រឿងមហាភារតយុទ្ធ ភាគទី១២៖សង្គ្រាមកុរុក្សត្រ

ពីវិគីភីឌា

ព្រះ​ក្រិស្ណ នាំ​សារ​ទៅ​កាន់​រាជ​សំណាក់​កុរុ មិន​សម្រេច​ផល​ដូច​បំណង​ចរ​ផ្គង​ត្រឡប់​ទៅ​មិន​យូរ ទុរយោជន៍​ក៏​បញ្ជូន​រាជសារ​បបួល​ច្បាំង​ទៅ​ដល់​បាណ្ឌវ​ក្សត្រិយ៍ ក្នុង​រាជសារ​បបួល​ច្បាំង​នោះ ពេញ​ទៅ​ដោយ​នូវ​ពាក្យ​ប្រមាទ​ជាទី​បំផុតចេតនា​ប្រុង​តែ​ប្រើ​អាវុធ​គឺ​ការ​ មើល​ងាយ ជាង​ការ​ប្រកាស​សង្គ្រាម សេចក្ដី​ថា ទ្រង់​ស្បថ​ទុក​ថា ទ្រង់​នឹង​ធ្វើ​សង្គ្រាម​ដណ្ដើម​ជ័យជម្នះ​គ្នា​នឹង​យើង ក៏​ឥឡូវ​ដល់​វេលា​នេះ​ហើយ ដែល​ទ្រង់​នឹង​ត្រូវ​បដិបត្តិ​តាម​ពាក្យ​សម្បថ​ដ៏​ពិត​នោះ រាជ​អាណា​ចក្រ​របស់​ទ្រង់​ត្រូវ​យើង​អូស​យក នាង​ទ្រៅបទី​របស់​ទ្រង់ ក៏​ត្រូវ​យើង​ធ្វើ​ផ្ចាញ់ផ្ចាល​ឲ្យ​បាន​នូវ​សេចក្ដី​អាម៉ាស់​មុខ ស្ទើរ​ដក​ដង្ហើម​មិន​រួច ព្រះ​អង្គ​ទ្រង់​ព្រម​ទាំង​បង​ប្អូន ត្រូវ​យើង​សង្កត់​ក​និរទេស​ឲ្យ​ទៅ​នៅ​ព្រៃ​ដូច​ពានរ ភីម​យក្ខ​ធំ​មាត់​រឹង​អួត​ខ្ជោល​តែ​មាត់​នោះ គេ​មុខ​ទៅ​ពួន​ឯ​ណា ភ្លេច​ហើយ​ឬ​សម្ដី​ដែល​អួត​ថា​នឹង​ផឹក​ឈាម​ទុហសាសន ទុហសាសន​ចាំ​មើល​តែ​មាត់​ឈ្លើង​នឹង​មក​ជ្ញជក់​ឈាម អរេជុន​អួត​ខ្លាំង​ពូកែ​ណាស់​នៅ​ឯ​ណា ឲ្យ​គេ​ចេញ​មក​អំពី​ទី​ពួន​មុខ ហើយ​សម្ដែង​សិល្ប​សរ​យ៉ាង​ក្មេង​វត្ត​ទើប​ហាត់​ឲ្យ​យើង​មើល​ផង នឹង​ជា​អ្វី​ទៅ នឹង​និយាយ​អ្វី​ផ្សេង ៗ ជា​ច្រើន ។

ពួក​បាណ្ឌវ​បាន​ទទួល​ពាក្យ​បបួល​ច្បាំង​នេះ​ទុក ហើយ​បាន​បញ្ជូន​ពាក្យ​ប្រកាស​សង្គ្រាម​តប​ទៅ​ដល់​ពួក​កុរុ​វិញ តែ​ប្រើ​សម្ដី​រៀបរយ​តាម​ទំនៀម​រាជការ ។ ថ្ងៃ​ព្រឹក​ឡើង​កងទ័ព​ទាំង​ពីរ​ខាង គឺ​កងទ័ព​គោរព និង​បាណ្ឌព​ក៏​មក​តាំង​នៅ​ទី​វាល​ធំ មិន​ឆ្ងាយ​អំពី​ក្រុង​ហស្តិនបុរ​ប៉ុន្មាន អំពី​នោះ​មក​ទី​នោះ​ក៏​ប្រាកដ​នាម​ក្នុង​ពង្សាវតារ​ថា (សង្គ្រាម​កុរុ​ក្សេត្រ) ភីស្មៈ ត្រូវ​រើស​ជា​ស្ដេច​សឹក​កំពូល​ទ័ព គឺ​មេទ័ព​ស្រួច ខាង​ទ័ព​កុរុ ទោណ​អាចារ្យ​ជា​អ្នក​បញ្ជាការ​ស្លាប​ស្ដាំ (គឺ​ជា​មេទ័ព​ខាង​ស្ដាំ) មាន​សកុនី​ជា​ភូឈួយ និង​កង​ទាហាន​គន្ធារី​ជិះ​សេះ​កាន់​ទួន ទុហសាសន​ជា​អ្នក​បញ្ជាការ​ខាង​ឆ្វេង (គឺ​មេទ័ព​ខាង​ឆ្វេង) ព្រះ​ធ្ឫតរាស្ត្រ​ជា​អ្នក​បញ្ជា​កងទ័ព​ខាង​ក្រោយ​មាន​សញ្ជ័យ នាយ​សារថី​របស់​ព្រះ​អង្គ​នៅ​ជា​មួយ​ផង ចាំ​ក្រាប​ទូល​រាយការណ៍​សេចក្ដី​ប្រព្រឹត្ត​ទៅ​ក្នុង​ទី​ចម្បាំង​ឲ្យ​ទ្រង់​ ជ្រាប ។

កងទ័ព​បាណ្ឌព​មាន ធ្ឫស្ដឡុម័ន ឱរស​ព្រះ​ចៅ​ទ្រុបទ បង​ប្អូន​ទ្រៅបទី ជា​មេទ័ព​ស្រួច ជា​អ្នក​នាំ​ទ័ព​ខាង​បាណ្ឌព ក្នុង​កងទ័ព​បាណ្ឌព​មាន​ក្សត្រិយ៍​កម្លាំង ៗ ច្រើន បណ្ដា​ក្សត្រិយ៍​កម្លោះ​អម្បាល​នោះ​អភិមន្យុ បុត្រ​អរជុន កើត​នឹង​នាង​សុភទ្រា​កនិដ្ឋកគិនី​ក្រិស្ណ ក្អេងក្អាង​ជាង​គេ​ទាំងអស់ កងទ័ព​ទុរយោជន៍ មាន​កម្លាំង​រេហ៍ពល​រឹងប៉ឹង​ជាង​កងទ័ព​យុធិស្ឋិរ ។

អ្នក​នាំ​ទ័ព​ទាំង​សង​ខាង​មាន​សេចក្ដី​រីករាយ​សប្បាយ​ចិត្ត ជា​យ៉ាង​ក្រៃ​ពេក​បាន​ចាត់​ក្បួន​ទ័ព​ដោយ​រួសរាន់ ទង់​ពណ៌​ឥន្ទធនូ​របស់​កងទ័ព ទាំង​សង​ខាង​បោកបក់​រវិច​ទៅ​តាម​ខ្យល់ ត្រែ​ស័ង្ខ​ក៏​ផ្លុំ​សូរស៊ាន​រងំ​ទាំង​យុទ្ធ​មណ្ឌល ស្គរ​ជ័យ​ទួងទូង ៗ បណ្ដើរ​អន្លូង​ជា​ចង្វាក់​សម្រាប់​ប្រាប់​ហេតុ​អ្វី ៗ ដំរី​សឹក​សោត​ក៏​ស្រែក​គឹក ៗ សន្ធឹក​សូរ​សព្ទ​ផ្កាប់​ស្ទើរ​ប្រថពី រថ​សឹក​ទឹម​សេះ​ពាជី​គ្រឹក ៗ សន្ធឹក​ឮ​ដូច​ផ្គរ​លាន់ គ្រឿង​អាវុធ​យុទ្ធ​ភណ្ឌ​បាន​ត្រៀម​មក​ស្រេច​គ្រប់​មុខ​គ្រប់​យ៉ាង សេនា​ទាហាន​ទាំង​សង​ខាង​សម្រឹង​ត្រចៀក​ស្ដាប់​បញ្ជាការ​នាយ​កាយ​របស់​ខ្លួន​ ស្រែក​ឲ្យ​ត្រៀម​ចូល​វាយ​សឹក ។

