ខេត្តបាត់ដំបង
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
| ស្ថិតិ | |
|---|---|
| ផ្ទៃដី: | ១១៧០២ គម២ |
| ប្រជាជន: | ៧៩៣ ១២៩ (១៩៩៨) |
| ដង់ស៊ីតេ: | ៨៤ នាក់/គម២ |
| ISO 3166-2: | KH-២ |
| ផែនទី | |
![]() |
|
ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីរួមខេត្តនៅបាត់ដំបង។
មាតិកា |
[កែប្រែ] ប្រវត្តិនៃឈ្មោះបាត់ដំបង
បើតាមសិលាចារិកថ្មប្រាសាទដែលយើងមាន និងបានរកឃើញរហូតសព្វថ្ងៃ នៅមុនសម័យ និងសម័យអង្គរគេពុំបានឃើញចែងអោយយើងដឹងថា តើសម័យនោះ មាន ភូមិស្រុកណាមួយដែលមានឈ្មោះ បាត់ដំបងនោះទេ ។ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថា ឈ្មោះបាត់ដំបង នេះមានប្រើឬមិនប្រើក្នុងសម័យនោះដែរ ។ ប៉ុន្តែក្នុងសម័យអង្គរនិងក្រោយអង្គរតាមឯកសារ"មហាជនខ្មែរ"មាន ប្រើឈ្មោះ"ស្រុកបាត់ដំបង " ។ ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបង ប្រវត្តិសាស្ត្រសរសេរលើសិលាចារិកមិនបានឆ្លើយឲ្យដឹងឡើយ គឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូងដែលខ្មែរ យើងយល់ថាជារឿងកើតមានតាំងពីសម័យអង្គរដែលបានពន្យល់ពីដើមហេតុ ដែលនាំអោយយើងហៅឈ្មោះ"បាត់ដំបង"ឬអូរដំបង ។ ឯឈ្មោះ "ព្រះដំបង" គឺស្តេចរាមាទី១បានកំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជា "ព្រះដំបង" ។
កាលពីមុនសម័យអង្គរ និងសម័យអង្គរភាគខាងលិច និងភាគពាយ័ព្យនៃ បឹងទន្លេសាបគឺជាដែនដី អមោឃបុរៈនិងជាដែនដី ភិមៈបុរៈ ។ នៅក្នុង សម័យអង្គរដែនដីឬភូមិភាគអមោឃបុរីមានការរីកចំរើនខ្លាំងដោយសារ ដីមានជីរជាតិល្អ អាចដាំដំណាំស្រូវនិងបន្លែផ្លែឈើផ្សេងៗបាន ប្រកបដោយទិន្នផលល្អប្រសើរ ។ ប្រជាពលរដ្ឋខ្មែរជំនាន់នោះមករស់នៅភូមិភាគនេះ ច្រើនជាភស្តុតាង បង្ហាញ គឺមានប្រាសាទបុរាណជាច្រើនសន្ឋឹកសន្ឋាប់ក្នុងតំបន់នេះ ។ ប៉ុន្តែប្រាសាទបុរាណទាំងនោះ រលំបាក់បែកបាត់បង់ស្ទើរតែទាំងអស់ លើកលែងតែប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត ប្រាសាទស្ទឹង បន្ទាយទ័យ បន្ទាយឆ្មារ ។ល។ ដែលនាម៉ឺនសព្វមុខមន្ត្រីនិងប្រជារាស្ត្រជំនាន់នោះបានកសាងឡើង សំរាប់ជាទីសក្ការៈបូជាដល់ព្រះអាទិទេពនិងទេវៈផ្សេងៗ ។ ខាងព្រហ្មញ្ញសាសនា ឬក៏ដល់ព្រះពុទ្ឋ និងពោធិសត្វផ្សេងៗខាង ពុទ្ឋសាសនា។
នៅសតវត្សរ៍ក្រោយមកទៀត ដែនដីខេត្តបាត់ដំបង ត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីចំបាំងរាំងជល់ ដោយការឈ្លានពានពីសំណាក់ពួកសៀមតាំងពីសតវត្ស ១៥-១៦-១៧-១៨ ធ្វើអោយជីវភាព រស់នៅរបស់ប្រជាជនបាត់ដំបងជំនាន់នោះធ្លាក់ក្រលំបាកព្រាត់ប្រាស និរាសគ្រួសារទ្រព្យសម្បិត្តផ្ទះសម្បែងគួរអោយខ្លោចផ្សារ។
នៅចុងសតវត្សទិ១៨ដល់ដើមសតវត្សទី២០បាត់ដំបងក៏ធ្លាក់នៅក្រោម អំណាចត្រួតត្រាជិះជាន់របស់ពួកសៀមអស់រយៈពេលជាងមួយសតវត្សរ៍ ដែលគ្រប់គ្រងដោយអំណាចគ្រួសារ ចៅហ្វាបែនក្រោយមកគេដាក់ឈ្មោះថា " ត្រកូលអភ័យវង្ស "អស់៦តំណរហូតដល់ឆ្នាំ១៩០៧ ។
តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩០៧ សៀមត្រូវប្រគល់មកអោយកម្ពុជាវិញ នូវទឹកដីដែលខ្លួនធ្លាប់កាន់ កាប់ជាងមួយសតវត្សរ៍នោះ គឺបាត់ដំបង សៀមរាបអង្គរ សិរីសោភ័ណនិងចុងកាល់ដោយប្តូរ និងខេត្តត្រាតនិងតំបន់ដាច់សេ (ដែនដីលាវ ) ប៉ែកខាងលើនៃទន្លេមេគង្គ។ ប៉ុន្មានខែក្រោយមកព្រះករុណាព្រះបាទស៊ីសុវត្ថិទ្រង់បានចេញព្រះ រាជប្រកាសលេខ៦៦ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ១៩០៧កំណត់ដែនដីបាត់ដំបងត្រូវបែងចែកជា៣ខេត្ត គឺ ខេត្តបាត់ដំបង ខេត្តសៀមរាបនិង ខេត្តសិរីសោភ័ណ ។
នៅឆ្នាំ១៩២៥ ទឹកដីខេត្តបាត់ដំបង ត្រូវបានបែងចែកសារជាថ្មីអោយទៅ ជាខេត្តបាត់ដំបង មានស្រុក២គឺខេត្តបាត់ដំបង ខេត្តសៀមរាប ក្នុងនោះខេត្តបាត់ដំបងមានស្រុក២ គឺស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ ។ នៅឆ្នាំ១៩៤០ ខេត្តបាត់ដំបងមានស្រុកចំនួន៧ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបុរី ស្រុកទឹកជោរ ស្រុកសិរីសោភ័ណ និងស្រុកបិត្បូង។
នៅខែឧសភាឆ្នាំ១៩៥៣ តំបន់រដ្ឋបាលប៉ោយប៉ែតត្រូវបានបង្កើតឡើងចំណុះស្រុកសិរីសោភ័ណ ។ នៅខែកក្កដាឆ្នាំ១៩៥៧ ស្រុកទឹកជោរត្រូវបានបែងចែកទៅជា២ស្រុកគឺ ស្រុកព្រះនេតព្រះ និង ស្រុកភ្នំស្រុក ។ ស្រុកសិរីសោភ័ណត្រូវបានបែងចែកទៅជា២ស្រុកដែរគឺ ស្រុកសិរីសោភ័ណ និង ស្រុកបន្ទាយឆ្មា។ នៅខែមិនា ឆ្នាំ១៩៦៥ តំបន់រដ្ឋបាលប៉ោយប៉ែតដែលបានបង្កើតនៅឆ្នាំ១៩៥៣ នោះត្រូវបានចាត់ថ្នាក់ជាស្រុកឈ្មោះថា ស្រុកអូរជ្រៅ។ នៅខែកក្កដា ឆ្នាំ ១៩៦៥ ទឹកដីមោងឬស្សីមួយផ្នែកត្រូវបានកាត់ទៅជាតំបន់រដ្ឋបាលគាស់ ក្រឡ ។ នៅខែមិនាឆ្នាំ១៩៦៦ ស្រុកថ្មីមួយទៀតត្រូវបានបង្កើតឡើងគឺស្រុកថ្មពួកមានទីតាំងនៅតាំង នៅថ្មពួក ។ ជាមួយគ្នានេះស្រុកបន្ទាយឆ្មាត្រូវបានដកចេញពីខេត្តបាត់ដំបង ឲ្យចំណុះខេត្តឧត្តមានជ័យវិញដែលជាខេត្តដែលទើបបង្កើតថ្មី ។
