បក្សកុម្មុយនីស្តកម្ពុជា
បក្សកុម្មុយនីស្តកម្ពុជា Parti communiste du Kampuchéa | |
---|---|
ស្ថាបនិក | សឺន ង៉ុកមិញ ទូ សាមុត |
អង្គលេខាធិការបក្ស | ប៉ុល ពត |
លេខាធិការបក្សរង | នួន ជា |
បង្កើត | ២៨ មិថុនា ១៩៥១ |
រំលាយ | ៦ ធ្នូ ១៩៨១ |
ផ្ដាច់ចេញ | គណបក្សកុម្មុយនិស្តឥណ្ឌូចិន |
បក្សស្នង | គណបក្សកម្ពុជាប្រជាធិបតេយ្យ |
ស្លាបយុវជន | សម្ព័ន្ធយុវកុក |
មនោគមវិជ្ជា | កុម្មុយនីស្តនិយម |
គោលជំហរនយោបាយ | ឆ្វេងនិយម[៦][៧] |
ពណ៌ផ្លូវការ | ក្រហម |
ទង់គណបក្ស | |
នយោបាយនៅកម្ពុជា គណបក្សនយោបាយ ការបោះឆ្នោត |
បក្សកុម្មុយនីស្តកម្ពុជា (ហៅកាត់ថា ប.ក.ក.) ឬអាចហៅម្យ៉ាងទៀតថា បក្សកុម្មុយនីស្តខ្មែរ (ភាសាបារាំង៖ Parti communiste du Kampuchéa)[៨] គឺជាគណបក្សកុម្មុយនីស្តមួយនៅប្រទេសកម្ពុជា។ មេដឹកនាំបក្ស (ឬប្រធានបក្ស) គឺប៉ុល ពត ចំណែកឯអ្នកគាំទ្របក្សវិញគឺត្រូវបានគេស្គាល់ឈ្មោះជាទូទៅថាខ្មែរក្រហម។ បង្កើតឡើងដំបូងនៅឆ្នាំ១៩៥១ សមាជិកគណបក្សនេះត្រូវបានបែងចែកទៅជាបក្សពួកនិយមចិន និងនិយមសូវៀតនៅអំឡុងឆ្នាំ១៩៦២។ ប.ក.ក. បានចាត់ទុកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ជាកាលបរិច្ឆេទបង្កើតបក្សខ្លួនឡើងដោយកាលនុះមានឈ្មោះថា គណបក្សពលករកម្ពុជា (បារាំង៖ Parti ouvrier du Kampuchéa) ហើយដល់ឆ្នាំ១៩៦៦ ទើបបានប្តូរឈ្មោះមក"បក្សកុម្មុយនីស្ត"។[៤]
ក្រោយពីបានបង្កើតឡើងមក បក្សមួយនេះគឺបានដំណើរការជាគណបក្សនយោបាយសម្ងាត់ ហើយបានឡើងគ្រប់គ្រងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៥ និងប្តូរឈ្មោះប្រទេសមកកម្ពុជាប្រជាធិបតេយ្យ។ បក្សនេះត្រូវបាត់បង់អំណាចទៅវិញនៅក្នុងឆ្នាំ១៩៧៩ ដោយសារតែសមាជិកឆ្វេងនិយមរបស់ខ្លួនមួយចំនួនមិនពេញចិត្តទៅនឹងគោលនយោបាយរបស់ប៉ុល ពត និងដោយសារការចូលធ្វើអន្តរាគមន៍ឈ្លានពានពីកងកម្លាំងយោធាវៀតណាម ហើយជាលទ្ធផល របបសាធារណរដ្ឋប្រជាមានិតកម្ពុជាក៏លេចឡើង។ គណបក្សនេះត្រូវបានរំលាយចោលជាផ្លូវការនៅឆ្នាំ១៩៨១ ដោយមានគណបក្សកម្ពុជាប្រជាធិបតេយ្យជាគណបក្សស្នងបន្ត។
ប្រវត្តិ
[កែប្រែ]ការបង្កើត និងការបែងចែក
[កែប្រែ]គណបក្សកុម្មុយនីស្តកម្ពុជាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥១ នៅពេលដែលគណបក្សកុម្មុយនិស្តឥណ្ឌូចិន (គកឥ) បានបំបែកទៅជាគណបក្សកុម្មុយនីស្តផ្សេងៗគ្នាទៅក្នុងប្រទេសកម្ពុជា, ឡាវ និងវៀតណាម។ ការសម្រេចក្នុងការបង្កើតគណបក្សកុម្មុយនីស្តនៅក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងនៅឯសមាជ គកឥ ក្នុងឆ្នាំដដែរនោះ។ លោកសឺន ង៉ុកមិញត្រូវបានគេតែងតាងជាប្រធានស្តីទីគណបក្ស។ នៅក្នុងសមាជប្រជុំបក្សនេះ គេមិនបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈឹមបក្សទេប៉ុន្តែផ្ទុយទៅវិញគេបែរជាចាប់តាំងគណៈកម្មាធិការឃោសនា និងគណៈកម្មាធិការនិម្មិតកម្ម។[៩] នៅពេលរៀបចំធ្វើនិម្មិតកម្ម, គណបក្សមួយនេះមានឈ្មោះថាគណបក្សបដិវត្តន៍ប្រជាជនខ្មែរ (គបបខ)។ គកឥ នាពេលនោះបានកំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ហើយក្នុងអំឡុងពេលអត្ថិភាពដំបូងៗរបស់ គបបខ, បក្សនេះត្រូវបានគាំទ្រឥតឈប់ឈរពីបក្សកុម្មុយនីស្តវៀតណាម។ គបបខ បានពឹងផ្អែកលើជំនួយគាំទ្រពីបក្សកុម្មុយនីស្តវៀតណាមក្នុងការតស៊ូរួមគ្នាប្រឆាំងនឹងពួកអាណានិគមបារាំងតែប្រវត្តិសំខាន់ៗរបស់បក្សគឺចាប់ផ្តើមឡើងនៅឆ្នាំ១៩៦០ គឺជាវេលាដែលគណបក្សនេះបានចាប់ផ្តើមបោះជំហានបន្តិចម្តងៗឈានទៅរកការកាន់កាប់អំណាច។[១០]
យោងទៅតាមប្រវត្តិនៃគណបក្សនេះនៅក្នុងអត្ថបទកម្ពុជាប្រជាធិបតេយ្យ, ភាពបរាជ័យរបស់វៀតមិញក្នុងការចរចាពីតួនាទីនយោបាយរបស់ គបបខ នៅឯសមាជក្រុងហ្សឺណែវ ត្រូវបានចាត់ទុកជាការក្បត់ដោយចលនាកុម្មុយនីស្តកម្ពុជាដែលពេលនោះកំពុងកាន់កាប់តំបន់ជនបទមួយភាគធំដោយមានកងកម្លាំងយ៉ាងតិច ៥,០០០ នាក់។ ក្រោយពីកិច្ចប្រជុំសមាជនោះហើយ សមាជិកបក្ស គបបខ ប្រហែលជាង ១,០០០ នាក់រួមមានលោកសឺន ង៉ុកមិញបាននាំគ្នាធ្វើនិរទេសរត់ទៅវៀតណាមខាងជើង។ នៅចុងឆ្នាំ១៩៥៤ សមាជិកបក្សដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាបាននាំគ្នាទៅបង្កើតគណបក្សនយោបាយស្របច្បាប់មួយហៅថាក្រុមប្រជាជន ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ១៩៥៥ និងឆ្នាំ១៩៥៨។ ក្នុងការបោះឆ្នោតខែកញ្ញា ឆ្នាំ១៩៥៥ ក្រុមប្រជាជនបានទទួលសម្លេងគាំទ្រប្រមាណ ៤% ក៏ប៉ុន្តែមិនបានឈ្នះអាសនៈអ្វីនោះទេនៅក្នុងអង្គនីតិបញត្តិកម្ពុជា។ សមាជិកក្រុមប្រជាជនត្រូវរងនូវការរិះគុណដ៏អាក្រក់អាគ្រែងហើយត្រូវបានប្រកាស់ចាប់ខ្លួនព្រោះដោយសារតែក្រុមប្រជាជនជាគណបក្សនៅក្រៅវង្វង់អង្គការសង្គមរាស្រ្តនិយមរបស់ព្រះបាទនរោត្តម សីហនុ។ ការជិះជាន់របស់រដ្ឋាភិបាលបានរារាំងក្រុមប្រជាជនមិនឱ្យចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៦២ ហើយបានធ្វើឱ្យបក្សនេះក្លាយជាគណបក្សនយោបាយសម្ងាត់ (គ្មានសិទ្ធិចូលរួមឈរឈ្មោះបោះឆ្នោត)។ ការពិចារណាក្នុងការសម្រេចដាក់ពាក្យជ្រើសរើសអ្នកឈរឈ្មោះបោះឆ្នោតមិនត្រូវបានធ្វើឡើងនោះទេហើយពួកគេក៏សម្រេចប្តូរឈ្មោះបក្សមកគណបក្សពលករកម្ពុជា (គកក) វិញ។[១០] ព្រះបាទនរោត្តម សីហនុបានសម្តៅទៅលើពួកឆ្វេងនិយមក្នុងស្រុកថា"ខ្មែរក្រហម" ដែលក្រោមមកបានក្លាយជាឈ្មោះតំណាងឱ្យអ្នកគាំទ្រ បកក និងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។
