យ៉ែម បុញ្ញឫទ្ធិ
អត្ថបទនេះ ប្រហែលត្រូវការការរៀបចំឡើងវិញ ដើម្បីសមស្របជាមួយបែបបទមគ្គុទេសន៍គ្រោងទុករបស់វិគីភីឌា។ សួមជួយដោយការកែប្រែអត្ថបទដើម្បីធ្វើឱ្យមានការប្រសើរឡើងដល់រចនាសម្ព័ន្ធទាំងមូល។ |
អ្នកនយោបាយប្រាកដនិយម | ||||
---|---|---|---|---|
អតីតប្រធានបក្សកម្ពុជានិយម | ||||
ឈ្មោះ | យ៉ែម បុញ្ញប្ញទ្ធិ | |||
ថ្ងៃខែឆ្នាំកំណើត | ០៧ ខែ កក្កដា ឆ្នាំ ១៩៦០ | |||
ទីកន្លែងកំណើត | ព្រះបាទជាន់ជុំ គីរីវង់ តាកែវ | |||
សញ្ជាតិ | ខ្មែរ បារាំង | |||
ឪពុក | យ៉ែម ងឹម ជនជាតិខ្មែរ | |||
ម្តាយ | សេង គេន ជនជាតិខ្មែរ | |||
កម្រិតវប្បធម៌ | អនុបណ្ឌិតគ្រប់គ្រង | |||
ភរិយា | ១/កូន ៣នាក់/ប្រុស ១នាក់ | |||
សាសនា | ព្រះពុទ្ធសាសនា | |||
មុខរបរ | អ្នកនយោបាយ | |||
គណបក្សនយោបាយ | ប្រជាធិបតេយ្យសេរី |
តើយ៉ែម បុញ្ញប្ញទ្ធិជានណារ? ហើយមានប្រវត្តិបែបណាខ្លះ? ក្នុងនាមជាអ្នកនយោបាយមាននិន្នាការប្រជាធិបតេយ្យ សម្តីមុត ហើយត្រូវបានគេស្គាល់រូបលោកចាប់តាំងពីឆ្នាំ២០០៨មក ជាពិសេសក្រោយការបង្រួបបង្រួមរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី ក្លាយជាគណបក្សសង្រ្គោះជាតិ ឆ្នាំ២០១២-២០១៣នោះគឺ លោក យ៉ែម បុញ្ញប្ញទ្ធិ ដែលជាអ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង២អាណត្តិ និងជាអតីតប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា រហូតដល់គណបក្សសង្រ្គោះជាតិត្រូវបានរម្លាយនាចុងឆ្នាំ២០១៧។ នៅឆ្នាំ២០២១ លោកជាស្ថាបនិកគណបក្សកម្ពុជានិយម ដើម្បីចូលរួមប្រកួតការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២។ តើប្រវត្តិរូបរបស់លោកមានយ៉ាងណាខ្លះ?
