង​ទៅ​ហើយ គេ​ធ្វើ​រឹក​ក្រអឺត​ក្រទម​មើល​ងាយ​យើង​យ៉ាង​អ្នក​ព្រៃ ព្រះ​ករុណា ទូល​ព្រះ​បង្គំ​ខ្ញុំ​ចាំ​ចង់​តែ​ស្លាប់​បង់ ជា​សេចក្ដី​ពិត​តាម​ប្រមាណ​មើល ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​តាម​ដែល​ទទួល​សេចក្ដី​ទោមនស្ស​ទាំង​នេះ គង់​ជា​មិន​មាន​ជីវិត​រស់​នៅ​រហូត​មក​បាន​ក្រាប​ទូល​រឿង​នេះ​ឲ្យ​ទ្រង់​ជ្រាប​ទេ តែ​គ្រោះ​ជា​ទ្រង់ សកុនិ បាន​ជួយ​បន្ទោរ​ទុក​អម្បាល​នេះ​ចេញ​ទៅ​បាន​ខ្លះ រាប់​ថា​ជា​ព្រះ​គុណ​យ៉ាង​ខ្ពស់​ទ្រង់​សម្ដែង​បំភ្លឺ​ឧបាយកល​យ៉ាង​ឯក​សម្រាប់​នឹង​កាច់​កិន​គូ​បរប័ក្ស​ក្រគួត​នឹង​យើង​ឲ្យ​រលើង​ក្ឌូង​ទៅ លេស​ខ​នោះ ទ្រង់ សកុនិ ឲ្យ​ប្រតិបត្តិ​ដូច​នេះ អញ្ជើញ​យុធិស្ឋិរ​មក​លេង​ស្កា​ភ្នាល់​គ្នា ពួក​យើង​ត្រៀម​ការ​ស្រេច​ហើយ ដែល​នឹង​ធ្វើ​ឲ្យ​គេ​អមរាជ័យ​រាល់​ក្ដារ​ទៅ ត្រា​តែ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​របស់​ដែល​ខូច​ទៅ​ត្រឡប់​មក​វិញ គឺ​ថា​នឹង​យក​រាជ​អាណា​ចក្រ​ពាក់​កណ្ដាល ដែល​ចែក​ទៅ​ឲ្យ​គេ​មក​វិញ បើ​គ្រោះ​អាក្រក់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ចាញ់​គេ​ក៏​តាម​យថាកម្ម ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សុខ​ចិត្ត​ទទួល​បាប​គ្រោះ​កម្ម​នោះ​ដោយ​តុណ្ណីភាព ឲ្យ​គេ​ជា​ព្រះ​រាជា​តែ​មួយ​អង្គ ជំនួស​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ទាំងអស់​ទៅ​ចុះ ថា​បើ​មិន​ដូច​នោះ​ទេ ត្រូវ​ឲ្យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​គ្រង​អាណា​ចក្រ​ទាំង​មូល ដោយ​មិន​ចាំ​បាច់​បែង​ប៉ាន់​ឲ្យ​អ្នក​ឯ​ណា​នីមួយ​តែ​ដែល​ឲ្យ​ធ្វើ​ធំ​ទាំង​ពីរ ផ្កាយ​ពីរ​ដួង​នឹង​ចរ​ទៅ​ក្នុង​រាសី​តែ​មួយ​ជា​មួយ​គ្នា​មិន​បាន​ព្រះ​ករុណា ។ ធ្ឫតរាស្ត្រ​ត្រាស់​តប កូន​សម្លាញ់​ឪពុក លោភ​កើត​ឡើង​ព្រោះ​ទោស ទើប​ឯ​ទោស​នោះ​សោត បាន​នឹង​សេចក្ដី​វក់​មួយ​រំពេច ៗ ប៉ុណ្ណោះ ម្ដេច​បា​បណ្ដាល​ឲ្យ​ភ្លើង​ពិរោធ​ចូល​មក​ដុត​រោល​ហឫទ័យ​របស់​បា​ឲ្យ​ក្រៀម​ក្រំ​ទៅ​ថ្វី ម្ដេច​បាន​ទើប​មក​គិត​យាយី​បង​ប្អូន​ឯង​ទៀត គេ​បាន​លំបាក​តោក​យ៉ាក​មក​ក៏​ល្មម​ហើយ ឲ្យ​គេ​នៅ​ជា​សុខ​ផង​ចុះ​កូន