សម័យ 5 រាជវង្ស 10 នគរ
សម័យប្រាំរាជវង្សដប់នគរ (ឆ្នាំគ.ស៩០៧-៩៦០)
[កែប្រែ]“ក្រោយពីរាជវង្សថាងដួលរលំ ផែនដីស្ថិតក្នងសភាពកលយុគ ផែនដីភូមិភាគកណ្ដាលម្ដុំទំនាបទន្លេហួងហូក្រោយមក ៥៤ ឆ្នាំទៀតបានមានការផ្លាស់ផែនដីនៃប្រាំរាជវង្ស មានដូចជា ហូវលៀង ហូវថាង ហូវជិន ហូវហាន ហូវចូវ។ ខណៈពេលនោះដែរបណ្ដាមេទ័ពដែលគ្រប់គ្របតំបន់ទំនាប់ទន្លេឆាងចៀងឬយ៉ង់សេ ភាគខាងត្បូងនិងតំបន់មាត់សមុទ្រ បានបំបែកខ្លួនជានគរឯករាជ្យដល់ទៅដប់នគរ។ អ្នកប្រវត្ដិសាស្ដ្រចិនហៅសម័យនេះដោយរួមថា សម័យប្រាំរាជវង្សដប់នគរ”។
ម៉្យាង ដោយសារឈ្មោះនគរនិងរាជវង្សក្នុងសម័យកាលនេះ មានការសើរើឈ្មោះរាជវង្សក្នុងសម័យមុនមកប្រើច្រើនពេក ដូច្នេះ ដើម្បីភាពងាយស្រួលក្នុងការញែកភាពខុសគ្នានៃសម័យកាល ប្រវត្ដិវិទូចិនបានបន្ថែមពាក្យចូលក្នុងឈ្មោះខាងលើ ដូចជា ហូវ មានន័យថា (សម័យ) ក្រោយ ឆៀន មានន័យថា (សម័យ) មុន ប៉ើយ មានន័យថា (នៅខាង) ជើង ណាន មានន័យថា (នៅខាង) ត្បូង ជាដើម។
ប្រាំរាជវង្សប្ដូរផែនដី
[កែប្រែ]ចុងសម័យរាជវង្សថាង ប្រទេសជាតិស្ថិតក្នុងសភាពច្របូកច្របល់ បណ្ដាមេទ័ពនាយកងដែលត្រូវបញ្ជូនទៅប្រចាំការនៅតាមតំបន់ផ្សេងៗ នាំគ្នាបង្កចលាចល កើតចម្បាំងមិនដាច់រយៈ។ ក្រោយពេលចម្បាំងដ៏ច្របូកច្រល់នៃក្រុមនីមួយៗ អស់រយៈពេលជាច្រើនឆ្នាំមក នៅទីបំផុតនៅសល់ត្រឹមក្រុមកងកម្លាំងដែលរឹងមាំ។ ខណៈដែលមេទ័ពនៅភូមិភាគខាងត្បូងម្នាក់ប្រយុទ្ធដណ្ដើមយកដែនដីរៀងៗ ខ្លួន ងាកមកធ្វើជំនួញ ភូមិភាគខាងជើងមានជូវ៉ើន ឈរជើងនៅយេនចូវឬខៃហ្វឺង ប្រឈមមុខជាមួយលីខឺយ៉ាង ដែលឈរជើងនៅដែនដីថៃយួន។ រហូតដល់ឆ្នាំគ.ស ៩០៧ ជូវ៉ើនផ្ដួលរំលំរាជវង្សថាង ស្ថាបនានគរលៀង ដែលប្រវត្ដិវិទូចិនដាក់ឈ្មោះថាហូវលៀង ទើបចាត់ទុកជាពេលចាប់ផ្ដើមនៃដើមសម័យប្រាំរាជវង្ស។
ក្រោយពីស្ថាបនានគរហូវលៀង (ឆ្នាំគ.ស ៩០៧-៩២៣) ជូវ៉ើននៅតែធ្វើសង្គ្រាមពង្រីកដែនដីជាបន្ដរហូតអាចគ្រប់គ្រងដែនដីតំបន់ទំនាបទន្លេហួងហូភាគកណ្ដាលនិងខាងក្រោមបាន។ តែក្រោយមកត្រូវបុត្រារបស់ខ្លួនលួចធ្វើឃាត។ ការដណ្ដើមអំណាចក្នុងរាជសំណាក់ហូវលៀង ធ្វើឲ្យអំណាចក្នុងរាជសំណាក់ធ្លាក់ចុះខ្សោយ។
កងកម្លាំងរបស់លីឈុនស៊ី បុត្រារបស់លីខឺយ៉ុង គូប្រយុទ្ធចាស់ឆ្លៀតឱកាសភាពច្របូកច្របល់នេះ វាយដណ្ដើមយកខេត្ដហឺប៉ិយ ស្ថាបនារាជវង្សហូវថាង (ឆ្នាំគ.ស ៩២៣-៩៣៦)។ ក្រោយមកវាយដណ្ដើមយក្រុងខៃហ្វឺងបានក្នុងឆ្នាំតែមួយ នគរហូវលៀងដល់កាលអវសាន។
ក្រោយពេលនគរហូវថាងបង្រួបបង្រួមដែនដីភាគខាងជើងបានហើយ ទើបប្ដូររាជធានីទៅនគរលួយ៉ាង។ ឆ្នាំគ.ស ៩២៥ លើកទ័ពចុះទៅភូមិភាគខាងត្បូងបោសសម្អាតនគរឆៀនស៊ូ។ ថាងចួងចុង លីឈុនស៊ីថ្វីបើជំនាញខាងធ្វើសង្គ្រាម តែពុំមែនជាអ្នកគ្រប់គ្រងល្អ។ ចុងរជ្ជកាលលង់ជឿមន្ដ្រីពុករលួយ ជាហេតុធ្វើឲ្យកើតចលាចលឡើង។ ក្នុងពេលច្របូកច្របល់ ថាងចួងចុងត្រូវគេធ្វើឃាត លីស៊ឺយួន បុត្រធម៌របស់លីខឺយ៉ុងឡើងគ្រងរាជ្យបន្ដ ទ្រង់ព្រះនាមថាថាងមិងចុង ទ្រង់ងាកមកផ្ដល់ភាពសំខាន់លើការអភិវឌ្ឍន៍ការផលិតក្នុងប្រទេស លះបង់សង្គ្រាម ធ្វើឲ្យប្រទេសជាតិបានទទួលការរីកចម្រើនមួយកម្រិត។ ឆ្នាំគ.ស ៩៣៣ មិងចុងស្លាប់ កើតការដណ្ដើមអំណាចគ្នាក្នុងរាជសំណាក់ ប្រទេសជាតិធ្លាក់ក្នុងសភាពជ្រួលច្របល់ម្ដងទៀត។
ស៊ឺជិងថាង រាជបុត្រប្រសាររបស់មិងចុងកាន់តំណែងមេទ័ពការពារដែនដីហឺតុង ឆ្លៀងឱកាសនេះ ស្វាមីភក្ដិចំពោះជនជាតិឈីតាន់ ដល់ថ្នាក់ព្រមហៅមេដឹកនាំកុលសម្ព័ន្ធជនជាតិឈីតាន់យេលីតឺកួង ជាបិតា ថែមទាំងសន្យានឹងប្រគល់ដែនដីហឺប៉ិយ សាន់ស៊ីនិងម៉ុងកូខាងក្នុង ១៦ ស្រុក ព្រមទាំងក្រណាត់សូត្រល្អ សេះចម្បាំងល្អៗ ជាបណ្ដាការ ដើម្បីប្ដូរជាមួយការជួយលើផ្នែកយោធាក្នុងការឡើងកាន់អំណាច។ ឆ្នាំគ.ស ៩៣៦ យេលីតឺកួងគាំទ្រស៊ឺជិងថាងឡើងកាន់អំណាចនៅដែនដីថៃយួន ស្ថាបនានគរហូវជិន (ឆ្នាំគ.ស ៩៣៦-៩៤៧) ក្រោយមកលើទ័ពវាយលួយ៉ាង ហូវថាងរលាយ។
ឆ្នាំគ.ស ៩៣៧ ហូវជិនប្ដូររាជធានីទៅក្រុងខៃហ្វឺង។ ដោយសារត្រូវទទួលបន្ទុកបញ្ជូនសួយសាអាករទៅឲ្យឈីតាន់ជាទ្រព្យសម្បតិដ៏ច្រើនមហាសាល ប្រជារាស្ដ្រត្រូវទទួលរងនូវភាពក្រីក្រយ៉ាងខ្លាំង។ ឆ្នាំគ.ស ៩៤២ ស៊ឺជិនថាងស្លាប់ ស៊ឺឆុងគុយ ជាក្មួយឡើងគ្រងរាជ្យបន្ដ ចង់បញ្ចប់អាណាព្យាបាលខាងលើ ទើបឈីតាន់យកលេសលើកទ័ពចុះមកត្បូងវាយហូវជិន។ ក្រោយពេលធ្វើសង្គ្រាមនឹងគ្នាអស់រយៈពេល ៥ ឆ្នាំ នៅទីបំផុតចុងឆ្នាំគ.ស ៩៤៦ កងទ័ពរបស់ឈីតាន់វាយចូលក្នុងខៃហ្វឺង នគរហូវជិនដល់កាលអវសាន។
យេលីតឺកួងស្ថាបនានគរលៀវឡើងនៅក្រុងខៃហ្វឺង ចេញប្លន់ទ្រព្យសម្បត្ដិសម្លាប់ប្រជារាស្ដ្រទូទៅ ជាហេតុធ្វើឲ្យប្រជារាស្ដ្រក្រោកឡើងប្រឆាំង ទាហានលៀវចាំបាច់ត្រូវដកថយត្រឡប់ទៅភូមិភាគខាងវិញ ដែនដីភាគកណ្ដាលកើតជាសភាពទំនេរផ្នែកអំណាច ទើបលិវជឺយួន ដែលជាមេទ័ពការពារដែនដីហឺតុងចូលមកគ្រប់គ្រង។ ក្នុងឆ្នាំគ.ស ៩៤៧ លិវជឺយួនប្រកាសខ្លួនជាធំនៅដែនដីថៃយួន ស្ថាបនានគរហូវហាន (ឆ្នាំគ.ស ៩៤៧-៩៥០) ក្រោយមកប្ដូររាជធានីទៅក្រុងខៃហ្វឺង ឆ្នាំបន្ទាប់មកលីជឺយួនស្លាប់ ហានអ៊ិនទី បុត្រាឡើងគ្រងរាជ្យបន្ដ។ ក្នុងពេលនោះប្រទេសជាតិទ្រុឌទ្រោមខូចខាតដោយសារការប្លន់កាប់សម្លាប់របស់ឈីតាន់ ទើបកើតអសន្ដិសុខឡើងក្នុងតំបន់ផ្សេងៗ ។ ឆ្នាំគ.ស ៩៥០ ហានអ៊ិនទី ទ្រង់ខ្លាចមេទ័ពនាយកងក្បត់ទើបរៀបចំផែនការកម្ចាត់ ម្នាក់ក្នុងចំណោមនោះគឺ កួវ៉ើយ ដែលក្ដោបអំណាចយោធានៅដែនដីហឺប៉ិយ តែផែនការមិនទទួលបានជោគជ័យ ទើបកួវ៉ើយលើកទ័ពវាយយកខៃហ្វឺ អ៊ិនទីត្រូវប្រហារ នគរហូវហានរលំរលាយ។
ឆ្នាំគ.ស ៩៥១ កួវ៉ើយឡើងគ្រងរាជ្យ ស្ថាបនានគរហូវចូវ (ឆ្នាំគ.ស ៩៥១-៩៦០) នៅក្រុងខៃហ្វឺង ដំណើរការបដិវត្ដន៍ការគ្រប់គ្រង កាត់បន្ថយការប្រមូលពន្ធ ផ្ដល់ភាពសំខាន់លើបណ្ដុះបណ្ដលបញ្ញាជន កម្ចាត់មន្ដ្រីពុករលួយ ជម្រុញឲ្យមានផលិតកើនឡើង សភាពសេដ្ឋកិច្ចបានទទួលការស្ដារមួយរយៈពេល។ រហូតដល់ឆ្នាំគ.ស ៩៥៤ កួវ៉ើយឈឺស្លាប់ បុត្រធម៌ឆៃរ៉ុង ឡើងគ្រងរាជ្យបន្ដ ទ្រង់ព្រះនាមថា ចូវស៊ឺចុង ចាត់ទុកជាមេដឹកនាំគំរូក្នុងប្រវត្ដិសាស្ដ្រចិន ទ្រង់បន្ដគំនិតបដិវត្ដន៍នយោបាយគ្រប់គ្រងរបស់រជ្ជកាលមុន ត្រៀមកម្លាំងទ័ព ត្រៀមធ្វើសង្គ្រាមបង្រួបបង្រួមផែនដីម្ដងទៀត ដែលជារបត់សំខាន់ក្នុងការរួបរួមផែនដីរបស់រាជវង្សសុងនាពេលក្រោយមកទៀត។ តែគួរឲ្យស្ដាយ មិនទាន់បានសម្រេចបំណងផងទ្រង់ធ្លាក់ខ្លួនឈឺស្លាប់មុនក្នុងឆ្នាំគ.ស ៩៥៩ ទុកឲ្យបុត្រាវ័យ ៧ ឆ្នាំឡើតគ្រងរាជបល្ល័ង្កបន្ដ ទ្រង់ព្រះនាមថា ចូវកុងទី។
ឆ្នាំបន្ទាប់មក ខណៈពេលដែលចៅកួងអ៊ី លើកទ័ពសម្រុកទៅភូមិភាគខាងជើង កើតហេតុប្រែប្រួលនៅឆឺនឆៀវ បណ្ដាមេទ័ពស្រុះស្រួលគ្នាលើកចៅកួងអ៊ីឡើងគ្រងរាជ្យ ជាហេតុតម្រូវឲ្យលើកទ័ពត្រឡប់មកចូលនគរវិញ រាជវង្សហូវចូវដល់កាលអវសាន សម័យរាជវង្សដែលពោរពេញទៅដោយសង្គ្រាមដណ្ដើមរាជបល្ល័ង្គត្រូវបញ្ចប់។
ដប់នគរ
[កែប្រែ]នៅចុងសម័យរាជវង្សថាង ដោយសារកើតសឹកសង្គ្រាមនាភាគខាងជើង ជាហេតុធ្វើឲ្យប្រជារាស្ដ្របោះបង់ដីធ្លីកសិកម្ម អត្រាប្រជាជនធ្លាក់ចុះ ខណៈដែលលក្ខខណ្ឌសង្គមនៅភូមិភាគខាងត្បូងសឹងមានសន្ដិភាពបរិបូរណ៍ សេដ្ឋកិច្ចក៏បានទទួលការអភិវឌ្ឍន៍ឲ្យចម្រើនឡើង អាចនិយាយបានថា កំឡុងពេលផ្លាស់ប្ដូរនៃសម័យប្រាំរាជវង្ស បានកើតការផ្ទេរមជ្ឈមណ្ឌលសេដ្ឋកិច្ចពីតំបន់ទំនាប់ទន្លេហួងហូឬទន្លេលឿង ចុះមកតំបន់ទំនាបទន្លេឆាងចៀងឬយ៉ង់សេ។
ក្រុមនគរសំខាន់នាភូមិភាគខាងត្បូងពង្រីកខ្លួនឡើង ក្រុមបច្ចេកទេសមានជាអាទិ ការធ្វើនាវា ស្លលោហៈ ការបោះពុម្ព តម្បាញ ជាដើម ដែលជះឥទ្ធិពលលើការអភិវឌ្ឍន៍ការផលិតមានសារៈសំខាន់ទ្វេឡើង។ ការធ្វើជំនួញរវាងតំបន់នីមួយៗ ក្លាយជាប្រភពនៃចំណូលសំខាន់របស់ក្រុមនគរភាគខាងត្បូង។ ដែនដីចៀងណានក្លាយជាទីប្រជុំនៃអ្នកប្រាជ្ញកវីដែលមានសមត្ថភាព។
នគរអ៊ូនិងណាន់ថាង (ឆ្នាំគ.ស ៩០២-៩៧៥)
[កែប្រែ]យ៉ាងស៊ិងមី អ្នកស្ថាបនានគរអ៊ូ ដើមឡើងជាមេទ័ពការពារដែនដីហួយណាន (ក្នុងខេត្ដអានហ៊ុយ) នៃរាជវង្សថាង។ ឆ្នាំគ.ស ៩០២ រាជសំណាក់ថាងតែងតាំងឲ្យក្លាយទៅជាអ៊ូវ៉ាំង តំបន់ដែលបានគ្រប់គ្រប់មានដូចជា ចៀងស៊ូ អានហ៊ុយ ហឺណាន ផ្នែកខ្លះនៃហ៊ូប៉ើយនិងចៀងស៊ី ដោយមានរាជធានីនៅក្រុងយ៉ាងចូវ។ ក្រោយមកបន្ដតំណែងតាមខ្សែស្រឡាយបន្ដបន្ទាប់ តែកើតការដណ្ដើមអំណាចផ្ទៃក្នុង ជាហេតុធ្វើឲ្យសេនាបតីស៊ីវ៉ើន មានឱកាសជ្រែកខ្លួនចូលមកដណ្ដើមអំណាចយោធាបាន។ ក្រោយមកលើកបុត្រាច្បងរបស់យ៉ាងស៊ិងមីឈ្មោះយ៉ាងវ៉ើយ ឡើងគ្រងរាជ្យ ដោយត្រកូលស៊ីក្ដោបអំណាចទាំងអស់។
រហូតដល់ឆ្នាំគ.ស ៩៣៧ ស៊ីវ៉ើនស្លាប់ ស៊ីជឺកៅ បុត្រធម៌របស់ស៊ីវ៉ើនឡើងកាន់អំណាចបន្ដ ម្ចាស់នគរអ៊ូ “ដាក់រាជ្យបល្ល័ង្ក” ទើបស៊ីជឺកៅត្រឡប់មកប្រើត្រកូលលី ស្ថាបនានគរណានថាង ដោយមានរាជធានីនៅក្រុងជិនលិង (ក្រុងណានជិងបច្ចុប្បន្ន)។ ស៊ីជឺកៅធ្វើនយោបាយចងសម្ព័ន្ធជាមួយនគរជិតខាង ធ្វើឲ្យប្រទេសជាតិចៀសផុតពីសង្គ្រាម សភាពសង្គមសេដ្ឋកិច្ចបានទទួលការស្ដារឲ្យរីកចម្រើនឡើង។ ឆ្នាំគ.ស ៩៤៣ ស៊ីជឺកៅស្លាប់ បុត្រាឈ្មោះលីជិង* គ្រងរាជ្យបន្ដ ជាកំឡុងពេលដែលណានថាងរុងរឿងខ្លាំង ចាប់ផ្ដើមធ្វើសង្គ្រាមពង្រីកអាណាខេត្ដ ក្លាយជានគរមហាអំណាចនាភូមិភាគខាងត្បូង។ តែពេលវេលាចេះតែកន្លងទៅ ក្នុងរាជសំណាក់ចាយវាយខ្ជះខ្ជាយ ប្រទេសជាតិធ្លាក់ខ្លួនក្រ។ ឆ្នាំគ.ស ៩៥៨ ណានថាងព្រមស្វាមីភក្ដិចំពោះរាជវង្សហូវចូវព្រមទាំងព្រមលើកដែនដីមួយផ្នែកខ្លះឲ្យ។ ឆ្នាំគ.ស ៩៦១ លីជិងស្លាប់ លីអ៊ី**ឡើងគ្រងរាជបន្ដ រហូតដល់ឆ្នាំគ.ស ៩៧៥ រាជវង្សសុងបរទ័ពចុះមកភូមិភាគខាងត្បូង ណានថាងរលំរលាយ។
***លីជិងនិងលីអ៊ីពីរនាក់ឪពុកកូនបានទទួលការលើកតម្កើងជាកវីដែលមានសមត្ថភាពខ្ពស់ក្នុងប្រវត្ដិសាស្ដ្រចិន ស្នាដៃរបស់អ្នកទាំងពីរជះឥទ្ធិពលដល់ភាពរុងរឿងនៃអក្សរសិល្ប៍របស់រាជវង្សសុងនាកាលក្រោយមកទៀត។
នគរឆៀនស៊ូ (ឆ្នាំគ.ស ៩០៧-៩២៥) និងនគរហូវស៊ូ (ឆ្នាំគ.ស ៩៣៤-៩៦៥)
[កែប្រែ]វ៉ាំងចៀន មេស្រុកចូវ មានមូលដ្ឋានអំណាចនៅតំបន់សេឆួននិងហានចុងតាំងពីឆ្នាំគ.ស ៨៩៤ ក្រោយពេលរាជវង្សថាងរលំរលាយ ក៏តាំងខ្លួនជាធំនៅក្រុងឆឺងទូ ស្ថាបនានគរឆៀនស៊ូ ដែនដីក្រោមការគ្រប់គ្រងមានដូចជា សេឆួន កាន់ស៊ូ សានស៊ីនិងហ៊ូប៉ើយ (ផ្នែកខ្លះ)។ វ៉ាំងចៀនធ្វើនយោបាយទទួលសឹក មិនផ្ដោតលើការប្រើកម្លាំងយោធាជាមួយសត្រូវពីខាងក្រៅបើមិនចាំបាច់ ទើបក្លាយជាបច្ច័យមួយដែលធ្វើឲ្យដែនដីតំបន់នេះមានសន្ដិភាពនិងអភិវឌ្ឍន៍។
តែដោយសារក្នុងកំឡុងពេលចុងរជ្ជកាលមិនទុកចិត្ដមេទ័ពចាស់ពីមុន ទើបកម្ចាត់ចោលអស់ជាច្រើននាក់ ក្នុងរាជសំណាក់ចាប់ផ្ដើមចាយវាយខ្ជះខ្ជាយ។ ឆ្នាំគ.ស ៩១៨ វ៉ាំងចៀនស្លាប់ កើតការដណ្ដើមអំណាចគ្នាក្នុងរាជសំណាក់ ចុងក្រោយមេទ័ពវ៉ាំងយៀន ឡើងគ្រងរាជបន្ដ តែមិនចាប់អារម្មណ៍រាជកិច្ចដោយគ្រាន់តែស្វែងរកការសប្បាយ។ ឆ្នាំគ.ស ៩២៥ កងទ័ពរបស់រាជវង្សហូវថាងវាយចូលរាជធានីឆឺងទូ នគរឆៀនស៊ូរលំរលាយ។
ម៉ឺងជឺសៀង ជាក្មួយប្រសាររបស់លីខឺយ៉ុង ក្នុងរជ្ជកាលថាងចួងចុងនៃនគរហូវថាង ជាទីស្រឡាញ់បំផុត ទើបបានទទួលការតែងតាំងឲ្យឡើងជារងមេបញ្ជាការត្រួតត្រាដែនដីចៀងណាន (សេឆួនខាងលិច)។ ក្រោយមកកើតហេតុជ្រួលច្របល់ក្នុងរាជសំណាក់ ថាងចួងចុងស្លាប់ ថាងមិងចុងឡើងគ្រងរាជ្យ ម៉ឺងជឺសៀងដឹងថារាជសំណាក់ហូវថាងចុះខ្សោយ ទើបគិតចង់ផ្ដាច់ខ្លួនជាឯករាជ្យ មិនស្ដាប់បង្គាប់អំណាចកណ្ដាល។ ឆ្នាំគ.ស ៩៣០ ម៉ឺងជឺសៀងអូសទាញតុងចាងមេទ័ពការពារដែនដីសេឆួនខាងកើតក្រោកឡើងបង្កចលាចល តែក្រោយមកកើតទំនាស់នឹងគ្នា តុងចាងចាញ់ត្រូវប្រហារ ទើបម៉ឺងជឺសៀងអាចដណ្ដើមដែនដីសេឆួនបានទាំងអស់ ខាងរាជសំណាក់ហូវថាងបានបញ្ជូនរាជសារតែងតាំងម៉ឺងជឺសៀងឡើងតំណែងជាស៊ូវ៉ាំង (ម្ចាស់នគរស៊ូ)។
ឆ្នាំគ.ស ៩៣៤ ម៉ឺងជឺសៀងស្ថាបនានគរហូវស៊ូ គ្រងរាជ្យបានកន្លះឆ្នាំក៏ស្លាប់ បុត្រាឈ្មោះម៉ឺងឆាំង សោយរាជ្យបន្ដ មានការកែសម្រួលប្រព័ន្ធគ្រប់គ្រង អភិវឌ្ឍន៍ការផលិត បង្កើតស្ថាប័នសិក្សា សង្គមសេដ្ឋកិច្ចមានការរីចម្រើនឈានឡើងមួយកម្រិត អាចនិយាយបានថាជាតំបន់ដែលមានសេដ្ឋកិច្ចនិងវប្បធម៌រុងរឿងប្រដំប្រសងជាមួយនគរណានថាង។ ឆ្នាំគ.ស ៩៦៥ ត្រូវរាជវង្សសុងផ្ដួលរំលំ។
នគរអ៊ូយៀ (ឆ្នាំគ.ស ៩០៧-៩៧៨)
[កែប្រែ]ចុងសម័យរាជវង្សថាង ឆៀនលិវ ពីដើមជាមេឈ្មួញអំបិល ក្រោយមកចូលបម្រើជាទាហានស៊ីឈ្នួល តៃតៅរហូតបានក្លាយជាមេទ័ពការពារដែនដីមាត់សមុទ្រខាងកើត ក្ដោបអំណាចក្នុងតំបន់ចៀងណានបាន (ខេត្ដចឺចៀងនិងចៀងស៊ូ)។ ឆ្នាំគ.ស ៩០២ ថាងចៅចុងតែងតាំងក្លាយជាយៀវ៉ាំង។ ឆ្នាំគ.ស ៩០៤ តំឡើងតំណែងជាអ៊ូវ៉ាំង។ ក្រោយមកពេលជូវ៉ើនស្ថាបនានគរហូវលៀង ត្រូវបានតំឡើងតំណែងជាអ៊ូយៀវ៉ាំង មានរាជធានីនៅក្រុងហាំងចូវ។
នគរអ៊ូយៀថ្វីបើមានផ្ទៃដីតូច តែសម្បូរសប្បាយ និងទោះបីជាមានកម្លាំងទាហានមិនច្រើនណាស់ណា តែនគរអ៊ូយៀគោរពចំពោះរាជសំណាក់ក្នុងភូមិភាគកណ្ដាល ទើបអាចការពារការរុករានពីនគររឹងមាំជិតខាងបាន។ សភាពសេដ្ឋកិច្ចរុងរឿង សង្គមសុខសន្ដិភាព រហូតដល់ឆ្នាំគ.ស ៩៧៨ ចូលរួមជាផ្នែកមួយនៃអាណាចក្រសុង ជានគរដែលមានអាយុការគ្រប់គ្រងយូរជាងគេក្នុងសម័យនេះ។
តម្រា “ជិវជិង” ដែលបានបោះពុម្ពឡើងក្នុងសម័យនេះ ដែលជាចំណុចចាប់ផ្ដើមនៃធុរកិច្ចការបោះពុម្ពដ៏រុងរឿងនិងសាយភាយដល់ប្រជាជននាសម័យក្រោយមកទៀត
នគរឈូ (ឆ្នាំគ.ស ៨៩៧-៩៥១)
[កែប្រែ]ចុងសម័យរាជវង្សថាង ម៉ាអ៊ិន តាំងខ្លួនជាធំនៅហ៊ូណាន។ ក្រោយពេលរាជវង្សថាងដួលរលំ ហូវលៀងតែងតាំងជាឈូវ៉ាំង មានរាជធានីនៅថានចូវ (ក្រុងឆាងសាបច្ចុប្បន្ន)។ ក្រោយពេលម៉ាអ៊ិនស្លាប់ កើតការដណ្ដើមអំណាចផ្ទៃក្នុងច្របូកច្របល់ ឆ្នាំគ.ស ៩៥១ ទើបត្រូវនគរណានថាងផ្ដួលរំលំ។
នគរមិន (ឆ្នាំគ.ស ៩០៩-៩៤៥)
[កែប្រែ]ចុងសម័យរាជវង្សថាង វ៉ាំងឆៅ និងវ៉ាំងសឺនជឺ ពីរនាក់បងប្អូនវាយដណ្ដើមដែនដីហ្វូចៀន។ ថាងចៅចុងតែងតាំងវ៉ាំឆៅធ្វើជាមេទ័ពការពារដែនដី។ ក្រោយមកទៀតវ៉ាំងសឺនជឺបន្ដតំណែង។ ឆ្នាំគ.ស ៩០៩ ហូវលៀងតែងតាំងឲ្យទៅជាមិនវ៉ាំង សភាពដោយរួមមានសន្ដិភាពល្អ តែក្រោយពេលវ៉ាំងសឺនជឺស្លាប់ នយោបាយផ្ទៃក្នុងច្របូកច្របល់ អ្នកបន្ដអំណាចជំនាក់ក្រោយសុទ្ធតែចាយវាខ្ជះខ្ជាយ ទាំងសាហាវនិងមិនទុកចិត្ដគ្នា រហូតដល់ឆ្នាំគ.ស ៩៤៥ ត្រូវនគរណានថាងបោសសម្អាត។
នគរណានហាន (ឆ្នាំគ.ស ៩១៧-៩៧១)
[កែប្រែ]ចុងសម័យរាជវង្សហាន លិវអ៊ិន កាន់តំណែងជាមេទ័ពការពារដែនដីលិងណាន (ខេត្ដក្វាងទុងនិងក្វាងស៊ី)។ ឆ្នាំគ.ស ៩១៧ លិវយៀន ជាប្អូនប្រុសបានបន្ដតំណែង ស្ថាបនានគរយៀ មានរាជធានីនៅក្វាងចូវ ឆ្នាំបន្ទាប់មកប្ដូរឈ្មោះជានគរហាន ប្រវត្ដិសាស្ដ្រហៅក្នុងនាមថា ណានហាន ឆ្នាំគ.ស ៩៧១ ត្រូវរាជវង្សសុងផ្ដួលរំលំ។
នគរណានភិង (ឆ្នាំគ.ស ៩០៧-៩៦៣)
[កែប្រែ]ឆ្នាំគ.ស ៩០៧ ហូវលៀងតែងតាំងកៅជីស៊ី ជាមេទ័ពការពារដែនដីជិងណាន (ខេត្ដហ៊ូប៉ិយ)។ ឆ្នាំគ.ស ៩២៤ ហូវថាងតែងតាំងជាណានភិងវ៉ាំង មានរាជធានីនៅក្រុងចៀងលិង ជានគរដែលមានកម្លាំងខ្សោយជាងគេបំផុតក្នុងបណ្ដានគរទំាងដប់។ ឆ្នាំគ.ស ៩៦៣ ត្រូវរាជវង្សសុងបោសសម្អាត។
នគរប៉ឺយហាន (ឆ្នាំគ.ស ៩៥១-៩៧៩)
[កែប្រែ]ក្នុងបណ្ដានគរទាំងដប់ មាននគរតែមួយដែលនៅភូមិភាគខាងជើង គឺប៉ឺយហាន អ្នកស្ថាបនាគឺលិវឆុង ប្អូនប្រុសរបស់លិវជឺយួននៃរាជវង្សហូវហាន។ ឆ្នាំគ.ស ៩៥១ ពេលកួវ៉ើយស្ថាបនានគរហូវចូវឡើងជំនួសហូវហាន លិវឆុងក៏ចូលវាយគ្រប់គ្រងដែនដីថៃយួន តាំងខ្លួនជាក្សត្រ និងនៅប្រើឈ្មោះរាជវង្សហានបន្ដទៀត ប្រវត្ដិសាស្ដ្រចិនហៅនគរនេះថា ប៉ើយហាន (ហានខាងជើង)។
ប៉ើយហានជាដែនដីដាច់ស្រយាល ប្រជារាស្ដ្រក្រីក្រលំបាក តែដោយសារបានទទួលការគាំទ្រពីជនជាតិឈីតាន់ ទើបអាចរក្សាដែនដីខ្លួនឯងបាន សភាពសង្គមពោរពេញទៅដោយជម្លោះទាស់ទែង។ ឆ្នាំគ.ស ៩៧៩ រាជវង្សសុងបរទ័ពចូលតំបន់ថៃយួន ប៉ើយហានត្រូវដួលរលំ។
ក្នុងកំឡុងពេលខាងលើ បរិវេណតំបន់ជុំវិញដែនអាណាចក្ររបស់ចិន នៅមានក្រុមជនជាតិដែលតាំងខ្លួនជាអំណាចនគរឯករាជ្យឡើង ដែលសំខាន់មានដូចជា លិវសូវកួង ស្ថាបនានគរអៀន នៅដែនដីហឺប៉ិយ (ឆ្នាំគ.ស ៨៩៥-៩១៣) បរិវេណឈិងហៃនិងទីបេមានធូហ្វាន ម្ដុំយូណានពីនគរណានចៅពីមុន ក្លាយជាតាឆាងហឺ (ឆ្នាំគ.ស ៩០២-៩២៨) តាធៀងស៊ិង (ឆ្នាំគ.ស ៧១៣-៩២៦) ម្ដុំម៉ុងកូលខាងក្នុងមានជនជាតិឈីតាន់ ដឹកនាំដោយយេលីអាប៉ៅជីដែលមានកម្លាំងខ្លាំងក្លា ឆ្នាំគ.ស ៩១៦ ស្ថាបនានគរឈីតាន់ ក្រោយមកបោសសម្អាតបញ្ចូលប៉ហៃចូលជាមួយគ្នា នាំកងកម្លាំងវាយចូលភូមិភាគកណ្ដាល រហូតដល់ឆ្នាំគ.ស ៩៤៧ ប្ដូរឈ្មោះនគរជាលៀវ ក្លាយជាកម្លាំងប្រឈមនឹងរាជវង្សសុងខាងជើង នាពេលក្រោយមកទៀត។
ប្រវត្តិសាស្ត្រចិន | |||||||
---|---|---|---|---|---|---|---|
សម័យបុរាណ | |||||||
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ. | |||||||
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ. | |||||||
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ. | |||||||
រាជវង្សចូវ រ.១០៤៥–២៥៦ មគ. | |||||||
ចូវខាងលិច | |||||||
ចូវខាងកើត | |||||||
សម័យផ្ការីកនិងស្លឹកឈើជ្រុះ | |||||||
សម័យនគរចម្បាំង | |||||||
សម័យអធិរាជ | |||||||
រាជវង្សឈិន ២២១ មគ.–២០៦ មគ. | |||||||
រាជវង្សហាន ២០៦ មគ.–២២០ គស. | |||||||
ហានខាងលិច | |||||||
រាជវង្សថ្មី | |||||||
ហានខាងកើត | |||||||
នគរបី ២២០–២៨០ | |||||||
អ៊ួយ ស៊ូ និង អ៊ូ | |||||||
រាជវង្សជិន ២៦៥–៤២០ | |||||||
ជិនខាងលិច | នគរ១៦ ៣០៤–៤៣៩ | ||||||
ជិនខាងកើត | |||||||
រាជវង្សខាងត្បូងនិងខាងជើង ៤២០–៥៨៩ | |||||||
រាជវង្សសួយ ៥៨១–៦១៨ | |||||||
រាជវង្សថាង ៦១៨–៩០៧ | |||||||
( ចូវទី២ ៦៩០–៧០៥ ) | |||||||
រាជវង្ស៥ និង នគរ១០ ៩០៧–៩៦០ |
រាជវង្សលៀវ ៩០៧–១១២៥ | ||||||
រាជវង្សសុង ៩៦០–១២៧៩ |
|||||||
សុងខាងជើង | សៀខាងលិច | ||||||
សុងខាងត្បូង | ជិន | ||||||
រាជវង្សយាន ១២៧១–១៣៦៨ | |||||||
រាជវង្សមិង ១៣៦៨–១៦៤៤ | |||||||
រាជវង្សឈិង ១៦៤៤–១៩១១ | |||||||
សម័យទំនើប | |||||||
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន | |||||||
សាធារណរដ្ឋប្រជាមានិត ចិន ១៩៤៩–បច្ចុប្បន្ន |
សាធារណរដ្ឋ ចិន (តៃវ៉ាន់) ១៩១២–បច្ចុប្បន្ន | ||||||