១. ប្រវត្តិផ្ទាល់ខ្លួន
[កែប្រែ]លោក យ៉ែម បុញ្ញប្ញទ្ធិ កើតនៅថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ១៩៦០ក្នុងគ្រួសារខ្មែរសុទ្ធមួយ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានឪពុកឈ្មោះ យ៉ែម ងឹម ជាចាងហ្វាងសាលាទន្លាប់ និងជាអ្នកតំណាងរាស្ត្រក្នុងឆ្នាំ១៩៧២ (សម័យសាធារណរដ្ឋខ្មែរ) ហើយមានម្តាយជាស្ត្រីមេផ្ទះឈ្មោះ សេង គេន។ លោក យ៉ែម បុញ្ញប្ញទ្ធិ មានបងប្អូនបង្កើតចំនួន១០ នាក់ ប្រុស ៦ និងស្រី៤នាក់ ហើយលោកជាកូន ទី៥ នៅក្នុងគ្រួសារ។
២. ប្រវត្តិសិក្សា និងការតស៊ូ
[កែប្រែ]លោក យ៉ែម បុញ្ញឫទ្ធិ បានចូលរៀននៅសាលាបឋមសិក្សាទន្លាប់ ហើយនៅពេលដែលស្រុកចាប់ផ្តើមកើតសង្គ្រាមក្នុង ឆ្នាំ១៩៧០ លោកបានផ្លាស់ទៅរៀននៅវិទ្យាល័យ តាកែវ អស់រយៈពេលមួយឆ្នាំ មុននឹងមកបន្តការសិក្សានៅ ភ្នំពេញ រហូតដល់ ឆ្នាំ១៩៧៥ ដោយស្នាក់នៅ វត្តវត្តនួនមណីរាម ហៅវត្ត ថាន់ អស់រយៈពេលមួយឆ្នាំ រួចបានទៅរស់នៅផ្ទះរបស់លោកនៅ ទួលទំពូង។ ចូលដល់សម័យខ្មែរក្រហម លោក បុញ្ញឫទ្ធិ ត្រូវគេជម្លៀសពីទីក្រុងភ្នំពេញទៅរស់នៅ ស្រុកអង្គរជ័យ ខេត្តកំពតរហូតដល់សម័យអាវខ្មៅមួយនេះដួលរលំ។ ឆ្នាំ១៩៧៩ បន្ទាប់ពីបានវិលទៅរស់នៅស្រុកកំណើតមួយរយៈ លោកបានឡើងមករស់នៅ ភ្នំពេញវិញ ដោយចូលរៀនថ្នាក់ ទី១០ នៅវិទ្យាល័យស៊ីសុវត្ថិ។ បន្ទាប់ពីរៀនចប់ថ្នាក់ ទី១០ លោកបានសុំ អាហារូបករណ៍ទៅសិក្សានៅអឺរ៉ុបខាងកើត ប៉ុន្តែ មិនត្រូវបានគេអនុញ្ញាតឡើយ «ដោយសារតែមានការរើសអើងពីប្រវត្តិរូបលោកផ្ទាល់ និងប្រវត្តិគ្រួសាររបស់លោក»។ ក្រោយមក លោកបានចាកចេញពីក្រុងភ្នំពេញ ទៅកាន់ជំរំនៅតាមព្រំដែនខ្មែរ-ថៃនាខែកញ្ញា ឆ្នាំ១៩៨០។ លោកបានរស់នៅជំរំតាមព្រំដែនក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយបានចាកចេញទៅរស់នៅប្រទេសបារាំង នៅចុង ឆ្នាំ១៩៨១ ក្នុងនាមជាជនភៀសខ្លួន។
៣. ប្រវត្តិការងារ និងការចូលរួមក្នុងវិស័យនយោបាយនៅកម្ពុជា
[កែប្រែ]នៅពេលទៅដល់ប្រទេសបារាំង លោក បុញ្ញឫទ្ធិ បានរកការងារធ្វើដើម្បីចិញ្ចឹមជីវិតផង និងខិតខំបន្តការសិក្សាផង។ លោកបានរៀនភាសាបារាំងបន្ថែម បន្ទាប់មកទៀតបានចូលរៀននៅមហាវិទ្យាល័យផ្នែកព័ត៌មានវិទ្យា (ខាងអាយធី) ផ្នែកDatabase។ ពេលរៀនចប់បានបរិញ្ញាបត្រជាន់ខ្ពស់ខាង ព័ត៌មានវិទ្យា លោកបានចេញធ្វើការឲ្យក្រុមហ៊ុន បារាំង មួយក្នុង ឆ្នាំ១៩៩១។ ក្រោយមក លោកបានរៀនយកជំនាញខាងការគ្រប់គ្រងក្រុមហ៊ុន និងផ្នែកទីផ្សារភាគហ៊ុន។ ក្លាយជាអ្នកនយោបាយមុះមុតប្រាកដនិយមតាមគំរូឪពុករបស់លោក។ បើទោះបីជាបានរស់នៅសុខស្រួល នៅលើទឹកដីប្រទេសជឿនលឿនដែលជាប្រទេសមហាអំណាចក៏ដោយ ក៏លោក បុញ្ញឫទ្ធិ មិនដែលភ្លេចទឹកដីកំណើតរបស់ខ្លួនឡើយ។ លោក បុញ្ញឫទ្ធិ ដែលជាស្ថាបនិកគណបក្សជាតិខ្មែរ១រូប នៅ ប្រទេសបារាំង តាំងពីលើកដំបូង ហើយក្រោយមកត្រូវប្តូរទៅជាគណបក្ស សម រង្ស៊ី បានត្រឡប់មកកម្ពុជាវិញលើកដំបូងក្នុង ឆ្នាំ១៩៩៨ ដើម្បីចូលរួមធ្វើកិច្ចការនយោបាយ។ នៅពេលនោះ លោកបានទៅមកប្រទេសបារាំង ជាញឹកញាប់ និងបានមករស់នៅជាប់លាប់ក្នុងមាតុប្រទេសវិញ ឆ្នាំ២០០៧។ នៅឆ្នាំ២០០៧ លោក យ៉ែម បុញ្ញឫទ្ធិ បានចូលរួមផ្តួចផ្តើមស្ថាបនិកគណបក្សសិទ្ធិមនុស្សជាមួយលោក កឹម សុខា និងឥស្សរជនផ្សេងទៀត ហើយក៏បានជាប់ជាតំណាងរាស្រ្តមណ្ឌលព្រៃវែង ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណតិ្តទី៤ ក្នុងឆ្នាំ២០០៨។ ពេលនោះ តួនាទីរបស់លោកក្នុងគណបក្សសិទ្ធិមនុស្ស គឺជាអគ្គលេខាគណបក្ស។ នៅឆ្នាំ២០១២ ក្រោយពីការខិតខំប្រឹងប្រែងអស់រយៈពេល៥ឆ្នាំ គណបក្សសិទ្ធិមនុស្សទទួលបាន អាសនៈក្រុមប្រឹក្សា-សង្កាត់ឃុំយ៉ាងច្រើន និងមេឃុំ-ចៅសង្កាត់ចំនួន១៨នាក់។ គណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី បានពិភាក្សាគ្នា ដើម្បីរួមគ្នាជាគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា ។ ថ្ងៃទី ១៧ ខែកក្កដា ឆ្នំា២០១២ គណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ីបានរួមបញ្ចូលគ្នាជាផ្លូវការ និងបង្កើតជាគណបក្សសង្រ្គោះជាតិ ដោយលោក សម រង្ស៊ី ធ្វើជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ហើយបានធ្វើសមាជជាតិជាលើកទី១ នាថ្ងៃទី៧ មេសា ២០១៣ នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយលោក បុញ្ញប្ញទ្ធិ មាននាទីជាអគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្ស។ ក្រោយបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ លោក យ៉ែម បុញ្ញប្ញទ្ធិ ជាប់ជាតំណាងរាស្រ្តមណ្ឌលព្រៃវែងបន្តទៀត និងជាប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា រហូតដល់គណបក្សសង្រ្គោះជាតិត្រូវបានរម្លាយនាចុងឆ្នាំ២០១៧។
ស្នាដៃក្នុងតំណែងជាប្រធានគណៈកម្មាធិការទី៧នៃរដ្ឋសភា
[កែប្រែ]ដោយមានថ្វីមាត់ ភាពប៉ិនប្រសព្វ និងភាពប្រាកដនិយមផងនោះ លោកបានអនុវត្តតាមរដ្ឋធម្មនុញ្ញដែលចែងពីតុល្យភាពនៃអំណាចទាំង៣ (នីតិបញ្ញត្តិ ប្រតិបត្តិ តុលាការ) ដោយលោកបាន កោះហៅរដ្ឋមន្រ្តី ចំនួន៤រូប ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការទី៧នៃរដ្ឋសភា មកស្រាយបំភ្លឺជាបន្តបន្ទាប់ ដូចជា៖
- ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ កោះហៅរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចូលបំភ្លឺ ស្តីពីបញ្ហាទីតាំងរបស់ពុទ្ធសាសនបណ្ឌិត ក្រោយពីទទួលញត្តិរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ ដែលសង្ស័យជួលទៅឱ្យក្រុមហ៊ុនឯកជន។
- ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ កោះហៅរដ្ឋមន្រ្តីក្រសួងទេសចរណ៍ចូលបំភ្លឺជុំវិញវិស័យទេសចរ ជាពិសេស ការវិនិយោគ និងចំណូលបានពីប្រាសាទអង្គរវត្ត និងរមនីយដ្ឋានភ្នំបូកគោ។
- ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ កោះហៅរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចូលបំភ្លឺ ករណីការធ្វើពិធីរបស់ជនជាតិយួននៅលើភ្នំបូកគោ និងបញ្ហាផ្សេងៗទៀត
- ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ កោះហៅរដ្ឋមន្រ្តី៤រូប ចូលបំភ្លឺក្នុងពេលតែមួយរួមគ្នា ស្តីពីករណី វប្បធម៌ សាសនា រចនាបថ នៃការការអភិវឌ្ឍន៍រមណីយដ្ឋានភ្នំបូកគោ
- ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កោះហៅរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចូលបំភ្លឺទាក់ទងនឹងការពង្រឹងគុណភាពបង្រៀន និងផ្នែកអធិការកិច្ចផ្នែករិស័យអប់រំ
- ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ កោះហៅរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចូលបំភ្លឺ ស្តីពីបញ្ហា និងការវិវឌ្ឍ ទីតាំងរបស់ពុទ្ធសាសនបណ្ឌិត និងពុទ្ធិកសាកលវិទ្យាល័យ និងបញ្ហាផ្សេងៗទៀតជាដើម។
ក្រៅពីនោះ លោកបានជម្រុញឱ្យមាន សិក្ខាសាលានៅរដ្ឋសភា ស្ដីពី សុខដុមរមនីយកម្មសាសនា (ព្រះពុទ្ធ គ្រិស្ត ឥស្លាម) ហើយលោកក៏បានដឹកនាំប្រតិភូចុះបេសកម្ម ធ្វើកម្មសិក្សាទៅតាម សាកលវិទ្យាល័យ វត្តអារាម រមណីយដ្ឋាន ប្រាសាទ សាលារៀន មន្ទីរ ការិយាល័យ មណ្ឌល នៅមូលដ្ឋានផ្ទាល់ទៅតាមវិស័យនីមួយៗផងដែរ។ ចំណុចដែលសំខាន់មួយទៀតនោះ លោកក៏បានជម្រុញ លើកទឹកចិត្ត និងរៀបចំការិយាល័យតំណាងរាស្រ្តនៅតាមមណ្ឌលនៃខេត្តនីមួយៗឱ្យមានដំណើរការវិញផងដែរ ជាពិសេស ការិយាល័យតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ដែលលោកចាត់ទុកថា ជាកន្លែងដែលម្ចាស់ឆ្នោត ទៅសុំកិច្ចអន្តរាគមន៍ពីអ្នកតំណាងរបស់ខ្លួនផ្ទាល់។
តួនាទី និងការខិតខំរហូតត្រូវបានផ្តល់ដំណែងសំខាន់ៗនៅក្នុងគណបក្ស