ក្នុងអំឡុងពាក់កណ្តាលទស្សវត្តឆ្នាំ១៩៥០ គបបខ ត្រូវបានចែកទៅជាពីរក្រុមបក្សពួកដោយទីមួយគឺ"គណៈកម្មាធិការប្រជុំជន" (ដឹកនាំដោយទូ សាមុត) និងទីពីរគឺ"គណៈកម្មាធិការជនបទ" (ដឹកនាំដោយលោកសៀវ ហេង)។ និយាយជាទូទៅ ក្រុមបក្សពួកពីរនេះបានប្រកាន់យកខ្សែគំនិតបដិវត្តន៍ផ្ទុយពីគ្នា។ ខ្សែគំនិតរបស់ពួក"គណៈកម្មាធិការប្រជុំជន"ដែលគាំទ្រដោយវៀតណាមខាងជើងបានយល់ឃើញថា ដោយសារគុណសម្បត្តិនៃភាពជោគជ័យរបស់សម្តេចសីហនុក្នុងការដណ្តើមឯករាជ្យបានពីអាណានិគមបារាំងដែលធ្វើឱ្យទ្រង់ជាអ្នកដឹកនាំជាតិខ្មែរពិតប្រាកដ ហើយដោយសារអព្យាក្រឹតភាពរបស់ទ្រង់និងការមិនទុកចិត្តពីសហរដ្ឋអាមេរិកមកលើព្រះអង្គបានធ្វើឱ្យទ្រង់ក្លាយជាបុគ្គលដ៏សំខាន់មួយក្នុងចលនាតស៊ូរបស់ហាណូយ (កុម្មុយនីស្តវៀតណាម) ដើម្បី"រំដោះ"ប្រទេសវៀតណាមខាងត្បូងពីអាមេរិក។ បើខ្សែគំនិតរបស់ពួកគេ ទទួលបានជោគជ័យមែននោះ វាអាចនឹងបញ្ចុះបញ្ចូលព្រះអង្គឱ្យឃ្លាតឆ្ងាយពីនយោបាយស្លាបស្តាំ និងខិតជិតមកប្រកាន់នូវគោលនយោបាយស្លាបឆ្វេងវិញ។ ឯខ្សែគំនិតមួយទៀតគឺត្រូវបានគាំទ្រភាគច្រើនដោយក្រុមកម្មាភិបាលខេត្តដែលពួកគេបានស្គាល់ច្បាស់នូវភាពដ៏សែនលំបាកនៅតាមទីជនបទ និយាយឱ្យខ្លី ខ្សែគំនិតទីពីរនេះគឺ'គាំទ្រចលនាតស៊ូផ្តួលរលំរបប"សក្តិភូមិ"របស់សម្តេចសីហនុ'។ នៅក្នុងឆ្នាំ១៩៥៩ លោកសៀវ ហេងបានរត់ចោលក្រុមទៅចូលរួមជាមួយរាជរដ្ឋាភិបាលហើយផ្តល់នូវព័ត៌មានមួយចំនួនធំទៅឱ្យកម្លាំងសន្តិសុខជាតិដែលអនុញ្ញាតឱ្យពួកគេអាច'កំចាត់'បរិធានអង្ការបក្សនៅតាមជនបទប្រហែលអស់ជាង ៩០%។ ទោះបីជាបណ្តាញកុម្មុយនីស្តនៅភ្នំពេញនិងនៅតាមទីប្រជុំជនផ្សេងៗរបស់ទូ សាមុតមានភាពរីកចម្រើនល្អប្រសើរមែនក្តី ប៉ុន្តែអ្នកកុម្មុយនីស្តនិយមដែលនៅសេសសល់មានចំនួនប្រហែលតែពីរទៅបីរយនាក់ប៉ុណ្ណោះនៅអំឡុងឆ្នាំ១៩៦០។
ក្រុមនិស្សិតនៅប៉ារីស
[កែប្រែ]នៅអំឡុងទស្សវត្តឆ្នាំ១៩៥០ និស្សិតជនជាតិខ្មែរមួយចំនួននៅទីក្រុងប៉ារីសបានប្រមូលគ្នារៀបចំបង្កើតចលនាកុម្មុយនីស្តផ្ទាល់ខ្លួនដោយយកគំរូតាមបក្សកុម្មុយនីស្តបារាំង។ ក្នុងចំណោមសិស្សទាំងអស់នោះមានខ្លះបានត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីទទួលបញ្ជាការបរិធានអង្ការបក្សនៅអំឡុងទស្សវត្តទី៦០ ដោយអ្នកទាំងនោះបានដឹកនាំកុបកម្មដ៏មានប្រសឹទ្ធភាពប្រឆាំងនឹងសម្តេចសីហនុនិងលោកលន់ នល់ពីឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ១៩៧៥ ហើយក្រោយមកបានបង្កើតចេញជារបបកម្ពុជាប្រជាធិបតេយ្យ។
ប៉ុល-ពតបានក្លាយជាមេដឹកនាំចលនាកុម្មុយនីស្តខ្មែរនៅអំឡុងទស្សវត្តឆ្នាំ១៩៦០។ លោកបានកើតនៅក្នុងឆ្នាំ១៩២៨ (ប្រភពខ្លះបានអះអាងថាឆ្នាំ១៩២៥) នៅខេត្តកំពង់ធំ។ គាត់បានចូលរៀនក្នុងសាលាបច្ចេកទេសនៅរាជធានីភ្នំពេញហើយបានចេញទៅរៀនអេឡិចត្រូនិចវិទ្យុនៅឯទីក្រុងប៉ារីស ប្រទេសបារាំងក្នុងឆ្នាំ១៩៤៩។
សមាជិកម្នាក់ទៀតនៃក្រុមនិស្សិតទីក្រុងប៉ារីសគឺលោកអៀង សារី លោកមានសញ្ជាតិខ្មែរនិងចិនហើយកើតនៅឆ្នាំ១៩៣០ ក្នុងប្រទេសវៀតណាម (ភាគខាងត្បូង)។ លោកបានចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅឯទីក្រុងភ្នំពេញមុនពេលចាប់ផ្តើមរៀនវិជ្ជាជីវៈខាងពាណិជ្ជកម្មនិងនយោបាយនៅឯវិទ្យាស្ថានសិក្សានយោបាយទីក្រុងប៉ារីស (ឬអាចហៅជាភាសាអង់គ្លេសថា Science Po)។ លោកខៀវ សំផន ពេលនោះត្រូវបានគេចាត់ទុកថាជា"បញ្ញាវន្តដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់គាត់" លោកជំនាញខាងផ្នែកសេដ្ឋកិច្ចនិងនយោបាយក្នុងអំឡុងពេលកំពុងស្នាក់នៅទីក្រុងប៉ារីស។ បើនិយាយពីទេពកោសល្យ លោកត្រូវក្លាយជាគូប្រជែងនឹងលោកហ៊ូ យន់ (កើតក្នុងឆ្នាំ១៩៣០) យន់បានរៀនវិជ្ជាខាងផ្នែកសេដ្ឋកិច្ចនិងច្បាប់, លោកសុន សេន (កើតឆ្នាំ១៩៣០) រៀនផ្នែកអប់រំនិងអក្សរសាស្រ្ត និងលោកហ៊ូ នឹម (កើតឆ្នាំ១៩៣២) រៀនផ្នែកច្បាប់។
សមាជិកក្រុមនិស្សិតទីក្រុងប៉ារីសភាគច្រើនគឺមកពីគ្រួសារម្ចាស់ដីធ្លីនិងគ្រួសារមន្រ្តីរាជការ។ ក្រុមនិស្សិតប៉ារីសបីក្រុមបានបង្កើតចំណងជាមួយគ្នាដែលចំណងនេះនឹងត្រូវបានឆ្លងកាត់វេលាឆ្នាំនៃចលនាបដិវត្តន៍និងចលនាតស៊ូដ៏យូរ។ ប៉ុល-ពតត្រូវរៀបការជាមួយខៀវ ពណ្ណារី ហើយលោកអៀង សារីត្រូវបានរៀបការជាមួយខៀវ ធីរិទ្ធ (អាចហៅគាត់បានថាអៀង ធីរិទ្ធ), គេបានយល់ឃើញថានារីទាំងពីរអ្នកនេះត្រូវជាបងប្អូនរបស់លោកខៀវ សំផន។ ស្រ្តីទាំងពីរអ្នកខាងលើនេះក៏បានដើរតួនាទីយ៉ាងសំខាន់ដែរនៅក្នុងរបបប្រល័យពូជសាសន៌កម្ពុជាប្រជាធិបតេយ្យ។
នៅចន្លោះពីឆ្នាំ១៩៤៩ និងឆ្នាំ១៩៥១, ប៉ុលពត និងអៀង សារីបានចូលគាំទ្របក្សកុម្មុយនីស្តបារាំង។ នៅឆ្នាំ១៩៥១ អ្នកទាំងពីរបានធ្វើដំណើរទៅទីក្រុងប៊ែរឡាំងខាងកើតដើម្បីចូលរួមក្នុងទិវាយុវជនពិភពលោក។ បទពិសោធន៍ក្នុងការចូលរួមពិធីបុណ្យនេះត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរគំនិតមនោគមវិជ្ជារបស់ពួកគេ។ ការបានជួបជាមួយនឹងជនជាតិខ្មែរដែលពួកគេធ្លាប់ប្រយុទ្ធជាមួយនឹងវៀតមិញ បានធ្វើឱ្យប៉ុលពតនិងអៀង សារីយល់ឃើញថាមានតែការរៀបចំបង្កើតគណបក្សនយោបាយតឹងរឹង និងការត្រៀមខ្លួនសម្រាប់ចលនាតស៊ូប្រដាប់អាវុធទេទើបអាចនាំឱ្យមានបដិវត្តន៍ជោគជ័យកើតឡើងបាន។ ពួកគេបានធ្វើកំណែកែប្រែសមាគមនិស្សិតខ្មែរ (ភាសាអង់គ្លេស៖ Khmer Student's Association - KSA) ដែលមានសិស្សានុសិស្សខ្មែរយ៉ាងច្រើនប្រហែល ២០០ នាក់ជាសមាជិកទៅជាអង្គការគំនិតជាតិនិយមនិងគំនិតឆ្វេងនិយមមួយ។ មានអង្គការថ្មីមួយត្រូវបានបង្កើតឡើងជាសម្ងាត់ក្រោមឈ្មោះ KSA ដែលគេដាក់ឈ្មោះជាភាសាបារាំងថា Cercle Marxiste ឬប្រែថារង្វង់ម៉ាក្ស។ សមាគម KSA មានសមាជិកតែបីទៅប្រាំមួយនាក់តែប៉ុណ្ណោះដែលយល់ដឹងពីគោលដៅរបស់អង្គការខ្លួន ដោយសមាជិកទាំងប៉ុន្មានភាគច្រើនមិនសូវដឹងពីរចនាសម្ព័ន្ធនិងគោលដៅរបស់អង្គការនោះទេ។ នៅឆ្នាំ១៩៥២ លោកប៉ុលពត ហ៊ូ យន់ អៀង សារី និងពួកឆ្វេងនិយមដទៃទៀតត្រូវបានប្រជាជនខ្មែរដឹងឮស្ទើរគ្រប់គ្នាតាមរយៈការសរសេរលិខិតម្យ៉ាងផ្ញើរមកឱ្យសម្តេចសីហនុដោយរិះគុណព្រះអង្គថា"ព្រះអង្គជាមនុស្សល្ងង់ខ្លៅ និងមិនសូវដឹងអ្វីពីលទ្ធិប្រជាធិបតេយ្យនោះទេ"។ មួយឆ្នាំក្រោយមក អាជ្ញាធរបារាំងបានបិតសមាគម KSA ក៏ប៉ុន្តែលោកហ៊ូ យន់ និងខៀវ សំផនបានបង្កើតក្រុមនិស្សិតថ្មីមួយទៀតក្នុងឆ្នាំ១៩៥៦ ដែលមានឈ្មោះថាសហភាពនិស្សិតខ្មែរ។ ក្រុមថ្មីនេះត្រូវបានគ្រប់គ្រងដឹកនាំដោយអតីតសមាជិក Cercle Marxiste ដដែរ។
និក្ខេបបទបណ្ឌិតដែលបានសរសេរដោយលោកហ៊ូ យន់ និងខៀវ សំផននាពេលនោះបានបង្ហាញពីមូលដ្ឋានគ្រឹះមួយដែលក្រោយមកបានក្លាយជាគ្រឹះនៃគោលនយោបាយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកហ៊ូ យន់បាននិពន្ធរៀបរាប់ពីតួនាទីសំខាន់ៗរបស់ពួកកសិករក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងនិក្ខេបបទមួយរបស់លោកនាឆ្នាំ១៩៥៥ ដែលមានចំណងជើងថា "Les paysans cambodgiens et leurs perspectives de modernisation" (ភាសាខ្មែរ៖ កសិករខ្មែរនិងទស្សនវិស័យរបស់ពួកគេក្នុងការធ្វើទំនើបកម្ម) និក្ខេបបទនេះបានជំទាស់នឹងទស្សនៈជាទូទៅថា នគររូបនីយកម្មនិងឧស្សាហូបនីយកម្មគឺជាកត្តាចាំបាច់នៃការអភិវឌ្ឍន៍ប្រទេសជាតិ។ នៅក្នុងនិក្ខេបបទឆ្នាំ១៩៥៩ របស់លោកខៀវ សំផន ឈ្មោះសេដ្ឋកិច្ចកម្ពុជានិងការអភិវឌ្ឍឧស្សាហកម្ម បានរៀបរាប់ថា ប្រទេសកម្ពុជាត្រូវតែពឹងផ្អែកលើខ្លួនឯងនិងត្រូវតែបញ្ឈប់ភាពអាស្រ័យសេដ្ឋកិច្ចខ្លួនលើប្រទេសអភិវឌ្ឍ។ នៅក្នុងវណ្ណវង្សទូទៅ, កិច្ចការងាររបស់លោកខៀវ សំផនបានឆ្លុះបញ្ចាំងពីឥទ្ធិពលនៃវិស័យ"ទ្រឹស្តីអនិស្សរភាព" ដែលបានចោទថា កង្វះនៃការអភិវឌ្ឍន៍នៅតាមប្រទេសលោកទីបីគឺបណ្តាលមកពី ការពឹងផ្អែកទៅលើវិស័យឧស្សាហកម្មដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។
អទិភាពសម្ងាត់នៅទីក្រុងភ្នំពេញ
[កែប្រែ]បន្ទាប់ពីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៣, ប៉ុល ពតបានសម្រេចចុះចូលជាមួយចលនាកុម្មុយនីស្តភ្លាមៗ។ ដំបូង គាត់បានចូលទៅក្នុងកងកម្លាំងដែលជាប់សម្ព័ន្ធមិត្តជាមួយកងកម្លាំងវៀតមិញដែលកំពុងធ្វើប្រតិបត្តិការនៅតាមទីជនបទក្នុងខេត្តកំពង់ចាម។ បន្ទាប់ពីបញ្ចប់សង្គ្រាមប៉ះបោរជាមួយបារាំង គាត់បានធ្វើដំណើរមកក្រុងភ្នំពេញហើយចូលជាមួយ"គណៈកម្មាធិការប្រជុំជន"ដែលដឹកនាំដោយទូ សាមុត នៅទីនោះហើយដែលប៉ុល-ពតបានឡើងឋានៈក្លាយជាបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងគណបក្សឆ្វេងនិយមនិងចលនាកុម្មុយនីស្តសម្ងាត់។ សមមិត្តរបស់ប៉ុល-ពតគឺអៀង សារី និងហ៊ូ យន់បានក្លាយជាគ្រូបង្រៀននៅសាលាឯកជនថ្មីមួយគឺវិទ្យាល័យកម្ពុជបុត្រ។ លោកខៀវ សំផនបានត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៩ ហើយបានបង្រៀនជាសាស្ត្រាចារ្យផ្នែកច្បាប់នៅសកលវិទ្យាល័យភ្នំពេញ និងបានឆ្លៀតពេលបង្កើតក្រុមហ៊ុនបោះពុម្ភកាសែតផ្សាយជាភាសាបារាំងមួយដែលមានឈ្មោះថា L'Observateur (ភាសាខ្មែរ៖ ឡុបស៊ែរវ៉ាទ័រ)។ មិនយូរប៉ុន្មាន កាសែតនេះក៏ទទួលបាននូវកិត្តិសព្ទនៅក្នុងបណ្ឌិតសភាតូចមួយនៅភ្នំពេញ។ នៅឆ្នាំបន្ទាប់ កាសែតឡុបស៊ែរវ៉ាទ័រត្រូវបានបិទ ហើយកងកម្លាំងរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមរបស់សីហនុបានធ្វើបាបលោកខៀវ សំផនដោយវាយតប់ជាន់ធាក់ ហើយអ្វីដែលគួរឱ្យជ្រុលហួសហេតុនោះ គឺពួកគេបានចាប់ដោះសម្លៀកបំពាក់លោកខៀវ សំផននៅទីសាធារណៈ។ ទោះជាយ៉ាងណាក្តី បទពិសោធន៍នេះមិនបានបញ្ឈប់លោកសំផនក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការជាមួយសីហនុឡើយ ការធ្វើបែបនេះគឺចង់បង្កើតកម្លាំងរណសិរ្សប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិកនៅវៀតណាមខាងត្បូង។ ដូចជាបានរៀបរាប់ខាងលើអញ្ចឹង លោកខៀវ សំផន ហ៊ូ យន់ និងហ៊ូ នឹមត្រូវតែបង្ខំខ្លួនបម្រើសេវាឱ្យរបបសង្គមរាស្រ្តនិយមរបស់សីហនុនិងទទួលយកតំណែងក្នុងជួររដ្ឋាភិបាលរបស់ព្រះអង្គ។
នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ក្រុមមេដឹកនាំ ២៥ រូបនៃ គបបខ បានរៀបចំធ្វើសមាជប្រជុំសម្ងាត់មួយនៅក្បែរស្ថានីយរថភ្លើងក្រុងភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនេះមានប្រតិភូចំនួន ១៤ រូបជាតំណាងខាងក្រុមជនបទ និង ១៧ រូបជាតំណាងក្រុមទីប្រជុំជន។[១១] ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះគឺនូវតែជាអាថ៌កំបាំងពីព្រោះលទ្ធផលនៃកិច្ចប្រជុំនេះបានធ្វើឱ្យកើតមានជម្លោះរវាងក្រុមកុម្មុយនីស្តនិយមគាំទ្រវៀណាមនិងក្រុមកុម្មុយនីស្តប្រឆាំងវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះផងដែរ គបបខ ត្រូវប្តូរឈ្មោះមកគណបក្សពលករកម្ពុជា។ សំណួរទាក់ទងនឹងការធ្វើកិច្ចសហប្រតិបត្តិការជាមួយឬការតស៊ូចូលរបបសង្គមត្រូវបានគេលើកយកមកពិភាក្សាយ៉ាងហ្មត់ចត់។ រចនាសម្ព័ន្ធថ្មីនៅក្នុងគណបក្សត្រូវបានអនុម័តឡើងនិងជាលើកដំបូង គណៈកម្មាធិការកណ្តាលអចិន្ត្រៃយ៍ត្រូវបានតែងតាំង ដោយមានលោកទូ សាមុត (ជាអ្នកដែលបានរៀបចំគោលនយោបាយសហប្រតិបត្តិការជាមួយសង្គម) ជាអង្គលេខាធិការបក្ស។ សម្ព័ន្ធមិត្តលោកសាមុត គឺលោកនួន ជាដែលគេខ្លះស្គាល់ថារុងឡឺត ត្រូវបានតែងតាំងជាអង្គលេខាធិការបក្សរង ខណៈដែលប៉ុល-ពតនិងអៀង សារីត្រូវបានតែងតាំងជាគណៈកម្មាធិការមជ្ឈឹមបក្សដែលជាតំណែងទីបីនិងទីប្រាំនៃតំណែងខ្ពស់ជាងគេនៅក្នុងឋានានុក្រមបក្ស។ សមាជិកគណៈកម្មាធិការមួយរូបទៀតគឺអ្នកកុម្មុយនីស្តជើងចាស់ម្នាក់ឈ្នោះថាកែវ មាស។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ វេលាប្រជុំនេះត្រូវបានចាត់ទុកថាជាថ្ងៃបង្កើតបក្សកុម្មុយនីស្តកម្ពុជាឡើងនិងជាផ្នែកមួយដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រកុម្មុយនីស្តនៃប្រទេសកម្ពុជា។[១០]
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦២ លោកទូ សាមុតត្រូវបាន"រដ្ឋាភិបាលកម្ពុជាធ្វើឃាត"។ នៅក្នុងកិច្ចប្រជុំសមាជលើកទីពីររបស់ គកក នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៦៣៖ គេបានតែងតាងប៉ុល-ពតឱ្យបន្តស្នងតំណែងពីសាមុតជាអង្គលេខាធិការបក្ស។ សម្ព័ន្ធមិត្តរបស់លោកសាមុត មានដូចជាលោកនួន ជា និងកែវ មាសត្រូវបានដកចេញពីតំណែងជាគណៈកម្មាធិការកណ្តាលហើយត្រូវជំនួសដោយលោកសុន សេននិងវ៉ន វេតវិញ។ ចាប់តាំងពីពេលនោះមក ប៉ុល-ពតនិងសមមិត្តស្មោះស្ម័គ្ររបស់គាត់ដែលធ្លាប់ជាមិត្តជិតស្និតជាមួយគ្នានៅប៉ារីសបានទទួលមានសិទ្ធិគ្រប់គ្រងនិងដឹកនាំគណបក្សទាំងមូលដោយសមាជិកជើសចាស់ទាំងប៉ុន្មានត្រូវប៉ុលពតដកចោលដោយគិតថាពួកគេទាំងនោះជាអ្នកគាំទ្រកុម្មុយនីស្តវៀតណាមជ្រុលហួស។
កុបកម្មនៅតាមជនបទប្រទេសកម្ពុជា
[កែប្រែ]នៅខែកក្កដា ឆ្នាំ១៩៦៣ ប៉ុល-ពតនិងគណៈកម្មាធិការបក្សមួយចំនួនធំបានចាកចេញពីរាជធានីភ្នំពេញទៅតំបន់ភាគឥសាន្តនៃខេត្តរតនគិរីដើម្បីបង្កើតមូលដ្ឋានកុបកម្មនៅទីនោះ។ ប៉ុល-ពតត្រូវបានគេដាក់ឈ្មោះលោកនៅក្នុងបញ្ជីពួកឆ្វេងនិយមចំនួន ៣៤ រូបដែលត្រូវចុះចូលជាមួយរាជរដ្ឋាភិបាលសម្តេចនរោត្តម សីហនុហើយអ្នកទាំងនោះនឹងត្រូវការចុះហត្ថលេខាលើសេចក្តីថ្លែងការមួយចំនួនដែលថ្លែងថាព្រះអង្គនរោត្តម សីហនុគឺជាមេដឹកនាំតែមួយគត់ដែលអាចដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បាន។ មានតែប៉ុល ពតនិងលោកជូ ជេតប៉ុណ្ណោះដែលជាអ្នកឆ្វេងនិយមពីររូបក្នុងចំណោម ៣៤ រូបផ្សេងទៀតដែលបានរត់គេចខ្លួនរួច។ ឯអ្នកឆ្វេងនិយមចំនួន ៣២ រូបទៀតបានបង្ខំយល់ព្រមសហការជាមួយរដ្ឋាភិបាលសម្តេចសីហនុហើយត្រូវបានរងការឃ្លាំមើលដោយក្រុមនគរបាលរយៈពេល ២៤ ម៉ោងរៀងរាល់ថ្ងៃ។
នៅពាក់កណ្តាលទស្សវត្តទី៦០ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប៉ាន់ស្មានថាគណបក្សថ្មីនេះមានសមាជិកភាពរហូតទៅដល់ ១០០ នាក់។[១២]
បកមកតំបន់ដែលប៉ុល-ពតនិងសមាជិកបក្សទៅបង្កើតកម្លាំងកុបកម្មនោះ វាគឺជាតំបន់ដែលកុលសម្ព័ន្ធជនជាតិភាគតិចរស់នៅហៅជនជាតិខ្មែរលើ ពួកគេត្រូវបានក្រុមប៉ុល-ពតធ្វើបាបយ៉ាងឃោរឃៅហើយត្រូវបង្ខំឱ្យចូលធ្វើជាទាហានទ័ពព្រៃថែមទៀតផង។ នៅឆ្នាំ១៩៦៥ ប៉ុល-ពតបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមខាងជើងនិងប្រទេសចិនអស់រយៈពេលជាច្រើនខែ។ ខ្លះបានថាគាត់ប្រហែលជាទទួលបានការបង្ហាត់បង្រៀននៅប្រទេសចិនហើយដែលជាហេតុដែលនាំឱ្យកិត្យានុភាពរបស់គាត់កើនឡើងនៅពេលដែលបានត្រឡប់មកប្រទេសកម្ពុជាវិញ។ ទោះបីជាប៉ុល-ពតនៅមានទំនាក់ទំនងល្អជាមួយសម្តេចនរោត្តម សីហនុក្តីតែការធ្វើដំណើរទៅបរទេសនេះត្រូវបានលាក់បាំងពីព្រះអង្គយ៉ាងជិត។ នៅឆ្នាំ១៩៧១ គពក របស់ប៉ុល-ពតបានប្តូរឈ្មោះមកជាបក្សកុម្មុយនីស្តកម្ពុជាឬហៅកាត់ថា 'បកក'។ លក្ខន្តិកៈរបស់បក្សដែលបានផ្សព្វផ្សាយឡើងនៅពាក់កណ្តាលទស្សវត្តឆ្នាំ១៩៧០ បានអះអាងថាការប្តូរឈ្មោះរបស់បក្សនេះត្រូវបានធ្វើឡើងនៅក្នុងសមាជប្រជុំគណបក្សចាប់តាំងពីឆ្នាំ១៩៧១ មកម្លេះ។[១៣] ការប្លាស់ប្តូរឈ្មោះគណបក្សនេះត្រូវបានគេលាក់ការណ៍ទុកយ៉ាងសម្ងាត់សូម្បីតែសមាជិកជាន់ទាបនិងសមាជិកបក្សទូទៅក៏មិនបានដឹងឮពីការប្តូរឈ្មោះនេះដែរទាន់តែពីរបីឆ្នាំក្រោយមកបានពួកគេដឹងពីការផ្លាស់ប្តូរឈ្មោះរបស់បក្ស។ ថ្នាក់ដឹកនាំ បកក តែងតែគាំទ្រចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមជានិច្ច។ នៅក្នុងឆ្នាំ១៩៦៧ បក្សកុម្មុយនីស្តកម្ពុជា (បកក) បានងើបឡើងធ្វើកុបកម្មតូចៗចំនួនពីរបីលើកប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាប៉ុន្តែមិនសូវបានទទួលផលមកវិញច្រើននោះទេ។
ដោយមិនសូវទទួលបានជោគជ័យ ចលនាខ្មែរក្រហមក៏ចាប់ផ្តើមពង្រឹងវិស័យយោធារបស់ខ្លួនហើយត្រឹមឆ្នាំ១៩៦៨ ពួកខ្មែរក្រហមក៏បានផ្តើមកុបកម្មទ្រង់ទ្រាយធំមួយ (កុបកម្មជាតិ) នៅទូទាំងប្រទេសកម្ពុជា។ ទោះបីជាវៀតណាមខាងជើងមិនទាន់បានសម្រេចចិត្តឱ្យខ្មែរក្រហមធ្វើកុបកម្មជាតិក៏ដោយក៏កងកម្លាំងវៀតណាមខាងជើងនូវតែផ្តល់ទីជម្រកនិងគ្រឿងប្រដាប់អាវុធជាជំនួយដក់ចលនាខ្មែរក្រហម។ កងកម្លាំងទ័ពព្រៃខ្មែរក្រហមត្រូវបានគេឱ្យឈ្មោះថាកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា។ សកម្មភាពគាំទ្ររបស់វៀតណាមមកលើការធ្វើកុបកម្មនេះបានធ្វើឱ្យមានភាពលំបាកបន្ថែមសម្រាប់កងទ័ពជើងគោកកម្ពុជាក្នុងការបង្រ្កាបកងកម្លាំងខ្មែរក្រហម។
ការឡើងកាន់កាប់អំណាច
[កែប្រែ]ប្រជាប្រិយភាពនៃនយោបាយខ្មែរក្រហមបានកើនឡើងនៅពេលដែលសម្តេចសីហនុត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងជាព្រះប្រមុខរដ្ឋនៅក្នុងឆ្នាំ១៩៧០។ លោកឧត្តមសេនីយ៍លន់ នល់ដែលមានការគាំទ្រពីរដ្ឋសភាបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ។ សីហនុដែលបានធ្វើនិរទេសខ្លួនទៅទីក្រុងប៉េកាំង បានចងសម្ព័ន្ធភាពជាមួយបក្សកុម្មុយនីស្តកម្ពុជា ហើយទ្រង់ក៏បានក្លាយជាព្រះប្រមុខរដ្ឋរបស់ខ្មែរក្រហមទាំងនៅក្រៅប្រទេស (គេបានស្គាល់ឈ្មោះសម្ព័ន្ធភាពនេះថារាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា) ដែលគាំទ្រដោយសាធារណរដ្ឋប្រជាមានិតចិន។ ការចូលគាំទ្រសីហនុពីសំណាក់ប្រជាពលរដ្ឋនៅតាមទីជនបទប្រទេសកម្ពុជាបានពង្រីកអំណាចនិងឥទ្ធិពលខ្មែរក្រហមរហូតដល់ថ្នាក់នៅឆ្នាំ១៩៧៣ ពួកខ្មែរក្រហមបានគ្រប់គ្រងតំបន់មួយភាគធំនៃទឹកដីប្រទេសកម្ពុជារួចទៅហើយ។
ទំនាក់ទំនងរវាងសកម្មភាពទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាដោយសហរដ្ឋអាមេរិកនិងកំណើនឥទ្ធិពលរបស់ខ្មែរក្រហមបានក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ប្រវត្តិវិទូទាំងក្នុងនិងក្រៅប្រទេស។ ប្រវត្តិវិទូមួយចំនួនដូចជាលោក Michael Ignatieff លោកអាដាំ ចូនស៍[១៤] និង Greg Gradins[១៥] បានលើកឡើងថាការធ្វើអន្តរាគមន៍និងយុទ្ធនាការទម្លាក់គ្រាប់បែកដោយអាមេរិក (ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣) គឺជាកត្តាដ៏សំខាន់មួយដែលនាំឱ្យការគាំទ្រខ្មែរក្រហមកាន់តែរីកធំឡើងៗជាពិសេសគឺពីប្រជាកសិករខ្មែរ។[១៦] យោងតាមលោក Ben Kiernan បានឱ្យដឹងថា ពួកខ្មែរក្រហម"ក៏នឹងមិនបានឡើងកាន់កាប់អំណាចដែរបើគ្មានវិបត្តិអស្ថិរភាពនៃកងកម្លាំងយោធាសាធារណរដ្ឋខ្មែរ ឬគ្មានការទម្លាក់គ្រប់បែកពីអាមេរិកនោះ...ពួកខ្មែរក្រហមបានលើកយកហេតុការណ៍ទម្លាក់គ្រាប់បែកនិងការសម្លាប់រង្គាលនៃជនស៊ីវិលដោយអាមេរិកជាការឃោសនាប្រមូលកម្លាំងគាំទ្រនិងជាលេសសម្រាប់អំពើឃោឃៅនិងគោលនយោបាយមូលវិវដ្តរបស់ពួកគេហើយដើម្បីកំចាត់មជ្ឈន្តិកជនកុម្មុយនីស្តនិងបក្សពួកសីហនុនិយមចោលទៀតផង"។[១៧] អ្នកសរសេរជីវប្រវត្តិប៉ុល-ពត ឈ្មោះ David P. Chandler បានបញ្ជាក់ថា ការទម្លាក់គ្រប់បែកនោះ"ពិតជាបានផលដូចអ្វីដែលអាមេរិកចង់បានមែន – វាបានបំបែកបណ្តាញពួកកុម្មុយនីស្តនៅឯទីក្រុងភ្នំពេញ" ប៉ុន្តែវាក៏បាននាំឱ្យមានការបែកបាក់នៃប្រព័ន្ធសង្គមទាំងមូលផងដែរ។[១៨][១៩][២០] ចំណែកឯលោក Peter Rodman និង Michael Lind បានអះអាងថាការចូលធ្វើអន្តរាគមន៍របស់អាមេរិកបានជួយរបបសាធារណរដ្ឋរបស់លន់ នល់ពីការដួលរលំនៅក្នុងឆ្នាំ១៩៧០ និងក្នុងឆ្នាំ១៩៧៣។[២១][២២] លោក Craig Etcheson បានទទួលស្គាល់ថាការធ្វើអន្តរាគមន៍របស់អាមេរិកពិតជាបានធ្វើឱ្យពួកខ្មែរក្រហមកាន់តែទទួលបានអំណាចពិតមែនតែបានជំទាស់ថាការធ្វើអន្តរាគមន៍របស់អាមេរិកមិនមែនជាបុព្វហេតុចម្បងនៃជ័យជម្នះរបស់ពួកខ្មែរក្រហមនោះឡើយ។[២៣] លោក William Shawcross បានសរសេររៀបរាប់ថាការទម្លាក់គ្រាប់បែកនិងការលុកលុយរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យកម្ពុជាធ្លាក់មកនៅក្រោមស្ថានភាពវឹកវរដែលសីហនុខំប្រឹងចៀសវាងអស់រយៈពេលជាយូរណាស់មកហើយ។[២៤]
ការគាំទ្ររបស់វៀតណាមមកលើពួកខ្មែរក្រហមបានកាត់បន្ថយយ៉ាងខ្លាំងនៅក្នុងឆ្នាំ១៩៧៣។[២៥] ចិនក៏ក្លាយជាប្រទេសដែលផ្គត់ផ្គង់គ្រឿងប្រដាប់អាវុធផ្តាច់មុខឱ្យខ្មែរក្រហមនៅក្នុងសង្គ្រាមស៊ីវិលកម្ពុជានិងឆ្នាំបន្តបន្ទាប់ទៀត។[២៦]
នៅពេលដែលសភាសហរដ្ឋអាមេរិកបានបញ្ឈប់ការផ្តល់ជំនួយយោធាមកឱ្យរដ្ឋាភិបាលលន់នល់នៅឆ្នាំ១៩៧៣ ពួកខ្មែរក្រហមបានទទួលបាននូវភាពរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសដោយមានកម្លាំងទាហានច្រើនជាងកងទ័ពប្រដាប់អាវុធជាតិខ្មែររបស់លន់ នល់ទៅទៀត។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនិងផ្តួលរលំរបបសាធារណរដ្ឋខ្មែរ រួចហើយក៏ចាប់ប្រហារជីវិតមន្រ្តីរបបសាធារណរដ្ឋចោល។
ការកាន់កាប់អំណាចរបស់ខ្មែរក្រហម
[កែប្រែ]ថ្នាក់ដឹកនាំខ្មែរក្រហមគឺមិនសូវមានការផ្លាស់ប្តូរធំដុំអ្វីទេនៅចន្លោះទសវត្សឆ្នាំ១៩៦០ ដល់ពាក់កណ្តាល់ទសវត្សឆ្នាំ១៩៩០។ មេដឹកនាំខ្មែរក្រហមភាគច្រើនគឺសុទ្ធតែមកពីគ្រួសារវណ្ណៈកណ្តាល (មានជីវភាពធូរធារ) ហើយបានទទួលនូវការអប់រំបណ្តុះបណ្តាលនៅតាមសាកលវិទ្យាល័យនៅប្រទេសបារាំងថែមទៀតផង។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបជ្ឈឹមបក្សកុម្មុយនីស្តកម្ពុជានៅអំឡុងពេលកាន់អំណាចមាន៖
- បងធំទី១ ប៉ុល ពត (ហៅសាឡុត ស) — ជាលេខាបក្សកុម្មុយនីស្តកម្ពុជាពីឆ្នាំ១៩៦៣ រហូតដល់ឆ្នាំ១៩៨១ និងជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩
- បងធំទី២ នួន ជា (ហៅឡុង ប៊ុនរត្ន) — ជាលេខាធិការបក្សរង និងជាប្រធានសភាតំណាងប្រជាជនកម្ពុជា
- បងធំទី៣ អៀង សារី — ជាឧបនាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ និងជារដ្ឋមន្ត្រីនៃក្រសួងការបរទេសពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩
- បងធំទី៤ ខៀវ សំផន — ជាប្រធានគណៈប្រធានរដ្ឋ (ប្រមុខរដ្ឋ) នៃកម្ពុជាប្រជាធិបតេយ្យ