ខណៈ​ដែល​កងទ័ព​សង​ខាង​កំពុង​ឈរ​ទ្រឹង សម្លឹង​គ្នា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ឃើញ​ហេតុ​ចម្លែក ១ យ៉ាង​ប្រាកដ​ដល់​ភ្នែក​មនុស្ស​ទាំងឡាយ គឺ​យុធិស្ឋិរ​ចុះ​អំពី​រថ​សឹក​ដោះ​គ្រឿង​សឹក​ចេញ​អំពី​ព្រះ​អង្គ ហើយ​ដើរ​ត្រង់​ទៅ​កាន់​សំណាក់​អ្នក​បង្គាប់​ការ​កងទ័ព​ខាង​កុរុ ដែល​ឈរ​ត្រៀបត្រា​នៅ​ខាង​មុខ តែ​ទ្រង់​គ្មាន​កាន់​អាវុធ​នៅ​ដៃ​សោះ នេះ​ជា​គ្រឿង​សម្គាល់​ឲ្យ​ឃើញ​ថា​ទ្រង់​មក ដើម្បី​សេចក្ដី​ស្ងប់​សឹក ព្រោះ​តាម​កតិកា​អ្នក​ស្រុក​ឥណ្ឌា​ថា អ្នក​ចម្បាំង​ឯ​ណា​ទៅ​ប៉ះពាល់​កាយ​បច្ចាមិត្រ ដែល​មិន​បាន​កាន់​អាវុធ​ក្នុង​ដៃ​នោះ​ជា​មិន​បាន ពួក​សេនា​ទាហាន​ខាង​យុធិស្ឋិរ ក៏​នឹក​ឆ្ងល់​តែ​រាល់​គ្នា​ខាង​ពួក​កុរុ​នាំ​គ្នា​រីករាយ ដោយ​សម្គាល់​ថា យុធិស្ឋិរ ស្ញប់ស្ញែង​ខ្លាច​ក្រែង​បារមី ទើប​មក​សុំ​ធ្វើ​សន្យា​ស្ងប់​សឹក ឈប់​ច្បាំង​ប៉ុណ្ណឹង​ហើយ ក៏​បង្អង់​ចាំ​មើល​មួយ​ស្របក់​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​អ្វី តែ​ភ្នែក​មនុស្ស​រាល់ ៗ រូប ក៏​សម្លឹង​ទៅ​តែង​យុធិស្ឋិរ ខណៈ​ដែល​ដើរ​ទៅ​រក​នាយ​ទាហាន​ធំ​ខាង​កុរុ​មើល​ទៅ​ព្រះ​ភ័ក្ដ្រ​យុធិស្ឋិរ​ ប្រាប់​ថា មិន​សប្បាយ​ព្រះ​ហឫទ័យ ។

យុធិស្ឋិរ​ដើរ​សំដៅ​ទៅ​រក​ភីស្មៈ​ដែល​កំពុង​ឈរ​នៅ ក្នុង​កង​ទាហាន​ជួរ​មុខ​សន្សឹម ៗ ចូល​ទៅ​ស្ទាប​ព្រះ​បាទ​ភីស្មៈ សុំ​ខមាល​ទោស​ដើម្បី​ធ្វើ​សង្គ្រាម​ប្រឡង​យក​ជ័យជម្នះ ព្រោះ​ធម្មតា​ក្សត្រិយ៍​អ្នក​ធ្ងន់​ក្នុង​អារ្យ​ចិត្ត កាល​ទ្រង់​ជ្រាប​ថា ព្រះ​អង្គ​នឹង​កាន់​អាវុធ​ចូល​ធ្វើ​សង្គា្រម​នឹង​ពួក​ព្រះ​ញាតិ​អ្នក​ធំ​ដ៏​ ដ៏​មេ​បា​ត្រកូល ដោយ​មិន​បាន​ខមាទោស​ជា​មុន​សិន​មិន​បាន សូម្បី​ជេដ្ឋ​បុគ្គល​នោះ​កាន់​អាវុធ​មក​បម្រុង​នឹង​ប្រហារ​ខ្លួន​ក្ដី រួច​ហើយ​ទ្រង់​ចូល​ទៅ​រក​ទោណ​អាចារ្យ សុំ​ខមាល​ទោស​នឹង​អាចារ្យ ដែល​ទ្រង់​នឹង​តោង​ហូត​ក្រប៊‍ី​ចូល​ត​យុទ្ធ​នឹង​កុរុ ទ្រង់​គ្មាន​ចេតនា​គិត​តស៊ូ​និង​អាចារ្យ និង​ប័ក្ខ​ពួក​អាចារ្យ​អ្នក​ស័ក្ដិសិទ្ធិ ដែល​បាន​សិក្សា​សិល្បសរ​អំពី​លោក​នោះ​ក៏​ទេ អ្នក​ចម្បាំង​ចាស់​ទាំង​ពីរ ក៏​អនុម័តិ​ព្រម​លើក​ទោស​យុធិស្ឋិរ​ដែល​សុំ​បាណ្ឌវ​រាជា​ក៏​ថយ​ចូល​ទៅ​ក្នុង កងទ័ព​របស់​ព្រះ​អង្គ​វិញ លំដាប់​នោះ កង​ទ័ព​ទាំង​សង​ខាង បាន​ស្រែក​ប្រកាស​តាម​ទំនៀម​ថា ចូល​ទី​សង្គ្រាម​ធំ​ឥត​មាន​សម​នឹង​អ្នក​ណា ។

អរជុន​ឲ្យ​ក្រិស្ណ​រាជ​សម្ពន្ធ​មិត្រ​របស់​គេ ធ្វើ​នាទី​បរ​រថសឹក​នា​ទី​ដទៃ មិន​ស្រួល​ដូច​នាទី​នេះ ព្រោះ​ក្រិស្ណ​បាន​ប្ដេជ្ញា​នឹង​ទុរយោជន៍​ថា នឹង​មិន​កាន់​អាវុធ​ដើម្បី​ចូល​ជួយ​ខាង​ពួក​ពាណ្ឌព​ខណៈ​កាល អេជុន​ឡើង​លើ​រថសឹក​ដ៏​ខ្ពស់ ក្រឡេក​ទៅ​ត្រួត​មើល​ថែវ​ទាហាន​សឹក​ខាង​មុខ សង្កេត​ឃើញ​ពួក​ទាហាន​អម្បាល​នោះ​ពេញ​ទៅ​ដោយ​ព្រះ​ញាតិ​របស់​ខ្លួន ទាំង​ចាស់​ទាំង​ក្មេង ក៏​ទ្រង់​ស្លុត​ព្រះ​ហឫទ័យ ទើប​ប្រារព្ធ​នឹង​ក្រិស្ណ​ថា ចិត្ត​ខ្ញុំ​រសេះ​រសោះ​រួញរា​ក្នុង​ការ​ធ្វើ​សង្គ្រាម​កាប់​សម្លាប់​គ្នា​ ឈាម​ច្រាល​ទាំង​ប្រថពី​ក្នុង​ទី​ចំពោះ​មុខ​នេះ​ខ្ញុំ​ឥត​បំណង​ស្វែង​រក​ ជ័យជម្នះ​បៀតបៀន​គ្នា​ដូច្នេះ មិន​ក្រហល់​ក្រហាយ​រក​អំណាច មិន​ប្រាថ្នា​រក​សេចក្ដី​ចម្រើន​ក្នុង​លោក​នេះ អ្នក​ដែល​យើង​លោភ​ដើម្បី​ប្រយោជន៍​ដល់​គេ គេ​ក៏​មក​ចូល​ក្បួន​ទ័ព​ច្បាំង​នឹង​យើង ប្រយោជន៍​អ្វី​ដែល​យើង​នឹង​គប្បី​បាន​ក្នុង​លោក​នេះ សុខ​អ្វី​ក្នុង​លោក​នេះ​នឹង​មាន បើ​យើង​សម្លាប់​បង​ប្អូន​ឯង​អស់​ទៅ​ហើយ ។

ក្រិស្ណ​ទ្រង់​ដាស់តឿន​ថា អ្នក​ចម្បាំង​ដែល​ស៊ូ​ច្បាំង​គ្នា ក៏​មិនមែន​ស្វែង​រក​សេចក្ដី​ល្អ ឬ​កិត្តិយស មិនមែន​សម្រាប់​លោក​ឬ​សម្រាប់​ធម៌ មិន​មែន​សម្រាប់​អ្នក​ជិត​ដិត ឬ​អ្នក​ឆ្ងាយ​ទីទៃ គេ​ច្បាំង ឬ​មិន​ច្បាំង​ដើម្បី​បដិប័ត្តិ​ការ​តាម​នាទី ដោយ​មិន​តោង​នឹក​ដល់​ផល​ក្នុង​បំផុត តែ​យ៉ាង​ឯ​ណា​នីមួយ​យក​ជា​អារម្មណ៍​ទ្រង់​ជា​ក្សត្រិយ៍ អ្នក​ច្បាំង ហើយ​ការ​នេះ​ជា​នាទី​របស់​ទ្រង់ នឹង​តោង​ច្បាំង​ជំនួស​ព្រះ​រាជា​របស់​ទ្រង់ ដោយ​ពេញ​សតិ​កម្លាំង​ផល​ជា​យ៉ាង​ដូចម្ដេច​ក៏​តាម​តែ​ការ ជា​ការ​សម្រាប់​ខ្លួន ឬ​សម្រាប់​អ្នក​ដទៃ​ក្ដី មិន​តោង​យក​មក​គិត​នឹក​ជា​អារម្មណ៍ តែ​សូម​កុំ​បី​កាន់​យក​សម្ដី​របស់​ខ្ញុំ​ជា​គ្រឿង​សន្ធាប់​ឲ្យ​ខ្លាច ហើយ​ធ្វើ​ការ​ទៅ​ដោយ​គេច​វេះ​មិន​រួច​ដែល​ទ្រង់​និយាយ​អំពី​កិត្តិយស​សោត កិត្តិយស​របស់​អ្នក​ច្បាំង​ក៏​គឺ​ការ​ច្បាំង បើ​ទ្រង់​និយាយ​ដល់​រឿង​មរណៈ ក៏​គ្មាន​មរណៈ​ឯ​ណា​នឹង​ល្បី​កេរ្តិ៍​ឈ្មោះ​ជាង​មរណៈ​ក្នុង​សង្គ្រាម ខ្ញុំ​សូម​ប្រការ​សិត​ក្នុង​ទី​នេះ​ថា មិន​សម្លាញ់​នឹង​គណ​ញាតិ​របស់​ទ្រង់​កាន់​អាវុធ​ចូល​តស៊ូ​នឹង​ទ្រង់​ហើយ តែ​នឹង​មក​រំលោភ​លើ​ទ្រង់​ម្នាក់​ឯង​ក៏​មិន​បាន ឯ​ទ្រង់​សោត​នឹង​កែ​ខៃ​ដោះ​ដៃ​យ៉ាង​ម្ដេច​ក្នុង​រឿង​នេះ​ក៏​មិន​បាន​ដែរ ចូរ​រឭក​ដល់​ព្រះ​ធម៌​ពាក្យ​ប្រដៅ​ដ៏​សក្ដិសិទ្ធិ​របស់​អ្នក​ច្បាំង​ហើយ​ ដំណើរ​តាម​នោះ ធ្វើ​ជា​មនុស្ស​ចិត្ត​ទន់​ហួស​ក្នុង​ទី​ច្បាំង​ដូច្នេះ​នឹង​ជា​កូន​ប្រុស​ បាន​ឬ តែ​ណ្ហើយ​ចុះ ខ្ញុំ​ឈប់​និយាយ​សង្កត់​សង្កិន​ទ្រង់​ប៉ុណ្ណេះ​ហើយ សេចក្ដី​ស្រឡាញ់​អធ្យោគ​អធ្យាស្រ័យ​យល់​មុខ​យល់​មាត់​នេះ​ឯង រមែង​ធ្វើ​ឲ្យ​ខូច​ការ​ទាំងអស់ ។

អរជុន​សំរឹង​សោត្រ​ស្ដាប់​ក្រិស្ណ​រៀបរាប់​រំឭក​សព្វ ៗ ទៅ ក៏​កើត​មាន​ចិត្ត​គិត​នឹង​ច្បាំង​តទៅ ។ ខណៈ​នោះ​ឮ​សម្លេង​ស្ដេច​សឹក​ម្នាក់ ស្រែក​ដោយ​សម្លេង​ធ្ងន់​ក្រអួន​ថា ច្បាំង ក្នុង​មួយ​រំពេច​នោះ ក៏​កើត​លោកាហល ដូច​ខ្យល់​កំបុត​ត្បូង​បោកបក់​មក​អំពី​ទិស ៨ ត្រែ​ចម្បាំង​ក៏​បន្លឺ​សូរ​ស័ព្ទ​រំពង​ទាំង​ដង​ព្រៃ ស្គរ​ជ័យ ក៏​បញ្ចេញ​សព្ទ​ញាប់​រន្ថើន​ហាក់​ដូចជា​ក្រើន​ទាហាន​ឲ្យ​ចូល​ច្បាំង​សម្លេង​ ស័ង្ខ​ក៏​ប្រឆាំង​គ្នា​នឹង​សម្លេង​ស្គរ​ធំ​ឮ​សូរ​វូ ៗ ទំ ៗ រងំ​ទៅ ពួក​កោរព​លើក​មក​ចូល​វាយ​ដោះ​ពល​សេះ ពល​ដើរ​ជើង​និង​ពល​ដំរី​សឹក សូរ​សព្ទ​គគ្រឹក​គគ្រាំ​ចូល​មក ស្ទើរ​កក្រើក​របើក​ផែន​ពសុធា ពួក​បាណ្ឌព​ទទួល​ទប់​ដោយ​ពល​យោធា រៀប​ជា​ថែវ​ជិត​មមី​មាំ​ដូច​ផែន​សិលា​ទាហាន​តែ​ម្នាក់​ក៏​មិន​បាន​ថយ​ចាក​ទី របស់​ខ្លួន សូម្បី​តែ​មួយ​ជំហាន រំយោល​ស្លាប​សត្វ​ដែល​ដោត​នឹង​មួក ក៏​មិន​ខ្ទេច​រេច​ខុស​ប្រក្រតី សូម្បី​តែ​មួយ​សសៃ​ពួក​បាណ្ឌព​រុក​ចូល​ពព្រិច​បី​ដូច​ជា​ខ្យល់​កំបុត​ត្បូង ធ្វើ​ឲ្យ​ថែវ​ទាហាន​កុរុ​ធន់​មិន​បាន​តោង​ថយ​ចាក​ទី ទាំង​ពីរ​ពួក​ក៏​សង្ខុញ​សង្ឃ​ករុក​រោមមរាត​តស៊ូ​គ្នា​ជា​យូរ យ៉ាង​មិន​គិត​ជីវិត ផង​ធូលី​ហើរ​ហុយ​ទ្រលោម​ត្រឡប់​អាប់​ផ្សែង​ទួទាំង​សមរភូមិ ។

