ប្រាសាទស្ដុកកក់ធំ

ដោយវិគីភីឌា
Jump to navigation Jump to search

ប្រាសាទស្ដុកកក់ធំ

ប្រាសាទស្ដុកកក់ធំ
Prasat Sdok Kok Thom-030.jpg
ឈ្មោះ:
ប្រាសាទស្ដុកកក់ធំ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: ពាក់កណ្ដាលសតវត្សទី១១
ឧទ្ទិសថ្វាយ: ព្រះសិវៈ
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ភូមិគោកសឹង្គ ឃុំអរញ្ញ ស្រុកអរញ្ញ ខេត្តស្រះកែវ

ប្រវត្តិប្រាសាទ[១][កែប្រែ]

ប្រាសាទស្ដុកកក់ធំ គឺជាប្រាសាទខ្មែរបុរាណ ដែលបច្ចុប្បន្នស្ថិតនៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលមានចម្ងាយប្រមាណ ២គីឡូម៉ែត្រ ពីព្រំដែនខ្មែរថៃ ជាប់ជាមួយខេត្តបន្ទាយមានជ័យ។ ប្រាសាទនេះធ្វើពីថ្មភក់ និងថ្មបាយក្រៀម កសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ពោលគឺឆ្នាំ ១០៥២គ.ស សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ដែលស្ថិតក្នុងរាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី២ (១០៥០-១០៦៦)តាម រចនាបថឃ្លាំង និង រចនាបថបាពួន។ ប្រាសាទស្តុកកក់ធំ មិនមែនព្រះរាជាជាអ្នកកសាងទេ ប៉ុន្តែអ្នកកសាងគឺជាគ្រួសារមន្ត្រីម្នាក់ ដែលអះអាងថា គេជាកូនចៅជំនាន់ក្រោយរបស់ព្រាហ្មណ៍ “សិវកៃវល្យ” ជាព្រាហ្មណ៍ដ៏ល្បីល្បាញម្នាក់(កាលពី២៥០ឆ្នាំមុន) ធ្លាប់ធ្វើពិធីទេវរាជ ថ្វាយដល់ព្រះបាទជ័យវរ្ម័នទី២ ក្នុងឆ្នាំ៨០២ នៃគ.ស នៅលើភ្នំមហេន្ទ្របព៊័ត (ភ្នំគូលេន)។សម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ អ្នកណាក៏ស្គាល់ឈ្មោះប្រាសាទនេះដែរ បើទោះបីពួកគេបានទៅដល់ ឬមិនបានទៅដល់ប្រាសាទនេះក្ដី។

សិលាចារឹក[កែប្រែ]

ដោយសារឈ្មោះដ៏ល្បីល្បាញនៃសិលាចារឹកដែលបានរកឃើញនៅក្នុងប្រាសាទនេះ នាចុងសតវត្សរ៍ទី១៩ គឺ"សិលាចារឹកស្ដុកកក់ធំ" K-២៣៥ នេះឯង។ សិលាចារឹកនេះ អាចចាត់ទុកជាសិលាចារឹកដែលវែងជាងគេ និងបានផ្តល់ទិន្នន័យជាច្រើន ជាងគេ ដល់ប្រវត្តិវិទូ បុរាណវិទូ និងសិលាចារឹក ក្នុងការសិក្សា វិភាគ និងចងក្រងប្រវត្តិសាស្ត្ររបស់ខ្មែរនៅសម័យមហានគរ ដែលមាន ៣៤០បន្ទាត់ ចារនៅក្នុងឆ្នាំ ១០៥២នៃគ.ស ជាពីរភាសា គឺភាសាសំស្ក្រឹត និងភាសាខ្មែរបុរាណ ដែលរៀបរាប់អំពីព្រះនាមរបស់ព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជ្យជាបន្តបន្ទាប់គ្នា អស់រយៈកាលជាង ២៥០ឆ្នាំ ពោលគឺចាប់ពី ព្រះបាទជ័យវរ្ម័នទី២ នៅស.វទី៩ រហូតដល់រាជ្យ ព្រះបាទឧទ័យាទិត្យវរ្ម័នទី២ នៅពាក់កណ្តាលសតវត្សរ៍ទី១១។ គួរបញ្ជាក់ផងដែរថា អត្ថន័យសិលាចារឹកស្ដុកកក់ធំ K-២៣៥ ដែលបានចារឡើងដោយ គ្រួសារមន្ត្រី ជាកូនចៅជំនាន់ក្រោយរបស់ព្រាហ្មណ៍ឈ្មោះ សិវកៃវល្យ នេះ បានរៀបរាប់ត្រលប់ថយក្រោយ ២៥០ឆ្នាំ វិញថា គឺព្រាហ្មណ៍ឈ្មោះ សិវកៃវល្យ នេះហើយ ដែលជាអ្នកដែលធ្វើពិធីទេវរាជ ជាមួយព្រាហ្មណ៍ជនបទម្នាក់ទៀត ឈ្មោះ ហិរណ្យទាម ថ្វាយដល់ ព្រះបាទជ័យវរ្ម័នទី២ ក្នុងឆ្នាំ៨០២ នៃគ.ស នៅលើភ្នំមហេន្ទ្របព៊័ត(ភ្នំគូលេន) ដើម្បីកុំឲ្យប្រទេសកម្ពុជាធ្លាក់ជាចំណុះជ្វាតទៅទៀត។ ខាងក្រោមនេះ ជាសេចក្តីដកស្រង់ឃ្លា ដែលទាក់ទងនឹងពិធីទេវរាជ្យ នៅលើភ្នំគូលេន នៅឆ្នាំ៨០២ ៖“មនវ្រាហ្មណជ្មះហិរណ្យទាមប្រាជ្ញសិទ្ធិវិទ្យា មោកអំវិជនបទ បិវ្រះបាទបរមេឝ្វរអញ្ជេញថ្វេវិធិលេហ លេងកំបិកម្វុជទេឝនេះអាយត្តតជវាលេយ។ លេងអាច្តិកម្រតេងផ្ទៃករោំម្វាយគុះតជាចក្រវត៌ិ្ត។ វ្រាហ្មណនោះថ្វេវិធិតោយវ្រះវិនាឝិខ។ ប្រតិឞ្ឋាកម្រតេងជគតតរាជ”។ ការសម្រួលជាភាសាខ្មែរទំនើប មានន័យថា៖ “ខណៈនោះ ព្រាហ្មណ៍ឈ្មោះ ហិរណ្យទាម ជាអ្នកប្រាជ្ញខាងវិជ្ជាមន្តអាគម មកពីស្រុកជនបទ(តំបន់ប្រាសាទខ្នារ ស្រុកជាំក្សាន្តសព្វថ្ងៃ) ដ្បិតព្រះបាទបរមេសូរ(ជយវម៌្មទី២) បានអញ្ជើញ មកធ្វើពីធីលេហ “សូមកុំឲ្យកម្ពុជទេសនេះ(អាច)ចំណុះជ្វាបានឡើយ” គឺសូមឲ្យមានតែអម្ចាស់ផែនដីមួយអង្គប៉ុណ្ណោះ អាចជាស្តេចចក្រពត្តិបាន”។ ព្រាហ្មណ៍នោះ ធ្វើពិធីតាមគម្ពីរព្រះវិនាសិខៈ ប្រតិស្ថានអាទិទេព ដ៏ជាធំជាងគេ(ព្រះសិវលិង្គ)។តាមអត្ថន័យខាងលើ យើងអាចសន្និដ្ឋានថា ពិធីនេះ គ្រាន់តែជាពិធីសែកមន្តគាថា”បង្ការ” កុំឲ្យកម្ពុជាអាចធ្លាក់ជាចំណុះជ្វា ដែលពេលនោះនគរជ្វា កំពុងមានការរីកចំរើន។ មិនដូចការបកស្រាយពិធី លេហ នេះ ថាជាពិធីទេវរាជ រំដោះកម្ពុជាពីការត្រួតត្រារបស់ជ្វានោះ គឺជារឿងបំផ្លើស បន្ថែមបន្ថយ របស់អ្នកស្រាវជ្រាវពីអតីតកាលឡើយ។ លើសពិនេះទៀត ពាក្យកម្ពុជទេសជាពាក្យសំស្រ្តឹតដែលមានន័យថា ប្រទេសកូនចៅនៃមហាឥសីកម្វុ ហើយពាក្យនេះត្រូវបាចារនៅក្នុងសិលាចារឹកជាភាសាខ្មែរ នៅវត្តសំរោង ស្រុកបាភ្នំ លេខ K-៩៥៦ និងនៅក្នុងសិលាចារឹកស្តុកក់ធំខេត្តស្រះកែវ ឆ្នាំ១០៥២នៃគ.ស លេខK-២៣៥ គឺជាឈ្មោះប្រទេសកម្ពុជាដែលយើងប្រើតទៅមុខទៅនេះ[២]

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. http://spktliv.com/archives/3600
  2. បណ្ឌិត ឡុង សៀម សៀវភៅ ស្ថាននាមវិទ្យាខ្មែរ ឆ្នាំ១៩៩៧ ទំព័រទី១៤