- បងធំទី៥ តាម៉ុក (ហៅឈិត ជឿន) — ជាមេបញ្ជាការកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ មេដឹកនាំខ្មែរក្រហមចុងក្រោយគេ និងជាលេខាធិការតំបន់ភូមិភាគនិរតី
- បងធំទី៨ កែ ពក — ជាលេខាធិការតំបន់ភូមិភាគខាងជើង
- សុន សេន — ជាឧបនាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ
- យុន យ៉ាត — ជារដ្ឋមន្រ្តីក្រសួងអប់រំពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន (ជំនួសហូ នឹមក្នុងឆ្នាំ១៩៧៧)។
ក្នុងអំឡុងពេលកាន់អំណាច ខ្មែរក្រហមបានអនុវត្តកម្មវិធីនយោបាយមូលវិវដ្តដែលមានដូចជា ការប្រកាន់យកនយោបាយឯកោរ (គ្មានទំនាក់ទំនងជាមួយបរទេស) បិទសាលារៀន មន្ទីរពេទ្យ និងរោងចក្រ លុបបំបាត់ធនាគារ រូបិយវត្ថុ និងហិរញ្ញវត្ថុ គំទិចវត្តអារាមនិងចាត់ទុកការអនុវត្តតាមជំនឿសាសនាជាអំពើខុសនឹងច្បាប់ រឹបអូសទ្រព្យសម្បត្តិឯកជន និងបណ្តេញប្រជាជនចេញពីទីក្រុងឱ្យទៅរស់នៅទីជនបទ។ គោលបំណងនៃគោលនយោបាយនេះគឺដើម្បីកែប្រែអ្នកក្រុង ឬអ្នកជំនាញវិជ្ជាជីវៈ ឬអាចហៅថា"ប្រជាជនថ្មី"តាមរយៈការចាត់ឱ្យធ្វើការងារកសិកម្មនិងពលកម្មធ្ងន់ៗដោយមានការត្រួតពិនិត្យពី"ប្រជាជនចាស់"។ គោលដៅចម្បងរបស់ពួកគេគឺអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដោយផ្អែកលើការនាំចេញនូវដំណាំស្រូវជាមុន មុននឹងចាប់ផ្តើមអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ បក្សនេះបានប្រកាន់យកពាក្យស្លោកមួយថា"បើយើងមានអង្ករ នោះយើងមានអ្វីៗទាំងអស់!"។[ត្រូវការអំណះអំណាង] សកម្មភាពនិងគោលនយោបាយខាងលើបានបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ដោយសារការប្រហារជីវិត (មិនព្រមធ្វើការ ឬមិនស្តាប់តាមបញ្ជាអង្គការ) ភាពទ្រត់ទ្រោមដោយសារធ្វើការងារពលកម្មហួសកំណត់ ជំងឺរាតត្បាត និងការអត់ឃ្លានជាដើម។
ពេលផ្តួលរំលំរបបសាធារណរដ្ឋខ្មែរបានសម្រេច ពួកខ្មែរក្រហមបានប្រាប់ប្រជាជននៅទីក្រុងភ្នំពេញនិងនៅតាមទីប្រជុំជនដទៃទៀតថាពួកគេនឹងត្រូវផ្លាស់ប្តូរទីលំនៅ"ចម្ងាយពីពីរទៅបីគីឡូម៉ែត្រ"ពីទីក្រុងនឹងត្រូវត្រឡប់ចូលក្រុងវិញក្នុងរយៈពេលតែ"ពីរទៅបីថ្ងៃ"ប៉ុណ្ណោះ។ ជនដែលបានជៀសផុតពីការកាប់សម្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល-ពតបាននិយាយប្រាប់ឱ្យដឹងថា ប្រជាជននៅគ្រប់ទីប្រជុំជនត្រូវបានទាហានខ្មែរក្រហមណែនាំឱ្យចេញពីទីក្រុងដោយប្រើលេសថា"អាមេរិកនឹងមកទម្លាក់គ្រាប់បែកដល់ទីប្រជុំជននៅប្រទេសកម្ពុជា"ហើយថែមទាំងផ្តាំអ្នកទាំងនោះថាមិនចាំបាច់ចាក់សោរផ្ទះរបស់ពួកគេទេព្រោះថាខ្មែរក្រហមនឹង"មើលថែរក្សាអ្វីៗគ្រប់យ៉ាង"រហូតទាន់តែពួកគេបានវិលត្រឡប់មកវិញ។ ទាំងនេះមិនមែនជាការជម្លៀសប្រជាជនចេញពីទីប្រជុំជនជាលើកដំបូងដោយពួកខ្មែរក្រហមទេ។ ការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងបានចាប់ផ្តើមតាំងពីដើមទសវត្សឆ្នាំ១៩៧០ មកម្លេះគ្រាន់តែការជម្លៀសដំបូងៗនោះជាការជម្លៀសប្រជាជនលក្ខណៈខ្នាតតូច។
ខ្មែរក្រហមបានប៉ុនប៉ងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមិនប្រកាន់វណ្ណៈដោយជម្លៀសប្រជាជនចេញពីទីក្រុងហើយបង្ខំពួកគេឱ្យធ្វើការងារពលកម្មធ្ងន់ៗដោយប្រើអំណាចផ្តាច់ការមកសង្កត់ពីលើ។ ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបានបង្ខំឱ្យប្រកបរបរជាកសិករធ្វើស្រែតាមជំរុំពលកម្មនីមួយៗ។ ប្រជាជនទាំងនោះត្រូវទទួលធ្វើការងារហួសកម្រិតហើយត្រូវស្រែកឃ្លានដោយគ្មានអាហារគ្រប់គ្រាន់សម្រាប់ទ្រទ្រង់កម្លាំងពលកម្មរបស់ពួកគេ។ ខ្មែរក្រហមបានប្រហារជីវិតមនុស្សមួយចំនួនដែលគេគិតថាមានសក្តានុភាពផ្តល់ផលប៉ះពាល់ដល់របបរបស់ពួកគេ (ជាពិសេសគឺបញ្ញាវន្ត) និងសម្លាប់អ្នកណាដែលប្រព្រឹត្តិអំពើខុសនឹងច្បាប់ទោះបីជារឿងតូចតាចក៏ដោយ។
ពេញមួយទស្សវត្តឆ្នាំ១៩៧០ និងជាពិសេសបន្ទាប់ពីពាក់កណ្តាលឆ្នាំ១៩៧៥ បក្សមួយនេះបានចាប់ផ្តើមក្តីព្រួយបារម្ភយ៉ាងខ្លាំងជាមួយសត្រូវផ្ទៃក្នុងហើយភាពបរាជ័យដែលបណ្តាលមកពីគោលនយោបាយកសិកម្មរបស់ខ្លួនត្រូវបានទម្លាក់ទៅលើសត្រូវខាងក្រៅ (ជាទូទៅគឺ សេអ៊ីអានិងវៀតណាម) និងជនក្បត់នៅក្នុងស្រុក។ ការ"បោសសំអាត"បក្សបានឈានមកដល់ចំណុចកំពូលនៅអំឡុងឆ្នាំ១៩៧៧ ហើយនៅឆ្នាំ១៩៧៨ សមាជិកកំពូលបក្សរាប់ពាន់នាក់បូករួមទាំងមេដឹកនាំមួយចំនួនត្រូវបានចាប់យកទៅប្រហារជីវិតចោល។ សមាជិកបក្សជើងចាស់ដែលគេសង្ស័យថាមានទំនាក់ទំនងជាមួយនឹងយួន តែងតែត្រូវបានឃ្លាំមើលជានិច្ចពីអង្គការ (មនុស្សរបស់ប៉ុល-ពត)។
អង្គការ
[កែប្រែ]ជាងរយៈពេលពីរឆ្នាំបន្ទាប់ពី បកក បានឡើងកាន់កាប់អំណាច បក្សនេះតែងតែសម្តៅហៅខ្លួនឯងថាអង្គការ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧៧ ប៉ុល-ពតបានប្រកាសជាសាធារណៈពីអត្ថិភាពនៃ បកក នៅក្នុងសុន្ទរកថាមួយរយៈពេល ៥ ម៉ោង។[៩] នៅក្នុងសុន្ទរកថានេះ ប៉ុល-ពតបានប្រកាសបង្ហាញពីគោលការណ៍ពិតប្រាកដនៃអំណាចផ្តាច់ការរបស់លោកមកលើប្រទេសកម្ពុជាទាំងមូលដែលជាស្ថាប័នគ្រប់គ្រងមិនច្បាស់លាស់ដែលត្រូវបានរក្សាទុកជាការសម្ងាត់។
គោលគំនិតនិងគោលការណ៍មួយចំនួនត្រូវបានលាក់បាំងយ៉ាងសម្ងាត់ក្នុងមួយអត្ថិភាពរបស់បក្សមួយនេះ។ មុនឆ្នាំ១៩៧៥ ភាពសម្ងាត់គឺជារឿងដ៏ចាំបាច់មួយដើម្បីពង្រឹងអំណាចរបស់បក្សជាពិសេសគឺប៉ុល ពតនិងសហការីរបស់លោកដែលបានពឹងផ្អែកលើការសម្ងាត់នេះជាយូរលង់ណាស់មកហើយដើម្បីបង្រួបបង្រួមគោលចំហរពួកគេប្រឆាំងនឹងអ្នកដែលពួកគេគិតថាជាសត្រូវផ្ទៃក្នុង (ជនបង្កប់) នៅអំឡុងពេលពីរឆ្នាំដំបូងនៃការកាន់អំណាច។ អត្ថិភាពរបស់ បកក ត្រូវបានលាតត្រដាងឡើងភ្លាមៗមុនពេលប៉ុល ពតបានធ្វើដំណើរទៅទីក្រុងប៉េកាំងដែលជាលទ្ធផលនៃការដាក់សម្ពាធពីចិនច្រើនពេកមកលើមេដឹកនាំខ្មែរក្រហមនីមួយៗដើម្បីឱ្យពួកគេទទួលស្គាល់នូវអត្តសញ្ញាណនយោបាយពិតរបស់ពួកគេ នាពេលនោះដែរមេដឹកនាំខ្មែរក្រហមត្រូវពឹងផ្អែកលើជំនួយរបស់ចិនកាន់តែខ្លាំងឡើងៗដើម្បីប្រឆាំងនឹងការគំរាមកំហែងពីវៀតណាម។ តាមមតិរបស់ប៉ុល ពតនៅក្នុងសុន្ទកថារបស់លោកបានអះអាងថា បកក បានបង្កើតឡើងនៅអំឡុងឆ្នាំ១៩៦០ ហើយលោកបានសង្កត់សម្លេងថាបក្សនេះមានអត្តសញ្ញាណខុសគ្នាដាច់ពីបក្សកុម្មុយនីស្តវៀតណាម។[២៧] អត្តសញ្ញាណពិតរបស់បក្សត្រូវបានបន្តជាអាថ៌កំបាំងទោះបីជា បកក ត្រូវបានទទួលជោគជ័យក្នុងការឡើងកាន់កាប់អំណាចក៏ដោយ។ ខុសពីមេដឹកនាំផ្តាច់ការផ្សេងទៀត ប៉ុល ពតមិនមានបំណងចង់បង្ហាញអត្តសញ្ញាណខ្លួនពិតទៅដល់ប្រជាជនខ្មែរឬឱ្យពិភពលោកបានស្គាល់ឡើយ។ អស់ជាងរយៈពេលជិតមួយឆ្នាំបន្ទាប់ពីការឡើងកាន់កាប់អំណាច ទើបពួកគេសម្រេចបញ្ជាក់បានថាសាឡុត សគឺជាឈ្មោះកំណើតរបស់ប៉ុល ពតហើយមានតំណែងជាលេខាធិការបក្សកុម្មុយនីស្តកម្ពុជា។
ការដួលរលំនៃរបបខ្មែរក្រហម
[កែប្រែ]ទំនាក់ទំនងកម្ពុជា-វៀតណាមបានធ្លាក់ចុះយ៉ាប់យ៉ឺនយ៉ាងខ្លាំងដោយសារតែជម្លោះនៅតាមព្រំដែននិងដោយជនភៀសខ្លួនជាច្រើនបានរត់ចេញពីប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាម។ ដោយខ្លាចមានការវាយប្រហារពីប្រទេសវៀតណាម លោកប៉ុល-ពតបានបញ្ជាឱ្យទាហានខ្មែរក្រហមមួយចំនួនចូលទៅលុកលុយប្រទេសវៀតណាមនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៨។ ទ័ពខ្មែរក្រហមបានឆ្លងព្រំដែនយួននិងប្លន់ទ្រ័ពសម្បត្តិក្នុងភូមិក្បែរៗនោះបានដោយជោគជ័យ។ ទោះបីមានជំនួយពីចិនក្តី មិនយូរប៉ុន្មានកងកម្លាំងខ្មែរក្រហមក៏ត្រូវបានទាហានវៀតណាមរុញច្រានចូលព្រំដែនកម្ពុជាវិញ។
នៅដើមឆ្នាំ១៩៧៩ ក្រុមគាំទ្រវៀតណាមនិងជាបក្សពួកក្រុមប្រឆាំងនឹង បកក ដែលដឹកនាំដោយលោកប៉ែន សុវណ្ណបានធ្វើការប្រជុំសមាជមួយនៅជិតព្រំដែនប្រទេសវៀតណាម។ ជាមួយនឹងលោកហេង សំរិន ប៉ែន សុវណ្ណគឺជាសមាជិកស្ថាបនិកនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រសសជក) ដំបូងគេបង្អស់ ក្រោយពីមិនពេញចិត្តនឹងគោលនយោបាយរបស់ខ្មែរក្រហម។[២៨] ដូចនេះ បកក ក៏ត្រូវបែកជាពីរបក្សពួកផ្សេងៗគ្នាដែលក្នុងនោះមួយក្រុមត្រូវបានដឹកនាំដោយលោកប៉ែន សុវណ្ណដែលលោកបានដាក់ឈ្មោះថ្មីថា គណបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ដែលសព្វគឺជាគណបក្សប្រជាជន) និងមួយក្រុមទៀតគឺក្រុមរបស់ប៉ុល-ពត។[៩]
កងកម្លាំងទាហានវៀតណាមរួមជាមួយនឹង រសសជក បានចូលវាយលុកប្រទេសកម្ពុជាហើយដណ្តើមបានទីក្រុងភ្នំពេញវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ គណបក្សដែលដឹកនាំដោយលោកប៉ែន សុវណ្ណត្រូវបានតម្លើងក្លាយជាគណបក្សដឹកនាំនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាថ្មី។ ចំណែកឯ បកក ដែលដឹកនាំដោយប៉ុល ពតបានដងថយកងកម្លាំងរបស់ខ្លួនទៅទិសខាងលិចឆ្ពោះទៅតំបន់ក្បែរព្រំដែនប្រទេសថៃ។ ដោយមានការការពារមិនជាផ្លូវការពីកងកម្លាំងថៃ បក្សកុម្មុយនីស្តប៉ុល ពតក៏ចាប់ផ្តើមបង្កើតទ័ពព្រៃប្រឆាំងនឹងរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (សបក)។ បក្សរបស់ប៉ុល ពតបានបង្កើតរណសិរ្សរួបរួមជាតិមួយឈ្មោះថារណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជានៅខែកញ្ញា ឆ្នាំ១៩៧៩ ដើម្បីប្រឆាំងតបទល់នឹងវៀតណាមនិង សបក វិញហើយរណសិរ្សមួយនេះដែរត្រូវបានដឹកនាំដោយលោកខៀវ សំផន។ នៅខែធ្នូ ឆ្នាំ១៩៧៩ កងកម្លាំងប្រដាប់អាវុធដែលបម្រើការឱ្យបក្សដែលពីមុនធ្លាប់ហៅថាកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនកម្ពុជាបានផ្លាស់ប្តូរឈ្មោះមកជាកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ។[២៩] នៅក្នុងឆ្នាំ១៩៨១ បក្សកុម្មុយនីស្តកម្ពុជាត្រូវបានរំលាយចោលជាផ្លូវការនិងត្រូវស្នងជំនួសដោយគណបក្សកម្ពុជាប្រជាធិបតេយ្យ។[១០][៨]
មើលផងដែរ
[កែប្រែ]- សង្គមនិយមកសិកម្ម
- សម្ព័ន្ធយុវកុក (សម្ព័ន្ធយុវជនកុម្មុយនីស្តកម្ពុជា)
- គណបក្សកម្ពុជាប្រជាធិបតេយ្យ
ឯកសារយោង
[កែប្រែ]Pol Pot plans the future : confidential leadership documents from Democratic Kampuchea, 1976-1977 [១]
- ↑ "Cambodia's brutal Khmer Rouge regime". BBC News. 4 August 2014. Archived 20 June 2018 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Kiernan, B. (2004). How Pol Pot Came to Power. New Haven: Yale University Press. pp. 19–20.
- ↑ Duong, Keo (2015). "Nationalism and mass killing: The khmer rouge extreme nationalism against Vietnam". SHS Encounters Cambodia. Archived 21 May 2018 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ ៤,០ ៤,១ "Khmer People's Revolutionary Party (KPRP)". globalsecurity.org. Retrieved 28 May 2020.
- ↑ "Khmer Rouge". History. Archived 21 May 2018 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Martin, Gus (2008). Essentials of Terrorism: Concepts and Controversies. SAGE Publications, Inc.. p. 80. ល.ស.ប.អ. 978-1412953139. https://books.google.com/books?id=7-GiXqccL1IC&dq.