[កែប្រែ]លោក យ៉ែម បុញ្ញប្ញទ្ធិ ក្លាយជាតួអង្គសំខាន់១រូប ក្នុងវិស័យនយោបាយ ដោយសារតែលោក ៖
- ធ្លាប់ជាស្ថាបនិកគណបក្ស៣ និងមានតួនាទីសំខាន់ៗ រួមមាន៖
- ស្ថាបនិកគណបក្សជាតិខ្មែរ (ក្រោយមកក្លាយជាគណបក្សសមរង្ស៊ី និងបច្ចុប្បន្នជាគណបក្សភ្លើងទៀន) - ជាស្ថាបនិក និងក្រោយមកក្លាយជាអគ្គលេខាធិកាគណបក្សសិទ្ធិមនុស្ស - ជាស្ថាបនិកគណបក្សសង្រ្គោះជាតិ ហើយលោក ត្រូវបានគណបក្សប្រគល់តួនាទីជាអគ្គលេខា និងជាអ្នកនាំពាក្យគណបក្ស។
- ជាតំណាងរាស្រ្តពូកែវោហាស័ព្ទ និងមានទ្រឹស្តីប្រាកដនិយម លោកក៏ជាវាគ្មិនដ៏ពូកែរបស់គណបក្សផងដែរ ហើយលោកតែងតែចុះមូលដ្ឋានផ្ទាល់ជាពិសេសចូលរួមជាវាគ្មិនក្នុងវេទិកាមហាជនរបស់គណបក្ស វេទិការៀបចំឡើងដោយអង្គការ សង្គមស៊ីវិល និងជាវាគ្មិននៅតាមកម្មវិធី វិទ្យុ សារព័ត៌មាននានា។
- ជាគ្រូឧទ្ទេសនាមនយោបាយដ៏មានថ្វីមាត់ និងឥទ្ធិពល លោកតែងតែជំរុញ និងចូលរួមជាវាគ្មិនឧទ្ទេសនាមវគ្គបណ្តុះបណ្តាលដល់យុវជន សកម្មជននៅតាមមូលដ្ឋាន ដូចជា ភាពជាអ្នកដឹកនាំ ការតស៊ូមតិ និងកិច្ចការរដ្ឋបាល (បច្ចេកទេសIT)ជាដើម។ លោក គឺជាបុគ្គលមួយរូបដែលផ្តោតសំខាន់ ឱ្យផ្តល់តម្លៃខ្ពស់បំផុតទៅលើអនាគតអ្នកដឹកនាំបន្តវេនវ័យក្មេង នោះគឺយុវជន។
៤. ប្រវត្តិគ្រួសារ និងមុខរបរ
[កែប្រែ]លោក យ៉ែម បុញ្ញឫទ្ធិ បានរៀបការនៅ ឆ្នាំ១៩៩៥ មានកូន ៣ នាក់ ប្រុសម្នាក់។ កូនប្រុសច្បង អាយុ ៣២ឆ្នាំ និងកូនស្រីពៅអាយុ ១៤ឆ្នាំ(២០២៣)។ ភរិយានិងកូនទាំងបីរបស់លោក រស់នៅ ប្រទេសបារាំង។ លោកតែងតែទៅលេងប្រពន្ធកូននៅពេលដែលមានឱកាស។ ក្រៅពីធ្វើនយោបាយ លោកមិនមានប្រកបមុខរបរអ្វីនៅកម្ពុជានោះទេ ប៉ុន្តែលោកមានភាគហ៊ុនរកស៊ីជាមួយបងប្អូននៅ ប្រទេសបារាំង។
បច្ចុប្បន្នភាពចុងក្រោយរបស់លោក យ៉ែម បុញ្ញឫទ្ធិ
[កែប្រែ]លោក យ៉ែម បុញ្ញឫទ្ធ គឺជាថ្នាក់ដឹកនាំ១រូប ក្នុងចំណោមអ្នកនយោបាយ ១១៨រូប ផ្សេងទៀត ដែលត្រូវបានតុលាដាក់បំរាម មិនឱ្យធ្វើនយោបាយ ។ ក្រោយពីមានការលើកលែងបំរាមនយោបាយ លោក បានបន្តជីវិតនយោបាយដើម្បីប្រទេសជាតិ និងពលរដ្ឋរបស់លោកតទៅទៀត ដោយបានផ្តួចផ្តើមជាមួយអតីតថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ និស្សិត បញ្ញវន្ត សកម្មជន ពលករ ប្រជាពលរដ្ឋខ្មែរ បង្កើតគណបក្សកម្ពុជានិយម នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និងបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ក្នុងគោលបំណង ដណ្តើមអាសនៈ នៅតាមមូលដ្ឋាន គឺ កសាងអនាគតថ្មីដើម្បីកម្ពុជា!
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ គណបក្សកម្ពុជានិយម និងគណបក្សខ្មែររួបរួមជាតិបានសម្រេចរួមបញ្ចូលគ្នា ប៉ុន្តែដោយពេលវេលា គណបក្សទាំងពីរសម្រេច យកគណបក្សខ្មែររួបរួមជាតិក្នុងការចួលរួមការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ នាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយលោកនៅតែ បន្តឈឈ្មោះជាបេក្ខជន ១រូប ក្នុងចំណោមបេក្ខជន ១១រូបផ្សេងទៀត នៅមណ្ឌលខេត្តព្រៃវែង។
ក្រោយការបោះឆ្នោត បន្ទាប់ពីមានការខ្វែងគំនិតគ្នា និងផ្ទុយពីគោលជំហរដើម (ដោយលោកជំទាស់យ៉ាងខ្លាំងក្នុងការចូលទៅជាឧត្តមទីប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់(រដ្ឋាភិបាល)) ក្រុមភាគីគណបក្សកម្ពុជានិយមបានឈានដល់ការចែកផ្លូវគ្នា និងបញ្ចប់កិច្ចព្រមព្រាងជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ហើយបន្តជាគណបក្សជំទាស់។ លោកកំពុងតែគៀងគរឱ្យមានការរួបរួមជាថ្មីនៃគណបក្សដែលមាននិន្នាការប្រជាធិបតេយ្យដូចអតីតគណបក្សសង្រ្គោះជាតិឆ្នាំ២០១៣-២០១៧ ។ នៅដើមឆ្នាំ២០២៤ លោកបានជួយឃោសនាឱ្យគណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគត គណបក្សឆន្ទៈខ្មែរ ក្នុងការបោះឆ្នោតព្រឹទ្ធសភា លទ្ធផលគណបក្សនេះទទួលបាន ៣ អាសនៈ ។
៥. ទស្សនៈនយោបាយ
[កែប្រែ]លោក បុញ្ញឫទ្ធិ មានបំណងធំបំផុត គឺសូមឲ្យអ្នកនយោបាយខ្មែរគ្រប់រូបចាប់ផ្តើមបើកទ្វារចិត្តឲ្យមានគំនិតទូលំទូលាយ ដើម្បីទទួលយកមតិយោបល់របស់អ្នកដទៃយកទៅគិតពិចារណា ដើម្បីស្វែងរកដំណោះស្រាយល្អៗ សម្រាប់ប្រទេសជាតិ «ពីព្រោះការដោះស្រាយបញ្ហាប្រទេសជាតិជារឿងមួយធំណាស់ «ដូច្នេះត្រូវគិតរឿងហ្នឹងឲ្យផុតពីបញ្ហាផ្ទាល់ខ្លួន និងផលប្រយោជន៍បក្ស។ អ្វីដែលសំខាន់ត្រូវយកមកសិក្សាគិតថា អ្វីដែលយើងបម្រុងនឹងធ្វើហ្នឹងតើវាបានផលប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋ ដល់ប្រជាជាតិយើងជាជាងការគិតថា តើបានផលប្រយោជន៍អ្វីខ្លះមកលើខ្លួនឯង ឬមកលើបក្ស»។
ទស្សនៈដ៏មុតមាំរបស់លោក គឺ “ខ្មែរមោះមុតមិនចោលជាតិ កសាងរដ្ឋទំនើបសង្គមជឿនលឿនថ្លៃថ្នូរ ប្រជាធិបតេយ្យសេរី យក២៣ តុលា ១៩៩១ ជាគោល”៕
©️2024