ទីតាំងភូមិសាស្រ្ត និងប្រវត្តិសាស្រ្ត
[កែប្រែ]
ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច ក្នុងខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទិ១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ (ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី១១។ ប្រាសាទនេះមានលកខណៈប្លែក ពិសេស សំនង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ កំពែងខាងកើតត្រូវបានគេរចនាជាថែវមានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី៖ មួយនៅចំកណ្តាល និងពីរទៀតនៅចុងសងខាងនៃថែវ។ នៅចំកណ្តាលស្រះទឹកខាងក្នុងមានសំនង់មួយធ្វើអំពីថ្មភក់មានរាងមូលរបៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិតប្រហែល៣ម៉ែត្រ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាមួយអង្គក្នុងឥរិយាបថផ្ទំ ប៉ុនែ្តជាព្រះវិស្ណុ ស្ថិតនៅប្រាសាទមេបុណ្យខាងលិច។ យោងតាមការបកស្រាយរបស់លោក ជីវ តាក្វាន់ បេសកជននៃចក្រភពចិន ដែលបានមកដល់ទីក្រុងអង្គរនៅអំឡុងឆ្នាំ១២៩៥ បានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិចត្រូវបានស្ថាបនាឡើងស្របតាមអត្ថន័យនៃរឿងកំណើតព្រះព្រហ្ម ពីព្រោះតាមដំណើររឿងនេះ មុនការលេចឡើងនៃពិភពថ្មី ព្រះវិស្ណុទ្រង់បានផ្ទំធ្វើសមាធិលើពស់អនន្តៈ បណ្តែតខ្លួនលើផ្ទៃទឹកសមុទ្រ អស់កាលដ៏យូរ។ បន្ទាប់មកមានឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះ មានលេញចេញរូបព្រះព្រហ្ម ទ្រង់កំពុងគង់ធ្វើសមាធិ ដែលបង្ហាញពីការកកើតភពថ្មី[១]។ នៅក្នុងឆ្នាំ១៩៣៨នៅក្នុងបរិវេណប្រាសាទនេះត្រូវបានគេធ្វើកំណាយរកឃើញនូវរូបព្រះវិស្ណុផ្ទុំធំមួយ ធ្វើអំពីសំរិទ្ធិមួយកំណាត់ខ្លួន(ចាប់ពីដើមទ្រូងឡើងដល់ព្រះកេស)។
ការសង្គ្រោះប្រាសាទមេបុណ្យខាងលិចដំបូង ត្រូវបានធ្វើឡើងក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩២០។កាលនោះប្រាសាទនេះមានការបាក់បែកមួយផ្នែកធំ និងគ្របដណ្តប់ដោយរុក្ខជាតិ និងល្បាប់ចាក់បង្គរក្នុងរយៈពេលជិតមួយពាន់ឆ្នាំ។ រចនាសម្ព័ន្ធ ដែលសល់រំលេចឱ្យឃើញនូវការតុបតែង និងចម្លាក់លិបនៃរចនាបថបាពួន ដែលធ្វើឱ្យយើងសន្និដ្ឋានបានថា ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទីពីរនៃសតវត្សរ៍ទី១១ ទោះបីជាគ្មានអត្តបទធ្វើជាសេចក្តីសន្និដ្ឋានក៏ដោយ។ នៅខែធ្នូ ឆ្នាំ១៩៣៦ ខណៈប្រាសាទនេះត្រូវបានលួចគាស់កកាយជាច្រើន អ្នកភូមិម្នាក់បានមករកអ្នកអភិរក្សអង្គរក្នុងតំណែងគឺលោក ហេរី ម៉ាឆែល បាននិយាយថាព្រះពុទ្ធបានពន្យល់សប្តិគាត់ ឱ្យយកព្រះអង្គចេញពីដី។ គាត់ក៏បានទៅដល់កូនកោះកណ្តាលប្រាសាទមេបុណ្យខាងលិច ហើយបន្ទាប់ពីជីកក្នុងអណ្តូងនៅកណ្តាលគាត់បានរកឃើញព្រះសិវៈ និងព្រះកាយមួយផ្នែកធំនែព្រះវិស្ណុផ្ទុំធំ។ ព្រះបដិមាធំនេះ ដែលមានប្រវែងជាង ៤ម៉ែត្រ នៅតែជាភស្ភុតាងតែមួយគត់នៃសិល្បៈធ្វើអំពីលោហៈធំនៅអង្គរដ៏សព្វថ្ងៃ[២]។
រូបភាពប្រាសាទមេបុណ្យខាងលិច
[កែប្រែ]
- ↑ ឯកសារលោកជីវ តាក្វាន់។
- ↑ ឯកសារសាលាចុងបូព៌ា នៅកន្លែងប្រាសាទផ្ទាល់