Jump to content

អង្គជ័យ

ពីវិគីភីឌា
ត្រសក់ផ្អែម រឺ ពញាជ័យ
ព្រះបាទ
រូបចំលាក់ព្រះបាទត្រសក់ផ្អែមនៅសាលារចនា
រជ្ជកាលគ.ស ១២៩០-១៣៤០
រាជ្យមុនព្រះបាទសីហនុរាជ រឺ ព្រះសែណ្ណ័ករាជ (ឯកសារមហាបុរសខ្មែរ)
រាជ្យបន្តព្រះបាទបរមនិពាន្វបទ រឺ ព្រះបាទបរមរាជារាមាធិបតី (ឯកសារមហាបុរសខ្មែរ)
ស្វាមី/មហេសីព្រះ​នាងច័ន្ទតារាវត្តី
បុត្រព្រះនិព្វានចក្រ ព្រះសិទ្ធានរាជា រឺ ព្រះសិរីរតន៍ (ឯកសារមហាបុរសខ្មែរ)
ព្រះនាមពេញ
​​ព្រះបាទ​សម្ដេច​មហាបពិត្រ​ ​ធម្មិក​រាជា​ធិរាជ​ ​ជា​អង្គម្ចាស់​ផែនដី​ក្រុង​កម្ពុជា​ធិបតី រឺ ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះបរមរាជាធិរាជជ័យ (ឯកសារមហាបុរសខ្មែរ)
សន្តតិវង្សព្រះទេវង្សអស្ចារ្យ រឺ ព្រះអង្គជ័យ
បិតាព្រះបទុមរាជា
មាតាព្រះនាងសុភវត្តី
ប្រសូតគ.ស ១២២១
ភូមិភ្នំជ្រាវ គោកព្រះរាជមន្ទីរ ខេត្តសំរោងទង រឺ ខាងនិរតីនៃភ្នំប្រសិទ្ធិ (ឯកសារមហាបុរសខ្មែរ)
សុគតគ.ស ១៣៤០
មហានគរ

ព្រះបាទអង្គជ័យ រឺ ត្រសក់ផ្អែម (គ.ស ១២២១-១៣៤១) រជ្ជកាល (គ.ស ១២៩០-១៣៤១) ព្រះបាទ​សីហនុរាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៤​ ​បាន​សុគត​នៅ​ឆ្នាំខាល​ក្នុង​ព្រះ​ជន្ម ​៧១ ​វស្សា។​ ​ព្រះ​អង្គ​សោយរាជ​សម្បត្តិ​ប្រទេស​កម្ពុជា​បាន​ចំនួន​ ​៥៣ ​ឆ្នាំ។ ថ្ងៃ​ ១១ ​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំខាល​ ​ព.ស ​១៨៣៤ ត្រូវជា​ ​ម.ស​ ​១២១២ ច.ស​៦៥២ និង​ត្រូវជា​ ​គ.ស​ ១២៩០ តា​ត្រសក់ផ្អែម​បាន​ទទួល​រាជាភិសេក សោយរាជសម្បត្តិ​ប្រទេស​កម្ពុជា។​ ​នាកាល​នោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​ ៧០ ​វស្សា។​ ​ព្រះ​អង្គ​ជា​ព្រះមហាក្សត្រ​ទី ​២៥​ ​ហើយ​ព្រះ​អង្គ​ក៏​ជា​ព្រះមហាក្សត្រ​ដែល​បើក​យុគ្គ​សន្ដតិវង្ស​ជាន់​ថ្មី​ មួយទៀត​ ​ដាច់​ស្រឡះ​ពី​ព្រះមហាក្សត្រ​សម័យ​អង្គរ​ដែរ។​ ​បរម​នាម​របស់​ព្រះ​អង្គ​គឺ​ ​ព្រះបាទ​សម្ដេច​មហាបពិត្រ​ ​ធម្មិក​រាជា​ធិរាជ​ ​ជា​អង្គម្ចាស់​ផែនដី​ក្រុង​កម្ពុជា​ធិបតី។​ ​ព្រះ​អង្គ​គង់នូវ​មហានគរ​ដដែល។ ព្រះ​នាង​ច័ន្ទតារាវត្តី ​ត្រូវ​បាន​ព្រះ​អង្គ​ប្រទាន​ឋានៈ​ជា​ព្រះរាជ​អគ្គមហេសី​ មាន​ព្រះ​បរម​នាម​ថា​ ​សម្ដេច​ព្រះ​ភគវត្តី​ ​សិរីច័ន្ទតារា​ ​មហាក្សត្រី។​ ព្រះបាទ​ត្រសក់ផ្អែម​ ​ព្រះមហាក្សត្រ​ទី​២៥ ចូល​ទិវង្គត​នៅ​ឆ្នាំរោង​ ​ក្នុង​ព្រះ​ជន្ម​ ​១២០ ​វស្សា ក្រោយ​ដែល​បាន​សោយរាជ្យ​ ​៥១ ​ឆ្នាំ។ តែ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​បាន​ដល់​ទៅ​ ​៥០០ ​វស្សា។

ប្រវត្តិតាមបែបរឿងព្រេង

[កែប្រែ]

នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​ប្រវត្ដិ​ ​ឬ​ឫស​គល់​ដើម​កំណើត​ ​តា​ត្រសក់ផ្អែម​ ​គ្មាន​បញ្ជាក់​ជា​ច្បាស់លាស់​ពិតប្រាកដ​ឡើយ។​

ពង្សាវតារវត្ដ​កោកកាក​ ​មិន​បាន​សរសេរ​បញ្ជាក់​កត់ត្រា​អំពី​ពូជ​អំបូរ​សែស្រឡាយ​ស្ដេច​អង្គ​នេះ​ឡើយ។​ ​ព្រះ​អង្គ​នព្វរតន៍​ព្រះរាជបុត្រ​ព្រះបាទ​អង្គឌួង​ ​ក្នុង​ពង្សាវតា​របស់​ព្រះ​អង្គ​ ​ក៏​មិន​បាន​បកស្រាយ​អំពី​ប្រវត្ដិ​តា​ត្រសក់ផ្អែម​ដែរ។​ ​ពង្សាវតា​ររបស់​គណៈកម្មការ​សម្ដេច​សង្ឃរាជ​ទៀង​ ​ដែល​មានសម្ដេច​សង្ឃ​សុគន្ធ​ប៉ាន់​ជា​សមាជិក​ ​មិន​បំភ្លឺ​រៀបរាប់​អធិប្បាយ​ត្រង់​ចំណុច​នេះ​ឲ្យ​បាន​ច្បាស់លាស់​ ទេ។​ ក្នុងសាច់រឿងតាត្រសក់ផ្អែមនេះវាក៏មាននៅក្នុងរឿងនិទានរបស់ប្រទេសជាតិជិតខាងរបស់យើងដែរ ដូចជា ភូមា សៀម និង លាវ ដែរ ប្រហែលទំនងវាជាស្លាកស្នាមដែលបន្សល់ទុកក្នុងអតីតទឹកដីអាណាចក្រខ្មែរ រឺ ក៏មិនដឹង ការកត់សំគាល់មួយទៀតរាល់ប្រទេសអស់ទាំងនេះគឺកាន់ពុទ្ធសាសនាថេរវាទដូចៗគ្នា។

មាន​តែ​ពង្សាវតារ​ ​ដែល​រុះរើ​រៀបចំ​សរសេរ​សា​ជា​ថ្មី​ ​របស់​គណៈកម្មការ​សម្ដេច​វាំង​ជួន​ ​និង​ពង្សាវតារ​វត្ដ​ទឹកវិល​ទេ​ដែល​បាន​រៀបចំ​តាក់តែង​អធិប្បាយ​បញ្ជាក់​ យ៉ាង​ពិស្ដារ​ ​អំពី​ដើម​កំណើត​ពូជពង្ស​ស្ដេច​ត្រសក់ផ្អែម។​ ​គឺ​ក្នុង​ន័យ​ហាក់បីដូចជា​ចង់​អះអាង​ថា​ ​ស្ដេច​អង្គ​នេះ​មាន​ឈាមជ័រ​ជាប់​ពី​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ ​ហើយ​ព្រះ​អង្គ​ក៏​ជា​អ្នកមាន​បុណ្យ​មាន​ឫទ្ធិ​អានុភាព​ខ្លាំងពូកែ​អស្ចារ្យ ​មិន​ចាញ់​ស្ដេច​ជំនាន់​មុន​ដែរ។​

តែ​ការ​រៀបចំ​ សម្របសម្រួល​ប្រទាក់ប្រទង​ពូជពង្ស​ ​ឲ្យ​បាន​សមរម្យ​ល្អមើល​ ​ល្អ​ស្ដាប់​របស់​ពង្សាវតារ​ទាំង​ពីរ​មិន​ស៊ី​សង្វាក់​គ្នា​ទេ។​ ​ដូច​ជា​បញ្ហា​ឈ្មោះ​ ​ឫស​គល់​ ​ដើម​កំណើត​ឪពុក​ ​និង​កាលបរិច្ឆេទ​ផ្សេងៗ​ជាដើម៘​ ​ទោះបីជា​មាន​ការ​ច្របូកច្របល់​ដូច្នេះ​ក៏​ដោយ​ ​ក៏​សាច់​រឿង​ក្នុង​ពង្សាវតារ​ទាំង​ពីរ​ ​មានដំណើរ​រឿង​ប្រហាក់ប្រហែល​ដូច​គ្នា​ដែរ។​

បិតា​ របស់​ស្ដេច​ត្រសក់ផ្អែម​ ​មាន​ព្រះ​នាម​ព្រះបទុមរាជា។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ ​ព្រះ​អង្គ​ត្រូវជា​ព្រះរាជបុត្រ​ព្រះជេដ្ឋាជ័យ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៤។​ ​ព្រះ​អង្គ​បាន​ប្រសូត​ក្នុង​ឆ្នាំរោង​ព.ស​ ១០៧៦ ត្រូវជា​ម.ស​៤៥៤​ ​និង​ត្រូវជា​គ.ស​ ៥៣៣។ ព្រះ​អង្គជា​បង​របស់​ព្រះស័ង្ខចក្រ ​ឬ​ស្ដេច​គម្លង់​ ​ព្រះមហាក្សត្រ​ទី​១៥​ ​ក្នុង​ឆ្នាំម្សាញ់​ព.ស ​១០៧៧ ម.ស​ ៤៥៦​ ​ត្រូវជា​គ.ស​ ៥៣៤ ​ជាមួយនឹង​អ្នកម្នាងមាលាវត្តី ​ព្រះបាទ​ជេដ្ឋាជ័យ​បាន​បុត្រី​មួយ​អង្គ​ព្រះ​នាមសុភវត្តី

តែបើ​ពង្សាវតារ​សម្ដេច​វាំង​ជួន​វិញ​ ​ព្រះ​បទុមកុមារ​ត្រូវជា​បុត្រ​ច្បង​របស់​ព្រះបាទ​ចក្រព័ត្រ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦​ ​ហើយ​ត្រូវជា​បង​របស់​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​និង​ព្រះបាទ​បក្សីចាំក្រុង។​ ​ព្រះ​អង្គ​ប្រសូត​ក្នុង​ឆ្នាំឆ្លូវ

ថ្ងៃមួយ​ក្នុង​ ឆ្នាំឆ្លូវ​ ​ដោយ​តប់ប្រមល់​ខ្វល់​រសាប់រសល់​ ​នៅ​មិន​សុខ​មិន​សាប់​ក្នុង​ព្រះ​បរមរាជវាំង​តទៅ​មុខ​ទៀត​កើត​ ​ព្រះ​បទុមរាជា​ក៏​សុំ​ព្រះ​បិតា​ ​ព្រះ​ជេដ្ឋាជ័យ​ ​ទៅ​សាង​ផ្នួស​នៅ​ភ្នំ​គូលែន។​

ចំណែកឯ​ព្រះ​នាង​ សុភវត្តី​ ​កាល​បាន​ព្រះ​ជន្ម​ ១៦ ​ឆ្នាំ​ ​បាន​ធ្វើ​ដំណើរ​កំសាន្ដ​តាម​ព្រះ​បិតា​ទៅ​លេង​មាត់សមុទ្រ។​ ​នៅ​ពេល​ដែល​ព្រះ​នាង​កំពុង​តែ​ដើរ​ប្រពាត​ព្រៃ​លេង​ ​ដោយ​សប្បាយ​រីករាយ​ ​ស្រាប់តែ​មាន​ភ្លៀង​ផ្គរ​ខ្យល់ព្យុះសង្ឃរា​បោកបក់​មក​យ៉ាង​ខ្លាំងក្លា​ ​ចំនួន​បី​យប់​បី​ថ្ងៃ​ ​ធ្វើ​ឲ្យ​ព្រះ​នាង​វង្វេង​ក្នុង​ព្រៃ​ជ្រៅ​ម្នាក់ឯង​ ​រក​ផ្លូវ​ច្រកចេញ​វិល​មក​ដំណាក់​មិនឃើញ។​ ​បាត់​កូន​គ្មាន​ដំណឹង​ ​ព្រះរាជា​ក៏​បញ្ជា​ឲ្យ​នាម៉ឺន​ពលរេហ៍​ ​និង​ប្រជានុរាស្ដ្រ​ ​កាប់​ឆ្ការព្រៃ​រក​បុត្រី។​ ​កាប់​ឆ្ការ​រក​គ្រប់​ទិសទី​ទាំង​ក្នុង​ព្រៃ​ក្រំ​ថ្ម​ ​ទាំង​មុជទឹក​រាវរក​ក្នុង​បាតសមុទ្រ​ទៀត​ ​ក៏​គេ​នៅ​តែ​រក​ព្រះ​នាង​សុភវត្តី​មិនឃើញ។​ កន្លែង​ដែល​ស្ដេច​ ​និង​ពល​សេនា​នាំ​គ្នា​កាប់​ឆ្ការព្រៃ​ ​ជ្រាវ​រក​បុត្រី​នេះ​ ​បាន​ជាប់​ឈ្មោះ​ថា​ ​ភ្នំ​ជ្រាវ​រៀង​រហូត​មក​ដល់​សព្វថ្ងៃ។​ ព្រះ​អង្គ​ខំប្រឹង​រក​បុត្រី​ អស់​រយៈពេល​បី​ខែ​ ​តែ​នៅ​តែ​រក​មិនឃើញ។​ ​ទីបំផុត​ ​ដោយ​ក្ដី​អស់សង្ឃឹម​ ​ព្រះមហាក្សត្រ​ក៏​សម្រេច​ចិត្ដ​នាំ​នាម៉ឺន​មន្ដ្រី​ពល​រេហ៍​ ​និង​បរិវារ​ ​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​មហានគរ​វិញ។​

ចំណែក​ព្រះ​នាង​សុភវត្តី​ ​ព្រះ​នាង​វង្វេង​វង្វាន់​ ​លែង​ដឹង​ទិស​តំបន់​អ្វី​ទាំងអស់​ ​ក្នុង​ព្រៃ​ជ្រៅ​ស្ងាត់ជ្រងំ​ភ្នំ​ជ្រាវ។​ ​នាង​រសាត់អណ្ដែត​ ​ភ័យ​ព្រួយ​កំសត់​វេទនា​តែ​ម្នាក់ឯង​ ​គ្មាន​ទិស​ដៅ​ ​និង​គ្មាន​ទីពឹង​ពំនាក់។​ ​ដោយ​ស្រេកឃ្លាន​ខ្លាំង​ពេក​ ​ព្រះ​នាង​បាន​លូកដៃ​ទៅ​ក្បង់ទឹក​ដក់​ក្នុង​ដានជើង​ដំរី​យក​មក​សោយ​ចម្អែត​ កាយ​ ​តែ​នេះ​ជា​ទឹកនោម​ដំរី​ស។​ ​មិនយូរ​ប៉ុន្មាន​ ​អស្ចារ្យ​ណាស់​ ​ព្រះ​នាង​សុភវត្តី​ចាប់ផ្ដើម​ទ្រង់​គភ៌។​ ​នាកាល​សម័យ​នោះ​ ​ព្រះ​នាង​បាន​ទទួល​ការ​ទំនុកបម្រុង​ជួយ​យកអាសា​អំពី​សំណាក់​អ្នកស្រុក​អ្នក ​ភូមិ​ភ្នំ​ជ្រាវ​ ​ដែល​បាន​សង់​សំណាក់​មួយ​ថ្វាយ​ទុក​គ្រាន់​នឹង​សម្រាក​ជ្រកកោន​សំណាក់​ នៅ។​ ​កន្លែង​សំណាក់​នោះ​ជាប់​ឈ្មោះ​ ​គោក​ព្រះរាជ​មន្ទីរ​ ​រហូត​មក​ដល់​បច្ចុប្បន្ន។​ ​ក្នុង​ឆ្នាំថោះ​ ​ព្រះ​នាង​សុភវត្តី​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ ​ដែល​ព្រះ​នាង​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​ពញាជ័យ។

បើ​តាម​ ពង្សាវតារ​វត្ដ​ទឹកវិល​ដដែល​ ​នៅ​ឆ្នាំមមែ​ ​កាលនោះ​ ​ព្រះ​នាង​បាន​ជន្ម​៦៥​វស្សា​ ​ហើយ​ពញាជ័យ​បាន​អាយុ​៤៩​ឆ្នាំ​ ​ទាំង​ពីរ​នាក់​ម្ដាយ​ ​និង​កូន​នាំ​គ្នា​មក​រស់នៅ​ក្នុង​ម្ដុំ​ផ្សារ​ ​នា​ជើងភ្នំ​រូង​​ភ្នំ​ប្រសិទ្ធិ។​ ​ដើម្បី​ចិញ្ចឹមជីវិត​ ​ពញាជ័យ​បាន​តាក់តែង​បង្កើត​ឲ្យ​មាន​ជា​ល្បែង​លេងសើច​ ​និង​ប្រគំ​វង់ភ្លេង​តន្ដ្រី។​

រី ​ព្រះ​បទុមរាជា​ ​ឬ​បទុមកុមារ​ ​ដែល​ទៅ​សាង​ផ្នួស​នៅ​ភ្នំ​គូលែន​ ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​បាន​និមន្ដ​មក​គង់នៅ​ភ្នំខ្ចោល​ ​(ស្ថិត​នៅខេត្តកំពង់ឆ្នាំង ​ជិត​ជួរ​ភ្នំក្រវាញ)។ ថ្ងៃមួយ​ដែល​ព្រះ​អង្គ​កំពុង​តែ​ស្មឹងស្មាធិ៍​ភាវនា​ធម៌​តាំងសីល​ ​ព្រះ​អង្គ​ស្ដាប់​សូរ​សត្វ​និយាយ​ជជែក​គ្នា​ថា​ ​“គួរ​ឲ្យ​អាណិត​ព្រះសង្ឃ​អង្គ​នេះ​ណាស់​ ​ព្រះ​អង្គ​គ្មាន​ប្រពន្ធ​កូន​ ​សម្រាប់​បន្ដ​ពូជពង្ស​វង្សត្រកូល​តទៅ​អនាគត​ ​ដូច​គេឯង​ឯទៀត​ឡើយ។​ ​សូម្បី​ព្រះពុទ្ធ​អង្គ​បរមគ្រូ​ ​ម្លេះ​ក៏​មាន​មហេសី​ ​និង​កូន​ដែរ​ ​មុន​នឹង​សាង​ព្រះ​ផ្នួស” (ត្រង់កន្លែងនេះដូចជាឈុតមួយក្នុងរឿងរាមកេរ្តិ៍ខ្មែរ ដែលឥសីបានជប់ភរិយាដោយសារតែលឺសត្វចចារដល់ឥសីហើយដែលភរិយារបស់ឥសីកើតបានជា សុគ្រីព ពាលី ត្រូវជាកូនព្រះឥន្ទ និងព្រះព្រហ្ម ហើយ នាងស្វាហាយ ជាកូនឥសី)។ ស្ដាប់​យល់​ឃើញ​ថា​ ​សត្វ​និយាយ​ត្រឹមត្រូវ​ចំ​ល្អ​ ​ព្រះ​បទុមរាជា​ ​ក៏​សឹក​ចាក​សិក្ខាបទ​ ​ហើយ​ចាកចេញ​ធ្វើ​ដំណើរ​ទៅ​រក​គូស្រករ​រៀបចំ​យក​ព្រះ​នាង​សុភវត្តី​ជា​មហេសី (បើតាម​ព្រះរាជពង្សាវតារ​ខេម្មរឡេកឱង្ការ​របស់​គណៈកម្មការ​មួយ​ទៀត តែងតាំង​ដោយ​ព្រះបាទ​នរោត្ដម ក្នុង​គ.ស ​១៩០៣ ព្រះសង្ឃ​ដែល​បាន​មក​យក​ព្រះ​នាង​សុភវត្តី​ធ្វើ​ជា​ភរិយា​ត្រូវជា​សិស្ស​ ព្រះសង្ឃ​ធុតង្គ​នៅ​ភ្នំ​ខ្ចោល)។

ត្រង់នេះ​ពង្សារតារវត្ដ​ទឹកវិល​បាន​បញ្ជាក់​ថា​ ​ទេវតា​បាន​បំបាំង​ខ្លួន​ ​ចុះ​មក​និយាយ​ប្រាប់​ឲ្យ​ព្រះ​បទុមរាជា​លាចាក​សិក្ខាបទ​ ​ហើយ​ត្រូវ​រៀប​ការ​ជាមួយនឹង​ព្រះ​នាង​សុភវត្តី​ ​ដើម្បី​បន្ដ​ពូជពង្ស​នៅ​អនាគត (ដូច្នេះ​ បើតាម​ពង្សាវតារ​វត្ត​ទឹកវិល ព្រះ​បទុមរាជា និង​ព្រះនាង​សុភវត្តី ត្រូវ​ជា​បង​ប្អូន​បង្កើត។ បើតាម​ពង្សាវតារ​សម្ដេច​វាំង​ជួន ព្រះនាង​សុភវត្តី​ត្រូវ​ជា​ម្ដាយមីង​បង្កើត​របស់​ព្រះ​បុទមរាជា)។​ ​កាលណា​បំពេញ​សកម្មភាព​មាន​កូនចៅ​ហើយ​ ​នោះ​ទើប​ព្រះ​អង្គ​អាច​យាង​ត្រលប់​មក​សាង​ផ្នួស​វិញ​បាន។​ ​ស្ដាប់​ចង​ចាំ​គ្រប់​អស់​សេចក្ដី​ ​ព្រះ​បទុមរាជា​ ​មិនយឺត​យាវ​បង្អាក់​បង្អង់​យូរ​ឡើយ​ ​ព្រះ​អង្គ​ក៏​ហោះហើរ​ជ្រែក​ទឹក​ជ្រែក​ដី​ ​មក​រក​រួមរក្ស​មេត្រី​ ​សោយសុខ​សប្បាយ​ជាមួយនឹង​ព្រះ​នាង​សុភវត្តី​ ​តាម​ពាក្យ​បណ្ដាំ​របស់​ទេវតា។​ ​បន្ទាប់​មក​ ​កាល​ព្រះ​នាង​សុភវត្តី​ទ្រង់​គភ៌​បាន​៥​ខែ​ ព្រះ​បទុមរាជា​ក៏​រៀបចំ​ខ្លួន​ធ្វើ​ដំណើរ​ចាកចោល​ព្រះ​នាង​ ​ត្រលប់​ទៅ​សាង​ផ្នួស​វិញ។ តែ​បើ​តាម​ពង្សារតារ​សម្ដេច​វាំង​ជួន ព្រះ​បទុមរាជា​បាន​យាង​ទៅ​សាងផ្នួស​វិញ នៅ​ពេល​ដែល​ព្រះនាង​សុភវត្តី​បាន​ប្រសូត​បុត្រ​រួចហើយ ហើយ​ព្រះរាជបុត្រ​នោះ​ក៏​បាន​ធំ​ពេញវ័យ​បន្តិច​ហើយ​ដែរ។​ ​មុន​នឹង​ចេញដំណើរ​ ​ព្រះ​អង្គ​បាន​ប្រគល់​ដំបង​មួយ​ឲ្យ​ទៅ​ព្រះ​នាង​ ​ដោយ​មាន​បន្ទូល​ថា​ ​“កាលណា​កូន​ធំ​ឡើង​ ​ហើយ​បើ​វា​ចង់ទៅ​រក​ឪពុក​ ​ត្រូវ​ប្រគល់​ដំបង​នេះ​ឲ្យទៅ​កូន​ ​ដើម្បី​ទុកជា​ចំណាំ”។

ផ្ដាំផ្ញើ ​រួច​ស្រេចបាច់​ហើយ​កាលណា​ ​ព្រះ​បទុមរាជា​លា​ព្រះ​នាង​សុភវត្តី​ជា​ភរិយា​ត្រលប់​ទៅ​បួស​ជា​សង្ឃ​ដូច​ ដើម​វិញ។​ ព្រះ​អង្គ​បាន​តាំងសីល​ ​រៀនសូត្រ​ចេះ​ចង​ចាំ​មន្ដអាគម​គ្រប់មុខ​វិជ្ជាការ​ ​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​ ​ចេះ​បំបាំង​ខ្លួន​មើល​មិនឃើញ​ ​ចេះ​ជ្រែក​ទឹក​ ​ជ្រែក​ដី​ ​ហើយ​ចេះ​ប្រស់​មនុស្ស​ស្លាប់​ឲ្យ​រស់រាន​មានជីវិត​ឡើង​វិញ៘​ ​និង ៘​

ឆ្នាំវក ​ព្រះ​នាង​សុភវត្តី​ទ្រង់​គ្រប់​ខែ​គ្រប់​ថ្ងៃ​ ​ប្រសូត​បាន​រាជបុត្រ​មួយ​ព្រះ​អង្គ​ ​ដែល​ព្រះ​នាង​ដាក់​ឈ្មោះ​ថាពញាសួស។ ​តែ​ពង្សាវតារ​សម្ដេច​វាំង​ជួន​ បាន​សរសេរ​ថា​ ​ព្រះរាជបុត្រ​នេះ​ឈ្មោះ​ចៅតា​ ​ហើយ​បាន​ប្រសូត​ក្នុង​ឆ្នាំម្សាញ់។​ ​ពញាសួស​ ​ឬ​ចៅតា​ ​មាន​រូបសម្បត្តិ​ល្អល្អាច់​ ​និង​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​ឈ្លាសវៃ​ណាស់។​ ​អាយុ​៧​ឆ្នាំ​ ​ពញាសួស​ ​ឬ​ចៅតា​បាន​សាកសួរ​ចង់​ដឹង​អំពី​ប្រវត្ដិ​របស់​ឪពុក។​ ​ព្រះ​នាង​សុភវត្តី​បាន​និទាន​រៀបរាប់​ប្រាប់​ប្រវត្ដិ​ទាំង​ប៉ុន្មាន​ឲ្យ​ កូន​សណ្ដាប់។​ ​ព្រះ​នាង​បាន​និយាយ​អំពី​ដំបង​ដែល​ព្រះ​បទុមរាជា​ជា​ឪពុក​ ​បាន​ទុកជា​របស់​សម្រាប់​ចំណាំ​ដែរ។​ ​ស្ដាប់​យល់​ដឹង​ឮ​អស់​សេចក្ដី​ ​ពញាសួស​ ​ឬ​ចៅតា​ ​និង​ពញាជ័យ​ជា​បង​ក៏​សុំ​លា​ម្ដាយ​ទៅ​រក​ឪពុក។​ ​ព្រះ​អង្គ​បាន​យក​ដំបង​សំគាល់ខ្លួន​ទៅ​ជាមួយ​ដែរ។​ ​នៅ​ទីបំផុត​ ​អ្នក​ទាំង​ពីរ​បាន​ទៅ​ជួបនឹង​ព្រះ​បិតា​ដូច​ក្ដី​បំណង។​ ​គ្រានោះ​ ​គឺ​ចំ​ពេល​ដែល​ព្រះ​បទុមរាជា​កំពុង​ខឹង​ខ្ញាល់​យ៉ាង​ខ្លាំ​ង​នឹង​ព្រះ​ស័ង្ខចក្រ​ ​ឬ​ស្ដេច​គម្លង់​ ​ដែល​បាន​សម្លាប់​សិស្ស​ជំនិត​ព្រះ​អង្គ​ ​ដែល​ព្រះ​អង្គ​បាន​បញ្ជូន​ឲ្យទៅ​ជួយ​ព្យាបាលជំងឺ​ឃ្លង់​ភ្លើង។​ ​ព្រះ​បទុមរាជា​ឃើញ​យល់​ច្បាស់​ថា​ជា​កូន​ព្រះ​អង្គ​ពិតប្រាកដ​ហើយ​ ​ព្រះ​អង្គ​ក៏​រៀបរាប់​ប្រាប់​ប្រវត្ដិ​ឲ្យ​ដឹង​អស់​នូវ​ពូជពង្ស​សែស្រឡាយ​ ព្រះ​អង្គជា​ក្សត្រ។​ ​ព្រះ​អង្គ​បាន​ប្រដែប្រដៅ​កូន​ទាំង​ពីរ​ថា​ ​“កូន​ទាំង​ពីរ​មិន​ត្រូវ​ទៅ​លុតក្រាប​ ​សុំ​បុណ្យ​ស្ដេច​ពាល​អង្គ​ហ្នឹង​ទេ​! ៤០០​ឆ្នាំទៀត កូន​នឹង​បាន​ឡើង​គ្រង​រាជសម្បត្តិ​ប្រទេស​កម្ពុជា​ជា​មិន​ខាន​! ដើម្បី​បន្ដ​ព្រះរាជ​វង្ស​យើង​ទៅ​អនាគត”។ ព្រះ​បទុមរាជា​ ​ព្រះ​អង្គ​បាន​ប្រក់ព្រំ​ប្រសិទ្ធិ​ពរជ័យ​ដល់​កូន​ទាំង​ពីរ​ឲ្យ​បាន​ សេចក្ដីសុខ​ចម្រុងចម្រើន​ ​មាន​អាយុ​វែង​យឺនយូរ។​ ​ហើយ​ជា​ចំណង​ដៃ​ដល់​កូន​ ​ព្រះ​អង្គ​បាន​ប្រគល់​ឲ្យ​ដុំ​ថ្ម​ដែក​ ​និង​គ្រាប់​ពូជត្រសក់​៧​គ្រាប់​ម្នាក់​ ​សម្រាប់​យក​ទៅ​ដាំ​ចិញ្ចឹមជីវិត (ពង្សាវតារ​សម្ដេច​វាំង​ជួន​សរសេរ​ថា ព្រះ​បទុមរាជា​បាន​ឲ្យ​គ្រាប់​ត្រសក់​៣​គ្រាប់​ទៅ​ឲ្យ​កូន​ម្នាក់ៗ)។​ ​ព្រះ​អង្គ​ផ្ដាំ​ទៀត​ថា​ ​ត្រូវ​ទៅ​ធ្វើ​ចម្ការ​ដាំ​ត្រសក់​នៅ​ឯ​ខេត្ដ​គោកសេះ។​ ដូច្នេះ​ហើយ​ បានជា​រៀង​រហូត​មក​មាន​ឈ្មោះ​ ​ចម្ការសួស​ ​ចម្ការជ័យ​ចម្ការ​ត្រសក់ផ្អែម​ ​ដែល​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ចម្ការ​អ្នកអែម

យូរ​ឆ្នាំ​ក្រោយមក​ ​ព្រះ​នាង​សុភវត្តី​បាន​ចូល​ទិវង្គត​ ​ដោយ​ជំងឺរោគាព្យាធិ​ចាស់ជរា។​ ​បុត្រ​ទាំង​ពីរ​ ពញាជ័យ​ ​និងពញាសួស​ ​បាន​រៀបចំ​ធ្វើបុណ្យ​ថ្វាយ​ព្រះ​មាតា​ ​តាម​ទំនៀមទម្លាប់​ប្រពៃណី​របៀប​ជា​រាស្ដ្រ​សាមញ្ញ។​

ពញាជ័យ ​ ​និង​ពញាសួស​ ​ក្រោយ​ដែល​ទៅ​រស់នៅ​ខេត្ដ​គោកសេះ​ ​អស់​រយៈពេល​បី​ឆ្នាំ​ ដោយ​ក្ដី​អផ្សុក​ ​នឹកនា​ដល់​មិត្ដ​ភ័ក្ដិ​ជិត​ស្និទ្ធ​ញាតិសន្ដាន​ ​ក៏​បាន​នាំ​គ្នា​វិល​ត្រលប់​មក​រស់នៅ​ភ្នំ​រូង​កន្លែង​ចាស់​វិញ។​ ​បងប្អូន​ទាំង​ពីរ​នាក់​នាំ​គ្នា​ដាំ​ត្រសក់​លក់​ដោះ​ដូរ​រកស៊ី​ដើម្បី​ ចិញ្ចឹមជីវិត (បើតាម​ពង្សាវតារ​សម្ដេច​វាំង​ជួន ចម្ការ​ត្រសក់​នេះ​ស្ថិត​នៅ​ភ្នំ​ជ្រាវ)។​ ​ត្រសក់​ទាំងនោះ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា​ ​ខុស​ប្លែក​ពី​ធម្មតា​ ​បណ្ដាល​ឲ្យ​មនុស្សម្នា​ជិត​ឆ្ងាយ​ចូល​ចិត្ដ​និយម​មក​ទិញ​ដូរ​ហូរហែ​ជាប់​រដឹក។​ ​ដោយសារ​ត្រសក់​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ខុស​គេ​មិន​ដែល​មាន​ ​ទើប​បានជា​គេ​ដាក់​ងារ​ឲ្យ​ពញាជ័យ​ថា​ ​នាយ​ត្រសក់ផ្អែម​ ​ឬ​តា​ត្រសក់ផ្អែម។​ ​ប្រជាពលរដ្ឋ​ជា​ច្រើន​ស្រឡាញ់​រាប់អាន​ពញាជ័យ​ ​និង​ពញាសួស​ ​ហើយ​ចូល​រួបរួម​ធ្វើ​បក្សពួក​ជាមួយ។​ ​អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​បាន​បង្ហាត់បង្រៀន​អ្នកស្រុក​អ្នក​ភូមិ​ ​ឲ្យ​ចេះ​លេងភ្លេង​ប្រគំ​តូរ្យតន្ដ្រី​ដែរ។​ ​កេរ្ដិ៍ឈ្មោះ​នាយ​ត្រសក់ផ្អែម​ចេះ​តែ​ល្បីល្បាញ​ ​ឮ​សូរ​ខ្ចរខ្ចាយ​បន្ដិច​ម្ដងៗ​ ​ទៅ​គ្រប់​ទិស​ទី​ក្នុង​ខេត្ដ​ខណ្ឌ។​

ថ្ងៃមួយ ​ក្របី​បាន​ដើរ​ចូល​មក​ស៊ី​ចម្ការ​ត្រសក់ផ្អែម​ពញាជ័យ​ ​និង​ពញាសួស។​ ​ឃើញ​ដូច្នោះ​ ​ចៅតា ឬ​នាយ​ត្រសក់ផ្អែម​ក៏​ឆក់​យក​ដុំ​ថ្ម​ដែក​ដែល​ឪពុក​បាន​ចងដៃ​ ​គប់​ចោល​ទៅ​លើ​ក្របី។​ រំពេច​ភ្លាម​នោះ​ ​ក្របី​ក៏​ដួល​ងាប់​នៅ​នឹង​កន្លែង​ ​ដោយសារ​ដុំ​ថ្ម​ដែក​បុក​ប៉ះ​ចំ​ឆ្អឹងជំនី​ ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។​ ​ម្ចាស់​ក្របី​ក៏​យក​រឿង​នេះ​ទៅ​ប្ដឹង​ដល់​ចៅក្រម​ ​ឲ្យ​ជួយ​វិនិច្ឆ័យ​រក​យុត្ដិធម៌​ ​និង​បង្ខំ​នាយ​ត្រសក់ផ្អែម​ឲ្យ​សង​ក្របី​វិញ។​ ​នាយ​ត្រសក់ផ្អែម​ដោះសា​ថា​ ​នាយ​គ្មាន​បំណង​នឹង​សម្លាប់​ក្របី​នោះ​ទេ​ ​នាយ​គ្រាន់តែ​ដេញ​ ​និង​ចោល​ដុំ​ថ្ម​កំញើញ​ប៉ុណ្ណោះ។​ ​ហើយ​ក្របី​ដែល​ត្រូវ​ធ្លាយ​ឆ្អឹងជំនី​ងាប់​នោះ​ ​គឺ​បណ្ដាល​មក​ពី​កម្ម​របស់​វា​ពី​ជាតិ​មុន​តែ​ប៉ុណ្ណោះ។​ ​ចៅក្រម​បង្គាប់​ឲ្យ​នាយ​ត្រសក់ផ្អែម​សង​ក្របី​វិញ។​ ​តែ​នាយ​មិន​ព្រម​ ​ហើយ​សុំ​តវ៉ា​ឡើង​ទៅ​ថ្នាក់លើ​ទៀត។​

ដោយ ​បញ្ហា​ចោទប្រកាន់​ ​និង​ដោះសា​ ​ពិបាក​ស្មុគស្មាញ​ពេក​ ​ចៅក្រម​ ​និង​នាម៉ឺន​មន្ដ្រី​មិន​ហ៊ាន​កាត់​សេចក្ដី​សំណុំរឿង​នេះ​ឡើយ​ ​ហើយ​ក៏​លើក​ទៅ​ទូល​ថ្វាយ​ព្រះរាជា​ឲ្យ​សម្រេច ។​ ​ព្រះមហាក្សត្រ​ព្រះ​សីហនុរាជ​ទ្រង់​បញ្ជា​ឲ្យ​នាម៉ឺន​អាមាត្យ​រៀប​ធ្វើការ​ ពិសោធន៍​ ​ជីក​អន្លង់​ ​ហើយ​យក​ខ្មោច​ក្របី​(ពង្សាវតារ​វត្ដ​ទឹកវិល​បញ្ជាក់​ថា​ ​គឺ​ក្របី​រស់​ទេ​ ​ដែល​ស្ដេច​បាន​យក​មក​ពិសោធ) មក​ចង​ភ្ជាប់​នឹង​បង្គោល​ឈើ។​ ​បន្ទាប់​មក​ ​ព្រះ​អង្គ​បង្គាប់​ឲ្យ​នាយ​ត្រសក់ផ្អែម​យក​ដុំ​ថ្ម​ដែក​ ​គប់​ទៅ​លើ​ពោះ​ក្របី​ ​ពោះ​ក្របី​ក៏​ត្រូវ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​ដូច​លើក​មុន​មែន។​ ព្រះមហាក្សត្រ​ឃើញ​ហេតុការណ៍​ដ៏​អស្ចារ្យ​ ​កើត​មាន​ដូច្នេះ​ ​ក៏​កាត់សេចក្ដី​ឲ្យ​នាយ​ត្រសក់ផ្អែម​រួចខ្លួន​ ដោយ​មាន​បន្ទូល​ថា​ ​“នេះ​ជា​កម្ម​ពី​អតីត​របស់​សត្វ​ក្របី”។

ព្រះមហាក្សត្រ ​ដែល​បាន​ភ្លក់​ត្រសក់​ពញាជ័យ​ពញាសួស​ ​បាន​ស្គាល់​រសជាតិ​ថា​ផ្អែម​ឆ្ងាញ់​ពិសា​ ​ខុស​ពី​ត្រសក់​ធម្មតា​មែន។​ ចាប់ពី​ថ្ងៃ​នោះ​មក​ ​ព្រះ​អង្គ​បង្គាប់​ឲ្យ​បងប្អូន​ទាំង​ពីរ​នាក់​បេះ​ត្រសក់​យក​មក​ថ្វាយ​ព្រះ​អង្គ​តាម​រដូវ។​ ​ព្រះ​អង្គ​បាន​ដាក់​ងារ​ឲ្យ​ថា​ ​នាយ​ត្រសក់ផ្អែម​ ​ទទួល​បេសកកម្ម​ដាំ​ថែរក្សា​ការពារ​ ​និង​បេះ​ត្រសក់ផ្អែម​សម្រាប់​ព្រះមហាក្សត្រ។​ ព្រះ​អង្គ​បាន​បង្គាប់​ ពួក​ក្រុម​ជាង​ស្មិត​ ​ឲ្យ​យក​ដុំ​ថ្ម​ដែក​នោះ​ ​សិត​ធ្វើ​ជា​លំពែង​ ​ហើយ​ប្រគល់​ទៅ​នាយ​ត្រសក់ផ្អែម​ទុក​ចាំ​យាម​ការពារ​ចម្ការ។​ ​ព្រះ​អង្គ​ថែម​ទាំង​បញ្ញត្តិ​ប្រកាស​ផ្ដល់​អំណាច​ដល់​នាយ​ត្រសក់ផ្អែម​ ​អាច​ប្រហារជីវិត​ជន​ណា ​ឬ​សត្វ​ណា​ដែល​ហ៊ាន​ចូល​មក​ឈ្លានពាន​ស៊ី​ចម្ការ​ ​និង​លួច​ត្រសក់ផ្អែម​ដោយ​គ្មាន​ទោសពៃរ៍​អ្វី​ទាំងអស់។​ ​បទបញ្ជា​ស្ដេច​នេះ​ នាម៉ឺន​មន្ដ្រី​តូច​ធំ​ ​និង​ប្រជានុរាស្ដ្រ​ជិត​ឆ្ងាយ​ដឹង​ឮ​គ្រប់ៗ​គ្នា។​

ថ្ងៃមួយ ​ ​មិនដឹង​ពិភាល់​មក​អំពី​ហេតុ​អ្វី​ ​ស្រាប់តែ​ព្រះបាទ​សីហនុរាជ​បញ្ជា​ឲ្យ​សព្វ​មុខមន្ដ្រី​ពល​សេនា ​បរិវារ​រៀបចំ​ក្បួន​ដង្ហែ​ព្រះ​អង្គ​ទៅ​ក្រសាល​លំហែកាយ​តាម​ព្រៃ​ភ្នំ​ ​ក្នុង​ខេត្ដ​សំរោង​ទង​ ​ហើយ​បាន​ឈប់​បោះ​ពន្លាជ័យ​នៅ​ម្ដុំ​ខាងជើង​ចម្ការ​ត្រសក់​នាយ​ ត្រសក់ផ្អែម។​ ​នៅ​គង់​ប្រថាប់​លេង​ទី​នេះ​ ​ស្រាប់តែ​ព្រះ​អង្គ​កើត​មានចិត្ដ​មន្ទិល​សង្ស័យ​ ​មិន​អស់ចិត្ដ​នឹង​ការ​ស្មោះត្រង់​របស់​នាយ​ត្រសក់ផ្អែម​ ​ខ្លាចក្រែង​នាយ​បេះ​ត្រសក់​យក​ទៅ​លក់ដូរ​ឲ្យ​អ្នក​ផ្សេង​ដទៃ។​ ពេល​យប់​ ព្រះ​សីហនុរាជ​នាំ​មហាត្លឹក​ជំនិត​ពីរ​នាក់​ទៅ​ជាមួយ​ ​ដើម្បី​ស៊ើប ​លប​លួច​ចូល​ក្នុង​ចម្ការ​ត្រសក់​ ​រង់ចាំ​មើល​កាយវិការ​នាយ​ត្រសក់ផ្អែម។​ ​ព្រះ​អង្គ​ចូល​ទៅ​ដល់​ទួល​មួយ​ក្នុង​ចម្ការ។​ ​គ្រានោះ​ ​នាយ​ត្រសក់ផ្អែម​មិន​ទាន់​ដេក​លង់លក់​នៅឡើយ​ទេ។​ ​នាយ​កំពុង​លេងភ្លេង​លំហែកាយ។​ ​ទោះជា​កំពុង​លេងភ្លេង​ក៏​ដោយ​ ​ក៏​ភ្នែក​នាយ​រំពៃមើល​យាម​ចម្ការ​ត្រសក់​ដែរ។​ ​ភ្លាម​នោះ​ ​នាយ​មើលឃើញ​ស្រមោល​មនុស្ស​ ​កំពុង​តែ​ដើរ​លប​លួច​ចូល​ក្នុង​ចម្ការ។​ ​ស្មានថា​ចោរ​ ​មិន​បង្អង់​យូរ​នាយ​ត្រសក់ផ្អែម​ចាប់​យក​លំពែង​គប់​ចោល​ភ្លែត​ ​សំដៅ​ស្រមោល​នោះ។​ ​ផ្លែ​លំពែង​បាន​បុក​ទម្លុះ​ធ្លាយ​ចំ​ដើមទ្រូង​ស្ដេច​សីហនុ​ ​សុគត​ក្នុង​ពេល​នោះ​ភ្លាម​ទៅ។​ ​នាយ​ត្រសក់ផ្អែម​ឃើញ​មនុស្ស​ដេក​ដួល​ស្លាប់​នៅ​នឹង​កន្លែង​ ​ក៏​យក​ភ្លើង​មក​ឆ្លុះ​មើល។​ ​ស្រាប់តែ​នាយ​ឃើញ​ជាក់ច្បាស់​ថា​ ​ចោរ​នោះ​ ​គ្មាន​ន​ណា​ក្រៅពី​ស្ដេច​ឡើយ។​ ​នាយ​ភ័យ​តក់ស្លុត​ឥតឧបមា​ ​ស្រែក​ដង្ហោយ​យំ​នឹក​ស្រណោះ​ព្រះករុណា។​ ​កន្លែង​ដី​ទួល​ដែល​តា​ត្រសក់ផ្អែម​ចាក់​សម្លាប់​ស្ដេច​បាន​ជាប់​ឈ្មោះ​ជា​ រៀង​រហូត​មក​ថា​ ទួលចាក់ស្ដេច

ព្រះបាទ​សីហនុរាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៤​ ​បាន​សុគត​នៅ​ឆ្នាំខាល​ក្នុង​ព្រះ​ជន្ម​ ៧១ ​វស្សា។​ ​ព្រះ​អង្គ​សោយរាជសម្បត្តិ​ប្រទេស​កម្ពុជា​បាន​ចំនួន​ ​៥៣ ​ឆ្នាំ។

មហាត្លឹក ​ទាំង​ពីរ​ឃើញ​ដូច្នោះ​ភ័យ​ស្លន់ស្លោ​រត់​ប្រាស​យករួចខ្លួន​ ​ហើយ​យក​រឿងរ៉ាវ​ព្រឹត្ដិការណ៍​ទាំង​ប៉ុន្មាន​ទៅ​ប្រាប់​អស់​គ្រប់​នាម៉ឺន​ មុខមន្ដ្រី​តូច​ធំ​ក្នុង​នគរ។​ ​នាម៉ឺន​មុខមន្ដ្រី​តូច​ធំ​គ្រប់​ជាន់ថ្នាក់​ ​ក្រុម​បុរោហិត​ ​ហោរា​ ​និងអាចារ្យ​ ​ដែល​ដង្ហែ​តាម​ស្ដេច​ ​បាន​នាំ​គ្នា​ទៅ​ដល់ទី​កន្លែង​ស្ដេច​សុគត​ ​ឃើញ​ពិត​ដូចដែល​អាមាត្យ​បាន​អធិប្បាយ។​ ​អ្នក​ទាំងនោះ​ប្រជុំ​ពិភាក្សា​វែកញែក​ប្ដូរ​យោបល់​គ្នា​ទៅ​ ​យល់​ឃើញ​ថា​ ​នេះ​ជា​កម្ម​របស់​ព្រះមហាក្សត្រ​តែ​ប៉ុណ្ណោះ។​ ​កម្មនេះ​ ​បាន​នាំ​ឲ្យ​ព្រះ​អង្គ​គិត​យល់​ខុស​ ​ហើយ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ​អង្គ​អស់ព្រះជន្ម។​ ​ដូច្នេះ​ ​គេ​មិន​អាច​ទម្លាក់​កំហុស​ទៅ​លើ​នាយ​ត្រសក់ផ្អែម​បាន​ឡើយ។​

នាម៉ឺន ​មន្ដ្រី​ទាំងអស់​បាន​កត់​សម្គាល់ថា​ ​ព្រ​រាជវង្ស​ព្រះមហាក្សត្រ​ព្រះ​សីហនុ​ត្រូវ​ចប់​ ​ដោយ​គ្មាន​អ្នក​ស្នងរាជ្យ​បន្ដ​ហើយ​ក៏​មូលមតិ​គ្នា​ ​យល់​ថា​នាយ​ត្រសក់ផ្អែម​ជា​មនុស្ស​មានបុណ្យ​ធំ​អស្ចារ្យ​ ​មាន​ដូច​កាល​រឿង​សម្លាប់​ក្របី​ ​ជា​ភ័ស្ដុតាង។​ គាត់​មាន​មាឌធំ​ដំបង​ ​ហើយ​កាល​គាត់​ដេក​លក់​ម្ដងៗ​ ​គាត់​ស្រមុក​លាន់ឮ​រំពង​ដូច​ផ្គរ​(ពង្សាវតារ​របស់​ព្រះ​អម្ចាស់​នព្វរត្ន)។ ម្យ៉ាងវិញទៀត​ ​គេ​យល់​ថា​ ពញាជ័យ​ ​និង​ពញាសួស​ពីរ​នាក់​បងប្អូន​នេះ​ ​មាន​អាយុ​វែង​ជាង​មនុស្ស​ធម្មតា​ ​មាន​លំពែង​មុតមាំ​ខ្លាំងពូកែ​ ​ជាប់​វង្ស​ត្រកូល​ជា​ក្សត្រ​ ​ហើយ​ប្រជាជន​ជិត​ឆ្ងាយ​ស្រឡាញ់​គោរព​រាប់អាន​ ​ចុះចូល​ជា​ច្រើន​ (ពង្សាវតារ​វត្ដ​ទឹកវិល)។ ដូចនេះ​គួរ​ថ្វាយ​រាជសម្បត្តិ​នគរ​ខ្មែរ​ដល់​តា​ត្រសក់ផ្អែម។​ ​ព្រឹក​ព្រហាម​ ​នាម៉ឺន​មុខមន្ដ្រី​តូច​ធំ​គ្រប់​ជាន់ថ្នាក់​ ​ព្រមទាំង​ក្រុម​បុរោហិត​ ​ហោរា​ ​និង​អាចារ្យ​ ​បាន​នាំ​គ្នា​រៀបចំ​ក្បួន​មក​ដង្ហែ​សុំ​យាង​តា​ត្រសក់ផ្អែម​ឲ្យ​ឡើង​សោយរាជ្យ។​ ​តែ​ តា​ត្រសក់ផ្អែម​មិន​ព្រម​ទទួល​ ​ពីព្រោះ​កាលណា​ឡើង​ធ្វើ​ស្ដេច​ទៅ​រស់នៅ​ក្នុង​វាំង​ ​គាត់​លែង​បាន​ជួបជុំ​មិត្ដ​ភ័ក្ដិ​ ​លែង​បាន​លេងភ្លេង​ ​ប្រគំ​តូរ្យតន្ដ្រី​ ​លែង​បាន​ស្ដាប់​សំឡេងគោក្របី​ ​បក្សាបក្សី​ ​ហ៊ីង​កង្កែប​ ​យំ​ទៀត​ហើយ។​ ​នាម៉ឺន​មន្ដ្រី​ទាំងឡាយ​នាំ​គ្នា​អង្វរករ​ ​ហើយ​សន្យា​ថា​ ​នឹង​រៀបចំ​ឲ្យ​មាន​ប្រគំ​ភ្លេង​តូរ្យតន្ដ្រី​ ​រៀងរាល់ថ្ងៃ​ ​រាល់ពេល​វេលា​ ​នៅ​ក្នុង​បរមរាជវាំង។​

ល្បែង និង សិល្បៈ

[កែប្រែ]

ល្បែង​ ​និង​បទភ្លេង​​ដែល​ពញាជ័យ​បាន​បង្កើត​តាក់តែង​ ​មាន​ដូចជាៈ ​

ការឡើងសោយរាជ្យ

[កែប្រែ]

នៅទីបំផុត​ ​តា​ត្រសក់ផ្អែម​ក៏​យល់ព្រម​តាម​ការ​អង្វរ​របស់​ក្រុម​នាម៉ឺន​មន្ដ្រី​ ​សុខចិត្ដ​ឡើង​សោយរាជសម្បត្តិ​ប្រទេស​កម្ពុជា។​ ​រាជការ​វាំង​តូច​ធំ​គ្រប់​ជាន់ថ្នាក់​ ​ក្បួនទ័ព​សេនាបតី​សេះ​ ​ដំរី​ ​វង់ភ្លេង​តូរ្យតន្ដ្រី​ ​ត្រូវ​បាន​រៀបចំ​ ​ដើម្បី​ដង្ហែ​តា​ត្រសក់ផ្អែម​ ​និង​ពញាសួស​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ព្រះរាជធានី​មហានគរ។​ ​តា​ត្រសក់ផ្អែម​បាន​យក​លំពែង​ ​ដែល​បាន​ប្រហារ​ជីវិត​ព្រះ​សីហនុរាជ​ ​ទៅ​ជាប់​ជាមួយ​ដែរ។​ ​លំពែង​នេះ​ ​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា​ លំពែង​ជ័យ។​ ​មិនតែប៉ុណ្ណោះ​ ​បើ​តាម​ពង្សាវតារ​ ​សម្ដេច​វាំង​ជួន​ ​​នាម៉ឺន​សព្វ​មុខមន្ដ្រី​ ​បាន​រៀបចំ​ឲ្យ​តា​ត្រសក់ផ្អែម​ ​រៀប​ការ​ជាមួយនឹង​ព្រះ​នាងច័ន្ទតារាវត្តី បុត្រី​ព្រះសីហនុរាជ ព្រះមហាក្សត្រ​ទី​២៤។​ ថ្ងៃ​១១ ​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំខាល​ ​ព.ស ​១៨៣៤ ត្រូវជា​ ​ម.ស​ ​១២១២ ច.ស​៦៥២ និង​ត្រូវជា​ ​គ.ស​១២៩០ តា​ត្រសក់ផ្អែម​បាន​ទទួល​រាជាភិសេក សោយរាជ​សម្បត្តិ​ប្រទេស​កម្ពុជា។​ ​នាកាល​នោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​ ៧០​ វស្សា។​ ​ព្រះ​អង្គ​ជា​ព្រះមហាក្សត្រ​ទី​២៥​ ​ហើយ​ព្រះ​អង្គ​ក៏​ជា​ព្រះមហាក្សត្រ​ដែល​បើក​យុគ្គ​សន្ដតិវង្ស​ជាន់​ថ្មី​ មួយទៀត​ ​ដាច់​ស្រឡះ​ពី​ព្រះមហាក្សត្រ​សម័យ​អង្គរ​ដែរ។​ ​បរម​នាម​របស់​ព្រះ​អង្គ​គឺ​ ​ព្រះបាទ​សម្ដេច​មហាបពិត្រ​ ​ធម្មិក​រាជា​ធិរាជ​ ​ជា​អង្គម្ចាស់​ផែនដី​ក្រុង​កម្ពុជា​ធិបតី។​ ​ព្រះ​អង្គ​គង់នូវ​មហានគរ​ដដែល ។

ព្រះ​នាង​ច័ន្ទតារាវត្តី​ ​ត្រូវ​បាន​ព្រះ​អង្គ​ប្រទាន​ឋានៈ​ជា​ព្រះរាជ​អគ្គមហេសី​ មាន​ព្រះ​បរម​នាម​ថា​ ​សម្ដេច​ព្រះ​ភគវត្តី​ ​សិរីច័ន្ទតារា​ ​មហាក្សត្រី។​

ចំណែកឯ​ពញា​សួស​វិញ ​ព្រះបាទ​ត្រសក់ផ្អែម​បាន​តែងតាំង​ជា​ព្រះ​ឧបរាជ (ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ដំបូង​ថា​ ​បុត្រ​ច្បង​ព្រះ​នាង​សុភវត្តី ​ដែល​កើតមក​ដោយសារ​ទឹកនោម​ដំរី​ស​ឈ្មោះ​ពញាជ័យ​ ​ឯ​បុត្រ​ប្អូន​ជា​កូន​ជាមួយ​នឹង​ព្រះ​បទុមរាជា​ ​ឈ្មោះ​ពញាសួស។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​បញ្ជាក់​ថា​ ​គឺ​បុត្រ​របស់​ព្រះ​បទុមរាជា​ ​ដែល​មាន​ងារ​នាយ​ត្រសក់ផ្អែម​ ​ដែល​បាន​ឡើង​សោយរាជ្យ។​ ​ដូច្នេះ​គឺ​កូន​ប្អូន​ដែល​បាន​ឡើង​សោយរាជ្យ។​ ​តែ​បន្ទាប់​មក​ ​ពង្សាវតារ​ដដែល​នេះ​ ​បែរជា​សរសេរ​ថា​ ​ពញាសួស​ត្រូវ​បាន​ព្រះរាជា​តែងតាំង​ជា​ឧបរាជ​ ​ដែល​មាន​ន័យ​ថា​ ពញាជ័យ​ទេ​ដែល​បាន​ធ្វើ​ស្ដេច។​ ​ដូច្នេះ​ស្ដេច​ត្រសក់ផ្អែម​ត្រូវជា​កូន​របស់​ស្ដេច​ដំរី​ស។​ ​ពង្សាវតារ​ផ្សេងៗ​ទៀត​ ​ក៏​បាន​កំណត់​ដែរ​ថា​ ​ស្ដេច​ត្រសក់ផ្អែម​មានឈ្មោះ​ដើម​ពញាជ័យ)។​

បុត្រ

[កែប្រែ]

ឆ្នាំរោង ​ ​ព្រះ​អគ្គមហេសី​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាមបរម​និព្វានបាទ។​ ​ហើយ​ក្រោយមក​ក្នុង​ឆ្នាំមមី​ ព្រះ​នាង​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​អង្គ​ទៀត​ព្រះ​នាម​សិទ្ធានរាជា

ដោយគ្មាន​របស់​តឹកតាង​អ្វី​តំណាង​ព្រះ​រាជបល្លង្ក​ ​និង​អំណាច​ ​ព្រះបាទ​ត្រសក់ផ្អែម​បាន​កំណត់​យក​លំពែង​ជ័យ​ដាក់​បញ្ចូល​ ​ធ្វើ​បញ្ចក្សត្រ​សម្រាប់​ព្រះមហាក្សត្រ​ ​ដែល​ត្រូវ​តែ​គោរព​បូជា​ដូច​ព្រះ​ខ័ន​រាជ។​ ​បើ​តាម​អ្នក​ប្រវត្ដិវិទូ​ ​និង​អ្នក​ស្រាវជ្រាវ​ផ្សេងៗ​ ​លំពែង​ជ័យ​នេះ​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​ក្រោយ​ ​ថែរក្សា​ទុក​ក្នុង​ព្រះ​បរមរាជវាំង​ ​រហូត​មក​ដល់​សព្វថ្ងៃ។​

ដោយនឹក​ស្រណោះ​ទៅ​ដល់ទី​កន្លែង​ដែល​ព្រះ​អង្គ​ធ្លាប់​កើត​ ​និង​រស់នៅ​ ​ព្រះបាទ​ត្រសក់ផ្អែម​ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​សាងសង់​ដំណាក់​មួយ​នៅ​ភ្នំជ្រាវ។​ ​ដំណាក់​នេះ​ ​មានឈ្មោះ​ជាប់​មក​ថា​ ​គោកព្រះរាជមន្ទីរ។ ព្រះ​អង្គ​បាន​សាងព្រះពុទ្ធរូប​ជា​ច្រើន​ទៀត​ ​ដែល​ព្រះ​អង្គ​ទុក​តម្កល់​បូជា​នៅ​ក្នុង​រូង​ភ្នំព្រះ។​ ​ចំណែក​ចម្ការ​ត្រសក់ផ្អែម​ ​ព្រះរាជា​ជំនាន់​ក្រោយ​បាន​រក្សា​ទុកជា​ព្រះរាជទ្រព្យ​រៀង​រហូត​ត​មក។​ ​គេ​បាន​និទាន​និយាយ​តៗ​គ្នា​មក​ថា​ ​រហូត​មក​ដល់​សម័យ​ក្រោយ​អាណានិគម​បារាំង​ ​ជា​រៀង​រាល់​ឆ្នាំ​ ​ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​យាង​ទៅ​ធ្វើបុណ្យ​រំលឹក​នៅ​ទីនោះ។​

ប្រាសាទ

[កែប្រែ]

ពង្សាវតារវត្ដ​ទឹកវិល​បាន​សរសេរ​ថា​ ​ព្រះ​អង្គ​បាន​កសាង​ប្រាសាទ​សួព្រ័ត្រ យោលទោង​ ​និង​បិទពួន។​ ​ព្រះ​អង្គ​បាន​ចាត់​ឲ្យ​ពួក​តន្ដ្រីករ​ ​ធ្វើ​ឧបករណ៍​ភ្លេង​ផ្សេងៗ​ជា​ច្រើន​ ​ដើម្បី​ធ្វើ​ត្រាប់​តាម​សំឡេងសត្វ​ ​ដែល​ព្រះ​អង្គ​ធ្លាប់​បានឮ​ ​បាន​ស្ដាប់​ក្នុង​ព្រៃ។​ ​ដូច្នេះ​ហើយ​បានជា​មាន​វង់ភ្លេង​តូរ្យតន្ដ្រី​ ​និង​បទ​ភ្លេង​ចំរៀង​តរៀង​រហូត​មក។​

ក្បួនច្បាប់

[កែប្រែ]

ក្នុង​ឆ្នាំកុរ​ ​ដោយ​យល់​ឃើញ​ថា​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ដែល​គ្មាន​បញ្ចក្សត្រ​ប្រចាំ​រាជ្យ​សម្រាប់​សំគាល់​ខ្លួន​ជា​ស្ដេច​(ត្រង់​ចំណុច​នេះ​ ​ស​ឲ្យ​ឃើញ​ថា​ការ​ឡើង​សោយរាជ្យ​របស់​ព្រះបាទ​ត្រសក់ផ្អែម​ ​មិនមែន​បាន​ប្រព្រឹត្ដ​ទៅ​ក្នុង​លក្ខណៈ​ត្រឹមត្រូវ​ ​តាម​ក្រឹត្យ​ក្រម​ច្បាប់​វិន័យ​នគរ​ទេ) ព្រះបាទ​ត្រសក់ផ្អែម​បាន​កោះហៅ​មន្ដ្រី​តូច​ធំ​ ​និង​អ្នកចេះ​ដឹង​ដែល​មាននៅ​សល់​ទាំង​ប៉ុន្មាន​ ​ឲ្យ​រៀបចំ​បង្កើត​បញ្ចក្សត្រ​ ​ស្ថាប័ន​សាសនា​ ​និង​រក​ក្បួន​គម្ពីរ​ទុកដាក់​ឲ្យ​មាន​ឡើង​វិញ។​ ​គឺ​មាន​ជា​អាទិ​ដូច​ជា ៖​

និង​ហោរា​ហ្លួង​ ​ក្នុង​ចំណោម​កូនចៅ​ពួក​ព្រាហ្មណ៍

ការវិភាគ

[កែប្រែ]

១- ក្នុង​ប្រវត្ដិ​ស្ដេច​ត្រសក់ផ្អែម​ ​យើង​កត់សំគាល់​ឃើញ​មាន​ភាព​ស្រពេចស្រពិល​ ​មិន​ច្បាស់លាស់​ ​ច្របូកច្របល់​និង​អាថ៌​កំបាំង​ច្រើន​ណាស់​ ដូចជា ៖ ដើម ​កំណើត​តា​ត្រសក់ផ្អែម​ ​ដែល​គេ​បាន​អះអាង​ថា​ជា​កូន​របស់​ព្រះ​បទុមរាជា​ ​ព្រះរាជបុត្រ​ព្រះ​ជេដ្ឋាជ័យ ​មហាក្សត្រ​ទី​១៤។​ ​តា​ត្រសក់ផ្អែម​បាន​មាន​អាយុ​វែង​ ​រស់​បាន​១០​ជំនាន់​ស្ដេច​ ​រហូត​មក​ដក់​សីហនុរាជ​ ​មហាក្សត្រ​ទី​២៤។ ព្រះ ​នាងសុភវត្តី​ ​ដែល​ជា​បុត្រី​របស់​ព្រះ​ជេដ្ឋាជ័យ​ដែរ​នោះ​ ​កាលបើ​បាន​ប្រសូត​បុត្រ​រួច​ហើយ​ ​បាន​ជួប​អ្នក​ស្រុក ​អ្នក​ភូមិ​ ​ម្ដេច​ក៏​មិន​ប្រាប់​បញ្ជាក់​គេឯង​ថា​ខ្លួន​ជា​កូន​ស្ដេច​ ​ហើយ​ម្ដេច​ក៏​មិន​ធ្វើ​ដំណើរ​ត្រលប់​ចូល​ទៅ​ព្រះ​បរមរាជវាំង​ ​ជួបជុំ​នឹង​ព្រះ​មាតាបិតា​វិញ ? ហើយ​បែរជា​មក​សុខចិត្ដ​នាំ​កូន​មក​រស់នៅ​រសាត់អណ្ដែត​ដូច​ចក​យ៉ាង​វេទនា​​ ដូច្នេះ​ទៅ​វិញ? ព្រឹត្តិការណ៍ ​តា​ត្រសក់ផ្អែម​សម្លាប់​ព្រះមហាក្សត្រ​ ​ត្រូវ​បាន​រួចខ្លួន​ បាន​ឡើង​សោយរាជ្យ​ហើយ​ ​បានកូន​ស្រី​ស្ដេច ​សីហនុ​មក​ធ្វើ​ជា​មហេសី​ទៀត​ ​គឺ​ហាក់បី​ដូចជា​ ​មានការ​ឃុបឃិត​រួមគំនិត​គ្នា​រវាង​តា​ត្រសក់ផ្អែម​ ​និង​នាម៉ឺន​មុខមន្ដ្រី​ដើម្បី​ធ្វើឃាត​ស្ដេច។​ ​នាម៉ឺន​ទាំងនោះ​បាន​ត្រឹមតែ​ពោល​ប្រកាស​ថាៈ​ ​”នេះ​ជា​កម្ម​របស់​ស្ដេច”។ ឯ​ការពិត ​ឬ​យុត្ដិធម៌​ គេ​មិន​បាន​នាំ​គ្នា​រុករក​ ​លើកយក​មក​រិះគិត​ពិចារណា​ ​រក​ខុស​ត្រូវ​ ​ស​ខ្មៅ​សោះឡើយ។​ ​គេ​យក​ពាក្យ ​”កម្ម” មក​ប្រើ​ធ្វើ​ជា​ពិធី​ដោះស្រាយ​ការ​ប្រហារជីវិត​សម្លាប់​ស្ដេច​ ​ហើយ​ប្រៀបផ្ទឹម​ព្រឹត្ដិការណ៍​នេះ​ ​ទៅ​នឹង​កម្មពៀរ​របស់​សត្វ​ក្របី​ដែល​ងាប់​ដោយ​ស្នាដៃ​តា​ត្រសក់ផ្អែម។​ ​មើលទៅ​ ដូច​ជា​ព្រះមហាក្សត្រ​ព្រះ​សីហនុរាជគ្មាន​តម្លៃ​អ្វី​ទាំងអស់​ ​ហើយ​ក៏​ដូច​ជានា​ម៉ឺន​មន្ត្រី​ទាំងអស់​ ​បន់ស្រន់​ឲ្យ​តែ​ស្ដេច​អស់​ជីវិត​ប៉ុណ្ណោះ។

២- ក្នុង​ន័យ​នេះ​ ​គេ​ត្រូវ​តែ​នាំ​គ្នា​តាក់តែង​ ​អួត​សរសើរ​ ​បង្ហាញ​នូវ​ភាព​អច្ឆរិយៈ​ បញ្ជាក់​ថា​ ​តា​ត្រសក់ផ្អែម​ជា​អ្នកមាន​បុណ្យ​ ​ខ្លាំងពូកែ​អស្ចារ្យ​ ​មាន​អាយុ​វែង​ ខុស​ប្លែក​អំពី​មនុស្ស​ធម្មតា។​ ​ដើម្បី​ឲ្យ​ឃើញ​សម្បើម​ ​ហើយ​សមស្រប​ទៅ​តាម​កាលបរិច្ឆេទ​ពេលវេលា​ ​គេ​បាន​ពន្យល់​បញ្ជាក់​ថា​ ​តា​ត្រសក់ផ្អែម​មាន​អាយុ​វែង​ដល់​ទៅ​៥០០​ ឆ្នាំ។​ ​គាត់​មាន​ឈាមជ័រ​សែស្រឡាយ​ពូជពង្ស​ជា​ស្ដេច​សម័យ​មហានគរ។​ ​ព្រះ​អង្គ​មិនមែន​ជា​អ្នក​សំរែ ​ដូចដែល​គេ​តែងតែ​និយាយ​និទាន​នោះ​ឡើយ។ ម្យ៉ាងទៀត​ ដើម្បី​ឲ្យ​រឹង​រឹត​តែ​មានបុណ្យ​អស្ចារ្យ​ទៅ​ទៀត​ ​គេ​បាន​រៀបចំ​អធិប្បាយ​ធ្វើ​ឲ្យ​តា​ត្រសក់ផ្អែម​ទៅ​រស់នៅ​ឯ​ភ្នំ​ប្រសិទ្ធិ ​ ​ដូច​ព្រះបាទ​បក្សីចាំក្រុង​ ​ព្រះមហាក្សត្រ​ទី​១៩។​ ​ពីព្រោះ​ភ្នំ​ប្រសិទ្ធិ​ ​ជាទឹកដី​ស័ក្ដិសិទ្ធិ។​ ​ដូច្នេះ​នៅ​ភ្នំ​ប្រសិទ្ធិ​ ​ទោះបីជា​គេ​មិន​បាន​ហ៊ាន​សរសេរ​អះអាង​ក៏​ដោយ​ ​ក៏​គេ​ចង់​បង្ហាញ​បញ្ជាក់​ដែរ​ថា​ ​បារមី​តូច​ធំ​ព្រៃ​ទាំងឡាយ​បាន​ប្រសិទ្ធិ​ពរ​ជ័យ​រៀបចំ​ឲ្យ​តា​ត្រសក់ផ្អែម ​ឡើង​សោយរាជ្យ​ប្រទេស​កម្ពុជា​ ​បន្ដ​វង្ស​ត្រកូល​តរៀង​មក។​ ​គឺ​តា​ត្រសក់ផ្អែម​មាន​ទាំង​មនុស្ស​មាន​ទាំង​ទេវតា​វត្ថុ​ស័ក្ដិសិទ្ធ​ ​បាន​តែងតាំង​ ​តម្រូវ​លើក​ឡើង​ធ្វើ​ជា​ស្ដេច​ផែនដី។​

៣- ទស្សនៈ​ ​”កម្មផល” ក្នុង​ទ្រឹស្ដី​ព្រះពុទ្ធសាសនា ​ត្រូវ​អ្នក​កាន់​អំណាច​យក​មក​ប្រើ​ធ្វើ​ជា​ឧបករណ៍​សម្រាប់​បម្រើ​ ផលប្រយោជន៍​ក្រុម​បក្សពួក។​ ​សាសនា​ក្លាយទៅជា​ឈ្នាន់​ ​បម្រើ​វណ្ណៈ​ស្ដេច​ ​វណ្ណៈ​អ្នកដឹកនាំ​ ​ពន្យល់​បន្លំ​បំភិតបំភ័យ​ ​បំភាន់​បំពុល​ស្មារតី​សតិអារម្មណ៍​ ​វាយបំបាក់​ឆន្ទៈ​ប្រជាពលរដ្ឋ​តូចតាច​ទន់ខ្សោយ​ឲ្យ​បាក់ស្បាត​តក់ស្លុត​ ខ្លបខ្លាច​ ​សុខចិត្ដ​សុខកាយ​ ​លែង​ហ៊ាន​ប្រឆាំង​ជំទាស់​ ​ហើយ​ដាក់ខ្លួន​បម្រើ​ពួក​អភិជន​ទាំងនោះ​ ​តាម​ព្រេងវាសនា​កម្មផល បុណ្យ​បាប​កសាង​ពី​អតីតជាតិ។ ក្នុង​ស្ថានភាព​នេះ​រាស្ត្រ​ខ្មែរ​ត្រូវ​ភ្លេចភ្លាំង​ ​លែង​ចេះ​ស្គាល់​ហេតុផល​ ​លែង​យកចិត្ដទុកដាក់​ ​លែង​គិតគូរ​អំពី​ជីវិត​ខ្លួន​ផ្ទាល់​ ​លែងរវីរវល់​អើពើ​អំពី​បច្ចុប្បន្នកាល​ ​ហើយ​គិតតែ​អំពី​កម្មផល​ ​អំពី​អតីតកាល​ ​និង​អនាគត​កាល។​ ​ការ​យក​ទស្សនៈ​ ​”កម្មផល” មក​ធ្វើ​ជាមូលដ្ឋាន​សម្រាប់​ដោះស្រាយ​គ្រប់​បញ្ហា​ធំៗ​ ​ដូចដែល​យើង​ឃើញ​មាន​ក្នុង​ប្រវត្ដិ​ស្ដេច​ត្រសក់ផ្អែម​ ​អាច​បង្ហាញ​ឲ្យ​យើង​បាន​ស្គាល់​យ៉ាង​ច្បាស់​ណាស់​នូវ​ផ្នា​ត់​គំនិត​ខ្មែរ​ ជំនាន់​នោះ​ ​ជា​ពិសេស​ ​ការ​វិវឌ្ឍ​ ​និង​គ្រប់​ផលវិបាក​ទាំង​ប៉ុន្មាន​របស់​ប្រទេស​ជាតិ​ខ្មែរ​ ​ដែល​មាន​ជា​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។​

៤- ទោះបីជា​ខំ​អួត​សរសើរ​ឃោសនា​ ​ដូចនេះ​ក៏​ដោយ​ ​ដើម្បី​នឹង​ឡើង​សោយរាជ្យ​ជា​ម្ចាស់ផែនដី​ ​ហើយ​ដើម្បី​សម្របសម្រួល​ទៅ​តាម​ច្បាប់​ទំនៀមទម្លាប់​នគរ​ ​និង​តាម​កាលទេសៈ​ ​នាយ​ត្រសក់ផ្អែម​ត្រូវ​តែ​រៀប​អភិសេក​ជាមួយនឹង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ ច័ន្ទតារាវត្តី​ ​បុត្រី​របស់​ព្រះមហាក្សត្រ​ព្រះ​សីហនុរាជ។​ ​ត្រង់​ចំណុច​នេះ​ ​យើង​ធ្លាប់​ឃើញ​មក​ហើយ​ករណី​ស្ដេច​ជំនាន់​មុន​ជា​ច្រើន។​ បើ​តាម​ការ​កត់សំគាល់​របស់​លោក​ ​Adhémard​ ​Leclere​ ​នាយ​ត្រសក់ផ្អែម​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​សំរែ​ ​វណ្ណៈ​ទាប​ថោក​ ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ប្រទេស​កម្ពុជា​ ​ប្រហែលជា​ដោយសារ​ការ​បះបោរ​ ​ឬ​ការ​បដិវត្ដន៍​របស់​ប្រជាជន​ខ្មែរ។​ ​សូម្បី​តែ​ព្រះមហាក្សត្រ​ ​ព្រះបាទនរោត្តម ​ក៏​បាន​ទទួលស្គាល់​ថា​ ​ព្រះរាជវង្ស​ព្រះ​អង្គជា​ពូជ​សំរែ​ ​ចុះ​មក​ពី​ស្ដេច​ត្រសក់ផ្អែម​ដែរ។​ ឯកសារ​អ្នកដំណើរចិន​ ​ដែល​បាន​ទៅ​ដល់​នគរ​ខ្មែរ​ ​បាន​បញ្ជាក់​ថា​ ​នៅ​ចុង​សតវត្ស​ទី​១៣​ ​ប្រហែលជា​ ​គ.ស​ ១២៩៦ បុត្រី​ស្ដេច​ខ្មែរ​មួយអង្គ បាន​លួច​ព្រះខ័នរាជ​យក​ទៅ​ឲ្យ​ស្វាមី​របស់​ខ្លួន​ ​ដើម្បី​ដណ្ដើម​រាជ​កុំឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​បងប្រុស​បង្កើត​ មួយទៀត​ ​ដែល​ត្រូវ​ទទួល​ឋានៈ​បន្ត​ជា​ព្រះមហាក្សត្រ។​ ​ដោយ​ត្រូវ​គេ​លួច​រាជសម្បត្តិ​ ​ស្ដេច​អង្គ​នេះ​ក៏​រៀបចំ​ធ្វើការ​បះបោរ​ប្រឆាំង​រាំងជល​ ​តែ​មិន​បាន​សម្រេច​ ​ហើយ​ត្រូវ​គេ​ចាប់​យក​ទៅ​កាត់​ម្រាមជើង ​ដាក់​ឃុំឃាំង​ក្នុង​គុក​ងងឹត។ ​ឈ្មោះ​ស្ដេច​ទាំងនោះ​ ​គេ​មិន​បាន​ស្គាល់​ទេ​ ​ពីព្រោះ​អ្នកដំណើរ​ចិន​មិន​បាន​កត់ត្រា។​ ​ក៏​ប៉ុន្ដែ​កាលបរិច្ឆេទ​ហាក់បី​ដូចជា​ជាន់​ចំ​ពេល​ព្រឹត្ដិការណ៍​ស្ដេច​ត្រសក់ផ្អែម​ដែរ។​ ព្រឹត្ដិការណ៍​នេះ​មាន​ទំហំ​ធំ​ ណាស់​ ​ហើយ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ ​មក​លើ​ប្រទេស​ជាតិ​សង្គម​ខ្មែរ។​ ​គឺជា​បដិវត្ដន៍​មួយ​ដែល​បាន​ផ្លាស់​ប្ដូរ​ ​រំលំ​ព្រហ្មញ្ញសាសនា​ទូទៅ​ក្នុង​ប្រទេស​ ​ប្ដូរ​ប្រកាន់​យក​ព្រះពុទ្ធ​សាសនា​ជា​ធំ។​ ​បើ​និយាយ​ឲ្យ​ចំ​ទៅ​ គេ​អាច​ប៉ាន់​ស្មានថា​ ​ជា​សង្គ្រាម​សាសនា។​ ​នៅ​ទី​បញ្ចប់​ ​ក្រុម​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​បាន​ទទួល​ជោគជ័យ​ ​ឈ្នះ​លើ​ក្រុម​ព្រហ្មញ្ញសាសនា​និយម។​ ​អ្នកដំណើរ​ចិន​ឈ្មោះ​ ជីវ​តាក្វាន់ ​ដែល​ធ្លាប់​បាន​ទៅ​ស្រុក​ខ្មែរ​ ​បាន​កត់ត្រា​ថា​ ​នា​សម័យ​នោះ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​ធំ​ជាងគេ​បង្អស់​ ​ហើយ​បាន​ជះ​ឥទ្ធិពល​ទៅ​គ្រប់​ទិសទី​ក្នុង​នគរ។​ ​គេ​សង្កេត​ឃើញ​ព្រះសង្ឃ​និមន្ដ​ដើរ​ផ្សព្វផ្សាយ​បង្ហាត់បង្រៀន​ ​ចំណេះ​ចេះ​ដឹង​ដល់​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក​ ​ហើយ​បង្កបង្កើត​ឲ្យ​មាន​សាលារៀន។ ​បណ្ដា​ជន​ជា​ច្រើន​បាន​ស្រឡាញ់​ រាប់អាន​គោរព​កោតខ្លាច​ប្រតិបត្ដិ​ ​មាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​ ​ហើយ​រួបរួម​ចុះចូល​ជាមួយ។​ ​ផ្ទុយ​ទៅ​វិញ​ពួក​វណ្ណៈ​ព្រាហ្មណ៍​តែងតែ​ឱបក្រសោប​លួចលាក់​ក្បួនគម្ពីរ​ ​បិទ​បាំង​មិន​បញ្ចេញ​បង្ហាត់បង្រៀន​អ្នក​ដទៃ​ ​ឬ​វណ្ណៈ​ផ្សេង​ទៀត​ឡើយ។​ ចំណែកឯ​ព្រះបាទ​ត្រសក់ផ្អែម​ ​កាល​បាន​ឡើង​សោយរាជ្យ​ ​ក៏​ដាក់​ឈ្មោះ​ទៅ​តាម​របៀប​ព្រះពុទ្ធ​សាសនា​ដែរ​ ​ព្រះបាទ​សម្ដេចមហាបពិត្រ​ធម្មិក​រាជាធិរាជ។​ ​ព្រះរាជបុត្រ​ព្រះ​អង្គ​ទាំង​ប៉ុន្មាន​ ​ក៏​មានឈ្មោះ​របៀប​ព្រះពុទ្ធ​សាសនា​ដែរ​ ​ដូច​ជា​ព្រះ​បរម​និព្វានបាទ​ ​និង​ព្រះ​សិទ្ធានរាជ។​

៥- ប៉ុន្ដែ​ បើ​យើងសំអាង​ទៅ​លើ​ការ​វិវត្ដ​របស់​ប្រវត្ដិសាស្ដ្រ​ ​យើង​អាច​អះអាង​បាន​ថា​ព្រឹត្ដិការណ៍​ស្ដេច​ត្រសក់ផ្អែម​ជា​រដ្ឋប្រហារ​មួយ​ ដែល​ពឹងផ្អែក​យក​កម្លាំង​អ្នក​កាន់​ពុទ្ធសាសនា​ ​និង​ទ្រឹស្ដី​ព្រះពុទ្ធ​មក​ធ្វើ​ជា​ឈ្នាន់​ ​សម្រាប់​ទៅ​វាយប្រហារ​រំលំ​ព្រះមហាក្សត្រ​ ​ដណ្ដើម​យក​រាជបល្ល័ង្ក​ ​និង​អំណាច។​ ​គឺ​នាយ​ត្រសក់ផ្អែម​បាន​ឆ្លៀតពេល​ដែល​ស្ដេច​អស់​ប្រជាប្រិយភាព​អស់អំណាច​ ​រាស្ដ្រ​ស្អប់ខ្ពើម​មិន​សប្បាយចិត្ដ​ ​ដើម្បី​ធ្វើឃាត​ស្ដេច​ផ្ដាច់​ពូជ​តែ​ម្ដង។​ ​ដូចដែល​យើង​ឃើញ​ស្រាប់​មក​ហើយ​ ​ការ​ក្ដៅក្រហាយ​ ​ចលាចល​រំជើបរំជួល​ក្នុង​នគរ​ ​ទុក្ខ​ព្រួយ​វេទនា​របស់​ប្រជានុរាស្ដ្រ​ខ្មែរ​ ​បាន​កើត​កម្រើក​មាន​តាំងពី​រាជស្ដេច​ពាល​ ​ព្រះ​បិតា​ព្រះ​សីហនុ​មក​ម្លេះ។​ ​ខ្មែរ​ម្នាក់ៗ​ ​ចាំតែ​ឱកាសល្អ​ហុច​ឲ្យមក​ដល់​ដើម្បី​ងើប​ប្រឆាំង​នឹង​ស្ដេច។​ ​ព្រះពុទ្ធ​សាសនា​ក្លាយជា​ឧបករណ៍​ ​ជា​ទ្រឹស្ដី​សម្រាប់​បំបះបំបោរ​ប្រជារាស្ដ្រ​ ​សម្រាប់​គ្រប់គ្រង​ផែនដី​ ​ជំនួស​ស្ថាប័ន​របៀប​ព្រហ្មញ្ញសាសនា។​ ​ពីព្រោះ​ជា​យូរយា​ណាស់​មក​ហើយ​ ​ព្រហ្មញ្ញសាសនា​ ​ដែល​ជា​មូលដ្ឋាន​ស្ថាប័ន​ ​និង​នយោបាយ​ជាតិ​ ​បាន​បែងចែកវណ្ណៈ​ ​ធ្វើការ​គៀបសង្កត់​សង្កិន​ ​ប្រើ​កម្លាំងបាយ ​និង​អំណាច​ផ្ដាច់ការ​ ​ជាន់ឈ្លី​ ​មើលងាយ​មើលថោក​ប្រជានុរាស្ដ្រ។​ ​ការ​គ្រប់គ្រង​រដ្ឋ​របៀប​ព្រហ្មញ្ញសាសនា​ ​មិន​បាន​វិវត្ដទៅ​តាម​ពេលវេលា​កាលៈទេសៈ​ឡើយ។ ​ដូច្នេះ​ ​ព្រះពុទ្ធ​សាសនា​ដែល​ជា​ទ្រឹស្ដី​ ​ជា​ទស្សនៈ​ ​និង​ជា​មនោគម​វិជ្ជា​ថ្មី​ គ្មាន​ការ​បែងចែក​វណ្ណៈ​ ​គ្មាន​ការ​ជិះជាន់​សង្កត់សង្កិន​ ​ហើយ​ដែល​មាន​តែ​ការ​ខំ​កសាង​ ​ធ្វើ​ទាន ​ធ្វើបុណ្យ​​មាន​មេត្ដាធម៌​ ​សន្ដោស​ប្រោសប្រណី​ ​បាន​ក្លាយទៅជា​សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។​ ​ទិដ្ឋភាព​និង​បរិយាកាស​នយោបាយ​នេះ​ហើយ​ ​ដែល​ជំរុញ​ឲ្យ​ស្ដេច​ត្រសក់ផ្អែម​ ​និង​បក្សពួក​អាច​សម្រេច​គោលបំណង​ ​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើឃាត​ស្ដេច​សីហនុរាជ។ ការ​ផ្លាស់​ប្ដូរ​របៀប​គ្រប់គ្រង​រដ្ឋ​ ​ក៏​ចាប់ផ្ដើម​មាន​ពី​ពេល​នោះ​មក​ដែរ។​ ​ហើយ​ឆ្លៀតឱកាស​ដែល​ខ្មែរ​កំពុង​តែ​មាន​បញ្ហា​ផ្ទៃក្នុង​ ​ស្រុក​តូច​ធំ​ដែល​ធ្លាប់​ចំណុះ​ទាំង​ប៉ុន្មាន​ ​ក៏​រើបង្រះ​យក​ឯករាជភាព​ ផ្ដាច់ខ្លួន​ពី​នគរ​ខ្មែរ​ដែរ។​ ​មហា​ប្រទេស​ខ្មែរ​ត្រូវ​រួម​រួញ​រៀវ​តូច​ទៅៗ​ជា​លំដាប់លំដោយ។​

៦- មួយ​ចំណែក​ទៀត​ ​យើង​ឃើញ​រឿងព្រេង​និទាន​បរទេស​ខ្លះ​ ​មាន​លំនាំ​ប្រហាក់ប្រហែល​នឹង​ប្រវត្ដិ​នាយ​ត្រសក់ផ្អែម​ដែរ ​នៅ​ប្រទេស​ភូមា​ ​ក៏​ដូច​ជា​នៅ​ប្រទេស​ឥណ្ឌា​ជំនាន់​ដើម​​ដែល​ជា​ហេតុ​បញ្ជាក់​ថា​ ​ប្រវត្ដិ​ស្ដេច​ត្រសក់ផ្អែម​ពិតប្រាកដ​ ​យើង​មិន​អាច​ដឹង​ ​និង​ស្គាល់​បាន​ឡើយ។​ ​ប្រវត្ដិ​ដែល​យើង​មាននៅ​ក្នុង​ពង្សាវតារ​ខ្មែរ​ ​អាច​ជា​ការ​ប្រឌិត​ ​ដែល​គេ​នាំ​គ្នា​តាក់តែង​ចងក្រង​សម្រាប់​បិទ​បាំង​ការ​ពិត​ ​និង​បោកប្រាស់​ភូតភរ​កុហក​រាស្ដ្រ​តែ​ប៉ុណ្ណោះ។​ ​យើង​សង្កេត​ឃើញ​ថា​ ​វិធី​និពន្ធ​មាន​បែបផែន​ដូច​ព្រេង​និទាន​ខ្មែរ​ ​មានរឿង​ចៅ​កាំបិតបន្ទោះ​ ​រឿង​ពាក្យ​សុភាសិត​តម្លៃ៣០​តម្លឹង​ ​ដែល​ស្ដេច​សុទ្ធតែ​ចេញ​មុខ​ទៅ​តាម​ស៊ើប​លួច​ចាំ​ឃ្លាំចាំ​មើល​សមត្ថភាព​ ​និង​ការ​ស្មោះត្រង់​របស់​នាម៉ឺន​មន្ដ្រី​ក្រោម​បង្គាប់​ ​និង​រឿងកឹងកន្ដ្រៃ​ ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​ជា​ចៅក្រម​កំពូល​ ​វិនិច្ឆ័យ​រក​ការ​ពិត​រក​យុត្ដិធម៌​ជូន​ប្រជាជន​ ​ដូច​ស្ដេច​សីហនុរាជ​ ​ដែល​បាន​កាត់​ក្ដី​ឲ្យ​នាយ​ត្រសក់ផ្អែម​រួចខ្លួន។​

ឯកសារយោង

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះបាទជយវម៌្មទី១០
ព្រះបាទសីហនុរាជ (ពង្សាវតារ)
ព្រះបាទសែណ្ណ័ករាជ (ពង្សាវតារ)
មហានគរ
គ.ស ១២៩០-១៣៤១
តដោយ
ព្រះបាទនិព្វានបាទ រឺ ព្រះបាទ