ការ​ស្វែង​រក​រឿង​ទៅ​លើ​អ្នក​មាន​អំណាច​នជស័ក្ដិ ក៏​ស្មើ​ដូចជា​ដាស់​រាជសីហ៍​ដែល​ដេក​លក់​ឲ្យ​ភ្ញាក់ អា​រឿង​ភ្នាល់​បា​កុំ​នាំ​មក​និយាយ​ឲ្យ​បិតា​ឮ បិតា​ស្អប់​ឈ្មោះ​បោះ​សម្លេង​វា​ណាស់ វា​ប្រាប់​ហេតុ​សេចក្ដី​វិនាស​នឹង​គ្រោះ​ថ្នាក់​ប៉ុណ្ណោះ បិតា​ព្រឺ​ក្បាល​កាល​មក​គិត​នឹង​អនុញ្ញាត​ឲ្យ​បា​លេង​ស្កា​ភ្នាល់​គ្នា​នេះ តែ​ចូល​សួរ​វិទូរ​មើល គេ​នឹង​មាន​សេចក្ដី​ដូចម្ដេច​ក្នុង​រឿង​នេះ ។ វិទូរ មិន​បង្អង់​ឲ្យ​សួរ​ទាន់ ក្រោក​ឡើង​ឈរ​សុំ​រាជ​វរោកាស​ហើយ​សម្ដែង​សេចក្ដី​ឃើញ​របស់​គេ​ថា​ទេវ ព្រះ​អង្គ​រមែង​ទ្រង់​ជ្រាប​ថា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​មិន​ធ្លាប់​ជា​អ្នក​ប្រចុបប្រចែង​អ្នក​ណា សម្ដី​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ច្រើន​តែ​ឲ្យ​ទោស​ដល់​ទូល​ព្រះ​បង្គំ​វិញ​ជា​ញយ ៗ គ្រា​នេះ​ក៏​ទៀត ព្រោះ​លោក​ថា​ពាក្យ​ពិត​រែង​ស្លែង ទូល​ព្រះ​បង្គំ​តោង​សូម​ពោល​តាម​មតិ​របស់​ខ្លួន លោភ​ចិត្ត​របស់​ម្ចាស់​យើង ដែល​ទៅ​ដណ្ដើម​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​មក​ជា​របស់​ព្រះ​អង្គ​នោះ នឹង​នាំ​ឲ្យ​វិនាស​ទៅ​ឯង លេស​ដែល​ទ្រង់​គិត​បំណង​នឹង​ធ្វើ​ទៅ​នោះ សុទ្ធ​តែ​ហាយនកម្ម និង​អំណោយ​ផល​អាក្រក់​គួរ​ខ្លាច​ណាស់​ណា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​យល់​ឃើញ​ថា​ជា​មុខ​ក្រសួង​របស់​ទូល​បង្គំ​ជា​ខ្ញុំ ត្រូវ​តែ​ក្រាប​ទូល​ដាស់​តឿន​ព្រះ​សតិ​ទ្រង់​ព្រះ​ករុណា ។ សេចក្ដី​មិន​ពេញ​ព្រះ​ហឫទ័យ​ឲ្យ​លេង​ស្កា​ភ្នាល់ របស់​ព្រះ​រាជា​នឹង​ពាក្យ​យល់​ទាល់​របស់​វិទូរ​នេះ មិន​ធ្វើ​ឲ្យ​ទុរយោជន៍​រសាយ​មនោ​មាន​ទៅ​បាន ត្រឡប់​ជា​ទ្វេរ​សេចក្ដី​ឬស្យា​ឲ្យ​ចាស់​ក្លា​ឡើង ចំណែក​ឯ​យុធិស្ឋិរ​ជា​អ្នក​ប្រកប​ដោយ​គុណ​សម្បត្តិ​ផ្សេង ៗ ក៏​មែន​តែ​នៅ​ទន់ ១ យ៉ាង​គឺ​ត្រង់​សព្វ​ព្រះ​ហឫទ័យ​លេង​ស្កា ខ​នេះ​ជា​មារ​ដ៏​សំខាន់ ដែល​ព្រះ​អង្គ​មិន​អាច​នឹង​តស៊ូ​វា​បាន ។ កាល​ទ្រង់​ជ្រាប​ថា មាន​ល្បែង​ភ្នាល់​ស្កា​នៅ​ទី​ណា ក៏​តោង​ស្ដេច​ទៅ​ទត ឬ​ទៅ​លេង​ជា​មួយ​នឹង​គេ​នៅ​ទី​នោះ​ជា​ដរាប ព្រោះ​ហេតុ​នោះ ការ​ទុរយោជន៍​អញ្ជើញ​ទៅ​ក្រសាល​ការ​ភ្នាល់ ទ្រង់​ឃើញ​ជា​កិត្តិយស​មួយ​យ៉ាង គួរ​នឹង​ទទួល​អញ្ជើញ​ទៅ​ភ្នាល់​នឹង​គេ ទើប​ស្ដេច​ចេញ​ចាក​ឥន្ទ្របទ​បូរី នាំ​យក​ទាំង​ព្រះ​អនុជ​ទាំង ៤ នឹង​ព្រះ​ជននិ​ជរា​នឹង​ទ្រៅបទី ទៅ​ផង ។ ចាប់​លេង​ភ្នាល់​ស្កា ក្ដារ​ដំបូង យុធិស្ឋិរ ចាញ់​មួយ​ពាន់ ក្នុង​ក្ដារ​ត ៗ ទៅ​ក៏​ទន់​ជាង​គេ​ជា​ដរាប​ក្នុង​ថ្ងៃ​គ្រោះ​មិន​ល្អ​នោះ ថ្ងៃ​ព្រឹក​ឡើង​ទ្រង់​ក្រសាល​ទៀត ក៏​ចាញ់​គេ​ទៀត កាល​ចាញ់​ណាស់​ទៅ ក៏​កើត​ក្ដៅ​ក្រហាយ​ខ្លាំង​ឡើង ៗ មាស ពេជ្រ សេះ ដំរី រថ ទ្រង់​យក​មក​ដាក់​ភ្នាល់​នឹង​គេ​ទៀត លំដាប់​នោះ​ទ្រង់​យក​ព្រះ​រាជ​ទ្រព្យ​ក្នុង​ព្រះ​ឃ្លាំង​មក​តាំង​ភ្នាល់ រួច​អំពី​នោះ​ទ្រង់​យក​រាជ​អាណា​ចក្រ របស់​ទាំង​ពីរ​មុខ​នេះ​ក៏​រលាយ​ទៅ​តាម​គ្នា​ដូច​មុន ទោះ​ម្ល៉ឹង​ហើយ សេចក្ដី​ក្រហល់​ក្រហាយ​ក្នុង​ការ​ល្បែង​ក៏​មិន​មាន​ស្រាក ទ្រង់​លើក​យក​ព្រះ​អនុជ​ទាំង ៤ តាំង​ភ្នាល់ អស់​ព្រះ​អនុជ​ទាំង ៤ ដាក់​ព្រះ​អង្គ​ឯង​ទៀត ក្នុង​ទី​បំផុត​ដាក់​នាង ទ្រៅបទី ក៏​របូត​បាត់​ស្រមោល​ទៅ​ទៀត ជាទី​អប្បយស​អាម៉ាស់​មុខ​ជា​បំផុត ភីស្ម ទោណ និង វិទូរ មើល​តែ​ក្នុង​ចិត្ត​សែន​ស្លុត​សែន​សង្វេគ​វេទនា ចំណែក​ឯ កណ៌ ទុហសាសន និង​ពួក​អ្នក​គិត​កោង​អប្បល័ក្ខណ៍​ទាំង​ប៉ុន្មាន អង្គុយ​លេង ទឹក​មុខ​ញញឹម ដោយ​ឃើញ​ផ្លូវ​បាន​ប្រៀប​យ៉ាង​ធំ ដូច​មនោរថ​ហើយ ។ ទី​បំផុត​ដែល​ថា​រាប់​ឈ្នះ​ចាញ់​គ្នា ក៏​គឺ​ត្រឹម ទ្រៅបទី ទុរយោជន៍ ត្រាស់​ឲ្យ វិទូរ ទៅ​យក​ខ្លួន​នាង​មក​ក្នុង​បន្ទប់​ទី​ប្រជុំ​រដ្ឋ​មន្ត្រី ដោយ​ទ្រង់​យល់​ឃើញ​ថា វេលា​នេះ​នាង​មិនមែន​ជា​រាជិនី នាង​ធ្លាក់​ទៅ​ជា​ទាសី​ហើយ វិទូរ ក្រាប​ទូល​អង្វរ​ថា សុំ​ព្រះ​ហឫទ័យ​កុំ​ទ្រង់​ធ្វើ​ដល់​ម៉្លោះ​ដែល​នឹង​នាំ ទ្រៅបទី មក​កាន់​ទី​នេះ ជា​ការ​ប្រមាទ​មើល​ងាយ​នាង​ហួស​សម​គួរ ជា​ហេតុ​ឲ្យ​ពួក​បាណ្ឌវ​បណ្ដាល​ទោស​ខ្មួលខ្មាញ់​ឡើង​នឹង​កើត​ហេតុ​ធំ រឿង​នេះ​តែ​ខំ​ធ្វើ​រំលោភ​ទៅ សូម្បី​តែ​ទារក​ក្នុង​ប្រទេស​ឥន្ទ្របទ​ក៏​អត់​មិន​បាន ។ ទុរយោជន៍​ពោល​ពាក្យ​ទ្រគោះ​ឲ្យ វិទូរ ជា​ច្រើន ត្រាស់​ឲ្យ​រាជ​បុរស​ទៅ​កោះ​យក​ខ្លួន​នាង ទ្រៅបទី មក វិទូរ ជា​អ្នក​ស្លូត​សុចរិត​ដក​តែ​ដង្ហើម​ធំ​នឹង​គិត​តែ​ក្នុង​ចិត្ត​ថា