កាំង ហ្កេកអ៊ាវ

ពីវិគីភីឌា
Jump to navigation Jump to search

ប្រវត្តិរូប[កែប្រែ]

នៅ​ក្នុង​ឆ្នាំ​១៩៦៥ ឌុច បាន​ក្លាយ​​ទៅ​​ជា​គ្រូ​បង្រៀន​ផ្នែក​គណិតវិទ្យា ហើយ មួយ​រយៈ​ក្រោយ​មក គាត់​ត្រូវ​បាន​ចោទ​ថា​បាន​ចូល​រួម​ជា​មួយ​បក្ស​កុម្មុយនីស្ត។ គាត់​ត្រូវ​ប៉ូលីស​របស់​សម្តេច សីហនុ ចាប់​ខ្លួន​ក្នុង​ឆ្នាំ​១៩៦៨ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង ឲ្យ​មាន​សេរីភាព​វិញ​នៅ​ពេល​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​សីហនុ​នៅ​ឆ្នាំ​១៩៧០។ ពី​ខែ​កក្កដា ឆ្នាំ១៩៧១ ដល់​ខែ​មករា ឆ្នាំ​១៩៧៥ ឌុច ត្រូវ បាន​ចោទ​ថា​មាន​តួនាទី​ជា ប្រធាន​ការិយាល័យ​ទី​១៣ ឬ ម-១៣ (គឺ​ជា​មន្ទីរ​សន្តិសុខ​មួយ​ទៀត​របស់​បក្ស កុម្មុយនីស្ត​កម្ពុជា មាន​ទី​តាំង​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ភ្នំពេញ)។ ឌុច បន្ត​រស់​នៅ​ ជា​មួយ​ខ្មែរ​ក្រហម​រហូត​ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ទើប​គាត់​ត្រឡប់​មក​ធ្វើ​ជា​គ្រូ បង្រៀន​វិញ។ បន្ទាប់​ពី​មរណភាព​របស់​​ប្រពន្ធ​គាត់​ដោយ​សារ​អំពើ​ប្លន់​នៅ​ឆ្នាំ​១៩៩៥ ឌុច បាន​ប្តូរ​មក​កាន់​សាសនា​គ្រិស្ត ​និង​បាន​ផ្លាស់​ទៅ​រស់​នៅ​ស្រុក​សំឡូត រហូត​ដល់ ពេល​ដែល​គាត់​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​​អ្នក​សារ​ព័ត៌មាន​មួយ​រូប​ក្នុង​ឆ្នាំ​១៩៩៩។ បន្ទាប់​មក ឌុច ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​ទ័ព​កម្ពុជា។

ស្ថាន​ភាព​ករណី[កែប្រែ]

បន្ទាប់​ពី​បាន​ធ្វើ​សវនាការ​បឋម​នៅ​ថ្ងៃ​ទី១៧ និង១៨ ខែកុម្ភៈ ឆ្នាំ២០០៩ ការ​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្តី​ត្រូវ​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០០៩។ ការ​ជំនុំ​ជម្រះ ឌុច បាន​បញ្ចប់​នៅ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩។ ក្នុង​រយៈ​ពេល​ជំនុំ​ជម្រះ​ចំនួន​៧៧​ថ្ងៃ មាន​សាក្សី​ជា​អ្នក​ជំនាញ​ចំនួន​៩នាក់ សាក្សី​ផ្តល់​សក្ខី​កម្ម​ទាក់ទង ​នឹង​អង្គហេតុ​ចំនួន​១៧នាក់ សាក្សី​ផ្តល់​សក្ខីកម្ម​ទាក់​ទង​នឹង​អត្តចរិត​ចំនួន​៧នាក់ និង​ដើម​បណ្តឹង រដ្ឋប្បវេណី​ចំនួន​២២នាក់ បាន​ឡើង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។ មាន​មនុស្ស​ចំនួន​ជាង ៣១.០០០នាក់ បាន​តាម​ដាន​ដំណើរ​ការ​នីតិវិធី​នេះ​ដោយ​ផ្ទាល់ នៅ​សាល​សវនាការ។ នៅ​ថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ២០១០ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ដាក់​ទោស កាំង ហ្កេកអ៊ាវ និង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣៥ឆ្នាំ។ ទោស​នេះ​ត្រូវ​បាន​កាត់ បន្ថយ​រយៈ​ពេល​៥ឆ្នាំ ជា​សំណង​ចំពោះ​ការ​ឃុំ​ខ្លួន​គាត់​ខុស​នីតិវិធី​ច្បាប់​ដោយតុលាការ យោធា​កម្ពុជា ពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​១៩៩៩ ដល់​ថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ​២០០៧។ ជន​ត្រូវ​ចោទ​ក៏​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​នូវ​រយៈ​ពេល​ឃុំ​ខ្លួន​នៅ​ក្រោម​សមត្ថកិច្ច របស់​តុលាការ​យោធា​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ១៩៩៩ រហូត​ដល់​ថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ២០០៧ និង​រយៈ​ពេល​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្រោម​សមត្ថកិច្ច​របស់ អ.វ.ត.ក ចាប់​ពី​ថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០០៧ រហូត​ដល់​ថ្ងៃ​ដែល​សាលក្រម​នេះ​ចូល ជា​ធរមាន។ ជន​ត្រូវ​ចោទ និង​សហ​ព្រះរាជអាជ្ញា បាន​ប្តឹង​សាទុក្ខ​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល ជំទាស់​ទៅ​នឹង​សាល​ក្រម​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។ ដើម​បណ្តឹង​រដ្ឋប្បវេណី មួយ​ចំនួន​ក៏​បាន​ប្តឹង​សាទុក្ខ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ពាក់ព័ន្ធ​ទៅ​នឹង​សំណង​ផ្លូវ​ចិត្ត​និង​ការ​បដិសេធ​ភាព​អាច​ទទួល​យក​បាន​នៃ​ពាក្យ​សុំ​ធ្វើ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី។ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​បើក​សវនាការ​សាធារណៈ​ទៅ​លើ​បណ្តឹង​សាទុក្ខ ប្រឆាំង​នឹង​សាល​ក្រម​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ក្នុង​សំណុំ​រឿង​០០១ នៅ​សប្តាហ៍ ចុង​ក្រោយ​នៃ​ខែ​មីនា ឆ្នាំ២០១១។

ចំណុច​ចោទ​ប្រកាន់[កែប្រែ]

នៅក្នុងសាលក្រមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ អង្គជំនុំជម្រះសាលាដំបូងរកឃើញថា ឌុច មានទោសទៅតាមមាត្រាទី៥ ទី៦ និងទី២៩(ថ្មី) នៃច្បាប់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចំពោះ បទល្មើសទាំងប៉ុន្មានខាងក្រោម ដែលត្រូវបានប្រព្រឹត្ត នៅទីក្រុងភ្នំពេញ ក្នុងទឹកដីនៃប្រទេសកម្ពុជា ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖

ឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ៖

  • ការរើសអើងដោយសារហេតុផលនយោបាយ
  • ការសម្លាប់រង្គាល (រួមបញ្ចូលទាំងការធ្វើមនុស្សឃាត)
  • ការធ្វើឲ្យទៅជាទាសករ
  • ការដាក់ក្នុងមន្ទីរឃុំឃាំង
  • ការធ្វើទារុណកម្ម (រួមទាំងការរំលោភលើផ្លូវភេទ មួយករណី)

ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩៖

  • ការធ្វើមនុស្សឃាតដោយចេតនា
  • ការធ្វើទារុណកម្ម និងការធ្វើបាបដោយអមនុស្សធម៌
  • ការបង្កដោយចេតនា ឲ្យមានរបួសធ្ងន់ធ្ងរ ឬឲ្យមានការឈឺចាប់ដល់រាងកាយ ឬសុខភាព
  • ការដកហូតដោយចេតនាពីឈ្លើយសឹក ឬជនស៊ីវិល នូវសិទ្ធិទទួលបានការកាត់ទោស ដោយយុត្តិធម៌និងទៀងទាត់
  • និងការឃុំខ្លួនជនស៊ីវិល ដោយខុសច្បាប់។

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]