ខណៈ​នោះ ក៏​បណ្ដាល​ឲ្យ​ឃើញ​អាភេទ​ហេតុ​អាក្រក់​មាន​មក​គ្រប់​ទិស ភ្លៀង​លោហិត​ក៏​ធ្លាក់​ចុះ​មក​អំពី​អាកាស​ក្រហម​ច្រាល ដូច​ទឹក​ល័ក្ខ ឆ្កែ​ព្រៃ​ក៏​លូរ​ទ្រហឹង​ទាំង​កណ្ដាល​ថ្ងៃ ខ្លែង និង​ត្មាត​ក៏​ហិច​ហើរ​ឆ្វែល​ឆ្វាត់​លើ​នភាកាស ផ្ទៃ​ពសុធា​ដែល​ក្រាស់ក្រៃ​លែង ក៏​រំភើប​ញាប់​ញ័រ​ខុស​ប្រក្រតី បន្តិច​មេឃ​ក៏​ទូទឹម​អាប់​អស់​អាកាស​អន្ធការ​ងងឹត​សូន្យសុង ឃើញ​តែ​ផ្លេក​បន្ទោរ​ផ្លេក ៗ ភ្លាម ៗ សូរ​ផ្គរ​គ្រហឹម​គ្រឹក​គ្រាក់​គំរាម​លើ​អាកាស ស្ទើរ​ហាក់​នឹង​ធ្លាក់​មក​លើ​ក្បាល មុខ​គួរ​ឲ្យ​សម្បើម មុខ​គួរ​ឲ្យ​ស្ញែង ។ តែ​ចិត្ត​អ្នក​ចម្បាំង​ទាំងអស់​គ្នា មិន​រួញ​រា​ញាប់​ញ័រ​រន្ធត់​នឹង​ហេតុ​ភេទ​អាក្រក់​អំបាល​នេះ នៅ​លេង​សម្ដី​ឡកឡឺយ​នៅ​ក្នា​និង​គ្នា ឥត​មាន​រួញរា​ក្រាក​ញាក​ដល់​តិច ចេះ​តែ​រុករាន​ឈ្លាន​ចូល​ប្រឡូក​កាប់​ចាក់​គ្មាន​ស្រាក​ស្រាន្ត គិត​តែ​យក​ជ័យជម្នះ​ឲ្យ​បាន ឬ​លះ​ជីវិត​ជា​បំណាច់​ផែនដី​ប៉ុណ្ណោះ​ក្រប៊‍ី និង​ក្រប៊‍ី​ប៉ះ​គ្នា​ឮ​សូរ​ឆោត ៗ ឆាប់ ៗ ខ្លះ​ក៏​ឮ​តែ​ញាំង ៗ កាល​ត្រូវ​ខ្លាំង​ក៏​ខ្ទាត​ទៅ​ដោយ​សព្វ​ខ្លួន កូន​សរ​ត​វឺ ៗ ប្រសាច​លើ​អាកាស កល់​បី​ដូច​ជា​គ្រាប់​ភ្លៀង​បង្អុរ​ចុះ​មក ស្នរ​លំពែង​សោត​ក៏​ពួយ​ទៅ​មក​ច្រវាត់ កាល​អាកាស​ភ្លឺ​ព្រាង​ស្វាង​ឡើង ការ​ច្បាំង​ក៏​បណ្ដើរ​ក្បាច់​ញឹក​ឡោះង ៗ ដោយ​ទោសៈ ភីស្មៈ​អ្នក​ចម្បាំង​ចាស់ ក៏​ចេញ​មុខ​ទន្ទេង​មក​សម្ដែង​ឫទ្ធិ ទុរយោជន៍​នាំ​ពល​ចូល​ត​ទល់​នឹង​កង​ពល​ភីម ទុហសាសន លើក​ចូល​ប្រយុទ្ធ​គ្នា​នឹង​កុល យុធិស្ឋិរ លើក​ចូល​វាយ​សល្យ​រាជា​នៃ​ប្រទេស​មទ្រ ធ្ឫស្ដឡុម័ន ចូល​វាយ​ទោណ ព្រះ​ចៅ​ទ្រុបទ​ចូល​តស៊ូ​គ្នា​នឹង​ជ័យរថ​រាជា​នៃ​ប្រទេស​សិន្ធ តស៊ូ​គ្នា​ជា​គូរ ៗ ទួទៅ​ទាំង​ទី​ច្បាំង តែ​វេលា​នោះ​នៅ​ពុំ​ទាន់​ឃើញ​​ផល​ជា​ខាង​ណា​មាន​ប្រៀប​ជាង កងទ័ព​ទាំង​ពីរ​បាន​ត​យុទ្ធ​គ្នា​ដោយ​មាន​មួយ​ថ្ងៃ​វាល់​ល្ងាច លុះ​ធ្លាក់​វេលា​ល្ងាច​ទៀប​យប់​សន្ធយា​អភិមន្យុ​ឃើញ​ថា ពួក​គោរព​បាន​ប្រៀប​ជាង​ក្នុង​ជើង​ចម្បាំង ក៏​ហិច​ចូល​ទៅ​វាយ​ភីស្មៈ ប្រហារ​ទង់ជ័យ​នាំ​ពល​ដែល​ជោត​លើ​រថ​ភីស្មៈ​ដោយ​ក្រប៊‍ី​ដ៏​មុត​ថ្លា ដាច់​ធ្លាក់​ស្រយ៉ាល​ទៅ​លើ​ផែន​ធរណី​អំពី​កាល​ណា​មក វីរ​បុរស​ភីស្មៈ​អាយុ​រវាង ៨០-៩០ ឆ្នាំ​មក​នេះ​ហើយ ពុំ​ដែល​ឃើញ​មាន​អ្នក​ចម្បាំង​កម្លោះ​ណា​ធ្វើ​ការ​ក្លាហាន​ក្នុង​សង្គ្រាម​ ដល់​ម៉្លេះ ភីស្មៈ​លើក​ចូល​វាយ​ទ័ព​បាណ្ឌព​ជា​គម្រប់​ពីរ​ដង ដោយ​មាន​រឹង​រិទ្ធិ កាប់​សម្លាប់​កងទ័ព​ទាហាន​បាណ្ឌព​ឈាម​ច្រាល មាន​របួស និង​ស្លាប់​ជា​ច្រើន អរជុន​ឃើញ​ពួក​បាណ្ឌព​ទន់ ក៏​បរ​រថសឹក​ខ្មាញ់​ចូល​ទៅ​ជួយ​ទ័ព​កម្លាំង​បាណ្ឌព​បាន វេលា​នេះ​ព្រះ​អាទិត្យ​ក៏​គោចរ​ទន់​ទាប​បិទ​បាំង​ភ្នំ​ព្រះ​សុមេរុ​បាត់​ រស្មី រាត្រី​សម័យ​ក៏​ចូល​មក​ដល់ តែ​សញ្ញា​ឈប់​ច្បាំង​ក៏​បន្លឺ​សូរ​សព្វ​តែត ៗ ឡើង ការ​ច្បាំង​ក្នុង​ថ្ងៃ​ដំបូង​ក៏​ចប់​ចុះ​តែ​ប៉ុណ្ណោះ ផល​នៃ​ការ​សង្គ្រាម​មិន​ទាន់​ដាច់​ខាត​ចុះ​ទៅ ទាហាន​សឹក​ទាំង​ពីរ​ប្រទេស​ក៏​នាំ​គ្នា​ចូល​សម្រាក​ក្នុង​បន្ទាយ ។

