ធម្មាសោករាជ

ពីវិគីភីឌា
Jump to navigation Jump to search
ធម្មាសោករាជ
ព្រះបាទ
រជ្ជកាល គ.ស ១៣៧៣-១៣៨៣ រឺ ១៣៧២-១៤០០
រាជ្យមុន ព្រះបាទបរមរាមាធិបតី
រាជ្យបន្ត ព្រះបាទស្រីសុរិយោវង្ស រឺ ព្រះចៅឥន្ទរាជា
បុត្រ ព្រះបរមសោករាជ រឺ ពញាកែវ ពញាទ័យ
ព្រះនាមពេញ
​​​ ​ព្រះបាទ​សម្ដេច​ព្រះ​ធម្មសោករាជ​ ​មហារាជាធិរាជ រឺ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មាសោករាជ រាជា
សន្តតិវង្ស ទេវង្សអស្ចារ្យ រឺ អង្គជ័យ
បិតា ព្រះបាទស្រីសុរិយោទ័យទី១ រឺ ព្រះបាទលំពង្សរាជា
ប្រសូត គ.ស ១៣៤៤
មហានគរ
សុគត គ.ស ១៣៨៣ រឺ ១៤០០
មហានគរ

ព្រះបាទធម្មាសោករាជ (សំស្ក្រឹត:ធម៌ាឝោករាជន៑) (គ.ស ១៣៤៤-១៤០០ រឺ ?-១៣៨៣) រជ្ជកាល (គ.ស ១៣៧៣-១៣៨៣ រឺ ១៣៧២-១៤០០ ) ព្រះធម្មាសោករាជ ជាព្រះរាជបុត្រសម្ដេច ព្រះមហាឧបរាជ សុរិយោទ័យដែល សុគតក្នុងបន្ទាយមហានគរ ក្នុងគ្រាធ្វើសង្គ្រាមនឹងសៀម។ ព្រះអង្គត្រូវជា ព្រះអនុជជីដូនមួយនឹងព្រះបរមរាមា។ ព្រះអង្គឡើងសោយរាជសម្បត្តិ ក្នុងឆ្នាំឆ្លូវ បញ្ចស័ក គ.ស. ១៩១៧-គ.ស. ១៣៧៣-ម.ស.១២៩៥ - ច.ស. ៧៣៥ ទ្រង់ព្រះនាមជាព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មាសោករាជ រាជា។ ទ្រង់ធ្វើបុណ្យព្រះបរមសពរួចហើយ ព្រះអង្គគង់ជាសុខរៀងមកបាន៣វស្សា។ បើតាមពង្សាវតារផ្សេងទៀត ព្រះធម្មសោករាជ​បាន​ទទួល​ព្រះរាជា​ភិសេក​ ​នៅ​ថ្ងៃ​ ១១​កើត​ ​ខែបុស្ស​ ​ឆ្នាំជូត​ ​ព.ស​ ១៩១៦​ ​ម.ស​១២៩៤​ ​ច.ស​ ៧៣៤ និង​ត្រូវជា​គ.ស​ ១៣៧២។​ ​កាលនោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​ ២៨​ វស្សា។​ ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ទី​៣១។​ ​ព្រះ​បរម​នាម​របស់​ព្រះ​អង្គ​ ​គឺ​ព្រះបាទ​សម្ដេច​ព្រះ​ធម្មសោករាជ​ ​មហារាជាធិរាជ។ ​ព្រះ​អង្គ​គង់នៅ​មហានគរ​ដដែល។​ សោយរាជ​សម្បត្តិ​ប្រទេស​កម្ពុជា​បាន​ ២៩​ ឆ្នាំ ព្រះ​អង្គ​ទ្រង់មាន​ជំងឺ​រោគាព្យាធិ​ឈឺ​ជា​ទម្ងន់។​ ​ត្រូវ​ពេទ្យហ្ម​ដែល​មានឈ្មោះ​ល្បីល្បាញ​ពូកែៗ​ ​មក​ពី​គ្រប់​ទិស​ទី​ក្នុង​នគរ​ ​ខំប្រឹង​ប្រែង​ថែទាំ​ដាក់​ថ្នាំ​ព្យាបាល​រោគ​គ្រប់​វិធី​អស់ចំណេះ​ហើយ​ ​នៅ​តែ​មិន​អាច​មើល​ព្រះ​អង្គ​ឲ្យ​ជា​សះស្បើយ។​ ​ព្រះបាទ​ធម្មសោករាជ​បាន​ចូល​ទិវង្គតទៅ​នៅ​ឆ្នាំរោង​ ​ក្នុង​ព្រះ​ជន្ម ​៥៦ ​វស្សា។ បើតាមពង្សាវតារផ្សេង ព្រះស្រីសុរិយោវង្ស​ ​ព្រះរាជបុត្រ​ព្រះ​ស្រីសុរិយោទ័យទី១ ​ព្រះមហាក្សត្រ​ទី​២៩ ទេដែល​​ត្រូវ​បាន​អស់​សព្វ​មន្ដ្រី​តូច​ធំ​ទាំងឡាយ​ ​សុំ​យាង​ឲ្យ​ឡើង​គ្រប់គ្រង​សោយរាជ​សម្បត្តិ​​ជា​បន្ដ។

