Jump to content

វៀតណាម

ពីវិគីភីឌា
សាធារណរដ្ឋសង្គមនិយមវៀតណាម
Cộng hòa Xã hội chủ nghĩa
Việt Nam
បាវចនា
Độc lập – Tự do – Hạnh phúc
"ឯករាជ្យភាព – សេរីភាព – សុភមង្គល"
ភ្លេងជាតិ
Tiến Quân Ca
(ខ្មែរ៖ "ចម្រៀងចលនាទ័ព")
ទីតាំងប្រទេសវៀតណាម (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសវៀតណាម (ក្រហម) នៅលើភូគោល
រដ្ឋធានីហាណូយ
21°2′N 105°51′E / 21.033°N 105.850°E / 21.033; 105.850
ទីក្រុងធំបំផុតទីក្រុងហូជីមិញ
10°48′N 106°39′E / 10.800°N 106.650°E / 10.800; 106.650
ភាសាផ្លូវការភាសាវៀតណាម[]
ក្រុមជនជាតិ
(ឆ្នាំ ២០១៩)
សាសនា
(ឆ្នាំ ២០១៩)
រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម រដ្ឋឯកបក្សប្រកាន់លទ្ធិម៉ាក្ស–លេនីនអាស្រ័យសភាឯកភូត
តូ ឡឹម
លឿង កឿង
ផាំ មិញជិញ
វឿង ឌិញហ៊ួយ
នីតិបញ្ញត្តិរដ្ឋសភា
និម្មិតកម្ម
៩៣៩
៩៦៨
១៤២៨
១៨០២
២៥ សីហា ១៨៨៣
២ កញ្ញា ១៩៤៥
២១ កក្កដា ១៩៥៤
៣០ មេសា ១៩៧៥
២ កក្កដា ១៩៧៦
១៨ ធ្នូ ១៩៨៦
២៨ វិច្ឆិកា ២០១៣
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣៣១,២១២ គ.ម   (ទី៦៦)
- ផ្ទៃទឹក (%)
៦.៣៨
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
៩៩,៤៦០,០០០[] (ទី១៥)
- ជំរឿន (ឆ្នាំ ២០១៩)
៩៦,២០៨,៩៨៤[]
២៩៥.០ នាក់/គ.ម   (ទី២៩)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ១.៤៥០ ទ្រីលានដុល្លារ[] (ទី២៦)
- ក្នុងម្នាក់
increase ១៤,៤៥៨ ដុល្លារ[] (ទី១០៣)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ៤៤៩.០៩៤ ពាន់លានដុល្លារ[] (ទី៣៤)
- ក្នុងម្នាក់
increase ៤,៤៧៥ ដុល្លារ[] (ទី១១៦)
ជីនី (២០១៨)positive decrease ៣៥.៧[]
មធ្យម
HDI (២០២១)decrease ០.៧០៣[]
ខ្ពស់ · ទី១១៥
រូបិយវត្ថុដុង (₫) (VND)
ល្វែងម៉ោងUTC+០៧:០០ (ម៉ោងស្តង់ដាវៀតណាម)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ – dd/mm/yyyy
បណ្ដាញចែកចាយអគ្គិសនី២២០ V – ៥០ Hz
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៨៤
កូដ ISO 3166VN
ដែនកម្រិតខ្ពស់.vn

ប្រទេសវៀតណាម (ភាសាវៀតណាម៖ Việt Nam) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសង្គមនិយមវៀតណាម (Cộng hòa xã hội chủ nghĩa Việt Nam) គឺជាប្រទេសមួយស្ថិតនៅជាយខាងកើតនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក ដោយមានក្រឡាផ្ទៃសរុប ៣៣១,២១២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅចំនួន ៩៩ លាននាក់។ ប្រទេសវៀតណាមមានព្រំដែនគោកជាប់ប្រទេសចិននៅភាគខាងជើង ប្រទេសកម្ពុជានិងឡាវនៅភាគខាងលិច ហើយមានដែនទឹកជាប់ប្រទេសថៃតាមរយៈឈូងសមុទ្រថៃ និងប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីតាមរយៈសមុទ្រចិនខាងត្បូង។ រដ្ឋធានីរបស់ប្រទេសវៀតណាមគឺទីក្រុងហាណូយ រីឯទីក្រុងធំបំផុតគឺទីក្រុងហូជីមិញ (អតីតក្រុងព្រៃនគរ)។

មនុស្សបានចូលមករស់នៅលើទឹកដីវៀតណាមដំបូងនៅក្នុងយុគសម័យថ្មបំបែក និងបានបង្កើតរដ្ឋដំបូងក្នុងសហវត្សទី ១ មុន គ.ស. នៅលើដីសណ្ដទន្លេក្រហមនៃវៀតណាមភាគខាងជើងបច្ចុប្បន្ន។ រាជវង្សហានបានកាត់បញ្ចូលវៀតណាមខាងជើង និងកណ្តាលដាក់នៅក្រោមការគ្រប់គ្រងរបស់ចិនចាប់ពីឆ្នាំ ១១១ មុន គ.ស. រហូតដល់រាជវង្សឯករាជ្យទីមួយបានលេចឡើងនៅឆ្នាំ ៩៣៩។ នគររាជានិយមជាបន្តបន្ទាប់បានស្រូបយកឥទ្ធិពលពីចិនតាមរយៈលទ្ធិខុងជឺ និងព្រះពុទ្ធសាសនា ហើយបានបន្តរីករាលដាលទៅភាគខាងត្បូងពោលគឺរហូតដល់ដីសណ្ដទន្លេមេគង្គ ដោយបានវាយដណ្តើមកាន់កាប់ប្រទេសចាម្ប៉ានៅក្នុងដំណើរនេះ។ រាជវង្សង្វៀន ដែលត្រូវជានគរចុងក្រោយរបស់វៀតណាម បានទទួលចុះចាញ់ក្រោមទ្វៃដៃនៃមហាអំណាចបារាំងនៅក្នុងឆ្នាំ១៨៨៣។ បន្ទាប់ពីបដិវត្តន៍ខែសីហា បក្សសម្ព័ន្ធជាតិនិយមហៅវៀតមិញ ក្រោមការដឹកនាំរបស់អ្នកបដិវត្តន៍កុម្មុយនីស្តឈ្មោះហូ ជីមិញ បានប្រកាសពីឯករាជ្យភាពរបស់វៀតណាមនៅក្នុងឆ្នាំ១៩៤៥។

ប្រទេសវៀតណាម​បាន​ឆ្លង​កាត់​សង្រ្គាម​អូសបន្លាយគ្នាជាច្រើនឆ្នាំនៅ​ក្នុង​សតវត្សរ៍​ទី២០។ ក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ បារាំងបានវិលត្រឡប់មកក្ដោបក្ដាប់អំណាចអាណានិគមវិញដែលជាហេតុនាំឱ្យសង្គ្រាមឥណ្ឌូចិនលើកទី១ ផ្ទុះឡើងដោយមានវៀតណាមជាអ្នកទទួលបានជ័យជំនះនៅក្នុងឆ្នាំ១៩៥៤។ ជាលទ្ធផលនៃសន្ធិសញ្ញាដែលបានចុះហត្ថលេខារវាងវៀតមិញ និងបារាំង ប្រទេសវៀតណាមទាំងមូលត្រូវបានបំបែកចេញជាពីរផ្នែកផ្សេងគ្នា។ សង្គ្រាមវៀតណាមបាន​ចាប់​ផ្ទុះឡើង​ភ្លាមៗ​​រវាង​ក្រុមកុម្មុយនីស្ត​និយមប៉ែកខាងជើង​ដែល​គាំទ្រ​ដោយ​សហភាព​សូវៀត​ និង​ចិន​ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមនិយមប្រឆាំងកុម្មុយនីស្ត​ប៉ែកខាង​ត្បូង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។ បន្ទាប់ពីជ័យជំនះរបស់វៀតណាមខាងជើងក្នុងឆ្នាំ១៩៧៥ វៀតណាមបានបង្រួបបង្រួមជារដ្ឋសង្គមនិយមតែមួយក្រោមអំណាចគ្រប់គ្រងនៃបក្សកុម្មុយនីស្តវៀតណាម (ប.ក.វ.) នៅឆ្នាំ១៩៧៦។ សេដ្ឋកិច្ចផែនការដែលបានផ្ដើមឡើងដោយរដ្ឋាភិបាលមិនបានទទួលផ្លែផ្កាអ្វីនោះឡើយព្រោះតែខ្លួនត្រូវជាប់ទណ្ឌកម្មពាណិជ្ជកម្មជាមួយបណ្ដាប្រទេសលោកខាងលិច និងសង្រ្គាមជាមួយកម្ពុជា ហើយនិងចិន។ នៅឆ្នាំ១៩៨៦ បក្សកុម្មុយនីស្តបានផ្តួចផ្តើមកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយដែលមានលក្ខណៈស្រដៀងទៅនឹងកំណែទម្រង់សេដ្ឋកិច្ចរបស់ចិនដែរ ដោយប្រទេសនេះបានបង្វែរតម្រង់ទៅរកសេដ្ឋកិច្ចទីផ្សារធូរទូលាយជាងមុន។ កំណែទម្រង់នេះដែរបានជួយសម្រួលដល់ការធ្វើសមាហរណកម្មវៀតណាមឡើងវិញទៅក្នុងសេដ្ឋកិច្ច និងនយោបាយពិភពលោក

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដែលមានសេដ្ឋកិច្ចមានចំណូលមធ្យមកម្រិតទាប វៀតណាមនៅតែបន្តជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតប្រចាំសតវត្សទី២១។ សព្វថ្ងៃ វៀតណាមកំពុងមានវិបត្តិអំពើពុករលួយកម្រិតខ្ពស់ ពិរុទ្ធភាព បញ្ហាបរិស្ថាន និងកំណត់ត្រារំលោភសិទ្ធិមនុស្សខ្ពស់។ ប្រទេស​នេះផងដែរកំពុង​ស្ថិត​ក្នុងចំណាត់ថ្នាក់​ទាប​បំផុតនៃរង្វាស់​សេរីភាព​ស៊ីវិលអន្តរជាតិ សេរីភាព​សារព័ត៌មាន ​សេរីភាព​ខាង​សាសនា និង​ជនជាតិភាគតិច។ វៀតណាមជារដ្ឋសមាជិកមួយនៃបណ្ដាស្ថាប័នអន្តរជាតិ និងអន្តររដ្ឋាភិបាលជាច្រើនរួមមាន៖ អាស៊ាន កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ចលនាមិនចូលបក្សសម្ព័ន្ធ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម។ លើសពីនេះ វៀតណាម​ក៏ធ្លាប់​បានកាន់​អាសនៈ​នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន​ចំនួន​ពីរ​ដងផងដែរ។

និរុត្តិសាស្ត្រ

[កែប្រែ]

ពាក្យ វៀតណាម មកពីសម័យ រាជាធិរាជគៀលង់ នៅឆ្នាំ១៨០៤។[] ពាក្យនេះជាបរមនាម របស់ប្រជាជន ណាមវៀត (南越, វៀតខាងត្បូង) ។​ កាលពីសម័យបុរាណ គេហៅខ្លូនឯង ណាមវៀត[១០] នៅឆ្នាំ១៨៣៩ រាជាធិរាជមីណមាង បានប្ដូរឈ្មោះប្រទេស ដូច ដាយ ណាម (ខាងត្បូងមហិមា)។[១១] នៅឆ្នាំ១៩៤៥ រដ្ឋាភិបាលក៏បានធ្វើការប្តូឈ្មោះទៅជា វៀតណាម វិញ។

ប្រវត្ដិសាស្ដ្រ

[កែប្រែ]

សម័យបុរេប្រវត្ដិ

[កែប្រែ]
វប្បធម៍ដុងសឺន ទៅវិចិត្រសាលរាជវង្សត្រាន សារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម ទីក្រុងហាណូយ។ 

អរិយធម៌សម័យមុនប្រវត្ដិសាស្ដ្ររបស់ប្រទេសវៀតណាមមានឈ្មោះល្បីល្បាញខ្លាំងណាស់ ជាពិសេសអរិយធម៌យុគថ្មថ្មី ដែលមានភស្ដុតាងបញ្ជាក់គឺ ស្គធ្វើពីសំរិទ្ធ និងទីប្រជុំជនបុរាណនៅដុងសឺន ខេត្ដថែងវ៉ា ខាងត្បូងមាត់ទន្លេក្រហម។ គេសន្និដ្ឋានថា បុព្វបុរសរបស់ជនជាតិវៀតណាមបុរាណជាការផ្សំពូជរវាងជនជាតិម៉ុងកូលយដ៍មកពីចិនខាងជើងនិងខាងត្បូង ជាអ្នកស្រុកសមុទ្រ មានមុខរបរធ្វើស្រែដាំស្រូវ និងនេសាទ និងរស់នៅជាមួយគ្នាជាកុលសម្ព័ន្ធ។ កំណត់ត្រាប្រវត្ដិសាស្ដ្រសម័យក្រោយរបស់វៀតណាមហៅសម័យនេះថា អាណាចក្រវ៉ាន់ឡាង មានមេដឹកនាំគ្រប់គ្រងបន្ដគ្នារាប់រយឆ្នាំហៅថា ស្ដេចហ៊ុង តែត្រូវគេចាត់ទុកជាសម័យបុរេប្រវត្ដិ។

សម័យប្រវត្ដិសាស្ដ្រ

[កែប្រែ]
រាជវង្សង្វៀន ផែនទីផ្នែករដ្ឋបាល (១៨៣៨)

វៀតណាមចាប់ផ្ដើមចូលក្នុងយុគសម័យប្រវត្ដិសាស្រ្ដក្រោយពេលដែលពួកកុលសម្ព័ន្ធធុក មកពីភាគខាងត្បូងនៃប្រទេសចិនចូលមកទន្ទ្រាននិងគ្រប់គ្រងដែនដីតំបន់ទំនាបទន្លេក្រហម។ ក្រោយពីនោះមិនយូរប៉ុន្មានចក្រពត្ដិជិនស៊ីហង់តេដែលចាប់ផ្ដើមបង្រួបបង្រួមដែនដីចិនឱ្យមានឯកភាព បានលើកទ័ពចុះមកហើយកម្ទេចអាណាចក្រធុក រួចបញ្ចូលដែនដីតំបន់ទំនាបទន្លេក្រហមទាំងអស់ឱ្យនៅចំណុះផ្ទាល់ក្រោមការគ្រប់គ្រងរបស់ណានហៃ (ស្រុកផានង្វីឬក្វាងចូវក្នុងមណ្ឌលក្វាងចូវបច្ចុប្បន្ន)។ ក្រោយពេលរាជវង្សឈិនដួលរលំ មន្រ្ដីណានហៃគឺ ចាវថួ ប្រកាសបង្កើតណានហៃជាអាណាចក្រឯករាជ្យ មានឈ្មោះថា ណានយ៉េវ ឬណាមវៀត(ក្នុងសំនៀងវៀតណាម) ដែលជាដើមកំណើតនៃឈ្មោះវៀតណាមក្នុងពេលបច្ចុប្បន្ន។ ក្រោយមកកងទ័ពហានរបស់ចិនបានចូលមកវាយយកអាណាចក្រណាមវៀតបានក្នុងឆ្នាំ ៤២ មុខគ.ស ហើយបូកបញ្ចូលដែនដីនេះជាផ្នែកមួយរបស់ចិន ដោយដាក់ឈ្មោះថា ចៀវជឺ រួចពង្រីកអាណាខេត្ដចុះមកភាគខាងត្បូងដល់បរិវេណតំបន់ខេត្ដដាណាំងបច្ចុប្បន្ន និងបញ្ជូនមន្ដ្រីគ្រប់គ្រងថ្នាក់ខ្ពស់មកប្រចាំការ ជាកំឡុងពេលដែលជនជាតិចិននាំវប្បធម៌ចិន ទៅផ្សព្វផ្សាយនៅលើដែនដីនេះ។ ចិនបានប្រមូលផលប្រយោជន៍ ទ្រព្យសម្បត្ដិពីពួកម្ចាស់ស្រុកឬជនជាតិវៀតណាម ជាហេតុបង្កឱ្យមានការងើបបះបោរប្រឆាំងយ៉ាងធ្ងន់ធ្ងរជាលើកច្រើនគ្រា។

បីឆ្នាំក្រោយមក វីរនារីនាម ហាយបាជឹង បានដឹកនាំកងទ័ពប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន តែទទួលបរាជ័យ ហើយវៀតណាមធ្លាក់ក្រោមការគ្រប់គ្រងរបស់ចិនដដែល។

អ្នកទោសបញ្ញា ជនជាតិចិនឈ្មោះ លីបូន បានរួមដៃជាមួយបញ្ញាជនជនជាតិវៀតណាមដើម្បីធ្វើបដិវត្ដ បង្កើតរាជវង្សលី ដាក់ឈ្មោះតំបន់នេះថា វ៉ាន់សួន តែត្រូវទទួលបរាជ័យទៀត។

ការគ្រប់គ្រងរបស់ចិននៅវៀតណាមមានការដាច់រយៈតាមស្ថានការក្នុងប្រទេសរបស់ខ្លួន ដែលជាឱកាសធ្វើឱ្យពួកម្ចាស់ស្រុកនៅវៀតណាមប្រកាសឯករាជ្យ។ ក្នុងកំឡុងពេលដែលវៀតណាមស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជ្យវង្សថាង ពុទ្ធសាសនាចាប់ផ្ដើមចូលមកវៀតណាម។ ស្រុកតាឡឬហាណូយ ជាស្រុកធំជាងគេ ជាមជ្ឈមណ្ឌលពានិជ្ជកម្មរបស់ចិននិងឥណ្ឌា។ ព្រះសង្ឃនិងអ្នកបួសក្នុងសាសនាតាវពីប្រទេសចិនធ្វើដំណើរចូលមកអាស្រ័យនៅលើដែនដីនេះ ក្រោយមករាជវង្សថាងបានប្ដូរឈ្មោះតំបន់គ្រប់គ្រងនេះជាថ្មីថា អាន់ណាន (ឬអណ្ណាម ក្នុងសំនៀងវៀតណាម) ក្រោយពេលបង្ក្រាបពួកម្ចាស់ស្រុកបាន តែចាត់ទុកជាវារៈចុងក្រោយនៃការគ្រប់គ្រងរបស់ចិន។

គ.ស ៩៥៥-៩៦៧

[កែប្រែ]

រាជវង្សង៉ូ ក្រោយពេលការដួលរលំនៃរាជវង្សថាងរបស់ចិន លោកមេទ័ពង៉ូង្វៀន មេទ័ពក្នុងស្រុកនៃតំបន់វ៉ាលឺ ភាគខាងត្បូងនៃទន្លេក្រហម បានវាយបណ្ដេញពួកចិន ហើយបង្កើតរាជវង្សង៉ូ និងប្ដូរឈ្មោះប្រទេសជា ដាយវៀត។ ក្រោយពេលព្រះអង្គសុគត អាណាចក្រត្រូវបែងចែកជា ១២ នគរ មានមេដឹកនាំរៀងខ្លួនដែលមិនចំណុះគ្នា។

គ.ស ៩៦៨-៩៨០

[កែប្រែ]

រាជវង្សឌិង លោកមេទ័ពឌិងបុលិង របស់រាជវង្សង៉ូ អាចបង្ក្រាបនិងបង្រួបង្រួមនគរផ្សេងៗ ឱ្យមានឯកភាព ហើយប្ដូរឈ្មោះប្រទេសជា ដាយកូវៀត ចាប់ផ្ដើមអនុវត្ដរបបគ្រប់គ្រងបែបចិនសម័យមុន ហើយតាំងខ្លួនជាស្ដេចចក្រពត្ដិ ឌិងទៀន ឬឌិងទៀនវ៉ាង ប្រៀបស្មើនឹងចក្រពត្ដិជិនស៊ីហង់តេអ្នកបង្រួបបង្រួមដែនដីចិន ចាត់ទុកជាការចាប់ផ្ដើមប្រើតំណែងចក្រពត្ដិ ឬវ៉ាងដេនៅវៀតណាមជាលើកដំបូង។           

គ.ស ៩៨១-១០០៩

[កែប្រែ]

រាជវង្សទៀនលេ ឬលេយុគសម័យដំបូង មហេសីរបស់ចក្រពត្ដិឌិងបុលិង បានបណ្ដេញរជ្ជទាយាទរាជវ​ង្សឌិង ស្ថាបនាព្រះស្វាមីថ្មីគឺ លោកមេទ័ពលេវ៉ាន ឱ្យឡើងធ្វើជាចក្រពត្ដិលេដាយហែង ដោយខិតខំពង្រឹងស្ថេរភាពដោយទៅរឹតចំណងសម្ព័ន្ធមេត្រីជាមួយរាជវង្សសុងរបស់ចិន និងបង្រ្កាបចលនាក្បត់ក្នុងប្រទេស តែនៅតែមិនអាចគេចផុតពីការធ្វើរដ្ឋប្រហារ។ ក្នុងសម័យនេះព្រះពុទ្ធសាសនា និងសាសនាតាវរុងរឿងណាស់ បានទទួលការគោរពពីពួកមន្រ្ដីថ្នាក់ខ្ពស់។

រាជវង្សសម័យថ្មី

[កែប្រែ]

គ.ស ១០០៩-១២២៥

[កែប្រែ]

រាជវង្សលី លី កុង អួន មានអំណាចនៅក្នុងរាជសំណាក់វ៉ាលឺ ពេលឡើងគ្រងរាជទ្រង់ប្ដូររាជធានីទៅឯ ថាងឡង (ហាណូយ) ទ្រង់បានបង្កើតវត្ដ ១៥០ កន្លែង នៅឆ្នាំគ.ស ១០៧០ នាំយកប្រព័ន្ធការប្រឡង ចងួន មកប្រើ បង្កើតសាកលវិទ្យាល័យវ៉ាន់មៀវ ផ្ដល់ចំណេះដឹងទាក់ទងនឹងអក្សរសិល្ប៍ខុងជឺ ដើម្បីប្រឡងចូលបម្រើរាជការក្នុងប្រព័ន្ធចងួន តែពួកមន្រ្ដីនៅមានអំណាចតិចតួច មន្ដ្រីមួយចំនួនមានខ្សែស្រឡាយអ្នកមានអំណាចតាមខេត្ដខណ្ឌ ក្រោយមកទ្រង់ព្រះនាមថា លីថៃតូ ។ សម័យលីជាសម័យដែលព្រះពុទ្ធសាសនាមានឥទ្ធិពលលើនយោបាយគ្រប់គ្រងនិងសង្គមយ៉ាងខ្លាំង ទីប្រឹក្សារាជការក្នុងរជ្ជកាលខ្លះជាព្រះសង្ឃ។ ចក្រពត្ដិរាជវង្សលីសម័យក្រោយបង្កើតវត្ដធំៗ ជាច្រើនកន្លែង និងដាក់រាជសម្បត្ដិចេញសាងផ្នួស ជាមូលហេតុធ្វើឱ្យអំណាចក្នុងការគ្រប់គ្រងរាជការត្រូវធ្លាក់នៅក្នុងកណ្ដាប់ដៃរបស់ញាតិព្រះរាជជាយាដែលមកពីត្រកូលអ្នកមាននៅតាមខេត្ដ។ ក្សត្រគ្រប់គ្រងអង្គចុងក្រោយជាក្មេងស្រីដែលទទួលការតែងតាំងជាចក្រពត្ដិនី ព្រះនាមថា លីចៀវ។ ការគ្រប់គ្រងរាជការធ្លាក់នៅក្រោមអំណាចព្រះញាតិវង្សព្រះមាតា ដែលជាមេទ័ពមានកងកម្លាំងទាហាននៅតាមខេត្ត ដូចជា ចឺនធូដុ ដែលធ្វើរដ្ឋប្រហារផ្ដួលរំលំរាជវង្សលីនាពេលក្រោយមកទៀត។

គ.ស ១២២៥-១៤០០

[កែប្រែ]

រាជវង្សចឺន ចឺនធូដុ ញាតិរបស់ព្រះជាយាចក្រពត្ដិ ធ្វើរដ្ឋប្រហារ ដណ្ដើមអំណាចក្នុងពេលដែលមានចលនាក្បត់និងការរុករានពីមេទ័ពបរទេស ក្រោយមកបានរៀបអភិសេកជាមួយព្រះនាងចៀវវ៉ាង ចក្រពត្ដិនីអង្គចុងក្រោយនៃរាជវង្សលី ហើយលើកក្មួយឱ្យធ្វើជាចក្រពត្ដិអង្គដំបូងនៃរាជវង្សចឺន។ សម័យចឺន វៀតណាមត្រូវប្រឈមមុខនឹងសង្គ្រាមជាប្រចាំ អ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺការរុករានពីសំណាក់ពួកម៉ុងកូលនិងចាម្ប៉ា។ សម័យចឺនចាប់ផ្ដើមផ្ដល់ភាពសំខាន់លើអរិយធម៌ចិនច្រើនជាងយុគសម័យមុនៗ ជាពិសេសខាងផ្នែកភូមិបញ្ញានិងអក្សរសាស្រ្ដ រួមទាំងការគ្រប់គ្រងនគរដូចចិន។ នៅសម័យនោះមានការចងក្រងប្រវត្ដិពង្សាវតារជាតិវៀតណាមជាលើកដំបូង មានឈ្មោះថា ដាយវៀតស៊ឺគី ឬកំណត់ត្រាប្រវត្ដិសាស្រ្ដអាណាចក្រដាយវៀត ដោយរាជបណ្ឌិត លេវ៉ាន់ហ៊ឹវ។ ក្រៅពីនេះនៅមានការចាប់ផ្ដើមប្រឌិតអក្សរវៀតណាម ដែលគេហៅថា អក្សរណូម ជាលើកដំបូង។           

គ.ស ១៤០០-១៩៤៨

[កែប្រែ]

រាជវង្សហូ ហូគុយលី ញាតិរបស់ព្រះជាយាចក្រពត្ដិរាជវង្សចឺន បង្កើតមូលដ្ឋានអំណាចរបស់ខ្លួនដោយការធ្វើជាមេទ័ពធ្វើសង្រ្គាមជាមួយពួកចាមខាងត្បូង ក្រោយមកបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីចក្រពត្ដិរាជវង្សចឺន ហើយព្យាយាមកម្ចាត់ខ្សែរាជវង្សដែលនៅសេសសល់។ ក្រោយមកឡើងគ្រងរាជតាំងទាយាទរបស់ខ្លួនឱ្យធ្វើជាចក្រពត្ដិនាពេលក្រោយមក រាជ​វង្សចឺនបានទៅសុំជំនួយពីរាជវង្សចិន ធ្វើឱ្យចិនបញ្ជូនកងទ័ព ចូលលមកផ្ដួលរំលំរាជវង្សហូ តែចុងក្រោយមិនព្រមប្រគល់អំណាចឱ្យរាជវង្សចឺន ហើយគ្រប់គ្រងវៀតណាមដោយខ្លួនឯង។

ការដណ្ដើមឯករាជ្យ និងការបង្កើតរាជវង្សលេ(សម័យក្រោយ) គ.ស ១៤២៨-១៧៨៨ លេឡឺយ ជនជាតិថែងវ៉ា ខាងត្បូងនៃទីក្រុងហាណូយ បានប្រមូលស្ម័គ្របក្សពួកតំាងខ្លួនធ្វើជាមេដឹកនាំវៀតណាម វាយបណ្ដេញចិនឱ្យចេញពីវៀតណាមបានជោគជ័យ។ ក្រោយមកក្នុងឆ្នាំគ.ស ១៤២៨ លេឡឺយឡើងគ្រងរាជ្យជាចក្រពត្ដិអង្គថ្មី ស្ថាបនារាជវង្សលេ មានរាជធានីនៅហាណូយ ឬថាងឡង និងមានរាជធានីមួយកន្លែងទៀតនៅខេត្ដថែងវ៉ា(ថាន់វ៉ា) ឬរាជធានីខាងលិច ដែលជាភូមិកំណើតរបស់លេឡឺយនិងត្រកូលលេ ក្រោយមកលេឡឺយបានទទួលការថ្វាយព្រះនាមថា លេថៃតូ។

រាជវង្សលេក្នុងដំណាក់កាលដំបូងជាដំណាក់កាលបង្កើតស្ថេរភាពនិងស្រោចស្រង់ប្រទេសលើគ្រប់វិស័យ ជាពិសេសក្នុងសម័យលេថៃតូ ឬលេឡឺយ ដូចជាការបង្កើតប្រព័ន្ធគ្រប់គ្រងរាជការ រៀបចំប្រឡងជ្រើសរើសមន្រ្ដី បង្កើតច្បាប់ថ្មី បែងចែកតំបន់គ្រប់គ្រងថ្មី លើកស្ទួយវិស័យកសិកម្ម រួមទាំងការស្ថាបនាសម្ព័ន្ធការទូតជាមួយចិន ធ្វើឱ្យវៀតណាមឈានចូលដល់សម័យសន្ដិភាពរួចផុតពីសង្គ្រាមម្ដងទៀត។

ក្រោយសម័យលេឡឺយ ចាប់ផ្ដើមកើតមានទំនាស់រវាងមន្រ្ដីស៊ីវិល និងមន្រ្ដីយោធាដែលរួមទ័ពជាមួយលេឡឺយក្នុងការធ្វើចំបាំងប្រឆាំងចិន។ ទំនាស់នេះបានរីករាលដាលកាន់តែធ្ងន់ធ្ងររហូតធ្វើឱ្យមានការបែងចែកបក្សពួកនៅក្នុងក្រុមមន្ដ្រីរាជសំណាក់ រហូតកើតចលនារដ្ឋប្រហារលើកដំបូងលើរាជវង្សលេ ក្នុងឆ្នាំគ.ស ១៤៥៩ មានការធ្វើគត់ព្រះជននីនិងចក្រពត្ដិ។ ក្រោយមកទើបបណ្ដាមន្ដ្រីគាំទ្រឱ្យសមាជិករាជវង្សមួយព្រះអង្គទៀតឡើងមកធ្វើជាចក្រពត្ដិជំនួស ក្រោយមកគឺចក្រពត្ដិថែងតុង (គ.ស ១៤៦០-១៤៩៧)។

រជ្ជកាលចក្រពត្ដិថែងតុង មានរយៈពេលយូរនិងរុងរឿងបំផុតក្នុងប្រវត្ដិសាស្រ្ដវៀតណាម មានការបដិវត្ដប្រទេសលើវិស័យច្រើនផ្នែកដោយធ្វើតាមគំរូចិនលើសដើម ទាំងប្រព័ន្ធការប្រឡងជ្រើសរើសមន្ដ្រីដែលរៀបចំប្រឡងគ្រប់បីកម្រិត តាំងពីស្រុករហូតដល់រាជធានី ចំនួនមន្ដ្រីកើនឡើងទ្វេរគុណ ហើយធ្វើឱ្យប្រព័ន្ធគ្រប់គ្រងរាជការមានភាពរ៉ឹងប៉ឹងជាងសម័យមុន។ ក្រៅពីនេះនៅមានការធ្វើវិសោធនកម្មច្បាប់ជាថ្មី ព្រះអង្គទ្រង់ធ្វើឱ្យវៀតណាមក្លាយជាមហាអំណាចនិងជាមជ្ឈមណ្ឌលដោយការធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ដែលតែងតែមានទំនាស់ជាមួយវៀតណាម គឺចាម្ប៉ានិងឡាវ។ ឥទ្ធិពលរបស់វៀតណាមធ្វើឱ្យកក្រើកដល់អាណាចក្រជាតិពន្ធុថៃនៅចិនខាងត្បូងនិងឡានណា។ ក្រោយរជ្ជកាលនេះ រាជវង្សលេចាប់ផ្ដើមមានទំនាស់រវាងពួកមន្ដ្រី ខ្សែព្រះញាតិវង្ស និងបញ្ហាសេដ្ឋកិច្ច រហូតចុងក្រោយត្រូវរងការធ្វើរដ្ឋប្រហារដោយលោកមេទ័ពម៉ាក់ដំាងស៊ុង ក្នុងឆ្នាំគ.ស ១៥២៨។ ខ្សែរាជវង្សលេរត់ភាសខ្លួនដោយមានការជួយការពារពីពួកមេទ័ពត្រកូលង្វៀន និងត្រកូលជិង ដែលមានឥទ្ធិពលក្នុងរាជសំណាក់តាំងពីសម័យដំបូងនៃរាជវង្ស។

រាជវង្សលេចាប់ផ្ដើមស្ដារអំណាចឡើងវិញ ដោយមានមេទ័ពជាមនុស្សក្នុងត្រកូលង្វៀននិងត្រកូលជិង ធ្វើសង្គ្រាមជាមួយរាជវង្សម៉ាក់ រហូតដល់ឆ្នាំគ.ស ១៥៩៣ ទើបអាចដណ្ដើមយកក្រុងថាងឡងមកវិញបាននិងស្ដាររាជវង្សលេគ្រប់គ្រងវៀតណាមជាបន្ដទៀត។

សម័យបែងចែកជាវៀតណាមខាងជើងនិងវៀតណាមខាងត្បូង

[កែប្រែ]

ក្រោយពេលស្ដាររាជវង្សលេបានហើយ លោកមេទ័ពត្រកូលជិងតាំងខ្លួនជាអ្នកសម្រេចរាជការ ហើយឱ្យលោកមេទ័ពត្រកូលង្វៀនទៅគ្រប់គ្រងតំបន់ជាយដែនខាងត្បូងបរិវេណខេត្ដដុងហឺយចុះទៅដល់ខេត្ដដាណាំងក្នុងពេលបច្ចុប្បន្ន។ មេទ័ពត្រកូលជិង តាំងខ្លួនជាម្ចាស់បន្ដតំណែងអ្នកសម្រេចរាជការក្នុងត្រូលរបស់ខ្លួន ទើបធ្វើឱ្យមេទ័ពត្រកូលង្វៀនប្រកាសមិនព្រមទទួលស្គាល់របបគ្រប់គ្រងរបស់ត្រកូលជិន រហូតធ្វើឱ្យកើតសង្គ្រាមជាថ្មីម្ដងទៀតរាប់សិបឆ្នាំ ទឹកដីវៀតណាមត្រូវបែងចែកជា ២ ផ្នែក ផ្នែកខាងជើងគឺវៀតណាមខាងជើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សលេនិងម្ចាស់ត្រកូលជិង មានរាជធានីនៅថាងឡង។ ចំណែកផ្នែកខាងត្បូង គឺវៀតណាមខាងត្បូង មានត្រកូលង្វៀនជាអ្នកគ្រប់គ្រងមានរាជធានីនៅខេត្ដហ៊្វូសួន ឬទីក្រុងវេសព្វថ្ងៃ។

សម័យតៃសឺន

[កែប្រែ]

គ.ស ១៧៧៣

[កែប្រែ]

កើតមានចលនាក្បត់ដឹកនាំដោយអ្នកស្រែបីនាក់បងប្អូននៅភូមិតៃសឺននៅខេត្ដប៊ិងឌិង តំបន់គ្រប់គ្រងរបស់ត្រកូលង្វៀន ហើយអាចវាយដណ្ដើមយកខេត្ដហ៊្វូសួន ធ្វើឱ្យអង្គម្ចាស់ង្វៀនអែង ខ្សែស្រឡាយត្រកូលង្វៀន រត់ចុះទៅខាងត្បូងវៀតណាមទៅរហូតដល់ក្រុងបាងកក មុនត្រឡប់មករួបរួមកម្លាំងយកឈ្នះពួកតៃសឺនវិញ។

អង្គមា្ចស់ង្វៀនអែង ឬង្វៀនហ្វុកអាន មេដឹកនាមត្រកូលង្វៀន ដែលតាំងខ្លួនជាចក្រពត្ដិអង្គថ្មីនៃរាជវង្សង្វៀន ក្នុងឆ្នាំគ.ស ១៨០២ បានស្ថាបនារាជធានីថ្មីនៅទីក្រុងវេ ជំនួសថាងឡង ដែលត្រូវប្ដូរឈ្មោះជាហាណូយ។

រាជវង្សង្វៀន

[កែប្រែ]

គ.ស ១៨០២-១៩៤៥

[កែប្រែ]

អង្គម្ចាស់ង្វៀនអែង ឬចក្រពត្ដិយ៉ាឡុង ចក្រពត្ដិអង្គដំបូងនៃរាជវង្សង្វៀន ចាប់ផ្ដើមពង្រីកទឹកដីវៀតណាមឱ្យមានវិសាលភាពស្ទើរស្មើបច្ចុប្បន្ន ដែនដីភាគខាងត្បូងពង្រីកទៅដល់មាត់ទន្លេមេគង្គ និងត្រើយជាប់ឈូងសមុទ្រថៃ។ ទ្រង់រក្សាសម្ព័ន្ធភាពជាមួយពួកបស្ចឹមប្រទេស ជាពិសេសបារាំងដែលជួយច្បាំងប្រឆាំងពួកតៃសឺន។ មេជាងជនជាតិបារាំងជួយគូសប្លង់ព្រះរាជវាំងនៅទីក្រុងវេ និងប៉មការពារក្រុងសៃហ្កន។

រាជវង្សង្វៀនរុងរឿងបំផុតនៅសម័យចក្រពត្ដិមិញម៉ាង ចក្រពត្ដិអង្គទី២ ទ្រង់ប្ដូរឈ្មោះប្រទេសជា ដាយណាម ពង្រីកអានុភាពទៅដល់ឡាវ និងកម្ពុជា បញ្ចូលដែនដីកម្ពុជាត្រើយខាងកើត ធ្វើសង្គ្រាមជាមួយសៀមជាបន្ដបន្ទាប់ជាងម្ភៃឆ្នាំ តែក្រោយមកត្រូវដកកម្លាំងពីកម្ពុជា ក្រោយពេលដែលត្រូវកម្ពុជាប្រឆាំងតបតវិញយ៉ាងខ្លាំងក្លា។

សម័យនេះវៀតណាចចាប់ផ្ដើមប្រើនយោបាយប្រឆាំងការផ្សព្វផ្សាយសាសនាគ្រិស្ដរបស់ព្រះសង្ឃមកពីអឺរ៉ុប មានការចាប់ដាក់គុក និងប្រហារព្រះសង្ឃមកពីអឺរ៉ុបជាបន្ដបន្ទាប់ រួមទាំងជនជាតិវៀតណាមដែលគោរពសាសនាគ្រិស្ដចំណុះបារាំង។ ជនជាតិវៀតណាមចាប់ផ្ដើមប្រឆំាងការទន្ទ្រានពីសំណាក់ពួកបារាំង តែមិនអាចទប់ទល់នឹងអានុភាពដ៏លើសលប់របស់បារាំងបាន ទើបបារាំងចូលមកគ្រប់គ្រងវៀតណាមកាន់តែខ្លាំងឡើងៗ ហើយបែងចែកវៀតណាមចេញជា ៣ ផ្នែក គឺអាណានិគមកូសាំងស៊ីនក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់អាណ្ណាម ភាគកណ្ដាល និងតុងកឹងនៃភាគខាងជើង ហើយវៀតណាមនៅមានចក្រពត្ដិជាប្រមុខដូចដើម តែត្រូវឆ្លងកាត់ការជ្រើសរើសដោយមន្ដ្រីបារាំង និងមានឋានៈជានិមិត្ដរូបនៃអំណាចគ្រប់គ្រងឃ្លាំង ឯកិច្ចការទាហាននិងការទូតជាតួនាទីរបស់បារំាង ហើយវៀតណាមក៏ត្រូវបាត់បង់ឯករាជ្យចាប់តាំងពីពេលនោះមក។                       

សម័យអាណានិគម

[កែប្រែ]
សាលអគ្គទេសាភិបាលឥណ្ឌូចិនបារាំង

បារាំងស្វែងរកផលប្រយោជន៍ពីការគ្រប់គ្រងវៀតណាមខាងផ្នែកសេដ្ឋកិច្ច។ វៀតណាមជាតំបន់កសិកម្ម​ដំណាំស្រូវ និងរុក្ខជាតិសេដ្ឋកិច្ចថ្មីៗ ដូចជា កាហ្វេ និងកៅស៊ូ នាំចេញទៅបារាំងនិងជាវត្ថុធាតុដើមផ្គត់ផ្គង់រោងចក្រនៅបារាំង ដីធ្លីនៅវៀតណាមត្រូវរឹបអូសនិងក្លាយជាកម្មសិទ្ធរបស់ជនជាតិបារាំង។ ជនជាតិបារាំងចាប់ផ្ដើមធ្វើដំណើរមកតាំងលំនៅនៅវៀតណាម ក្នុងពេលជាមួយគ្នាដែរក៏មានការអភិវឌ្ឍការសិក្សាអប់រំនិងវប្បធម៌បារាំងឱ្យមានការរីកចម្រើននៅវៀតណាម។ ជនជាតិវៀតណាមមួយភាគបានទទួលការសិក្សាបែបថ្មី និងចាប់ផ្ដើមទាមទារសេរីភាពក្នុងការធ្វើការនិងការរួមចំណែកក្នុងការគ្រប់គ្រងប្រទេស នាំទៅរកការបង្កើតឡើងនៃក្រុមពួកអ្នកជាតិនិយមផ្សេងៗ ដែលមានភាពរឹងមាំ គឺបក្សកុម្មុយនីស្ដឥណ្ឌូចិនដែលបង្កើតឡើងដោយហូជីមិញ ក្នុងឆ្នាំគ.ស​ ១៩៣០ ហើយក្រោយមកបានប្ដូរជាក្រុមវៀតមិញ បានដឹកនាំពួកអ្នកស្រែបង្កចលនាប្រឆាំងបារាំងនៅជនបទ។           

សម័យឯករាជ្យ

[កែប្រែ]

គ.ស ១៩៤៥

[កែប្រែ]

ហូជីមិញ ទទួលអំណាចពីចក្រពត្ដិបៅដាយ និងទទួលតំណែងជាប្រធានាធិបតីដំបូងគេក្រោយប្រកាសឯករាជ្យ។ តែក្រោយមកបារាំងបានមកបណ្ដេញរដ្ឋាភិបាលហូជីមិញ ហើយពុំព្រមទទួលស្គាល់ឯករាជ្យរបស់វៀតណាម ជាការនាំទៅរកសង្គ្រាមដែលទីបំផុតបារាំងចាញ់កងទ័ពវៀតមិញនៅសមរភូមិដៀនបៀនភូ ក្នុងឆ្នាំគ.ស ១៩៥៤ ហើយមានការធ្វើសន្ធិសញ្ញាចឺវ៉ា នៅប្រទេសស្វិសព្រមទទួលស្គាល់ឯករាជ្យរបស់វៀតណាម តែសហរដ្ឋអាមេរិចនិងវៀតណាមភាគត្បូង មិនព្រមចូលរួមជាមួយរដ្ឋាភិបាលរបស់ហូជីមិញ ក្រោយមកបានបង្កើតដែនដីវៀតណាមខាងត្បូងជាប្រទេសមួយ គឺសាធារណរដ្ឋវៀតណាម(វៀតណាមខាងត្បូង) ដែលមានរដ្ឋធានីនៅសៃហ្កន ប្រើខ្សែរយៈទទឹងទី១៧ អង្សារខាងជើងបែងចែកទឹកដីជាមួយវៀតណាមខាងជើង ក្រោមការគ្រប់គ្រងរបស់ហូជីមិញ(វៀតណាមខាងជើង)។

សង្គ្រាមវៀតណាម

[កែប្រែ]
ការបែងចែកក្រោយឥណ្ឌូចិនបារាំង នៅឆ្នាំ១៩៥៤

វៀតណាមខាងជើងមិនព្រមទទួលស្គាល់វៀតណាមខាងត្បូង ខណៈដែលសហរដ្ឋអាមេរិកបានជួយគាំទ្រខាងផ្នែកយោធាដល់វៀតណាមខាងត្បូងជាបន្ដបន្ទាប់ រួមទាំងការបញ្ជូនទាហានមកប្រចាំការនៅវៀតណាមខាងត្បូងកាន់តែច្រើនឡើងៗ។ វៀតណាមខាងចជើងប្រកាសសង្គា្រមដើម្បីបណ្ដេញ និងរំដោះវៀតណាមខាងត្បូងឱ្យរួមផុតពីការគ្រប់គ្រងរបស់អាមេរិក និងរួមគ្នាជាប្រទេសតែមួយ ព្រមទាំងផ្ដល់ការជួយគាំទ្រក្រុមវៀតណាចខាងត្បូងដែលប្រឆាំងអាមេរិក(វៀតកុង) ក្នុងការធ្វើសង្គ្រាម។

ការច្បាំងភាគច្រើនក្លាយជាការច្បាំងរវាងទាហានអាមេរិកនិងពួកសម្ព័ន្ធមិត្ដមកពីបរទេសជាមួយកងកម្លាំងវៀតកុងនិងវៀតណាមខាងជើង ទំាងនៅជនបទនិងការវាយលុកក្នុងទីក្រុង។ ថ្វីបើសហរដ្ឋអាមេរិកបានបញ្ចេញអានុភាពយ៉ាងខ្លាំងក្លាតែក៏មិនអាចធ្វើឱ្យសង្គ្រាមស្ងប់ស្ងាត់បាន ក្រោយពីការវាយលុកយ៉ាងសាហាវជាច្រើនលើករបស់វៀតណាមខាងជើងនិងពួកវៀតកុងនៅឆ្នាំគ.ស ១៩៦៨ នៅក្រុងវេ និងក្រុងសំខាន់ផ្សេងៗ ក្នុងដែនដីវៀតណាមខាងត្បូង សហរដ្ឋអាមេរិកចាប់ផ្ដើមត្រៀមការដកកម្លាំងពីវៀតណាមខាងត្បូង ហើយឱ្យវៀតណាមខាងត្បូងធ្វើសង្គ្រាមដោយខ្លួនឯង។

សហរដ្ឋអាមេរិកដកកម្លាំងទ័ពចេញពីវៀតណាមខាងត្បូងជាផ្លូវការនៅក្នុងឆ្នាំគ.ស ១៩៧៣ ទើបកងកម្លាំងវៀតណាមខាងជើងនិងវៀតកុងអាចវាយយកសៃហ្កន និងវៀតណាមខាងត្បូងបានទាំងអស់ ក្នុងឆ្នាំគ.ស​ ១៩៧៥ ។ ការបញ្ចូលវៀតណាមទាំងពីរចូលគ្នាត្រូវបានធ្វើឡើងនៅថ្ងៃទី២ កក្កដា ១៩៧៦ ហើយប្ដូរឈ្មោះប្រទេសវៀតណាមជា សាធារណរដ្ឋសង្គមនិយមវៀតណាម តាំងពីពេលនោះមក។

នយោបាយ

[កែប្រែ]

វៀតណាម​ដើរ​តាម​របប​សង្គម​និយម​ដែល​មាន​គណបក្ស​នយោបាយ​តែ​មួយ​គត់​គឺ​បក្ស​កុម្មុយនិស្ត​វៀតណាម។ ក្នុងឆ្នាំ 2016 ប្រតិភូ 95.8%[១២] គឺជាសមាជិកគណបក្សនៅក្នុងរដ្ឋសភា ប្រធានរដ្ឋាភិបាល ក្រសួង និងរដ្ឋសភា ព្រមទាំងស្ថាប័នតុលាការ សុទ្ធតែជាសមាជិកគណបក្ស ហើយត្រូវបានតែងតាំងដោយគណៈកម្មាធិការប្រតិបត្តិដែលតែងតាំងដោយរដ្ឋាភិបាលកណ្តាល ឬការិយាល័យនយោបាយ។

បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយអគ្គលេខាធិកាត្រូវបានកំណត់ដោយមាត្រា៤នៃរដ្ឋធម្មនុញ្ញថាជាបក្សកាន់អំណាចដែលជាអង្គការនយោបាយតែមួយគត់ដែលដឹកនាំរដ្ឋនិងសង្គមក្នុងឆាកនយោបាយរបស់វៀតណាមបានប្តេជ្ញាចិត្តចំពោះគោលការណ៍ “លទ្ធិប្រជាធិបតេយ្យកណ្តាល” របស់លេនីន ហើយបានធ្វើ។ មិនអនុញ្ញាតឱ្យមានច្បាប់ពហុបក្ស។[១៣]

ប្រធានាធិបតីវៀតណាមជាប្រមុខរដ្ឋដែលមានសិទ្ធិដូចខាងក្រោមៈ ប្រកាសរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ញត្តិ; អគ្គមេបញ្ជាការនៃកងកំលាំងប្រដាប់អាវុធ; ស្នើ​រដ្ឋសភា​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី ប្រធាន​តុលាការ​ប្រជាជន​កំពូល ប្រធាន​អយ្យការ​ប្រជាជន​កំពូល... ក្នុង​នាម​រដ្ឋ​ក្នុង​កិច្ចការ​ក្នុង​និង​ក្រៅប្រទេស។

រដ្ឋសភាមានអាណត្តិ៥ឆ្នាំ ដឹកនាំដោយប្រធានរដ្ឋសភា ដែលយោងតាមរដ្ឋធម្មនុញ្ញ គឺជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន។ មានតែរដ្ឋសភាទេដែលមានអំណាចរដ្ឋធម្មនុញ្ញ និងនីតិបញ្ញត្តិ ដែលមានភារកិច្ចត្រួតពិនិត្យ និងសម្រេចលើគោលនយោបាយ និងគោលការណ៍ជាមូលដ្ឋាននៃបរិក្ខាររដ្ឋវៀតណាម និងទំនាក់ទំនងសង្គមស៊ីវិល។ រដ្ឋសភាមិនឯករាជ្យ និងគោរពតាមបទប្បញ្ញត្តិភាគច្រើនរបស់បក្សកុម្មុយនិស្តវៀតណាម ប៉ុន្តែបន្ទាប់ពីរយៈពេលកំណែទម្រង់ចាប់ពីចុងទសវត្សរ៍ឆ្នាំ 1980 តួនាទីរបស់រដ្ឋសភាបានកើនឡើង។

រដ្ឋាភិបាលគឺជាស្ថាប័នប្រតិបត្តិនៃរដ្ឋសភា ដែលជាស្ថាប័នរដ្ឋបាលខ្ពស់បំផុត រួមទាំងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផងដែរ។

មុខតំណែងទាំងបួនរបស់អគ្គលេខាធិកា ប្រធាន នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាត្រូវបានគេហៅថាជាមេដឹកនាំសំខាន់ៗនៃបក្ស និងរដ្ឋវៀតណាម (ត្រូវតែជាសមាជិកការិយាល័យនយោបាយពេញមួយអាណត្តិ ឬលើសពីនេះ ក្នុងករណីជាពិសេសត្រូវតែសម្រេចដោយមជ្ឈិម គណៈកម្មាធិការប្រតិបត្តិ) ។

តុលាការប្រជាជនកំពូល គឺជាស្ថាប័នតុលាការ។ លើសពីនេះ តុលាការយោធាមានយុត្តាធិការពិសេសលើបញ្ហាសន្តិសុខជាតិ។

ស្ថាប័នអយ្យការកំពូលប្រជាជន គឺជាទីភ្នាក់ងារខ្ពស់បំផុតដែលកាន់អំណាចក្នុងការកាត់ទោស និងត្រួតពិនិត្យសកម្មភាពតុលាការនៅក្នុងប្រទេសវៀតណាម។

ភូមិសាស្ដ្រ

[កែប្រែ]

វៀតណាមជាប្រទេសដែលមានផ្ទៃដីរាងជាទ្រវែង និងមានលក្ខណៈភូមិសាស្រ្ដជាភ្នំខ្ពស់បាំងរវាងទំនាបទន្លេដែលមានដីមានជីរជាតិរវាងភាគខាងជើងនិងភាគខាងត្បូង តែមានភ្នំដែលមានព្រៃស្ដុកត្រឹមតែ ២០% តែប៉ុណ្ណោះ។ វៀតណាមជាប្រទេសមួយក្នុងចំណោម ៦ ប្រទេសដែលមានជីវចម្រុះច្រើនបំផុត ដោយមានពូជឈើ ១៣០០០ ប្រភេទ និងពូជសត្វជាង ១៥០០០ ប្រភេទ។

លក្ខណៈភូមិសាស្រ្ដ

[កែប្រែ]

-មានទំនាបទន្លេធំៗ ២ គឺ ភាគខាងជើងជាតំបន់ទំនាបទន្លេក្រហម និងភាគខាងត្បូជាតំបន់ទំនាបទន្លេមេគង្គ។

ផែនទីតំបន់វៀតណាម

-មានតំបន់ខ្ពង់រាបនៅភាគខាងជើងនៃប្រទេស និងជាភូមិភាគដែលមានភ្នំហ្វានស៊ីប៉ាំង ដែលជាភ្នំខ្ពស់បំផុត ៣១៤៣ ម៉ែត្រ (១០៣១២ft) ស្ថិតនៅក្នុងខេត្ដឡាវកាយ ជាកំពូលភ្នំខ្ពស់ជាងគេនៅឥណ្ឌូចិន។           

លក្ខណៈអាកាសធាតុ

[កែប្រែ]
ផែនទីអាកាសធាតុវៀតណាម

ជាអាកាសធាតុមូសុងតំបន់ក្ដៅ ឆ្នេរសមុទ្រផ្នែកខាងកើតបើកស្រឡះទទួលរបបខ្យល់មូសុងឥសានដែលបក់មកពីសមុទ្រចិនខាងត្បូង ធ្វើឱ្យមានរបបខ្យល់មូសុងនិងព្យុះខ្យល់គួចតំបន់ក្ដៅ ទើបមានភ្លៀងធ្លាក់ជោគជាំក្នុងរដូវរងារ អាចដាំស្រូវបាន ២ ដងក្នុងមួយឆ្នាំ (ភ្លៀងធ្លាក់ពេញមួយឆ្នាំ បានទទួលរបបខ្យល់មូសុងឥសាន)។ វៀតណាមខាងជើង (រួមទាំងទីក្រុងហាណូយ) ស្ថិតនៅក្រៅតំបន់ត្រូពិច ខណៈដែលវៀតណាមកណ្តាល និងខាងត្បូងមានអាកាសធាតុត្រូពិច។[១៤][១៥][១៦][១៧]

ជាប្រទេសដែលមានសំណើមប្រមាណ ៨៤% ពេញមួយឆ្នាំ មានបរិមាណទឹកភ្លៀងពី ១២០ ទៅ ៣០០ សង់ទីម៉ែត្រ និងសីតុណ្ហភាពមធ្យមពី ៥ អង្សារសេ (៤១ អង្សារហ្វារិនហៃ) ទៅ ៣៧ អង្សារសេ (៩៩ អង្សារហ្វារិនហៃ)។

ព្រំដែន

[កែប្រែ]

ប្រទេសវៀតណាមមានប្រវែងព្រំដែនសរុប ៤៦៣៨ គីឡូម៉ែត្រ (២៨៨៣ ម៉ាយ) ដោយជាប់នឹងប្រទេសកម្ពុជាប្រវែង ១២២៨ គីឡូម៉ែត្រ (៧៦៣ ម៉ាយ) ជាប់ប្រទេសចិន ១២៨១ គីឡូម៉ែត្រ (៧៩៦ ម៉ាយ) និងប្រទេសឡាវ ២១៣០​ គីឡូម៉ែត្រ (១៣២៤ ម៉ាយ)។

បំណែងចែករដ្ឋបាល

[កែប្រែ]
ផ្នែករដ្ឋបាលវៀតណាម ខេត្តនៃវៀតណាម

ប្រទេសវៀតណាមបែងចែកជា ៥៨ ខេត្ដ និង ៥ ក្រុង

តំបន់ដែនដីទំនាបទន្លេក្រហម តំបន់ភូមិភាគកណ្ដាលផ្នែកខាងជើង តំបន់ភូមិភាគកណ្ដាលផ្នែកខាងត្បូង តំបន់ភូមិភាគឥសាន តំបន់ភូមិភាគពាយ័ព្យ តំបន់ខ្ពស់ភាគកណ្ដាល តំបន់ភូមិភាគអាគ្នេយ៍ តំបន់ភូមិភាគទំនាបទន្លេមេគង្គ
ខេត្ដបាក់និញ ខេត្ដហាទិញ ខេត្ដប៊ិញឌិញ ខេត្ដបាក់សាង ខេត្ដដៀនបៀន ខេត្ដដាក់ឡាក់ ខេត្ដបាសៀក វុងតៅ ខេត្ដអានយ៉ាង
ខេត្ដហាណាម ខេត្ដង៉ិអាន ខេត្ដប៊ិញថួន ខេត្ដបាក់កាន់ ខេត្ដវ៉ាប៊ិញ ខេត្ដដាក់ណុង ខេត្ដប៊ិញសឿង ខេត្ដបាក់លៀវ
ខេត្ដហាយសឿង ខេត្ដក្វាងប៊ិញ ខេត្ដខាញ់វ៉ា ខេត្ដកាវបាំង ខេត្ដឡាយចឺវ ខេត្ដសាឡាយ ខេត្ដប៊ិញហ្វឿក ខេត្ដបេនចែ
ខេត្ដហ៊ឹងអៀន ខេត្ដក្វាងជិ ខេត្ដនិញថួន ខេត្ដហាសាង ខេត្ដសឺនឡា ខេត្ដកនទូម ខេត្ដដុងណាយ ខេត្ដកាម៉ៅ
ខេត្ដណាមឌិញ ខេត្ដថាញ់វ៉ា ខេត្ដហ្វូអៀន ខេត្ដឡាំងសឺន ខេត្ដឡឺមដុង ខេត្ដតៃនិញ ខេត្ដដុងថាប
ខេត្ដមិញប៊ិញ ខេត្ដថឿថៀនវ៉េ ខេត្ដក្វាងណាម ខេត្ដវ៉ាវកាយ ទីក្រុងហូជីមិញ ខេត្ដហឺវសាង
ខេត្ដថាយប៊ិញ ខេត្ដក្វាងង៉ាយ ខេត្ដហ្វូថក់ ខេត្ដកៀនយ៉ាង
ខេត្ដវិញហ្វុក ទីក្រុងដាណាំង ខេត្ដក្វាងនិញ ខេត្ដឡុងអាន
រដ្ឋធានីហាណូយ ខេត្ដថាយង្វៀន ខេត្ដសុកចាំង
ទីក្រុងហៃហ្វុង ខេត្ដត្វៀនក្វាង ខេត្ដតៀងសាង
ខេត្ដអៀនបាយ ខេត្ដចាវិញ
ខេត្ដវិញឡុង
ទីក្រុងកឺនថឺ

ប្រជាសាស្ត្រ

[កែប្រែ]
ជនជាតិវៀតណាម(ហៅថា គិញ) នៅទីក្រុងហាណូយ

ប្រជាជនមានចំនួន ៨៤.២៣ លាននាក់ មានដង់ស៊ីតេប្រជាជនជាមធ្យម ២៥៣ នាក់ក្នុងមួយគម មានជនជាតិវៀតណាម ៨៦% ។ ក្រៅពីនេះ នៅមានជនជាតិផ្សេងៗ ទៀត ដូចជា តាយ ថៃ មៀង ហួ(ចិន) ខ្មែរ​ នុង មុង។

វប្បធម៌

[កែប្រែ]

តាមរយៈការស្រាវជ្រាវក្នុងឆ្នាំគ.ស ១៩៩៩ ប្រទេសវៀតណាមមានប្រជាជនដល់ទៅ ៨០% ដែលចាត់ទុកថាខ្លួនឯងមិនមានសាសនា ដែលនៅសេសសល់ពីនោះគឺគោរពរសាសនាខុងជឺ តាវ ពុទ្ធមហាយាន រ៉ូម៉ាំងកាតូលិក ប្រូតេស្ដង់ និងផ្សេងៗ តែក៏មានពួកមុស្លីមដែលរបស់នៅខាងភូមិភាគនិរតី ដែលជាជនជាតិចាម។

ក្នុងការទំនាក់ទំនងគេប្រើភាសាវៀតណាម ដែលកាលពីឆ្នាំគ.ស ១៩២០ អ្នកជំនាញការវៀតណាមបានធ្វើប្រជាមតិក្នុងការចង់ប្រើតួអក្សររ៉ូម៉ាំង (quoc ngu) ជំនួសតួអក្សរចិន (Chu Nom) ក្នុងការសរសេរភាសាវៀតណាម។

ពិធីបុណ្យផ្សេងៗ

[កែប្រែ]

បុណ្យតេត ជាបុណ្យសាសនាដែលសំខាន់បំផុត មានឈ្មោះពេញថា “តេតង្វៀនដាន” មានន័យថា បុណ្យនៃពន្លឺដំបូងក្នុងឆ្នាំថ្មី មានរៀបចំធ្វើឡើងក្នុងរវាងចុងខែមករាដល់ដើមខែកុម្ភៈ ជាពិធីបុណ្យឆ្លងជំនឿលើអាទិទេព លទ្ធិតាវ ខុងជឺ និងសាសនាព្រះពុទ្ធ និងជាការគោរពបុព្វបុរស។           

ពិធីបុណ្យកណ្ដាលរដូវស្លឹកឈើជ្រុះ ត្រូវនឹងថ្ងៃ ១៥ កើត ខែ ៨ រៀងរាល់ឆ្នាំ អ្នកស្រុកប្រកួតគ្នាធ្វើនំពៀកកូយួន(បាន់ត្រាំងធូ) ព្រមទាំងរៀបចំក្បួនហែរ លេងម៉ុងសាយនាគ ដើម្បីជាការបង្ហាញសេចក្ដីគោរពចំពោះដួងព្រះច័ន្ទ។           

សេដ្ឋកិច្ច

[កែប្រែ]

កសិកម្ម

[កែប្រែ]
វាលស្រែភាគខាងជើងប្រទេសវៀតណាម

មានផលិតផលកសិកម្មដូចជា ស្រូវ កៅស៊ូ តែ កាហ្វេ ថ្នាំជក់ ម្រេច(ក្នុងឆ្នាំគ.ស ២០០៦ នាំចេញជាង ១១៦០០០តោន) ។ ការនេសាទ វៀតណាមចាប់ត្រីបានលំដាប់លេខ ៤ នៃទំនិញនាំចេញ ដូចជា ម៉ឹក បង្កង ។ ទីផ្សារសំខាន់គឺ ជប៉ុន តៃវ៉ាន់ និងសិង្ហបូរី។

ឧស្សាហកម្ម

[កែប្រែ]

ឧស្សាហកម្មដែលសំខាន់គឺ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ មានមជ្ឈមណ្ឌលនៅឯក្រុងហូជីមិញ និងតំបន់ឧស្សាហកម្មម៉មតាក់ស៊ីធីបៀនហូ។ ឧស្សាហកម្មរ៉ែសំខាន់គឺ ធ្យូងថ្ម ប្រេងកាត និងឧស្ម័នធម្មជាតិ។ វៀតណាមជាប្រទេសនាំចេញប្រេងឆៅលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ីនិងម៉ាលេស៊ី។

ការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការប្រឈមនឹងកង្វះថាមពលអគ្គិសនីប្រើប្រាស់ ធ្វើឱ្យមានការទិញថាមពលពីតំបន់យូណាននៃប្រទេសចិន តាំងពីខែកញ្ញាឆ្នាំ ២០០៤។

ហេតុផលសេដ្ឋកិច្ចជាហេតុផលសំខាន់បន្ទាប់ពីហេតុផលនយោបាយនិងយុទ្ធសាស្ដ្រក្នុងការដែលអាស៊ានទទួលវៀតណាមចូលជាសមាជិក ជាហេតុផលសំខាន់ដែលមិនអាចមើលរំលង សម្ព័ន្ធភាពទ្វេភាគីខាងសេដ្ឋកិច្ចរបស់វៀតណាម និងការដកទ័ពចេញពីកម្ពុជា ធ្វើឱ្យវៀតណាមត្រូវចុះហត្ថលេខាលើសន្ធិសញ្ញាសន្ដិភាពទីក្រុងបារីសឆ្នាំ ១៩៩១។

ផ្លូវគមនាគមន៍

[កែប្រែ]

វៀតណាមមានអាកាសយានដ្ឋានខ្នាតធំ ៦ កន្លែង គឺ អាកាសយានដ្ឋានណូយបាយ(Noi Bai) នៅក្រុងហាណូយ អាកាសយានដ្ឋានតឺនសឺនញិត(Tan Son Nhat) នៅទីក្រុងហូជីមិញ អាកាសយានដ្ឋានឡុងថិញ(Long Thanh) អាកាសយានដ្ឋានជូឡាយ(

Chu Lai) នៅខេត្ដក្វាងណាម(Quang Nam) និងអាកាសយានដ្ឋានទីក្រុងដាណាំង (Danang)។

ការចូលជាសមាជិកអាស៊ាន

[កែប្រែ]

១. ការគាំទ្រ និងការជួយអភិវឌ្ឍសេដ្ឋកិច្ចវៀតណាមទាំងដោយត្រង់និងដោយប្រយោលពីប្រទេសសមាជិកអាស៊ាន ធ្វើឱ្យវៀតណាមមើលឃើញថា ជាប្រការដែលមកតំណាលគ្នាជាមួយការសម្របខ្លួនខាងយុទ្ធសាស្ដ្រនិងការសម្របខ្លួនខាងនយោបាយក្រៅប្រទេស។ ការចូលជាសមាជិកអាស៊ានធ្វើឱ្យវៀតណាមទទួលបានបទពិសោធក្នុងការអភិវឌ្ឍប្រទេសពីសមាជិកផ្សេងៗ ដែលជាកត្ដាជំនួយនិងជំរុញខ្លួនទៅរកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដែលអាចប្រកួតប្រជែងជាមួយប្រទេសដទៃបាននៅទីបំផុត។

២. វៀតណាមផ្ដោតការសំខាន់ចំពោះការចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចនៃភូមិភាគអាស៊ីប៉ាស៊ីភិក និងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ ការចូលជាសមាជិកអាស៊ាននឹងនាំទៅរកការមានការរួមចំណែកក្នុងការធ្វើទីផ្សារសេរីអាស៊ាន ហើយនាំវៀតណាមទៅរកទម្លាប់នៃការប្រតិបត្ដិក្នុងការរួមក្រុមខាងសេដ្ឋកិច្ចកម្រិតពិភពលោក ដែលនឹងមានផលល្អនិងជាកត្ដាមួយដែលអាចជំរុញវៀតណាមឱ្យឈានទៅរកការចូលជាសមាជិករបស់ APEC និង WTO បាននៅពេលអនាគត។

៣. ក្នុងឋានៈជាសមាជិកអាស៊ាន វៀតណាមសង្ឃឹមថានឹងទទួលបានផលប្រយោជន៍ពីកំណើតពានិជ្ជកម្មនិងការវិនិយោគជាមួយប្រទេសអាស៊ានទំាងឡាយ។ ក្នុងពេលជាមួយគ្នាដែរ ក្នុងពេលដែលពានិជ្ជកម្មក្នុងក្រុមប្រទេសអាស៊ានកំពុងពង្រីកខ្លួន វៀតណាមក៏បានត្រៀមនិងសម្របគោលដៅការនាំចេញរបស់ខ្លួនចូលទៅក្នុងទីផ្សារអាស៊ានយ៉ាងប្រាកដប្រជាខ្លាំងឡើងៗ។ ការនាំចូលរបស់វៀតណាមពីប្រទេសអាស៊ាន ក្នុងបច្ចុប្បន្នទំនិញនាំចូលរបស់វៀតណាមជាងពាក់កណ្ដាលបានមកពីបណ្ដារប្រទេសអាស៊ាន និងប្រមាណ ៣០% នៃពានិជ្ជកម្មទាំងអស់របស់វៀតណាមបានធ្វើជាមួយអាស៊ាន។ ក្រៅពីនេះវៀតណាមនៅមានការរំពឹងទុកថា ខ្លួននឹងទទួលបានសិទ្ធិពិសេស GSP យ៉ាងតិច ១០ ឆ្នាំឡើងទៅ ហើយវៀតណាមក៏ជាគោលដៅនាំចេញដ៏សំខាន់មួយដែររបស់បណ្ដាប្រទេសអាស៊ាន។

ក្នុងផ្នែកការវិនិយោគ ទាំងវៀតណាមនិងក្រុមប្រទេសអាស៊ានដទៃទៀត នឹងទទួលបានផលប្រយោជន៍រួមគ្នាពីការដែលក្រុមប្រទេសទាំងអស់នោះចូលទៅវិនិយោគក្នុងប្រទេសវៀតណាម ដោយវៀតណាមនឹងអាចទទួលបានវិទ្យាសាស្ដ្រនិងបច្ចេកទេសដែលចូលមកជាមួយការវិនិយោគអន្ដរជាតិ ជាពិសេសក្នុងទម្រង់ការសហវិនិយោគ ដែលនឹងនាំទៅរកការអភិវឌ្ឍការផលិតរបស់វៀតណាម ហើយក្នុងពេលជាមួយគ្នាដែរ

ចាប់តាំងពីពេលដែលវៀតណាមបើកប្រទេសនិងប្រកាសច្បាប់ស្ដីអំពីការវិនិយោគអន្ដរជាតិ ប្រទេសសមាជិកអាស៊ានផ្សេងៗ បានចាប់អារម្មណ៍និងរកឱកាសចូលទៅវិនិយោគក្នុងប្រទេសវៀតណាម។ នេះមកពីអាស៊ានចាប់អារម្មណ៍លើផលប្រយោជន៍ខាងសេដ្ឋកិច្ចដូចគ្នា ទាំងផ្នែកពានិជ្ជកម្មនិងការវិនិយោគ ដោយសារវៀតណាមជាប្រទេសធំ មានប្រជាជនច្រើនរហូតដល់ទៅ ៧៣ លាននាក់​ សម្បូរដោយធនធានធម្មជាតិ មានកម្លាំងពលកម្មដែលមានសក្ដានុពលនិងមានតម្លៃថោក។ ការមានវៀតណាមជាសមាជិកបន្ថែមមួយទៀតធ្វើឱ្យប្រជាជនអាស៊ានកើនដល់ ៤២០ លាននាក់ និងមានតម្លៃផលិតផលសរុបក្នុងតំបន់កើន​ដល់ទៅ ៥០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យអាស៊ានមានសក្ដានុពលក្នុងការពង្រីកខ្លួនលើវិស័យសេដ្ឋកិច្ចបានថែមទៀត។

បច្ចុប្បន្ន ប្រទេសដែលបានចំណាយទុនវិនិយោគច្រើនជាងគេនៅវៀតណាមក មានដូចជា សិង្ហបូរី ដែលមានគ្រោងការវិនិយោគដែលបានទទួលការអនុម័តចំនួនគ្រោងការ ក្នុងតម្លៃ៥.៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ តម្លៃការវិនិយោគនៃប្រទេសសមាជិកអាស៊ានក្នុងប្រទេសវៀតណាមមាន ២៧.៦៩% នៃតម្លៃការវិនិយោគអន្ដរជាតិទាំងអស់នៅវៀតណាម ពោលគឺមានតម្លៃ ៨.១៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៃតម្លៃការវិនិយោគអន្ដរជាតិសរុប ២៩.៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយមានគ្រោងការទាំងអស់ ៣៣៧ គ្រោងការ ដោយម៉ាលេស៊ីវិនិយោគលំដាប់ទី២ បន្ទាប់ពីសិង្ហបូរី ថៃវិនិយោគលំដាប់ទី៣។ ប្រភេទនៃការវិនិយោគដែលប្រទេសសមាជិកអាស៊ានកំពុងដំណើរការនៅវៀតណាមមានដូចជា ឧស្សាហកម្មការផលិត ការបង្កើតស្ថាប័ន លំនៅដ្ឋាន ការផលិតទំនិញឧបភោគបរិភោគនិងការកែច្នៃអាហារ។ វៀតណាមរំពឹងទុកថា ការវិនិយោគពីប្រទេសសមាជិកអាស៊ាននេះនឹងមានការរួមចំណែកធ្វើឱ្យមានតុល្យភាពការវិនិយោគរវាងកូរ៉េខាត្បូង តៃវ៉ាន់ ហុងកុង និងជប៉ុន។

ហេតុផលមួយទៀតដែលធ្វើឱ្យអាស៊ានរីករាយទទួលវៀតណាមចូលជាសមាជិកគឺ ការរួមក្រុមអាស៊ានរបស់វៀតណាមនេះអាចមានឥទ្ធិពលទៅបន្ថែមលើសមត្ថភាពក្នុងការប្រកួតប្រជែងសេដ្ឋកិច្ច និងអំណាចនៃការតវ៉ានយោបាយទាំងឡាយ ប្រទេសនីមួយៗ ក៏មានផលប្រយោជន៍ស្របគ្នា ទាំងខាងនយោបាយនិងខាងសេដ្ឋកិច្ច ដែលនាំទៅរកការទទួលស្គាល់ជាអន្ដរជាតិ។

កំណត់សម្គាល់

[កែប្រែ]
  1. តំណែងនយោបាយដ៏មានឥទ្ធិពល និងខ្ពង់ខ្ពស់បំផុតនៅប្រទេសវៀតណាមគឺអគ្គលេខាធិការបក្សកុម្មុយនីស្ត មិនមែនប្រធានាធិបតីទេ។ អគ្គលេខាធិការបក្សមានអំណាចគ្រប់គ្រងការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចកំពូលរបស់វៀតណាម ដែលនាំឱ្យអ្នកកាន់តំណែងនេះជាមេដឹកនាំកំពូលនៃប្រទេសតែម្តង។
  1. អាចហៅបានថាជនជាតិកិញ។[]

ឯកសារយោង

[កែប្រែ]
  1. "Vietnam". The World Factbook. Central Intelligence Agency. 18 April 2023. Retrieved 14 July 2023.
  2. Communist Party of Vietnam 2004.
  3. ៣,០ ៣,១ ការិយាល័យស្ថិតិកំពូលវៀតណាម ២០១៩.
  4. "2019 Report on International Religious Freedom: Vietnam". ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក.
  5. "Thông cáo báo chí về tình hình kinh tế – xã hội quý IV và năm 2022". ការិយាល័យស្ថិតិកំពូលវៀតណាម.
  6. ៦,០ ៦,១ ៦,២ ៦,៣ មូលនិធិរូបិយវត្ថុអន្តរជាតិ.
  7. World Bank 2018c.
  8. "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍសហប្រជាជាតិ. 8 September 2022. Retrieved 14 កក្កដា 2023.
  9. L. Shelton Woods (2002). Vietnam: a global studies handbook. ABC-CLIO. p. 38. ISBN 1-57607-416-1.
  10. L. Shelton Woods (2002). Vietnam: a global studies handbook. ABC-CLIO. p. 38. ISBN 1-57607-416-1
  11. A. Dirk Moses (2008). ក្រុមកីឡាវៀតណាម
  12. 96% đại biểu Quốc hội là đảng viên[តំណភ្ជាប់ខូច]
  13. Limits and Potential of Liberal Democratisation in Southeast Asia
  14. "MỘT SỐ THÔNG TIN VỀ ĐỊA LÝ VIỆT NAM" (in វៀតណាម). Viet Nam Government Portal. Archived from the original on 11 November 2021. Retrieved 9 November 2018.
  15. "Vietnam". Country Nuclear Power Profiles: 2012 Edition. International Atomic Energy Agency. Archived from the original on 9 November 2018. Retrieved 9 November 2018.
  16. "Climate". Vietnam National Administration of Tourism. Archived from the original on 9 November 2018. Retrieved 9 November 2018.
  17. "Vietnam Climate". WorldData.info. Retrieved 2023-11-24.