បរមសោករាជ
បរមសោករាជ | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ១៤១២-១៤១៦ | ||||
រាជ្យមុន | ព្រះបាទស្រីសុរិយោវង្ស | ||||
រាជ្យបន្ត | ព្រះចៅឥន្ទរាជា | ||||
| |||||
សន្តតិវង្ស | ទេវង្សអស្ចារ្យ រឺ អង្គជ័យ | ||||
បិតា | ព្រះបាទធម្មាសោករាជ | ||||
ប្រសូត | គ.ស ១៣៨៣ មហានគរ | ||||
សុគត | គ.ស ១៤១៦ មហានគរ |
ព្រះបាទបរមសោករាជ (គ.ស ១៣៨៣-១៤១៦) រជ្ជកាល (គ.ស ១៤១២-១៤១៦) ដែលត្រូវជាព្រះរាជបុត្ររបស់ព្រះបាទធម្មាសោករាជ ព្រះមហាក្សត្រទី៣១ បានទទួលព្រះរាជាភិសេកយ៉ាងមហោឡារិក នៅថ្ងៃ ៥កើត ខែកត្ដិក ឆ្នាំម្សាញ់ ព.ស ១៩៥៧, ម.ស ១៣៣៥, ច.ស ១៤១៣។ ព្រះអង្គទ្រង់បានព្រះជន្ម ២៩ វស្សា។ ព្រះអង្គជាព្រះមហាក្សត្រទី៣៣។ ព្រះអង្គបានទទួលព្រះបរមនាមជា ព្រះបាទសម្ដេចព្រះបរមសោករាជ មហារាជាធិរាជ។ ឆ្នាំវក ព.ស ១៩៦០, ម.ស ១៣៣៨, ច.ស ៧៧៨, គ.ស ១៤១៦ (កាលបរិច្ឆេទនេះ មិនដូចគ្នាទាំងអស់ទេ បើប្រៀបធៀបជាមួយពង្សាវតារឯទៀត)។ កាលនោះព្រះអង្គមានព្រះជន្ម ៣២ វស្សា ហើយសោយរាជ្យទើបតែបាន ៤ ឆ្នាំ ស្ដេចសៀមដែលសោយរាជ្យនៅក្រុងស្រីអយុធ្យា បានលើកទ័ពយ៉ាងធំច្រើនគគ្រឹកគគ្រេងអស្ចារ្យ ចូលមកវាយប្រហារឈ្លានពានយកទឹកដីខ្មែរម្ដងទៀត។ ទ្រង់ប្រហែលសុគតនៅ គ.ស ១៤១៦។
ព្រឹត្តិការណ៍ឈ្លានពានរបស់សៀម
[កែប្រែ]ស្ដេចសៀមអង្គនេះដែលជាប់ជាកូនចៅរបស់ព្រះរាមេសូរ មានឈ្មោះថា ចៅសោមពញា។ ឯគោរមនាមព្រះមហាក្សត្រវិញគឺ ព្រះបរមរាជា (បើតាមអ្នកប្រវត្ដិវិទូឯកទេសខ្លះ គេបានប៉ាន់ស្មានថា ស្ដេចសៀមអង្គនេះ ជាព្រះបរមរាជាទី២ ដែលសោយរាជសម្បត្តិនៅប្រទេសសៀមពីគ.ស ១៤០៤ ដល់ ១៤៤៨ តែចំណោទស្ថិតនៅត្រង់កាលបរិច្ឆេទ ថ្ងៃខែឆ្នាំដែលមិនស្របគ្នា)។ គ្រានោះកងទ័ពសៀមដែលដឹកនាំដោយចៅសោមពញា ឬព្រះបរមរាជាទី២ មានចំនួនដល់ទៅ ១០ ម៉ឺននាក់ ចែកចេញជា៤កងពលធំៗ។ព្រះអង្គបានចាត់កូនប្រុសព្រះអង្គ ឈ្មោះឥន្ទរាជា ជាមេទ័ពស្រួច ។
