ធនាគារជាតិនៃកម្ពុជា
ការិយាល័យកណ្តាល | ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា |
---|---|
បង្កើតឡើង | ថៃ្ងទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ |
កម្មសិទ្ធិ | ១០០% កម្មសិទ្ធិរបស់រដ្ឋ[១] |
អគ្គទេសាភិបាល | លោកជំទាវបណ្ឌិត ជា សិរី |
ធនាគារកណ្តាល | ព្រះរាជាណាចក្រកម្ពុជា |
រូបិយប័ណ្ណ | រៀលកម្ពុជា ទំព័រគំរូ:ISO 4217/code (ISO 4217) |
ទុនបម្រុងធនាគារ | ៦,៧៦០ លានដុល្លារ[១] |
គេហទំព័រ | nbc.gov.kh/index.php |
ធនាគារជាតិនៃកម្ពុជា ឬមានឈ្មោះក្រៅផ្លូវការ៖គឺ ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅថៃ្ងទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសជាតិបានទទួលឯករាជ្យ ពីអាណានិគមនិយមបារាំង និងបន្ទាប់ពីវិទ្យាស្ថាន បោះប្រាក់ឥណ្ឌូចិនត្រូវបានបិទទ្វារ។ ធនាគារជាតិនៃកម្ពុជាបានផ្សាយប្រាក់រៀលឯករាជ្យរបស់ខ្លួនដើម្បីបញ្ចប់ជាស្ថាពរនូវសម្ព័ន្ធភាពជាមួយប្រាក់អាមេរិក និង ឡាវ ។ ពេល នោះប្រព័ន្ធធនាគារក្នុងប្រទេសត្រូវបានបង្កើតឡើងដោយមាន ធនាគាររដ្ឋ និងធនាគារឯកជនធ្វើប្រតិបត្តិការទន្ទឹមគ្នាលើដែនដីប្រទេសកម្ពុជា ។
នៅឆ្នាំ១៩៦៤ ដើម្បីបំរើឲ្យគោលនយោបាយកសាងជាតិនៃសង្គមរា្រស្តនិយមរដ្ឋបានធ្វើ ការកែទម្រង់ ប្រព័ន្ធធនាគារជាបន្តបន្ទាប់ដើម្បីតម្រូវទៅតាមសេចក្តីត្រូវការនៃ សេដ្ឋកិច្ចជាតិនាសម័យនោះដោយបានប្រែក្លាយធនាគារជាតិនៃកម្ពុជាពីទម្រង់ស្ថាប័នពាក់កណ្តាលស្វ័យតទៅ ជាធនាគាររដ្ឋក្រោមទម្រង់ជាស្ថាប័នសាធារណៈ ដែល មានលក្ខណៈឧស្សាហកម្មនិងពាណិជ្ជកម្ម ចំណែកឯធនាគារឯកជនជាតិ និងបរទេសត្រូវ បានបើកទ្វារហើយ រដ្ឋបានបង្កើតធនាគារដែលកាន់កាប់ដោយរដ្ឋមួយចំនួនដូចជាធនាគារឥណទានជាតិធនាគារអភិវឌ្ឍន៍និង ធនាគារកសិកម្មជនបទ។ ចាប់តាំងពីចុងឆ្នាំ១៩៧០ រហូតដល់ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋបានធ្វើសេរី ភាវូបនីយកម្មជាថ្មីទៅលើប្រព័ន្ធធនាគារ។ ធនាគារឯកជនត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពទន្ទឹមគ្នានឹងធនាគាររដ្ឋក្រោមការបញ្ជាណែនាំនិងការត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា។ ជាអកុសលនៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ ធនាគារជាតិនៃកម្ពុជាត្រូវបាន បិទទ្វារប្រព័ន្ធធនាគារទូទាំងប្រទេស ត្រូវបានលុបបំបាត់ចោល អគារ ធនាគារជាតិនៃកម្ពុជាត្រូវបានកមេ្ទចរូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់។ រហូតមកដល់ឆ្នាំ ១៩៧៩ទើប ធនាគារជាតិនៃកម្ពុជាត្រូវបានរៀបចំឡើងវិញក្នុង នាម ជា ធនាគារ កណ្តាលរបស់ប្រទេសនៅថៃ្ងទី១០ ខែតុលា។ នៅពេលនោះធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារឡើងវិញពីកំរិតសូន្យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សត្រូវបានប្រមែប្រមូល និងកសាងជាបណើ្តរៗរហូតបង្កើតបានជាស្ថាប័នធនាគារជាតិមួយដែលមានឈ្មោះថា"ធនាគារជាតិនៃប្រជាជនកម្ពុជា"។
ដោយសារអគារធនាគារក្រហម ត្រូវបានកមេ្ទចទៅហើយនោះធនាគារជាតិនៃប្រជាជនកម្ពុជា បានបើកស្នាក់ការកណ្តាលរបស់ខ្លួនជាបណ្តោះអាសន្ននៅលើអគារ អតីតធនាគារខែ្មរសម្រាប់ ពាណិជ្ជកម្មហើយបានរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ និងសកម្មភាព ប្រតិបត្តិការនៅទីស្នាក់ការ កណ្តាលនិងបានពង្រីកបណ្តាញទៅ បណ្តាខេត្ត-ក្រុងទាំង២០ទូទាំងប្រទេស ធនាគារជាតិនៃប្រជាជនកម្ពុជាបានបោះផ្សាយប្រាក់រៀលឡើងវិញនៅថៃ្ងទី២០ ខែមិនាឆ្នាំ១៩៨០ដើម្បីជួយសម្រួលដល់ ការ ទូទាត់ក្នុងជីវភាពរស់នៅរបស់ប្រជាជន។ ចំណែកឯអគារធនាគារជាតិនៃកម្ពុជាដែលបាក់បែកត្រូវបានរុះរើនិងសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ១៩៩០ ។ ចាប់ពីឆ្នាំ១៩៨៩ ប្រព័ន្ធធនាគារត្រូវបានធ្វើការកែទម្រង់ ។ ធនាគារខេត្ត-ក្រុងទាំង២០ ត្រូវបានប្តូរឈ្មោះមកជាធនាគារឯកទេស ខេត្ត-ក្រុង វិញហើយធ្វើសកម្មភាពនៅលើដែនដីរបស់ខ្លួន តាម របបស្វ័យាភិបាលសេដ្ឋកិច្ចនិងស្វ័យភាព ហិរញ្ញវត្ថុដោយមានធនាគារជាតិនៃប្រជាជនកម្ពុជាជាអ្នកបញ្ជាណែនាំនិងត្រួតពិនិត្យ។
ក្រោយពីមានសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីសថៃ្ងទី២៣ ខែតុលាឆ្នាំ ១៩៩១ របបនយោបាយមួយត្រូវបានបង្កើតឡើងរបបសេដ្ឋកិច្ចត្រូវបានផ្លាស់ប្តូរពីសេដ្ឋកិច្ច ផែនការមកជាសេដ្ឋកិច្ចទីផ្សារដែលញាំងឲ្យមានការកែប្រែ ប្រព័ន្ធធនាគារនៅកម្ពុជាពីប្រព័ន្ធ ធនាគារមួយថ្នាក់មកជាប្រព័ន្ធធនាគារពីរថ្នាក់ហើយរដ្ឋបានបើកទូលាយ ចំពោះអាជីវកម្មលើ វិស័យធនាគារតាមរយៈការអនុញ្ញាតឲ្យមានធនាគារ ពាណិជ្ជក្រោមច្បាប់ក្នុងស្រុកឬក្រោម ទម្រង់ជាសាខាធនាគារបរទេស។ ប្រការនេះ តម្រូវឲ្យធនាគារជាតិនៃកម្ពុជាពង្រឹង តួនាទីរបស់ខ្លួនដើម្បីបង្កើនសមត្ថភាពបញ្ជាណែនាំនិងត្រួតពិនិត្យដោយបានបងើ្កតច្បាប់និងប្រកាសផេ្សងៗជាបន្តបន្ទាប់រួមមាន៖
- ច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា រដ្ឋសភាបានអនុម័តនៅថ្ងៃទី២៦ ខែមករាឆ្នាំ ១៩៩៦។ ច្បាប់នេះបានកំណត់បេសកកម្មចម្បង របស់ធនាគារជាតិនៃកម្ពុជា គឺ"កំណត់ និងដឹកនាំនយោបាយរូបិយវត្ថុដើម្បីរក្សាថៃ្លអោយមានស្ថិរភាព"។
- ច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់រដ្ឋសភាអនុម័តនៅថៃ្ងទី២២ ខែសីហាឆ្នាំ១៩៩៧ ...
- ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុរដ្ឋសភាអនុម័តនៅថៃ្ងទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និង ចុងក្រោយនេះធនាគារជាតិនៃកម្ពុជាបានចងក្រងឯកសារចក្ខុវិស័យ និង ផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុសម្រាប់ ឆ្នាំ ២០០១-២០១០ ដែលជាឯកសារជាយុទ្ធសា្រស្តសម្រាប់អភិវឌ្ឍ វិស័យហិរញ្ញវត្ថុនៅកម្ពុជាឲ្យមានភាពជឿនលឿនប្រកប ដោយជំនឿទុកចិត្តពីសាធារណជននិងអាចធ្វើសមាហរណកម្មចូលទៅក្នុង ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
ក្នុងនាមធនាគារកណ្តាលដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខ្លួនឲ្យសក្កិសមជាអាជ្ញាធរ អាណាព្យាបាលលើ វិស័យ ធនាគារអគារធនាគារជាតិនៃកម្ពុជា ត្រូវបានកែលំអផែ្នកសោភ័ណភាពនៅ ឆ្នាំ២០០៣។
សរុបសេចក្តីមក ដើមកំណើតរបស់ធនាគារជាតិនៃកម្ពុជា ចែកចេញជាបីដំណាក់កាលគឺ ៖
- ដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ឆ្នាំ ១៩៧៥ : ជាដំណាក់កាលដែលធនាគារជាតិនៃកម្ពុជា មានឯករាជ្យភាពក្នុងការធ្វើប្រតិបត្តិការមានស្វ័យភាពក្នុងការ បោះផ្សាយប្រាក់រៀលដែល ជារូបិយវត្ថុ ជាតិនិងបានគ្រប់គ្រងប្រព័ន្ធធនាគារដោយខ្លួនឯងនៅលើដែនដីនៃប្រទេសកម្ពុជា។
- ដំណាក់កាលពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ : ជាយុគសម័យដែលធនាគារជាតិនៃកម្ពុជាត្រូវបានបិទទ្វារលែងដំណើរការប្រព័ន្ធធនាគារទាំងមូលត្រូវបានកំទេច ចោលទាំងស្រុង។
- ដំណាក់កាលពីឆ្នាំ១៩៧៩ រហូតដល់ បច្ចុប្បន្ន : ជាដំណាក់កាល ដែលធនាគារជាតិនៃកម្ពុជា ត្រូវបានរស់រានឡើងវិញនិងត្រូវបានពង្រឹងជាបណ្តើរៗរហូត ទទួលបានការទទួលស្គាល់គួរជាទីមោទនៈពីមជ្ឈដ្ឋានអន្តរជាតិ។
មុខងារនិងភារកិច្ចទូទៅរបស់ធនាគារជាតិនៃកម្ពុជា
[កែប្រែ]ធនាគារជាតិនៃកម្ពុជាឬធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានមុខងារ និងភារកិច្ចដូចតទៅ៖
- កំណត់គោលនយោបាយរូបិយវត្ថុដោយពិគ្រោះជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
- តិះរិះរកអនុវត្ត និងត្រួតពិនិត្យ នយោបាយ រូបិយវត្ថុ និង ប្តូរប្រាក់អោយសំរេចទៅតាមគោលដៅដែលបានកំណត់។
- ធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ចនិង រូបិយវត្ថុ ជាប្រក្រតីរួចចេញផ្សាយលទ្ធផលហើយលើកសំណើនិងវិធានការជូនរដ្ឋាភិបាល។
- ផ្តល់ ឫដកហូតអាជ្ញាប័ណ្ណអាជីវកម្ម ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឯទៀត ដែលពាក់ព័ន្ធដូចជាស្នងការគនីគ្រឹះស្ថានជម្រះបញ្ជីជាដើម ព្រមទាំង ចេញបទបញ្ជា និងត្រួតពិនិត្យ គ្រឹះស្ថានទាំងនោះ ។
- ត្រួតពិនិត្យ ប្រព័ន្ធទូទាត់ក្នុង ព្រះរាជាណាចក្រកម្ពុជា និង កែលំអប្រសិទ្ធភាព នៃការទូទាត់ អន្តរ-ធនាគារ ។
- ទទួលភារៈផ្តាច់មុខជាអ្នកបោះផ្សាយរូបិយវត្ថុជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
- ទទួលខុសត្រូវ និងអនុវត្តក្នុងនាមនៃព្រះរាជាណាចក្រកម្ពុជានូវកិច្ចការទាំងឡាយដែលជាលទ្ធផលនៃការចូលរួមរបស់ ព្រះរាជាណាចក្រកម្ពុជាជាមួយស្ថាប័ន អន្តរជាតិ សាធារណៈ ក្នុងកិច្ចការធនាគារឥណទានរូបិយវត្ថុ។
- តម្លើងតារាងជញ្ជីងទូទាត់ ។
- ចូលរួមក្នុងការគ្រប់គ្រងបំណុល និងឥណនេយ្យជាមួយប្រទេសក្រៅ ។
- ចូលរួម ក្នុងការបង្កើត និងការត្រួតពិនិត្យ ទីផ្សាររូបិយវត្ថុ និងទីផ្សារហិរញ្ញវត្ថុ ។
- ផ្តល់ ឬដកហូតអាជ្ញាប័ណ្ណចំពោះគ្រឹះស្ថានដែលចូលរួមក្នុងអាជីវកម្មទីផ្សារប្តូរប្រាក់សង្ហារឹមប័ណ្ណ ត្បូងថ្ម និងលោហធាតុមានតមៃ្ល ព្រមទាំងចេញបទ បញ្ជានិងត្រួតពិនិត្យគ្រឹះស្ថានទាំងនេះ ។
- កំណត់អត្រាការប្រាក់។
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ Weidner, Jan (2017). "The Organisation and Structure of Central Banks" (PDF). Katalog der Deutschen Nationalbibliothek.