រឿងមហាភារតយុទ្ធ
មហាភារតយុទ្ធ រឿងមហាភារតនេះ ជារឿងចម្បាំងដ៏ធំ១ ប្រហែលគ្នានឹងរឿងរាមកេរ្តិ៍ ជារឿងបូរាណកើតឡើងក្នុងប្រទេសឥណ្ឌា មុនរឿងរាមកេរ្តិ៍ទៅទៀត ពួកឥណ្ឌាចូលចិត្តនិយាយចែកគ្នាស្ដាប់ជាងរឿងរាមកេរ្តិ៍ តែរឿងនេះរាប់ថាជារឿងកំបាំងបាត់ទៅជាយូរហើយ ព្រោះក្នុងប្រទេសកម្ពុជាយើងក្នុងសម័យនេះ មិនសូវមានអ្នកណាចេះដឹង អំពីដើមខ្មែរយើងដឹងរឿងនេះជាប្រាកដទើបឆ្លាក់ជារូបភាពចម្បាំងរឿងនេះ នៅប្រាសាទនគរវត្តនាព្រះរបៀងទី១ ដានខាងលិចភាគខាងត្បូង កាលយើងខ្ញុំទៅធ្វើជា គីត ឬអ្នកនាំផ្លូវ បានជ្រាវរករឿងនេះទាល់តែបានចេះដឹង ដូចដែលបាននាំមកសម្ដែងក្នុងទីនេះស្រាប់ហើយ។ កាលពុទ្ធសករាជ ២៤៧០ អ្នកស្រី ការប៉ឺឡែស ជាបណ្ណារក្សនៃព្រះរាជបណ្ណាល័យកម្ពុជា ជាចៅហ្វាយរបស់យើងខ្ញុំ បានអញ្ជើញទៅមើលប្រាសាទនគរ ឲ្យយើងខ្ញុំជាអ្នកនាំមើល ហើយបរិយាយរឿងនោះៗ ឲ្យស្ដាប់ផង ដល់មកត្រង់រឿងនេះ អ្នកស្រីឃើញថាជារឿងគួរតែដឹងរាល់គ្នា ទើបបង្គាប់ឲ្យយើងខ្ញុំរចនាឡើង ដើម្បីយកទៅបោះពុម្ពផ្សាយឲ្យបានជ្រួតជ្រាបទូទៅ តែរឿងនេះដើមជាភាសាសំស្ក្រឹត អ្នកប្រែតៗមក ក៏ចូលចិត្តប្រើភាសានោះច្រើន សូម្បីយើងខ្ញុំរចនាឡើងក្នុងគ្រានេះ ក៏តោងប្រើភាសានេះច្រើន ហើយប្រើពាក្យប្លែកៗ អំពីដែលធ្លាប់ប្រើច្រើន ដោយបំណងដើម្បីឲ្យអ្នកមើលរឿងនេះជ្រាបពាក្យនោះៗ ជាប្រយោជន៍សម្រាប់ខ្លួន ក្នុងទីនេះយើងខ្ញុំសូមអភ័យដល់អ្នកមើល អ្នកអានទាំងឡាយ បើទើសទាល់ឆ្ងល់ត្រង់ណា សូមឲ្យសួរអ្នកចេះដឹងតទៅ កុំគប្បីនិន្ទាហើយឈប់ស្ងៀមនៅ បើធ្វើដូច្នោះនឹងបានផលត្រឹមតែជាអ្នកមិនចេះប៉ុណ្ណោះ។ យើងខ្ញុំសូមឧទ្ទិសរឿងនេះ ជូនអ្នកស្រី ការប៉ឺឡែស ដែលផ្ដើមបង្កើតរឿងនេះ ហើយនឹងជាទីរាប់អានដ៏ខ្ពស់នៃយើងខ្ញុំ។ ព្រះស្នេហាសាទេព ក្រសេម
- រឿងមហាភារតយុទ្ធ ភាគទី១៖សេចក្ដីឫស្យានៃញាតិ
- រឿងមហាភារតយុទ្ធ ភាគទី២៖ការស្វយម្ពរឫការរើសគូនៃនាងទ្រៅបទី
- រឿងមហាភារតយុទ្ធ ភាគទី៣៖អវាហមង្គលនៃនាងទ្រៅបទី
- រឿងមហាភារតយុទ្ធ ភាគទី៤៖ទីប្រជុំរដ្ឋមន្ត្រី
