Jump to content

ថូម៉ាសអាគីណាស

ពីវិគីភីឌា
សន្ត ថូម៉ាស អាគីណាស់
គំនូររបស់ថូម៉ាសអាគីណាស
សាសនាសាសនាកាតូលិក
Orderបុព្វជិត ដូមីនិកូ
បុគ្គលភាព
ប្រសូត១២២៥
Roccasecca, ប្រទេសអ៊ីតាលី
Died៧ មីនា ១២៧៤ (អាយុ ៤៨-៤៩)
Fossanova
កាន់តំណែងជាន់ខ្ពស់
គោរម្យងារបណ្ឌិតទេវ (Doctor Angelicus)

សន្ត ថូម៉ាស អាគីណាស់ ​(Thomas Aquinas) ជាជនជាតិ អ៊ីតាលី រស់នៅក្នុងអំឡុងឆ្នាំ ១២២៥ ដល់ថ្ងៃ​ទី៧​ ខែមិនា ឆ្នាំ១២៧៤។ លោកជាអ្នកបួសនៃក្រុមបងប្រុសដូមីនីកេន ជាបូជាចារ្យកាតូលិកផង ជាទស្សនវិទូផង ហើយក៏ជា បណ្ឌិត (Doctor) នៃព្រះសហគមន៍កាតូលិកមួយរូបផងដែរ។​ លោកជាទស្សនវិទូ ជាទេវវិទូ និងជាអ្នកច្បាប់ខាងប្រពៃណីនៃ “ទស្សនវិជ្ជាតាមបែបស្កូឡាស្តិច” ស្កូឡាស្ទីកនិយម (Scholasticism) គឺជារបៀបនៃការគិតនិងការអប់រំចំណេះដឹង ដែលបានបង្កើតឡើងនៅមជ្ឈឹមសម័យ គឺនៅពេលមនុស្សចង់ប្រមូលផ្តុំជារួមនូវអ្វីដែលគេហៅថាទស្សនវិទ្យាបុរាណ ជាមួយនឹងការបង្រៀននៃព្រះសហគមន៍កាតូលិកតាមបែបទេវវិទ្យា។ ក្រោយមក លោកថូម៉ាស អាគីណាស់ ត្រូវបានគេស្គាល់ផងដែរថាជា បណ្ឌិតទេវ (Doctor Angelicus) និងក៏ជា បណ្ឌិតសាមញ្ (Doctor communis) សំដៅទៅលើ“ មតិទូទៅ” ឬ“ ទស្សនៈដែលត្រូវបានទទួលយកជាទូទៅ” ។

ថូម៉ាសអាគីណាស់ ជាឈ្មោះមួយដែលបញ្ជាក់អំពីអត្តសញ្ញាណដូនតារបស់លោកដែលមានដើមកំណើតនៅស្រុក អាគីណូ (Aquino) ជាក្រុង Lazio ក្នុងប្រទេសអ៊ីតាលីសព្វថ្ងៃ។ លោកជាសង្ឃកាតូលិកមួយអង្គ ហើយក៏ជាបេសកជននៃដំណឹងល្អ។ លោកបានចំណាយពេលពេញមួយជីវិតក្នុងការ អធិដ្ឋាន សញ្ជឹងគិត និងប្រកាសដំណឹងល្អ។ លោកជាគ្រូបង្រៀនផ្នែក ទស្សនវិទ្យា និង ទេវវិទ្យា នៅមហាវិទ្យាល័យមួយនៃទីក្រុងបារីស នៅមជ្ឈឹមសម័យ។

ថូម៉ាស អាគីណាស់ គឺជាបុគ្គលសំខាន់មុនគេបង្អស់ដែលបានគាំទ្រទ្រឹស្តីបុរាណនៃទេវវិទ្យាធម្មជាតិ និង(ជា)បិតានៃថូម៉ាសនិយម។ លោកបានប្រឆាំងនឹងទ្រឹស្តីដែលថា “ ហេតុផលគឺត្រូវបានរកឃើញក្នុងព្រះជាម្ចាស់”។

គំនិតរបស់លោកថូម៉ាសត្រូវបានគេកត់សម្គាល់ថា មានឥទ្ធិពលទៅគំនិតរបស់ពួកលោកខាងលិច ហើយទស្សនវិទ្យាជាច្រើនត្រូវបានអភិវឌ្ឍន៍ឡើង ឬត្រូវបានប្រឆាំងនឹងគំនិតរបស់លោក ជាពិសេសទ្រីស្តីនៃ “តំបន់នៃក្រមសីលធម៌ ច្បាប់ធម្មជាតិ ឬ​ បរម្ថវិទ្យា (ស្តីអំពីការពិតក្នុងធម្មជាតិ) និងទ្រីស្តីនយោបាយ។ ខុសពីអ្នកផ្សេងៗទៀត សន្ត ថូម៉ាស បានព្យាយាមផ្សះផ្សារគំនិតមួយចំនួនដែលបានលើកឡើងពីមុនៗមករបស់លោកផ្លាតុង ដែលបានលើកឡើងដោយ អារីស្តូត (Aristotle) ដែលលោកបានហៅថា "អ្នកទស្សនវិទូ"។ លោក ថូម៉ាស អាគីណាស បានព្យាយាមសំយោគទស្សនវិទ្យារបស់អារីស្តូតឲ្យរួមជាមួយគោលការណ៍នៃគ្រីស្ទសាសនា។ ស្នាដៃដែលល្បីល្បាញជាងគេនៃកិច្ចការរបស់លោក គឺ “សេចក្តីឆ្លើយតបទៅសាសដ៏ទៃ" (Summa contra Gentiles)(1259–1265)(នៅសម័យនោះ មានអ្នកប្រាជ្ញជាច្រើនដែលមិនមែនជាគ្រីស្តបរិស័ទ បានសរសេរសៀវភៅ ឬលើកទ្រីស្តីជាច្រើនប្រឆាំងនឹងគ្រីស្តសាសនា) ដែលស្នាដៃនេះមិនទាន់បានបញ្ចប់នៅឡើយផងនោះ ប៉ុន្តែវាបានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើ ទេវវិទ្យាដ៏ទូលំទូលាយ (Summa Theologiae) (១២៦៥-១២៧៤) ។ ការអត្ថាធិប្បាយរបស់លោកអំពីព្រះគម្ពីរ និងអត្ថាធិប្បាយទៅលើទ្រីស្តីរបស់អារីស្តូតក៏ជាផ្នែកដ៏សំខាន់មួយនៃការងារទាំងមូលរបស់លោកផងដែរ។ លើសពីនេះទៀត សន្តថូម៉ាស ត្រូវបានគេកត់សម្គាល់ចំពោះទំនុកតម្កើងរបស់លោកអំពីអគ្គសញ្ញាអរព្រះគុណ ( អភិបូជា) ដែលបង្កើតផ្នែកមួយយ៉ាងសំខាន់នៃពិធីបុណ្យគ្រីស្តសាសនា ។ ព្រះសហគមន៍កាតូលិកបានប្រកាសលោកថូម៉ាសអាគីណាស់ទៅជាសន្តបុគ្គលមួយរូប ហើយក៏ចាត់លោកទុកជាគ្រូគំរូមួយរូបសម្រាប់អ្នកដែលសិក្សាដើម្បីត្រៀមខ្លួនទៅជាបូជាចារ្យផងដែរ។

គេចាត់ទុក សន្ត ថូម៉ាស អាគីណាស់ ជាទេវវិទូ និងជាទស្សនវិទូមួយរូបដ៏ប្រសើរបំផុតនៃព្រះសហគមន៍កាតូលិក។ សម្តេចប៉ាប បេណេឌិតទី១៥ បានប្រកាសថា បុព្វជិត ដូមីនិកូ (Dominican Order) ទទួលសិរីរុងរឿងថ្មីពេលព្រះសហគមន៍ប្រកាសថា ការបង្រៀនរបស់សន្តថូម៉ាសគឺជាការបង្រៀនរបស់ព្រះសហគមន៍ផ្ទាល់។ បណ្ឌិត (Doctor) គឺ អ្នកដែលបានសរសេរសៀវភៅ ​ឬទ្រីស្តី ដើម្បីការពារជំនឿ និងជាឧបការីនៃព្រះសហគមន៍កាតូលិក។

ដកស្រង់ពី

[កែប្រែ]