Jump to content

ពុទ្ធសាសនា​ដូច​ម្តេច

ពីវិគីភីឌា

ដូចម្ដេច​ហៅ​ថា ពុទ្ធសាសនា ?

ព្រះមហា​វិរិយបណ្ឌិតោ ប៉ាង ខាត់ រៀបរៀង

ពុទ្ធសាសនា ជា​លទ្ធិសាសនា = Religion (ពាហិរសាសនា ? )

ពុទ្ធសាសនា នឹង​ហៅ​ថា : លទ្ធិសាសនា ឬ ពាហិរសាសនា (Religion ) តាម​អត្ថន័យ​នៃ​ពាក្យ ដូច​អ្នក​ផង​ធ្លាប់​យល់​មក​នោះ​ក៏​ទេ ព្រោះ​ពុទ្ធសាសនា​មិនមែន​ជា​ប្រព័ន្ធ (Système) នៃ​ជំនឿឥត​ហេតុផល (Croyance ) និង ការ​បូជា (Culte) នោះ​ឡើយ ។

ពុទ្ធសាសនា មិន​ព្រម​ប្រដៅ​ពុទ្ធសាសនិកជន ឲ្យ​មាន​ជំនឿ​ឥត​ហេតុផល​ទាល់​តែ​សោះ ។ ជំនឿ​ឥត​ហេតុផល​នេះ ពុំ​មាន​នៅ​ក្នុង​ពុទ្ធសាសនា​ឡើយ ។ ពុទ្ធសាសនិកជន ប្រើ​ជំនឿ​ដែរ តែ​ជា​ជំនឿ​មួយ​បែប គឺ​ជំនឿ​ហេតុផល ជំនឿ​ជា​ទី​ទុក​ចិត្ត (Confidence ) ហើយ​មាន​ប្រាជ្ញា​ប្រកប​ផង ដែល​នៅ​ក្នុង​ភាសា​បាលី លោក​ហៅ​ថា សទ្ធា (ជំនឿ​ហេតុផល​ប្រកប​ដោយ​បញ្ញា) ។

ជំនឿ​ឥត​ហេតុផល គឺ​ជំនឿ​ជឿ​អាទិទេព ថា "អាទិទេព​ទទួល​បាប​ខ្លួន ឲ្យ​ខ្លួន​បរិសុទ្ធ ហើយ​នាំ​ឲ្យ​ទៅ​កើត​ឋាន​សួគ៌" ។ ជំនឿ​បែប​នេះ ពុំ​មែន​ជា "សទ្ធា" ដូច​ក្នុង​ពុទ្ធសាសនា​ទេ ។ ជំនឿ "សទ្ធា" ដែល​ពុទ្ធសាសនា​ប្រដៅ​ឲ្យ​ប្រើ​ចំពោះ​អង្គ​ព្រះសម្ពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាន​លក្ខណៈ​ជ្រះថ្លា​ចំពោះ​គុណធម៌ ហើយ​មាន​លក្ខណៈ​ហ៊ាន​ពុះពារ​ដើរ​ទៅ​តាម គឺ​មាន​ទំនង​ដូច​អ្នក​ឈឺ​ជឿ​ទុក​ចិត្ត​លោកគ្រូ​ពេទ្យ​ថា អាច​ជួយ​រក្សា​ជម្ងឺ​ខ្លួន ឲ្យ​ជា​សះស្បើយ​បាន ហើយ​ហ៊ាន​កាន់​តាម​ពាក្យ​ទូន្មាន​លោកគ្រូ​ពេទ្យ ឬ​ដូចជា​សិស្ស​ជឿ​គ្រូ​ថា គ្រូ​អាចារ្យ​របស់​ខ្លួន ជា​អ្នក​បង្រៀន​ខ្លួន​ឲ្យ​ចេះ​ចំណេះ​វិជ្ជា​បាន ហើយ​ហ៊ាន​ប្រតិបត្តិ​តាម​ឱវាទ​របស់​គ្រូ ដោយ​យល់​ច្បាស់​ថា គ្រូ​បង្រៀន​ខ្លួន​ឲ្យ​ចេះ​រស់​ខ្លួន​ឯង ឲ្យ​ចេះ​ដើរ​ខ្លួន​ឯង ។

ពុទ្ធសាសនិកជន យក​អង្គ​ព្រះសម្ពុទ្ធ​ជា​សរណៈ (ទីពឹង) របស់​ខ្លួន ដោយ​ប្រើ​ប្រាជ្ញា​ពិចារណា តាម​ហេតុផល​សព្វ​គ្រប់ ឃើញ​ពិត​ថា "ព្រះអង្គ​បាន​ឃើញ​ធម៌" ហើយ​ទ្រង់​ទេសនា​ទូន្មាន​ខ្លួន ឲ្យ​ប្រតិបត្តិ​តាម​បដិបទា​ដែល​ទ្រង់​រក​ឃើញ ដើម្បី​ឲ្យ​បាន​លុះ​ទី​បំផុត​ទុក្ខ "មោក្សធម៌" ឬ "និព្វាន" ដូច​ព្រះអង្គ ។ ពុទ្ធសាសនិកជន មិន​ព្រម​យក​ព្រះពុទ្ធ​ជា​ទីពឹង ដោយ​សេចក្ដី​សង្ឃឹម​ថា "ព្រះពុទ្ធ​នឹង​ស្រង់​ខ្លួន (Salvate) គឺ​ទទួល​បាប​ពី​ខ្លួន ឲ្យ​ខ្លួន​បរិសុទ្ធ ហើយ​នាំ​ទៅ​កើត​ឋាន​សួគ៌" ដូច​គេ​ស្រង់​មនុស្ស​លង់​ទឹក​ដូច្នោះ​ទេ ។ ពុទ្ធសាសនិកជន​ជឿជាក់​ថា "ធម៌​អង្គ​ព្រះសម្ពុទ្ធ ពុំ​មែន​ជា​ក្ដី​ស្រង់" (Salvation ) នោះ​ទេ ព្រោះ​ព្រះពុទ្ធ​ពុំ​មែន​ជា "អ្នក​ស្រង់" (Saviour) ព្រះពុទ្ធ ពុំ​ដែល​ធានា​រ៉ាប់រង​ថា​នឹង​លាង​បាប​សត្វ​ទេ ហើយ​ព្រះពុទ្ធ​ពុំ​មាន​អានុភាព​នឹង​លាង​ជម្រះ​បាប​អ្នក​ដទៃ​បាន​ទៀត​ផង ។

សេចក្ដី​ពិត មិនមាន​អ្នកណា​ដទៃ អាច​ធ្វើ​ខ្លួន​ឲ្យ​បរិសុទ្ធ ក្រៅ​ពី​ខ្លួន​ឯង​បាន​ឡើយ ។ ការ​ពឹង​គេ​ឲ្យ​ជួយ​បែប​នេះ ពុំ​មែន​ជា​វិធី​ទេ​ក្នុង​លោក​នេះ ។ ខ្លួន​ឯង​ជួយ​ខ្លួន​ឯង ទើប​ជា​វិធី ។ ព្រះសម្ពុទ្ធ​ជា​សាស្រ្តាចារ្យ ជា​អ្នក​ទូន្មាន​សត្វ គ្រាន់​តែ​ជា​អ្នក​បង្រៀន ប្រាប់​ផ្លូវ សត្វ​ទាំងឡាយ​ត្រូវ​ដើរ​ខ្លួន​ឯង ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ពុទ្ធសាសនិកជន ទោះ​យោបី​យក​ព្រះពុទ្ធ​ជា​ទីពឹង ក៏​ពុំ​មែន​បណ្ដោយ​ខ្លួន​ឲ្យ​ចេះ​តែ​គ្រឿង​សក្ការៈ​ដូចជា ទៀន ធូប ចំពោះ​ព្រះពុទ្ធ​បដិមា ជា​ការ​បូជាគុណ មេត្តា ករុណា បញ្ញា​របស់​បុគ្គល​ប្រសើរ​ដែល​បាន​ធ្វើ​ប្រយោជន៍​ដើម្បី​សកលលោក ធ្វើ​ហាក់​ដូច​កាល​ទ្រង់​គង់​ធរមាន​នៅ​ឡើយ ហើយ​យក​អង្គ​ព្រះសម្ពុទ្ធ​ជា​គម្រូ ជា​គតិ​ប្រចាំ​ចិត្ត ប្រតិបត្តិ​តាម​ធម្មវិន័យ​ព្រះអង្គ តាម​ចរិយា​ព្រះអង្គ ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​បាន​ឃើញ​ធម៌​ដូច​ព្រះអង្គ ។

ដោយ​គារវកិច្ច ដោយ​កតញ្ញុតាធម៌ ពុទ្ធសាសនិកជន ត្រូវ​តែ​បំពេញ​កិច្ច​ទាំងនោះ ដើម្បី​បូជា​គុណ ។ ព្រះសម្ពុទ្ធ​មិន​មាន​ពុទ្ធ​បំណង​ធំ​ចំពោះ​គ្រឿង​សក្ការៈ​បូជា​នេះ​ទេ ពុទ្ធ​បំណង​ដែល​សំខាន់​បំផុត​នោះ គឺ​ការ​ប្រតិបត្តិ​តាម​ធម៌​វិន័យ ឲ្យ​បាន​ត្រឹមត្រូវ​តាម​គន្លងធម៌ ដែល​ជា​វិធី​នាំ​សព្វសត្វ​ឲ្យ​រួច​ចាក​ទុក្ខ​គ្រប់​ប្រការ ។ ក្នុង​មហា​បរិនិព្វាន​សូត្រ​ទ្រង់​ត្រាស់​ថា : "ភិក្ខុ​ទាំងឡាយ ! បូជា​មាន ២ ប្រការ គឺ​ អាមិសបូជា និង បដិបត្តិ​បូជា ។

១- អាមិស​បូជា បូជា​គ្រឿង​សក្ការៈ ទៀន ធូប ភ្ញីផ្កា ការ​បូជា​ទាំងនេះ មិនមែន​ជា​ការ​សំខាន់​អ្វី​ពេក​ទេ តែ​ពុទ្ធសាសនិកជន​ពេញ​ចិត្ត​ធ្វើ ។ (សូម​យោង​ទៅ​​ពិធី​សូត្រ​ថ្វាយគ្រឿងសក្ការៈរតនត្រ័យ ឥមេហិ ទិបធូបា ...)

២- បដិបត្តិ​បូជា បូជា​គឺ​ការ​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ធម៌​វិន័យ​ព្រះអង្គ ។

បូជា​ពីរ​ប្រកា​នេះ បដិបត្តិ​បូជា​គឺ​ការ​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ធម្មវិន័យ​ជា​ការ​បូជា ប្រសើរ​លើស។ ទ្រង់​ត្រាស់​ថា : អ្នកណា​បូជា​ព្រះអង្គ​ដោយ​បដិបត្តិ​បូជា គឺ​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ធម៌ អ្នក​នោះ​ឈ្មោះ​ថា គោរព រាប់អាន បូជា​តថាគត ដោយ​ការ​បូជា​ដ៏​ប្រសើរ​លើស ។ ក្នុង​ទី​ដទៃ​ទៀត​ទ្រង់​ត្រាស់​ចំពោះ​វក្កលិភិក្ខុ​ថា : "អ្នកណា​ឃើញ​ធម៌ អ្នក​នោះ​ឈ្មោះ​ថា​ឃើញ​តថាគត"

សេចក្ដី​ពិត ពុទ្ធសាសនា​ពុំ​មាន​វិធី​ស្ដុតិ​ទេ វិធី​បន់ស្រន់​អង្វរករ​ក៏​ពុំ​មាន​ដែរ ព្រោះ​វិធីស្ដុតិ បន់ស្រន់ អង្វរករ ទាំងអស់​នេះ ពុំ​មែន​ជា​និយ្យានិកធម៌ "ធម៌​ស្រោចស្រង់" ទេ ។ ព្រះសម្ពុទ្ធ ប្រោស​សត្វ​ដែល​សូត្រ​ស្តុតិ បន់ស្រន់ ឬ អង្វរករ ព្រះអង្គ​ពុំ​កើត​ទេ ។ ធម៌​ព្រះអង្គ​ជា​ធម៌​ស្រោច ស្រង់​ខ្លួន​ឯង (និយ្យានិកធម៌ ) ប្រែ​ថា "សេចក្ដី​បរិសុទ្ធ​ត្រូវ​ធ្វើ​ដោយ​ស្រង់​ខ្លួន​ឯង" ។ ព្រះសម្ពុទ្ធ​ឃើញ​ថា "សូត្រស្តុតិ​ថ្វាយ​ព្រះអង្គ ជា​ការ​ឥត​ប្រយោជន៍" ហើយ​ទ្រង់​ពុំ​យល់​ឃើញ​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ទ្រង់​ឃើញ​ទៀត​ថា "ការ​សូត្រ​ស្តុតិ​សុំ​ក្ដី​អនុគ្រោះ​នេះ ជា​ការ​បន្ទាប​បន្ថោក​ខ្លួន ហើយ​ធ្វើ​ឲ្យ​មាន​គំនិត​ថោក​ទៀត​ផង" ។ ពុទ្ធសាសនិកជន ពុំ​គួរ​សូត្រ​ស្តុតិ ដើម្បី​ស្រោចស្រង់​ខ្លួន​ទេ ត្រូវ​ទុក​ចិត្ត​ខ្លួន​ឯង ធ្វើ​ខ្លួន​ឯង ដើម្បី​សេរីភាព​ខ្លួន​ឯង ។

ពុទ្ធសាសនា ពុំ​មាន​អាទិទេព ពុំ​មាន​ជំនឿ​ចំពោះ​ពលានុភាព​ពិភពលោក​ដែល​ស្ដី​ថា​មាន "ការ​ចេះ​ដឹង​សព្វ ឬ សព៌េជ្ញ" (Omniscience) មាន​នៅ​សព្វ​កន្លែង​ ឬ សារពើ​ឋាន (Omniscience) ពុំ​មាន​ទិដ្ឋិ (Dogma) ដែល​ត្រូវ​ប្រកាន់​ជឿ, ពុំ​មាន​លទ្ធិ (Creed ) ដែល​ត្រូវ​ទទួល ជំនឿ (Foi ) ពុំ​មាន​ព្រាហ្មណ៍​ធ្វើ​ជា​អាជ្ញា​កណ្ដាល រវាង​មនុស្ស​ និង​ អាទិទេព, ពុំ​មាន​ពិធី រីតិ៍ពិសេស (Rite), ពុំ​មាន​ពិធី​សំស្ការ (ពិធី​ប្រសិទ្ធិ​ឲ្យ​បាន​ជា​ព្រាហ្មណ៍ ធ្វើ​​ឲ្យ​កើត​បាន​ជា​ពុទ្ធសាសនិកជន), ពុំ​មាន​មន្រ្ត (បទ​សូត្រស្តុតិ) ឬ​​ យជ្ញពិធី (rituel védique), ពុំ​មាន​ការ​ប្រព្រឹត្ត​ព្រហ្មចរិយ​ គឺ​ តបធម៌ (austérités) ឬ យោគធម៌ (meditation, concentration) ដើម្បី​ស្រោចស្រង់​ខ្លួន​ទេ ។

ដូច្នេះ ពុទ្ធសាសនា អ្នក​ផង​​ពុំ​គប្បី​ហៅ​ថា Religion (លទ្ធិសាសនា​) ពេញ​ទ្រ​ពងមាត់សោះ ព្រោះ​ព្រះពុទ្ធ​សាសនា ពុំ​មែន​ជា​ប្រព័ន្ធ (Système ) នៃ​ជំនឿ​ឥត​ហេតុផល (Foi ) និង​ ការ​បូជា (Culte) ទេ ឬ​នឹង​ថា​ជា "អំពើ​ដែល​ដឹក​នាំ​មនុស្ស​ឲ្យ​ទទួល​ស្គាល់​អាទិទេព ឬ អាទិទេព​ត្រូវ​មាន​អានុភាព​លើ​វាសនា​ខ្លួន​ជា​មនុស្ស ហើយ​មនុស្ស​ត្រូវ​តែ​គោរព​បូជា សូត្រស្តុតិ​ជា​កិច្ច​តបស្នង​សងគុណ​វិញ" ដូច្នេះ​ក៏​ទេ​ដែរ ។

៥- តក្កហេតុ កុំ​ប្រកាន់​ជឿ​អ្វី​ដោយ​អាង​ហេតុ ឬ​ស្មាន​យក (អនុមាន)

៦- នយហេតុ កុំ​ប្រកាន់​ជឿ​អ្វី ដោយ​អាង​ការ​គ្នេរគ្នាន់ ឬ​កាត់​តម្រូវ

៧- អាការបរិវិតក្ក កុំ​ប្រកាន់​ជឿ​អ្វី ដោយ​អាង​ការ​ត្រិះរិះ​មើល​តាម​អាការ ។

៨- ទិដ្ឋិនិជ្ឈានក្ខន្តី កុំ​ប្រកាន់​ជឿ​អ្វី ដោយ​អាង​ថា​ខ្លួន​ពេញចិត្ត

៩- ភព្វរូបតា កុំ​ប្រកាន់​ជឿ​អ្វី​ថា អ្នក​នេះ​ជា​អ្នក​ប្រាជ្ញ គួរ​ជឿ​តាម

១០- សមណោ នោ គរុ កុំ​ប្រកាន់​ជឿ​ថា "សមណៈ​នេះ​ជា​គ្រូ​យើង" ។

ព្រះសម្ពុទ្ធ​ទ្រង់​ប្រដៅ​ទៀត​ថា អ្វី​ដែល​ជា​កុសល អ្វី​ដែល​ប្រសើរ ដែល​អ្នក​បាន​ឃើញ​ពិត​ខ្លួន​ឯង ចូរ​ប្រព្រឹត្ត​តាម​ចុះ អ្វី​ដែល​ជា​អកុសល អ្វី​ដែល​មិន​ប្រសើរ ដែល​អ្នក​បាន​ឃើញ​ពិត​ខ្លួន​ឯង ចូរ​កុំ​ប្រព្រឹត្ត​ឡើយ ។ ក្នុង​លទ្ធិ​សាសនា​ដទៃ (Religions) មាន​ពាក្យ​ប្រៀន​ប្រដៅ​ប្រាកដ​ដូច្នេះ​ឬ​ទេ ? ពាក្យ​ប្រៀន​ប្រដៅ​នេះ ព្រះសម្ពុទ្ធ​ទ្រង់​ទេសនា​ទុក​យូរយារ​ណាស់​ហើយ ហើយ​ឋិត​នៅ​តាម​សំណៅ​ដើម​ដដែល ឃើញ​ហាក់​នៅ​ថ្មី​ៗ ។ ចូរ​ពិចារណា​មើល​ចុះ ! ពុទ្ធវចនៈ​នេះ​បញ្ជាក់​ច្បាស់​ថា "ពុទ្ធសាសនា មិន​ព្រម​ប្រើ​ជំនឿ​ឥត​ហេតុផល" នោះ​ទេ ។ បុគ្គល​ម្នាក់​ៗ មាន​សិទ្ធិ​ប្រើ​សេរីភាព​របស់​ខ្លួន​ក្នុង​ការ​ពិត ការ​និយាយ ការ​ធ្វើ ។ គួរ​កត់​ចំណាំ​ទុក​ចុះ​ថា "ពុទ្ធសាសនា​ជា​សាសនា​ប្រគល់​សេរីភាព" ។ ព្រះពុទ្ធ​ជា​អ្នក​ប្រទាន​សេរីភាព ពុំ​មែន​ជា អាចរិយមុដ្ឋិ "កណ្ដាប់​ដៃ​នៃ​អាចារ្យ" ទេ ។

សេចក្ដី​ខាង​លើ​នេះ មាន​ប្រស្នា​ចោទ​សួរ​ថា ចុះ​ហេតុម្ដេច​បាន​ជា​ពុទ្ធសាសនិកជន​គោរព​ព្រះពុទ្ធ​បដិមា ?

ពុទ្ធសាសនិកជន គោរព​មនស្សការ​ព្រះពុទ្ធបដិមា ពុំ​មែន​សុំ​ក្ដី​អនុគ្រោះ (Faveur) ពី​អាទិទេព គឺ​គោរព​អ្វី​ដែល​ជា​តំណាង​ព្រះសម្ពុទ្ធ ។ ក្នុង​ពុទ្ធសាសនា ពុំ​មាន​សូត្រស្តុតិ (prière) បន់ស្រន់​អាទិទេព​ទេ ។ ការ​បូជា​បើ​នឹង​ហៅ​ពុទ្ធសាសនា​ថា Religion "លទ្ធិសាសនា" ដោយ​មាន​អត្ថន័យ​ថា "ជា​ពុទ្ធវចនៈ ដែល​ស្ដី​ពី​ជីវិត​ចូល​ទៅ​ដល់​ក្នុង​ជីវិត តាម​យថាភូត​ ទស្សនញាណ ពុំ​មែន​គិត​សើ​ៗ​តែ​សំបក​ក្រៅ​នោះ​ទេ, ជា​ពុទ្ធវចនៈ​ស្ដី​ពី​ដំបូន្មាន ផ្ដល់​ឲ្យ​មនុស្ស​ចេះ​ប្រតិបត្តិ ចេះ​ដើរ​ខ្លួន​ឯង ទៅ​តាម​គន្លង​ដំបូន្មាន​ល្អិត​សុខុម​ត្រឹមត្រូវ​វិសេស, ជា​ពុទ្ធវចនៈ​ស្ដី​ពី​ដំបូន្មាន បង្រៀន​មនុស្ស​ឲ្យ​មាន​ក្ដី មាន​តស៊ូ យក​ឈ្នះ​ខ្លួន​ឯង ចេះ​រស់​ក្នុង​ជីវិត​ដោយ​ប្រយ័ត្ន ចេះ​តស៊ូ​ចំពោះ​សេចក្ដី​ស្លាប់​មិន​រួញរា មិន​ថ្ងូរ មិន​ញញើត ដោយ​ខន្តី​ធម៌​ជា​ពុទ្ធវចនៈ​ទុក​ជា​អាគម​សក្តិសិទ្ធិ ស្ដោះ​បណ្ដុះ​បណ្ដាល​ក្ដី​ប្រសើរ ក្ដី​ល្អ ក្ដី​រីករាយ ឲ្យ​កើត​ដល់​ខ្លួន​ឯង និង​ដល់​ជន​ដទៃ​ទូទៅ" ។ បើ​ពុទ្ធសាសនា​ជា​លទ្ធិសាសនា មាន​អត្ថន័យ​ដូច​ពោល​មក​ខាង​លើ​នេះ​មែន នុះ​លទ្ធិសាសនា​នេះ​ឯង ប្រាកដ​ជា​ប្រសើរ​លើស លើ​លទ្ធិ​សាសនា​ទាំងឡាយ (A religion of religions) ។