ទុរយោជន៍​បោះបង់​ធម្ម​ចរិយា​ហើយ សេចក្ដី​ទុច្ចរិត​ជា​ផ្លូវ​ត្រង់​ទៅ​អបាយ ឥឡូវ​ទុយោជន៍ ក៏​កិល​នឹង​ចុះ​ទៅ​កាន់​ផ្លូវ​នោះ​ហើយ ។ គ្រា​នោះ​ទ្រៅបទី​ទេវី កំពុង​ប្រថាប់​នៅ​ក្នុង​បន្ទប់ បន្តិច​រាជ​បុរស​ទៅ​ដល់ បើក​ទ្វារ​ក្រាក​ចូល​ទៅ ទូល​ប្រវត្តិ​ហេតុ​ដល់​នាង​តាម​ព្រះ​រាជ​តម្រាស់ ទ្រៅបទី ធ្លាក់​ព្រះ​ហឫទ័យ​ក្តុក តែ​ដំកល់​សតិ​សម្បជញ្ញៈ​ទាន់ មាន​បន្ទូល​នឹង​សារ័ណ​ទូត អ្នក​មក​កោះ​ខ្លួន ថា​ម្នាល​នាយ ត្រៀច​យើង​បាន​ស្ដាប់​សំដី​អ្នក​ឯង​និយាយ​ដូច​នេះ​មែន​ឬ ព្រះ​រាជ​ស្វាមី​ត្រាស់​នឹង​អ្នក​ដូច​នេះ​ឬ1 ទ្រង់​អស់​ព្រះ​រាជ​ទ្រព្យ​ហើយ​ឬ ទើប​យក​ព្រះ​រាជិនី​ទៅ​ដាក់​ភ្នាល់​នឹង​គេ ទ្រង់​វិកល​ព្រះ​សតិ​ទៅ​ហើយ​ឬ ។ ព្រះ​រាជ​ទ្រព្យ​អស់​ហើយ​ក្រាប​ទូល ព្រះ​ចៅ យុធិស្ឋិរ បង់​ខាត​សព្វ​សារពើ​ដែល​នៅ​ក្នុង​សេចក្ដី​គ្រប់គ្រង​របស់​ខ្លួន រហូត​ដល់​មកុដ ព្រះ​អនុជ ព្រះ​រាជិនី ។ល។ ទាំងអស់​ហើយ ។ ទ្រៅបទី ក្រោក​ឈរ​មាន​សវនិយ​ដោយ​ទោស, ថា ។ បើ​ព្រះ​រាជា​របស់​យើង​ដាក់​ព្រះ​អង្គ​ជា​របស់​សម្រាប់​ភ្នាល់​នឹង​គេ អំពី​ដើម​ទី​ទៅ​ហើយ​សោត ព្រះ​អង្គ​ក៏​ក្លាយ​ទៅ​ជា​ទាសៈ​គេ​មួយ​រំពេច​ទៅ​ហើយ ពី​ត្រឹម​នោះ​មក​ព្រះ​អង្គ​មិន​មាន​អំណាច​នឹង​មក​យក​ខ្លួន​យើង​ទៅ ដាក់​ភ្នាល់​ទៀត​ឡើយ ព្រោះ​ហេតុ​ថា​ធម្មតា​ជាតិ​ជា​ខ្ញុំ​គេ​រមែង​គ្មាន​ទ្រព្យ​សម្បត្តិ នឹង​មិន​មាន​អំណាច​នឹង​លក់​ដូរ​របស់​អ្វី​បាន ព្រោះ​ហេតុ​នោះ គាត់​ចូល​នាំ​ពាក្យ​នេះ​ទៅ​ក្រាប​ទូល​ព្រះ​ភស្ដា​របស់​យើង​ថា គ្មាន​អ្នក​ណា​មាន​អំណាច​ត្រូវ​បាន​ទ្រៅបទី ។ រាជទូត​ត្រឡប់​ទៅ​ដល់​ទី​ប្រជុំ​របស់​រដ្ឋ​មន្ត្រី ក៏​នាំ​សម្ដី​ប្រជួស​ប្រសោក​របស់​នាង​ក្រាប​ទូល​ទុរយោជន៍ ទុរយោជន៍​ក៏​ខ្ញាល់​ណើង​ដូច​ភ្លើង​អគ្គិសនី ត្រាស់​ប្រើ​ទុហសាសន​ជា​អនុជ ឲ្យ​ទៅ​អូស​យក​នាង​មាត់​រឹង​មក​គាល់​ជា​ឆាប់ ។ ទុហសាសន​ទៅ​ដល់​ដំណាក់ ចូល​ទៅ​ក្នុង​បន្ទប់​ទ្រៅបទី ថ្លែង​ព្រះ​រាជ​ឱង្ការ​ថា ឱ​ក្សត្រ​បញ្ចាល​ព្រះ​នាង​ត្រូវ​គេ​យក​ទៅ​ដាក់​ភ្នាល់ ឥឡូវ​នេះ​ព្រះ​នាង​ធ្លាក់​ទៅ​ជា​របស់​នៃ​អ្នក​ឈ្នះ​ហើយ សម្ដេច​ព្រះ​ជេដ្ឋា​ទុរយោជន៍ មាន​ព្រះ​បន្ទូល​ឲ្យ​ទៅ​គាល់​ព្រះ​អង្គ ដែល​ជា​ម្ចាស់​ម្នាយ​របស់​នាង អំពី​នេះ​ជាដើម​ទៅ​នាង​ធ្លាក់​ទៅ​ជា​បាទ​បរិចារិការ​របស់​ព្រះ​អង្គ​ហើយ ។ ទ្រៅបទី​ទេវី បាន​ស្ដាប់​ពាក្យ​ប្រមាថ​មើល​ងាយ​នេះ ព្រះ​កាយ​ញ័រ​ចំប្រប់ ដោយ​សេចក្ដី​ខ្លាច និង​ក្រោធ​ក្រៃពេក នាង​យក​ព្រះ​ហស្ថ​បាំង​ព្រះ​ភ័ក្ដ្រ​មិន​ឲ្យ​ទុហសាសន​ឃើញ​អាការ​ដែល​វិការ​ទៅ ព្រះ​ហឫទ័យ​ញ័រ​តឺក ៗ រញ្ជួយ​ទាំង​សកល​កាយ ខណៈ​នោះ នាង​ស្ទុះ​ចេញ​អំពី​កន្លែង ព្យាយាម​នឹង​រត់​ចេញ​ទៅ​ខាង​ក្រៅ តែ​ទុហសាសន​កំណាច​អប្រិយ៍​ក៏​ចាប់​កន្ត្រាក់​កេសា​របស់​នាង​អ្នក​រន្ធត់​អស់​អង្គ ហាក់បី​ដូចជា​ស្លឹក​ព្រឹក្សា​ខ្ចី​ត្រូវ​ព្រះ​ពាយ​បក់​បោក​មក អូស​យក​ទៅ បី​ដូច​ជា​យម​បាល​អូស​សត្វ​នរក នាង​លុត​ជង្គង់​អង្វរ​ទុហសាសន​ថា អើ​អ្នក អ្នក​កុំ​មក​ប៉ះ​ពាល់​កាយ​ខ្ញុំ​ដោយ​ដៃ​របស់​អ្នក ដែល​មាន​បន្ទឹល​ជាប់ អ្នក​ក៏​រមែង​ជ្រាប​ហើយ​ថា សក់​របស់​ស្ត្រី​ស័ក្ដិ​សិទ្ធិ សុភាព​ស្ត្រី​កាល​មាន​គ្រឿង​តែង​កាយ​រយីករយាក​ដូច​នេះ នឹង​ទៅ​រក​អ្នក​ធំ​ម្ដេច​បាន តែ​ទុហសាសន​ជា​មនុស្ស​ប្រកប​ដោយ​និស្ស័យ​របឹង​រឹង​រុស មិន​ព្រម​ស្ដាប់​ពាក្យ​នាង​អង្វរ គេ​តប​នាង​ថា នាង​មាន​គ្រឿង​បិទ​បាំង​កាយ​ក្ដី អាក្រាត​កាយ​ក្ដី យើង​មិន​ទទួល​ដឹង នាង​ត្រូវ​តែ​ដើរ​តាម​យើង​ជា​ឆាប់​បង្អង់​យឺត​យូរ​មិន​បាន ។ គ្រា​នោះ​ទ្រៅបទី​ទោះបី​មិន​ស្ម័គ្រ​នឹង​ទៅ ក៏​តោង​ទៅ​ទាំង​រយីករយាក សក់​របូត​រលូត​ក្រញ៉ាញ់​ក្រញ៉ាស់ ព្រោះ​ត្រូវ​ចាប់​អូស​ដោយ​កំហល់​កំហែង ព្រះ​នេត្រ​ពេញ​ទៅ​ដោយ​អស្សុជល​ស្រក់​សស្រាក​ស្រោច​ភ័ក្ដ្រា​សុតា​ស្ត្រី ទ្រៅបទី​ទៅ​ដល់​ទី​ចំពោះ​ព្រះ​ភ័ក្ដ្រ​អ្នក​ធំ​ទាំងឡាយ នាង​ក៏​អភិប្រាយ​សុំ​ទោស​អ្នក​ធំ​ជា​មុន​ថា បពិត្រ​លោក​ទាំងឡាយ​ដ៏​ចម្រើន សូម​លោក​ឲ្យ​អភ័យ​ដល់​ខ្ញុំ​ដែល​បាន​ឈាន​ចូល​មក​ក្នុង​ទី​ប្រជុំ​នេះ ទាំង​គ្រឿង​ស្លៀកពាក់​ដ៏​មិន​គប្បី ។ ភីស្ម ទោណ និង​អ្នក​ធំ​ឯ​ទៀត​ជា​ច្រើន កាល​ក្រឡេក​ទៅ​ឃើញ​ទ្រៅបទី ក៏​ដាក់​ភ័ក្ដ្រ​ជ្រប់​ដោយ​សេចក្ដី​អៀន​ខ្មាស​ជួស​នាង និង​អាសូរ​ដល់​នាង​ជា​ពន្លឹក តែ ទុរយោជន៍ អ្នក​មាន​និស្ស័យ​របឹង ឥត​អាសូរ​ដ៏​តិច​សោះ ស្រែក​បង្គាប់​ដោយ​សេចក្ដី​វក់​ថា