រហូត​រាត្រី​នោះ យុធិស្ឋិរ​ទ្រង់​ខ្វល់​អំពល់​ព្រះ​ហឫទ័យ គ្មាន​បាន​សម្រាក​សម្រាន្ត​កាយ-ចិត្ត​សោះ ព្រោះ​ជោគជ័យ​នៃ​ការ​សង្គ្រាម ប្រាកដ​នឹង​ព្រះ​នេត្រ​របស់​ទ្រង់​ហើយ​ថា ឃើញ​ទាស់ ៗ ធ្វើ​ទៅ​មិន​ស្រួល យប់​នោះ ទ្រង់​រំពឹង​សព្វ ៗ ទៅ ក៏​កើត​សង្វេគ​ក្នុង​ហឫទ័យ ទើប​ស្ដេច​ទៅ​រក​ក្រិស្ណ អភិប្រាយ​ហេតុ​ផល​តាម​ដែល​ប្រាកដ​នឹង​ចិត្ត​ឲ្យ​ក្រិស្ណ​ស្ដាប់ ក្រិស្ណ​ក៏​ដាស់តឿន​ទ្រង់ កុំ​ឲ្យ​ញញើត​ឬ​ភកលឹក​នឹង​រឿង​សឹក​សង្គ្រាម​នេះ​ឡើយ ។ ស្រេច​សន្ទនា អរុណ​ក៏​រះ​ឡើង​ត្រចះ​ចែង​អំពី​ភាគ​បូព៌ា លុះ​បាន​វេលា​ឧសាយោគ តាលធ្វ័ល គឺ​ទង់ជ័យ​នាំ​ទ័ព​រូប​ដើម​ត្នោត​របស់​ភីស្មៈ ក៏​តាំង​ឡើង​ជា​ថ្មី​យ៉ាង​ចិញ្ចែង លេង​កន្ទុយ​រវិច​លើ​ស្នាម​យុទ្ធ កងទ័ព​ទាំង​សង​ខាង​ក៏​យាត្រា​មក​កាន់​យុទ្ធ​មណ្ឌល ផ្ដើម​តស៊ូ​គ្នា​ជា​ថ្មី ឱរស​ព្រះ​ចៅ​ទ្រុបទ​ចូល​ត​យុទ្ធ​នឹង​ទោណ ភីម​ក៏​សម្ដែង​សេចក្ដី​ក្លាហាន ចូល​វែក​ហ្វូង​ដំរី​សឹក​ដែល​ពួក​គោរព​លែង​មក​បញ្ជាន់​រេហ៍ពល​របស់​គេ​ឲ្យ​ បែក​ខ្ចាត់ខ្ចាយ​ទៅ ទាំង​ហ្វូង ទុរយោជន៍ ឃើញ​រេហ៍ពល​របស់​ទ្រង់​ដែល​គង់​ជីវិត​ខ្លះ​ផាយ​ព្រាត់​ព្រាយ​ទៅ​ក៏​ត្រាស់​ ពាក្យ​ស៊ក​សៀត​ឲ្យ​ភីស្មៈ​ថា ភីស្មៈ​ទ្រង់​សម្គាល់​ព្រះ​អង្គ ទ្រង់​ថា​ជា​អ្នក​នាំ​ទ័ព​កុរុ​នេះ​ឬ សម្គាល់​ថា​ទោណ​ជា​កម្លាំង​របស់​ទ្រង់ ឬ​ម្ដេច​ទ្រង់​មក​បង្អែបង្អង់​រារង់​ដោយ​សេចក្ដី​មេត្តា​ប្រណី​ពួក​បាណ្ឌព បើ​ដូច្នោះ​សូម​ឲ្យ​កណ៌​ទទួល​ដំណែង​ជា​មេទ័ព​របស់​យើង​វិញ​ចុះ ភីស្មៈ​ឮ​ពាក្យ​កោស​រួស​ដូច្នោះ ក៏​បណ្ដាល​ទោស​ព្រះ​ភក្ដ្រ​ឡើង​ក្រញូវ ព្រះ​ហឫទ័យ​ទុរយោជន៍​កំពុង​ពេញ​ពាល មាន​សេចក្ដី​រូតរះ​រហ័ស​ចង់​បាន​ជ័យជម្នះ ឲ្យ​ដាច់​ស្រេច​ទាន់​ចិត្ត​តែ​ក្នុង ១ ថ្ងៃ មក​ឃើញ​ការ​មិន​សម្រេច​ដូច​ព្រះ​ហឫទ័យ ក៏​ដាល​វ៉ាល​កោស​រួស​ទម្លាក់​ទោស​ឲ្យ​ភីស្មៈ​តែ​ម្នាក់​ឯង តែ​ភីស្មៈ​ជា​មនុស្ស​មាន​ចិត្ត មាន​ថ្វី​ដៃ​មក​ជា​យូរ​ណាស់​ហើយ មិន​មែន​ជា​មក​ទ្រាំ​ឲ្យ​និយាយ​ស៊ក​សៀត​លេង​ទទេ ៗ ភីស្មៈ ឬ​ទោណ ឬ​កណ៌ មិន​អាច​នឹង​លប់​លាង​មន្ទិល​នៃ​យុត្តិធម៌​ដែល​ធ្វើ​រំលោភ​លើ​ច្បាប់ ដោយ​គ្មាន​ខ្មាស​បាប​ដូច្នេះ​ទេ ទ្រង់​អាច​នឹង​ឈ្នះ​ហេតុដែល​ត្រូវ​តាម​គន្លង​ធម៌ ដោយ​សេចក្ដី​ឆ្លាត លាយ​ទៅ​ដោយ​កល​កោង​របស់​ទ្រង់ ឬ​ខ្ញុំ​នឹង​តស៊ូ​សឹក​សត្រូវ​របស់​ទ្រង់​យ៉ាង​អ្ន​ចម្បាំង​ប្រកប​ដោយ​សត្យ តាម​សតិ​កម្លាំង​នៃ​ខ្លួន​ដែល​នឹង​គប្បី​បាន ។ និយាយ​ដូច្នោះ​ហើយ ក៏​ទ្រង់​ចូល​ទៅ​ច្បាំង​វាយ​ស្ដាំ​វាត់​ឆ្វេង​ត្រឡប់​ត្រឡិន​បែក​ខ្ចាយ​ ព្រាយ​ទៅ​ខាង​មុខ រថ​សឹក​បាក់​ខ្ទេចខ្ទី ហ្វូង​ដំរី​សឹក​ក៏​ភ្លូក​បោល​ព្រាត់​ព្រាយ សេះ​សឹក​ក៏​បោល​ខ្ចាត់ខ្ចាយ​ពុំ​ហ៊ាន​ត​ទល់​រេហ៍ពល​ទាហាន​ស្លាប់​ត្រៀប​ត្រា ប្រគង​ប្រគរ​លើ​គ្នា ដែល​រស់​នៅ​ក៏​ជ្រួល​ច្របល់​រត់​ទៅ​ផ្ដុំ​គ្នា​ពី​ជ្រុង​ខាង​នេះ​ទៅ​ជ្រុង​ ខាង​នោះ ពី​ជ្រុង​ខាង​នោះ​មក​ជ្រុង​ខាង​នេះ ទប់​ទល់​កម្លាំង​ភីស្មៈ​ស្ទើរ​ពុំ​បាន សូម្បី​តែ​ចិត្ត​អរជុន​អ្នក​ធ្លាប់​ក្លាហាន​ក៏​តោង​រួញរា​ញញើត​ទៅ​មួយ​ ស្របក់ តែ​មក​មាន​មាន​ឡើង​ដោយ​ពាក្យ​ក្រើន​របស់​ក្រិស្ណ ទើប​ដេញ​ពល​សេះ​ឲ្យ​ចូល​ពាំង​រាំង​សឹក​ដែល​រុក​ចូល​មក​នោះ ហើយ​វាយ​កាត់​ថែវ​ទាហាន​សឹក​ដាច់​ជា​ពីរ​ភាគ ដេញ​តាម​ប្រហារ​បែក​ខ្ញែក​ទៅ​ឆ្វេង​ទៅ​ស្ដាំ​អស់​ទៅ ។

ធ្លាក់​វេលា​រសៀល បាន​ឃើញ​ការ​តស៊ូ​គ្នា​រវាង​ក្សត្រិយ៍​កំឡោះ​អ្នក​ចម្បាំង​ឯក​ពីរ​អង្គ គឺ​អភិមន្យុ​បុត្រ​អរជុន និង​ម្ខាង​លក្សណម័ន​បុត្រ​ទុរយោជន៍​ម្ខាង តែ​ដល់​ចុង​ដៃ​ឃើញ​លក្សណម័ន​ទន់​ជាង​ក្នុង​ក្បួន​ពិជ័យ​សង្គ្រាម​វិស​នឹង​ អប្បរាជ័យ តែ​បាន​ព្រះ​រាជ​បិតា​ទៅ​ជួយ​រួច​មក ហើយ​ពួក​កុរុ​ក៏​ព្រួត​គ្នា​ចោម​រោម​អភិមន្យុ បាន​ទទួល​តស៊ូ​រាជ​សត្រូវ​គ្នា​ច្រើន​តែ​ម្នាក់​ឯង មួយ​ស្របក់ ពួក​ទាហាន​បាណ្ឌព​ឃើញ​អភិមន្យុ ធ្លាក់​នៅ​ក្នុង​រវាង​សឹក ក៏​ស្រែក​ហៅ​អរជុន អរជុន​ក៏​រលះ​រលាំង​ទៅ​ជួយ​បុត្រ​ទាន់​ការ គ្រាន់​តែ​ឃើញ​រថសឹក​អរជុន​បរ​ត្រង់​ចូល​មក ពួក​ទាហាន​កុរុ​ក៏​ស្រែក​ថា អរជុន អរជុន​ហើយ ហើយ​ក៏​នាំ​គ្នា​រត់​ព្រាត់​ទៅ ក៏​ទទួល​វេលា​អស្ដង្គត មាន​អាណត្តិ​សញ្ញា​សម្រាក​ចង​តាម​ទំនៀម ។ យុទ្ធ​វារ​ថ្ងៃ ១ ទៀត ព្រឹក​ព្រាង​ស្វាង​ឡើង​មក ពន្លឺ​អរុណ​ឆ្លុះ​ទៅ​ចាប់​នឹង​ផ្ទៃ​មេឃ​ខាង​ទិស​បូព៌ា ត្រូវ​គ្នា​នឹង​ផ្ទៃ​ស្នាម​យុទ្ធ ដែល​ច្រាល​ទៅ​ដោយ​លោហិត ក៏​រឹត​តែ​ធ្វើ​ទី​នោះ​ឲ្យ​ក្រហម​ណាស់​ឡើង ។

