ព្រះបាទឥន្ទ្រវរ្ម័នទី១

ពីវិគីភីឌា
Jump to navigation Jump to search
ព្រះបាទឥន្ទ្រវរ្ម័នទី១
រជ្ជកាល៨៧៧-៨៨៩
រាជ្យមុនព្រះបាទជ័យវរ្ម័នទី៣
រាជ្យបន្តព្រះបាទយសោវរ្ម័នទី១
បច្ឆាមរណនាម
ឥស្វរលោក
សាសនាព្រហ្មញ្ញសាសនា និងរាជធានីហរិហរល័យ

ព្រះបាទឥន្ទ្រវរ្ម័នទី១ (ឆ្នាំ៨៧៧-ឆ្នាំ៨៨៩នៃគ.ស)[កែប្រែ]

ព្រះអង្គជាញាតិវង្សនឹងព្រះបាទជ័យវរ្ម័នទី៣។ ព្រះអង្គបានបង្កើតលទ្ធិបុគ្គលនិយម(គោរពបូជាដូនតា បុព្វការីជន ញាតិវង្ស) និងបានកសាងប្រាសាទដូចជា ប្រាសាទព្រះគោ ប្រាសាទបាគង បារាយណ៍ឥន្ទ្រតដាក សិវលិង្គនិងការពារសន្តិសុខពេញផ្ទៃប្រទេស ពង្រីកទឹកដី កសាងសិលាចារឹកច្រើនកន្លែងដូចជា នៅប្រាសាទភ្នំបាយ៉ង់ អ៊ូប៊ុន(ប្រទេសថៃ)[១]។ ដោយព្រះបាទជ័យវរ្ម័នទី៣ ពុំមានបុត្រសោយរាជ្យបន្ត ទើបប្អូនជីដូនមួយរបស់ព្រះអង្គឡើងសោយរាជបន្តគឺ ព្រះបាទឥន្ទ្រវរ្ម័នទី១។ តាមសិលាចារឹកប្រាសាទព្រះគោបានឱ្យដឹងថា ព្រះបាទឥន្ទ្រវរ្ម័នទី១ ជាបុត្ររបស់ស្តេច បិវីន្ទ្រវរ្ម័ន ត្រូវជាចៅទួតតាមខ្សែមាតាស្តេច នបតីន្ទ្រវរ្ម័ន ដែលមិនដឹងច្បាស់ពីជីវប្រវត្តិ។ អគ្គមហេសីរបស់ព្រះអង្គគឺព្រះនាងឥន្ទ្រទេវី ដែលជាក្សត្រីដែលមានជាប់ពូជពង្សពីព្រះបាទបុស្ករាក្ស។ តាមសិលាចារឹកប្រាសាទព្រះគោ បាននិយាយពីការសច្ចាថាព្រះអង្គនិងជីកបន្ទាប់ពីព្រះអង្គបានឡើងសោយរាជ្យ ព្រះអង្គបានជីកបារាណ៍ដែលមានឈ្មោះថា ឥន្ទ្រតដាកនៅខាងជើងរាជធានីដែលមានប្រវែង៣០០០ម៉ែត្រគុណនឹង៨០០ម៉ែត្រ។ ការជីកបារាណ៍នេះក្នុងគោលបំណងតម្រូវការសាសនា ប៉ុន្តែវាបានផ្តល់ផលប្រយោជន៍មួយយ៉ាងធំចំពោះវិស័យកសិកម្ម។ បារាណ៍នេះកសាងឡើងនៅក្បែរស្ទឹងរលួស។ នៅរដូវវស្សាទឹកភ្លៀងបានហូរចូលបារាណ៍។ ចំនែកនៅរដូវប្រាំងគេគ្រាន់តែជីកប្រឡាយកាត់ទំនប់ដែលព័ន្ធជុំវិញបារាណ៍ គេអាចបង្ហូរទឹកចូលស្រែបានយ៉ាងស្រួល។ នៅឆ្នាំ៨៧៩ ព្រះអង្គបានកសាងប្រាសាទព្រះគោ ដើម្បីឧទ្ទិសថ្វាយចំពោះបុព្វបុរសរបស់ព្រះអង្គមានព្រះរាជបិតា ព្រះរាជមាតា ជីដូនជីតាខាងមាតា ព្រះបាទជ័យវរ្ម័នទី២ និងអគ្គមេហាសី។ ព្រះបាទឥន្ទ្រវរ្ម័នទី១ បានសោយទីវង្គតនៅឆ្នាំ៨៨៩នៃគ.ស និងមានមរណមានថា ឥស្វរលោក[២]។ ព្រះបាទឥន្ទ្រវរ្ម័នទី១ មានព្រះនាមសម្រាប់រាជ្យថា ធូលីព្រះបាទ ធូលីជើងព្រះកម្រតេងអញស្រីន្រ្ទវរ្ម័នទេវៈ[៣]

សិលាចារឹក[កែប្រែ]

ព្រះបាទឥស្វរលោករូបព្រះកម្រតេងជគតដ៏រាជាស្ថិតនៅរាជធានីហរិហរាល័យ វង្សត្រកូលផងទាំងឡាយក៏ទៅជាបូជាបម្រើព្រះកម្រតេងជគតដ៏រាជាដូចពីពេលមុន។ ព្រះស្តែងអញវាមសិវៈជាចៅរបស់ព្រះស្តែងអញសិវៈកៃវល្យៈបានធ្វើជាព្រះឧបាធ្យាយាចារ្យរបស់ព្រះបាទឥស្វរលោក។ ព្រះបាទឥស្វរលោកបានប្រើឱ្យ(វាមសិវៈ)បង្រៀនព្រះបាទបរមសិវលោក(ព្រះបាទយសោវរ្ម័នទី១)កាលព្រះអង្គស្ថិតនៅក្នុងយុវវ័យនៅឡើយ។ ព្រះស្តែងអញវាមសិវៈជាសិស្សរបស់ព្រះស្តែងអញសិវាសោមដែលជាព្រះរាជគ្រូរបស់ព្រះបាទឥស្វរលោក។ ព្រះស្តែងអញសិវាសោមត្រូវបានអ្នកស្រុកហៅថាកម្រតេងសិវស្រមចាស់។ ព្រះស្តែងអញវាមសិវៈត្រូវបានអ្នកស្រុកហៅថាកម្រតេងសិវស្រមក្មេង។ ពេលព្រះស្តែងសិវាសោមទទួលមរណភាព ព្រះស្តែងអញវាមសិវៈបានទៅជាចៅអធិការអាស្រមសិវាស្រម។ អ្នកស្រុកបានហៅកម្រងតេងសិវាស្រមតទៅមុខទៀត។ ព្រះបាទបរមសិវលោកបានប្រើឱ្យកម្រតេងវាមសិវៈដែលមានគោរម្យងារជាកម្រតេងសិវាស្រមជាព្រះរាជគ្រូឱ្យទទួលខុសត្រូវថែរក្សាទ្រព្យសម្បត្តិនិងវត្តអារាមផងទាំងឡាយដែលញាតិសណ្តានបានស្ថាបនាឡើងនៅរាជធានីឥន្ទ្របុរៈ និងនៅស្រុកកវាលយៈនៅក្បែរអមរេន្ទ្របុរៈ ស្រុកកុតិបូព៌ ទិសស្រុកភទ្រគីរី។ ជើងភ្នំញាតិសណ្តានទាំងអស់បានធ្វើសក្ការបូជាដល់ព្រះកម្រងតេងជគតដ៍រាជាជាប្រក្រតី[៤]

ឯកសារយោង[កែប្រែ]

  1. សៀវភៅ សិក្សាសង្គមថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និកីឡា ទំព័រទី១៤៧
  2. សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ទំព័រទី១៣៨-១៤០
  3. https://tamabmmo.wordpress.com/2013/06/19/khmer-kings-list-5/?wref=tp
  4. សិលាចារឹកស្តុកកក់ធំ ជាភាសាខ្មែរបុរាណ ប្រែសម្រួលដោយលោកសាស្រ្តចារ្យ ឡុង សៀម