ការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣
| |||||||||||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||||||||||
|
ការបោះឆ្នោតសកល អាណត្តិទី១ត្រូវបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាចន្លោះពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣។ លទ្ធផលគឺសភាព្យួរជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិចជាគណបក្សដែលទទួលបានសន្លឹកឆ្នោតច្រើនជាងគេ និងទទួលបាន៥៨អាសនៈក្នុងរដ្ឋសភា។ ភាគរយអ្នកទៅបោះឆ្នោតគឺ ៨៩.៥៦%។[១] ការបោះឆ្នោតនេះត្រូវបានរៀបចំឡើងដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ដែលក៏បានរក្សាសមាសភាគយោធានៅកម្ពុជាក្នុងរយៈពេលការបោះឆ្នោត និងរយៈពេលក្រោយពីការបោះឆ្នោត។[២]ការបោះឆ្នោតនេះគឺជាការបោះឆ្នោះចុងក្រោយដែលឈ្នះដោយគណបក្សផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានចាប់ផ្តើមគ្រប់គ្រងនយោបាយកម្ពុជាចាប់ពីឆ្នាំ១៩៩៨។
ផ្ទៃរឿង
[កែប្រែ]រដ្ឋកម្ពុជា និងបក្សពួកប្រឆាំងចំនួនបី រួមមានគណបក្សហ្វ៊ុនស៊ិនប៉ិច ខ្មែរក្រហម និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះផ្តល់នៅការបង្កើតអ៊ុនតាក់ ដែលជារដ្ឋបាលបណ្តោះអាសន្នដឹកនាំដោយអង្គការសហប្រជាជាតិ ដែលនឹងដកហូតអាវុធពីរដ្ឋកម្ពុជា និងបក្សពួកប្រឆាំងទាំងបី ហើយក៏រៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំ១៩៩៣ ផងដែរ។[៣] អ៊ុនតាក់ ត្រូវបានបង្កើតឡើងនៅចុងខែកុម្ភៈ ឆ្នាំ១៩៩២ ដោយលោក យ៉ាស៊ូស៊ី អាកាស៊ី តែងតាំងជាប្រធានអ៊ុនតាក់។[៤]
នៅខែសីហា ឆ្នាំ១៩៩២ រដ្ឋបាលអ៊ុនតាក់បានប្រកាសឱ្យប្រើច្បាប់បោះឆ្នោត[៥] និងបានចុះបញ្ជីបណ្ដោះអាសន្ននៃគណបក្សនយោបាយ។ គណបក្សនយោបាយដែលបានចុះបញ្ជីត្រូវបានអនុញ្ញាតឱ្យបើកការិយាល័យគណបក្សនៅខែបន្ទាប់។[៦] នៅឆ្នាំបន្ទាប់ក្នុងខែមករា ឆ្នាំ១៩៩៣ ការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានអនុវត្ត ហើយអត្តសញ្ញាណប័ណ្ណអ៊ុនតាក់ត្រូវបានចេញ។[៧] អ៊ុនតាក់បានធ្វើយុទ្ធនាការអប់រំនៅខែកុម្ភៈ ឆ្នាំ១៩៩៣[៨] ហើយពីរខែក្រោយមក អ៊ុនតាក់បានអនុញ្ញាតឱ្យគណបក្សនយោបាយបើកកិច្ចប្រជុំសាធារណៈ និងប្រមូលផ្តុំគ្នា ដើម្បីឃោសនាប្រមូលសំឡេងឆ្នោតបោះឆ្នោត។[៩]
បញ្ហាប្រឈមមុនការបោះឆ្នោត
[កែប្រែ]ការដកហូតអាវុធ
[កែប្រែ]នៅពេលដែលសមាសភាគយោធាអ៊ុនតាក់ត្រូវបានបញ្ជូនទៅឱ្យចាប់ផ្តើមការដកហូតអាវុធនៅខែមិថុនាឆ្នាំ១៩៩២ ខ្មែរក្រហមបានបិទផ្លូវនៅក្នុងទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេដើម្បីរារាំងកងរក្សាសន្តិភាពមិនឱ្យចូល។[១០] នៅពេលដែលឧប្បត្តិហេតុត្រូវបានរាយការណ៍ទៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ប៊ូត្រូស ប៊ូត្រូសកាលី គាត់បានផ្ញើការអំពាវនាវផ្ទាល់ខ្លួនទៅកាន់ខៀវ សំផន ឱ្យអនុញ្ញាតឱ្យសមាសភាគយោធាអ៊ុនតាក់ធ្វើការដកហូតអាវុធ។ ពួកដឹកនាំខ្មែរក្រហមបានឆ្លើយតបដោយទាមទារឱ្យរដ្ឋបាលគ្រប់គ្រងគួរតែប្រគល់ទៅស្ថាប័នរដ្ឋបាលដែលដឹកនាំដោយព្រះបាទនរោត្តមសីហនុ ហើយថែមទាំងបានចោទប្រកាន់ថាការបន្តវត្តមានរបស់កងទ័ពវៀតណាមនៅក្នុងប្រទេសកម្ពុជាមិនផ្តល់សិទ្ធិឱ្យអ៊ុនតាក់ដកហូតអាវុធរបស់ពួកខ្មែរក្រហម។ ដោយសារខ្មែរក្រហមបានទទូចថានឹងមិនចូលរួមក្នុងការដកហូតអាវុធទេ ព្រះបាទនរោត្តមសីហនុបានអំពាវនាវឱ្យអ៊ុនតាក់មិនអនុញ្ញាតឱ្យខ្មែរក្រហមចូលរួមក្នុងគោលការណ៍បង្កើតសន្តិភាពនាពេលអនាគត។[១១]
កងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា អេអ៊ែនអ៊ែស (ANS) (ត្រូវបានគេស្គាល់ក្រៅផ្លូវការថាជាកងទ័ពហ្វ៊ុនស៊ិនប៉ិច) និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរបានចូលរួមក្នុងសមយុទ្ធចល័តនេះ ឯទាហានក្មេងៗ និងពួកមិនទាន់បានទទួលការបណ្តុះបណ្តាលយោធាត្រូវបានបញ្ជូនទៅចូលរួមផងដែរ និងអាវុធដែលមិនប្រើប្រាស់ក៏ត្រូវបានបង្ហាញដល់កងទ័ពរក្សាសន្តិភាពក៏ដោយ។[១២] នៅពេលដែលខ្មែរក្រហមបានបន្តប្រឆាំងនឹងកម្មវិធីការដកហូតអាវុធ អ៊ុនតាក់បានសម្រេចចិត្តផ្អាកសមយុទ្ធចល័តទាំងមូលនៅខែកញ្ញា ឆ្នាំ១៩៩២ ក្នុងអំឡុងពេលនោះទាហានប្រហែល៥០,០០០នាក់មកពីកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា អេអ៊ែនអ៊ែស (ANS) និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរត្រូវបានដកហូតអាវុធ។[១៣]
ការវាយប្រហាររបស់ពួកខ្មែរក្រហម
[កែប្រែ]ពួកខ្មែរក្រហមចាប់ផ្តើមធ្វើការវាយប្រហារជាបន្តបន្ទាប់លើជនស៊ីវិលវៀតណាមចាប់ពីខែមេសា ឆ្នាំ១៩៩២[១៤] ដែលពួកគេបានរាប់ជាសុចរិត ដោយអះអាងថា មានពួកគេជាទាហានវៀតណាមក្លែងខ្លួនជាជនស៊ីវិល។[១៥] នៅខែកុម្ភៈ ឆ្នាំ១៩៩៣ ខ្មែរក្រហមបានធ្វើការវាយប្រហារនៅមជ្ឈមណ្ឌលទេសចរណ៍មួយក្នុងខេត្តសៀមរាប ដែលបានសម្លាប់ប្រជាជនកម្ពុជាពីរនាក់ និងរបួសអ្នកទេសចរជនជាតិព័រទុយហ្គាល់ សេសារ ដេប៉ាកូ។[១៦] នៅខែមីនា ឆ្នាំ១៩៩៣ ខ្មែរក្រហមបានធ្វើការវាយប្រហារដ៏ធំបំផុតលើជនស៊ីវិលវៀតណាមនៅក្នុងភូមិបណ្តែតទឹកសង្កាត់ចុងខ្នៀសក្នុងខេត្តសៀមរាប ដែលបានសម្លាប់ជនស៊ីវិលវៀតណាមចំនួន១២៤នាក់។ មុនការវាយប្រហារនេះពួកខ្មែរក្រហមបានផ្តល់ការប្រុងប្រយ័ត្ន[១៧] ប៉ុន្តែទាំងទាហានរដ្ឋកម្ពុជា និងសមាសភាគយោធាអ៊ុនតាក់ មិនត្រូវបានគេដាក់ពង្រាយឡើយ។ នៅពេលដែលការវាយប្រហារត្រូវបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មាន ជនស៊ីវិលវៀតណាមប្រហែល២០,០០០នាក់បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាមនៅខែបន្ទាប់ក្នុងខែមេសា ឆ្នាំ១៩៩៣។[១៨]
កងទ័ពបដិវត្តន៍ប្រជាជនកម្ពុជាក៏បានធ្វើការវាយប្រហារដោយសម្ងាត់ទៅលើការិយាល័យគណបក្សដែលជាកម្មសិទ្ធិរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៩២។ ការវាយប្រហារត្រូវបានធ្វើឡើងនៅពេលយប់ ហើយទាហាននឹងបាញ់គ្រាប់បែកដៃ ឬគ្រាប់រ៉ុក្កែត។ ចំនួនឧប្បត្តិហេតុត្រូវបានកាត់បន្ថយក្នុងខែមករាឆ្នាំ១៩៩៣ ប៉ុន្តែបានកើតឡើងម្តងទៀតនៅខែមីនាឆ្នាំ១៩៩៣ រហូតដល់មុនការបោះឆ្នោតនៅខែឧសភាឆ្នាំ១៩៩៣។[១៩] ការវាយប្រហារនេះបានធ្វើឱ្យសមាជិកបក្សប្រហែល២០០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅខែឧសភា ឆ្នាំ១៩៩៣។[២០]
លទ្ធផល
[កែប្រែ]ដំណើរការបោះឆ្នោតត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣។[២១] ការិយាល័យបោះឆ្នោតភាគច្រើនគឺផ្អែកនៅតាមអគារសាលារៀន និងនៅតាមវត្តដើម្បីកាត់បន្ថយការចំណាយថវិកា។ ការបោះឆ្នោតនេះមានបុគ្គលិកខ្មែរប្រមាណ៥០,០០០នាក់ និងអ្នកស្ម័គ្រចិត្តអន្តរជាតិចំនួន៩០០នាក់ ព្រមទាំងមន្ត្រីអង្គការសហប្រជាជាតិបន្ថែមចំនួន១,៤០០នាក់ ដែលបម្រើជាអ្នកសង្កេតការណ៍ការិយាល័យបោះឆ្នោត។[២២] ការរាប់សន្លឹកឆ្នោតបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី១០ ខែមិថុនា។ លទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាសដោយលោក អាកាស៊ី ហើយប្រាំថ្ងៃក្រោយមកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអនុម័តលទ្ធផលបោះឆ្នោតជាមួយនឹងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ៨៤០។[២៣]
គណបក្ស | សម្លេង | % | កៅអី/អាសនៈ | +/– | |
---|---|---|---|---|---|
គណបក្សហ៊្វុនស៊ិនប៉ិច | ១,៨២៤,១៨៨ | ៤៥.៤៧ | ៥៨ | មិនបានចូលរួម | |
គណបក្សប្រជាជនកម្ពុជា | ១,៥៣៣,៤៧១ | ៣៨.២៣ | ៥១ | ៦៦ | |
គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា | ១៥២,៧៦៤ | ៣.៨១ | ១០ | ថ្មី | |
គណបក្សប្រជាធិបតេយ្យសេរី | ៦២,៦៩៨ | ១.៥៦ | ០ | ថ្មី | |
គណបក្សម៉ូលីណាកា និងអ្នកតស៊ូខ្មែរដើម្បីសេរីភាព | ៥៥,១០៧ | ១.៣៧ | ១[lower-alpha ១] | មិនបានចូលរួម | |
គណបក្សខ្មែរអព្យាក្រឹត | ៤៨,១១៣ | ១.២០ | ០ | ថ្មី | |
គណបក្សប្រជាធិបតេយ្យ | ៤១,៧៩៩ | ១.០៤ | ០ | ថ្មី | |
គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ | ៣៧,៤៧៤ | ០.៩៣ | ០ | ថ្មី | |
គណបក្សសាធារណរដ្ឋសេរីនិយម | ៣១,៣៤៨ | ០.៧៨ | ០ | ថ្មី | |
គណបក្សសេរីបង្រួបបង្រួមជាតិ | ២៩,៧៣៨ | ០.៧៤ | ០ | ថ្មី | |
គណបក្សកម្ពុជារស់ឡើងវិញ | ២៨,០៧១ | ០.៧០ | ០ | ថ្មី | |
គណបក្សសម្ព័ន្ធសាធារណរដ្ឋ | ២៧,៦៨០ | ០.៦៩ | ០ | ថ្មី | |
គណបក្សសភាជាតិខ្មែរ | ២៥,៧៥១ | ០.៦៤ | ០ | ថ្មី | |
គណបក្សកម្ពុជាអព្យាក្រឹតប្រជាធិបតេយ្យ | ២៤,៣៩៤ | ០.៦១ | ០ | ថ្មី | |
គណបក្សកសិករប្រជាធិបតេយ្យសេរីខ្មែរ | ២០,៧៧៦ | ០.៥២ | ០ | ថ្មី | |
គណបក្សសាធារណរដ្ឋអភិវឌ្ឍសេរី | ២០,៤២៥ | ០.៥១ | ០ | ថ្មី | |
គណបក្សសាមគ្គីធម៍ប្រជាជាតិ | ១៤,៥៦៩ | ០.៣៦ | ០ | ថ្មី | |
គណបក្សប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ | ១៣,៩១៤ | ០.៣៥ | ០ | ថ្មី | |
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ | ១១,៥២៤ | ០.២៩ | ០ | ថ្មី | |
គណកប្សខ្មែរជាតិនិយម | ៧,៨២៧ | ០.២០ | ០ | ថ្មី | |
សរុប | ៤,០១១,៦៣១ | ១០០.០០ | ១២០ | ៣ | |
សំឡេងឆ្នោតសុពលភាព | ៤,០១១,៦៣១ | ៩៤.០១ | |||
សម្លេងទុព្វលភាព/មិនបានការ | ២៥៥,៥៦១ | ៥.៩៩ | |||
សន្លឹកឆ្នោតសរុប | ៤,២៦៧,១៩២ | ១០០.០០ | |||
អ្នកបោះឆ្នោតចុះបញ្ជី/អ្នកទៅបោះឆ្នោត | ៤,៧៦៤,៦១៨ | ៨៩.៥៦ | |||
ប្រភព: Nohlen et al.[២៤] |
បញ្ហាបន្ទាប់ពីការបោះឆ្នោត
[កែប្រែ]នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៩៣ គណបក្សប្រជាជនបានដាក់ពាក្យបណ្តឹងទៅលោក អាកាស៊ី លើការអះអាងពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត។ នៅពេលដែលលោក អាកាស៊ីច្រានចោលពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងលោក ជា ស៊ីម បានស្នើទៅព្រះសីហនុ ដើម្បីកាន់អំណាចប្រតិបត្តិពេញលេញជាប្រមុខរដ្ឋ។[១] ព្រះសីហនុបានទទួលយកគំនិតផ្តួចផ្តើមនេះ ហើយបានចេញសេចក្តីប្រកាសនៅថ្ងៃទី៣ ខែមិថុនា ថាព្រះអង្គនឹងឡើងកាន់តំណែងជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។ ក្រសួងទាំងឡាយក៏ត្រូវបានបែងចែករវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជន ដោយផ្អែកលើមូលដ្ឋានហាសិបហាសិប។[២៥]
ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេច នរោត្តម រណឫទ្ធិ ព្រមទាំងប្រទេសមួយចំនួនរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី និងចិន បានប្រឆាំងនឹងគំនិតផ្តួចផ្តើមនេះ។ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា គំនិតផ្តួចផ្តើមរបស់ព្រះសីហនុនឹងរំលោភលើស្មារតីនៃការបោះឆ្នោត ក៏ដូចជាលក្ខខណ្ឌដែលបែងចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នៅថ្ងៃបន្ទាប់ ព្រះសីហនុបានបោះបង់ចោលគំនិតផ្តួចផ្តើមដើម្បីកាន់អំណាចប្រតិបត្តិពេញលេញ។[២៦]
មួយសប្តាហ៍ក្រោយមក នៅថ្ងៃទី១០ ខែមិថុនា លោក ហ៊ុន សែន បានប្រកាសថា ខេត្តភាគខាងកើតចំនួនប្រាំពីរ ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម បានបំបែកចេញពីប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី នរោត្តម ចក្រពង្ស និងនៅពេលនោះជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស៊ិន សុង។ លោក ហ៊ុន សែន ជៀសវាងគាំទ្រការប៉ុនប៉ងធ្វើអបគមន៍ជាសាធារណៈ ប៉ុន្តែបានចោទអង្គការសហប្រជាជាតិថាបានបង្កើតការបន្លំសន្លឹកឆ្នោតដើម្បីជំរុញឱ្យគណបក្សប្រជាជនកម្ពុជាបរាជ័យក្នុងការបោះឆ្នោត។ ចក្រពង្ស និងស៊ិនសុង បានវាយប្រហារការិយាល័យនយោបាយដែលជាកម្មសិទ្ធិរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនានៅតាមបណ្តាខេត្តនានា ហើយក៏បានចេញបញ្ជាឱ្យមន្ត្រីអ៊ុនតាក់ចាកចេញពីខេត្តក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន។[២៧]
កិច្ចប្រជុំរដ្ឋសភាជាបន្ទាន់មួយត្រូវបានផ្តួចផ្តើមឡើងនៅថ្ងៃទី១៤ ខែមិថុនា ដែលព្រះសីហនុត្រូវបានតែងតាំងជាប្រមុខរដ្ឋឡើងវិញ ដោយ សម្តេច រណឫទ្ធិ និង លោក ហ៊ុន សែន ត្រូវបានតែងតាំងជាសហនាយករដ្ឋមន្ត្រីដែលមានអំណាចប្រតិបត្តិស្មើគ្នា។[២៨] នៅពេលដែលលោក ហ៊ុន សែន ចេញលិខិតមួយច្បាប់ទៅលោក អាកាស៊ី ដើម្បីប្រកាសគាំទ្រដល់ការបន្តរដ្ឋបាលបណ្តោះអាសន្នរបស់អ៊ុនតាក់ លោក ចក់ ពង្ស និងលោក ស៊ិន សុង បានទម្លាក់ការគំរាមកំហែងរបស់អបគមន៍។[២៩] សម្រាប់រយៈពេលបីខែបន្ទាប់ ព្រះសីហនុបានធ្វើជាអធិបតីក្នុងរដ្ឋបាលបណ្តោះអាសន្ន។ ព្រះអង្គបានលាលែងពីតំណែងនៅថ្ងៃទី២១ ខែកញ្ញា ហើយបានឡើងកាន់តំណែងជាព្រះមហាក្សត្រកម្ពុជាឡើងវិញពីរថ្ងៃបន្ទាប់មកនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៣។[៣០]
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ Widyono (2008), p. 124
- ↑ UN Security Council Practices and Charter Research Branch (1995), p. 598
- ↑ Widyono (2008), p. 35
- ↑ Widyono (2008), p. 5
- ↑ Widyono (2008), p. 95
- ↑ Widyono (2008), p. 116
- ↑ Widyono (2008), p. 115
- ↑ Widyono (2008), p. 117
- ↑ Widyono (2008), p. 118
- ↑ Widyono (2008), p. 77
- ↑ Widyono (2008), pp. 84–5
- ↑ Widyono (2008), p. 76
- ↑ Widyono (2008), p. 78
- ↑ Ben Kiernan (20 November 1992). "COMMENT: U.N.'s Appeasement Policy Falls into Hands of Khmer Rouge Strategists". Phnom Penh Post. Retrieved 8 March 2015.
- ↑ Heder et al. (1995), p. 98
- ↑ Summit Nutritionals Internatationl - 1993 Attack In Cambodia: Portuguese Tourist Dr. Caesar DePaço[តំណភ្ជាប់ខូច]
- ↑ Widyono (2008), p. 96
- ↑ Widyono (2008), pp. 97–8
- ↑ Heder et al. (1995), p. 170
- ↑ Heder et al. (1995), p. 196
- ↑ Widyono (2008), p. 119
- ↑ Widyono (2008), p. 120
- ↑ Widyono (2008), p. 127
- ↑ Nohlen et al. (2001), p. 70
- ↑ Widyono (2008), p. 126
- ↑ Widyono (2008), p. 126
- ↑ Widyono (2008), pp. 128–9
- ↑ Widyono (2008), pp. 128–9
- ↑ Ker Munthit (18 June 1993). "Chakrapong-led Secession Collapses". Phnom Penh Post. Retrieved 12 March 2015.
- ↑ Widyono (2008), p. 130
គន្ថនិទ្ទេស
[កែប្រែ]សៀវភៅ
[កែប្រែ]- Heder, Stepher R.; Ledgerwood, Julie (1995). Propaganda, Politics and Violence in Cambodia: Democratic Transition Under United Nations Peace-Keeping. M.E. Sharpe. ល.ស.ប.អ. 0765631741.
- Nohlen, D.; Grotz, F.; Hartmann, C. (2001). Elections in Asia: A data handbook, Volume II. Oxford University Press. ល.ស.ប.អ. 0-19-924959-8.
- Widyono, Benny (2008). Dancing in Shadows: Sihanouk, the Khmer Rouge, and the United Nations in Cambodia. Rowman & Littlefield. ល.ស.ប.អ. 0742555534.
របាយការណ៍
[កែប្រែ]- (1995)"Repertoire of the Practice of the Security Council–Asia–14. The situation in Cambodia". Modern Asian Studies: 596–612.
កំណត់សម្គាល់
[កែប្រែ]- ↑ អាសនៈនេះត្រូវបានផ្តល់ដោយគណបក្សហ្វ៊ុនស៊ិនប៉ិច
|