កងទ័ពសៀម វាយប្រហារ ដណ្ដើមយកបានខេត្ដខ្មែរមួយម្ដងៗ ជាប់តែតាមផ្លូវរហូតដល់ទីក្រុងមហានគរ។ ស្ដេចសៀមបានបញ្ជាឲ្យមេទ័ពពលសេនា ឡោមហ៊ុំព័ទ្ធជិតជុំវិញមហានគរ។ ចំណែកខាងខ្មែរវិញ ដែលនៅក្នុងមហានគរ ព្រះបរមសោករាជបានបញ្ជាឲ្យការពារកំពែងនគរដោយមុតមាំ។ ព្រះអង្គបានចាត់តាំងពញាកែវ ជាមេទ័ពការពារកំពែងរាជធានីទិសខាងលិច ពញាទ័យ(ពង្សាវតារវត្ដទឹកវិលបានសរសេរ ម្ដងថា ពញាកែវ និងពញាទ័យ ជាកូនព្រះបាទធម្មាសោករាជ ម្ដងទៀតថាជាកូនព្រះបាទស្រីសុរិយោវង្ស) ជាមេទ័ពកំពែងខាងជើង ព្រះចៅពញាយ៉ាត ព្រះរាជបុត្រព្រះ[ស្រីសុរិយោវង្ស ជាមេទ័ពការពារកំពែងទិសខាងត្បូង និងសម្ដេចចៅហ្វាទឡ្ហៈ ជាមេទ័ពទិសខាងកើត។ ការប្រយុទ្ធកាប់ចាក់គ្នា បាញ់កាំភ្លើង (នេះបើតាមពង្សាវតារសម្ដេចវាំងជួន) ព្រួញ ធ្នូ ស្នា គប់ចោលលំពែងដុំថ្ម ស្រោបស្រប់លើគ្នាទៅវិញទៅមកមានសភាពខ្លាំងសម្បើមអស្ចារ្យ ជាហូហែរៀងរាល់ថ្ងៃ ឥតមានស្រាកស្រាន្ដឈប់សម្រាកសោះឡើយ។ ពលរេហ៍ទាំងសងខាងមានរបួស និងស្លាប់ជាច្រើនដេរដាសដេកពាសពេញតាមជើងកំពែងមហានគរ។ រហូតមកដល់ខែជេស្ឋ ត្រូវជាប្រាំពីរខែហើយ ដែលចម្បាំងកាប់ចាក់ប្រយុទ្ធគ្នារវាងខ្មែរ និងសៀមនៅតែបន្ដយ៉ាងសាហាវជានិច្ច មិនទាន់មានចាញ់ ឬមានឈ្នះ។ កងទ័ពសៀមនៅតែហ៊ុំឡោមព័ទ្ធជិតជុំវិញព្រះរាជធានីខ្មែរដដែល តែសៀមនៅតែវាយបំបែក ដណ្ដើមយកមហានគរមិនបាន។
គ្រានោះ បើតាមពង្សាវតាសម្ដេចវាំងជួន ព្រះមហាក្សត្រខ្មែរទី៣៣ ព្រះបរមសោករាជមានជំងឺជាទម្ងន់ ដោយសារអាក់អន់ស្រពន់ព្រះហឫទ័យ តូចចិត្ដនឹងក្រុមអ្នកជិតស្និទមុខមន្ដ្រីខ្លះដែលក្បត់ទៅឃុបឃិត ផ្សំគំនិត ចូលដៃចូលជើងជាមួយនឹងសត្រូវ។ ពង្សាវតារវត្ដកោកកាកបានបញ្ជាក់ថា ជនក្បត់ទាំងនោះ គឺពញាកែវ និងពញាទ័យ។ ជនក្បត់ទាំងពីរនាក់ជាអ្នកដៃដល់ធ្វើឃាតព្រះមហាក្សត្រ។ ព្រះបាទបរមសោករាជ ចូលទិវង្គតនៅឆ្នាំវកដដែល ក្នុងព្រះជន្ម ៣២ វស្សា ក្រោយដែលសោយរាជសម្បត្តិប្រទេសខ្មែរបាន ៤ ឆ្នាំ។
ការក្បត់លក់ជាតិរបស់ព្រះញាតិវង្សស្ដេច និងមន្ដ្រីខ្មែរ ជាមូលហេតុមួយដែលធ្វើឲ្យមហានគរត្រូវបែកបាក់រលំរលាយ សៀមយកបាន។ យុទ្ធវិធីសៀមទី១ គឺបញ្ចុះបញ្ចូល បញ្ជាទិញបំបែកបំបាក់អ្នកដឹកនាំខ្មែរនៅខាងក្នុង។ និងទី២ សៀមបញ្ជូនមនុស្សឲ្យទៅបង្កប់ខ្លួនផ្ទៃក្នុង ចាំស្ដាប់លបលួចយកការណ៍ និងធ្វើវិទ្ធង្សនាផ្សេងៗ។ សៀមប្រើជានិច្ចនូវគ្រប់មធ្យោបាយ ល្បិចកិច្ចកល ដើម្បីលួចប្លន់ដណ្ដើមយកទឹកដីខ្មែរ។ ពង្សាវតាវត្ដទឹកវិល បានសរសេរគូសបញ្ជាក់ថា ឧបាយកលដែលស្ដេចសៀមយកមកប្រើនោះ គឺគេយកមេទ័ពស្មោះត្រង់ប្រាំមួយនាក់ ឲ្យមកដើរតួជាជនក្បត់ ហើយរត់ទៅសុំចុះចូលនៅបម្រើស្ដេចខ្មែរ។ ស្ដេចសៀមបានសន្យាអះអាងប្រាប់មេទ័ពស្មោះត្រង់ទាំងនោះថា បើវាយយកមហានគរបានដូចក្ដីបំណងមែននោះ ព្រះអង្គប្រទានរង្វាន់បុណ្យស័ក្ដិខ្ពង់ខ្ពស់ និងទ្រព្យសម្បត្តិសម្បូរហូរហៀរតាមចិត្ដប្រាថ្នា។ មេទ័ពសៀមទាំង ៦ នាក់មានឈ្មោះ នាយអៀន នាយសាន នាយច័ន្ទ នាយដេត នាយកៅ និងនាយឌី។ ដើម្បីរៀបចំគម្រោងការណ៍ ឆាកល្ខោនក្បត់ឲ្យសមរម្យល្អ មើលទៅឃើញពិតជារឿងក្បត់មែនទែន ព្រះមហាក្សត្រសៀមបានចោទប្រកាន់មេទ័ពទាំង ៦ នាក់ថា មិនបាននាំទ័ពចេញទៅប្រយុទ្ធតាមបទបញ្ជាទេ ហើយបែរជាខ្លាចសត្រូវនាំកូនទ័ពរត់ដកថយទៅវិញ។ ដូច្នេះគេត្រូវតែទទួលទោសទៅតាមច្បាប់វិន័យដែលបានកម្រិត។ ស្ដេចសៀមបញ្ជាឲ្យចាប់មេទ័ពសៀមទាំង៦នាក់យកទៅចងផ្អោបនឹង បង្គោល វាយម្នាក់ ៥០ រំពាត់ ដែកដុតថ្ងាសធ្វើសញ្ញាជើងក្អែក ហើយសម្លាប់ចោលទុកជាមេរៀន ព្រមានដល់ពលសេនាឯទៀត។ តែនៅពេលប្រហារជីវិត ពេជ្ឈឃាតសៀមទាំង ១៥ នាក់ដែលទទួលភារកិច្ចយកទៅសម្លាប់នៅជិតទ្វារ មហានគរខាងលិច បានដោះលែងមេទ័ពជាប់ទោសទាំងប៉ុន្មាន ឲ្យរត់រួចមានសេរីភាពគ្មានសល់។ មេទ័ពទាំងនោះបានទៅក្រាបថ្វាយបង្គំសំពះសុំចុះចូល បម្រើព្រះមហាក្សត្រខ្មែរ ដូចដែលបានគ្រោងទុកមែន។ ព្រះរាជា និងនាម៉ឺនខ្មែរទាំងឡាយ ក្រោយដែលស្ដាប់ពិនិត្យ ពិចារណាសព្វគ្រប់ហើយ យល់ជឿជាក់ថាជាការពិត មិនមែនជាការក្លែងបន្លំឡើយ។ ព្រះអង្គទ្រង់អាណិតខ្លោចផ្សា អនុញ្ញាតឲ្យមានសិទ្ធិសេរីភាពរស់នៅ ថែទាំមើលជំងឺមុខរបួសក្នុងមហានគរ។ ដោយមានមុខរបួសធំធ្ងន់ មិនអាចព្យាបាលបាន មេទ័ពសៀមទាំងពីរនាក់ក៏ត្រូវផុតជីវិតទៅ។ ចំណែកមេទ័ពសៀមបួននាក់ទៀតដែលនៅរស់មិនយូរប៉ុន្មាន របួសក៏បានជាសះស្បើយដូចធម្មតា។ គេអាចចេញមុខធ្វើការបម្រើព្រះមហាក្សត្រខ្មែរដោយអង់អាចក្លាហាន គួរជាទីទំនុកទុកចិត្ដ។ ឃើញដូច្នោះ ព្រះបរមសោករាជព្រះអង្គបានប្រទានរង្វាន់ធនធាន និងឋានន្ដរស័ក្ដិជាញឹកញាប់។ កាលបើដឹងច្បាស់ថាខ្មែរទុកចិត្ដ ជឿស៊ប់ហើយ មេទ័ពសៀមបង្កប់ខ្លួនទាំង ៤ ឆ្លៀតឱកាសល្អដែលហុចឲ្យ នាំគ្នាយកដែកគោលញាត់បុកបិទភ្ជិតរន្ធកាំភ្លើងកាណុង ធ្វើឲ្យខូចលែងបាញ់ប្រើប្រាស់កើត។ រួចហើយ ពួកសៀមបង្កប់ខ្លួនបាញ់ព្រួញដោយមានចងភ្ជាប់សំបុត្រសម្ងាត់ ធ្វើទៅថ្វាយប្រាប់ស្ដេចសៀម ព្រះបរមរាជាទី២ តាមដំណើរការណ៍ ដែលពួកគេបានរៀបចំធ្វើហើយជាស្រេច។
ស្ដេចសៀមព្រះបរមរាជាទី២ គ្រាន់តែបានទទួលដំណឹងល្អភ្លាម ឥតបង្អង់យូរ ក៏បញ្ជាឲ្យលើកទ័ពពលរេហ៍ ចេញទៅវាយសម្រុកផ្ទប់ចូលព្រះមហានគរទាំង ៤ ទិស។ ទ័ពសៀមវាយលុកប្រយុទ្ធបាញ់កាំភ្លើង ស្នា ព្រួញ គប់ចោលលំពែង ទូងស្គរវាយគង ស្រែកហ៊ោកញ្ជ្រៀវ សន្ធាប់លាន់ឮសន្ធឹកដូចព្យុះសង្ឃរា ដែលកំពុងតែហោះបោកបក់ហក់លឿនស្លេវ ស្ទុះទៅកម្ទេចមហានគរ។ ពលទាហាខ្មែរដែលយាមត្រៀមចាំការពារតាមដងកំពែង ឃើញដូច្នោះ នាំគ្នាទៅអូសទាញយកកាំភ្លើងកាណុងធំ មកបាញ់តបតនឹងខ្មាំង។ តែគ្រឿងអាវុធទាំងអស់ ត្រូវខូចខាតប្រើលែងកើត។ ទោះបីជាស្ថានភាពមានការយ៉ាប់យ៉ឺនចុះដុនដាបក៏ដោយ ក៏កងទ័ពខ្មែរមិនទាន់ទន់ដៃទន់ជើងដែរ។ ប្រយុទ្ធគ្នាអស់មួយថ្ងៃហើយ មហានគរនៅរឹងប៉ឹងមាំមួនឈរនឹងដដែល ។ ទ័ពសៀមនៅតែមិនទាន់មានលទ្ធភាពអាចយកជ័យជំនះ វាយបំបែកចូលដណ្ដើមយកមហានគរបាន។ ប្រហែលជាក្នុងឱកាសនេះហើយដែលក្រុមក្បត់ពញាកែវ និងពញាទ័យបាននាំគ្នាធ្វើឃាតព្រះបាទព្រះបរមសោករាជ។ ព្រឹត្ដិការណ៍នេះ បានធ្វើឲ្យមានការច្របូកច្របល់ ខ្វល់ខ្វាយ ចលាចលវិលវក់ជាខ្លាំងក្នុងមហានគរ គ្មានអ្នកត្រួតត្រាគ្រប់គ្រងចាត់ចែងកិច្ចការផែនដី ដឹកនាំការពារប្រទេសជាតិ។
ពេលនោះ ពញាកែវ ពញាទ័យ និងពួកសៀមទាំងបួននាក់ ដែលលាក់បង្កប់ខ្លួន ក្នុងជួរកងទ័ព និងប្រជាជនខ្មែរ នាំគ្នាចេញទៅលួចបើកទ្វារមហានគរទិសខាងលិច ឲ្យកងទ័ពសៀម។ សេនាទាហានឃើញដូច្នោះ ក៏បានបាញ់ចាក់សម្លាប់សៀមទាំង៤នាក់នេះទៅ។ មួយរំពេចនោះដែរកងទ័ពសៀមក៏បានរុលបុកសម្រុករត់ហក់លោតចូលតាមទ្វារដែលបើកស្រាប់នោះដូចទឹកបាក់ទំនប់។ កងពលខ្មែរខំប្រឹងទប់ទល់ ប្រយុទ្ធយ៉ាងប្ដូរផ្ដាច់ អង់អាចម៉ឺងម៉ាត់ក្លាហានអស្ចារ្យ។ គេប្រយុទ្ធគ្នាគ្រប់ទិសទី ពាសពេញក្នុងមហានគរ ។ មនុស្សម្នាស្រីប្រុស ចាស់ក្មេង ដេកដួលរបួស ស្លាប់គរជើងលើគ្នា។ គេឮសូរតែសំឡេងស្រែកទ្រហឹងអឺងកង លាយឡំទៅដោយសម្រែកយំថ្ងួចថ្ងូរ ព្រាត់ប្រាស ឈឺចុកចាប់ដង្ហោយហៅឲ្យគេជួយ។ ម្នាក់ៗវង្វេងវង្វាន់ ភាំងភាន់ស្មារតី ច្របូកច្របល់ លែងស្គាល់ដឹងទិសតំបន់អ្វីទាំងអស់។
ក្នុង គ្រាដ៏សែនលំបាកនេះ មេទ័ពខ្មែរមួយចំនួន ដែលដឹង និងយស់យ៉ាងជាក់ច្បាស់ថា ស្ថានការណ៍មិនអនុញ្ញាតឲ្យទ្រាំទ្រ ប្រយុទ្ធតតាំងតទៅមុខទៀតបាន បាននាំគ្នាប្រមូលផ្ដុំកងកម្លាំងទ័ពដែលនៅសេសសល់ ហើយចាប់ផ្ដើមវាយបំបែកញែក សម្រុកបុកបើកផ្លូវ ដង្ហែការពារ នាំយកព្រះចៅពញាយ៉ាត ព្រះរាជបុត្រព្រះបាទស្រីសុរិយោវង្ស ព្រះមហាក្សត្រទី៣២ រត់ចេញពីព្រះមហានគរ។ មេទ័ព និងនាម៉ឺនមន្ដ្រី ដែលបានវាយប្រយុទ្ធបំបែកទ័ពសៀម រំដោះការពារអមដំណើរព្រះចៅពញាយ៉ាត ក៏បាននាំទៅជាមួយដែរ ព្រះខ័នរាជ្យ លំពែងជ័យ បញ្ចក្សត្រ និងព្រះបដិមាករស័ក្ដិសិទ្ធផ្សេងៗជាច្រើនទៀត។ ប្រជាពលរដ្ឋខ្មែរមួយភាគធំ បានរត់រួចគេចវេះទៅពួនលាក់ខ្លួន រស់នៅតាមព្រៃភ្នំដែរ។
