Jump to content

ប្រាសាទភ្នំសណ្តក

ពីវិគីភីឌា
ប្រាសាទភ្នំសណ្តក

ឈ្មោះ: ប្រាសាទភ្នំសណ្តក
អ្នកកសាង: ព្រះបាទយសោវរ្ម័នទី១
កាលបរិច្ឆេទកសាង: ដើមសតវត្សរ៍ទី១០
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថឃ្លាំង
ទីតាំង: ភូមិតែល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ប្រាសាទភ្នំសណ្តក មានទីតាំងស្ថិតនៅភូមិតែល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីរួមស្រុកគូលែន ដោយធ្វើដំណើរកាត់តាមភូមិព្យួរជ្រូក និងភូមិព្រៃវែង។ ស្ថានភាពផ្លូវលំបាកមិនទាន់មានផ្លូវធ្វើដំណើរទៅដល់ ត្រូវចំណាយពេល៣ម៉ោងទើបទៅដល់ប្រាសាទ[]។ ប្រាសាទនេះត្រូវបានកសាងដោយព្រះបាទយសោវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១០ នៅក្នុងសម័យអង្គរ។ ដើម្បីទៅទស្សនាប្រាសាទនេះ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវលេខ៦៧ ពីខេត្តសៀមរាបតាមស្រែណូយដល់ទួលគ្រួសបាត់ស្តាំតាមផ្លូវទៅកាន់កន្ទួត ខ្នារក្រៅ រហូតដល់អូរតាកុក ហើយដល់ស្រុកត្រពាំងប្រាសាទចំនុចវត្តអូរត្រាចបាត់ចូលស្តាំដៃឆ្ពោះទៅភូមិតែល រួចគេអ្នកភូមិគេនឹងប្រាប់ថាប្រាសាទនៅឯណាហើយ ។ មួយទៀតអាចតាមផ្លូវលេខ៦៧ ពីខេត្តសៀមរាប ទៅស្រុអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដល់រង្វង់មូលបត់ស្តាំប្រហែល៥០០ម៉ែត្រ ផ្លូវគ្រួសក្រហមទៅស្រុកស្វាយលើ ខាងឆ្វេងដៃឃើញស្លាកច្រកវត្តអូរត្រាចបត់ចូលទៅភូមិតែល ។ ខេត្តសៀមរាប ស្រុកស្វាយលើតាមផ្លូវលេខ៦៤ ទៅកោះកែរ តែដល់ផ្លូវគ្រួសក្រហមបំបែកទៅត្រពាំងប្រាសាទ ក្បែរចំការចាន្ទីនៃភូមិសាស្ត្រឃុំស្វាយលើបត់ស្តាំទៅអូរតាកុក ទៅស្រុកត្រពាំងប្រាសាទដល់ចំនុចក្លោងទ្វារវត្តអូរត្រាចបត់ស្តាំចូលទៅកាន់ ភូមិតែល លុះដល់ទីនោះសួររកឈ្មោះប្រាសាទទៅគេនឹងប្រាប់ហើយ។

រចនាសម្ព័ន្ធប្រាសាទ

[កែប្រែ]

ប្រាសាទភ្នំសណ្តកជាបុរាណដ្ឋានមួយយ៉ាងធំប្រវែងប្រហែល ២៥០ម៉ែត្រសណ្តូកពីកើតទៅលិចលើពើយខាងជើងលិចបន្តិចប៉ប្រះនឹងច្រាំងចោទខាងជើង និងច្រាំងខាងត្បូង លើកំពូលភ្នំមូយដែលមានរង្វះគេមជាពីរបង្កើតបានជាអាងទឹកក៏ធំមួយនៅចំកណ្តាល ដែលគេមខាងត្បូងតូចជាងខាងជើង គេមខាងត្បូងវិញមានការរៀបថ្មក្រានីតជាជញ្ជាំង រីឯចំផ្នែកកណ្តាលបាតនៃអាងទឹកវិញមានការរៀបចំជាផ្លូវឆ្លងកាត់ដោយថ្មភ្នំទៅកាន់ត្រើយខាងជើង និងប្រាសាទ រចនាសម្ព័ន្ធនៃប្រាសាទ នៅខាងមុខប្រហែល ១០០ម៉ែត្រ វាមានពិលានព្រះរាជាមួយដោយបានរៀបបន្តុំដោយថ្មភ្នំបីថ្នាក់ប្រវែងប្រហែល ៥០ម៉ែត្រ នៅជ្រុងអាគ្នេយ៏មានស្រះមួយ និងនៅទិសខាងលិចបន្តិចវាជាបន្តុំប្រាសាទដែលបានសណ្តូកពីកើតទៅលិចសសៀរៗលើពើយមួយ ។ វាជាប្រាសាទដែលមានគោបុរ:ចំនួនបីរាប់ពីក្នុងមកក្រៅ ដែលគោបុរ:ទី៣ គេសាងពីថ្មភក់ ថ្មបាយក្រៀដែលលំអរដោយហោជាងយ៉ាងស្រងើន ។ ហោជាងនេះបានលំអរដោយជវា និងដងក្តាយ៉ាងប្រពៃ ចំណែកនៅខាងលើដងក្តាគេបានឆ្លាក់លំអរដោយភ្ញីភ្លើង និងចុងសង្ខាងនៃហោជាងគេឆ្លាក់ក្បាច់គូថខ្យង(ហៀន)ដូចប្រាសាទបន្ទាយស្រីដែរ ។ គោបុរ:ទី២ប្រាង្គខ្ពស់សង់ពីឥដ្ឋរត់សុីគ្នានឹងគោបុរ:ទី១ និងទី៣ ដោយអមដងផ្លូវដើរមានសរសរគោមភ្លើងខ្លី ។ គោបុរ:ទី២ មានការលំអរដោយផ្តែរចំនួនពីរស្រស់ស្អាតគួរអោយចាប់ចិត្តដិតអារម្មណ៏ក្នុងការទស្សនា ។ គោបុរ:ទី១ ជាចំនុចស្នូលនៃប្រាសាទ ដែលសំបូរដោយសំណង់ឥដ្ឋជាច្រើនរួមមាន ប្រាង្គកណ្តាលមួយភ្ជាប់ដោយមណ្ឌបមួយដែលសង់ពីឥដ្ឋ ប្រាង្គកណ្តាលនេះត្រូវបានរលុះបាក់បែកកំពូលអស់តែផ្នែកនៅសេសសល់គឺរូបទេពីឆ្លាកលើជញ្ជាំងឥដ្ឋចំនួនពីរបីទៀត ។ ចំណែកឯនៅបរិវេណជុំវិញមានប្រាង្គជាបរិវាចំនួនបួនថែមទៀត និងបណ្ណាល័យពីរសង្ខាងទៀត []

សិលាចារឹក

[កែប្រែ]

ប្រាសាទនេះចាប់ផ្តើមកសាងតាំងពីដើមសតវត្សរ៍ទី១០ តាមសិលាចារឹកលេខK១៩០ - K១៩១ គឺថាក្នុងរាជ្ជកាលនៃព្រះបាទយសោវរ្ម័នទី១(៨៨៩- ៩១០) បានកសាងទីក្រុងមូយនៅទីនេះឈ្មោះថាសិវបុរទន្ទេន (Sivapura Danden )និងប្រាសាទមួយដើម្បីឧទ្ទិសថ្វាយដល់ព្រះភទ្រេស្វរ: (Bhadresvara) ។ តាមរបាយការណ៏: គេបានរកឃើញសិលាចារឹកចំនួនប្រាំផ្ទាំងនៅក្នុងប្រាសាទភ្នំសណ្តក ហើយមូយផ្ទាំងK-១៩០ ដែលគេដឹងថាវាបានមានកាលបរិច្ឆេទ ៨១៧សក = ៨៩៥គស[] ហើយសរសេរជាពីភាសា ខ្មែរ(៣២បន្ទាត់) និងសំស្ក្រឹត(៣៩បន្ទាត់) ហើយបានរាយការណ៏នៃការស្ថាបនាទីក្រុង សិវបុរទន្ទេន (Sivapura Danden) និងទេវរូបព្រះនាម ស្រីភទ្រេស្វរ: (Bhadresvara) ។ ក្នុងឆ្នាំ ៨៧៨សក = ៩៥៦គស ក្នុងរាជ្ជកាលនៃ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ គេបានចារឹកចែងពីបទបញ្ជាទៅកាន់ព្រាហ្មណ៍ពីរនាក់ អោយចុះបញ្ជីរសារពើភ័ណ្ឌ K-១៩២ ដែលជាទ្រព្យសម្បត្តិរាជវង្សពីរអង្គ និងចំនួនអ្នកបម្រើអគ្នីសាលា៧៦នាក់ និងអ្នកធ្វើស្រែចំនួន៦នាក់ទៀត ។ ក្រៅពីនោះមានអក្សរចារឹកចុះកាលបរិច្ឆេទ: K-១៩៥/១ កាល ៩៦៣ សក = ១០៤១គស K-១៩៥/៥ ចុះកាលបរិច្ឆេទ ៩១៧សក = ១០៤៩ គស និង K-១៩៤ ចុះកាលបរិច្ឆេទ ១០៤១សក = ១០១៩សគ។សរុបមកវាត្រូវឆ្លងកាត់ជាច្រើនរាជ្យស្តេចដូជា ព្រះបាទយសោវរ្ម័នទី១( ៨៨៩-៩១០ ) ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ( ៩៤៤ - ៩៦៨ ) ព្រះបាទសូរ្យវរ្ម័នទី១ ( ១០០២ - ១០៥០ ) ព្រះបាទសូរ្យវរ្ម័នទី២ ( ១១១២ - ១១៥០ )។ ព្រះរាជាឡើងស្នងរាជ្យក្រោយៗគ្រាន់តែកសាងបន្ថែមផ្នែកខ្លះនៃប្រាសាទព្រោះទីនេះជាតំបន់យុទ្ធសាស្ត្រមួយដ៏ប្រពៃ និងជាកមណ្ឌលមួយសម្រាប់ភ្ជាប់ទំនាក់ទំនងពីទីក្រុងអង្គរ[]

ឯកសារយោង

[កែប្រែ]
  1. មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ
  2. https://web.facebook.com/discoverykhmertemples/posts/1320911938105698/
  3. (Aymonier, Le Cambridge)
  4. https://web.facebook.com/discoverykhmertemples/posts/1320911938105698/