ប្រវត្តិ[កែប្រែ]

ការរំដោះខេត្តមួយចំនួន[កែប្រែ]

នៅ​ក្នុង​រាជ្យ​ព្រះអង្គ​ ​គេ​អាច​ចាំ​បាន​ថា​ ​ព្រះ​អង្គ​បាន​រៀបចំ​លើក​កងពល​សេនា​ ​ចេញ​ទៅ​វាយប្រហារ​ប្រយុទ្ធ​រំដោះ​យក​ខេត្ដ​ច័ន្ទបូរី​ ​និង​ជលបូរី​ (គឺ​ខេត្ត​ឈុនបូរី​ ​ស្ថិត​នៅ​ប្រទេស​សៀម​សព្វថ្ងៃ) ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​សង្កត់សង្កិន​របស់​សៀម។​ ​ព្រះ​អង្គ​រំដោះ​ខ្មែរ​បាន​ប្រាំបី​ពាន់​គ្រួសារ។​ ​គ្រានោះ​ស្ដេច​សៀម​ឈ្មោះ​ ​ទងល័ន​ (ស្ដេច​សៀម​អង្គ​នេះ​ ​ត្រូវជា​កូន​របស់​ស្ដេច​សៀម​ ​ព្រះ​បរមរាជា​ទី​១​ ​១៣៧០-១៣៨៨ ហើយ​មានឈ្មោះ​ថា​ ​ទងច័ន្ទ្រ) បាន​លើកទ័ព​មក​ប្រយុទ្ធ​ទប់ទល់​នឹង​ខ្មែរ។​ ​តែ​កងទ័ព​សៀម​ត្រូវ​បរាជ័យ​ដកថយ​វិល​ត្រលប់​ទៅ​ក្រុង​ស្រីអយុធ្យា​វិញ​ ​ដោយ​បាន​ទាំង​កេណ្ឌ​កៀរ​ខ្មែរ​ចំនួន​ប្រាំបី​ពាន់​គ្រួសារ​ ​ដែល​រស់នៅ​ក្នុង​ខេត្ដ​ច័ន្ទបូរី​ ​និង​ជលបូរី​ ​យក​ទៅ​ជាមួយ​ផង។​ ​ឯកសារ​ខ្មែរ​ទាំងឡាយ​ ​មិន​បាន​បញ្ជាក់​រៀបរាប់​អំពី​ចំបាំង​នឹង​សៀម​នេះ​​ឲ្យ​បាន​ច្បាស់លាស់​ទេ។​ ព្រះបាទ​ធម្មសោករាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​៣១​ ​ព្រះ​អង្គ​បាន​ទៅ​ខេត្ដ​បាទី​ ​កសាង​វត្ត​មួយ​ ​នៅ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​សព្វថ្ងៃ​ ​ដែល​ព្រះ​អង្គ​ដាក់​ឈ្មោះ​ថា​ ​វត្ដ​ព្រះ​ធាតុ។​ ​គឺ​ដើម្បីរំលឹក​ឧបការៈគុណ​ ​និង​អនុស្សាវរីយ៍​ ​ទីកន្លែង​នោះ​ ​ដែល​ព្រះ​អង្គ​ធ្លាប់​បាន​យាង​មក​សំណាក់​រស់នៅ​ ​ប្រមែប្រមូល​ក​ផ្ដុំ​ទ័ព​ ​នាកាល​សម័យ​កងទ័ព​សៀម​លើក​ចូល​មក​វាយប្រហារ​លុក​លុយ​មហានគរ​ ​ហើយ​ដែល​ព្រះ​អង្គ​ត្រូវ​រត់​ខ្ចាត់ខ្ចាយ។ ព្រះ​អង្គ​មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ ​ព្រះ​នាមបរមសោករាជ ដែល​ប្រសូត​ក្នុង​ឆ្នាំឆ្លូវ