នៅទីបំផុតកងទ័ពសៀម ព្រះបរមរាជាទី២ បានយកជ័យជំនះលើទ័ពខ្មែរ ហើយបានចូលកាន់កាប់ត្រួតត្រាមហានគរ។ នេះជាលើកទី២ហើយ ដែលសៀមវាយប្រហារឈ្លានពានលុកលុយដណ្ដើមយកបានព្រះមហានគរ(ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា មហានគរត្រូវសៀមវាយដណ្ដើមយកបានជាលើកទី២នៅក្នុង គ.ស ១៤១៦។ ចំពោះឯកសារខ្មែរខ្លះទៀត មានពង្សាវតារសម្ដេចសង្ឃនាយកប៉ាន់ និងវត្ដទឹកវិលជាដើម គឺនៅក្នុងគ.ស ១៣៧៣។ ចំណែកឯអ្នកស្រាវជ្រាវអាមេរិកាំង ឈ្មោះ L. P. Briggs មហានគរបានធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមក្នុងគ.ស ១៤៣១។ តែអ្នកប្រវត្ដិវិទូម្នាក់ទៀតឈ្មោះ O. W Wolter អះអាងថា នៅក្នុងគ.ស១៣៨៩)។ ស្ដេចសៀមបង្គាប់ឲ្យប្រមែប្រមូលលួចប្លន់ ដឹកជញ្ជូនយកទ្រព្យសម្បត្តិខ្មែរ មានមាស ប្រាក់ ពេជ្រ កែវកង ពិទូរ្យសូរ្យកាន្ដ ដែលមានច្រើនឥតឧបមាក្នុងនគរ។ រូបចម្លាក់ជាច្រើន មានព្រះគោ ដែលក្នុងពោះ អ្នកប្រាជ្ញ គ្រូអាចារ្យបាធ្យាយបូរម្យបូរាណខ្មែរ ធ្លាប់បានតម្កល់ទុកនូវព្រះត្រៃបិដក ត្រៃវេទ និងក្បួនគម្ពីរសីលសាស្ដ្រវិជ្ជាវេទមន្ដគ្រប់បែបយ៉ាង និងព្រះបដិមាករជាច្រើននៅនគរវត្ដ ក៏ត្រូវស្ដេចសៀមលួចប្លន់ដឹកជញ្ជូនយកទៅក្រុងស្រីអយុធ្យាដែរ។ គ្រួសារខ្មែរជាច្រើនម៉ឺនសែននាក់ ត្រូវសៀមសង្កត់សង្កិនជិះជាន់ ធ្វើបាបវាយដំច្រំធាក់ កាប់ចាក់សម្លាប់ ចាប់ចងដាក់ច្រវាក់ខ្នោះឃ្នាង ចោះត្រចៀកបង្ហូតខ្សែដោតជាជួរ កេណ្ឌកៀរយកទៅធ្វើជាឈ្លើយ ជាទាសាទាសី។ ពញាកែវ និងពញាទ័យ បើតាមពង្សាវតារដែលរៀបចំដោយសម្ដេចសង្ឃនាយកប៉ាន់ និងពង្សាវតារវត្ដទឹកវិល ត្រូវស្ដេចសៀមចាប់ខ្លួន។
កាលបើយកជ័យជំនះលើប្រទេសខ្មែរ និងកាន់ក្ដាប់ព្រះមហានគរបានហើយ នៅក្នុងឆ្នាំរការដដែល ស្ដេចសៀមព្រះបរមរាជាទី២ ក៏តែងតាំងអភិសេកកូនប្រុសព្រះឥន្ទរាជា ជាព្រះមហាក្សត្រសៀមគ្រប់គ្រង ត្រួតត្រា មើលការខុសត្រូវលើប្រទេសកម្ពុជា។ កាលនោះព្រះអង្គបានព្រះជន្ម២៥វស្សា។ ព្រះឥន្ទរាជា បានខំស៊ើបរកវត្ថុស័ក្ដិសិទ្ធជាច្រើនទៀត ដូចជា ព្រះខ័នរាជ្យ និងបញ្ចក្សត្រជាដើម ដើម្បីដឹកជញ្ជូនយកទៅស្រុកសៀម។ គោលបំណងសៀម ដើរលួចប្លន់ប្រទេសខ្មែរ បានធ្វើឲ្យវត្ថុស័ក្ដិសិទ្ធទាំងឡាយ មានការក្ដៅក្រហាយ បង្កបង្កើតឲ្យមានអភូតហេតុ ដ៏សែនអស្ចារ្យកើតចេញជាភ្លៀងខ្យល់ព្យុះសង្ឃរាបោកបក់ខ្លាំងក្លាទៅ លើគ្រប់ទិសទី លាយឡំទៅដោយផ្គររន្ទះ បាញ់លាន់ឮកងរំពងពេញអស់នភាល័យ គួរឲ្យតក់ស្លុតរន្ធត់អនេកកប្បការ អស់រយពេលច្រើនយប់ច្រើនថ្ងៃ។ យប់មួយ កំពុងតែនិទ្រាលង់លក់ ស្ដេចសៀមព្រះឥន្ទរាជា យល់សប្ដឃើញព្រះមហាក្សត្រខ្មែរមួយអង្គជំនាន់ដើម យាងមកឈរចំលើក្បាលដំណេក ព្រមានថា ព្រះអង្គនឹងមកយកជីវិតជាមិនខាន។ ស្ដេចសៀមភ្ញាក់ដឹងខ្លួនកាលណា ភ័យញាប់ញ័រតក្កមា សឹងលែងហ៊ាននៅក្នុងព្រះបរមរាជវាំងមហានគរ។ ទោះបីជាសៀមបានជ័យជំនះលើខ្មែរ កាន់កាប់មហានគរ និងខេត្ដខណ្ឌខ្មែរមួយភាគក៏ដោយ ក៏សៀមមិនទាន់បង្ក្រាបខ្មែរបានទាំងអស់ដែរ។ មិនទាន់បានប៉ុន្មានខែផង ភាពរំជើបរំជួលបះបោរតស៊ូរំដោះជាតិ បានផ្ទុះកើតមានឡើងនៅគ្រប់ទិសទីក្នុងប្រទេស ប្រឆាំងនឹងវត្ដមានសៀម។
បរមសោករាជ និង ធម្មាសោករាជ
[កែប្រែ]ក្នុងការប្រៀបធៀប រវាងពង្សាវតារផ្សេង គេថាសៀមឈ្លានពានខ្មែរលើកទីពីរគឺស្ថិតនៅក្នុងរាជ្យស្ដេចធម្មាសោករាជទៅវិញ ហើយព្រឹត្តិការណ៍ឈ្លានពានក៏មានភាពស្រដៀងគ្នា តាមការរៀបរាប់ខាងលើដែរ បើសិនយើងផ្អែកទៅលើការផ្ទឹមនេះយើងអាចសន្និដ្ឋានស្ដេច បរមសោករាជ និង ធម្មាសោករាជក៏អាជជាស្ដេចតែមួយអង្គដូចគ្នាដែរ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
- ឯកសារមហាបុរសខ្មែរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ព្រះបាទស្រីសុរិយោវង្ស |
ព្រះបាទសម្ដេច ព្រះបរមសោករាជ គ.ស ១៤១២-១៤១៦ |
តដោយ ព្រះចៅឥន្ទរាជា |