- ↑ Hartman, Tom (1985). A World Atlas of Military History, 1945–1984. Hippocrene Books. p. 81. ល.ស.ប.អ. 0870520008. https://books.google.com/books?id=CwSn83AgqEYC.
- ↑ ៨,០ ៨,១ "Cambodia and the Khmer People's Revolutionary Party (KPRP), Appendix B - Major Political and Military Organizations". Country Data. Archived 28 September 2009 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ ៩,០ ៩,១ ៩,២ Frings, K. Viviane (October 1997). "Rewriting Cambodian History to 'Adapt' It to a New Political Context: The Kampuchean People's Revolutionary Party's Historiography (1979-1991)". Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន.. Modern Asian Studies. 31 (4): 807–846.
- ↑ ១០,០ ១០,១ ១០,២ ១០,៣ Chandler, David P. (Summer 1983). "Revising the Past in Democratic Kampuchea: When Was the Birthday of the Party?: Notes and Comments". Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន.. Pacific Affairs. 56 (2) (Summer 1983): 288–300.
- ↑ "Chronologie du Cambodge de 1960 à 1990". Archived from the original on 22 April 2007. Retrieved 22 April 2007.
- ↑ Benjamin, Roger W.; Kautsky, John H. (March 1968). "Communism and Economic Development". Archived 2 February 2017 at the វេយប៊ែខ ម៉ាស៊ីន.. The American Political Science Review. 62 (1): 122.
- ↑ Kierman, Ben (September 1998). "Ieng Sary's Regime: A Diary of the Khmer Rouge Foreign Ministry, 1976-79". Archived 13 July 2007 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Jones, Adam (2006). Genocide: A Comprehensive Introduction. Routledge. pp. 189–90. https://www.mcvts.net/cms/lib07/NJ01911694/Centricity/Domain/155/Textbook.pdf. Archived 2019-08-05 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Grandin, Greg (2015). Kissinger's Shadow: The Long Reach of America's Most Controversial Statesman. Henry Holt and Company. pp. 179–80. ល.ស.ប.អ. 978-1627794503. https://books.google.com/?id=QGGzBgAAQBAJ&printsec=frontcover&dq=%22grandin,%22+khmer+rouge#v=onepage&q=%22grandin,%22%20khmer%20rouge&f=false.
- ↑ Kiernan, Ben (Winter 1989). "The American Bombardment of Kampuchea 1969–1973". Vietnam Generation. 1 (1): 4–41.
- ↑ Kiernan, Ben (2008). The Pol Pot Regime: Race, Power, and Genocide in Cambodia under the Khmer Rouge, 1975–1979. Yale University Press. ល.ស.ប.អ. 9780300142990.
- ↑ Chandler, David (2000), Brother Number One: A Political Biography of Pol Pot, Revised Edition, Chiang Mai, Thailand: Silkworm Books, pp. 96–98.
- ↑ Chandler, David (2000). Brother Number One: A Political Biography of Pol Pot, Revised Edition, Chiang Mai, Thailand: Silkworm Books, pp. 96–97.
- ↑ Chandler, David (2005). Cambodia 1884–1975, in The Emergence of Modern Southeast Asia, edited by Norman Owen. University of Hawaii Press, p. 369.
- ↑ Rodman, Peter (August 23, 2007). "Returning to Cambodia". Brookings Institution. Archived November 10, 2011, at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Lind, Michael, Vietnam: The Necessary War: A Reinterpretation of America's Most Disastrous Military Conflict, Free Press, 1999.
- ↑ Etcheson, Craig, The Rise and Demise of Democratic Kampuchea, Westview Press, 1984, p. 97.
- ↑ Shawcross, pp. 92–100, 106–112.
- ↑ Cook, Susan E.; Mosyakov, Dmitri (2017). Genocide in Cambodia and Rwanda: New Perspectives. Routledge. ល.ស.ប.អ. 978-1351517775.
- ↑ Bezlova, Antoaneta (February 21, 2009). "China haunted by Khmer Rouge links" Archived 2016-08-18 at the វេយប៊ែខ ម៉ាស៊ីន.. Asia Times. Retrieved February 21, 2009.
- ↑ Osborne, Milton E. (1994). Sihanouk Prince of Light, Prince of Darkness. Honolulu: University of Hawaii Press. ISBN 978-0-8248-1639-1.
- ↑ Osborne, Milton (1994). Sihanouk, Prince of Light, Prince of Darkness. Silkworm.
- ↑ Kroef, Justus M. van der (August 1979). "Cambodia: From "Democratic Kampuchea" to "People's Republic". Asian Survey. 19 (8): 731–750. Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន..
តំណភ្ជាប់ក្រៅ
[កែប្រែ]វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ខ្មែរក្រហម |