ទុហសាសន ចូល​សម្រាត​សំពត់​នាង​ចេញ​ឲ្យ​ដល់​ស្បែក សម្រាត​ឲ្យ​រលីង​ទាំង​ខ្លួន ឲ្យ​បង​សម្លឹង​មើល​ឆោម​ឆវី​របស់​ក្នុង​យាម​អាក្រាត​កាយ​រនល​នេះ​ម្ដង ។ ការ​លាមក​ឥត​ខ្មាស​ដូច​នេះ ធ្វើ​ឲ្យ​អ្នក​អង្គុយ​ក្នុង​ទី​ប្រជុំ​នោះ បណ្ដាល​ឆុល​ឆួល​ទោស​ឡើង​តែ​រាល់ ៗ គ្នា ទាល់​តែ​ម្នាក់ ឬ​ពីរ​នាក់​ក្នុង​ពួក​នោះ យក​ដៃ​ទៅ​ចាប់​ក្ដាប់​ដង​ក្រប៊ី ក៏​កិរិយា​ដែល​គេ​យក​ដៃ​ទៅ​ចាប់​ដង​គ្រប៊ី មើល​ទៅ​ហាក់​ដូច​ជា​ធ្វើ​ទោស​ចិត្ត​របស់​គេ ឲ្យ​ធូ​រសាយ​ទៅ​បាន ខ្លះ​បាត់​ណែន​ក្នុង​ដើម​ទ្រូង​គ្រាន់​បើ ។ ដោយ​សន្ដាន​ចិត្ត​ជា​បុគ្គល​ពោល​ជ្រោក​ជ្រាក ប្រាស​ចាក​មេត្តា ទុហសាសន បាន​ចូល​ទៅ​បោច​រោច​សម្រាត​សំពត់​អាវ​ទ្រៅបទី តាម​បង្គាប់​ព្រះ​ជេដ្ឋា ទ្រៅបទី​ស្រែក​ថា ចូរ​ស្ដាប់​ខ្ញុំ​ម្ចាស់​ផង លោក​អ្នក​ធំ​ទាំងឡាយ លោក​ក៏​មាន​ភរិយា និង​បុត្រី​ដូច​គ្នា លោក​នឹង​បណ្ដោយ​ឲ្យ​ស្រី​អ្នក​មាន​ព្រហ្ម​ចរិយ ត្រូវ​គេ​កំហែង​លេង​នៅ​មុខ​អស់​លោក​ដូច​នេះ​ឬ ចូល​ជួយ​ខ្ញុំ​ម្ចាស់​ផង​ព្រះ​អង្គ ចូល​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​អាសអាភាស​អស់​នេះ​ផង​ព្រះ​គុណ ស្ងាត់​ទៅ​មួយ​ស្របក់ ទ្រៅបទី​ស្រែក​ម្ដង​ទៀត​ថា ម្ដេច​ស្ងៀម​ស្ងាត់​រាល់​គ្នា​ដូច​នេះ គ្មាន​នរណា​និមួយ​ក្នុង​ពួក​លោក​លើក​អង្គុលី​ឡើង​ការពារ​សមាន​ស័ក្ដិ​នៃ​ស្ត្រី​ដ៏​រក​មន្ទិល​គ្មាន​នេះ​ហើយ​ឬ សេចក្ដី​ល្បី​ខ្ចរខ្ចាយ​ជាតិ​របស់​គុរុ កិត្តិគុណ​ចាស់​របស់​ភាតរវង្ស​សាប​សូន្យ​អស់​ទៅ​ហើយ​ឬ ក្សត្រិយ៍​ទាំងឡាយ​លើក​លែង​ជា​អ្នក​ចម្បាំង​ហើយ​ឬ ស៊ូ​នាំ​គ្នា​អង្គុយ​មើល​ការ​លាមក​ដូច​នេះ​បាន​ឬ​ហ្ន៎ ។ ភីស្ម ក្រោធ​មុខ​ឡើង​ក្រហម ទោណ ខាំ​មាត់ ក្ដាប់​ដៃ​ប្រុង​នឹង​ដាល់ វិទូរ ថ្ងូ​ហឺ ៗ យក​ចិត្ត​ជួយ ចំណែក​ឯ ភីម ជា​អនុជ​យុធិស្ឋិរ​គ្រវី​ដំបង​ស្រែក​ប្រកាស​ជា​ពាក្យ​ស្បថ​ថា នឹង​ហុត​ឈាម ទូហសាសន ហើយ​នឹង​យក​ជីវិត ទុរយោជន៍ ឲ្យ​បាន ដោយ​ដំបង​នេះ​មុន​ថ្ងៃ​ដែល​ខ្លួន​គេ​ស្លាប់ ។ ទុរយោជន៍​ធ្វើ​ឫក្ស​សម្ដែង​អំណាច​យ៉ាង​សម្បើម​ដោយ​មាន​ជ័យជំនះ បែរ​មក​ត្រាស់​នឹង​យុធិស្ឋិរ​ថា ទ្រង់​ចូល​ពោល​ដោយ​ពិត​មក​មើល