នៅដើមសម័យសាធារណរដ្ឋខ្មែរមានស្រុកចំនួន២បានបង្កើតឡើងគឺ ស្រុកបាណន់ និងស្រុកគាស់ឡ ។ សរុបមកដល់ត្រឹមនេះស្រុកបាត់ដំបងមានស្រុកចំនួន៩ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ ស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ ស្រុកបាណន់ ស្រុកគាស់ឡ និងតំបន់ រដ្ឋបាលចំនួន២ គឺ តំបន់រដ្ឋបាលបាក់ព្រា និងតំបន់រដ្ឋបាលល្វា ។ ក្នុងរបបវាលពិឃាត ៣ ឆ្នាំ ៨ខែ ២០ថ្ងៃនៅខេត្តបាត់ដំបងក៏ដូចជា ខេត្តនានាទូទាំងប្រទេសដែរ ប្រជាពលរដ្ឋត្រូវបានជម្លៀសចុះឡើងពិសេសពីតំបន់ទីក្រុងទី ប្រជុំជនទៅកាន់ជនបទនិងតំបន់ព្រៃភ្នំ ។ ខេត្តបាត់ដំបងធ្លាប់ល្បីថាជាជង្រុកស្រូវនៃប្រទេសបានក្លាយទៅ ជាតំបន់ទទួលទារុណកម្មកាប់សំលាប់និងបង្អត់អាហារពេលនោះខេត្តពុំ មានព្រំប្រទល់ច្បាស់លាស់ទេដោយ អង្គការដឹកនាំពេលនោះដាក់ខេត្តបាត់ដំបងទៅក្នុងតំបន់ភូមិភាគ ពាយ័ព្យហើយមានតំបន់១តំបន់៣តំបន់៤ និង តំបន់៥ ។ ខណៈនោះមានឮគេហៅឈ្មោះស្រុកខ្លះដែរដូចជាស្រុកភ្នំសំពៅ ស្រុកបាត់ដំបង-ស្រុកមង្គលបុរី ស្រុកសង្កែ-ស្រុកមោងឬស្សី-ស្រុក៤១-ស្រុក៤២ ។ល។
ខេត្តបាត់ដំបងត្រូវបានរំដោះជាស្ថាពរពីរបបប្រល័យពូជសាសន៍នៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩ ។ ក្បាលម៉ាស៊ីនដឹកនាំមានឈ្មោះថាគណៈកម្មាធិការប្រជាជនបដិវត្តន៍ (ខេត្ត-ស្រុក-ទីរួមខេត្ត-ឃុំ-សង្កាត់) ។ គណៈកម្មាធិការប្រជាជន ឃុំ-សង្កាត់ត្រូវបានជ្រើសរើសដោយការបោះឆ្នោតដំបូងបំផុតនៅ ឆ្នាំ១៩៨៣ ។ ពីឆ្នាំ១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្តបាត់ដំបងមានស្រុកចំនួន៩ទីរួមខេត្តចំនួន១ ។
នៅឆ្នាំ១៩៨៦ ស្រុកថ្មី៣ត្រូវបានបង្កើតបន្ថែមទៀតមានស្រុកបាណន់-ស្រុកបវេលនិង ស្រុកឯកភ្នំ ។ ត្រឹមតំណាក់កាលនេះបាត់ដំបងមាន ១២ស្រុកនិងទីរួមខេត្ត៩គឺស្រុកមោងឬស្សី-ស្រុកសង្កែស្រុកបាណន់- ស្រុកឯកភ្នំ-ស្រុកបាត់ដំបង-ស្រុករតនមណ្ឌស្រុកមង្គលបុរី-ស្រុក សិរិសោភ័ណ ស្រុកព្រះនេតព្រះ-ស្រុកថ្មពួក-ស្រុកភ្នំស្រុក និង ស្រុកបវេល ។
នៅឆ្នាំ១៩៨៨ ស្រុកចំនួន៥គឺស្រុកមង្គលបុរី-ស្រុកថ្មពួក-ស្រុកសិរីសោភ័ណ- ស្រុកព្រះនេតព្រះ និងស្រុកភ្នំស្រុកត្រូវបានកាត់ចេញដើម្បីបង្កើតជាខេត្តថ្មីមួយ ទៀតគឺខេត្តបន្ទាយមានជ័យ ។ ចាប់ពីនោះរហូតដល់ឆ្នាំ១៩៩៣ ខេត្តបាត់ដំបងមានស្រុកចំនួន៧ទីរួមខេត្ត១ និងឃុំចំនួន៥៣និងសង្កាត់ចំនួន១០ ។
ក្រោយមានរដ្ឋធម្មនុញ្ញថ្មីទីរួមខេត្តបាត់ដំបងត្រូវបានប្តូរ ឈ្មោះមកជាស្រុកស្វាយប៉ោវិញ ។ ចំណែកសង្កាត់ទាំង១០ត្រូវបានប្តូរមកជាឃុំដូច្នេះខេត្តបាត់ដំបង មានស្រុកចំនួន៨និងឃុំចំនួន ៤៧ ។
នៅឆ្នាំ១៩៩៨ ក្រោយសមាហរណកម្មកំលាំងកម្ពុជាប្រជាធិបតេយ្យ ខេត្តបាត់ដំបងត្រូវបានកាត់ទឹកដីមួយផ្នែកទៀតដើម្បីបង្កើត ក្រុងប៉ៃលិនហើយស្រុកចំនួន៤ ត្រូវបានបង្កើតថែមមានស្រុកសំឡូត-ស្រុកកំរៀងស្រុកភ្នំព្រឹកនិង ស្រុកសំពៅលូន។ នៅឆ្នាំ២០០០ ទឹកដីស្រុកមោងឬស្សីត្រូវបានរំលែកមួយផ្នែកបង្កើតជាស្រុកគាស់ ក្រឡដែលមាន៦ឃុំ ។ ចំណែកឯស្រុកស្វាយប៉ាត្រូវបានប្តូរឈ្មោះមកជាស្រុកបាត់ដំបងវិញ ។ រីឯស្រុកបាត់ដំបងដែលមានទីតាំងនៅថ្មគោលត្រូវបានប្តូរឈ្មោះជា ស្រុកថ្មគោលវិញ ។
ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្នខេត្តបាត់ដំបងមានស្រុក ចំនួន១៣ ឃុំចំនួន៩៦ និងភូមិចំនួន៧៤១ មានផ្ទៃដី១.១៦២.២០០ហិកតា មានប្រជាជន១៩១-៣១៧គ្រួសារ មនុស្សរាយ៩៨៨-៥១០នាក់ ។[១]
[កែប្រែ] លក្ខណៈភូមិសាស្ត្រ
ខេត្តបាត់ដំបងគឺជាខេត្តដែលមានស្ថេរភាពសន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជិត៣ទសវត្សរ៍។ប៉ុន្តែទោះបីជាយ៉ាងណា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទនៅតែជួបការលំបាកនៅឡើយដោយហេតុថា ការរកចំនូលតាមគ្រួសារនីមួយៗនៅមានកំរិតទាបបើប្រៀបធៀបនឹងប្រទេសជិតខាង។ប៉ុន្តែក្នុងឆ្នាំ២០០៧យើងឃើញថា ខេត្តនេះមានសំទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះថា ជីវភាពប្រជាជនធូរធារគ្រាន់បើ បើធៀបនឹងខេត្តផ្សេងៗទៀតក្នុងប្រទេស។ ហេតុដូច្នេះហើយបានជាកន្លងមកថ្មីៗនេះរាជរដ្ឋាភិបាលបានបង្កើតឡើងនូវគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍប្រទេសតាមរយៈការរៀបចំនូវផែនការសេដ្ឋកិច្ច សង្គម ថ្នាក់ជាតិសំរាប់ឆ្នាំ២០០១ ២០០៥ ។ ម៉្យាងទៀតខេត្តបាត់ដំបងគឺជាខេត្តមួយមានវិសាលភាពធំទូលាយនិងមានលក្ខណៈភូមិសាស្ត្រល្អក្នុងកិច្ចការអភិវឌ្ឍន៍។ ខេត្តនេះមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានចំងាយ ២៩១គ.ម ពីទីក្រុងភ្នំពេញ។ មានភូមិសាស្ត្រខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យ ខាងកើតជាប់នឹងខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និងខាងលិចជាប់នឹងប្រទេសថៃ។ ខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជាទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវវស្សា និងរដូវប្រាំង។ រដូវវស្សាចាប់ផ្តើមពីខែមិថុនាដល់ខែវិច្ឆិកា ចំនែកឯរដូវប្រាំងពីខែធ្នូ ដល់ខែឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំងមានរហូតដល់ ៣៨ អង្សាសេ ត្រជាក់បំផុតដល់ ១២អង្សាសេហើយអាកាសធាតុមានការប្រែប្រួលទៅតាមរដូវកាលនីមួយៗ។ ខេត្តបាត់ដំបងគ្របដណ្តប់ដោយផ្ទៃដីចំនួន ១.១៦២.២០០ ហិចតា ដែលក្នុងនោះមាន ៤១៥.២០០ហិកតាជាដីដែលអាចដាំដំនាំបាន ៣១៥.១០០ហិចតាជាវាលស្រែ ៤៤៤.២០០ហិចតាជាដីព្រៃឈើ ហើយនិង ១៤៥.៨០០ហិចតាជាវាលលិចទឹកនៅជាប់តាមដងទន្លេសាប និងផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០ហិចតា។
ខេត្តបាត់ដំបងចែកចេញជា១៣ស្រុកក្នុងនោះមាន៩៦ឃុំ និង៧៤១ភូមិ[២][៣] ។
| លេខកូដស្រុក | ស្រុក | ជាអក្សរឡាតាំង |
|---|---|---|
| ០២០១ | បាណន់ | Banan |
| ០២០២ | ថ្មគោល | Thma Koul |
| ០២០៣ | បាត់ដំបង | Bat Dambang |
| ០២០៤ | បវេល | Bavel |
| ០២០៥ | ឯកភ្នំ | Aek Phnum |
| ០២០៦ | មោងប្ញស្សី | Moung Ruessei |
| ០២០៧ | រតនមណ្ឌល | Rotanak Mondol |
| ០២០៨ | សង្កែ | Sangkae |
| ០២០៩ | សំឡូត | Samlout |
| ០២១០ | សំពៅលូន | Sampov Lun |
| ០២១១ | ភ្នំព្រឹក | Phnum Proek |
| ០២១២ | កំរៀង | Kamrieng |
| ០២១៣ | គាស់ក្រឡ | Koas Krala |
[កែប្រែ] វិស័យសេដ្ឋកិច្ច
ឆ្នាំ២០០៦ វិស័យសេដ្ឋកិច្ចនៅខេត្តបាត់ដំបងមានការរីកចំរើនគួរអោយគត់សំគាល់ ទាំងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ។
១-ការងារសេដ្ឋកិច្ច ការងារបង្កបង្កើនផលស្រូវ នារដូវវស្សាឆ្នាំ២០០៦នេះទឹកភ្លៀងអំណោយផលទៅដើមរដូវ និង ពាក់កណ្តាលរដូវធ្វើឱ្យការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំបានលើសផែនការដែលបានគ្រោងទុករហូតជាង ១០២,៥៣ភាគរយ។ នៅចុងរដូវជួបគ្រោះរាំងស្ងួតខ្លះ ធ្វើឱ្យខូចខាតដំណាំស្រូវអស់២៤៦ហិកតា។ ជាក់ស្តែងនៅរដូវវស្សានេះការដាំដុះស្រូវ សរុប ២៤៤.០១ហិកតាស្មើនិង ១០២,៥៣ភាគរយនៃផែនការ២៣៨.០០០ហិកតាក្នុងនោះការខូចខាតតិចជាងឆ្នាំទៅ ២៤៦ ហិកតា។ ឆ្នាំ២០០៦ ផ្ទៃដីស្រូវកើនឡើងជាងឆ្នាំ២០០៥ ចំនួន៨០០ ហិកតាការកើនឡើងនេះដោយសារកសិករ នាំគ្នារានដី ដែលបោះបង់ចោលពីមុន និងធ្វើនៅលើផ្ទៃដី ដែលទើបធ្វើការដោះមីនរួច។ តាមការប៉ាន់ស្មានទិន្នផល ស្រូវជាមធ្យម ២,២តោនក្នុង១ហិកតា។ មានបរិមាណផលសរុប ចំនួន៥៣៦.៨៣០,៨តោន និងគ្រោងអនុវត្តឆ្នាំ២០០៧ ស្រូវប្រាំងចំនួនជាង២០០០ហិកិតា ។ ការដាំដុះស្រូវសរុបចំនួន២៤៤.០១៤ ហិកតា មានស្រូវឡើងទឹក ១៧.១១៧ ហិកតា ស្រូវធ្ងន់ ចំនួន១១២.៨៣៤ហិកតា ក្នុងនោះស្រូវសន្ទូង៨០៤២ ហិកតា ស្រូវកណ្តាល ៧២.៣៧៥ហិកតា ក្នុងនោះស្រូវសន្ទូង៨៩៣៤ហិកតាស្រូវស្រាលសរុប ៣៩.៣៥៧ហិកតាក្នុងនោះសន្ទូង៣១៨៦ ហិកតា ស្រូវអ៊ីអ៊ែរ ៣៥១១ហិកតាក្នុងនោះសន្ទូង ៣៤ហិកតាស្រូវបង្កើនរដូវ ៣៤៧៩ហិកតា ស្រូវបុកដាំ ២៣៣១ហិកតា។
២-ក្រៅពីដំណាំស្រូវមានដំណាំរួមផ្សំដែលអនុវត្តបាន៩៨.៣៤២ហិកតាស្មើនិង១៣៨,៧២ភាគរយនៃផែនការ៧០៨៩០ហិកតា ពោតសរុប៤២០១៨ហិកតាស្មើ៩៨,៣៨%ក្នុងនោះពោតក្រហម៤០៥៦៥ហិកតា ស្មើ១០០,៧៨%ដំឡូងមី១៨០២០ហិកតាស្មើ៦៧៧,៤៤% ដំឡូងជ្វា២៤២ហិកតាស្មើ ៣២,៧០% បន្លែគ្រប់មុខ១២៧៣ ហិកតាស្មើ ៤៨,៥៩%ក្នុងនោះម្ទេស៤៣៦ហិកតាស្មើ៨៧,២០%សណ្តែកសរុប៣៦.៧៨៩ហិកតាស្មើ១៦៦,០២%ក្នុងនោះសណ្តែក បាយ៣៦.៧៦០ហិកតាស្មើ ១៦៦,៦៤%
៣-ដំណាំឧស្សាហកម្មសរុប៥០.១៧៨ហិកតាស្មើ ៧៣,៦៧% សណ្តែកដី៤៥៨៩ហិកតាស្មើ៧២,៣៨%សណ្តែកសៀង៣៨.៩១៧ហិកតាស្មើ៧៨,៨១% ក្រចៅ ២៣៦ហិកតាស្មើ៦២,១១% អំពៅ៣៦៣ហិកតាស្មើ ៧១,១៨% ម្នាស់១៩០ហិកតាស្មើ៩៥% ល្ង៥៨៣០ហិកតាស្មើ៥១,៥៩%ល្មៀត៦៦ហិកតា ល្ហុងប្រេង៥៣ហិកតា ទំពាំងបាយជូ៣ហិកតាកៅស៊ូ ១៨៣ហិកតាការវាយតំលៃតុល្យភាព ស្បៀងស្រូវជំហានទី២សំរាប់ឆ្នាំ២០០៧សល់ពីការហូបចុក ទុកពូជ ចំណីសត្វ និងការបាត់បង់ នៅពេលប្រមូលផល សល់ស្បៀងចំនួនជិត ៣០០-០០០តោនសំរាប់លក់។ ក្រៅពីដំណាំស្រូវរដូវវស្សា-ដំណាំរួមផ្សំនិងដំណាំឧស្សាហកម្មនៅមានការចិញ្ចឹមសត្វ ការផលិតពូជស្រូវ ចំណីសត្វ៘ដើម្បីចូលរួមក្នុងការងារលើកស្ទួយកំរឹត ជីវភាពរបស់ប្រជាកសិករនៅតាមមូលដ្ឋានក្នុងខេត្ត និងដើម្បីអនុវត្តនូវ យុទ្ធសាស្ត្រ របស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលជំរុញឱ្យកសិករប្តូរទំលាប់ពី ការធ្វើស្រូវធ្ងន់ងាកមកធ្វើស្រូវស្រាល និង ស្រូវកណ្តាល ព្រមទាំងការធ្វើស្រូវប្រពល វប្បកម្មដំណាំស្រូវ តាមគោលការណ៍ ធម្មជាតិ ។ មន្ទីរជំនាញកសិកម្ម ព្រមទាំងមន្ត្រីការិយាល័យក្សេតសាស្ត្រ និង កែលំអដីកសិកម្មបានចុះជំរុញ និង ធ្វើការផ្សព្វផ្សាយ តាមបណ្តាមូល ដ្ឋានរបស់ប្រជាកសិករនូវការ អនុវត្តន៍ប្រពលវប្បកម្មដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ តាមរយៈការចាក់បញ្ជាំងវីដេអូ ស៊ីឌីព្រមទាំងផ្តល់ជូននូវខិតប័ណ្ណ និង សៀវភៅណែនាំស្តីពីប្រពលវប្បកម្មដំណាំស្រូវដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ ជាមួយគ្នានេះ មន្ទីរកសិកម្ម ក៏បានផ្តល់ជូន ដល់ប្រជាកសិករផងដែរនូវគ្រាប់ពូជស្រូវមានគុណភាពល្អដូចជាពូជ ផ្ការំដួលនិងសែនពិដោរ ដើម្បីយកទៅធ្វើបង្ហាញ តាមរយៈស្រែ របស់ពួកគាត់ផ្ទាល់ចំនួន២៥បង្ហាញដោយផ្តល់ពូជស្រូវ ពី ៣ ទៅ ៦ គីឡូក្រាម។ដោយឡែកគំរោងទុនវិនិយោគខេត្ត ភីធ បានធ្វើ ប-វ-ស ចំនួន២៧ បង្ហាញ ក្នុងមួយបង្ហាញផ្តល់ពូជស្រូវ ១៨គីឡូក្រាម។ ចាប់ពីខែកក្កដា រហូតដល់បច្ចុប្បន្ននេះមន្ទីរកសិកម្ម ខេត្តបានធ្វើស្រែបង្ហាញ ប-វ-ស ជាមួយសិករតាមបណ្តាភូមិ-ឃុំមួយចំនួន ក្នុងខេត្តបាត់ដំបង។ ស្រុកបាត់ដំបងធ្វើនៅឃុំវត្តគរ និង ឃុំអូម៉ាល់បានចំនួន ០,៥៨ហិកតា ស្រុកថ្មគោលអនុវត្តបាន ចំនួន៤ឃុំគឺឃុំតាប៉ុន ឃុំជ្រៃ ឃុំបឹងព្រីង ឃុំអូតាគីបាន ១,៤៨ហិកតា ស្រុកបានណន់អនុវត្តនៅឃុំចំនួន២គឺឃុំបាយដំរាំ និង ឃុំ តាគ្រាមបាន ០,៣២ហិកតា ស្រុកបវេលអនុវត្តបាន ៨បង្ហាញក្នុងឃុំចំនួន២គឺឃុំបវេលនិងឃុំខ្នាចរមាសបានចំនួន២,៥៦ ហិកតា ស្រុកមោងឫស្សីអនុវត្តបានស្រែបង្ហាញ ចំនួន២៩ ក្នុងឃុំចំនួន៣មានឃុំគារ ឃុំជ្រៃនិងឃុំមោងបានចំនួន១៨ហិកតា ស្រុកសង្កែ អនុវត្តបាន៤ បង្ហាញក្នុងឃុំ ចំនួន៣ មានឃុំតាប៉ុន ឃុំរាំងកេសី និងឃុំរការបានចំនួន ០,៨៨ហិកតា ស្រុកឯកភ្នំអនុវត្តបាន២បង្ហាញក្នុងឃុំចំនួន២ មានឃុំពាមឯក និងឃុំព្រែកនរិន្ទបាន ០,២២ហិកតា។ សរុបទាំងអស់ការធ្វើស្រែបង្ហាញបានចំនួន ៥២ បង្ហាញក្នុងឃុំចំនួន ២០នៃស្រុកចំនួន ៧ សំរេចបាន២៣,០៤ហិកតា។ ដើម្បីបង្កើននូវប្រសិទ្ធភាព លើការងារផ្សព្វផ្សាយ នូវ បច្ចេកទេស ប-វ-សនេះឱ្យកាន់តែប្រសើរថែមទៀតទៅតាមបណ្តាស្ថានីយកសិកម្ម យើងបានធ្វើស្រែបង្ហាញ នូវ បច្ចេកទេសនេះ ដោយអនុវត្តជារបៀប ផលិតពូជក្នុងស្ថានីយទាំង៤ បានចំនួន២,៥ហិកតា ដោយប្រើប្រាស់ពូជសែនពីដោរ និង ពូជ ផ្ការូដួលសំរាប់ធ្វើ ការបង្ហាញដល់ កសិករដែលនៅជុំវិញ និង ដល់ស្ថានីយនានា ដែលពាក់ព័ន្ធ។ ចំពោះការចិញ្ចឹមសត្វភាគច្រើន ចិញ្ចឹមជា លក្ខណៈ គ្រួសារ ការចិញ្ចឹមដែលមាន ទ្រងទ្រាយជាកសិដ្ឋាន មានចំនួនតិចតួចណាស់ ។ ជារៀងរាល់ឆ្នាំ មុនរដូវដាំដុះការិយាល័យបសុព្យាបាលបានរៀបចំវិធានការ ចុះចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងនៅគ្រប់ស្រុក។ តាមការសង្កេត ឃើញស្ថានភាព ជំងឺឆ្លងសត្វពាហនៈនៅតាមស្រុកខ្លះ ក្នុងខេត្ត និង មានងាប់តិចតួច។ ឆ្នាំនេះសត្វមាន់ ទាមានកើតជំងឺងាប់រាប់ពាន់ក្បាលនៅស្រុកមួយចំនួន តែមិនទាក់ទង និងជំងឺគ្រុនផ្តាសាយបក្សីទេ។ ឯការចិញ្ចឹមគោ ក្របី ជ្រូក មាន់ ទា មានការកើនឡើងជាងឆ្នាំ២០០៥។
-
- ឡូត៍នេសាទមានចំនួន ១២ឡូត៍ ក្នុងនោះគាត់ឱ្យអ្នកនេសាទ ជាលក្ខណៈគ្រួសារមានចំនួន៣ឡូត៍ និង ៩ឡូត៍ទៀតត្រូវបញ្ចប់កិច្ចសន្យានៅ ឆ្នាំ២០០៩។
- អាជីវកម្មនេសាទឧស្សាហកម្មសំរេចបាន៧.០១០តោនមានការកើនឡើងចំនួន១.៨១០តោន
- នេសាទគ្រួសារក្នុងដែននេសាទសរុបបាន១៨០០តោនមានការថយចុះ១៨០០តោន។ នេសាទគ្រួសារនៅតាមវាលស្រែសំរេចបាន៩៩០តោន
- សហគមន៍នេសាទ ៣៧សហគមន៍ មានសមាជិកជាង ៣០០នាក់ក្នុងមួយសមាគមន៍។
ចំពោះការងារជលផលនៅរដូវវស្សាឆ្នាំនេះយើងសង្កេតឃើញប្រភេទត្រី ដែលមានសេដ្ឋកិច្ច មួយចំនួនកើនឡើងជាប្រភេទត្រី រ៉ស់ ត្រីឆ្តោរ។ មូលហេតុកើនឡើងដោយសារ ក្រសួកកសិកម្ម ធ្វើការហាមឃាត់ ការចាប់កូនត្រីរ៉ស់-ត្រីឆ្តោរ ពីធម្មជាតិទៅចិញ្ចឹម។ក្នុងខែធ្នូ កន្លងមកនេះគេសង្កេតឃើញមានត្រីល្អិត ត្រីសំរាប់ធ្វើប្រហុកនៅតាមដងស្ទឹងសង្កែដែលភាគច្រើនជាត្រីស មាន៩០%-ជាត្រីរៀលមានប្រមាណរ៉ាប់ពាន់តោន។ តាមលទ្ធផលនេះគឺមានការកើនឡើងជាងឆ្នាំមុនៗ នេះបណ្តាលមកពីការទប់ស្កាត់បទល្មើសនេសាទបានជោគជ័យនៅរដូវបិទនេសាទ។[៤]
[កែប្រែ] វិស័យវប្បធម៌និងសាសនា
មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តបាត់ដំបង ជាអង្គភាពមួយបំរើការងារវប្បធម៌ និង ធ្វើអាជីវកម្មរកចំណូលបង់ ចូលរដ្ឋផង។មន្ទីរវប្បធម៌ និងវិចិស្រិល្បៈខេត្តគ្រប់គ្រងដឺកនាំការិយាល័យចំណុះផ្ទាល់ចំនួន៦ និង ការិយាល័យវប្បធម៌និងវិចិត្រ ស្រុកទាំង១៣។
១-ការងារវប្បធម៌និងស្តារទំនៀមទំលាបប្រ់ពៃណី
ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវទំនៀមទំលាប់ប្រពៃណីដូចជា
-
- ការប្រារឰពិធីបុណ្យជាតិនិងបុណ្យប្រពៃណី-ល្បែងប្រជាប្រិយនិងសំលៀកបំពាក់ក្នុងពិធីបុណ្យផ្សេងៗ។
- ចូលរួមពិព័រណ៍តាំងបង្ហាញមុខម្ហូបអាហារ និងបង្អែមខ្មែរនៅកន្លែងនាគបាញ់ទឺកមុខដើមពោធិព្រឹក្ស។
- បានរៀបចំលេងល្បែងប្រជាប្រិយនៅ រមណីយដ្ឋានភ្នំសំពៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។
- បានចូលរួមប្រណាំងទូកនៅខេត្តក្នុងឱកាសចេញព្រះវស្សា
- បានចូលរួមមហោស្រពខ្លែងខ្មែរ លើកទី២០ឆ្នាំ២០០៦ទូទាំងព្រះរាជាណាចក្រកម្ពុជានៅខេត្តសៀមរាប។
- ចុះស្រាវជ្រាវលើគ្រប់វិស័យវប្បធម៌-ទេសចរណ៍-កសិកម្មលើភូមិ៣ក្នុងឃុំវត្តគរស្រុក-ខេត្តបាត់ដំបង
- ទប់ស្កាត់ការលួចបញ្ចាំងវីដេអូអាសអាភាស
- ចុះស្រង់ស្ថិតិបណ្ណាល័យនៅតាមសាលារៀនគ្រប់កំរិតនិងតាមវត្តអរាម
- ចុះស្រង់ស្ថិតិផ្ទះសំអាងការ-ថតរូប-បណ្ណាគារ-បោះពុម្ពនិងណែនាំឱ្យទៅធ្វើច្បាប់អាជីវកម្ម
- បណ្ណាល័យខេត្តបើកទ្វារជូនសាធារណះជនចូលអានសៀវភៅជារៀងរាល់ថ្ងៃធ្វើការ
- មណ្ឌលពិព័រណ៍រូបភាពបើកទ្វារជូនភ្ញៀវទស្សនារៀងរាល់ម៉ោងធ្វើការ
- បានសហការជាមួយអង្គការគ្រួសារថ្មីតាំងពិព័រណ៍ផ្សេងៗ
២-ការងារបេតិកភណ្ឌ័និងថែរក្សាសម្បត្តិវប្បធម៌ជាតិ
-
- បានសហការជាមួយស្ថាបន័ពាក់ពន្ធ័ និងសមត្ថកិច្ចចុះទប់ស្កាត់ជនទុច្ចរិត ដែលលួចជីកគាស់កកាយរាវរកវត្ថុបុរាណ
- ចូលរួមប្រជុំដោះស្រាយការរំលោភយក ដីប្រាសាទត្រីកោណឬប្រាសាទបវេលនៅស្រុកបវេល
- ចុះធ្វើការការពារ ទួលប្រាសាទទួលបុរាណដែលមានការប៉ះពាល់ពី សុរិយោដីខេត្តក្នុងការវាស់វែងធ្វើបណ្ណ័
- កម្មសិទ្ធជូនប្រជាពលរដ្ឋ។
- ចុះពិនិត្យមើលគ្រប់ប្រាសាទទាំងអស់ក្នុងខេត្ត ហើយបានកាប់ឆ្ការព្រៃសំអាតជុំវិញបរិវេណប្រាសាទទាំង៥ គឺ
- ប្រាសាទបាសែត ប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទស្នឹងលិច និងប្រាសាទស្នឹងកើតសំរាប់ភ្ញ៉ៀវ
- ទេសចរណ៍រៀងរាល់ថ្ងៃ។
- បានបន្តធ្វើការផ្សព្វផ្សាយដល់ប្រជាជន និងដល់ចៅអធិការអាចារ្យគណៈកម្មការវត្តនូវច្បាប់ស្តីពីកិច្ច
- ការពារបេតិកភណ្ឌ័វប្បធម៌ និងសារាចរណែនាំស្តីពីការប្រមូលវត្ថុបុរាណ ពីកន្លែងដែលគ្មានសុវត្ថិភាពនៅ
- រាយប៉ាយតាមព្រៃនិងតាមប្រាសាទនានាមករក្សាទុកនៅក្នុងសារមន្ទីរ
- បានប្រមូលវត្ថុបុរាណជា ថ្មចម្លាក់ជាភាជន៍និងវត្ថុផ្សេងៗទៀត បានចំនួន៧១ដុំមករក្សាទុកក្នុងសារមន្ទីរខេត្ត
- សារមន្ទីរខេត្តបានបើកទ្វារជូនសាធារណៈជនភ្ញ៉ៀវជាតិ អន្តរជាតិចូលទស្សនារៀងរាល់ថ្ងៃធ្វើការ
៣-ការងារសិល្បះសូនរូប- សិប្បកម្ម
-
- មានសិប្បកម្មចម្លាក់ផ្ទះលក់វត្ថុសិប្បកម្ម និងវត្តុអនុស្សាវរីយ៍វិចិត្រកម្មគំនូរហើយបានអញ្ជើញអាជីវករ
- ដែលប្រកបរបរអាជីវកម្មនេះ មកធ្វើការណែនាំពីការធ្វើច្បាប់អាជីវកម្មលើមុខរបរ។
- អាជីវករលក់ដូរស៊ីឌី វីស៊ីឌី បានជ្រួតជ្រាបកាន់តែច្បាស់ពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។
- ការងារសិល្បអាជីព ខេត្តនៅក្នុងឆ្នាំ២០០៦នេះមានការរីកចំរើនប្រសើរទ្បើង។
- បានរៀបចំធ្វើច្បាប់លើការងារអភិវឌ្ឍន៍វប្បធម៌ និងការងារសិល្បះសូនរូបសិប្បកម្ម។
- ទោះបីសិល្បមហាជននៅមានសេសសល់តិចតួចយើង នៅតែរក្សាបាននូវប្រភេទសិល្បះមហាជនមួយចំនួន
- នៅតាមមូលដ្ឋានភូមិ-ឃុំដែលជាទុនមួយសំរាប់ការអភិវឌ្ឍន៍នៅថ្ងៃមុខ។
៤ -ការងារសិល្បះនិងទស្សនីយភាព
ក-សិល្បៈទស្សនីយភាព
-
- សិល្បករ និងសិល្បការនី បច្ចេកទេស មួយចំនួនបានចុះទៅបង្ហាត់របាំ និងល្ខោនខ្លីៗ ។
- ចុះស្រាវជ្រាវប្រវត្តិកន្ទ្រឺមមីន នៅភូមិចំការសំរោងឃុំចំការសំរោងស្រុក-ខេត្តបាត់ដំបង និងនៅឃុំចម្លងគួយស្រុកសំទ្បូត។
- ចុះពិនិត្យរបាំដូរតន្ត្រីបុរាណនៅវិហារព្រះគ្រឺស្តសាសនានៅភូមិតាហែន ឃុំរការស្រុកសង្កែ ខេត្តបាត់ដំបង
- បានតម្លើងរបាំថ្មីបាន២របាំគឹរបាំឆៃយ៉ាំនិងរបាំងកន្ទ្រឺមមីង
- បានសំដែងរបាំត្រុដិដើម្បីអបអរក្នុង ពិធីបុណ្យចូលឆ្នាំថ្មីតាមបណ្តាមន្ទីរនានាជុំវិញខេត្តនៅតាមរមណីយដ្ឋាន និងតាមវិទ្យាស្ថានសិក្សានានាក្នុងខេត្ត។
ខ-សិល្បៈមហាជន
-
- វិស័យសិល្បមហាជនមានសកម្មភាពផុលផុសតាំងពីប្រជាជន រហូត ដល់សិស្សានុសិស្ស និង បណ្តាអង្គការ ក្រៅរដ្ឋាភិបាល។
- នៅឆ្នាំ២០០៦នេះកម្មវិធីសិលាប្រចាំខេត្តបាត់ដំបង បានជួយឧបត្ថម្ភថវិកាសំរាប់បណ្តុះបណ្តាលបង្កើត ក្រុមភ្លេងពិណពាទ្យ ១ក្រុមចំនួន១២នាក់ រយះពេល៩០ថ្ងៃ សំរាប់ឃុំតាសាញស្រុកសំទ្បូត។
៦-ផែនការសំរាប់ឆ្នាំ២០០៧
-
- ប្រទ្បងមហោស្រពចំរៀងសម័យ និង បុរាណទូទាំងខេត្ត
- ប្រគុំតន្ត្រីលេងល្បែងប្រជាប្រិយពេលចូលឆ្នាំប្រពៃណីជាតិ
- ស្រាវជ្រាវរបាំនិងហ្វឺកហាត់យីកេនិងល្ខោនបាសាក់
- ចុះពិនិត្យការផលិតសិល្បៈសូនរូបនិងសិប្បកម្មទូទាំងខេត្ត
- ផ្សព្វផ្សាយទប់ស្កាត់ផ្នែកភាពយន្តវីដេអូអាសអាភាស និងស្រាវជ្រាវទួលបុរាណ
- ធ្វើប្លង់កំណត់តំបន់ប្រាសាទទាំង៤
- ធ្វើសាលាកបត្រ័វត្ថុបុរាណក្នុង សារមន្ទីរខេត្តនិងអតីតសារមន្ទីរជាតិវត្តពោធិវាល
- ចុះប្រមូលវត្ថុបុរាណតាមវត្តទូទាំងខេត្ត
- បណ្តុះបណ្តាលបង្កើតភ្លេងពិណពាទ្យ១វង់ ក្នុងឃុំឆ្នាល់មាន់ស្រុកគាស់ក្រទ្ប
- ជួសជុលមណ្ឌលពិព័រណ៍រូបភាព
- រៀបចំសំដែងសិល្បៈក្នុងពិធីចំរើនព្រះជនព្រះមហាក្សត្រ
- សុំក្របខណ្ឌ័មន្ត្រីជំនាញ ល្ខោនបាសាក់របាំបុរាណយីកេ សិល្បៈសូនរូបសិប្បកម្មបុរាណវិទ្យាបុគ្គលិកអណ្តែត
៧-វត្តអារាមនិងសាសនា
ក្នុងខេត្តមានវត្តអារាមដែលជា ទីសក្ការះបូជានៃព្រះពុទ្ធសាសនាមានចំនួន៣០៧វត្ត ក្នុងនោះមានវត្តធម្មយុត៉្តិ ចំនួន១៣មានព្រះសង្ឃសរុប ៥១៦៩អង្គ និងព្រះវិហារសាសនា ដទៃទៀត ដែលគួរចាប់អារម្មណ៍។ជាពិសេសគឹ វត្ថុបុរាណខ្មែរ ជាច្រើនពោរពេញទៅដោយក្បាច់រចនានៃ វប្បធម៌ខ្មែរ។វត្តអារាមមិនត្រឺមតែជាកន្លែង ប្រណិប័តជំនឿសាសនាប៉ុណ្ណោះទេប៉ុន្តែ គឹជាកន្លែងសំរាប់ការសិក្សារៀនសូត្រ របស់កុលបុត្រខ្មែរផងដែរ។ក្នុងនោះមាន ៖
-
- សាលាធម្មវិន័យចំនួន៨៨សាលា១១៥ថ្នាក់
- សាលាពុទ្ធិកបឋមសិក្សាចំនួន៣៧សាលា៤៥ថ្នាក់
- សាលាពុទ្ធិកវិទ្យាល័យចំនួន១សាលា
- សាលាពុទ្ធិកមធ្យមទុតិយភូមិមាន៣ថ្នាក់
ដោយទ្បែកអាស្រមមាន២៩សាលាឆទាន ៥០រោងឧបោសថ៥១មណ្ឌលវិបស្សនាធុរះ៤។ នៅក្នុងឆ្នាំ២០០៦នេះបានធ្វើការកែសំរួលមន្ត្រីសង្ឃបាន៣វត្ត ហើយជួយបង្កលក្ខណះដល់វត្តអារាមនានាកសាងវត្ត អោយមានសោភណ័ភាពល្អដែលអាចមានដូចជាវត្តកំផែងវត្តសំរោង ក្នុងវត្តឯកភ្នំវត្តភ្នំសំពៅជាដើមត្រូវបាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាច្រើន។ ក្រៅពីព្រះពុទ្ធសាសនាមានសាសនាផ្សេងៗទៀត ៖
-
- អ៊ីស្លាមសាសនា= មានវិហារចំនួន៧ស៊ូរ៉ាវ១១
- គ្រឺស្តសាសនា = មាន២៤ក្រុមជំនុំសាសនាបាហាយមានព្រះវិហារ១
- សាសនាម៉ីលិក = មានវិហារ២សាសនាព្រះនាងគង់ស៊ីអ៊ីមមានព្រះវហារ១ [៥]
[កែប្រែ] មធ្យោបាយធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង
- ១. ពីសៀមរាបទៅកាន់បាត់ដំបង
- ការធ្វើដំណើរតាមផ្លូវទឹក : ពីសៀមរាបទៅបាត់ដំបង គឺធ្វើការចេញដំណើរទៅមកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧:០០ ព្រឹក ក្នុងតំលៃ ៧ ដុល្លា ទៅ ១៥ ដុល្លាអាមេរិច ក្នុងម្នាក់ ។ ការធ្វើដំណើរត្រូវចំណាយពេលពី ៣ ទៅ ៤ ម៉ោង ដោយធ្វើដំណើរឆ្លងកាត់តាមបឹងទន្លេសាប និងស្ទឹងសង្កែ សំរាប់ការធ្វើដំណើរនៅរដូវវស្សា ប៉ុន្តែការធ្វើដំណើរនៅរដូវប្រាំងវិញគឺត្រូវចំណាយពេលយូរជាង នេះពីព្រោះនៅរដូវប្រាំងទឹកគឺមានគំពស់ទាប ហើយការធ្វើដំណើរ អាចនិងមានការលំបាកច្រើន ដូចនេះអ្នកគូរតែមើលពីស្ថានភាពមុននិងធ្វើដំណើរ ។
- ការធ្វើដំណើរតាមផ្លូវគោគ : ការធ្វើដំណើរតាមផ្លូវគោគពីសៀមរាបទៅកាន់បាត់ដំបងគឺត្រូវ ធ្វើដំណើរតាមផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៥ ដោយឆ្លងកាត់តាម ស្វាយស៊ីសុផុន ។ លោកអ្នកត្រូវចំណាយពេលយូរបន្តិចសំរាប់ការធ្វើដំណើរពីសៀមរាបទៅស្វាយស៊ីសុផុន ព្រោះសភាពផ្លូវហាក់ដូចជាមានការលំបាក់បន្តិច ប៉ុន្តែចាប់ពីស្វាយស៊ីសុផុនទៅបាត់ដំបងគឺមានលក្ខណៈល្អប្រសើ ឡើងវិញ ។ ការធ្វើដំណើរតាមរថយន្តតាក់ស៊ីលក្ខណៈផ្ទាល់ខ្លូនគឺមានតំលៃចាប់ ពី ៣០ដុល្លា ទៅ ៤០ ដុល្លាអាមេរិចនិងប្រើពេលពី ៣ ទៅ ៥ ម៉ោង ។
- ២. ភ្នំពេញទៅបាត់ដំបង
- ការធ្វើដំណើរតាមផ្លូវគោគ : ពីភ្នំពេញទៅបាត់ដំបង គឺមានចំងាយផ្លូវ ២៩១គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ ផ្លូវនេះ គឺក្រាលដោយកៅស៊ូដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ។
- ការធ្វើដំណើរតាមរថយន្តក្រុង : ការធ្វើដំណើរតាមរថយន្តក្រុងគឺមានក្រុមហ៊ុនជាច្រើនដែលបំរើសេវា កម្មនេះ ដូចជាក្រុមហ៊ុន នាគក្រហម រិទ្ធីមុន្នី ជីអេសធី កាពីតូល ភ្នំពេញសូរិយា ដែលចេញដំណើរជារៀងរាល់ថ្ងៃ ពីពេលព្រឹករហូតដល់ពេលថ្ងៃត្រង់ ដែលសំរាប់មនុស្សម្នាក់មានតំលៃចាប់ពី ៤ ដុល្លា ទៅ ៤.៥ ដុល្លាអាមេរិច ។ សំរាប់ការធ្វើដំណើរនេះត្រូវចំណាយពេលប្រហែលជា ៥ម៉ោង ។
- ការធ្វើដំណើរតាមតាក់ស៊ី : បើសិនជាលោកអ្នកចង់ជួលរថយន្តតាក់ស៊ីជិះជាលក្ខណៈផ្ទាល់ខ្លួន នោះ លោកអ្នកត្រូវចំណាយតំលែប្រហែលពី ៣០ ទៅ ៤០ ដុល្លាអាមេរិច ប៉ុន្តែបើសិនជាលោកអ្នកធ្វើដំណើរតាមរថយន្តតាក់ស៊ីដែលមានលក្ខ ណៈជាក្រុមនោះលោកអ្នកគ្រាន់តែចំនាយ២៥.០០០ រៀលប៉ុណ្ណុះក្នុងម្នាក់ ការធ្វើដំណើរជាក្រុមនេះលោកអ្នកប្រហែលជាមិនសួវស្រួលក្នុង ការធ្វើដំណើរទេព្រោះលោកអ្នកត្រូវអង្គុយប្រជ្រៀតគ្នាបន្តិច ។
- ការធ្វើដំណើរតាមរថភ្លើង : ពីភ្នំពេញទៅបាត់ដំបងលោកអ្នកក៏អាចធ្វើដំណើរតាមរថភ្លើងបានដែរ ប៉ុន្តែរថភ្លើងគឺវាមានសភាពចាស់ ហើយក្នុងមួយសប្តាហ៍ចេញដំណើរតែមួយដងគត់ គឺនៅថ្ងៃសៅរិ៍ចេញដំណើរពីភ្នំពេញ ទៅបាត់ដំបង និងនៅថ្ងៃអាទិត្យពីបាត់ដំបងទៅភ្នំពេញវិញ ការធ្វើដំណើរតាមរថភ្លើងត្រូវចំណាយពេល ១២ ម៉ោងនិងមានតំលៃ ២២.០០០រៀលក្នុងម្នាក់។ [៦]
[កែប្រែ] តំបន់ទេសចរណ៍
ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំនោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានវិសាលភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៌បុរាណជាច្រើន។ ប្រាសាទបុរាណជាច្រើនស្ថាបនារាយប៉ាយលើភ្នំ លើទួល និងតំបន់លិចទឹក ទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។
[កែប្រែ] ប្រាសាទបាណន់
ប្រាសាទបាណន់ជារចនាបថកណ្តាលស.តទី ១១ និងចុងស.តទី ១២។ ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ ដល់១០៦៦) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១.១២១៩)។ ប្រាសាទបាណន់ត្រូវបានកសាងលើកំពូលភ្នំដែលមានកំពស់ប្រមាណជាង១០០ម ដោយមានកាំជណ្តើរចំនួន៣៥២កាំ ស្ថិតនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ,ម ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរគឺល្អាងព្រះទឹក និងល្អាងបិទមាស។ រមណីយដ្ឋានប្រាសាទបាណន់គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រផង និងជារមណីយដ្ឋានធម្មជាតិផង ពីព្រោះកសាងឡើងនៅលើកំពូលភ្នំប្រកបទៅដោយធម្មជាតិព្រៃព្រឹក្សាដ៏ស្រស់ត្រកាល ព្រមទាំងមានទឹកស្ទឹងសង្កែរួមជាមួយផង។ ភូមិសាស្ត្រ និង បរិស្ថានជុំវិញបានផ្តល់អំនោយផលបន្ថែមទៀតលើវិស័យទេសចរណ៍ ពីព្រោះសងខាងដងផ្លូវទៅកាន់រមនីយដ្ឋាននេះសំបូរទៅដោយភោគផលដំនាំកសិកម្មដូចជាស្រូវ ជាពិសេសចំការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា មានរសជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផលក្នុងមួយឆ្នាំ ២ ដង ហើយបានដឹកនាំទៅលក់តាមបណ្តាខេត្តនានានិងទីក្រុងភ្នំពេញផង។
[កែប្រែ] ប្រាសាទវត្តឯក ឬ ឯកភ្នំ
ប្រសាទវត្តឯក ឬ ឯកភ្នំ ជាស្ថាបត្យកម្មរចនាបទក្នុងស.តទី ១១ កសាងឡើងនៅក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ។ ប្រាសាទវត្តឯកមានទីតាំងនៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ចំងាយ ១៥ គ.ម ពីទីរួមខេត្ត។ នៅជុំវិញប្រាសាទមានគូទឹកមួយ សព្វថ្ងៃប្រាសាទនេះត្រូវបាក់បែកជាច្រើនអន្លើដោយមូលហេតុធម្មជាតិ និង ការជីកកកាយពីមនុស្ស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ប្រាសាទនេះនៅមានទ្រង់ទ្រាយល្អខ្លះគួរឱយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា។
[កែប្រែ] ប្រាសាទបាសែត
ប្រាសាទបាសែតត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ដែលមានទីតាំងលើទួលមួយចំងាយ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទបាសែត ជាស្ថាបត្យកម្មក្នុងស.វទី ១១ កសាងឡើងក្នុងចន្លោះឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។ នៅក្បែរប្រាសាទនេះមានស្រះទឹកបុរាណមួយរាងការេ ២០ម បួនជ្រុង ជំរៅ១២ម លក្ខណៈពិសេសរបស់ស្រះទឹកបុរាណនេះគឺមានទឹកខួបប្រាំង ខួបវស្សា។
[កែប្រែ] ប្រាសាទស្នឹង
ប្រាសាទស្នឹងស្ថិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ មានចំងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទស្នឹងកសាងអំពីឥដ្ឋនៅលើទួលមួយបណ្តោយ ៣០ម ទទឹង ២០ម។ តាមការសង្កេតមើល ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្តាប្រាសាទកសាងក្នុងសតរត្សទី ១២ ដែរ។ ប្រាសាទចំនួន ២ ស្ថិតនៅក្នុងបរិវេណរត្តស្នឹង និង មួយទៀតស្ថិតនៅពីមុខវត្ត នៅលើបណ្តោយផ្លូវជាតិលេខ ១០ ដែលជាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅក្រុងប៉ៃលិន។