លុះ​បាន​វេលា អ្នក​ចម្បាំង​ទាំង​ពីរ​ប្រទេស ក៏​រៀបចំ​ក្បួន​ទ័ព ហើយ​យាត្រា​ក្បួន​ទ័ព​ចូល​ទៅ​កាន់​ទី​សមរភូមិ ម្ដង​នេះ​ខាង​ពួក​បាណ្ឌព​ជា​អ្នក​រុក​ចាត់​ក្បួន​ជា​រូប​ព្រះ​ចន្ទ លើក​ពុះពារ​ចូល​ទៅ​វាយ​ទ័ព​កុរុ ដោយ​ទាំង​ខ្មាំង កាប់​សម្លាប់​ស្លាប់​រពាយ ឈាម​ហូរ​ដក់​ដូច​ទឹក សេះ​សឹក​ដួល​ដេក​ដាច់​ខ្យល់​ងាប់​រពីង ដោយ​អស់​ជើង​នឹង​ត្រូវ​អាវុធ ឮ​តែ​សំឡេង​ថ្ងូរ​នឹង​សូរ​យំ​ទ្រហឹង​ដូច​ហ៊ីង​ត្រូវ​ភ្លៀង​ដើម​ឆ្នាំ គ្រា​នោះ​មាន​អាភេទ​ហេតុ​អាក្រក់ បណ្ដាល​ឲ្យ​ឃើញ​ប្រាកដ​មក​ម្ដង​ទៀត មើល​ទៅ​ទាហាន​ឃើញ​កំបុត​ក្បាល​អស់​មាន​តែ​ខ្លួន ពពក​ត្រឡប់​ក្លាយ​ទៅ​ជា​រូប​បិសាច​មាយា​សម្ដែង​អាការ​ជា​ទាហាន​កំពុង​ច្បាំង តស៊ូ​គ្នា​គគ្រឹក​លើ​អាកាស​មុខ​គួរ​ស្ញែង មួយ​ស្របក់​ឃើញ​រថ​បាក់​ខ្ទេចខ្ទី ទងជ័យ​កំពូល​ពល ក៏​ធ្លាក់​ស្រយាក​មក​ដល់​ដី រេហ៍ពល​ស្លាប់​ត្រៀបត្រា ជា​ការ​អស្ចារ្យ ឃើញ​ច្បាស់​ដោយ​ចក្ខុ ។

ទុរយោជន៍​កាល​ឃើញ​ហេតុ​ដូច្នោះ ឲ្យ​មាន​ព្រះ​ហឫទ័យ​រន្ធត់​ស្ញប់ស្ញែង មិន​ទុក​ចិត្ត​ក្នុង​រឿង​ការ​សង្គ្រាម​ថា​នឹង​មាន​ជ័យ ទើប​ទ្រង់​ប្រាស្រ័យ​នឹង​ភីស្មៈ​ម្ដង​ទៀត ទ្រង់​តោង​ទុក​ដាក់​ដំណែង​របស់​ទ្រង់ ឬ​ដៃ​ជើង​របស់​ទ្រង់ វា​ដូចម្ដេច​ទៅ​ហើយ ។ ភីស្មៈ​តប​ដោយ​សូរសៀង​ក្រោធ​ទៀត​ថា ទុរយោជន៍​អឺយ​សឹនានុភាព​របស់​ទ្រង់ ឬ​នឹង​ស៊ូ​ធម្មានុភាព​របស់​បាណ្ឌព​បាន​ការ​មាន​ជ័យ​ក្នុង​សង្គ្រាម មិន​មែន​នៅ​ត្រង់​មាន​រេហ៍ពល​ច្រើន មាន​ទាហាម​កឡោះ​កម្លាំង​កាយ​មាំមួន ឬ​ប្រាជ្ញា​ឆ្លាត​លាយ​ដោយ​ឧបាយ​កោង​នោះ​ទេ របស់​អំបាល​នេះ​នឹង​យក​មក​ស៊ូ​អានុភាព​នៃ​ធម៌ មិន​បាន​ទាំងអស់ មនុស្ស​យ៉ាង​កណ៌​ត​ឲ្យ​ទាំង​ម៉ឺន ក៏​មិន​អាច​នឹង​យក​ជ័យជម្នះ​នៃ​ធម្ម​បាន ។ និយាយ​តែ​ប៉ុណ្ណោះ​ហើយ ភីស្មៈ​ក៏​បរ​រថសឹក​ចូល​វាយ​សឹក​ម្ដង​ទៀត បាន​ចូល​សម្រុក​លុយ​លប់​កងទ័ព​ធំ​នៃ​បាណ្ឌព​ដែល​មក​ត​យុទ្ធ វាយ​ត្រឡប់​ត្រឡិន​ព្រាត់​ព្រាយ រត់​ជ្រក​ដោយ​កៀន​កោះ​មិន​ជា​កង​ជា​ក្បួន ដែល​ស្លាប់​ក៏​ច្រើន​ឥត​បី​បើ​គណនា ពួក​បាណ្ឌព​ទប់​ទល់​នឹង​ថ្វី​ដៃ​ភីស្មៈ​មិន​បាន​ក៏​តោង​ថយ​ក្រោក​ចេញ​ទៅ​សិន តែ​ផល​នៃ​ការ​សង្គ្រាម ក៏​នៅ​មិន​ទាន់​ដាច់ ក៏​នៅ​មិន​ទាន់​ដាច់​ស្រេច ក៏​ទទួល​ដល់​រត្តិ​សម័យ កងទ័ព​ទាំង​ពីរ​ក៏​ផ្លុំ​តែ​សញ្ញា នាំ​គ្នា​ទៅ​សម្រាក​ក្នុង​បន្ទាយ ។ ថ្ងៃ​ទី ៤ នៃ​ការ​សង្គ្រាម​មក​ដល់ ទាំង​ពីរ​ពួក​ក៏​រៀប​ក្បួន​ទ័ព​ចេញ​កាន់​ទី​យុទ្ធ​ភូមិ​ដូចជា​ថ្ងៃ​មុខ បាន​ស៊ូ​ច្បាំង​គ្នា​មក ៣ ថ្ងៃ​ហើយ នៅ​មិន​ទាន់​ឃើញ​ខាង​ណា​មាន​ប្រៀប​ជាង​ខាង​ណា​នូវ​ឡើយ គ្រាន់​តែ​វាយ​ទៅ​វាយ​មក​ពូន​ចុះ​ពូន​ឡើង ឲ្យ​ផល​ត្រឹម​តែ​ធ្វើ​ឲ្យ​រេហ៍ពល​ស្លាប់ ប្រពាក់​ប្រពូន​លើ​គ្នា​ដូច​គេ​ហាល ក្បាល​ដាច់​រមាល​ដូច​ដុំ​ដី​ដុំ​ថ្ម​ប៉ុណ្ណោះ ។ ថ្ងៃ​នេះ​ស៊ូ​គ្នា​រវាង វីរ​បុរស ភីស្មៈ និង​អរជុន អ្នក​ចម្បាំង​ឯក​ទាំង​ពីរ​បាន​ចូល​ប្រយុទ្ធ​គ្នា​ហើយ​ប្រយុទ្ធ​ទៀត ម្ខាង​ថយ​ទៅ​ម្ខាង​សង្ខុញ​ជិត​ចូល​មក តែ​ក្រឺម​ទៅ​ក្រឺត​មក ដូច្នេះ​ជា​យូរ មើល​ទៅ​អ្នក​ទាំង​ពីរ ឃើញ​ហាក់​ដូចជា​ម្ចាស់​ប្រទាន​ចំណែក​កម្លាំង​ឲ្យ​ស្មើ ៗ គ្នា មាន​កម្លាំង​ប៉ុន​គ្នា ល្មម​ប្រឡង​គ្នា បន្តិច​ភីស្មៈ​ថយ​មួយ​ជំហាន បន្តិច​អរជុន​ថយ​មួយ​ជំហាន ត​មក​ម្ដង​ឃើញ​ដូចជា​ភីស្មៈ​ឈ្នះ រួច​ពី​នោះ​ឃើញ​ដូចជា​អរជុន​នឹង​ឈ្នះ ផ្លាស់​គ្នា​មាន​ប្រៀប​ម្ដង​ម្នាក់​រហូត​វេលា ក្នុង​ថ្ងៃ​នេះ​ឃើញ​មុខ​មាត់​នៃ​ការ​ចម្បាំង​តាំង​ពី​ព្រឹក​ដល់​ថ្ងៃ​ត្រង់ ដូច​ពោល​មក​នេះ ។

