សម័យ 5 ជនជាតិ 16 នគរ

ដោយវិគីភីឌា
Jump to navigation Jump to search
History of China
ប្រវត្តិសាស្ត្រចិន
សម័យបុរាណ
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ.
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ.
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ.
រាជវង្សចូវ រ.១០៤៥–២៥៦ មគ.
 ចូវខាងលិច
 ចូវខាងកើត
   សម័យផ្ការីក​និងស្លឹកឈើជ្រុះ
   សម័យនគរចម្បាំង
សម័យអធិរាជ
រាជវង្សឈិន ២២១ មគ.–២០៦ មគ.
រាជវង្សហាន ២០៦ មគ.–២២០ គស.
  ហានខាងលិច
  រាជវង្សថ្មី
  ហានខាងកើត
នគរបី ២២០–២៨០
  អ៊ួយ ស៊ូ និង អ៊ូ
រាជវង្សជិន ២៦៥–៤២០
  ជិនខាងលិច នគរ១៦
៣០៤–៤៣៩
  ជិនខាងកើត
រាជវង្សខាងត្បូងនិងខាងជើង
៤២០–៥៨៩
រាជវង្សសួយ ៥៨១–៦១៨
រាជវង្សថាង ៦១៨–៩០៧
  ( ចូវទី២ ៦៩០–៧០៥ )
រាជវង្ស៥ និង
នគរ១០

៩០៧–៩៦០
រាជវង្សលៀវ
៩០៧–១១២៥
រាជវង្សសុង
៩៦០–១២៧៩
  សុងខាងជើង សៀខាងលិច
  សុងខាងត្បូង ជិន
រាជវង្សយាន ១២៧១–១៣៦៨
រាជវង្សមិង ១៣៦៨–១៦៤៤
រាជវង្សឈិង ១៦៤៤–១៩១១
សម័យទំនើប
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន
សាធារណរដ្ឋប្រជាមានិត
ចិន

១៩៤៩–បច្ចុប្បន្ន
សាធារណរដ្ឋ
ចិន

(តៃវ៉ាន់)
១៩១២–បច្ចុប្បន្ន

សម័យ ១៦ នគរ ៥ ជនជាតិ (ឆ្នាំគ.ស ៣០៤-៤៣៩)[កែប្រែ]

ការដួលរលំនៃរាជវង្សជិនខាងលិច ធ្វើឲ្យផែនដីចិនបែកជាចំណែកៗ ។ រាជសំណាក់ជិនប្ដូររាជធានីទៅភាគខាងត្បូង ស្ថាបនារាជវង្សជិនខាងកើត (ឆ្នាំគ.ស ៣១៧-៤២០) ។ ខណៈដែលស្ថានការណ៍នាភាគខាងជើងជ្រួលច្របល់ខ្លាំង ផែនដីដែលបែងចែកទៅជានគរតូចៗ ដែលគ្រប់គ្រងដោយក្រុមជនជាតិភាគតិចផ្សេងៗ ប្ដូរគ្នាឈ្នះចាញ់ ឆ្លងកាត់ការរលំរលាយហើយក៏កើតថ្មីវិលសាចុះសាឡើង ឆ្ពោះទៅរកការរលាយចូលគ្នានៃជនជាតិផ្សេងៗ ជាតំណាក់កាលសំខាន់របស់ជនជាតិចិន។

ចំពោះ ៥ ជនជាតិក្នុងពេលនោះមានដូចជា សុងនូ សៀនប៉ើយ ចៀ ទី ឆៀង។  ១៦ នគរ និងពេលដែលរួមជាមួយនគរដែលស្ថាបនាដោយជនជាតិហានហើយ មានដូចជា៖

នគរ / ជានជាតិ / រយៈពេល

១. ឆឺងហាន ទី ឆ្នាំគ.ស ៣០៤-៣៤៧

២. ហានចៅ សុងនូ ឆ្នាំគ.ស ៣០៤-៣២៩

៣. ឆៀនលៀង ហាន ឆ្នាំគ.ស ៣១៧-៣៧៦

៤. ស៊ឺចៅ ចៀ ឆ្នាំគ.ស ៣១៩-៣៥១

៥. ឆៀនអៀន សៀនប៉ើយ ឆ្នាំគ.ស ៣៣៧-៣៧០

៦. រ៉ាន់វុយ ហាន ឆ្នាំគ.ស ៣៥០-៣៥២

៧. ឆៀនឈិន ទី ឆ្នាំគ.ស ៣៥០-៣៩៤

៨. ហូវឈិន ឆៀង ឆ្នាំគ.ស ៣៨៤-៤១៧

៩. ហូវអៀន សៀនប៉ើយ ឆ្នាំគ.ស ៣៨៤-៤០៧

១០. ស៊ីអៀន សៀនប៉ើយ ឆ្នាំគ.ស ៣៨៤-៣៩៤

១១. ស៊ីឈិន សៀនប៉ើយ ឆ្នាំគ.ស ៣៨៥-៤៣១

១២. ហូវលៀង ទី ឆ្នាំគ.ស ៣៨៦-៤០៣

១៣. ណាន់លៀង សៀនប៉ើយ ឆ្នាំគ.ស ៣៩៧-៤១៤

១៤. ម៉ាន់អៀន សៀនប៉ើយ ឆ្នាំគ.ស ៣៩៨-៤១០

១៥. ស៊ីលៀង ហាន ឆ្នាំគ.ស ៤០០-៤២១

១៦. ស៊ីស៊ូ ហាន ឆ្នាំគ.ស ៤០៥-៤១៣

១៧. សៀ សុងនូ ឆ្នាំគ.ស ៤០៧-៤៣១

១៨. ប៉ើយអៀន ហាន + ឆៅសៀន (កូរ៉េ) ឆ្នាំគ.ស ៤០៧-៤៣៦

១៩. ប៉ើយលៀង សុងនូ ឆ្នាំគ.ស ៤០១-៤៣៩

២០. តៃ សៀនប៉ើយ ឆ្នាំគ.ស ៣១៥-៣៧៦

ម៉្យាង ការបែចែកនគរក្នុងទីនេះ ប្រវត្ដិវិទូចិនមានការរាប់ខុសគ្នាតិចតួច ខ្លះមិនរួមបញ្ចូលនគរដែលស្ថាបនាឡើងដោយជនជាតិហាន ខ្លះមិនរាប់នគរតៃដែលក្រោយមកក្លាយជារាជវង្សវុយខាងជើង។

ភាពច្របូកច្របល់ក្នុងប្រវត្ដិសាស្ដ្រនាយុគសម័យនេះ ចាត់ទុកជាកំឡុងពេលភ្ជាប់គ្នាដ៏សំខាន់នៃការរួបរួមផែនដីចិននាពេលអនាគត។ ដោយសារចលាចលនិងចម្បាំងដ៏សែនយូរនេះបានធ្វើឲ្យកើតការរលាយចូលគ្នាផ្នែកវប្បធម៌រវាងជនជាតិផ្សេងៗ ក្នុងប្រទេសចិន ដែលជះឥទ្ធិពលចំពោះការកកើតអាណាចក្រខាងជើងរបស់ចិននាពេលក្រោយមកទៀត។

ដើមសម័យ -- ស្ថាបនាជនជាតិភាគតិច[កែប្រែ]

ក្នុងចំណោមជនជាតិទាំង​ ៥ អ្នកដែលចាប់ផ្ដើមផ្ដាច់ខ្លួនជាឯករាជ្យមុនគេគឺលីថឺមកពីកុលសម្ព័ន្ធទី។ ក្រោយពេលជិនអ៊ូទីនៃរាជវង្សជិនខាងលិចសុគត់ បណ្ដាញាតិវង្សនាំគ្នាដណ្ដើមអំណាចគ្នាយ៉ាងជ្រួលច្របល់។ ឆ្នាំគ.ស ២៩៨ កើតគ្រោះរាំងស្ងួតជាទម្ងន់ អ្នកស្រុកក្រីក្រពីតំបន់កាន់ស៊ូនិងសានស៊ី នាំគ្នាភាសខ្លួនចុះមកភូមិភាគខាងត្បូង រហូតដល់ខេត្ដសេឆួននាពេលបច្ចុប្បន្ន ដែលក្រុមត្រកូលលីបានក្លាយជាមេដឹកនាំក្រុមភាសខ្លួននេះ។

ខណៈដែលមន្ដ្រីក្នុងតំបន់ព្យាយាមកៀបឲ្យក្បួនអ្នកភាសខ្លួនត្រឡប់ទៅភាគខាងជើង តែដោយសារភាគខាងជើងកើតចលាចល ៨ អងឡើង ថែមទាំងក្រុមអ្នកភាសខ្លួនបានឃើញហើយថាសេឆួនសម្បូរណ៍រុងរឿងជាង ដូច្នេះ ទើបលីថឺនាំក្រុមខ្លួនងើបប្រឆាំងនិងវាយយកស្រុកឆឺងទូបានក្នុងឆ្នាំគ.ស ៣០៣ ស្ថាបនាជានគរឆឺងហាន។ ក្រោយមកបានពង្រីកអំណាចទៅស្រុកជិតខាង ហើយនេះជាចំណុចចាប់ផ្ដើមនៃការកើតឡើងនគរផ្សេងៗ របស់ជនជាតិទាំង ៥ ។

ក្រោយពីត្រកូលលីងើបប្រឆាំងបង្កចលាចលបានកន្លះឆ្នាំ លិវយួន ដែលមកពីក្រុមត្រកូលអ្នកធំនៃជនជាតិសុងនូ ដែលធ្លាប់ធ្វើជាមន្ដ្រីក្នុងរាជសំណាក់របស់រាជវង្សជិនខាងលិច ក្រោយពេលស្ដេចជិនអ៊ូទីស្លាប់ កើតចលាចល ៨ អង លិវយួនក៏រួបរួមកម្លាំងខ្លួនបង្កើតជានគរហានឡើងក្នុងឆ្នាំគ.ស ៣០៤ ស្ថាបនារាជធានីនៅស្រុកភិងយ៉ាង (បច្ចុប្បន្ននៅក្នុងខេត្ដសានស៊ី)​ ។ ក្រោយពេលលិវយួនស្លាប់ បុត្រាឈ្មោះលិវឆុង បន្តតំណែង ។ ក្រោយមកក្នុងឆ្នាំគ.ស ៣១១ និង ៣១៦ លិវឆុងលើកទ័ពវាយក្រុងលួយ៉ាងនិងឆាងអានតាមលំដាប់ ផ្ដួលរំលំរាជវង្សជិនខាងលិចដែលជាមជ្ឍមណ្ឌលកណ្ដាលរបស់ផែនដីនាពេលនោះ ប្ដូររាជធានីទៅក្រុងលួយ៉ាង រួមអំណាចភាគខាងជើងជាងពាក់កណ្ដាលកាន់កាប់ក្នុងដៃ។

ខាងរាជសំណាក់ជិនថយចុះទៅភូមិភាគខាងត្បូង ស្ថាបនារាជវង្សជិនខាងកើត (៣១៧-៤២០) បង្កើតរាជធានីថ្មី នៅក្រុងចៀនខាំង (ក្រុងណានជិង) ដោយមានផ្ទៃដីការគ្រប់គ្រងត្រឹមតំបន់ភាគខាងកើតឆៀងខាងត្បូងនៃប្រទេសចិនបច្ចុប្បន្ន។

ក្នុងដំណាក់កាលនៃភាពជ្រួលច្របល់នេះ មានប្រជជនមកពីភូមិភាគកណ្ដលជាច្រើននាក់នាំគ្នាភាសខ្លួនទៅតាំងទីលំនៅនាភាគខាងលិច (ខេត្ដកាន់ស៊ូនិងស៊ិនកៀងបច្ចុប្បន្ន) ដែលដែនដីនេះនៅក្រោមការគ្រប់គ្រងរបស់ត្រកូលចាងដែលគ្រប់គ្រងកងកម្លាំងដែលធ្លាប់នៅក្រោមអំណាចរាជវង្សជិនខាងលិច និងក្រោយមកបានស្ថាបនាជានគរឆៀនលៀង។

លិវយួនពីដើមមានមេទ័ពខ្លាំងពីរនាក់ ម្នាក់ឈ្មោះស៊ឺឡឺ ជាជនជាតិចៀ និងលិវយ៉ៅ ដែលជាក្មួយប្រុសរបស់លិវយួន។ ក្រោយពេលលិវឆុងបុត្រាលិវយួនស្លាប់ លិវយ៉ៅក៏ដណ្ដើមរាជបល្ល័ង្កនិងប្ដូរឈ្មោះនគរពីហានទៅជានគរចៅ ឬអ្នកប្រវត្ដិវិទូហៅថានគរហានចៅ។ ចំណែកស៊ឺឡឺក៏ស្ថាបនានគរស៊ឺចៅ ក្នុងតំបន់ខេត្ដហឺប៉ិយបច្ចុប្បន្ន។ នគរចៅទាំងពីរប្រៀបដូចទឹកនិងភ្លើង តែងតែងាកមកប្រកាប់ប្រចាក់គ្នា រហូតដល់ឆ្នាំគ.ស ៣២៨ កងទ័ពរបស់ស៊ឺចៅវាយចូលក្រុងលួយ៉ាង ប្រហារលិវយៅ នគរហានចៅឈានដល់កាលអវសាន។

ស៊ឺឡឺព្រមទទួលយកជនជាតិហានបម្រើរាជការ រៀបចំច្បាប់ បង្កើតសាលារៀន យកប្រព័ន្ធការទារភាស៊ីពីរាជវង្សជិនខាងលិចមកប្រើ ធ្វើឲ្យជនជាតិហានទទួលស្គាល់ ចាត់ទុកជាអច្ឆរិយបុគ្គលដែលកម្ររកបានក្នុងយុគសម័យនោះ គួរឲ្យសោកស្ដាយដែលគាត់មានអាយុខ្លី។ ក្រោយពេលស៊ឺឡឺស្លាប់ ស៊ឺហ៊ូ ជាចៅប្រុសចូលបន្ដតំណែង បើកឆាកកាប់សម្លាប់កូនចៅរបស់ស៊ឺឡឺ ចុងក្រោយមិនផុតកម្មវេរា កូនចៅសុទ្ធតែជាពូជពង្សអកត្ដញ្ញូ ក្រោយស៊ឺហ៊ូស្លាប់ នគរស៊ឺចៅជ្រួលច្របល់ខ្លាំង ស៊ឺមិន ជនជាតិហានដែលស៊ឺហ៊ូយកមកចិញ្ចឹម ងាកមកប្រើសែហានរបស់ខ្លួនដូចដើម ហៅថា រ៉ាន់មិន ចូលផ្ដួលរំលំនគរស៊ឺចៅ ស្ថាបនានគររ៉ាន់វុយក្នុងឆ្នាំគ.ស ៣៥០ ​។ ក្រោមអំណាចរបស់រ៉ាន់មិន ជនជាតិហានដែលត្រូវរងការកៀបសង្កត់ជាយូរមកហើយបានងើបបះបោរបោសសម្អាតជនជាតិចៀ* ដែលនៅក្នុងក្រុងស្ទើរតែអស់។

*ជនជាតិចៀ ពីដើមរស់នៅតំបន់ស៊ីអ៊ីឬភាគខាងលិចនៃប្រទេសចិន មានភាពខុសគ្នាពីជនជាតិផ្សេងៗ ក្នុងចំណោមប្រាំជនជាតិ ដោយសារជនជាតិសុងនូ ទី ឆៀង​ សៀនប៉ើយ សុទ្ធតែជាជនជាតិស្បែកលឿង តែជនជាតិចៀបែរជាមានច្រមុះកោងមានខ្ទង់ ភ្នែកជ្រៅមុត ពុកមាត់ពុកចង្កាស្ដុកក្រាស ដូច្នេះជាការងាយក្នុងការសង្កេត។

ក្រៅពីត្រកូលលីដែលស្ថាបនានគរឆឺនហានហើយ នគរដែលស្ថាបនាដោយជនជាតិទីមួយនគរទៀតគឺនគរឆៀនឈិន (៣៥០-៣៩៤) ដ៏មានអំណាចរហូតអាចគ្រប់គ្រងដែនដីភាគខាងជើងរបស់ចិនស្ទើរទាំងអស់បានមួយរយៈ។ នគរឆៀនឈិនដឹកនាំដោយភូហុង ដែលពីមុនចូលរួមជាមួយលិវយ៉ៅពីនគរហានចៅ។ ក្រោយមកក្នុងឆ្នាំគ.ស ៣២៨ នគរហានចៅត្រូវនគរស៊ឺចៅផ្ដួលរំលំ ភូហុងក៏ចូលស្វាមីភក្ដិជាមួយនគរស៊ឺចៅ ដែលបានទទួលបញ្ជាជម្លៀសជនជាតិទីនិងឆៀងជាងមួយសែនគ្រួសារចូលមកក្រោមការគ្រប់គ្រងរបស់ខ្លួន។ ចាប់ពីពេលនោះមក ជនជាតិទីក៏បានក្លាយជាកម្លាំងសំខាន់របស់នគរស៊ឺចៅ។

ចុងសម័យនគរស៊ឺចៅ ប្រទេសជាតិច្របូកច្របល់ ទើបភូហុងប្ដូរមកប្រើត្រកូលហ្វូ។ ពេលហ្វូហុងស្លាប់ ហ្វូចៀន ជាបុត្រាលើកទ័ពវាយយកក្រុងឆាងអាន*ពីរាជវង្សជិនខាងលិចវិញ ហើយក៏ស្ថាបនានគរឆៀនឈិនក្នុងឆ្នាំគ.ស ៣៥១។

*ដើមឡើយឆាងអានជារាជធានីរបស់នគរឆឺនហានតាំងពីឆ្នាំគ.ស ៣០៤ រហូតដល់ឆ្នាំគ.ស ៣៤៧ មេទ័ពហួនវ៉ើនមកពីរាជវង្សជិនខាងកើតលើកទ័ពឡើងមកខាងជើង ផ្ដួលរំលំឆឺនហាន វាយយកដែនដីសេឆួនទៅទៀត។

ក្នុងបណ្ដានគរអៀនទាំងប្រាំនគរ បួននគរជាប់ខ្សែស្រឡាយមកពីជនជាតិសៀនប៉ើយត្រកូលមូរ៉ុង។ ចំណែកនគរប៉ើយអៀនជានគរអៀនតែមួយដែលស្ថាបនាឡើងដោយជនជាតិកូរ៉េនិងជនជាតិហាន តែក៏មានប្រភពមកពីនគរអៀនរបស់ត្រកូលមូរ៉ុងតែមួយ។

ក្រោយពីត្រកូលមូរ៉ុងផ្ដួលរំលំនគររ៉ាន់វុយ ក្នុងឆ្នាំគ.ស ៣៥២ ហើយក៏ស្ថាបនានគរអៀនឬដែលប្រវត្ដិវិទូចិន ហៅថា ឆៀនអៀន គ្រប់គ្រងដែនដីភាគឥសានរបស់ប្រទេសចិនស្ទើរទាំងអស់ ក្រោយមកត្រូវផ្ដួលរំលំដោយនគរឆៀនឈិន ក្នុងឆ្នាំគ.ស ៣៧០ ក្រោយមក នគរឆៀនឈិនក៏បោសសម្អាតនគរឆៀនលៀង បង្រួបបង្រួមដែនដីភាគខាងជើងនៃប្រទេសចិនឲ្យមានឯកភាព។

*ជនជាតិសៀនប៉ើយ មានដើមកំណើតនៅតាមទំនាបទន្លេលៀវ (ខេត្ដលៀវនិងតំបន់ភាគឥសានរបស់ចិន) មានអាជីពជាអ្នកចិញ្ចឹមសត្វពនេចរ (ជាប់ខ្សែស្រឡាយជនជាតិម៉ុងកូលនិងម៉ាន់ជូ) ។ ក្រោយពេលត្រូវជនជាតិសុងនូរុករានធ្វើឲ្យត្រូវភាសខ្លួនចូលមកភូមិភាគកណ្ដាល ដោយបែងចែកចេញជា ២ ខ្សែធំៗ ខ្សែទីមួយមកពីតំបន់តាស៊ិងអាន់លិង (ភាគខាងជើងនៃប្រទេសម៉ុងកូលបច្ចុប្បន្ន ជាប់នឹងខេត្ដហឺលុងចៀន) ហៅថាថួប៉ាសៀនប៉ើយ ឬសៀនប៉ើយខាងជើង។ មួយខ្សែទៀតហៅថាសៀនប៉ើយខាងកើត មកពីតំបន់តុងហ៊ូ ពេលតុងហ៊ូចាញ់ជនជាតិសុងនូ ក៏ភាសខ្លួនចូលមកភូមិភាគកណ្ដាល ក្រោយមកងាកមកប្រើត្រកូលតាមជនជាតិហាន មានជាអាទិ ត្រកូលមូរ៉ុង ត្រកូលតួន និងត្រកូលអ៊ីវ៉ើន សុទ្ធតែមកពីសៀនប៉ើយខាងកើត។

នគរឆៀនឈិននេះ ក្រោយពេលបង្រួបបង្រួមភាគខាងជើងបានហើយ បានលើកទ័ពវាយភាគខាងត្បូង ប្រយុទ្ធតទល់នឹងរាជវង្សជិនខាងកើត ក្នុងគោលបំណងបង្រួបបង្រួមផែនដីចិនឱ្យមានឯកភាពប្រកបដោយភាពក្លៀវក្លា។ តែក្នុងឆ្នាំគ.ស ៣៨៣ ត្រូវចាញ់ពួករាជវង្សជិនខាងកើតក្នុងសមរភូមិហ្វឺយស៊ុយ ជាហេតុធ្វើឲ្យក្រុមជនជាតិផ្សេងៗ នាំគ្នាងើបបះបោរបង្កចលាចល ផែនដីភាគខាងជើងត្រូវបែកជចំណែកតូចៗ ម្ដងទៀត។

សម័យក្រោយ -- ដែនមនុស្សស៊ីមនុស្ស[កែប្រែ]

ឆ្នាំគ.ស ៣៨៤ យ៉ៅឆាង មេកុលសម្ព័ន្ធជនជាតិឆៀង ប្រហារហ្វូចៀន ផ្ដួលរំលំឆៀនឈិន ស្ថាបនានគរហូវឈិន ក្រោយមកឆ្នាំគ.ស ៤១៧ ត្រូវរាជវង្សជិនខាងកើតកម្ទេចចោលអស់។

នគរស៊ីឈិន ស្ថាបនាក្នុងឆ្នាំគ.ស ៣៨៥ ដោយជនជាតិសៀនប៉ើយ បរិវេណស្រុកឡាន់ចូវខេត្ដកាន់ស៊ូបច្ចុប្បន្ន ដល់ឆ្នាំគ.ស ៤៣១ ត្រូវនគរសៀ កម្ទេចចោលវិញ។

នគរហូវលៀង ស្ថាបនាក្នុងឆ្នាំគ.ស ៣៨៦ ដោយលីកួង ជនជាតិទី មេទ័ពធំនៃនគរឆៀងឈិន ដែលត្រូវបានបញ្ជូនមកការពារដែនដីខាងលិច (ម្ដុំតំបន់កាន់ស៊ូ) ត្រូវកម្ទេចចោលដោយនគរហូវឈិនក្នុងឆ្នាំគ.ស ៤០៣ ។

នាភាគខាងលិចនៃនគរហូវលៀង គឺនគរស៊ីលៀង ស្ថាបនាក្នុងឆ្នាំគ.ស ៤០០ ដោយលីសុង ក្រោយមកត្រូវប៉ើយលៀង ផ្ដួលរំលំក្នុងឆ្នាំគ.ស ៤២០ ។ ស្លាបខាងកើតដែលជានគរម៉ាន់លៀង ស្ថាបនាដោយជនជាតិសៀនប៉ើយក្នុងឆ្នាំគ.ស ៣៩៧ (ម្ដុំតំបន់ឈិងហៃបច្ចុប្បន្ន) ផ្ដួលរំលំដោយនគរស៊ីឈិនក្នុងឆ្នាំគ.ស ៤១៤ ។ ចំណែកនគរប៉ើយលៀងវិញ ស្ថាបនាក្នុងឆ្នាំគ.ស ៣៩៧ ដោយជនជាតិសុងនូ ឆ្នាំគ.ស ៤៣៩ ត្រូវបោសសម្អាតដោយនគរវុយខាងជើង (ក្រោយមកក្លាយជារាជវង្សវុយខាងជើងត្រូវប្រឈមមុខនឹងរាជវង្សខាងត្បូងជាបន្ដទៀតសរុបជារយៈពេល ២០០ ឆ្នាំ) ។

ចំណែកត្រកូលមូរ៉ុង ងាកត្រឡប់ទៅដណ្ដើមយកដែនដីហឺប៉ិយ លៀវនិង និងសានស៊ី ស្ថាបនានគរហូវអៀន និងស៊ីអៀន ក្នុងឆ្នាំគ.ស ៣៩៤ ។  ក្រោយមកនគរស៊ីអៀនត្រូវនគរហូវអៀនផ្ដួលរំលំក្នុងឆ្នាំគ.ស ៣៩៤ ។ ក្រោយមកហូវអៀនត្រូវឈរជើងជំនួសដោយនគរប៉ើយអៀន ក្នុងឆ្នាំគ.ស ៤០៧ ដែលក្រោយមកត្រូវផ្ដួលរំលំដោយនគរវុយខាងជើង ក្នុងឆ្នាំគ.ស ៤៣៦ ។ ចំណែកនគរណាន់អៀនវិញ ស្ថាបនាឡើងក្នុងឆ្នាំគ.ស ៣៩៨ ក្នុងតំបន់សានទុងបច្ចុប្បន្ន និងត្រូវផ្ដួលរំលំដោយរាជវង្សជិនខាងកើតក្នុងឆ្នាំគ.ស ៤១០ ។

ឆ្នាំគ.ស ៤០២ រាជវង្សជិនខាងកើតដែលនៅភាគខាងត្បូងកើតការប្រែប្រួលផ្នែកនយោបាយដ៏ធំមួយ។ ហួនស្វៀន មេទ័ពធំដណ្ដើមកាន់កាប់រាជធានីចៀនខាំង បង្ខំស្ដេចជិនអាន់ទីឲ្យដាក់រាជ្យ ស្ថាបនាខ្លួនឯងឡើងធំ ។ ក្រោយមកឆ្នាំគ.ស ៤០៤ លិវអ៊ី លើកទ័ពវាយយករាជធានីមកវិញបាន ប្រហារហួនស្វៀននិងបក្សពួក។ ក្នុងកំឡុងពេលនៃការវាយប្រហារគ្នាចុះឡើងនេះ លិវឆៀវចុង មេទ័ពការពារក្រុងអ៊ីចូវ ឆ្លៀតឱកាសងាកមកវាយក្រុងឆឺងទូ តាំងខ្លួនជាអង ស្ថាបនានគរស៊ីស៊ូ ។ ក្រោយមកលិវអ៊ីនៃរាជវង្សជិនខាងកើតប្រើពេល ៩ ឆ្នាំ (៤០៥-៤១៣) ចូលបង្ក្រាបនគរស៊ីស៊ូបានសម្រេច ឆៀវចុងស្លាប់ នគរស៊ូត្រូវរាជវង្សជិនខាងកើតដណ្ដើមបានមកវិញ។

នគរសៀ ស្ថាបនាដោយហឺលៀនប៉ប៉​ មកពីជនជាតិសុងនូ ក្នុងឆ្នាំគ.ស ៤០៧ (ដើមឡើយរស់នៅម៉ុងកូលខាងក្នុង) ។ ក្រោយពីរាជវង្សជិនខាងលិចចូលបោសសម្អាតនគរហូឈិន ក្នុងឆ្នាំគ.ស ៤១៧ ហឺលៀនប៉ប៉ចូលវាយប្រហារកងទ័ពរាជវង្សជិនបែកខ្ចាត់ខ្ចាយ ដណ្ដើមបានក្រុងឆាងអាន។ ក្រោយមក្នុងឆ្នាំគ.ស ៤៣១ បង្ក្រាបនគរស៊ីឈិនបានទៀត តែចុងក្រោយត្រូវរងការវាយលុកពីសំណាក់ជនជាតិពនេចរធីអ៊ីហ៊ុន នគរត្រូវរលំរលាយ។

ក្នុងសម័យសាមកុក ជនជាតិថួប៉ាសៀនប៉ើយ ឬសៀនប៉ើយខាងជើង* ដែលមានលីវ៉ើយ ជាមេកុលសម្ព័ន្ធបានចូលមកតាំងទីក្នុងដែនដីនគរវុយរបស់ចូឆូ ។ ក្រោយមកក្នុងឆ្នាំគ.ស ៣១៤ ជនជំនាន់ក្រោយរបស់លីវ៉ើយ ស្ថាបនានគរតៃ។ ឆ្នាំគ.ស ៣៧៦ ហ៊្វូចៀននៃនគរឆៀនឈិនលើកទ័ពបង្ក្រាបនគរតៃ ក្រោយមកបញ្ជូនស៊ឺអ៊ីចៀន ដែលជាម្ចាស់នគរឲ្យទៅសិក្សាថៃសៀ (ស្ដីអំពីការវិទ្យាសាស្ដ្រនយោបាយ ជាមុខវិជ្ជាថ្នាក់ខ្ពស់សម្រាប់ជនថ្នាក់ខ្ពស់នៅសម័យនោះ) ។ ក្រោយពេលចប់ការសិក្សានៅហ្វឺយស៊ុយ នគរឆៀនឈិនរលំរលាយ។ ក្មួយប្រុសរបស់ស៊ឺអ៊ីចៀនវ័យ ១៤ ឆ្នាំ ដែលធំដឹងក្ដីឡើងពីតំបន់វាលស្មៅភាគខាងជើង បានដឹកនាំមនុស្សរបស់ខ្លួនបង្កើតនគរតៃឡើងម្ដងទៀតក្នុងឆ្នាំគ.ស ៣៨៦ ។ ក្រោយមកហៅថា ប៉ើយវុយឬនគរវុយខាងជើង ។ ក្រោយមកក្នុងឆ្នាំគ.ស ៣៩៦ នគរវុយខាងជើងផ្ដួលរំលំហូវអៀន គ្រប់គ្រងភូមិភាគខាងជើងរបស់ចិន ពេលដល់រជ្ជកាលស្ដេចថៃអ៊ូទី ក៏បានបន្ដនយោបាយបង្រួបបង្រួមផែនដី ក្រោយមក ក្នុងឆ្នាំគ.ស ៤២៧ បង្ក្រាបនគរសៀ ឆ្នាំគ.ស ៤៣២ បោសសម្អាតដែនដីលៀវតុងនគរប៉ើយអៀន ឆ្នាំគ.ស ៤៣៩ បង្ក្រាបប៉ើយលៀងនិងក្រុមកុលសម្ព័ន្ធផ្សេងៗ ដែលនៅសេសសល់។ ចាប់ពីពេលនោះមក ឆាកប្រយុទ្ធនៃការបែងចែកនគរ សង្គ្រាមវាយប្រហារគ្នានៃបណ្ដានគរនាភាគខាងជើងដែលស៊ីពេលជាង ១៣០ ឆ្នាំត្រូវបានបញ្ចប់។ ដែនដីភូមិភាគខាងជើងមានឯកភាពម្ដងទៀត។ សម័យសង្គ្រាមដណ្ដើមអំណាចគ្នានៃជនជាតិទាំងប្រាំត្រូវបានបញ្ចប់ទាំងស្រុង។

យុគសម័យ ១៦ នគរ ថ្វីបើជាយុគសម័យដែលពេញទៅដោយសភាពជ្រួលច្របល់ តែបានជះឥទ្ធពលចំពោះវិវឌ្ឍនាការផ្នែកប្រវត្ដិសាស្ដ្រចិនយ៉ាងខ្លាំងក្លា។ ក្រុមជនជាតិដែលធ្លាប់រស់នៅដែនដីឆ្ងាយៗ នាភាគខាងកើតឆៀងខាងជើង និងភាគខាងលិចរបស់ចិន បានចូលមកមានឥទ្ធិពលក្នុងដែនដីភាគកណ្ដាលឬចុងយួន ដែលពីដើមធ្លាប់គ្រប់គ្រងដោយជនជាតិហានរហូតមក កើតការរលាយបញ្ចូលគ្នាខាងជាតិសាសន៍និងវប្បធម៌។ ក្រៅពីនេះ ក្នុងផ្នែកការគ្រប់គ្រង អាចចាត់ទុកជារបត់ថ្មីក្នុងការដោះស្រាយបញ្ហាទំនាស់រវាងកុលសម្ព័ន្ធនិងតំណែងផ្សេងៗ ។ ពេលឆ្លងកាត់បទពិសោធន៍ត្រូវផងខុសផង មានជោគជ័យនិងបរាជ័យ បទពិសោធន៍របស់ពួកគេអស់ទាំងនោះ បានក្លាយជាមេរៀនសំខាន់ក្នុងការធ្វើបដិវត្ដន៍ការគ្រប់គ្រងនាសម័យក្រោយមកទៀត។