[កែប្រែ] ភ្នំសំពៅ
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេសភ្ញៀវក្នុងស្រុក ក្នុងថ្ងៃសំរាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ១០ ខាងឆ្វេងដៃមានចំងាយ ១៣ គ.ម ពីទីរួមខេត្ត។ បើពិនិត្យឱយម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅ មានកំពស់ ១០០ ម មានកាំជណ្តើរជាង៧០០កាំ។ ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនាគឺ ល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ ។ នៅជុំវិញក្បែរភ្នំសំពៅ មានចង្កោមភ្នំផ្សេងៗទៀតដែលមានទំនាក់ទំនងជាមួយគ្នាក្នុងរឿងព្រេងខ្មែរ រាជកុល និង នាងរំសាយសក់ ដូចជាភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់។ល។ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។ ភំ្នសំពៅស្ថិតនៅក្នុងភូមិ-ឃុំភ្នំសំពៅ ស្រុកបាណន់។
[កែប្រែ] អាងកំពីងពួយ
អាងកំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យអំឡុងទស្សវត្សទី ៧០ ប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានពលីក្នុងការកសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន ១១០.០០០.០០០ ម៉ែតគូប នៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព តាមសេចក្តីត្រូវការក្នុងវិស័យកសិកម្ម។ អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យកសិកម្មតែមួយមុខប៉ុណ្ណោះទេ ជាពិសេសលើសពីនេះទៅទៀតបានផ្តល់ប្រយោជន៍យ៉ាងសំខាន់បំរើឱយវិស័យទេសចរណ៍ គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយកខ្យល់អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចំការនិងនេសាទត្រី។
[កែប្រែ] សេកសក
សេកសកគឺជារមណីយដ្ឋានធម្មជាតិមួយ ស្ថិតនៅចំងាយ៥៦ គ.ម ពីទីរួមខេត្ត ក្នុងភូមិសាស្រ្តភូមិផ្លូវមាស ស្រុករតនៈមណ្ឌល លើកំនាត់ផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ មានទឹកហូរថ្លាឆ្វង់ហូរកាត់ដោយដុំសិលារដិបរដុបគួរជាទីមនោរម្យ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រឈៃ។ សកម្មភាពរស់នៅរបស់ប្រជាជននៅក្បែរតំបន់នេះគឺពឹងទៅលើការធ្វើស្រែចំការ។ ដំនាំទាំងអស់នេះគឺ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។
[កែប្រែ] ស្ទឹងចំលងគួយ
រមនីយដ្ឋានស្ទឹងចំលងគួយ គឺជារមនីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យ ស្រុកសំឡូត មានចំងាយ ៨២គ.ម ពីទីរួមខេត្តបាត់ដំបង។ ស្ទឹងចំលងគួយ ជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែរ មានទេសភាពគួរជាទីត្រេកត្រអាល មានទឹកថ្លាឆ្វង់ហូរកាត់ថ្មដាធំៗ នៅមាត់ស្ទឹងមានដើមឈើធំៗម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានទៅកំសាន្តទីនោះ។ ភូមិសាស្ត្រនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជាក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្បែរតំបន់នេះ ភាគច្រើនប្រកបរបរធ្វើស្រែចំការ។
[កែប្រែ] បន្ទាយសត្វ
បន្ទាយសត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទរស់នៅ ស្ថិតនៅក្នុងភូមិកោះជីរាំង ឃុំកោះជីរាំង ស្រុកឯកភ្នំ មានចំងាយ ១០៥ គ.ម ពីទីរួមខេត្តបាត់ដំបង។ បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាប គឺគេអាចទៅទស្សនាបានដោយធ្វើដំនើរតាមផ្លូវទឹកមានកាណូតទូកជាដើម នៅរដូវវស្សាតាមដងស្ទឹងសង្កែ។
[កែប្រែ] រមណីដ្ឋានធម្មជាតិខេត្តបាត់ដំបង
[កែប្រែ] រមណីយដ្ឋានសេកសក
សេកសក គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយស្ថិតនៅចំងាយ ៥៦គីឡូម៉ែត្រពីទីរួមខេត្តក្នុងភូមិសាស្រ្ត ភូមិផ្លូវមាស ស្រុករតនៈមណ្ឌុលលើកំណាត់ផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០ មានទឹកហូរ ថ្លាឆ្វង់ ហូរកាត់ប្រកប ដោយដុំលិលា រដិបរដុបគួជាទីមនោរម្យ ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រ ឈៃ ។ សកម្មភាពរស់នៅប្រកបរបរកស៊ីរបស់ប្រជាជននៅក្បែរតំបន់នេះគឺ ពឹងទៅលើការធ្វើស្រែចំការ ។ ដំណាំទាំងអស់នេះគឺសណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។
[កែប្រែ] រមណីយដ្ឋានពពុះពេជ្រចិន្តា
ពិចចិន្តា គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយ ដែលមានចំងាយប្រមាណ ៤៤ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងតាមបណ្តោយផ្លូវជាតិលេខ១០ ទៅប៉ែលិនដែលមានទីតាំងស្ថិតនៅភូមិត្រឹង ឃុំត្រឹង ស្រុករតនមណ្ឌល ។
[កែប្រែ] រមណីយដ្ឋានស្ទឹងចំលងគួយ
រមណីយ ដ្ឋានស្ទឹងចំលងគួយ គឺជារមណី