ព្រោះ​ទ្រង់​តែង​តែ​ពោល​ពាក្យ​ពិត​រាល់​វេលា ទ្រង់​បង់​រាជ​អាណា​ចក្រ បង់​អនុភាតា បង់​ខ្លួន​របស់​ទ្រង់ មិន​បង់​តែ​ប៉ុណ្ណោះ​បង់​ទាំង​មហេសី​មក​ខ្ញុំ​មែន​ឬ​មិន​មែន យុធិស្ឋិរ​មិន​ហើប​មាត់ ចំណែក​ឯ​កណ៌ នឹក​អស់​សំណើច​ក៏​សើច​កាក តែ ភីស្ម អង្គុយ​សម្រក់​ទឹក​ភ្នែក​ព្រិច ៗ មិន​មាន​ពោល​ថា​ម្ដេច​សោះ ។ វេលា​នោះ ព្រះ​ចៅ​ធ្ឫតរាស្ត្រ កំពុង​ប្រថាប់​នៅ​ក្នុង​ព្រះ​រាជ​វាំង​មិន​បាន​ទ្រង់​ជ្រាប​ហេតុ​ទេ ដែល​កើត​ឡើង​ក្នុង​ទី​ប្រជុំ​រដ្ឋ​មន្ត្រី​នោះ​ឡើយ ព្រាហ្មណាចារ្យ​ទាំងឡាយ​កំពុង​ស្វធ្យាយ​វទធម៌​វត្ត​ល្ងាច ខណៈ​នោះ​ទ្រង់​ឮ​សម្លេង​សិង្គាល (ឆ្កែ​ចចក) លូ​ក្នុង​ព្រៃ​ប្រាប់​ហេតុ​អាក្រក់​ដែល​កើត​ឡើង​ក្នុង​ថ្ងៃ​នោះ ទ្រង់​ក៏​ធ្លាក់​ព្រះ​ហឫទ័យ​ក្ដុក ព្រះ​កាយ​ញ័រ​ទ្រិច ៗ មួយ​ស្របក់​វិទូរ​ទៅ​ដល់​ក្រាប​ទូល​ប្រវត្តិ​ហេតុ​តាម​ដែល​ ទុរយោជន៍ ក៏​ឡើង កាល​ទ្រង់​ជ្រាប​ហេតុ​អប្បមង្គល​ដូច​នោះ ហើយ​ក៏​ទ្រង់​ព្រះ​កន្សែង​ត្រាស់​ព្រះ​សូរ​សៀង​ញ័រ​រន្ធត់​ថា អាកូន​កម៌ វា​ធ្វើ​ឲ្យ​ព្រះ​រាជា ទ្រុបទ បាន​នូវ​សេចក្ដី​អាសអាភាស​ហើយ ដោយ​ប្រមាទ​មើល​ងាយ​ធីតា​របស់​គេ​ដ៏​ជា​វិសុទ្ធិ​កន្យា សុំ​ពាក្យ​ភាវនា​របស់​បិតា​អ្នក​កំពុង​តែ​ព្រួយ​សោក​ទុក្ខ​នៅ​វេលា​នេះ ចូល​អភិបាល​ការពារ​ភយន្តរាយ​នៃ​ព្រះ​ជា​ម្ចាស់​ដ៏​ជា​ធំ​ក្នុង​ស្ថាន​សួគ៌ តាម​ដែល​បាន​ឮ​ក្នុង​ហេតុ​ភេទ​អាក្រក់​នោះ​ចុះ ។ គ្រា​នោះ​មាន​អ្នក​នាំ​ស្ដេច​ទៅ​រក​នាង​ទ្រៅបទី ទ្រង់​ត្រាស់​នឹង​នាង​ថា ម្នាល​បុត្រី​វិសុទ្ធិ​រាជា នាង​ជា​ទី​សម្លាញ់​ដួច​ដួង​ហឫទ័យ​របស់​បិតុល អនិច្ចា​បុត្រ​របស់​ធំ​បាន​ធ្វើ​សេចក្ដី​កំហឹង​ដល់​នាង​ជា​ទម្ងន់ នាង​ចូរ​ឲ្យ​អភ័យ​ដល់​វា​ផង​ចុះ នឹង​សុំ​ទោស​ព្រះ​ជា​ម្ចាស់​លើ​ស្ថាន​សួគ៌​កុំ​ឲ្យ​ធ្លាក់​លើ​ត្បូង​របស់​វា ក្មួយ​សម្លាញ់​របស់​ធំ នាង​នឹង​ប្រាថ្នា​អ្វី​ធំ​នឹង​ប្រទាន​ឲ្យ​នាង​គ្រប់​យ៉ាង ។ ទ្រៅបទី​ពោល​ពាក្យ​ថ្វាយ​ជ័យ​ដល់​ព្រះ​រាជា អ្នក​ទ្រង់​នូវ​មេត្តា​គុណ​នឹង​ទូល​សុំ​សេចក្ដី​មេត្តា​ប្រោស​ជួយ​ឲ្យ យិធិស្ឋិរ រាជ​ស្វាមី​រូច​ចាក​ភាវៈ​ជា​ទាសៈ ទ្រង់​ក៏​ប្រទាន​ឲ្យ​រួច​មួយ​រំពេច​ព្រះ​ចៅ​ធ្ឫតរាស្ត្រ សុំ​ឲ្យ​ទេវី​សម្ដែង​សេចក្ដី​ប្រាថ្នា​យ៉ាង​ដទៃ​តទៅ​ទៀត នាង​ក្រាប​ទូល​សុំ​ឲ្យ​បាន សេះ រថ អាវុធ របស់​គេ​មក​វិញ សេចក្ដី​ប្រាថ្នា​គ្រា​ទី​ពីរ​នេះ​ព្រះ​ចៅ​ធ្ឫតរាស្ត្រ​ក៏​ទ្រង់​ប្រទាន​ឲ្យ​ជា​យ៉ាង​ឆាប់ ហើយ​សុំ​ឲ្យ​នាង​សម្ដែង​សេចក្ដី​ប្រាថ្នា គ្រា​ទី​បី​តទៅ ទ្រៅបទី​ក្រាប​ទូល​ថា ខ្ញុំ​ម្ចាស់​ជា​ធីតា​ក្សត្រិយ៍ ខ្ញុំ​ម្ចាស់​អស់​ប្រាថ្នា​របស់​ដទៃ​ទៀត​ហើយ ប្រាថ្នា​តែ​ពីរ​ដង​ប៉ុណ្ណេះ​ក៏​ល្មម​ហើយ នឹង​ប្រាថ្នា​សព្វ​សារពើ​មិន​គួរ​ព្រះ​ករុណា ។ បាណ្ឌវ​ក្សត្រិយ៍ បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ក្រុង​ឥន្ទ្របទ​វិញ វេលា​ចេញ​ទៅ​អំពី​ក្រុង​ហស្ដិនបូរ ទុរយោជន៍ ក៏​ចូល​ទៅ​គាល់​ព្រះ​រាជ​បិតា ទូល​បន្ទោស​ព្រះ​រាជ​បិតា ដោយ​សេចក្ដី​ពិរោធ​ថា ល្អង​ធុលី​ព្រះ​បាទ អនុញ្ញាត​ឲ្យ​ពួក​បាណ្ឌវ​ទាំង ៥ រួច​ទៅ​ជា​សុខ គេ​គិត​តែ​នឹង​ធ្វើ​សង្គ្រាម​សង​សឹក​យើង ព្រោះ​ហេតុ​នោះ​សុំ​ឲ្យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ភ្នាល់​ស្កា​នឹង​គេ​មួយ​ក្ដារ​ទៀត ហើយ​កំរិត​ដែល​នឹង​ភ្នាល់​ម្ដង​នេះ​ដូច​នេះ អ្នក​ចាញ់​តោង​ត្រូវ​និរទេស​ទៅ​នៅ​ព្រៃ​កំណប់ ១២ ឆ្នាំ រួច​អំពី​នោះ​ត្រូវ​ពួន​មុខ​នៅ​ក្នុង​ទី​សន្ដោស ១ ឆ្នាំ​ទៀត យើង​អាច​នឹង​ចៀសវាង​សឹក​សង្គ្រាម​បាន ដោយ​ឧបាយ​យ៉ាង​នេះ​ប៉ុណ្ណោះ ។ ព្រះ​រាជា​ជា​អ្នក​មាន​សន្ដាន​ចិត្ត​ទន់ ក៏​បណ្ដោយ​តាម​រាជ​ឱរស​ត្រាស់ បង្គាប់​ឲ្យ​រាជ​ឱរស​ទៅ​តាម​បាណ្ឌវ​ក្សត្រិយ៍​អម្បាល​នោះ ត្រឡប់​មក ចាប់​ផ្ដើម​លេង​ស្កាភ្នាល់​ម្ដង​ទៀត យុធិស្ឋិរ និង សកុនិ អង្គុយ​ទល់​មុខ​គ្នា ចាប់​លេង​ទៅ​តាម​តម្រិះ ហើយ​នឹង​ប្រុង​ជើង​នឹង​យក​ប្រៀប​ដោយ​សព្វ​ខ្លួន សកុនិ​យក​កូន​ស្កា​បង្កប់​សំណរ​មក​លេង​ទៀត យុធិស្ឋិរ​ក៏​ចាញ់​ទៅ​ទៀត​ដូច​ដែល ក្នុង​ទី​បំផុត​ព្រះ​អង្គ​នឹង​អនុភាតា​ព្រម​ដោយ​ទ្រៅបទី ក៏​ត្រូវ​ទទួល​សេចក្ដី​អបរាជ័យ​ដ៏​ជា​ផល​នៃ​ល្បែង​ស្កា គេ​និរទេស​ចេញ​ចាក​និវេសន៍​មហា​ស្ថាន ។

ឯកសារយោង[កែប្រែ]

សៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម

តំនភ្ជាប់ក្រៅ[កែប្រែ]

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត