Jump to content

បញ្ជីរដ្ឋមានអាវុធនុយក្លេអ៊ែរ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី មហាអំណាច នុយក្លេអ៊ែរ)
ផែនទី​នៃ​រដ្ឋ​ដែល​មានអាវុធ​នុយក្លេអ៊ែរ​​​
  រដ្ឋអាវុធនយស្តិ (នុយក្លេអ៊ែរ) ស.ម.ស. (ចិន បារាំង រុស្ស៊ី ស.រា. ស.រ.)
  រដ្ឋអាវុធនយស្តិ (នុយក្លេអ៊ែរ) មិនមែនស.ម.ស. (ឥណ្ឌា កូរ៉េខាងជើង បាគីស្ថាន)
  រដ្ឋដែលបានចោទថាមានអាវុធនយស្តិ (នុយក្លេអ៊ែរ) (អ៊ីរ៉ង់ អ៊ីស្រាអែល ស៊ីរី)
  អាវុធអ.ស.អា.ជ.ដែលចែកចាយរូបមន្តសព្វាវុធ
  រដ្ឋពីមុនដែលមានអាវុធនយស្តិ (នុយក្លេអ៊ែរ)

មហា​អំណាច​នុយក្លេអ៊ែរ​ សំដៅ​លើ​ប្រទេស​ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​។ បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​ ៩ ដែល​បាន​បាញ់​សាកល្បង​​អាវុធ​នុយក្លេអ៊ែរ ដោយ​ជោគជ័យ​​មាន​៖ សហរដ្ឋ​អាមេរិក​រុស្ស៊ី​ (អតីត​សហភាព​សូវៀត) រាជាណាចក្ររួមបារាំងចិន អ៊ីស្រាអែល ឥណ្ឌាប៉ាគីស្ថាន​ និង​កូរ៉េ​ខាង​ជើង​។ ក្នុង​មាន​ប្រទេស​ចំនួន​ ៥ បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ (Nuclear Non-Proliferation Treaty) គឺ​៖ សហរដ្ឋ​អាមេរិក​​​ រុស្ស៊ី​ (អតីត​សហភាព​សូវៀត) រាជាណាចក្ររួមបារាំង​ និង​ចិន​។

ចាប់​តាំងពី​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ ១៩៧០ មក​មាន​ប្រទេស​ ៣ ពុំ​មែន​ជា​ហត្ថលេខី​ នៃ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​​ ដែល​មាន​៖ ឥណ្ឌាប៉ាគីស្ថាន​ និង​កូរ៉េ​ខាង​ជើង​។ កូរ៉េ​ខាង​ជើង​​ ធ្លាប់​ជា​ហត្ថលេខី នៃ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ ប៉ុន្តែ​បាន​ដក​ខ្លួន​ចេញ​វិញ​នៅ​ឆ្នាំ​ ២០០៣​។ អ៊ីស្រាអែល​ ត្រូវ​បាន​គេ​ជឿ​ថា​មាន​អាវុធ​នុយក្លេអ៊ែរ​ ទោះ​ជា​ប្រទេស​នេះ​ធ្លាប់​បាន​បដិសេធ​យ៉ាងណា​ក៏ដោយ​។ ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ធ្លាប់​ជា​រដ្ឋ​ ដែល​បាន​ផលិត​អាវុធ​នុយក្លេអ៊ែរ​​ ប៉ុន្តែ​បាន​លះបង់​ចោល​នូវ​ឃ្លាំង​សព្វាវុធ​របស់​ខ្លួន​ មុន​ពេល​ចូល​ក្នុង​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​។

នៅ​ឆ្នាំ​ ២០០៥ គណៈ​គ្រប់គ្រង​ នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ (ភ.ថ.ប.អ.)​ បាន​រក​ឃើញ​ថា​ ប្រទេសអ៊ឺរង់​ ពុំ​បាន​បំពេញ​កិច្ចព្រមព្រៀង​ស្ដីពី​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ របស់​ខ្លួន​ទេ​។ ក្រុមប្រឹក្សា​សន្តិសុខ​ នៃ​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អ៊ឺរង់​ បី​ដង​រួច​មក​ហើយ​ ចំពោះ​ការ​ដែល​អ៊ឺរង់​ ​បដិសេធ​ពុំ​ព្រម​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​ របស់​ខ្លួន​។ អ៊ឺរង់​ ​ បាន​ទទូច​ថា​ការ​ដាក់​ទណ្ឌកម្ម​នេះ​ ជា​ការ​ខុស​ច្បាប់​ ហើយ​ជា​ការ​បង្ខំ​ខ្លួន​ឲ្យ​បោះបង់​នូវ​សិទ្ធ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិជ្ជា​នុយក្លេអ៊ែរ​សន្តិភាព​ ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​។ នាយក​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ លោក​ មហាម៉េដ អេលបារាដេយ (Mohamed ElBaradei) បាន​មាន​ប្រសាសន៍​ថា​ទីភ្នាក់ងារ​របស់​លោក​ពុំ​មាន​លទ្ធភាព​រក​ដំណោះស្រាយ​ដ៏​ល្អ​ណាមួយ​ចំពោះ​កង្វល់​នេះ​បាន​ឡើយ​ នៅ​ពេល​​ដែល​ទីភ្នាក់ងារ​ របស់​លោក​ពុំ​បាន​មើល​ឃើញ​ការ​បង្វែរ​នូវ​សារធាតុ​ណាមួយ​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ ឬក៏​លទ្ធភាព​ដែល​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ​ឡើយ​។

ប្រទេស​ជា​ហត្ថលេខី​ នៃ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​

[កែប្រែ]

​​ សហរដ្ឋ​អាមេរិក​​​

[កែប្រែ]

សហរដ្ឋ​អាមេរិក​ ជា​ប្រទេស​ ដែល​បាន​ផលិត​គ្រាប់បែក​បរមាណូ​មុន​ដំបូង​បង្អស់​នៅ​អំឡុង​សង្គ្រាមលោក​លើក​ទី​២ ដោយ​សហការ​ជាមួយ​ រាជាណាចក្ររួម​ និង​កាណាដា​ ដោយ​ភ័យ​ខ្លាចក្រែង​ពួក​ណាស៊ី​អាល្លឺម៉ង់​អាច​ផលិត​គ្រាប់បែក​បរមាណូ​បាន​មុន​។ សហរដ្ឋ​អាមេរិក​​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​​នៅ​ឆ្នាំ​ ១៩៤៥ ហើយ​សហរដ្ឋ​អាមេរិក​​នៅ​តែ​ជា​ប្រទេស​តែ​មួយ​គត់​ ដែល​បាន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​ប្រជាជាតិ​ដទៃ​ គឺ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​នៅ​ ទីក្រុង​ហ៊ីរូស៊ីម៉ា​ និង​ណាហ្គាសាគី​ ប្រទេសប្រទេស​ជប៉ុន​។ ហើយ​សហរដ្ឋ​អាមេរិក​​ក៏​ជា​ប្រទេស​ទី​មួយ​ផង​ដែរ​ ដែល​បាន​ផលិត​គ្រាប់បែក​អ៊ីដ្រូសែន​ ដែល​បាន​សាកល្បង​នៅ​ឆ្នាំ​ ១៩៥២ ហើយ​សម្រេច​បាន​ជា​ស្ថាពរ​នៅ​ឆ្នាំ​ ១៩៥៤​។

​​ រុស្ស៊ី

[កែប្រែ]

រុស្ស៊ី​បាន​សាកល្បង​​អាវុធ​នុយក្លេអ៊ែរ​​លើក​ដំបូង​បង្អស់​នៅ​ឆ្នាំ​ ១៩៤៩ ដែល​ត្រូវ​បាន​គេ​ដឹង​ដោយ​អន្លើ​តាម​រយៈ​របាយការណ៍​ចារកម្ម​ ដែល​អាច​យក​ជា​ការ​បាន​ ក្នុង​កំឡុង​ពេល​ក្រោយ​​សង្គ្រាមលោក​លើក​ទី​២​។ សហភាព​សូវៀត ជា​ប្រជាជាតិ​អឺរ៉ុប​ទី​មួយ​ ដែល​បាន​ផលិត​ និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​។ បុព្វហេតុ​ ដែល​ជំរុញ​​សូវៀត​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​​គឺ​ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​កម្លាំង​ក្នុង​កំឡុង​សង្គ្រាមត្រជាក់​។ សហភាព​សូវៀត​ក៏បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​នៅ​ឆ្នាំ​ ១៩៥៣ ហើយ​ផលិត​បាន​នូវ​គ្រាប់បែក​អ៊ីដ្រូនសែន​ទម្ងន់​រាប់​លាន​តោន​មួយ​គ្រាប់​ នៅ​ឆ្នាំ​ ១៩៥៥​។ ​សហភាព​សូវៀត​ក៏បាន​ធ្វើ​ការ​សាកល្បង​ផង​ដែរ​ នូវ​​គ្រាប់បែក​នុយក្លេអ៊ែរ​ដ៏​មាន​បំផុត​ ដែល​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ដោយ​មនុស្សជាតិ​។ ក្រោយ​ពី​ការ​ដួល​រលំ​ នៃ​សហភាព​សូវៀត​ រាល់​​អាវុធ​នុយក្លេអ៊ែរ​ទាំងអស់​របស់​សហភាព​សូវៀត​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ប្រទេសរុស្ស៊ី​។

​​ រាជាណាចក្ររួម

[កែប្រែ]

រាជាណាចក្ររួម​​បាន​សាកល្បង​​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៥២ ដោយ​បាន​ទាញ​យក​ទិន្នន័យ​មួយភាគធំ​ពី​ការ​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​​ ក្នុង​គម្រោង​ Manhattan ។ រាជាណាចក្ររួម​គឺជា​ប្រជាជាតិ​អឺរ៉ុប​​ទី​២ ដែល​បាន​ផលិត​ និង​សាកល្បង​​អាវុធ​នុយក្លេអ៊ែរ​។ កម្មវិធី​នុយក្លេអ៊ែរ​ របស់​អង់គ្លេស​មាន​បំណង​ដើម្បី​ទប់ទល់​នឹង​ ឥទ្ធិពល​របស់​សហភាព​សូវៀត​​ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក៏​​មាន​ពាក់​ព័ន្ធ​នឹង​ សង្គ្រាមត្រជាក់នៅ​អឺរ៉ុប​ផង​ដេរ​។ រាជាណាចក្ររួម​ក៏បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​លើកដំបូង​នៅ​ឆ្នាំ​ ១៩៥៧​។

​​ បារាំង​

[កែប្រែ]

បារាំង​​បាន​សាកល្បង​​អាវុធ​នុយក្លេអ៊ែរ​​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៦០ ដោយ​ភាគច្រើន​ផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​របស់​ខ្លួន​។ ការ​ផលិត​​អាវុធ​នុយក្លេអ៊ែរ​ របស់​បារាំង​​ដោយ​សារ​វិបត្តិ​ព្រែកជីក​ស៊ុយអេ​ (Suez) និង​ដើម្បី​បង្ហាញ​សាច់ដុំ​ដល់សហភាព​សូវៀត និង​បណ្ដា​ប្រទេស​លោក​សេរី​ មាន​សហរដ្ឋ​អាមេរិក​​ និង​រាជាណាចក្ររួម​​​ជាដើម​។ ក្រៅពី​នេះ​បារាំង​ក៏​ដូចជា​​រាជាណាចក្ររួម​ដែរ គឺ​ចង់​រក្សា​ឲ្យ​បាន​នូវ​ភាព​ជា​មហាអំណាច​ក្រោយ​សម័យ​អាណានិគម​ នា​សម័យ​សង្គ្រាមត្រជាក់បារាំង​​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៦៨​។

​​ ចិន​

[កែប្រែ]

ចិន​​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​​ ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៦៤​។ ចិន​គឺជា​ប្រជាជាតិ​អាស៊ីដំបូង​បង្អស់​ ដែល​បាន​ផលិត​ និង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​។ អាវុធ​នុយក្លេអ៊ែរ​ របស់​​ចិន​​ត្រូវ​បាន​ផលិត​ឡើង​ ដើម្បី​បង្ហាញ​សាច់ដុំ​ដល់​ ​សហរដ្ឋ​អាមេរិក​​​ និង​សហភាពសូវៀត​។ ចិន​ក៏បាន​សាកល្បង​គ្រាប់​បែក​អ៊ីដ្រូសែន​ ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៦៧​ នៅ​ឯ​ Lop Nur​។ បច្ចុប្បន្ន​ប្រទេស​នេះ​ត្រូវ​បាន​គេ​គិត​ថា​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រហែល​ ១៣០​។

មហាអំណាច​នុយក្លេអ៊ែរ​ផ្សេងទៀត

[កែប្រែ]

ឥណ្ឌា​​

[កែប្រែ]

ឥណ្ឌា​​​មិន​ធ្លាប់​ជា​ហត្ថលេខី​ នៃ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ទេ​។ ឥណ្ឌា​​​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ នៅ​ឆ្នាំ​ ១៩៧៤ បើ​តាម​ការ​អះអាង​ របស់​រដ្ឋាភិបាល​ឥណ្ឌា​​​គឺជា​នុយក្លេអ៊ែរ​សន្តិភាព ដែល​ជា​ការ​សាកល្បង​លើក​ទី​មួយ​ ចាប់​តាំងពី​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ ហើយ​បាន​បង្កើត​នូវ​សំណួរ​ថ្មី​មួយ​ ថា​តើ​បច្ចេកវិជ្ជា​នុយក្លេអ៊ែរ​ស៊ីវិល​ អាច​ត្រូវ​បាន​គេ​បង្វែរ​ដោយ​សម្ងាត់​ ដើម្បី​ផលិត​អាវុធ​ដែរ​ឬទេ​។ ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​យោធា​ ដោយ​សម្ងាត់​របស់​ឥណ្ឌា​​​ បាន​បណ្ដាល​ឲ្យ​មាន​កង្វល់​ និង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​បណ្ដា​ប្រទេស​ ដែល​ផ្គត់ផ្គង់​ម៉ាស៊ីន​រ៉េអាកទ័រ​ សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​សន្តិភាព​ និង​តម្រូវ​ការ​ថាមពល​ដូចជា​ កាណាដា​ជាដើម​។ បុព្វហេតុ​ចម្បង​របស់​ឥណ្ឌា​​​គឺ​ចង់​បង្ហាញ​សាច់ដុំ​ដល់​ប្រទេស​ចិន​ និង​ប៉ាគីស្ថាន​ និង​ដើម្បី​សម្រេច​តាម​ផែនការ​ចង់​ក្លាយ​ជា​មហាអំណាច​ក្នុង​តំបន់​។ ឥណ្ឌា​​​បាន​បាញ់​សាកល្បង​ក្បាល​គ្រាប់​ដែល​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ នៅ​ឆ្នាំ​ ១៩៩៨ ដោយ​រួម​បញ្ចូល​ទាំង​បរិក្ខារ​កម្ដៅ​នុយក្លេអ៊ែរ​ផង​ដែរ​។ នៅ​ខែ​ កក្កដា​ ឆ្នាំ​ ២០០៥ ឥណ្ឌា​​​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហរដ្ឋ​អាមេរិក​​​ ថា​ជា​រដ្ឋ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ បច្ចេកវិជ្ជា​នុយក្លេអ៊ែរ​កម្រិត​ខ្ពស់​ ហើយ​ក៏បាន​បើក​ឲ្យ​មាន​ការ​សហការ​ពេញលេញ​លើ​កម្មវិធី​នុយក្លេអ៊ែរ​ រវាង​ប្រទេស​ទាំងពីរ​។ នៅ​ខែ​ មីនា​ ឆ្នាំ​ ២០០៦ កិច្ចព្រមព្រៀង​ស្ដីពី​សហប្រតិបត្តិការ​លើ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ George W. Bush និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ Manmohan Singh ។ កិច្ចព្រមព្រៀង​ ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​ ដោយ​សភា​ទាំង​ពីរ​ នៃសហរដ្ឋ​អាមេរិក​​​​ នៅ​ខែ​ ធ្នូ​ ឆ្នាំ​ ២០០៦​ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​សហរដ្ឋ​អាមេរិក​​ និង​សមាជិក​ដទៃ​ទៀត​ នៃ​ក្រុម​ប្រទេស​ផ្គត់ផ្គង់​នុយក្លេអ៊ែរ​អាច​លក់​បច្ចេកវិជ្ជា​នុយក្លេអ៊ែរ​ស៊ីវិល​ទៅ​ឲ្យ​ឥណ្ឌា​បាន​។ នៅ​ខែ​ កញ្ញា​ ឆ្នាំ​ ២០០៥ ឥណ្ឌា​​​ត្រូវ​បាន​គេ​ប្រមាណ​មើល​ថា​អាច​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពី​ ១០០ ទៅ​ ២៥០​។

​​ ប៉ាគីស្ថាន

[កែប្រែ]

ប៉ាគីស្ថាន​ ពុំ​មែន​ជា​ហត្ថលេខី​ នៃ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ទេ​។ ប៉ាគីស្ថាន​ មាន​បំណង​ចង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ជាច្រើន​ទសវត្ស​មក​ហើយ​ ដែល​ផ្ដើម​ឡើង​ចាប់​តាំងពី​ចុង​ទសវត្ស​ឆ្នាំ​ ១៩៧០ មក​ម៉្លេះ​។ ប៉ាគីស្ថាន​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ថាមពល​នុយក្លេអ៊ែរ​ដំបូង​ ក្រោយ​បាន​បង្កើត​នូវ​រោងចក្រ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ក្បែរ​ទីក្រុង​ការ៉ាជី​ (Karachi) ដោយ​ការ​ផ្គត់ផ្គង់​ទាំង​សម្ភារៈ​បរិក្ខារ​ និង​វត្ថុធាតុ​ដើម​ ពី​បណ្ដា​ប្រទេស​លោក​ខាងលិច​នៅ​ដើម​ទសវត្ស​ឆ្នាំ​ ១៩៧០ ។ អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​​ លោក Zulfiqar Ali Bhuto បាន​ប្ដេជ្ញា​នៅ​ឆ្នាំ​ ១៩៦៥ ថា​ប្រសិន​បើ​ឥណ្ឌា​​​​ផលិត​អាវុធ​នុយក្លេអ៊ែរ​​នោះ​ ប៉ាគីស្ថាន​ក៏​នឹង​ធ្វើ​ដូចគ្នា​ដែរ​ "បើ​ទោះជា​យើង​ត្រូវ​ទទួលទាន​ស្មៅ​ក៏ដោយ" (“even if we have to eat grass”) ។ វា​ច្បាស់​ណាស់​ថា​ចិន​​បាន​ផ្ដល់​នូវ​គំរូ​ និង​បច្ចេកវិជ្ជា​នុយក្លេអ៊ែរ​ចាស់​របស់​ខ្លួន​ឲ្យ​ទៅ​ប៉ាគីស្ថាន​ ដែល​បង្ក​លទ្ធភាព​ឲ្យ​ប៉ាគីស្ថាន អាច​ផលិត​បាន​នូវ​អាវុធ​នុយក្លេអ៊ែរ​សាមញ្ញ​មួយ​នៅ​បញ្ចប់​ទសវត្ស​ឆ្នាំ​ ១៩៨០​។ សហរដ្ឋ​អាមេរិក​​​នៅតែ​បន្ត​អះអាង​ថា​ប៉ាគីស្ថាន​ពុំ​បាន​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ​រហូត​ដល់​ឆ្នាំ​ ១៩៩០​ នៅ​ពេល​ដែល​មាន​ដាក់​ទណ្ឌកម្ម​ ដែល​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​​​កាត់ផ្ដាច់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ និង​យោធា​ទៅ​ឲ្យ​ប៉ាគីស្ថាន​។ នៅ​ឆ្នាំ​ ១៩៩៨ ប៉ាគីស្ថាន​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​បស់​ខ្លួន​នៅ​ភ្នំ Chagai ដែល​ជា​ការ​ឆ្លើយ​ចំពោះ​ការ​សាកល្បង​ដូចគ្នា​នេះ​របស់​ឥណ្ឌា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​។ បច្ចុប្បន្ន​ប៉ាគីស្ថាន​​ ជា​មហាអំណាច​នុយក្លេអ៊ែរ​តែ​មួយ​គត់​ក្នុង​ពិភព​ឥស្លាម​

​​ កូរ៉េ​ខាង​ជើង

[កែប្រែ]

កូរ៉េ​ខាង​ជើង​ ធ្លាប់​បាន​ចូលរួម​ក្នុង​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ដែរ ប៉ុន្តែ​បាន​ប្រកាស​ដក​ខ្លួន​វិញ​នៅ​ថ្ងៃ​ទី​ ១០ មករា ឆ្នាំ ២០០៣ ក្រោយ​ពេល​​ដែល​​សហរដ្ឋ​អាមេរិក​​​​ បាន​ចោទប្រកាន់​ថា​ ប្រទេស​នេះ​មាន​កម្មវិធី​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាន្យោម​ (Uranium) ដោយ​លួចលាក់​ ហើយ​បាន​កាត់ផ្ដាច់​នូវ​ជំនួយ​ថាមពល​ ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ឆ្នាំ​ ១៩៩៤​។ នៅ​ខែ កុម្ភៈ ឆ្នាំ ២០០៥ ​កូរ៉េ​ខាង​ជើង បាន​ទាមទារ​សិទ្ធិ​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​នាំ​ឱ្យ​អ្នក​ជំនាញ​ជាច្រើន​មាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​ទាមទារ​នោះ​ ប៉ុន្តែ​គេ​បាន​សន្និដ្ឋាន​ថា​ កូរ៉េ​ខាង​ជើង ពុំ​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នៅ​ខណៈ​នោះ​ទេ​។ ទោះ​យ៉ាងណា​ក៏ដោយ​ នៅ​ខែ តុលា ឆ្នាំ ២០០៦ កូរ៉េ​ខាង​ជើង​ បាន​អះអាង​ថា​ ដោយ​រង​នូវ​ការ​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើង​ពី​សំណាក់​អាមេរិក ខ្លួន​នឹង​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ជា​ការ​បង្ហាញ​នូវ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​។ កូរ៉េ​ខាងជើង​ បាន​រាយការណ៍​ពី​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដោយ​ជោគជ័យ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ៩ ខែ តុលា ឆ្នាំ ២០០៦​។ មន្ត្រី​ជំនាញ​អាមេរិក​​ភាគច្រើន​ ជឿ​ថា​​កូរ៉េ​ខាង​ជើង ពិត​ជា​បាន​ធ្វើ​ដូច​ដែល​ប្រទេស​អាស៊ី​មួយ​នេះ​បាន​អះអាង​ពិតប្រាកដ​មែន​ ដោយ​សហរដ្ឋ​អាមេរិក​​​​ បាន​រក​ឃើញ​នូវ​ធាតុ​អ៊ីសូតូប​វិទ្យុសកម្ម​ ទោះបីជា​យ៉ាងណា​ក៏ដោយ​ អ្នក​ជំនាញ​ភាគច្រើន បាន​យល់ស្រប​គ្នា​ថា​ ការសាកល្បង​នេះ​បាន​ទទួល​ភាព​ជោគជ័យ​ដោយ​អន្លើៗ​តែប៉ុណ្ណោះ​។ ទិន្នផល​នេះ​អាច​តិច​ជាង​មួយ​ពាន់​តោន​ ដែល​តិច​ជាង​ឆ្ងាយ​ បើ​ធៀប​ទៅ​នឹង​ការ​សាកល្បង​លើក​ដំបូង​ របស់​មហាអំណាច​ដទៃ​ទៀត​។

​​ អ៊ីស្រាអែល

[កែប្រែ]

អ៊ីស្រាអែល ពុំ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ទេ​។ រដ្ឋ​មួយ​នេះ​តែងតែ​បដិសេធ​ជារឿយៗ​ថា​ ខ្លួន​ពុំ​បាន​ផលិត ឬ​រក្សាទុក​អាវុធ​នុយក្លេអ៊ែរ​ឡើយ សូម្បីតែ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ ក៏​ពុំ​មាន​ដែរ​។ អ៊ីស្រាអែល ធ្លាប់​បាន​និយាយ​ថា ខ្លួន​ពុំ​មែន​ជា​ប្រទេស​ទី​មួយ​ ដែល​នាំ​អាវុធ​នុយក្លេអ៊ែរ​ចូល​មក​ក្នុង​តំបន់​ឡើយ​ ប៉ុន្តែ​ក៏​អាស្រ័យ​ទៅ​នឹង​នយោបាយ​ដែល​មាន​ភាព​មិន​ប្រាកដ​ប្រជា ដោយ​រក្សាទុក​នូវ​សិទ្ធិ​របស់​ខ្លួន​។ នៅ​ក្រោយ​ទសវត្ស​ឆ្នាំ ១៩៦០ ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល ប្រចាំ​សហរដ្ឋ​អាមេរិក​​ លោក Yitzhak Rabin បាន​ជម្រាប​ភាគី​អាមេរិក​នូវ​ការ​ពន្យល់​របស់​ខ្លួន​ថា ប្រទេស​ខ្លួន​បាន​នាំ​ចូល​នូវ​សព្វាវុធ​ជាច្រើន ដែល​ខ្លួន​នឹង​ធ្វើ​ការ​សាកល្បង និង​ប្រកាស​ជា​សាធារណៈ​បាន​ ដោយ​ខ្លួន​មាន​សព្វាវុធ​ ប៉ុន្តែ​ពុំ​បាន​ផលិត​ឡើយ​។ ថ្វីបើ​អ៊ីស្រាអែល បាន​ប្រកែក​ថា​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែរ Negev នៅ​ជិត​ទីក្រុង Dimona គឺជា​ ការ​ស្រាវជ្រាវ​រ៉េអាកទ័រ​ ដែល​ពី​ដំបូង​ឡើយ​ថា​ជា​ រោងចក្រ​វាយនភណ្ឌ​ គ្មាន​របាយការណ៍​វិទ្យាសាស្ត្រ​ណាមួយ​ស្ដី​ពី​ការងារ​ដែល​បាន​ធ្វើ​នៅ​ទីនោះ​ ត្រូវ​បាន​ចេញផ្សាយ​ឡើយ​។ របាយការណ៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ស្ដីពី​កម្មវិធី​នៅ​ Dimona ត្រូវ​បាន​ចេញផ្សាយ​ដោយ​ អ្នក​បច្ចេកទេស Mordechai Vanunu នៅ​ឆ្នាំ ១៩៨៦​។

ដោយ​ផ្អែក​តាម ក្រុមប្រឹក្សា​ការពារ​ធនធាន​ធម្មជាតិ និង​សហព័ន្ធ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក បាន​ឱ្យ​ដឹង​ថា​ អ៊ីស្រាអែល អាច​មាន​អាវុធ​នុយក្លេអ៊ែរ​ពី ៧៥ ទៅ ២០០​។ អ៊ីស្រាអែល ទំនង​ជា​បាន​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ នៅ​ឆ្នាំ ១៩៧៩ ដំណាល​នឹង​អាហ្វ្រិក​ខាងត្បូង​ដែរ​ ប៉ុន្តែ​ការ​សាកល្បង​នោះ​ពុំ​ត្រូវ​បាន​គេ​អះអាង​ឡើយ​។

ប្រទេស​ដែល​ជាប់​ចោទ​ថា​មាន​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ

[កែប្រែ]

​​ អ៊ឺរង់​

[កែប្រែ]

​​ ស៊ីរី

[កែប្រែ]

ប្រទេស​ដែល​កាន់​អាវុធ​នុយក្លេអ៊ែរ​ដោយ​ការ​ចែក​រំលែក

[កែប្រែ]

អតីត​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ

[កែប្រែ]

​​ អាហ្វ្រិក​ខាងត្បូង

[កែប្រែ]

អាហ្វ្រិក​ខាងត្បូង បាន​ផលិត​អាវុធ​នុយក្លេអ៊ែរ​ ៦​ គ្រាប់​នៅ​ដើម​ទសវត្ស​ឆ្នាំ​ ១៩៨០ ប៉ុន្តែ​បាន​បោះបង់​អាវុធ​នុយក្លេអ៊ែរ​​ទាំងនោះ​ចោល​វិញ​នៅ​ដើម​ទសវត្ស​ឆ្នាំ​ ១៩៩០​។ នៅ​ឆ្នាំ​ ១៩៧៩ ប្រទេស​នេះ​ត្រូវ​បាន​គេ​រកឃើញ​ថា​ បាន​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​​ ដោយ​លួចលាក់​នៅ​ក្នុង​​មហាសមុទ្រឥណ្ឌា​ ហើយ​ក៏​ត្រូវ​បាន​គេ​គិត​ជា​យូរ​មក​ហើយ​ថា​សក្ដានុភាព​ នៃ​ការ​សាកល្បង​របស់​អាហ្វ្រិក​ខាងត្បូង ប្រហែល​ជា​មាន​ការ​សហការ​ជាមួយ​អ៊ីស្រាអែល បើ​ទោះជា​ពុំ​មាន​ការ​អះអាង​ជា​ផ្លូវការ​ណាមួយ​ក៏ដោយ​។ ក្រោយ​មក​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិនសាយភាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​ ១៩៩១​។

​​ បេឡារុស

[កែប្រែ]

បេឡារុស ធ្លាប់​មាន​គ្រាប់​មីស៊ីល​ ដែល​អាច​ផ្ទុក​​អាវុធ​នុយក្លេអ៊ែរ​​​បាន​ចំនួន​ ៨១ ដើម​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ក្រោយ​ពី​ការ​ដួល​រលំ​ នៃ​សហភាព​សូវៀត​នៅ​ឆ្នាំ​ ១៩៩១​។ រហូត​មក​ដល់​ឆ្នាំ​ ១៩៩៦ បេឡារុស​បាន​បញ្ជូន​គ្រាប់​មីស៊ីល​ទាំង​នោះ​ទៅ​ឲ្យ​រុស្ស៊ី​វិញ​។ បេឡារុស​ បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិនសាយភាយ​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ​។

​​ កាហ្សាក់ស្ថាន

[កែប្រែ]

កាហ្សាក់ស្ថាន បាន​ទទួល​មរតក​នូវ​អាវុធ​នុយក្លេអ៊ែរ​​​​ប្រហែល​ ១៤0០ ពី​​អតីត​សហភាព​សូវៀត​​ ហើយ​បាន​ប្រគល់​ត្រឡប់​ទៅ​ឱ្យ​រុស្ស៊ី​នៅ​ឆ្នាំ​ ១៩៩៥​។ កាហ្សាក់ស្ថាន បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិនសាយភាយ​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ​។

​​ អ៊ុយក្រែន

[កែប្រែ]

អ៊ុយក្រែន បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិនសាយភាយ​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ​។ អ៊ុយក្រែន បាន​ទទួល​មរតក​នូវ​អាវុធ​នុយក្លេអ៊ែរ​​​​ប្រហែល​ ៥.០០០ ពី​​អតីត​សហភាព​សូវៀត នៅ​ពេល​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​ ១៩៩១​ បាន​ធ្វើ​ឲ្យ​អ៊ុយក្រែន​ក្លាយ​ជា​ប្រទេស​ ដែល​រក្សា​ទុក​​​អាវុធ​នុយក្លេអ៊ែរ​ច្រើន​ជាង​គេ​ទី​៣​ លើ​ពិភពលោក​​នា​សម័យ​នោះ​។ រហូត​មក​ដល់​ឆ្នាំ​ ១៩៩៦ ​​អ៊ុយក្រែន បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​នុយក្លេអ៊ែរ​ទាំង​អស់​ឲ្យ​ទៅ​រុស្ស៊ី​វិញ​។