ការទន្ទ្រានមហានគរដោយសៀមលើកទីពីរ[កែប្រែ]

បើតាមឯកសារមហាបុរសខ្មែរ នៅក្រុងទេពបុរី (ប្រទេសសៀម) ព្រះរាមេសូរ សុគតទៅព្រះរាជនត្តោ (ចៅ) សោយរាជ្យតៗមក ទើបចៅសោមពញា បានឡើងសោយរាជ្យ ទ្រង់ព្រះនាមជាព្រះចៅបរមរាជា។ កាលបានឡើងសោយរាជ្យភ្លាម ព្រះរាជាសៀមអង្គនេះ ចង់ឲ្យព្រះនគររបស់ព្រះអង្គ ធំទូលាយឆ្ងាយទៅទៀត ទើបទ្រង់ត្រាស់ឲ្យកេណ្ឌពល ១០០០០ នាក់ មកបង្ហាត់បង្រៀន ហ្វឹកហ្វឺន តាមគ្រឿងចំបាំងគ្រប់ប្រការ។

លុះដល់មកឆ្នាំមមែ ឯកស័ក ព្រះចៅបរមរាជា ត្រាស់ឲ្យព្រះឥន្ទរាជា ជារាជបុត្រធ្វើជាមេទ័ពមុខលើកមកលុកលុយមហានគរ (ស្រុកខ្មែរ)។ ព្រះអង្គឯង ធ្វើជាមេទ័ពហ្លួង លើកទ័ពធំ ព្រមដោយសេនា ពល សេះ ដំរី យាត្រាប្រាបប្រាមស្រុកខ្មែរ តាមរយៈផ្លូវ ចូលមកដល់ក្រុងមហានគរ។ លុះមកដល់មហានគរកម្ពុជាហើយ ព្រះចៅបរមរាជា ក៏បញ្ជាទ័ព ឲ្យចូលចោមវាយបន្ទាយគ្រប់ទិស ឥតបង្អែបង្អង់ឡើយ។ ព្រះបាទធម្មាសោករាជ ព្រះចៅក្រុងកម្ពុជា បានទ្រង់ជ្រាប ថាទ័ពសៀមលើកមកចោម ក្រុងមហានគរគ្រប់ទិសហើយ ទ្រង់ក៏ចាត់ពល ឲ្យឡើងរក្សាទីបន្ទាយ ឲ្យពញាកែវ ជានាយកងទ័ព រក្សាទិសខាងលិច ពញាទ័យ ត្រួតទិសខាងជើង ពញាយ៉ាតត្រួតទិសខាងត្បូង ចៅហ្វាទឡ្ហៈ ត្រួតទិសខាងកើត។ ព្រះបរមរាជវង្សទាំងបីព្រះអង្គ និងសម្ដេចចៅហ្វាទឡ្ហៈ ក៏ចេញយកព្រះទ័យ យកចិត្តទុកដាក់ ត្រួតត្រាតាមនាទីមាំមួន គ្រប់ព្រះអង្គគ្រប់គ្នា ពុំមានធ្វេសប្រហែសឡើយ។ ព្រះចៅបរមរាជា "ស្ដេចសៀម" ឲ្យលើកដីខ្ពស់ស្មើនឹងកំពែងបន្ទាយខ្មែរ ហើយឲ្យអូសកាំភ្លើងធំ ឡើងបាញ់ចូលទៅខាងក្នុងបន្ទាយខ្មែរ។ ទ័ពខ្មែរ ក៏បាញ់ ចេញពីខាងក្នុងបន្ទាយ មកត្រូវរេហ៍ពលសៀម ស្លាប់ជាច្រើនដែរ។ ទ័ពសៀមបាញ់ត្រូវ ទ័ពខ្មែរក៏ស្លាប់ច្រើនដែរ តែពុំបែកបាននគរឡើយ។ ព្រះចៅបរមរាជា ដេញឲ្យទាហានពាន (ពាន = ឡើងពាររំលងលើ) បន្ទាយមកទៀត ទ័ពខ្មែរក៏បាញ់កាប់ចាក់ ពីលើភាគបន្ទាយ និង ចោលដោយ ដុំថ្មទៅលើទ័ពសៀម ស្លុតស្លាប់ជាច្រើន។ សៀមយកព្រះមហានគរពុំបាន។ គិតតាំងពីទ័ពសៀម ចូលចោមព្រះមហានគរ ក្នុងខែមិគសិរ មកដល់ខែជេស្ឋ ត្រូវជា៧ខែ តែយកមហានគរពុំបាន។ ក្រោយនោះមក មានទាហានសៀម ៦នាក់ ឈ្មោះនាយអឿន ១ នាយលាន​ ១ នាយឆាន់ ១ នាយដេត ១ នាយកៅ ១ នាយឌី ១ គិតកលយល់ឧបាយព្រមគ្នាស្រេច ក៏ចូលក្រាបទូលព្រះបរមរាជាថា:


"ទ័ពសៀម ដែលនិងគិតការវាយយកមហានគរនោះ តាមដោយកម្លាំងយុទ្ធសាស្ត្រ ឃើញថាពុំងាយនឹងយកបានឡើយ។ ទូលព្រះបង្គំជាខ្ញុំ ទាំង ៦នាក់ សុំយកអាសានឹងទៅស្លង់កាំភ្លើងធំ របស់ មហានគរ ដែលដាក់មុខចាំផ្លូវថ្នល់ទាំងប៉ុន្មាននោះឲ្យបានសិន។ ថាបើស្លង់កាំភ្លើងនោះបានហើយទំនើង (ទំនើង , ធ្វើបានតាមចិត្ត , ស្រេចនូវចិត្តចង់ធ្វើអ្វីក៏ ធ្វើបានឥតទើសទាស់ឡើយ) តែកាំភ្លើងរបស់យើង បាញ់ចូលទៅ សេនាទាហានអាវុធខ្លីរបស់យើង ក៏នឹងចូលពានបន្ទាយខ្មែរលុះបានដោយងាយ។ ព្រះចៅរាមា ស្ដេចសៀមបានទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់មានព្រះអំណរណាស់។ ទ្រង់ត្រាស់ថា បើចៅទាំង ៦នាក់ ទទួលអាសាទៅស្លង់កាំភ្លើងបាននោះ សម្រេចការសង្គ្រាមកាលណាយើងនឹងឲ្យរង្វាន់ ដល់ចៅឲ្យពេញចិត្ត, ត្រាស់តែម៉្លោះហើយ ក៏ក្លែងធ្វើជាទ្រង់ព្រះពិរោធណាស់ ហើយមានបន្ទូលថា : ម្សិលមិញអញឲ្យឯង ឡើងវាយបន្ទាយមហានគរ ម្ដេចក៏ឯងនាំពលរេហ៍រត់ថយក្រោយមកវិញ។ កំហុសរបស់ឯងនេះ ត្រូវអញយកទោស ឲ្យពេញច្បាប់។ តមកទើបទ្រង់ត្រាស់ឲ្យចងរ៉ាវ (ចងរ៉ាវ = ឲ្យមនុស្សដែលមានទោសដេកផ្កាប់មុខ រួចចងដៃទាំងពីរ ជើងទាំងពីរ ហើយទាញសន្ធឹងឲ្យតឹងភ្ជាប់នឹងស្នឹងទាំងបួនទិស) វាយខ្នងទាហានទាំង ៦នាក់នោះ ៥០ខ្វាប់ម្នាក់ ហើយឲ្យលាក់ថ្ងាស ជាជើងក្អែក គ្រប់ទាំង ៦នាក់។ ទ្រង់ត្រាស់បង្គាប់ឲ្យលែងវាចោលទៅ ដើម្បីជាបំរាម ដល់ទាហានទាំងឡាយតទៅ។ លុះដល់ជិតនឹងអាធ្រាត្រ ទាហានទាំង ៦នាក់នោះ ក៏លបលួចរត់ទៅជួបនឹងកងល្បាតខ្មែរ ដែលកំពុងតែល្បាត។ កងល្បាតខ្មែរចាប់ដាក់ក្ដី ហើយយកទៅជូនសម្ដេចចៅហ្វាទឡ្ហៈដែលនៅត្រួតទ្វារកំពែងខាងកើត។ សម្ដេចចៅហ្វាទឡ្ហៈ បានសួរទៅទាហានទាំង ៦នាក់នោះ តាមដំណើរ។ ទាហានទាំង ៦នាក់ ឆ្លើយថា : ខ្លួនជាទាហានសៀម រត់មកសុំចុះចូលនឹងទ័ពខ្មែរ សម្ដេចចៅហ្វាទឡ្ហៈ ឮហើយ ក៏នាំខ្លួនទាំង ៦នាក់ ទៅក្រាបទូលថ្វាយព្រះបរមបពិត្រ សូមស្ដេចទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រត្រាស់សួរ ថាហេតុអ្វី បានជាឯងបែកខ្នង បែកថ្ងាស ហើយចូលមកក្រាបយំ យ៉ាងដូច្នេះ។


ទាហានទាំង ៦នាក់នោះ ក្រាបទូលថា៖

"ទូលព្រះបង្គំជាខ្ញុំ បានយកអាសាព្រះចៅសៀមមកច្រើនគ្រាហើយ តែពុំបានបំណាច់អ្វីសោះ។ លុះដល់ថ្ងៃម្សិលមិញនេះ ទ្រង់ដាក់អាជ្ញាថា ឲ្យទូលព្រះបង្គំទាំង ៦នាក់នេះ វាយបន្ទាយប៉ែកខាងត្បូងឲ្យបែក។ លុះទូលព្រះបង្គំធ្វើការថ្វាយពុំបានដូចព្រះបង្គាប់ ទើបព្រះបរមរាជា ទ្រង់ត្រាស់ឲ្យធ្វើទោសវាយខ្នងសាប់ថ្ងាស់យ៉ាងនេះ។ មិនតែប៉ុណ្ណោះសោត ទ្រង់មានព្រះតម្រាស់ថា : ព្រឹកនេះ ទ្រង់នឹងឲ្យសម្លាប់ទូលព្រះបង្គំទាំង ៦នាក់នេះទៀត។ អាស្រ័យហេតុនេះហើយ ទើបបានជាទូលព្រះបង្គំទាំងឡាយភិតភ័យណាស់ ហើយរត់មកសូមជ្រកក្រោមព្រះបារមី នៃ ព្រះបរមបពិត្រ ជាអម្ចាស់"។

កាលទាហានសៀមទាំង ៦នាក់ កំពុងក្រាបបង្គំទូលនោះ មានមន្ត្រីខ្មែរម្នាក់ ចូលមកពីទិសខាងលិច ហើយមកក្រាបបង្គំទូលថា :

ទូលព្រះបង្គំ បានឃើញទាហានសៀម ១៥នាក់ នាំយកភូឃុំ ១៥នាក់មកសម្លាប់នៅទ្វារបន្ទាយខាងលិច។ ទូលព្រះបង្គំសាកសួរទៅ ទាហានទាំងនោះប្រាប់ថា : នាយភូឃុំទាំងនេះ បានឲ្យរួចមនុស្សទាំង ៦នាក់នេះ។


ព្រះបរមបពិត្រ និង សេនាបតី ពិនិត្យសេចក្ដីរបស់មន្ត្រីខ្មែរនេះសព្វគ្រប់ទៅ ឃើញថា ត្រូវនឹងពាក្យទាហានទាំង ៦នាក់នោះមែន, ដូច្នេះ ទ្រង់ក៏ជឿ ចំលើយរបស់ទាហានទាំង ៦នាក់នោះណាស់ ទើបទ្រង់ឲ្យដោះក្ដី ឲ្យនៅមើលជំងឺខ្លួនឲ្យបានសះជា។ បណ្ដាទាហានទាំង ៦នាក់នោះ ទាហានពីរនាក់ស្លាប់ដោយជំងឺបែកខ្នងនោះទៅ នៅសល់តែ ៤ នាក់មិនស្លាប់ទេ។ ទាហានសៀមទាំង ៤នាក់នោះ កាលបើមើលជំងឺខ្លួនបានសះជាហើយ ក៏សំដែងខ្លួនជាអ្នកក្លាហាន ចេញជួយទាហានខ្មែរ ច្បាំងនឹងទាហានសៀមរឿយៗ។ កាលទ្រង់ទតឃើញទាហានទាំង ៤នាក់នោះ មានចិត្តក្លាហានណាស់ ទ្រង់ក៏ប្រទានយសសក្ដិ ប្រាក់រង្វាន់ជារឿយៗ ហើយទុកព្រះទ័យលើទាហានសៀមទាំងនោះរៀងមក។ ទាហានសៀមទាំង ៤នាក់ដែលគិតកលនោះ លុះយល់ថា បានការណ៍ហើយ ក៏សរសេរសំបុត្រចងនឹងព្រួញ បាញ់ចេញទៅទូលថ្វាយ ព្រះចៅបរមរាជា តាមដំណើរដែលខ្លួនបានធ្វើការណ៍មកនោះ។ តមកទាហានទាំង ៤ នាក់នោះ ក៏លបយកដែកគោលទៅស្លង់កាំភ្លើងធំទាំងអស់។


ព្រះចៅបរមរាជា ទ្រង់ជ្រាបតាមសំបុត្រនោះហើយ ក៏លើកទ័ពធំប្រជុំចូលមករោមព្រះមហានគរទាំង ៤ ទិស។ ទាហាន កាលឃើញទ័ពសៀម ចោមព្រះមហានគរគ្រប់ទិសហើយ ក៏អុជកាំភ្លើងធំបាញ់សំដៅទៅទ័ពសៀម តែបាញ់ពុំចេញ ទើបទទួលច្បាំងតែនឹងកាំភ្លើងតូច និងធ្នូ ស្នា សស្ត្រាវុធផ្សេងៗ។ ទ័ពសៀមស្លុតស្លាប់វិនាសពាសពេញសងខាងថ្នល់ទាំង ៤ទិស។ សៀមចូលវាយតាំងអំពីព្រឹក លុះដល់រសៀល ក៏នៅតែវាយទម្លាយព្រះមហានគរពុំបាន ទើបសៀមទាំង ៤នាក់ លាក់ខ្លួនពួនអាត្មា លួចបើកទ្វារបន្ទាយទិសខាងលិច។ មួយរំពេចនោះ ទាហានខ្មែរឃើញហើយ ក៏ស្ទុះទៅកាប់សៀមទាំង ៤នាក់នោះស្លាប់ភ្លាមមួយរំពេច។ ទ័ពសៀមឃើញទ្វារបន្ទាយរបើក ក៏ស្ទុះចូលទៅក្នុងមហានគរ។ លុះបានចំណាប់ហើយ ក៏បោះបាញ់ កាប់ចាក់គ្នា ច្រឡំបល់ក្នុងព្រះនគរ គ្រប់ទិសទាំង៤។ សម្ដេចព្រះធម្មាសោករាជ ជាអម្ចាស់ផែនដី ព្រះអង្គដល់នូវកាលទិវង្គតទៅ ទ័ពខ្មែរក៏បាក់បែកខ្ចាត់ខ្ចាយខ្លះក៏ទទួលសាពិភ័ក្ដិនឹងទ័ពសៀម។ សៀមមានជ័យជំនះ វាយបែកព្រះមហានគរ ក្នុងឆ្នាំ វកទោស័ក ព.ស. ១៩២៤ - គ.ស. ១៣៨០-ម.ស. ១៣០២- ច.ស. ៧២៤។ លុះបានជ័យជំនះហើយ ព្រះបរមរាជា ស្ដេចសៀម ក៏លើកអស់សេនា យោធា ទាហាន ចូលក្នុងនគរចាប់ ពញាកែវ ពញាទ័យ ដែលជាព្រះរាជបុត្រ នៃ ព្រះបាទធម្មាសោករាជ និង មន្ត្រីសេនាទាហានច្រើន។ អស់ប្រជានុរាស្ត្រ រត់រួចបានមួយសួន គេចាប់បាន ៣ សួន។ បន្ទាប់មក ព្រះបរមរាជា ស្ដេចសៀម ទ្រង់ក៏អភិសេក ព្រះឥន្ទរាជា "ពញាក្រែក" ជាព្រះរាជបុត្រ ឲ្យសោយរាជ្យសម្បត្តិ ក្នុងប្រទេស ក្រុងកម្ពុជាធិបតី។ បើតាមពង្សាវតារផ្សេងការឈ្លានពាននេះស្ថិតក្នុងរាជ្យព្រះបាទបរមសោករាជទៅវិញទេ។

បរមសោករាជ និង ធម្មាសោករាជ[កែប្រែ]

ក្នុងការប្រៀបធៀប រវាងពង្សាវតារផ្សេង គេថាសៀមឈ្លានពានខ្មែរលើកទីពីរគឺស្ថិតនៅក្នុងរាជ្យស្ដេចធម្មាសោករាជទៅវិញ ហើយព្រឹត្តិការណ៍ឈ្លានពានក៏មានភាពស្រដៀងគ្នា តាមការរៀបរាប់ខាងលើដែរ បើសិនយើងផ្អែកទៅលើការផ្ទឹមនេះយើងអាចសន្និដ្ឋានស្ដេច បរមសោករាជ និង ធម្មាសោករាជក៏អាជជាស្ដេចតែមួយអង្គដូចគ្នាដែរ។

ឯកសារយោង[កែប្រែ]

  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
  • ឯកសារមហាបុរសខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះបាទបរមរាមាធិបតី
ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មាសោករាជ
គ.ស ១៣៧៣-១៣៨៣ រឺ ១៣៧២-១៤០០
តដោយ
ព្រះបាទស្រីសុរិយោវង្ស រឺ ព្រះចៅឥន្ទរាជា