- រឿងមហាភារតយុទ្ធ ភាគទី៥៖ឥន្ទ្របថរដ្ឋ រាជអាណាចក្រថ្មី
- រឿងមហាភារតយុទ្ធ ភាគទី៦៖ការលេងស្កាភ្នាល់យ៉ាងធំ
- រឿងមហាភារតយុទ្ធ ភាគទី៧៖ការនិរទេសបាណ្ឌវក្សត្រិយ៍
- រឿងមហាភារតយុទ្ធ ភាគទី៨៖ព្រះចៅក្រុងវិរាដ
- រឿងមហាភារតយុទ្ធ ភាគទី៩៖ពួកកុរុចូលជាន់ដែនវិរាដ
- រឿងមហាភារតយុទ្ធ ភាគទី១០៖ការតភព្វប្រសប់
- រឿងមហាភារតយុទ្ធ ភាគទី១១៖ប្រឹក្សាការស្ងប់សឹកត្រៀមច្បាំង
- រឿងមហាភារតយុទ្ធ ភាគទី១២៖សង្គ្រាមកុរុក្សត្រ
- រឿងមហាភារតយុទ្ធ ភាគទី១៣៖សេចក្ដីទោមនស្សរបស់ទុរយោធន៍
(នៅមានត)
បុព្វឬសៀវភៅ ១៨ ក្បាល
[កែប្រែ]រឿងមហាភារតយុទ្ធ ចែកជា ១៧ភាគដូចខាងក្រោម :
ភាគ | ចំណងជើង | បរិយាយ |
---|---|---|
ភាគទី១ | សេចក្ដីឫស្យានៃញាតិ | ក្នុងយុគជាដំបូង នៃប្រជាវតាររបស់លោក ក្នុងប្រទេសឥណ្ឌាភាគលើ មានក្សត្រិយ៍ទ្រង់ព្រះនាមថា សាន្តនុ ជាពូជពង្សវង្សព្រះចៅភរត ដែលជាឱរសរបស់ព្រះចៅ ទុសយន្ត និងនាង សកុន្តលា ជាបរមក្សត្រិយ៍ ដែលល្បីល្បាញព្រះកិត្តិនាម ជាងព្រះចៅ សាន្តនុ ក្សត្រិយ៍អង្គនេះ ទ្រង់រក្សារាជប្រវេណី នៃប្រយូរវង្សរបស់ព្រះអង្គទុកដោយប្រពៃ យកព្រះហឫទ័យទុកដាក់ពេចពិលរមិលមើល សុខទុក្ខរបស់ប្រជារាស្ត្រ ដោយ ការុណ្យចិត្តជាយ៉ាងក្រៃពេក អ្នកនគរស្មោះសរស្រឡាញ់ព្រះអង្គ ហាក់បីដូចជាដួងហឫទ័យរបស់គេ រាប់អានតម្កុំតម្កើងលើកឡើងបូជាព្រះអង្គ... |
ភាគទី២ | ការស្វយម្ពរនៃនាងទ្រៅបទី (ការរើសរកគូព្រេង) | សុំឲ្យនឹកមើលចុះថា ម្ដាយនិងកូនដែលត្រូវនិរទេសចាកនិវេសន៍រាជស្ថានទៅក្នុងយប់នោះ រមែងល្ហិតល្ហៃយ៉ាងម្ដេច តែទោះបីម្ល៉ឹង ជាតិខត្តិយៈអ្នកចម្បាំងរមែងមានមានះជាធម្មតា នាំគ្នាដើរកាត់ព្រៃទៅដោយប្រមាណស្មានក្នុងចិត្ត មិនដឹងជាគ្រោះកម្មវានិងនាំទៅដល់ណា ១ទៀតនឹកបារម្ភក្រែងពួកសត្រូវដិតដោយតាមមកយាយី ទើបដោះគ្រឿងទ្រង់ចេញអស់ យកផង់ធូលីខ្មៅមកប្រឡាក់លាបកាយ ផ្លាស់ផ្លែងតែងខ្លួនជាយោគី ដើម្បីសុំទៅបន្តិចប៉ុណ្ណោះ ឯព្រះជននីសោត ក៏តោងប្លមព្រះអង្គជាស្រីអនាថា... |
ភាគទី៣ | អាវាហមង្គលនៃនាង ទ្រៅបទី | ស្រីអនាថា អាស្រ័យនៅក្នុងរោងនាយស្មូនឆ្នាំង ចាំមើលផ្លូវកូនទាំង៥ ដែលនាំគ្នាទៅមើលការស្វយម្ពរនាង ទ្រៅបទី បុត្រទៅបាត់យូរពេកខុសពេលវេលា នាងក៏ព្រួយក្នុងចិន្ដា ក្រែងថាកើតហេតុភេទភ័យឡើងក្នុងស្រុកគេ ខណៈនោះ នាងឮសូរសន្ធឹកជើងដើរចូលមកដល់ ដឹកទាំងដៃនាងក្រមុំមួយមកផងសឹងតែងកាយដោយគ្រឿងប្រដាប់ដ៏វិចិត្រ សុទ្ធតែពេជ្រ-និល-ចិន្ដាព្រោងព្រាយ ខណៈដែលបែរទៅឃើញនាងធីតាទ្រង់នៅឆោមឆើតឆាយ សេចក្ដីបីតិត្រេកអរក៏ផ្សាយសព្វសារពាង្គរាងកាយ... |
ភាគទី៤ | ទីប្រជុំរដ្ឋមន្ត្រី | កាល ទ្រៅបទី អភិសេកសមរស នឹងអរជុនរាជកុមារ សូរេចហើយ បាណ្ឌវក្សត្រិយ៍ក៏នៅជាសុខក្នុងអំណាចរក្ខានៃបញ្ចាលរាជការ គ្រប់គ្រងរក្សាដូចនេះ ជាទីត្រូវហឫទ័យបាណ្ឌវក្សត្រិយ៍ណាស់ នឹងប្លមអង្គដើរហើរទៅឯណាដូចអំពីដើមទៀតពុំបានឡើយ ព្រោះទុរយោធន៍ បានឃើញហើយចាំបានជាប្រាកដថា រាជកុមារអម្បាលនេះនៅមានជីវិតរស់នៅ ទុរយោធន៍គង់ជាភ្ញាក់ខ្លួនមិនតិចដែរ មកឃើញ បាណ្ឌវក្សត្រិយ៍នៅមានជីវិតរស់នៅក្នុងលោក ហើយគង់នឹកឆ្ងល់ក្នុងហឫទ័យជាបំផុត ដែលមកឃើញអរជុនមានជ័យ បាននាងក្សត្រីបញ្ចាល... |
ភាគទី៥ | ឥន្ទ្របថរដ្ឋ រាជអាណាចក្រថ្មី | តមក បាណ្ឌវក្សត្រិយ៍ទាំង ៥អង្គ ក៏នាំគ្នាទៅសាងរាជធានីទីក្រុងថ្មីនៅខណ្ឌវបថ ផ្ដើមកសាងកាប់គាស់ឈើព្រៃ ចូលចាំងជម្រះដី ទីទួលឲ្យរាបទៀបស្មើផ្ទៃ ស្រេចហើយនៃ ទើបសាងព្រះរាជមន្ទីរ ព្រមទៅដោយកំផែងដ៏វិចិត្រ ហាក់ដូចជាទេពនិម្មិត្រក៏ប្រហែលគ្នា តាំងនៅ ឆ្នេរទន្លេយមុនាខ្ពស់ត្រដឹមស្កឹមស្កៃ លេចកំពូលច្រូងច្រាងប្រាង្គលលៃគ្របទៅលើទន្លេ ជីកស្រះជីកគូនឹងបន្លាយជ្រលងអូរ សម្រាប់បង្ហូរទឹក ចេញចូលតាមត្រូវការ ធ្វើទាំងឱទ្យានសួនផ្កា និងសួនច្បារផលាផលជុំវិញព្រះរាជមន្ទីរសុទ្ធសឹងតែព្រឹក្សាលតាជាតិដ៏មានផ្លែផ្កា គួរជាទីទស្សនា ... |
ភាគទី ៦ | ការលេងស្កាភ្នាល់យ៉ាងធំ | ឥឡូវនេះទុរយោធន៍និងសកុនី បានរួមគំនិតគិតការត្រៀមទុកព្រមស្រេចហើយ លំដាប់នោះ ទុរយោធន៍ ក៏ចូលទៅគាល់ព្រះរាជបិតា ក្រាបចុះយុគលបាទ ទ្រង់ព្រះកន្សែងអាក់អួលទឹកព្រះនេត្រស្រក់សស្រាក់ស្រោចភក្ត្រា ព្រះរាជបិតាឃើញអាការកូនសម្លាញ់ដូចនោះ ក៏ត្រាស់សួរដល់ហេតុផល... |
ភាគ ៧ | ការនិរទេស បាណ្ឌវក្សត្រិយ៍ | បាណ្ឌវក្សត្រិយ៍ បងប្អូនទាំងប្រាំអង្គ ព្រមដោយទ្រៅបទីទេវី ត្រូវគេនិរទេសចាកភារា ក៏ស្ដេចនាំគ្នាលីលាចាកក្រុងសន្សឹមៗទៅបែរ ព្រះភក្ត្រឆ្ពោះសំដៅអារញ្ញប្រទេសដែនព្រៃ ព្រះភក្ត្រស្លក់ស្លាំង ព្រះឱស្ឋស្ងួតក្រៀម ព្រះនេត្រអាប់ឥតរស្មី អ្នកដែលប្រទះឃើញស្ដេចតាមផ្លូវ តាមព្រៃ ក៏ដកដង្ហើមធំរាល់ៗគ្នា ស្ដេចនាំគ្នាយាត្រាតត្រុកទៅមិនមានចរចា ហាក់ដូចជាថា បើកព្រះឱស្ឋចេញទៅសោត ក្រែងហួសកម្លាំង ហឫទ័យនឹងទទួលទ្រាំទ្របាន នៅវេលាមួយនោះ ទើបមួយអង្គក្នុងពួកនោះ មានបន្ទូលចេញមកថា អរជុនក្នុងរវាងនេះទៅទល់នឹងវេលាដែល... |
ភាគ ៨ | ព្រះរាជាក្រុងវិរាជ | វាមួយនោះ ព្រះចៅក្រុងវិរាជប្រថាប់លើរាជាសនៈ ក្នុងព្រះទីនាំងវិនិច្ឆ័យ មានអាមាត្យមុខមន្ត្រីបង្គំគាល់ត្រៀបត្រា ទ្រង់ស្ដាប់ដីកា នឹងពាក្យស្រែកថ្លែងទុក្ខរបស់បណ្ដារាស្ត្រ កំពុងទ្រង់វិនិច្ឆ័យសេចក្ដីឲ្យទៅតាមយុត្តិធម៌ ដល់ពួកដែរត្រូវបៀតបៀនខណៈនោះទតព្រះនេត្រទៅឃើញប្រុសបួនប្រាំនាក់តែងកាយ យ៉ាងគ្រាំគ្រាឈរនៅទ្វារព្រះបរមរាជវាំង ទើបមានព្រះរាជឱង្ការ ឲ្យរាជភត្តម្នាក់ទៅសួរថា អ្នកអម្បាលនោះជាអ្នកណា ត្រូវការអ្វីកាលបានទ្រង់ព្រះសណ្ដាប់សេចក្ដីនោះហើយ... |
ភាគទី ៩ | ពួកកុរុចូលជាន់ដែនវិរាជ | ក្នុងរវាងឆ្នាំទីបំផុតនៃការនិរទេសបាណ្ឌវក្សត្រិយ៍ ទុរយោធន៍បានព្យាយាមស៊ើបរក ទីសំណាក់ពាក់ពួនលាក់ខ្លួនពួកបាណ្ឌវជានិច្ច ចំណែកឯបាណ្ឌវក្សត្រិយ៍ក៏ពឹងពួនលាក់ខ្លួនយ៉ាងសុខុម គ្មានអ្នកណាដឹងដំណឹងឬឮរហើបរហាយសោះដូចប្រាកដហើយខាងដើម គ្រប់ៗ ពួកកងក្រវែលដែលទុរយោធន៍ប្រើទៅឲ្យក្រវែលស៊ើបរកដំណឹងនោះ បានត្រឡប់វិលទៅវិញដោយប្រាសចាកផលដែលបំណងប៉ងមក ទៅថ្លែងការណ៍ថ្វាយទុរយោធន៍ថា ពួកគេបានខ្មីឃ្មាតចេញទៅស៊ើបរកខ្លួនគ្រប់កន្លែងដែលមនុស្សអាស្រ័យនៅ... |
ភាគ ១០ | ការភពប្រសព្វ | ថ្ងៃតមកអំពីថ្ងៃដែលមានជ័យ មានការប្រជុំធំជាផ្លូវរាជការ ដើម្បីប្រកាសព័ត៌មានដ៏មុខគួរបីតិត្រេកអរឲ្យប្រាកដកិត្តិយសទួទៅថា កងទ័ពក្រុងវិរាជមានជ័យជម្នះកងទ័ពកុរុយ៉ាងស្រស់ មុខព្រះទីនាំងគំនាល់ពេញទៅដោយមនុស្ស ជ្រៀតបៀតញៀតញាក់គ្នាស្ទើរដកដង្ហើមមិនរួច អ្នកដំណាងរាស្ត្រគ្រប់ពួកគ្រប់ជាន់បាននាំគ្នាមកកុះករ ដើម្បីមានចំណែកនៃសេចក្ដីសោមនស្សរីករាយ វេលាមុនដែលព្រះចៅវិរាជនិងស្ដេចយាងចេញកាត់ទីប្រជុំ... |
ភាគ ១១ | ប្រឹក្សាការស្ងប់សឹក ត្រៀមចម្បាំង | ទូតរបស់យុធិស្ឋិរ មកដល់ក្រុងហស្ថិនបុរ ក៏ត្រង់ចូលទៅគាល់ក្នុងព្រះទីនាំងគំនាល់ ក្រាបទូលមូលមតិទៅដូចនេះ ៖
ព្រះរាជារបស់ទូលបង្គំជាខ្ញុំ ត្រាស់ប្រើឲ្យទូលបង្គំមកក្រាបទូលព្រះអង្គថាដូចនេះ បាណ្ឌព និងគោរពជាបងប្អូនជីដូនមួយនឹងគ្នា ហេតុម្ដេចទើបឱរសធ្ឫតរាស្ត្រ បានរាជអាណាចក្រទាំងមូលគ្រប់គ្រង ឱរសបាណ្ឌុមិនបានអ្វីនឹងគេ សូម្បីតែធូលីមួយក្ដាប់ ទុរយោធន៍គិតព្យាបាទព្រះញាតិវង្សរាល់ទិវារាត្រី ធ្វើឧបាយកលឲ្យទៅអញ្ជើញគេមកលេងស្ការភ្នាល់ អ្នកស្ការសំខាន់របស់ទុរយោធន៍យកស្ការបង្កប់សំណមកលេងដោយកលកោងនឹងព្យាបាទ... |
ភាគ ១២ | សង្គ្រាម កុរុក្សេត្រ | ព្រះក្រិស្ណៈ នាំសារទៅកាន់រាជសំណាក់កុរុ មិនបានសម្រេចផលដូចបំណងហើយ ត្រឡប់មកវិញមិនយូរប៉ុន្មាន ទុរយោធន៍ក៏បញ្ជូនរាជសារ បបួលច្បាំងទៅដល់បាណ្ឌពក្សត្រ ក្នុងរាជសារបបួលច្បាំងនោះ សឹងពេញទៅដោយពាក្យប្រមាថមើលងាយជាយ៉ាងធ្ងន់បំផុត មានមនោសញ្ចេតនាប្រុងតែនឹងប្រើអាវុធ គឺធ្វើការមើលងាយជាងការប្រកាសសង្គ្រាម សេចក្ដីក្នុងរាជសារនោះថា "ទ្រង់ស្បថទុកថា ទ្រង់នឹងធ្វើសង្គ្រាមដណ្ដើមយកជ័យនឹងយើង ឥឡូវនេះ ដល់ពេលវេលាហើយ ដែលទ្រង់នឹងត្រូវប្រតិបត្តិតាមសម្បថដ៏ពិតប្រាកដនោះ, រាជអាណាចក្ររបស់ទ្រង់ត្រូវយើងរឹបអូសយក, នាងទ្រៅបទីទេវីរបស់ទ្រង់... |
ភាគទី១៣ | សេចក្ដីទោមនស្សរបស់ទុរយោធន៍ | ... |
ភាគទី១៤ | ... | |
ភាគទី១៥ | ... | |
ភាគទី១៦ | ... | |
ភាគទី១៧ | ... |
ឯកសារយោង
[កែប្រែ]សៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម