ពញាដែក
ពញាដែក | |
---|---|
មេស្រុកនៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ ប្រ.សតវត្សទី១៦ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ដែក |
ពញាដែក ប្រហែលសតវត្សទី១៦ លោកជាមេស្រុកចាស់ក្នុងសម័យលង្វែក។
ក្លាយជាអ្នកតា
[កែប្រែ]នៅក្នុងឆ្នាំជូត សំរឹទ្ធិស័កនោះ ព្រះបាទបរមខត្តិយា មហាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាចក្រី ឧកញ៉ារាជតេជៈ ក៏ថ្វាយបង្គំលាចេញ ត្រៀមដំរី សេះ រទេះ ហើយចាត់មន្ត្រីគ្រប់ក្រុម ខ្ញុំព្រះរាជាការឱ្យតាមហែស្ដេចទៅប្រពាតព្រៃ។ ចាត់ស្រេចហើយ មន្ត្រីទាំងពីរនាក់ក៏នាំយកទៅត្រៀមទុក នៅមុខព្រះលាន ព្រះបរមរាជវាំង។ ដល់ថ្ងៃ ៥ កើត ខែចែត្រ ឆ្នាំជូត វេលាព្រឹក សម្ដេចព្រះបរមនាថបពិត្រជាអម្ចាស់ជីវិតលើត្បូងនាំព្រះអគ្គមហេសី ស្រីព្រះស្នំក្រមការចេញអំពីព្រះបរមរាជវាំងឡើងគង់ព្រះទីនាំងកញ្ចោងគជេន្ទ្រា។ ឯព្រះស្នំ ក្រុមបរិវារក៏ឡើងជិះជំនិះតាមចំណាំសព្វខ្លួនទីទៃៗ ស្រេចហើយក៏លើកព្យូហយាត្រា ប្រពាតព្រៃចេញទៅ។ សូរសព្ទរទេះ សេះ ដំរី នោះសន្ធោសន្ធឹក ពន់ប្រមាណ។ លុះដល់មុខភ្នំត្រៀល ក្នុងខែត្រលង្វែកនោះទ្រង់ត្រាស់បង្គាប់ឱ្យឈប់ធ្វើព្រះសុវណ្ណព្រះពន្លាជ័យឡើង គង់ប្រថាប់កំសាន្ត ព្រះចិន្តា។ ខណៈនោះ ព្រះទីនាំងគង់ភក្ដី ព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធឈឺ ដួលមួយរំពេច។ អស់ហ្មប្រកបថ្នាំ ពុំស្បើយ ទ្រង់ជ្រាបដល់ក្រោមល្អងធូលីព្រះបាទ ទ្រង់ព្រួយព្រះទ័យណាស់ ទ្រង់ត្រាស់ថា: ព្រះពិជ័យគជេន្ទ្រយុទ្ធនេះ ធ្លាប់ជិះធ្វើសង្គ្រាមមានជ័យច្រើនគ្នា លុះត្រាតែបានសំរេចផែនដី។ ឥឡូវមកមានជំងឺដូច្នេះ បើនរណាមើលជាអញនឹងឱ្យប្រាក់មួយហាប និង គ្រឿងឧបភោគបរិភោគឱ្យបរិបូរណ៍ ហើយនឹងឱ្យមានយសសក្ដិជាចៅហ្វាយខែត្រនេះផង។ ខណៈនោះមានតាចាស់ម្នាក់ជាមនុស្សកាន់សីល ឈ្មោះពញាដែកជាមេស្រុកចាស់ ក្រោយមកលាចេញពីរាជការមកកាន់រក្សាបង់បត់នៅភ្នំត្រៀលទូលថា: ព្រះទីនាំងគជេន្ទ្រនោះ ប្រហែលជាដើរកាត់មុខអ្នកតាហើយ បានជាមានជំងឺឈឺនេះ។ ឯអ្នកតា និងបង់បត់នោះកាលផែនដីព្រះបរមរាជា ពញាយ៉ាត ស្ដេចមកសាងព្រះនគរនៅចតុមុខនោះ ព្រះអង្គសាងរូបព្រះទសមុខ ៤ និង ព្រះឥសូរ ព្រះនារាយណ៍ និងព្រះយាយទេព ច្រើនព្រះអង្គ ទ្រង់ប្រតិស្ឋានទុកនៅភ្នំត្រៀល ១ ភ្នំស្រង់ ១ ទុកជាទ្វារព្រះនគរ បង្ការសឹកសង្គ្រាមសៀម លាវ ពីទិសខាងលិច ខាងជើងប្រតិស្ឋាន នៅវត្តស្លាកែត១ ព្រែកអំពិល១ ព្រះវិហារសួគ៌១ ទុកជាទ្វារព្រះនគរ បង្ការសឹកសត្រូវខាងយួន ចាម ទៅទិសខាងត្បូង ខាងកើត។ ក្នុងមួយឆ្នាំ ព្រះអង្គតែងតែនាំអង្គព្រះកឋិន និង គ្រឿងសក្ការបូជានោះ អស់ទៅហើយ ព្រះទីនាំងក៏ពានមកលើទីនេះផង បានជាព្រះទីនាំងនោះពុំស្រួល។ សម្ដេចព្រះបរមខត្តិយា មហាចន្ទរាជា ទ្រង់ជ្រាបហើយ ទ្រង់មានព្រះរាជឱង្ការត្រាស់ថា: បើដូច្នោះ ចូរតាឯងយកទៀនធូបទៅបន់ស្រន់ជាប្រញាប់ បើចំពិតដូចសំដីតាឯងនិយាយមែន យើងនឹងឱ្យរង្វាន់ឱ្យពេញចិត្ត។ ខណៈដែលពញាដែក ទទួលទៀនធូបទៅកាលណា ព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធនោះ ក៏សះជាមួយរំពេច ទើបអស់ព្រះបរមវង្សានុវង្ស និង អគ្គមហាសេនា សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការទាំងឡាយ ក៏ត្រេកអរលើកហត្ថទៅលើ ហើយសរសើរព្រមគ្នាថា: តាចាស់នេះទាយចំពិតជាត្រូវណាស់។ សេចក្ដីនេះ ជ្រាបដល់ព្រះបរមបពិត្រ ទ្រង់មានព្រះសោមនស្សណាស់ ទើបទ្រង់ប្រែនាមភ្នំត្រៀលនោះ ឱ្យឈ្មោះភ្នំចំពិតវិញ ហើយតាំងពញាដែកនោះ ឱ្យធ្វើជាចៅហ្វាយស្រុក និងព្រះរាជទានប្រាក់មួយហាប សំពត់ អាវ ១០០ មួយមុខ។ ឯពញាដែក ទទួលហើយ ក្រាបបង្គំទូលថ្វាយថារបស់អស់ទាំងនេះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំថ្វាយដាក់ក្នុងព្រះឃ្លាំងជាសំរាប់ចែកចាយសេនាទាហានចុះ ដ្បិតពីរឆ្នាំទៀត សៀមនឹងលើកទ័ពមកចោមព្រះនគរហើយ។ ថាដែលព្រះអង្គស្ដេចព្រះដំណើរមកក្រសាលព្រៃនេះ ទំនាយថា: ព្រះអង្គនឹងបានរបស់ល្អទៅទុកក្នុងព្រះនគរ។ ព្រះបាទបរមនាថ បរមបពិត្រត្រាស់ថា: ម្ដេចក៏តាដែកឯងដឹង ហ៊ានទាយដូច្នេះ។ ទើបពញាដែក ក្រាបទូលថា: ដឹងដោយទេវតាដែលរក្សាភ្នំនេះ ឱ្យនិមិត្តប្រាប់ ហើយទូលថា: តាមទេវតាប្រាប់ហេតុនោះ ទូលព្រះបង្គំជាខ្ញុំ ត្រូវអស់ជីវិតក្នុងគ្រានេះហើយ ហើយត្រូវទៅនៅរក្សាភ្នំត្រៀល ដែលទ្រង់ប្រែឈ្មោះចំពិតនោះ។ លុះក្រាបទូល ចប់សេចក្ដីនោះហើយ ពញាដែកក៏អស់ជីវិត ក្បែរព្រះទីនាំងក្នុងមួយរំពេចនោះទៅ។ ព្រះបាទបរមបពិត្រយល់អស្ចារ្យណាស់ ទ្រង់ត្រាស់ឱ្យធ្វើបុណ្យរំលាយសពពញាដែកហើយឱ្យប៉ានរូបពញាដែកធ្វើអាស្រមទុកនៅភ្នំនោះបានជាក្នុងភ្នំនោះជាប់ហៅថា អ្នកតាដំបងដែករៀងមកសព្វថ្ងៃនេះ។ ឯព្រះបាទបរមបពិត្រ តាំងតែពីថ្ងៃនោះរៀងមក ទ្រង់បញ្ញត្តិលើក្រមព្រះរាជក្រឹត្យសង្ឃការីថា: ក្នុងមួយឆ្នាំៗត្រូវរៀបគ្រឿងព្រះកឋិន ចំនួនតាមព្រះជន្មព្រះអង្គនាំទៅថតគ្រប់វត្ត ដែលមានទេពទេវរុក្ខ ជាទ្វារព្រះនគរ និងវត្តនានា ដែលមានសិទ្ធិស័ក្ដិនោះរាល់ឆ្នាំ ហើយត្រាស់ថា: ឱ្យលើកព្យូហយាត្រាបាត្រាតទៅទៀត។ ដល់ទៅភូមិឈើទាលប្រឱប ជាព្រំខែត្រសំរោងទង និងខែត្រលង្វែកនោះទ្រង់ឱ្យឈប់ ព្រះទីនាំងតាំងព្រះពន្លា។ លុះដល់ថ្ងៃរសៀលត្រជាក់ ស្ដេចយាងព្រះបាទា ទតទៅយល់ដើមឈើទាលមួយ ធំខ្ពស់ក្រៃលែងនឹងប្រមាណ ហើយមានផែនថ្មមួយផ្ទាំងជាប់នៅ លើបង្កៀបមែកឈើទាលនោះ កំរាស់ ២ ហត្ថ ទំហំ ៥ ហត្ថ ៤ ជ្រុង។ ទ្រង់សង្ស័យណាស់ ទើបត្រាស់សួរអស់អ្នកស្រុកចាស់ទុំ។ អ្នកស្រុកក្រាបទូលថា : "ទូលព្រះបង្គំជាខ្ញុំរាល់គ្នា កើតពុំទាន់ដែរ តែឮដោយដូនតានិយាយតមកថា : ថ្មនោះតាំងពីកាលផែនដី ព្រះបាទសម្ដេចព្រះបរមព្រហ្ម ដែលហៅថា តាព្រហ្ម" ជាឈ្មួញគោ កាលពុំទាន់បានសោយរាជសម្បត្តិនោះ ព្រះអង្គនាំកូនឈ្មួញទៅផ្ទំឃ្វាលគោ ក្រោមដើមឈើទាលនោះ។ វេលានោះមានសត្វត្រកួតមួយ មកជុះដាក់ព្រះអង្គ ព្រះអង្គទ្រង់ព្រះពិរោធណាស់ក៏ចាប់យកថ្មនោះចោលទៅ ត្រូវសត្វត្រកួតមួយ មកជុះដាក់ព្រះអង្គ ព្រះអង្គទ្រង់ព្រះពិរោធណាស់ក៏ចាប់យកថ្មនោះចោលទៅ ត្រូវសត្វត្រកួតនោះស្លាប់ ធ្លាក់មកដល់ដី។ ឯថ្មនោះក៏នៅជាប់លើមែកឈើទាលនោះ។ សព្វថ្ងៃ តែដល់ថ្ងៃ ៥ កើត ៥ រោច, ថ្ងៃ ៨ កើត ៨ រោច និង ថ្ងៃ ១៥ កើត និង ១៥ រោច កាលណា មានគោមទៅអុជលើដើមឈើទាលនោះ។ ព្រះបរមនាថបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបហើយ ទ្រង់ឃើញអស្ចារ្យក្នុងព្រះរាជហឫទ័យពន់ប្រមាណ ទើបទ្រង់នឹកពីពាក្យ ពញាដែក ក្រាបបង្គំទូលថា: ទ្រង់នឹងបានរបស់វិសេសនោះ ប្រហែលជាថ្ម និងឈើនេះឯងហើយ។ ទ្រង់ត្រាស់បង្គាប់មេស្មឹលឱ្យធ្វើពិធីសុំថ្ម និង ឈើនោះ ៣ ថ្ងៃ ហើយបង្គាប់ឱ្យរំលំដើមឈើទាលនោះធ្លាក់ទៅក្នុងទឹកស្ទឹងទើបព្រះអង្គឱ្យស្រង់យកថ្ម និងឈើនោះ នាំយកទៅដល់ក្នុងបន្ទាយព្រះនគរទ្រង់ឱ្យធ្លាក់ជាព្រះបាទព្រះ ៨ ព្រះបាទា ឱ្យយកដើមឈើទាលនោះឆ្លាក់ធ្វើជាព្រះរូបព្រះ ពុទ្ធអង្គចតុទិស ឈមព្រះភ័ក្ត្រ និងព្រះបាទ បែរចេញទៅចតុទិស កំពស់ ១៨ ហត្ថ។ ឯព្រះបិដ្ឋិទល់គ្នា។ រួចស្រេច ស្ដេច ប្រតិស្ឋានក្នុងព្រះវិហារលួង ឱ្យឈ្មោះហៅថា ព្រះអារាមត្រឡែងកែង ហើយទ្រង់ឱ្យសាង ទេព្រ័ក្សឃ្លាំងមឿង ហើយឱ្យសាងព្រះរាជវាំង ស្ដេចគ្រប់ព្រះអង្គ រាជវាំងបុត្រាច្បងគឺសម្ដេចព្រះរាមាធិបតីនោះ ឱ្យសាងនៅទួលលាប វាំងព្រះរាជបុត្រពៅគឺសម្ដេចព្រះបរមិន្ទរាជាឱ្យសាងនៅក្នុងព្រះបរមរាជវាំង។ ឯវាំងព្រះរាជវង្សានុវង្សតូចៗ ក្រៅអំពីនោះ ទ្រង់ឱ្យសាងក្នុងបន្ទាយ។ ឯក្នុងកំពែងដំណាក់ប្រាសាទទាំងប៉ុន្មាននោះ សឹងឱ្យឆ្លាក់លាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាសតាមបណ្ដាសក្ដិធំតូច ពុំឱ្យច្រឡូកច្រឡំតាមសក្ដិ។ ខាងមុខព្រះនគរដែលគ្មានភាគបន្ទាយជាន់ខាងក្រៅនេះ ស្ដេចឱ្យសង់រោងព្រះទីនាំងនាវា។ នៅនាកំពង់ទឹកនោះទ្រង់ឱ្យយកថ្មឥដ្ឋ រៀបជាព្រះលាន សំរាប់នាំដំរី សេះ ចំបាំងចុះលាងទឹក និងឱ្យធ្វើព្រះដំណាក់សំរាប់ស្ដេចចុះលយកន្ទោង ធំ តូច ជារុងរឿងប្រពៃ។ ខាងក្រៅបន្ទាយ ក្រៅស្នាមភ្លោះនោះ ទ្រង់ឱ្យដាំឫស្សីកំរាស់ពីរសិនពីស្នាមភ្លោះទៅ ទាំង ៣ ជ្រុង ជិតស្និទណាស់ ពុំឱ្យនរណាទៅកាប់កាច់ឫស្សីបានឡើយ។
ឯកសារយោង
[កែប្រែ]យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
មេស្រុកនៃកម្ពុជាធិបតី ប្រ.សតវត្សទី១៦ |
តដោយ មិនស្គាល់ |