ញ៉ុក ថែម
ញ៉ុក ថែម | ||
|---|---|---|
| ជីវប្រវត្តិសង្ខេប | ||
| នាមពេញ | ញ៉ុក ថែម | |
| រហស្សនាម | ||
| សញ្ជាតិ | ||
| អាជីព |
| |
| ជំនាញ | និពន្ធ | |
| ស្នាដៃ | កុលាបប៉ៃលិន | |
| ថ្ងៃខែឆ្នាំកំណើត | 22 មិថុនា 1903 គិតមកដល់បច្ចុប្បន្ន | |
| ថ្ងៃទទួលមរណភាព | ||
| ទទួលមរណភាពដោយសារ | ||
| ស្រុកកំណើត | ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង | |
| ឪពុក | ||
| ម្តាយ | ||
| ភរិយា | ងួន ណៃស៊ីម | |
| បុត្រ |
មានកូនប្រុស ៧ នាក់ និង កូនស្រី ៤ នាក់ | |
ជីវប្រវត្តិអ្នកអ្នកនិពន្ធខ្មែរ លោក ញ៉ុក ថែម ម្ចាស់ស្នាដៃប្រលោមលោកដ៏ល្បី រឿង <កុលាបប៉ៃលិន>។ ✍📘 ដកស្រង់ទាំងស្រង់ចេញពីសៀវភោ មាលីបទអក្សរលីល្ប៍ខ្មែរសតវត្សទី ២០ របស់លោកបណ្ឌិត ឃីង ហុកឌី! លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ ចំណែកឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។ គាត់មានប្អូនប្រុសម្នាក់នាម ញ៉ុក ញាំ (brother)។
កុមារភាព និងការសិក្សា
[កែប្រែ]កាលពីកុមារភាព គឺក្នុងឆ្នាំ១៩១៣ លោកបានទៅរៀននៅវត្តពោធិវង្ស ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយបានសិក្សាធម៌វិន័យ ក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវង្ស។
នៅឆ្នាំ ១៩១៨ លោកមានបព្វជ្ជា (បួស) ជាសាមណេរ ។ ក្នុងឋានៈជាសាមណេរនេះ លោកបានសិក្សាធម៌វិន័យ និងភាសាបាលី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ នៅខេត្តបាត់ដំបង ។ លោកក៏បានទៅសិក្សានៅបរទេសដែរ គឺក្នុងឆ្នាំ ១៩១៩ លោកបានបន្តវិជ្ជានៅក្រុងបាងកក ប្រទេសថៃ ។ លោកបានជាប់សសញ្ញាប័ត្រធម្មសិក្សាជាន់ត្រី នៅកំឡុងឆ្នាំ ១៩២១ និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុងឆ្នាំ ១៩២៣ ។ នៅឆ្នាំ ១៩២៤ លោកបានឧបសម្ប័ទជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែលនេះ លោកបានជាប់សញ្ញាប័ត្របរិយត្តិភាសាបាលី ទីមហា ៣ ប្រយោគ ។ ពីរឆ្នាំក្រោយមក គឺឆ្នាំ ១៩២៦ លោកបានជាប់ ទីមហា ៤ ប្រយោគ ហើយពីរឆ្នាំតមកទៀត(១៩២៨) លោកជាប់ទីមហា ៥ ប្រយោគ និងជាទីបញ្ចប់ លោកបានជាប់ទីមហា ៦ ប្រយោគ នៅក្នុងឆ្នាំ១៩២៩ ។ សូមបញ្ជាក់ថា នៅប្រទេសថៃ ការសិក្សាភាសាបាលី មានសរុបទាំងអស់ ៩ ប្រយោគ (ជាន់ ឬ កម្រិត) ដែលប្រយោគទី ៩ ជាប្រយោគខ្ពស់បំផុត (ថ្នាក់បណ្ឌិត) ។ លោកបាន លាចាកសិក្ខាបទមកជាគ្រហស្ថ នៅឆ្នាំ ១៩៣៦ ។
ការងារ
[កែប្រែ]ពេលលោកទៅសិក្សានៅប្រទេសថៃ លោកក៏បានធ្វើការនៅទីនោះដែរ ។ លោកធ្វើជាគ្រូបង្រៀនភាសាបាលី នៅទីក្រុងបាងកក ចាប់ពីគ.ស.១៩២៧ ទៅទល់នឹង គ.ស.១៩៣០ ទើបត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ដោយចូលធ្វើជាសមាជិកគណៈកម្មាការប្រព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ ។ នៅឆ្នាំ ១៩៣៨ លោកធ្វើការនៅព្រះរាជបណ្ណាល័យកម្ពុជា មានមុខងារជាអ្នកចាត់ចែង បោះពុម្ពផ្សាយសៀវភៅផ្សេងៗ និងទស្សនាវដ្ដីកម្ពុជសុរិយា។ នៅឆ្នាំបន្ទាប់មក(១៩៣៩) លោកបានធ្វើជាតំណាងសម្ដេចព្រះនរោត្ដមសុធារស និងជាអធិបតីពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយតំណាងផ្សេងៗទៀត លោកបានទៅរៀបចំកម្មវិធីសិក្សា និងពិធីសម្ពោធន៍ពុទ្ធសាសនបណ្ឌិត្យនៅក្រុងហ្លួងព្រះបាង និងក្រុងវៀងច័ន្ទ នាប្រទេសលាវ ។ ឆ្នាំ ១៩៤២ លោកបានទៅសម្ពោធមន្ទីរសាសនបណ្ឌិត្យខេត្តឃ្លាំង ប្រទេសវៀតណាមភាគខាងត្បូង និងឆ្នាំ ១៩៤៣ លោកជាតំណាងរៀបចំកម្មវិធីសិក្សា សម្រាប់ពុទ្ធសាសនបណ្ឌិត្យ នៅខេត្តប៉ាក់សេ ប្រទេសលាវ ។
លោកញ៉ុក ថែម បានធ្វើជាសាស្ត្រាចារ្យខ្មែរនៅថ្នាក់ទី ៥ នៃសាលាគរុវិជ្ជានៅឆ្នាំ ១៩៤៥ ។ នៅឆ្នាំ ១៩៤៦ លោកធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងជាសាស្ត្រាចារ្យ នៅវិទ្យាល័យស៊ីសុវត្ថិទៀតផង ។ ប៉ុន្តែនៅឆ្នាំ ១៩៥០ លោកលាឈប់ពីពុទ្ធសាសនបណ្ឌិត្យ ចូលមកបម្រើក្រសួងសិក្សាធិការជាតិ ក្រោយពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិ មកជាសម្បត្តិជាតិ ហើយលោកធ្វើជាសាស្ត្រាចារ្យ ជាប់សន្យារហូតមក ។ ប្រាំមួយឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៥៦ លោកសុំផ្លាស់ទៅធ្វើជាសាស្ត្រាចារ្យខ្មែរ នៅវិទ្យាល័យមុនីវង្ស នាក្រុងបាត់ដំបង ។ ប៉ុន្តែក្នុងឆ្នាំ ១៩៥៨ លោកបានផ្លាស់ទៅធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ នាក្រុងភ្នំពេញវិញ ក្នុងឋានៈជាសាស្ត្រាចារ្យផង និងអ្នកស្រាវជ្រាវឯកសារអក្សរសាស្ត្រខ្មែរ នៅវិទ្យាស្ថាននោះផង ។ លោកជាសាស្ត្រាចារ្យខ្មែរ នៅសាលាភូមិន្ទរដ្ឋបាល ។
ស្នាដៃ
[កែប្រែ]កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។ ស្នាដៃទាំងនោះ មានជាអាទិ៖ នមោកថា នានាជាតក វណ្ណនា ធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត។
ក្រៅពីនេះ លោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖
- ពុទ្ធប្បវត្តិសង្ខេប
- អនុពុទ្ធប្បវត្តិ ភាគ១-២
- ប្រជុំភាសិត ភាគ១-២
- មហាវេស្សន្ដរជាតក
- ប្រជុំពុទ្ធភាសិត
- ជាតិសាសនាព្រះមហាក្សត្រ
- រឿងបិសាចស្នេហា (ប្រលោមលោកបោះពុម្ពឆ្នាំ១៩៤២)
- រឿងកុលាបប៉ៃលិន (ប្រលោមលោកបោះពុម្ពក្នុងឆ្នាំ១៩៣៦ ឬ១៩៤៣)
- ឯកសហរាត្រី (ភាគខ្លះ ប្រែ)
- ចូឡវេទល្លសូត្រ (ប្រែ)
- វិធីប្រតិបត្តិធម៌
- ពន្លឺអាស៊ីទ្វីប (ប្រែ)
- បញ្ញាសជាតកសង្ខេប ភាគ១-២។
- នមោដីកាកថា
- នានាជាតកវណ្ណន
- ធម្មបទនិទ្ទេស
- ទេវតាភាសិត
- ពុទ្ធភាសិត និង អត្ថបទថៃលើសាស្ត្រាស្លឹករិត
- រឿងប្រលោមលោកបិសាចស្នេហា ភ្នំពេញ ១៩៤២
- រឿងប្រលោមលោកកុលាបប៉ៃលិន ភ្នំពេញ ១៩៤៣៕
