គណបក្សកុម្មុយនិស្តឥណ្ឌូចិន
គណបក្សកុម្មុយនិស្តឥណ្ឌូចិន Parti Communiste Indochinois Đảng Cộng sản Đông Dương 印度支那共產黨 ອິນດູຈີນພັກກອມມູນິດ | |
---|---|
ស្ថាបនិក | ហូ ជីមិញ |
បង្កើត | ៣ កុម្ភៈ ១៩៣០ |
រំលាយ | ១១ វិច្ឆិកា ១៩៤៥ |
បក្សស្នង | ប.ក.វ, ប.ក.ក និង ប.ប.ប.ល |
មនោគមវិជ្ជា | លទ្ធិកុម្មុយនិស្ត ម៉ាក្ស-លេនីននិយម ប្រឆាំងអាណានិគមនិយម |
គោលជំហរនយោបាយ | ឆ្វេងនិយម |
ទំនាក់ទំនងអន្តរជាតិ | Comintern |
ពណ៌ផ្លូវការ | ក្រហម |
នយោបាយនៅវៀតណាម គណបក្សនយោបាយ ការបោះឆ្នោត |
គណបក្សកុម្មុយនិស្តឥណ្ឌូចិន (បារាំង: Parti Communiste Indochinois, វៀតណាម:Đảng Cộng sản Đông Dương, លាវ:ອິນດູຈີນພັກກອມມູນິດ) គឺជាគណបក្សនយោបាយស្នងឱ្យគណបក្សកុម្មុយនិស្តវៀតណាមចាស់នៅខែតុលា ឆ្នាំ១៩៣០។ គណបក្សនេះត្រូវបានរំលាយទៅវិញនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥។
ប្រវត្តិដើម
[កែប្រែ]បក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដោយបង្រួបបង្រួមគណបក្សកុម្មុយនិស្តនៃឥណ្ឌូចិន (បក្សកុម្មុយនិស្តនៅតុងកឹង) និងបក្សកុម្មុយនិស្តអាណ្ណាម (នៅកូសាំងស៊ីន) រួមគ្នា។ ក្រោយមកក្រុមសម្ព័ន្ធកុម្មុយនិស្តឥណ្ឌូចិន (នៅអាណ្ណាម) ក៏បានសម្រេចចុះចូលជាមួយបក្សកុម្មុយនិស្តវៀតណាមរួមថ្មី។ ប៉ុន្តែ Comintern បានប្រកែកថាចលនាកុម្មុយនិស្តគួរតែមាននៅក្នុងឥណ្ឌូចិនទាំងមូល (ពោលគឺកម្ពុជា លាវ និងវៀតណាម) ជាជាងមានតែនៅក្នុងប្រទេសវៀតណាម ដូច្នេះហើយ Comintern ក៏បានជំរុញឱ្យ"បក្សកុម្មុយនិស្តវៀតណាម"ផ្លាស់ឈ្មោះមក"បក្សកុម្មុយនិស្តឥណ្ឌូចិន"។[១]
សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា
[កែប្រែ]សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា គឺជាចលនាតស៊ូគាំទ្រវៀតមិញរបស់ប្រជាជនវៀតណាមនៅប្រទេសកម្ពុជា។ អង្គការនេះបានផុសចេញពីខ្សែនៃគណៈកម្មាធិការបដិវត្តដែលបានបង្កើតឡើងដោយបណ្តាប្រជាជនវៀតណាមនៅតាមតំបន់ព្រំដែននៃប្រទេសកម្ពុជារហូតដល់ចុងឆ្នាំ១៩៤៦។[២] អង្គការនេះបានចែកចេញជាក្រុមតូចៗនៅតាមខេត្តតាកែវ ខេត្តព្រៃវែង និងភាគខាងត្បូងនៃខេត្តកណ្តាល។[២] សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា បានបង្កើតឡើងជាអង្គការជួរមុខរបស់បក្សកុម្មុយនិស្តឥណ្ឌូចិនក្នុងខែមីនា ឆ្នាំ១៩៤៧, ដោយមានការចូលរួមពីគណៈកម្មាធិការក្នុងស្រុកជាច្រើន។[២][៣] មានឯកសារមួយក្នុងចំណោមឯកសារប្រវត្តិសាស្រ្តដំបូងៗរបស់វៀតមិញដែលថតបានដោយបារាំងនៅកម្ពុជាបានចេញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៩។ ក្នុងឯកសារនោះបានបង្ហាញពីអត្ថិភាពនៃក្រុមសម្ព័ន្ធមួយនេះក៏ដូចជាការបង្ហាញលម្អិតៗនូវការស្នើសុំបង្កើតជាសម្ព័ន្ធភាពខ្មែរ-វៀតណាមប្រឆាំងនឹងអាណានិគមបារាំងផងដែរ។[៤][៥][៦]
ក្នុងឆ្នាំ១៩៥០, មានប្រភពមួយមកពីវៀតណាមបានបញ្ជាក់ថា អង្គការសម្ព័ន្ធនេះមានសមាជិកភាពរហូតដល់ទៅ ៥០,០០០ នាក់ឯណោះ។[៧]
ការបម្រែបម្រួលបក្ស
[កែប្រែ]នៅក្នុងសេចក្តីសម្រេចមួយរបស់បក្សកុម្មុយនិស្តវៀតណាមនៅខែតុលា ឆ្នាំ១៩៣០ បានឱ្យដឹងថាបក្សនេះបានរិះគន់បទបញ្ញត្តិនិងឈ្មោះបក្សរបស់ខ្លួនដោយលើកឡើងនូវដំណោះស្រាយមួយគឺ"នៅពេលដែលដាក់ឈ្មោះបក្សថា'បក្សកុម្មុយនិស្តវៀតណាម'នេះបានបញ្ជាក់ថាប្រទេសកម្ពុជានិងឡាវគឺមិនជាប់ពាក់ព័ន្ធអ្វីជាមួយនោះទេ។ បើមិនរាប់បញ្ចូលប្រទេសទាំងពីរចូលជាមួយ វាហាក់ដូចជាមិនត្រឹមត្រូវព្រោះថាអាណ្ណាម កម្ពុជា និងឡាវគួរតែមានទំនាក់ទំនងជិតស្និទនឹងគ្នាទាំងខាងផ្នែកនយោបាយនិងសេដ្ឋកិច្ចទោះបីមិនចែករំលែកភាសា ទំនៀមទម្លាប់ និងក្រមសីលធម៌ដូចគ្នាក៏ដោយ"។ ដូច្នេះហើយ "បក្សកុម្មុយនិស្តវៀតណាម"ក៏បានផ្លាស់ប្តូរឈ្មោះមក"គណបក្ស/បក្សកុម្មុយនិស្តឥណ្ឌូចិន"វិញ។[៨]
ក្រោយៗមក ប.ក.ឥ បានចេញសេចក្តីថ្លែងការណ៍ដើម្បីពន្យល់ពីមូលហេតុនៃការផ្លាស់ប្តូរឈ្មោះបក្ស។ ដោយការកត់សំគាល់ពីទំនាក់ទំនងប្រវត្តិសាស្រ្តរវាងវៀតណាម ឡាវ និងកម្ពុជា, ខិត្តប័ណ្ណមួយបានចុះផ្សាយពីតម្រូវការនៃសហភាពនៃប្រទេសទាំងបីដើម្បីផ្តួលរំលំរបបអាណានិគមបារាំងនៅឥណ្ឌូចិន។[៩]
គម្រោងសកម្មភាពបក្ស
[កែប្រែ]គម្រោងសកម្មភាពរបស់បក្សត្រូវបានចែកជា ១០ ចំណុចសំខាន់ៗ:[១០]
- ផ្តួលរំលំរបបចក្រពត្តិនិយមបារាំង របបសក្តិភូមិនៅវៀតណាម និងវណ្ណៈគហបតីភាពប្រតិកិរិយា
- ផ្តល់ឯករាជ្យឱ្យឥណ្ឌូចិន
- បង្កើតរដ្ឋាភិបាលដែលមានកម្មករ-កសិករ-ទាហាន ជាតំណាង
- រឹបអូសយកទ្រព្យសម្បត្តិធនាគារនិងសហគ្រាសផ្សេងៗដែលជាកម្មសិទ្ធិរបស់អ្នកចក្រពត្តិនិយម (មូលធនិក) រួចផ្ទេររបស់ទាំងអស់នោះទៅឱ្យរដ្ឋាភិបាលតំណាងកម្មករ កសិករ និងទាហាន
- រឹបអូសដីស្រែចម្ការនិងទ្រព្យសម្បត្តិទាំងអស់ដែលជាកម្មសិទ្ធិរបស់អ្នកចក្រពត្តិនិយមនិងពួកវណ្ណៈគហបតីហើយចែកចាយទ្រព្យទាំងនោះទៅឱ្យកសិករក្រីក្រ
- អនុវត្តការធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ
- លុបបំបាត់ចោលនូវការបង្ខំទិញប័ណ្ណបំណុលរដ្ឋាភិបាល ការបង់ពន្ធស្ទង់មតិ និងការយកថ្លៃពន្ធខ្ពស់ពីជនក្រីក្រ
- ផ្តល់នូវលទ្ធិប្រជាធិបតេយ្យសេរីដល់មហាជន
- ផ្តល់ការអប់រំដល់ប្រជាជនគ្រប់រូប (មិនថាក្រ ឫមាន)
- អបរំជាតិឱ្យយល់ដឹងពីសមភាពបុរសនិងស្រ្តី។
ការរំលាយបក្ស
[កែប្រែ]នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥, គណបក្សកុម្មុយនិស្តឥណ្ឌូចិនបានចេញសេចក្តីប្រកាសរំលាយបក្សខ្លួន។[១១] ក្រោយមកនៅឆ្នាំ១៩៥១, អតីតសមាជិកវៀតណាមនៃ គ.ក.ឥ ក៏បានទៅបង្កើតបក្សពលករវៀតណាម ចំណែកឯសមាជិកខ្មែរវិញបានទៅបង្កើតបក្សបដិវត្តន៍ប្រជាជនកម្ពុជា និងសមាជិកលាវបានទៅបង្កើតបក្សប្រជាជនឡាវ។
ឯកសារយោង
[កែប្រែ]- ↑ "ហូ-ជីមិញនិងចលនាកុម្មុយនិស្តរបស់លោក" Archived 16 April 2009 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ ២,០ ២,១ ២,២ Stephen J. Morris (1999). Why Vietnam Invaded Cambodia: Political Culture and the Causes of War. Stanford University Press. p. 33. ល.ស.ប.អ. 978-0-8047-3049-5. https://books.google.com/books?id=uEYKCGj6J0wC&pg=PA33.
- ↑ UQAM. COMMITTEE FOR EXTERNAL AFFAIRS (Ban Ngoại Vụ)
- ↑ T. Smith (1960-10-24). "The Winds of Change, May 1948-January 1950". Britain and the Origins of the Vietnam War: UK Policy in Indo-China, 1943-50. p. 109. ល.ស.ប.អ. 9781349535347. https://books.google.co.uk/books?id=6FV9DAAAQBAJ.
- ↑ Ben Kiernan (1981). "Origins of Khmer Communism". Southeast Asian Affairs: 161–180.
- ↑ Camille Scalabrino (1985). Cambodge: histoire et enjeux : 1945-1985. L'Harmattan. p. 83. ល.ស.ប.អ. 978-2-85802-671-5. https://books.google.com/books?id=VdccAAAAMAAJ.
- ↑ Kiernan, Ben. How Pol Pot Came to Power. London: Verso, 1985. p. 129-130
- ↑ "Án Nghị quyết của Trung ương toàn thể Đại hội nói về tình hình hiện tại ở Đông Dương và nhiệm vụ cần kíp của Đảng 10-1930". Archived 29 September 2011 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ "Truyền đơn giải thích việc đổi tên Đảng". Archived 29 September 2011 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ "Appeal Made on the Occasion of the Founding of the Indochinese Communist Party". Selected Writings of Ho Chi Minh (1920-1969). Marxists Internet Archive. Retrieved 2 February 2011.
- ↑ "Thông cáo Đảng Cộng sản Đông Dương tự ý giải tán, ngày 11-11-1945".