លុះ​ដល់​វេលា​រសៀល ភីម សម្ដែង​មហិទ្ធិ​ឫទ្ធិ​ដ៏​មហិមា ដូច​ខ្យល់​ព្យូវ​កួច​មក បោក​សម្រុក​កណ្ដាល​ទ័ព​កុរុ ម្ដង​ទៀត​ដើម្បី​កាច់​កម្លាំង​កុរុ តែ​ក៏​មិន​សម្រេច​ដូច​បំណង គ្រាន់​តែ​បាន​ផ្ញើ​របួស​ទុក​ឲ្យ​ទុរយោជន៍ និង​សល្យរាជ​ទាំង​ពីរ​អង្គ​បន្តិច​ម្នាក់ អនុជ​របស់​ទុរយោជន៍ ១៤ អង្គ​រួម​កម្លាំង​គ្នា​ត្រង់​ចូល​មក​ជួយ​ព្រះ​ជេដ្ឋា ដើម្បី​កាច់​កម្លាំង​ភីម​តែ​ម្នាក់​ឯង តែ​ក៏​គ្រាន់​តែ​មក​រោម ៗ ហើយ​ក៏​ថយ​ទៅ ភីម​ប្រហារ​បង់ ៨ អង្គ ក្រៅ​ពី​នោះ​ក៏​គេច​មុខ​បាត់​អស់​ទៅ ។ ក្នុង​ភាព​ម្ខាង​នៃ​ស្នាម​យុទ្ធ អ្នក​ចម្បាំង​បី​នាក់ គឺ​ក្រិបាចារ្យ​ទោណ និង​សាលី ព្រួត​គ្នា​ចូល​វាយ​អរជុន​តែ​ម្នាក់​ឯង ព្យាយាម​នឹង​គ្រញេច​អរជុន​ឲ្យ​ខ្ទេច​ទៅ​នឹង​ដៃ តែ​អរជុន​គេច​រួច​អំពី​អន្ទាក់​នៃ​អ្នក​ទាំង​បី ហើយ​ចូល​ធ្វើ​ការ​ដណ្ដើម​ជ័យ តែ​ក៏​ត្រូវ​វាយ​ទំលាយ​កង​នោះ ៗ បែក​ខ្ចាយ​ទៅ​ទាំង​ពីរ​ពួក ថ្ងៃ​នេះ​ពួក​បាណ្ឌព​សូម្បី​ត្រូវ​វាយ​ច្រង៉ាប់​ច្រងឹល​ម៉្លោះ​ក្ដី ក៏​គង់​ការពារ​រក្សា​ខ្លួន​បាន មិន​ដល់​ទៅ​អប្បរាជ័យ ដល់​ពេល​ហើយ​ត្រូវ​បិទ​ឆាក រាត្រី​សម័យ​ក៏​ចោល​ស្រមោល​មក​ដល់ តោង​សម្រាក​ច្បាំង​តាម​ទំនៀម ។ យុទ្ធ​វារ​ទី ៥ នៃ​ការ​សង្គ្រាម​បាន​ភ្លឺ​ឡើង ទាហាន​ក្រុម​ភ្លេង​ក៏​ផ្លុំ​ត្រែ​ស័ង្ខ​ជា​អណត្តិ​សញ្ញា​រៀប​ក្បួន​ទ័ព​នឹង​ លើក​ព្យូហ​ទៅ​កាន់​ទី​យុទ្ធ​ភូមិ ទាំង​ពីរ​ពួក​បាន​លើក​ចេញ​ចាក​បន្ទាយ​ដោយ​ក្បួន​យ៉ាង​ស្រស់ ទៅ​កាន់​ស្នាម​យុទ្ធ បី​ដូចជា​យាត្រា​ទៅ​លេង​ក្នុង​ការ​​ល្បែង​សប្បាយ​ឯ​ណា​និមួយ ។ របៀប​ច្បាំង​ដោយ​រួម​កម្លាំង​ដែល​ពួក​កោរព​ផ្ដើម​ធ្វើ​ឡើង​កាល​ថ្ងៃ​មុន ថ្ងៃ​នេះ​ពួក​បាណ្ឌព​ក៏​គិត​យក​បែប​នេះ​មក​ប្រើ ភីម និង​អរជុន​រួម​កម្លាំង ជា​មួយ​កង​ចូល​វាយ​សឹក​ទុរយោជន៍​ដឹង​ទាន់​ក៏​ដោះ​ដៃ​ចេញ​អំពី​មុខ ពីរ​បងប្អូន​ទោណ​ជា​គ្រូ​របស់​ភីម និង​អរជុន សិស្ស​ទាំង​ពីរ​នេះ​និង​លាង​ត្រូវ​ដោយ​ក្រប៊‍ី​នោះ​មិន​បាន សូម្បី​ចូល​កាន់​សង្គ្រាម​ប្រើ​ច្បាប់​អាជ្ញា​សឹក ហើយ​ក៏​ធ្វើ​មិន​បាន​ជា​ឧបាយ​កល​យ៉ាង​ឯក​របស់​ពួក​កោរព ដែល​ចាត់​លោក​គ្រូ​ឲ្យ​មក​តស៊ូ​និង​កូន​សិស្ស ។ ទើប​ឯ​អ្នក​កំឡោះ ១ គូ ដែល​តស៊ូ​គ្នា​ពី​ថ្ងៃ​ម្សិល​មិញ ថ្ងៃ​នេះ​ក៏​បាន​មក​ប្រទះ​គ្នា​ម្ដង​ទៀត គឺ​អភិមន្យុ និង​លក្សណ៍ម័ន​បាន​ច្បាំង​គ្នា​តួតតួ​ជា​ច្រើន​ម៉ោង រហូត​វេលា​នោះ​មិន​អាច​នឹង​ទំនាយ​បាន​ថា អ្នក​ណា​ជា​អ្នក​ឈ្នះ អ្នក​ណា​ជា​អ្នក​ចាញ់ តែ​ក្នុង​ទី​បំផុត​ទុរយោជន៍​ឈោង​ចូល​មក​ជួយ​លក្សណ៍ម័ន មិន​យូរ​ប៉ុន្មាន​ទុរយោជន៍​ត្រូវ​អាវុធ​របស់​អភិមន្យុ​មាន​ស្លាក​ស្នាម​ជា​ ដំណំ​តោង​ដាក់​អង្រឹង​សែង​ចេញ​អំពី​ទី​ចម្បាំង អភិមន្យុ​កាល​មាន​ជ័យ​ដូច្នេះ​ហើយ ក៏​ទៅ​គាល់​យុធិស្ឋិរ ។ រួច​ពី​នោះ​អភិមន្យុ កំរើប​ឫទ្ធិ​ក្អេងក្អាង ដោយ​មាន​ជ័យជម្នះ​បោល​សម្រុក​ទៅ​រក​ភីស្មៈ​ទៀត ដោយ​បំណង​នឹង​កាច់​សឹក​កុរុ​ឲ្យ​អប្បរាជ័យ​រលីង​ទៅ ភីស្មៈ​បាន​ឃើញ​អភិមន្យុ​ចូល​មក​ក៏​ញញឹម​ហើយ​និយាយ​ថា កូន​ក្មេង​អើយ​យើង​ស្ដាយ​ណាស់ ដែល​ទារក​តូច​តោង​ប្រាស​អំពី​ទ្រូង​ម្ដាយ​ទៅ​ជា​ឆាប់ តែ​ណ្ហើយ​ចុះ​យើង​ឲ្យ​អភ័យ​ទុក​ជីវិត​ឲ្យ​វា​ម្ដង​ចុះ និយាយ​តែ​ប៉ុណ្ណេះ​ក៏​ដល់​វេលា​សម្រាក​សម្បាំង ត្រែ​ស័ង្ខ​ក៏​ផ្លុំ​ជា​សញ្ញា​ឲ្យ​ថយ​ទ័ព ទី​ចម្បាំង​ក៏​ស្ងាត់​ច្រៀប​បាត់​ឮ​សូរ​សន្ធឹក​ពាយុ​នៃ​ការ​ច្បាំង ។ កាល​អរុណ​រឿងរះ​មក​ម្ដង​ទៀត កងទ័ព​ទាំង​ពីរ​បាន​ចេញ​ទៅ​ប្រទះ​គ្នា​នៅ​ទី​ដដែល តស៊ូ​យ៉ាង​ម៉ឺងម៉ាត់ ដោយ​មិន​គិត​ជីវិត​នឹង​មរណា អ្នក​ច្បាំង​សំខាន់​សម្រាប់​ថ្ងៃ​នេះ មាន​ភីម​ម្ខាង នឹង​អស្វត្ថាម័ន សុសរម័ន ម្ខាង​ទៀត ចេញ​ប្រយុទ្ធ​គ្នា​កណ្ដាល​រណរង្គ ការ​សង្គ្រាម​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ខ្លាំង​នឹង​គ្នា​ប្រឹង​ដណ្ដើម​ជ័យ​ដោយ សព្វ​ខ្លួន តែ​ការ​ជោគជ័យ​នៅ​ជា​ពាក់​កណ្ដាល​នៅ​ឡើយ ។

ត​អំពិ​នោះ​មាន​រឿង​ប្លែក ១ យ៉ាង ដោយ​ជឿ​កម្លាំង​របស់​ខ្លួន​ភីម​បាន​រុករាន​ចូល​ទៅ​ក្នុង​កង​ទាហាន​ថែវ​មុខ​ ដ៏​ក្រាស់​រស់​កោរព ពួក​កោរព​ចោម​រោម​ជុំ​វិញ ព្រួត​គ្នា​វាយ​ទៀប​នឹង​អប្បរាជ័យ​របស់​គេ​ទៅ​ហើយ តែ​កម្លាំង​កាយ​ចិត្ត​របស់​ភីម​មិន​បាន​រន្ធត់​ដល់​បន្តិច គេ​ថ្លែង​សរ​រះ​ទៅ​ជុំ​វិញ​ខ្លួន ត្រូវ​បច្ចាមិត្រ​ស្លាប់​ទៅ​ខ្លះ​ចេះ​តែ​តស៊ូ​រឿយ​មក​យ៉ាង​មិន​គិត​ជីវិត ត្បិត​មក​ធ្លាក់​នៅ​ក្នុង​ទី​ចង្អៀត​ចង្អល់ កម្លាំង​របស់​គេ​ស្មើ​នឹង​កម្លាំង​មនុស្ស​ដប់​នាក់​ក​គ្រា​នេះ​ក៏​ទ្វេ​ឡើង​ ទៀត​ដប់​ភាគ មុខ​គួរ​សម្បើម​មា​ល្បាយ សេចក្ដី​បំណង​របស់​គេ ក៏​គឺ​នឹង​សម្លាប់​ឬ​នឹង​ចាប់​ទុរយោជន៍​ឲ្យ​បាន តាម​ប្ដេជ្ញា​ក្នុង​កាល​មុន គេ​បាន​សម​ប្រាថ្នា​បន្តិច​បន្តួច ត្រឹម​តែ​ផ្ញើ​ស្នាម​ទុក​នៅ​រាង​កាយ​ទុរយោជន៍ ព្រោះ​ហេតុ​នោះ​កុរុ​អ្នក​អហង្ការ ទើប​មិន​អាច​នឹង​មក​ធ្វើ​ការ​ដណ្ដើម​ជ័យ​ក្នុង​ពេល​នេះ​បាន ។ គ្រា​នោះ​ភីម​បាត់​មុខ​អំពី​ថែវ​ទាហាន​ពាណ្ឌព​ទៅ យុធិស្ឋិរ​កាល​មិន​ឃើញ​ប្អូន​នៅ​ក្នុង​ស្នាម​យុធិភាគ​ខាង​ខ្លួន ក៏​ឲ្យ​រសាប់​រសល់​ខ្វល់​ក្នុង​ព្រះ​ហឫទ័យ ទើប​ត្រាស់​បញ្ជា​ឲ្យ​ធ្ឫស្តទ្យុម័ន​ទៅ​តាម​រក​ធទ្យុម័ន​ទៅ​មិន​ឆ្ងាយ​ ប៉ុន្មាន ក៏​ឃើញ​រថសឹក​របស់​ភីម​ចត​នៅ​កណ្ដាល​ស្នាម​យុទ្ធ​ខាង​ដាន​ម្ខាង​គ្មាន​ មនុស្ស​នៅ​លើ​រថ​នោះ ធ្ឫស្តទ្យុម័ន​នឹក​ព្រួយ តែ​កាល​ណា​ចូល​ទៅ​ជិត​រថ នាយ​សារថី​ទូល​ថា ភីម​នៅ​មាន​ជីវិត​នៅ​ឡើយ ឥឡូវ​កំពុង​តស៊ូ​កណ្ដាល​ពពួក​ទាហាន​កុរុ នាយ​សារថី​បាន​ទាំង​ទូល​ប្រព្រឹត្ត​ហេតុ​ទៀត​ថា ទាហាន​សេះ​មួយ​ពួក​មក​ចោម​ព័ទ្ធ​រថ​ភីម ភីម​លោត​ចុះ​ពី​រថ ដើម្បី​នឹង​ប្រើ​ដៃ​ជើង​ឲ្យ​ស្រួល បាន​ក្រហែល​ទាហាន​ម្នាក់​ធ្លាក់​អំពី​ខ្នង​សេះ ហើយ​ភីម​ក៏​លោត​ឡើង​សេះ​នោះ បំផាយ​ចូល​ទៅ​វាយ​ចុង​ទ័ព​កុរុ ក្រៅ​អំពី​នេះ ធ្ឫស្តទ្យុម័ន​បាន​ឃើញ​ដោយ​ភ្នែក​ខ្លួន​ឯង​គឺ​នៅ​ឆ្ងាយ អំពី​ដែល​ទ្រង់​ឈរ​នោះ​ទ្រង់​មើល​ទៅ​ឃើញ​ដៃ​ភីម​កំពុង​វាត់​ឆ្វេង​គ្រវាស​ ស្ដាំ នឹង​ខាង​មុខ​ខាង​ក្រោយ​ច្របល់​ឥត​មាន​សម្រាក តែ​គេ​ប្រហែល​ជា​មិន​ដឹង​ជា​ខ្លួន​គេ​មក​ធ្លាក់​នៅ​ក្នុង​ទី​ប្រជុំ​ភ័យ​ អន្តរាយ ដល់​ម៉្លេះ​ទេ ដើម្បី​នឹង​ជួយ​រុញ​ចិត្ត​របស់​គេ​ឲ្យ​ស្ទុះ​ឡើង​ធ្ឫស្តទ្យុម័ន ក៏​ស្រែក​បង្ខៅ​អំពី​ចម្ងាយ​ទៅ​ថា ចូល​ប្រឹង​ច្បាំង​តទៅ​អ្នក​ចិត្ត​ក្លា យើង​មក​នៅ​ជិត ៗ នេះ​ហើយ ភីម​បាន​ឮ​ដែរ​ឬ​មិន​បាន​ឮ​មិន​ប្រាកដ តែង​ទទួល​កង​ទ័ព ១ កង លើក​តាម​ធ្ឫស្តទ្យុម័ន​ទៅ​ដល់ បាន​ចូល​ទៅ​ជួយ​ឲ្យ​គេ​មាន​ប្រៀប​ឡើង​មួយ​រំពេច វាយ​កង​សឹក​ដែល​កំពុង​ចោម​រោម​ភីម​នោះ​បែក​ខ្ចាយ​ទៅ ។

ឯកសារយោង[កែប្រែ]

សៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម

តំនភ្ជាប់ក្រៅ[កែប្រែ]

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត