ចក្រីកែវ (មានជ័យ)

ពីវិគីភីឌា
ចក្រីកែវ
ឧកញ៉ាចក្រីនៃកម្ពុជាធិបតី
ក្នុងការិយាល័យ
គ.ស. ១៥១៦ – ១៥២២
ព្រះមហាក្សត្រចន្ទរាជា
ហ្លួងភក្ដីនុរ័ក្សនៃក្រុងមានជ័យ
ក្នុងការិយាល័យ
គ.ស.១៥១៦
ព្រះមហាក្សត្រចន្ទរាជា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
កែវ

ឧកញ៉ាចក្រីកែវ (កាន់.គស.១៥១៦-ប្រ.១៥៦៧) គឺជាមន្ត្រីចតុស្ដម្ភនៃព្រះបាទបរមខត្តិយា មហាចន្ទរាជា។ កាលពីដំបូងលោកមានងារជា ហ្លួងភក្ដីនុរ័ក្ស ជាព្រះភីលៀងរបស់ទ្រង់តាំងពីនៅកម្ពុជារហូតដល់ត្រឡប់ចូលស្រុកវិញ។

សមរភូមិសំរោងទង គស.១៥១៧[កែប្រែ]

សេនាបតី​ទទួល​ព្រះរាជ​បញ្ជាហើយ ក៏​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បានឲ្យ​កេណ្ឌ​កងទ័ព​តាម​ត្រាស់​បង្គាប់។ លុះដល់​ខែ​នោះ គ្រប់​ចៅហ្វាយស្រុក​បញ្ជូន​រេហ៍ពល​មក​ជួបជុំ​បាន​ចំនួន​ ១២០០០០ ​នាក់។ ទ្រង់​ត្រាស់​ឲ្យ​បង្ហាត់​កាន់​អាវុធ​ឲ្យ​ស្ទាត់​តាម​ក្បួន​ពិជ័យសង្គ្រាម ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល​ឲ្យ​ឃុំ​កងទ័ព ​២០០០០ ​នាក់​ឆ្លង​ទៅ​តាំងទ័ព​នៅ​ខេត្ដ​សំរោងទងឲ្យ​សម្ដេច​ចៅហ៊្វា​កៅ​ឃុំ​ពល ​៣០០០០ ​នាក់​ទៅ​តាំង​បន្ទាយ​នៅ​ភ្នំពេញ

ក្នុង​ខណៈនោះ​ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ដោយ​បំរើសេះ​ពី​ខេត្ដ​លង្វែក​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សព្វគ្រប់​ប្រការ​ហើយ ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង​ណាស់។ ទ្រង់​ប្រាប់​ឧកញ៉ា​ចក្រី​កែវ និង​ឧកញ៉ា​វង្សាអគ្គរាជ​កែឲ្យ​ឃុំ​ពល ​២០០០០ ​នាក់​លើក​ចេញ​ទៅ។ ព្រះ​បរមបពិត្រ​អម្ចាស់​ត្រាស់​ឲ្យ​ស្ដេច​ព្រះ​ភាគិនេយ្យោយសរាជា​នៅ​ចាំ​រក្សា​បន្ទាយ ហើយ​ព្រះ​អង្គ​ព្រម​ដោយ​សេនា​ទាហាន រេហ៍ពល​ ៣០០០០​ នាក់លើក​ចេញ​ទៅ​តាំង​នៅ​ភូមិ​ជ័យសួគ៌នៅ​ខេត្ដ​លង្វែករង់ចាំ​ស្ដាប់​រាជការ​សង្គ្រាម បើ​ឃើញ​អាសន្ន​ទ្រង់​នឹង​លើកទ័ព​ទៅ​ជួយ​ជា​ឆាប់។ ក្នុង​គ្រានោះ​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែលើកទ័ព​ចូល​ច្បាំង​នឹង​កងទ័ព​ចៅពញា​ស្រាល។ វង្សាអគ្គរាជ​លើកទ័ព​តទល់​នឹង​ចៅពញា​លំពាំងជា​សេនាបតី​មេទ័ព​ត្រើយ​ខាងកើត។ ខណៈនោះ ​សេនា​ទាហាន​រេហ៍ពល​ទាំង​សងខាង​ចូល​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​វែង​ខ្លី ជា​សន្ធឹក​គឹកកង​កោលាហល។ ពួក​ពល​ស្លុត​ស្លាប់​ទាំង​សងខាងកងទ័ព​ដំរី (ទ័ព​ខាង​សម្ដេចចៅពញា​ចន្ទរាជា) ដែល​ឧកញ៉ា​ចក្រី​ឲ្យ​ឧកញ៉ា​នរិន្ទ​នាយក​ព្រះរាជា​នុកូលទៅ​បង្កប់​ក្នុង​ព្រៃ​នោះ​ចំនួន​ដំរី​សឹក​ ១៤០​ នាក់វាង​បាន​ទៅ​ខាងក្រោយ​ទ័ព​សត្រូវ​ហើយ​ក៏​បរ​ចូល​ទៅ​រួសរាន់​ជាន់​ជល់​ពង្រាប​ពីក្រោយ​កងទ័ព។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាលទ្រាំ​ពុំ​បាន​ក៏​បែក​ទ័ពរត់ទៅ​នៅ​ក្នុង​បន្ទាយ​ភ្នំពេញ​វិញ។

សមរភូមិភ្នំពេញ គ.ស. ១៥១៧-១៥១៨[កែប្រែ]

លុះ ​ការ​បុណ្យ​ទ្វារទសមាស​ហើយ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ត្រាស់​បង្គាប់​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែ និង​ឧកញ៉ាក្រឡាហោមគាំឃុំ​ពល​រេហ៍ ​៣០០០០​ នាក់​លើក​ទៅ​ចោម​បន្ទាយ​ខែត្រ​ភ្នំពេញ។ ឧកញ៉ា​ទាំង​ ៣ ​នាក់​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់ចែង​កងទ័ព ព្រមទាំង​គ្រឿងសាស្ដ្រាវុធ​ស្រេច​ហើយ​ក៏​លើក​ចេញ​ទៅ​ចោម​វាយ​បន្ទាយ​នោះ​តាម​ត្រាស់​បង្គាប់។ ខណៈ​នោះ​មេទ័ព​ខាង​ស្ដេច​កន គឺ​ចៅហ៊្វាកៅ ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​តេជោ ចៅហ្វាយស្រុក​សំរោងទង ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញជា​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ចេញ​ច្បាំង​នឹង​មេទ័ព​នៃ​អម្ចាស់​ត្រើយ​ខាងលិចជួន​ឈ្នះជួន​ចាញ់​ម្ដងម្នាក់​ជា​ច្រើន​ដង។ លុះដល់​រដូវភ្លៀង​រាស្ដ្រ​អត់ឃ្លាន​បាយគ្មាន​ស្រូវវេទនាណាស់ ក៏​សន្យា​បើក​កងទ័ព​ទាំង​សងខាង​ឲ្យ​ឈប់​ច្បាំង​រហូត​ដល់​ធ្វើស្រែ​ហើយ។ លុះ​មក​ដល់​ឆ្នាំខាល ទោស័ក ព.ស​ ២០៧៤, គ.ស ​១៥១៨, ម.ស​ ១៤៥២, ច.ស ​៨៩២ តាំងពី​ខែ​មិគសិរ បុស្ស ​រៀង​ទៅមន្ដ្រី​ត្រើយ​ខាងកើត (ស្ដេច​កន) ចេញ​កេណ្ឌ​មនុស្ស​ចុះ​ក្បួនទ័ព​លើក​ច្បាំង​គ្នាដណ្ដើម​យក​ខែត្រ​ត្រើយ​ខាងលិច​ទៀត។ ច្បាំង​គ្នា​ជា​ច្រើន​គ្រា លុះ​ផុត​វេលា​ក៏​ឲ្យ​ទ័ព​ឈប់​ទាំង​សងខាង។ “សង្គ្រាមលើក​ក្រោយ​នេះ​តាំងពី​ឆ្នាំឆ្លូវ​ដល់​ឆ្នាំខាល មេទ័ព​ទាំង​ ៣​ យកជ័យ​ជំនះ​ពុំ​បាន​សោះ។ ទើប​ទ្រង់​ត្រាស់​ប្រើ​ឃុន​វិជិត​តរង្គ​ពៅ​ឲ្យទៅ​ប្រាប់​ឧកញ៉ា​ចក្រី និង​ឧកញ៉ា​វង្សាអគ្គរាជ​ថា ច្បាំង​រា​រត់​ថយ​ក្រោយ​រហូត​ទៅ​ជួបនឹង​ទ័ព​ឧកញ៉ា​ក្រឡាហោម​ថា ឲ្យ​ឧកញ៉ា​ក្រឡាហោម​ក្លែង​ទង់ជ័យ​ជា​រូប​មនុស្ស​ថាបើ​ឃើញ​កងទ័ព​សត្រូវ​បាក់រត់​មកឲ្យធ្វើ​ជា​ភ្ញាក់ផ្អើល​រត់ទៅ​ជាមួយនឹង​កងទ័ព​ឧកញ៉ា​ចក្រី ឧកញ៉ា​វង្សា​អគ្គរាជ​ត្រង់​រហូត​ទៅ​ដល់​ស្រុក​ឧដុង្គ។ ឃុន​វិជិត​តរង្គ​ពៅ​ក៏​ប្រាប់​ទៅ​មេទ័ព​ទាំង ​៣ ​កង​តាម​ព្រះរាជ​បន្ទូល​ពិសេស។ ក្រោយ​ព្រះរាជបំរើ​ទៅ​នោះ ទ្រង់​អនុញ្ញាត​ឲ្យ​ឧកញ៉ា​យមរាជព្រំជា​មេទ័ព​ធំ ឧកញ៉ា​មហា​សេនា​សុខជា​មេទ័ព​មុខ ឧកញ៉ា​យោធា​សង្គ្រាមជា​ប៉ែក​ឆ្វេង ឧកញ៉ា​យោធា​សង្គ្រាម​ទេព ជា​ប៉ែក​ស្ដាំទៅ​ឃុំ​ពល​ ២០០០០ ​នាក់​បង្កប់​នៅ​ក្នុង​ព្រៃ​មួយ​ខាង​ជើង​បឹង​ពោងពាយ។ ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​កងទ័ព​សត្រូវ​នៅ​បន្ទាយ​ដេញ​កងទ័ព​យើង​ ៣ ​កង​ទៅ​ហើយ​នោះ​ឲ្យ​ដេញ​កងទ័ព​យើង​ឲ្យ​លើក​ជណ្ដើរ​កាន់​គប់​ភ្លើង​យក​ទៅ​ចោម​អុជ​បន្ទាយ​នោះ​ឲ្យ​បាន។ ទើប​ទ្រង់​ចាត់​ឧកញ៉ាវិបុលរាជ​គាំ ឧកញ៉ា​ប្រទេស​រាជ​សួរឲ្យ​កេណ្ឌ​ទូក​រាស្ដ្រ​ផ្សំ​នឹង​ទូក​ចំបាំង​របស់​ខ្លួន​ទៅ​បោះ​នឹង​ជ្រោយ​ពន្លា​ថា បើ​ឃើញ​កងទ័ព​សត្រូវ​លើក​ចេញ​មក​ឲ្យ​រា​ថយ​មក​ដល់​ព្រែក​ព្នៅ។ ទ្រង់​ចាត់​សម្ដេចចៅហ្វាទឡ្ហៈទេព ឲ្យ​លើកទ័ព​ទូក​ទៅ​បង្កប់​នៅ​ព្រែក​តាទែនដោយ​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេសរាជ​មកឲ្យ​ព័ទ្ធ​ពីក្រោយ​ព្រួត​គ្នា​ច្បាំង​ដណ្ដើម​យកជ័យ​ជំនះ​ឲ្យ​បាន។ មេទ័ព មេកង ទាំង​ជើង​ទឹក​ជើង​គោក ក៏​ថ្វាយបង្គំ​លា​ ឃុំ​កងទ័ព​លើក​ទៅ​ធ្វើ​តាម​ព្រះរាជ​បញ្ជាការ។ លុះ​មក​ដល់​ថ្ងៃ ​១២​ កើត ខែមិគសិរ ឆ្នាំខាល ទោស័ក​នេះ ឧកញ៉ា​ចក្រី​ ឧកញ៉ា​វង្សាអគ្គរាជ លើក​កងទ័ព​ចូល​ចោម​បន្ទាយ​ភ្នំពេញ​បាន​មួយស្របក់​ក៏​ថយ​រត់​ទៅ​វិញ។ ចៅពញា​តេជោ និង​ចៅពញា​រាជា​មេត្រី ឃើញ​ហើយ​ពុំ​ដឹង​កល ក៏​បើកទ្វារ​បន្ទាយ​នាំ​កងទ័ព​របស់​ខ្លួន ​២០០០​ នាក់​នោះ ដេញ​តាម​ទ័ព​ដែល​ចោមព័ទ្ធ​ខ្លួន​ដល់​អូរ​ផ្អរ ក៏​ប្រទះ​ទង់ជ័យ​ទ័ព​ហ្លួង​មួយ​កង​ទៀត​បែក​ទ័ពរត់ទៅ​វិញ ដូច្នេះ​ទ័ព​ខាង​ស្ដេច​កន ក៏​កំរើកចិត្ដ​ពន់ប្រមាណ។ លុះ​ឃើញ​ទង់​រូប​មេទ័ព​ទាំង​ពីរ​នោះ​ ក៏​សំគាល់​ថា ជា​ទ័ព​ហ្លួង​ចាញ់​បែក​ទ័ព​រត់​ទៅ​ហើយ ទើប​ឲ្យ​លើក​កងទ័ព​ដេញ​តាម​ទៅ​ទៀត។ លុះ​ទៅ​ដល់​ដំបូក​មាន​លាក់ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​ចក្រី​ហួស​ទៅ។ ខណៈនោះ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​នរិន្ទ្រាធិបតី (ទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា) ត្រឡប់​ទ័ព​បាន​ពីក្រោយ​ឡោម​ចោម​ច្បាំង​ផ្ទប់​មក។ ឧកញ៉ា​ចក្រី (ខាង​សម្ដេច​ព្រះ​ចន្ទរាជា) ក៏​រា​ទ័ព​ត្រឡប់​មក​វិញ ចូល​បាញ់​ចាក់​កាប់សំលាប់​ទ័ព​សត្រូវ​ដែល​នៅ​ជា​កណ្ដាល​សត្រូវ​ក៏​បែក​ ទ័ពរត់ទៅ មេទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា​ចាប់​បាន​ចៅហ្វាយស្រុក​ទាំង​ពីរ និង​ក្រុម​សេនា​ទាហាន​ទាំង​ ២៣ ​នាក់ ព្រមទាំង​គោ ក្របី ដំរី សេះ ហើយ​នាំ​ខ្លួន​ឈ្លើយ​ទាំងនោះ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ។ សម្ដេច​ព្រះ​មហា​ខត្តិយា​ចន្ទរាជា ទ្រង់​ឲ្យ​ដាក់​ក្ដី​ទាំងនោះ​ទុក​ចាំ​ជួប​មេទ័ព​គ្រប់​កង។ ឯ​សម្ដេចចៅហ៊្វា​កៅ កាល​ក្រឡេក​ទៅ​ឃើញ​កងទ័ព​ទូក​បោះ​នៅ​ជ្រោយចង្វា​មាន​ចំនួន​តិច​តួច​ស្ដួច​ស្ដើង​ណាស់ ក៏​គិត​ថា​ចៅហ្វាយស្រុក​ទាំង​ពីរ (ខាង​ខ្លួន) ច្បាស់​ជា​មាន​ជ័យ​ជំនះ​ហើយ ដែល​ដេញ​តាម​ទ័ព​ត្រើយ​ខាងលិច​នោះ ប្រហែលជា​បាន​សំរេចការ​សង្គ្រាម​ក្នុង​គ្រានេះ​ហើយ​ ថាបើ​បាន​សំរេច​ហើយ មុខជា​ចៅហ្វាយស្រុក​ទាំង​ពីរ​នោះ​នឹង​បាន​គុណ​គាប់​ជាង​អញ​ហើយ។ ចៅហ៊្វា​កៅ​គិត​ទៀត​ថា “ពី​មុន​អញ​អធ្យាស្រ័យ​ឲ្យ​ម្ដង ពុំ​ទាន់​បាន​កែខ្លួន គ្រា​ម្ដងនេះ​ចៅហ្វាយស្រុក​ទាំង​ពីរ​មាន​ជ័យ​លើ​ទ័ព​ត្រើយ​ខាងលិច​ទៀត​នោះ​ ឃើញ​ថាមិន​ស្រួល​ដល់​អញ​ជា​ខ្លាំង”។ សម្ដេចចៅហ៊្វា​កៅ​គិត​ឃើញ​ដូច្នេះ​ហើយ ទើប​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​វៀង នៅ​រក្សា​បន្ទាយ ឯ​ខ្លួន​ចៅហ៊្វា​ដេញ​កងទ័ព​ឲ្យ​ចុះទូក​ចំបាំង​ប្រមាណ ​៦០ ទៅ​ច្បាំង​នឹង​ឧកញ៉ា​វិបុលរាជ​ ឧកញ៉ា​ប្រទេស​រាជ​ដែល​ចតទូក​នៅ​ជ្រោយចង្វា។ កាល​ទ័ព​សត្រូវ​មក​ដល់​ហើយ ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេស​រាជ (មេទ័ព​ខាង​ព្រះ​ចន្ទរាជា) ក៏​ដេញ​ពល​ឲ្យ​ទទួល​ច្បាំង​ត​នឹង​អាវុធ​វែងយ៉ាង​ឃោរឃៅ។ មួយ​ស្របក់​ក្រោយមក​ឧកញ៉ា​ទាំង​ពីរ​នាក់​ក៏​ឲ្យ​ពល​ថយ​ទូក​រត់ទៅ​ដល់​ព្រែក​ព្នៅ។ ចៅហ៊្វា​កៅ​ឃើញ​ដូច្នេះ​ក៏​ចែវ​ទូក​ដេញ​ទៅ​តាម។ សម្ដេចចៅពញា​ទេព កូនចៅ​ពញាពេជ្រ​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងលិច​កាល​ឃើញ​ចៅហ៊្វា​កៅ​ដេញ​ទ័ព​ ឧកញ៉ា​ទាំង​ពីរ​ហួស​ទៅ​ហើយ ក៏​បង្គាប់​ឲ្យ​នាយកង​នាយ​ទ័ព​ឲ្យ​ចេញ​ទូកចំបាំងពី​ក្នុង​ព្រែក​តាទែន ហើយ​ដេញ​បាញ់​ពីក្រោយ។ ឯ​កងទ័ព​ឧកញ៉ា​វិបុលរាជ ឧកញ៉ា​ទេស​រាជ មេទ័ព​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ពេល​នោះ​ ក៏​រា​បែរមក​ច្បាំង​តាំង​ត​ជា​ឱឡារិក។ កងទ័ព​ខាង​ចៅហ៊្វា​កៅ នៅ​ជា​កណ្ដាល​នៃ​ទ័ព​សត្រូវទ័ល​កំលាំង​ណាស់ ក៏​តទៅ​ទៀត​ពុំ​បាន។ ដូច្នេះ​ហើយ​ក៏​លោតទឹក​ស្លាប់​ទៅ ខ្លះ​ក៏​ត្រូវ​នឹង​អាវុធ​ស្លាប់ ខ្លះ​ទៀត​ពិការ​ជា​ច្រើន។ ចំណែកឯ​ចៅហ៊្វា​កៅ​វិញ​លោតទឹក​ទន្លេ​ហែល​រត់​ត្រាតែ​រួច​ទៅ​ដល់​ក្រុង​បាសាន្ត។ កងទ័ព​ឧកញ៉ា​យមរាជ ឧកញ៉ា​មហា​សេនា ឧកញ៉ា​យោធា​សង្គ្រាម ដែល​បង្កប់ទ័ព​ក្នុង​ព្រៃ​មួយ​កាល​ឃើញ​កងទ័ព​ក្នុង​បន្ទាយ​សត្រូវ​ចេញ​ដេញ​ មេទ័ព​ត្រើយ​ខាងលិច​អស់​ជា​ច្រើន​កង​ហើយ យល់​ថា​មាន​មនុស្ស​តិច​ក្នុង​បន្ទាយ​ក៏​ឲ្យ​ពួក​សេនា​រេហ៍ពល​កាន់​គប់​ភ្លើងលី​ជណ្ដើរ​ទៅ​ព័ទ្ធ​ឡើង​បន្ទាយ​នោះ។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាល ដេញ​ពល​ឲ្យ​ចូល​តទល់​នឹង​ទ័ព​ឧកញ៉ា​ទាំង​ពីរ តែ​ទ័ព​ចៅពញា​ទាំង​ពីរ​នេះ​ទប់​មិន​ឈ្នះ​កងទ័ព​ខាង​ព្រះ​ចន្ទរាជា ទើប​ចៅពញា​ទាំង​ពីរ​លោត​ចេញពី​បន្ទាយ​ចុះ​រត់​មក​ទៀត។ សេនា​ទាហាន​ខាង​ឧកញ៉ា​យមរាជ មេទ័ព​ហ្លួង​ត្រើយ​ខាងលិច​ទទួល​ចាក់​កាប់សំលាប់​ទាំង​ពីរ​នាក់​នោះ​ទៅ។ កងទ័ព​ជើងគោក ជើង​ទឹករបស់​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ទ្រង់​ព្រះ​សណ្ដាប់​មេទ័ព និង​នាយកង​ទ័ព​ទាំង​ជើង​ទឹក ជើង​គោក​ក្រាប​បង្គំ​ទូល​ថ្វាយ​មនុស្ស​ទោស​ក្បត់​គ្រប់​ប្រការ​ហើយទ្រង់​ឲ្យ​ចៅក្រម​ប្រឹក្សា​ទៅ​ឃើញ​ថា អា​ក្បត់​ដែល​មានទោស​ធ្ងន់ ​៣៥ ​នាក់​ទ្រង់​ឲ្យ​ប្រហារជីវិត​ទាំងអស់ឃើញ​ថាមនុស្ស​សល់​ពី​នោះ មានទោស​ស្រាល​ល្មម​ត្រាស់​ឲ្យ​ដាក់​ក្ដី​ទាំង ​៥០ ​នាក់។ ព្រះ​អង្គ​ឈ្នះ​សង្គ្រាម​ក្នុង​គ្រានេះ យក​បានខែត្រ​ ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និង​កំពង់សោម។ ចៅ​មឿង​ដែល​ឡើង​ខែត្រ​ទាំងនេះ​នៅ​ទិស​ខាងលិច​ទាំង​ប៉ុន្មាន​នោះ ទ័ព​ហ្លួង​ត្រើយ​ខាងលិច​ចាប់​បាន​ខ្លួន​ទាំងអស់នៅ​សល់​តែ​ខែត្រ​បាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែ​ប៉ុណ្ណោះព្រោះ​ចៅ​ពិស្ណុលោក​រត់ទៅ​ប្រមូល​ចៅហ្វាយស្រុក​ក្រៅ​បន្ទាយ​ទាំងនោះ​ឲ្យ​តាំង​បន្ទាយ​រឹង​នៅឡើយ​មិន​ទាន់​យក​បាន។

សមរភូមិកំពង់សៀម គស.១៥១៩[កែប្រែ]

សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ទ្រង់​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​យក​បាន​ផែនដី​ខែត្រ​ខាងលិច​ទាំង​អស់ហើយ ចៅពញា​លំពាំង ចៅពញា​ស្រាល​ ក៏​ស្លាប់​ក្នុង​សង្គ្រាម​អស់ ចៅពញា​វៀង ចៅពញាវាំង ក៏​មាន​រោគ​អនិច្ចកម្ម​ទៅ​ទាំងអស់​គ្នា​ទៀត ទ្រង់​ព្រះ​ពិរោធ​ណាស់ ទើប​ទ្រង់​រើស​ព្រះ​ញាតិ​ខាង​ព្រះ​អង្គ​មក​តែងតាំង​ថ្មី៖

  • ឈ្មោះព្រំ តាំង​ជា​ចៅពញា​វៀង “ទី​យមរាជ”
  • ឈ្មោះ​ជុំ តាំង​ជា​ចៅពញា​វាំង “ទី​វាំង”
  • ឈ្មោះ​ផាត់ តាំង​ជា​ចៅពញា​ស្រាល “ទី​ក្រឡាហោម”
  • ឈ្មោះ​ពេញ តាំង​ជា​ចៅពញា​លំពាំង “ទី​ចក្រី”

ហើយទ្រង់​បង្គាប់​សេនា​ទាំង​ ៤ ​នេះ​ឲ្យ​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក​គ្រប់ខែត្រ​ដែល​ឡើង​ព្រះ​អង្គ​ទិស​ខាងកើត ទិសអាគ្នេយ៍​ទាំង​ប៉ុន្មានកេណ្ឌ​កងទ័ព​ឲ្យ​បាន​ច្រើន។ ចៅហ្វាយស្រុក​ទាំងនោះ​ទទួល​ព្រះរាជ​បង្គាប់​ហើយ ក៏​កេណ្ឌ​បាន ​៨០០០០​ នាក់មក​ជួបជុំ​តាម​ព្រះរាជ​កំណត់​គ្រប់​ប្រការ។ ខណៈនោះ​ព្រះ​ស្រីជេដ្ឋា​ស្ដេច​ចាត់​សម្ដេចចៅហ៊្វា​កៅជា​មាឲ្យ​នៅ​ចាំ​រក្សា​ព្រះ​នគរ​ជាមួយនិង​ចៅពញា​វាំងចាត់​ចៅពញា​វៀង (ព្រំ) និង​សេនា​ទាហាន​រេហ៍ពល ​១៥០០០​ នាក់ជា​ទ័ព​មុខចាត់​ចៅពញា​លំពាំង​ឲ្យ​ឃុំ​ពល​១០០០០​ នាក់​ជា​ប៉ែក​ឆ្វេង ចាត់​ចៅពញាយោធាធិបតីនួនឃុំ​រេហ៍ពល ​១០០០០ ​នាក់​ជា​ប៉ែក​ស្ដាំ ចាត់​ចៅពញាមហាសេនាទន់ ឃុំ​រេហ៍ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រោយ។ ចំណែក​ព្រះ​អង្គ​ឯង​ឡើង​គង់​ព្រះ​ទីនាំង ព្រម​ដោយ​ស្វេតច្ឆត្រ ចាមរបៃមនសែន​ក្វាន់​អភិរម្យ ឃុំ​រេហ៍ពល​ ២០០០០ ​នាក់លើក​ចេញ​ជា​ទ័ព​ហ្លួង។ ទ្រង់​ចាត់​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជឃុំ​រេហ៍ពល​ ២០០០០ ​នាក់​ចុះ​ទូកចំបាំង​ ​៣០០ ​លើក​ចេញ​ទៅ​ទាំង​ជើង​គោក ជើង​ទឹក។ ខណៈនោះ​កងទ័ព​ជើងទឹក​ក៏​ចតទូក​បោះ​នៅ​កំពង់​ព្រែកពោធិ៍។ ទ័ពជើងទឹក​ជើង​គោក​បោះទ័ព​ហ្លួង​នៅ​ភូមិ​មាត់​ឃ្មុង​ក្នុង​ខែត្រ​ត្បូងឃ្មុំ។ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងកើតក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​ត្រាស់​បង្គាប់​ចៅពញា​វៀង​ ចៅពញា​លំពាំងឲ្យ​លើកទ័ព​ឆ្លង​ទៅ​ចោម​វាយ​បន្ទាយ​កំពង់សៀម។ ចៅពញា​មន្ដ្រី​ភក្ដី ចៅហ្វាយស្រុក និង​ក្រមការ​ខែត្រ​កំពង់សៀម​ដឹង​ហើយ ក៏​ឲ្យ​កេណ្ឌ​កងទ័ព​រក្សា​នាទី​បន្ទាយ​យ៉ាង​មាំមួន ទើប​ធ្វើ​សំបុត្រ​ចាត់​បម្រើ​ឲ្យ​នាំ​ទៅ​ជូន​សេនាបតី​ត្រើយ​ខាងលិច សេនាបតី​នាំ​សេចក្ដី​ក្រាប​បង្គំ​ទូល​ទ្រង់​ជ្រាប​គ្រប់​ប្រការ។ ព្រះ​បរមបពិត្រ​ចៅពញា​ចន្ទរាជាជា​អម្ចាស់​ផែនដី​ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​ធម្មាធិរាជ​ឈឹម ឧកញ៉ា​ពិភ័ក្ដិ​និវេសន៍​កោឲ្យ​នាំ​ព្រះ​អគ្គមហេសី ស្រីស្នំ ក្រុម​បរិពារ និង​គ្រប់​គ្រួ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ថយ​ទៅ​នៅ​ក្នុង​បន្ទាយ​ខែត្រពោធិ៍សាត់​សិន ហើយ​ព្រះ​អង្គ​ឲ្យ​សេនាបតី​មន្ដ្រី​តាម​ក្រសួងចំលង​រេហ៍ពល​ ៥០០០០ ​នាក់ដាក់​នៅ​ត្រើយ​ខាងកើត​ចុង​ខែត្រ​អាសន្ទុក ព្រម​ដោយ​សេះ​ដំរី។ ព្រះ​អង្គ​ស្ដេច​ព្រះរាជ​ដំណើរ​ចុះ​ព្រះ​ទីនាំង​នាវា​ឆ្លង​ទៅ​ដល់​ហើយ ទ្រង់​ឡើង​ប្រថាប់​លើ​ព្រះ​ពន្លា​ស្រេច ទើប​ទ្រង់​ចាត់​កងទ័ព​ជើងទឹក​ដូច្នោះ៖

  • ឧកញ៉ា​វិបុលរាជជា​ទ័ព​មុខឃុំ​ទូកចំបាំង ១០០ មាន​រេហ៍ពល​ ១០០០ ​នាក់។
  • ឧកញ៉ា​បរទេសរាជជា​ប៉ែក​ឆ្វេងឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់។
  • ឧកញ៉ា​រាជា​បវេរ​រាជឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់​ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ា​ត្រាចឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០​ នាក់​ជា​ទ័ព​ក្រោយ។
  • ឧកញ៉ា​ក្រឡាហោម​ជា​ទ័ព​ហ្លួងឃុំ​ទូក​ចំបាំង ​១០០ មាន​រេហ៍ពល​ ១០០០​ នាក់។

ព្រម​ដោយ​គ្រឿងសាស្ដ្រាវុធ​លើក​ទៅ​បោះទ័ព​នៅ​ភូមិ​ព្រៃ​រកាកោង។ ទើប​ទ្រង់​ចាត់​ទ័ពជើងគោកតទៅ​ទៀត៖

  • ឧកញ៉ា​ចក្រី ឃុំ​រេហ៍ពល ​១០០០០ ​នាក់លើក​ទៅ​ជា​ទ័ព​មុខ។
  • ឧកញ៉ា​វង្សាអគ្គរាជ ឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ា​រាជតេជៈ ឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ឆ្វេង។
  • ឧកញ៉ា​នរិន្ទ្រាធិបតី ឃុំ​ពល ៦០០០​ នាក់ជា​ទ័ព​ក្រោយ។

ព្រះ​អង្គ​ឯង ទ្រង់​ជា​ទ័ព​ហ្លួងនាំ​រេហ៍ពល​ ២០០០​ នាក់ព្រម​ដោយ​សេនា​ទាហានរេហ៍ពល ​ដំរី សេះ និង​ស្វេតច្ឆត្រ អភិរម សែនក្វាន់​ត្រៀបត្រា។ ឲ្យ​ឧកញ៉ា​យមរាជជា​មេទ័ព​ធំ​មួយ​កង​ផ្សេង​ឃុំ​រេហ៍ពល​ ១០០០០ ​នាក់លើក​ទៅ​ព័ទ្ធ​ដី​ព្រៃចំការលើ​ចុះ​មក។ សម្ដេចចៅពញាយោធា​នរិន្ទឃុំ​ពល ​១០០០០​ នាក់លើក​ទៅ​តាម​ផ្លូវ​ក្រោម គឺ​តាម​មាត់ព្រៃ​ខាងលិច កំណត់​ឲ្យ​ជួបជុំ​នៅ​បន្ទាយ​ខែត្រកំពង់សៀម។ ឯ​ទ្រង់​ព្រះករុណា​ពិសេស ព្រះ​បរមបពិត្រព្រម​ដោយ​សេនា​ទាហាននាយកង​ទ័ព​មុខក្រោយ ឆ្វេង ស្ដាំ លើក​តាម​ផ្លូវ​កណ្ដាល​ចេញ​ទៅ។ តែ ​ដោយហេតុ​ថាផ្លូវ​នោះ​មានទឹក​ច្រើន​ពេករេហ៍ពល​ធ្វើ​ដំណើរ​យឺតយូរ ក៏​ចាត់​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី មេទ័ព​ស្ដេច​ខាងកើត​ដែល​ចោម​វាយ​បន្ទាយ​ខែត្រ​កំពង់សៀម​នោះ​វាយ​បែក​បន្ទាយ​នោះ​មួយ​ថ្ងៃមុន។ លុះ​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ដល់​ហើយ ស្ដេច​ឲ្យ​រេហ៍ពល​ឡើង​រក្សា​នាទី​បន្ទាយ​មាំមួន។ ក្នុង​គ្រា​ដែល​ស្ដេច​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ប្រថាប់​នៅ​ប្រាសាទ​គុហ៍ពង្រ​នោះ ក៏​ស្រាប់តែ​ឃើញ​ចៅពញា​មន្ដ្រី​ភក្ដី និង​ក្រមការ​ខែត្រកំពង់សៀម​ចូល​ទៅ​ក្រាប​បង្គំ​យំ​ថ្វាយ​ទោស​ថា ស្ដេច​កន​ឲ្យ​ចៅពញា​លំពាំង និង​ចៅពញា​យោធាធិបតី​លើក​កងទ័ព ​៤០០០០ ​នាក់មក​ចោម​វាយ​បន្ទាយ​នោះ​ ១៦ ​ថ្ងៃ​យ៉ាង​សាហាវ​ក្រៃពេកកងទ័ព​ក្នុង​បន្ទាយ​តែ ​១០០០០​ នាក់ ហើយ​ខ្វះ​ស្បៀងអាហារ​ផង ទ្រាំ​ពុំ​បាន​ទើប​បានជា​បែក​ទ័ព​រត់​ជ្រក​ក្រោម​បុណ្យ​បារមី​នេះ។ ព្រះបាទ​បរមនាថ​ បរមបពិត្រ​ជា​អម្ចាស់ ទ្រង់​ត្រាស់​សណ្ដាប់​ហើយ ទ្រង់មាន​ព្រះ​បន្ទូល​ពិសេស​ថា ការ​ណ៍ដែល​យើង​យឺតយូរ​ក្រ​មក​ជួយ​អ្នក​នេះ ពីព្រោះ​តាម​ផ្លូវ​មាន​ទឹក​ច្រើន​ណាស់ ហេតុនេះ​ហើយ​បានជា​សត្រូវ​វាយ​បែក​បន្ទាយ​អ្នក​ទាំងអស់​គ្នា។ ការ​បាត់បង់​ជោគជ័យ​នេះ​មិនមែន​ជា​កំហុស​ឧកញ៉ា និង​ក្រមការ​ខែត្រ​ធ្វេសប្រហែស​ទេ គឺជា​កំហុស​ពី​យើង​ដើរ​កាត់​យឺតយូរ​មក​ពុំ​ទាន់ ពុំ​ត្រូវ​ឲ្យ​អ្នក​រាល់គ្នា​មានទោស​ទេ។ ស្អែក​នេះ​យើង​នឹង​វាយ​បន្ទាយ​នេះ​ឲ្យ​បាន​វិញចូល​កុំ​បារម្ភ​ឡើយ។

ចៅពញាមន្ដ្រី​ភក្ដី និង​ក្រមការ​ទាំងអស់ ឮ​ព្រះ​បន្ទូល​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកទោស​ដូច្នោះ​ក៏​ត្រេកអរ​ណាស់។ លុះ​ព្រឹក​ឡើង​ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​កលឧបាយ​ប្រាប់​នាយ​ទ័ព នាយកង​ឲ្យ​ដឹង​ឲ្យ​ធ្វើ​តាម​គ្រប់ៗ​គ្នា ហើយ​ទ្រង់​ចាត់​ឲ្យ​បំរើសេះ​ចេញ​ទៅ​ជា​ពីរ​ផ្លូវទៅ​ប្រាប់​សម្ដេច​យោធា​នរិន្ទ​មួយ​ផ្លូវ ទៅ​ប្រាប់​ឧកញ៉ា​យមរាជ​មួយ​ផ្លូវឲ្យ​លើកទ័ព​វាយ​ប្រសព្វ​ចូល​មក។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​រាជតេជៈឃុំ​រេហ៍ពល​របស់​ខ្លួន​ហើយ​ក៏​លើក​ទៅ​ចោម​បន្ទាយ​កំពង់សៀម​តាម​ត្រាស់​បង្គាប់។ ខណៈនោះ ចៅពញា​លំពាំង​យោធាធិបតី មេទ័ព​សម្ដេច​ស្រីជេដ្ឋា​ឃើញ​ហើយ ក៏​លើកទ័ព​ចេញ​មក​ច្បាំង​គ្នា​យូរ​បន្ដិច​មក ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​តេជៈ ក៏​ក្លែង​ធ្វើ​ជា​ចាញ់ ហើយ​លើក​កងទ័ព​រត់ទៅ​ដល់​ភូមិ​សៀមបោយ ឧកញ៉ា​ចក្រី ឧកញ៉ា​នរិន្ទ​នាយក​ដែល​បង្កប់ទ័ព​នៅ​ទីនោះ​ឃើញ​ទ័ព​សត្រូវ​មក​ដល់​ហើយ ក៏​ដេញ​កងទ័ព​របស់​ខ្លួន​ស្ទាក់​ព័ទ្ធ​ពីឆ្វេង​ពីស្ដាំ។ ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​រាជតេជៈ ក៏​ដេញ​ពល​ទ័ព​ឲ្យ​រា​-មកត​វិញ។ ទ័ព​សត្រូវ​ទាំង​ពីរ​កង​ដែល​ដេញ​ទៅ​នោះ​ក៏​ត្រឡប់​ជា​នៅ​កណ្ដាល​កងទ័ព​ហ្លួង​ខាងលិច។ លុះ​ឃើញ​ថា ទ័ព​នេះ​ច្រើន​លើស​កំលាំង​តស៊ូ​ពុំ​បាន មេទ័ព​សត្រូវ​នោះ​ក៏​នាំ​កងទ័ព​របស់​ខ្លួន​វាយ​បំបែក​ការ​ឡោម​ព័ទ្ធ ហើយ​ចេញ​មក​ដល់​ព្រៃ​មួយអន្លើ​សិន ផ្នែក​ខាងកើត​ភូមិ​សៀមបោយ​ប្រមាណ​ ៣៥ ​សិន។ ខណៈនោះ​ព្រះ​បរមបពិត្រ ព្រះ​អង្គ​ទ្រង់​បរ​ព្រះ​ទីនាំង​ពិជ័យ​គជេន្ទ្រ​នាំ​យោធា​ចេញពី​ព្រៃ​ស្ទាក់​ទ័ព​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី​ជាប់។ មេទ័ព​សត្រូវ​ក៏​ទទួល​ច្បាំង​គ្នា​ជា​មាំមួន​ដោយ​អាវុធ​វែង​ខ្លី។ ឯ​អស់​ពល​ខាង​ទ័ព​ចៅពញា​លំពាំង និង​យោធាធិបតី​កាល​ឃើញ​សម្ដេច​ព្រះ​ចន្ទរាជា​គង់​លើ​ដំរី​ស​សុទ្ធ​ហើយ​នោះ​ ក៏​ចេះ​តែ​នឹក​ថាព្រះ​បរមបពិត្រ​អង្គ​នេះ​ហើយ​ដែល​គេ​ហៅ​ថា​អ្នកមាន​បុណ្យ​មាន​តេជៈ។ មិនយូរ​ប៉ុន្មាន​ពួក​ពល​ទាំងនោះ ​ក៏​បោះចោល​គ្រឿងសាស្ដ្រាវុធ​ពី​ដៃ ហើយ​រត់​ចូល​ទៅ​ថ្វាយបង្គំ​សុំ​ព្រះ​រាជទាន​ឲ្យ​អភ័យទោស។ ព្រះ​អង្គ​ក៏​ទ្រង់​លើកទោស​ឲ្យ​ទាំងអស់ ឯ​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី ទ័លគំនិត​នឹង​ច្បាំង​តទៅ​ទៀត​ពុំ​កើត​ក៏​គេច​ចូល​ព្រៃ​អារ​ក​ខ្លួនឯង​ស្លាប់ ​ទាំង​ពីរ​នាក់​ទៅ។ ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា​ទ្រង់​យល់​បាត់​មេទ័ព​ខាង​សត្រូវ​ទាំង​ពីរ​នាក់​ហើយ​ឲ្យ​សេនា​ទាហាន​ដេញ​តាម​រក​សព្វ​ព្រៃ។ លុះ​ឃើញ​ថា​ស្លាប់​ហើយ​សេនា​ទាហាន​ក៏​កាត់​ក្បាល​យក​ទៅ​ថ្វាយបង្គំ​ទូល​ព្រះបរម​បពិត្រ។ គ្រានោះ​ទ្រង់​ត្រាស់​ឲ្យ​ដោត​ក្បាល​មេទ័ព​សត្រូវ​ទាំង​ពីរ​ទុកជា​បំរាម។ ឯ​សម្ដេចចៅពញា​យោធា​នរិន្ទ​១ ឧកញ៉ា​យមរាជ​១ ជា​មេទ័ព​ដែល​ចេញ​ទៅ​ទាំង​ពីរ​ផ្លូវ​លុះ​ដឹង​សេចក្ដី​ដោយ​ព្រះរាជ​បំរើ​ជិះសេះ​ទៅ​ប្រាប់​ហើយ ក៏​លើក​កងទ័ព​ស្រូត​ទៅ​ដល់​ទីណាត់ ហើយ​ចោម​បន្ទាយ​កំពង់សៀម។ ខណៈនោះ​ចៅពញា​មហា​សេនា​មេទ័ព​ខាង​ស្ដេច​ត្រើយ​ខាងកើត​ដែល​នៅ​រក្សា​បន្ទាយ​នោះ លុះ​ឃើញ​ហើយ​ក៏​ដេញ​រេហ៍ពល​ឲ្យ​ឡើង​រក្សា​នាទី​បន្ទាយ តែ​ដោយ​ពល​ខ្លួន​តិច​ពេក​យល់​ថានឹង​ស៊ូ​ពុំ​បាន​ក៏​នាំ​ពួក​ពល​ចេញពី​បន្ទាយ​ទៅ​ចុះទូក តែ​ចុះ​ជា​បន្ទាន់​ពេក​ទូក​ភ្លូក​លិច​អស់​ជា​ច្រើន​ទៅ ពល​រេហ៍​ធ្លាក់​ស្លាប់​ក៏​ច្រើន រួម​ទាំង​ចៅពញា​មហា​សេនា​ផង។

ឯព្រះ​បរមបពិត្រ ព្រះ​អង្គ​ធ្វើសង្គ្រាម​មាន​ជ័យ​ហើយ ព្រះ​អង្គ​ត្រឡប់​មក​បន្ទាយ​កំពង់សៀម​វិញ។ សម្ដេច​ចៅពញា​យោធា​នរិន្ទ និង​ឧកញ៉ា​យមរាជ​ឃើញ​ស្ដេច​ព្រះរាជ​ដំណើរ​មក​ដល់ ក៏​ចេញ​មក​ទទួល​ស្ដេច​ចូល​ទៅ​ប្រថាប់​ក្នុង​បន្ទាយ។ នៅ​ទីនោះ​ ព្រះ​បរមបពិត្រ​ស្ដេច​ត្រាស់​បញ្ចុះបញ្ចូល​សេនា​ទាហាន រេហ៍ពល​ដែល​មេទ័ព​ព្រះ​អង្គ​ទាំង​ពីរ​ចាប់​បាន​មក​ថ្វាយ​នោះ​ជា​សេចក្ដី​ស្រុះស្រួល ហើយ​កងទ័ព​ទាំងនេះ​ក៏​ទទួល​ខ្លបខ្លាច​អំណាច​ព្រះ​បារមី​ថ្វាយខ្លួន​ជា​ខ្ញុំ​រាជការ​ទាំងអស់​គ្នា។ ព្រះ​ស្រីជេដ្ឋា ព្រះចៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​បាន​ទ្រង់​ជ្រាប​ថា បែក​បន្ទាយ​កំពង់សៀម​ដូច្នោះ​ហើយ ទ្រង់​ត្រាស់​ឲ្យ​បំរើ​ទៅ​ប្រាប់​ចៅពញា​ស្រាល ចៅពញាវិបុលរាជ​ឲ្យ​លើក​កងទ័ព​ជើងទឹក​មក​ជួយ​ទ័ព​ជើងគោក​ទៀត។ គ្រានោះ​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជជា​សេនាបតី​សំរាប់​ឯក​ភូ​សម្រេច​រាជការ​ខាងជើង​ទឹកបាន​ដឹង​ហើយ ក៏​លើកទ័ព​ទៅ​ដល់រួច​ក៏​ដេញ​កងទ័ព​ជើងទឹក​ឲ្យ​ឡើង​ចោម​បន្ទាយ​ខែត្រ​កំពង់សៀម។ ខណៈនោះ ​កងទ័ព​ហ្លួង​គ្រប់​កង​ដេញ​ពួក​ពល​ឲ្យ​ចេញ​ច្បាំង​បាញ់​គ្នា​ដោយ​កាំភ្លើង​តូច​ធំ​សូរ​សន្ធឹក​កក្រើករំពើក​ទាំង​ប្រឹថពី។ ឯ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វិបុលរាជ​សេនាបតី សម្រេច​រាជការ​ហ្លួង​ត្រើយ​ខាងលិច​ដែល​បោះទីតាំង​នៅ​រកាកោង​នោះ ចែវ​ទូក​ទៅ​ដល់​ភូមិ​អង្គរបាន ស្រាប់តែ​ឮ​សូរ​កាំភ្លើង​ធំ​តូច​ជា​ខ្លាំង​ណាស់ ក៏​ស្រូត​ទៅ​ដល់​កំពង់ចាម។ លុះ​ឃើញ​ទូក​ចំបាំងខាង​ហ្លួង​ត្រើយ​ខាងកើត ហើយ​ដែល​ទូក​នីមួយៗ​មាន​តែ​ពល ​៥​ ឬ​ ៦ ​នាក់​នៅ​រក្សា។ ក្នុង​ ១៥០ ​ទូក​នោះ​មាន​រេហ៍ពល​តែ ​១៥០០​ នាក់ក៏​ឲ្យ​សេនា​ទាហាន​ចោម​បាញ់​ចាក់​កាប់​សត្រូវ​ទាំងនោះ​ឥត​សំចៃ​ឡើយ ហើយ​កងទ័ព​ទាំងនោះ​បែកបាក់​ទៅអស់។ មេទ័ព​ខាង​ព្រះ​បរមបពិត្រ​ចាប់​យក​ទូក​ចំបាំងង​ទាំងអស់​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​យក​ថ្វីដៃ។ ខណៈនោះ រេហ៍ពល​ដែល​រត់​បែក​ពី​ទូក​ចំបាំង​នោះ ខ្លះ​ក៏​បែកផ្លូវ​ទៅ​ទីទៃៗ កងទ័ព​ខាង​សម្ដេចចៅពញា​យោធា​នរិន្ទ និង​កងទ័ព​ឧកញ៉ា​យមរាជចាប់​បាន​សត្រូវ​ចំនួន ​៨០០​ នាក់ ហើយ​ក៏​នាំ​មក​ក្រាប​បង្គំ​ទូល​ដែរ។ កងទ័ព​ដែល​ចាំ​ទូក​សត្រូវ​នោះ​ខ្លះ​ក៏​រត់​ទៅ​ពឹង​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជរាយការណ៍​តាម​ដំណើរ។ ចៅពញា​ទាំង​ពីរ​ជា​មេទ័ព​ស្ដេច​ត្រើយ​ខាងកើត​ឮ​ហើយ​ក៏​ស្លុតចិត្ដ អស់​គំនិត​ភិតភ័យ​បណ្ដាល​ឲ្យ​ដឹង​ដល់​នាយកង​នាយ​ទ័ព​គ្រប់​កង។ នាយ​ទាំងនោះ​ក៏​អស់​ទឹកចិត្ដ​នឹង​ចូល​ច្បាំង​ទៀត ហើយ​ក៏​តាំង​បែក​ទ័ព​រត់​ខ្ចាត់ខ្ចាយ​ទៅ ខ្លះ​ក៏​លោតទឹក​ស្លាប់។

ឯកងទ័ព ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ចេញពី​បន្ទាយ​មក​ចាប់​បាន​ខ្លួន​សត្រូវ​ប្រមាណ ​៥០០ ​នាក់។ លុះ​ជួបជុំ​នាយកង​ទ័ពជើងទឹក ជើង​គោក​គ្រប់​គ្នា ព្រមទាំង​ឈ្លើយ និង​ស្បៀង​អាហារ សាស្ត្រាវុធ និង​ទូក​ចំបាំង​ ១៥០ ​នោះហើយ​ក៏​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​បរមបពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង។ ព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ជ្រាប​គ្រប់​ប្រការ ទ្រង់​ព្រះ​អំណរ​ណាស់បាន​ប្រោស​ព្រះ​រាជទាន​រង្វាន់​ដល់​សេនា​ទាហាន​តាម​សមគួរ។ សម្ដេច​ព្រះបាទ​ស្រីជេដ្ឋា​អម្ចាស់​ផែនដី​ទិស​ខាងកើត​កាល​ទ្រង់​ជ្រាប​ថា ចៅពញា​ស្រាល ចៅពញា​លំពាំង ជា​ក្មួយ​បរាជ័យ​រហូត​ដល់​ស្លាប់ ខូច​ទាំង​ទូកចំបាំង​​ដូច្នោះ​ហើយ​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​រើស​យក​កូន​សម្ដេចចៅហ៊្វា​កៅ​ពីរ​នាក់​មក​គឺ​ឈ្មោះ​ពេជ​១ តាំង​ជា​ចៅពញា​ស្រាល (ទី​ក្រឡាហោម) ឈ្មោះ​ក្រេះ​១ តាំង​ជា​ចៅពញា​លំពាំង (ទី​ចក្រី) និង​ចៅពញា​វៀង ទី​យមរាជ (កុយ) រួម​ជា ​៣ នាយ​ឲ្យ​លើកទ័ព​ទៅ​ច្បាំង​នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជជា​ទ័ព​អម្ចាស់​ត្រើយ​ខាងលិច។ សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​ផ្ដាំ​ថា បើ​សម្ដេចចៅ​ពញា និង ឧកញ៉ា​យមរាជ​បែក​ទៅ​ហើយឲ្យ​ឃុំ​ពល ​២០០០០ ​នាក់ទៅ​ចោម​បន្ទាយ​ខែត្រ​កំពង់សៀម​ទៀត។ មេកង​ធំ​ទាំង ​៣ ​នាក់​ទទួល​ព្រះរាជ​តំរាស់​ហើយ​ក៏​ថ្វាយបង្គំ​លា​លើកទ័ព​ឆ្លង​ទៅ​ចោម​បន្ទាយ​រាយ​ទ័ព​ច្បាំង នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជ តាម​ត្រាស់​បង្គាប់។ ទ័ព​ទាំង​សងខាង​ច្បាំង​គ្នា​ជា​ច្រើន​ដង ច្រើន​គ្រាម្ដង​ចាញ់​ម្ដង​ឈ្នះ ពុំ​បាន​សំរេច​ជ័យ​ជំនះ​ទៅ​ខាង​ណាៗ​ឡើយ។

លុះដល់​ខែ​ជេស្ឋជិត​ដល់​ពេល​ឲ្យ​រាស្ដ្រ​ធ្វើស្រែ សម្ដេច​ស្រីជេដ្ឋា​ ស្ដេច​ពិជ័យ​នគរ ​ទ្រង់​ឲ្យ​បន្ថយ​មេទ័ព​ទាំង​ ៣ ​នោះ​ចូល​ទៅសំរាក​ខ្លួន​វិញ ទើប​ទ្រង់​ព្រះ​តំរិះ​ថា តាំងពី​ធ្វើសង្គ្រាម​នឹង​ពញា​ចន្ទ​មក​នេះ ការ​ខូចខាត​ទ្រព្យសម្បត្ដិ និង​ស្បៀង​អាហារ អាណា​ប្រជានុរាស្ដ្រ​ក៏​អស់​ជា​ច្រើន ដូច្នោះ​គួរតែ​យើង​បែក​ចែក​ផែនដី យក​សេចក្ដីសុខ​វិញ​ជា​ការ​ល្អ​ជាង ។ លុះ​ត្រង់​ឈ្វេងយល់​យ៉ាងនេះ ហើយ​ទើប​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ​ដាក់​ក្នុង​បំពង់​មាស​តំកល់​លើ​ពានមាស​ ពិសេស​ថ្លៃថ្លា​ប្រពៃ​ល្អ ហើយ​ទ្រង់​ត្រាស់​ប្រើ​ពញាសង្គ្រាមកែវជា​រាជទូត​ ពញារក្សាសម្បត្តិឯម ជា​ឧបទូត ព្រះជំនាញអាវុធគាមជា​ត្រី​ទូតឲ្យ​យក​ព្រះរាជសារ​ចុះទូក​ង បាំង​សប្បធន​ ៣​ លើក ព្រះ​ពាន​ព្រះរាជសារ​នោះ​មក​ថ្វាយ​សម្ដេចព្រះ​ចន្ទរាជា។

ផែនការធ្វើគតស្ដេចកន[កែប្រែ]

រួច​ស្រេច​ស្ដេច​ចូល​គង់ ទ្រង់​មាន​ព្រះរាជ​បន្ទូល​នឹង​អស់​សព្វ​មុខមន្ដ្រី​ថា ទំនៀមទំលាប់​ពី​បុរាណ​រៀង​មក​ដល់​រដូវ​មហាសង្ក្រាន្ដចូល​ឆ្នាំ​ថ្មី ហើយ​ព្រះមហាក្សត្រា​ធិរាជ ស្ដេច​តែង​ចេញ​ទតព្រះនេត្រ​អស់​សេនា​ទាហាន និងអាណា​ប្រជានុរាស្ដ្រ​ក្នុង​​ខែត្រ​ដែល​បាន​ហាត់​ក្បួន​គុន​ដាវ​អាវុធ​មក​ ប្រជុំ​ថ្វាយ​ថ្វីដៃ។ បើ​គូ​ណា​ដៃ​ជា​ទ្រង់​តែង​ប្រោស​ព្រះ​រាជទាន​រង្វាន់ និង​ចិញ្ចឹម​ឲ្យ​ជា​រេហ៍ពល​តទៅ​ទៀត។ ៣​ ឆ្នាំ​មក​ហើយ​យើង​បាន​ឃើញ​ថា មនុស្ស​ដែល​ចូល​មក​ប្រឡង​យក​ថ្វីដៃ​តិច​ណាស់ យើង​នឹង​រើស​ដាក់​ជា​ទាហាន​ក៏​ពុំ​គ្រប់គ្រាន់ពុំ​ធួន​នឹង​រាជការ​ដែល​ត្រូវការ។

ឥឡូវនេះ ​ជិត​ចូល​ឆ្នាំ​ថ្មី​ហើយគប្បី​ឲ្យ​អស់​សេនាបតី​ប្រកាស​ឲ្យ​គ្រប់​​ខែត្រ​បានដឹង​ថា បើ​ឈ្មោះ​ណា​បាញ់​កាំភ្លើង ធ្នូ ស្នា​ត្រង់ ច្បាំង​លើ​ខ្នង​ដំរី​ឈ្នះ​គេ ​៣ ​ថ្ងៃយើង​នឹង​ទុកជា​លេខ​១ ហើយនឹង​ប្រោស​ព្រះ​រាជទាន​ឲ្យ​មាន​យសស័ក្ដិ​ ៥​ ហ៊ូពាន់ព្រមទាំង​ព្រះរាជទាន​រង្វាន់​មាស ប្រាក់ដីស្រែចំការច្បារ​ដំណាំ ភូមិឋានឲ្យ​មាន​សមគួរ។ បើ​ឈ្មោះ​ណា​កាន់​អាវុធ​ច្បាំង​គ្នា​លើ​ខ្នង​សេះ​ឈ្នះ​គេ​ ៣ ​ថ្ងៃ យើង​ទុកជា​លេខ​ ២ ហើយ​នឹង​ព្រះ​រាជទាន​យសស័ក្ដិ​ជា ​៤ ​ហ៊ូពាន់ និង​រង្វាន់​មាស​ប្រាក់ភូមិឋាន​ឲ្យ​តាម​សមគួរ។ បើ​ឈ្មោះ​ណា​កាន់​អាវុធ​ច្បាំង​គ្នា​ឈ្នះ​គេ​នៅ​លើ​ដី ​៣ ​ថ្ងៃទុកជា​លេខ​៣ ហើយនឹង​ប្រោស​ព្រះ​រាជទាន​យសស័ក្ដិ​ ​៣​ ហ៊ូពាន់ និង​រង្វាន់​មាសប្រាក់​តាម​សមគួរ។ បើ​គូ​ណា​មាន​ថ្វីដៃ​ចុះ​ជា​រណ្ដាប់​ក្រៅពី​នោះ​ យើង​នឹង​ព្រះ​រាជទាន​ជា​ ឧកញ៉ាម៉ឺន ជា​ម៉ឺន ជា​នាយ​រាល់​រូប។ អស់​សេនាបតី​ក្រាប​បង្គំ​ទទួល​ព្រះរាជ​បន្ទូល​ថ្លៃ​វិសេស​ហើយ​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ធ្វើ​សំបុត្រ​ប្រកាស​ប្រាប់​ទៅ​ចៅហ្វាយស្រុក​ឲ្យ​ប្រាប់​អស់​អ្នកមុខ​អ្នកការបណ្ដារាស្ដ្រ​ឲ្យ​ដឹង​គ្រប់​គ្នា​តាម​ត្រាស់​បង្គាប់។ ខណៈ​នោះ​អស់​មនុស្ស​ដែល​មាន​ចំណេះ​វិជ្ជាការ​ខំ​ហ្វឹកហ្វឺន​ហាត់រៀន​រាល់គ្នា។ លុះ​ចូល​សង្ក្រាន្ដ​ថ្មី ឆ្នាំរោង ទោស័ក​សេនា​ទាហាន អាណា​ប្រជានុរាស្ដ្រ​ចូល​មក​រក​នាយ​ចៅហ្វាយ​ទីទៃៗដើម្បី​រង់ចាំ​ដល់​ថ្ងៃ​ចូល​ប្រឡង​ចំណេះ​វិជ្ជាការ​ថ្វាយ​ថ្វីដៃ​គ្រប់ៗ​គ្នា។ ការ​ប្រឡង​ជាន់​នោះ​រើស​បាន​សេនា​ទាហាន​ច្រើន​លើស​ឆ្នាំ​មុនៗ ​១០​ សួន។ ព.ស ​២០៦៤, គ.ស​ ១៥២០, ម.ស​ ១៤៤២, ច.ស ​៨៨២ ឆ្នាំរោង ​ទោស័ក សិរី​រាជសម្បត្ដិ​ស្ដេច​គ្រប់គ្រង​នគរ​នៅ​​ខែត្រ​ខាងលិច​បាន​ ៥ ​ព្រះ​វស្សា សម្ដេចព្រះ​អគ្គមហេសី​សម្ភព​ព្រះរាជ​បុត្រា​មួយ​អង្គ ទ្រង់​ព្រះ​នាម​ព្រះ​រាមាធិបតី​នោះ សម្ដេចព្រះ​បិតុរង្គាធិរាជជា​អម្ចាស់​ត្រាស់​ឲ្យ​ព្រះរាជ​គ្រូ​បុរោហិត ព្រឹទ្ធាចារ្យ សេនាបតី រៀប​ទទួល​តាម​ព្រះ​សិរី​យស សម្ដេចព្រះ​ឱរសាធិរាជ​ឯក​តាម​ទំនៀម។ លុះ​បាន​មួយ​ខែ​ក្រោយមក​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មុខងារ​ធ្វើ​ព្រះរាជ​ពិធី ​ចំរើន​ព្រះកេសា​ព្រៃ។ លុះ​ធ្វើ​ស្រេច​ហើយ អស់​សេនាបតី មន្ដ្រី​មុខងារ​ទាំងពួង​នាំ​កូនប្រុស​ស្រី និង​ទាសាទាសី គោ ក្របី សេះ រទេះ ទូកចេញ​ហែ​សុវណ្ណមាលា​ថ្វាយ​ភួង​ព្រះ​ហស្ថ​រាល់ៗ​គ្នា។ ឯ​សម្ដេចព្រះ​វររាជ​បិតា​ក៏​ទ្រង់​ព្រះ​រាជទាន​សួយសារអាករ​ក្នុង​​ខែត្របាត់ដំបង​ជា​ចំណង​ព្រះ​ហស្ថ​នៃ​សម្ដេចព្រះ​ប្រិយ​បុត្រ​បរិសុទ្ធ​ រាមាធិបតី។ ឆ្នាំម្សាញ់ ត្រីស័ក ព.ស ​២០៦៥, គ.ស​ ១៥២១, ម.ស ​១៤៥៣, ច.ស ​៨៨៣ នោះ អ្នក​ម្នាង​បទុមបុប្ផាជា​ព្រះ​ស្នំ​ឯក សម្ភព​ព្រះរាជ​បុត្រា​មួយ​អង្គ​ទ្រង់​ប្រោស​ព្រះ​នាម​ជា​ព្រះ​អង្គ​បរមិន្ទ​រាជា។ សម្ដេច​ព្រះ​វររាជ​បិតា ​ទ្រង់​ពេញ​ព្រះ​ស្នេហា​ទាំង​ពីរ​អង្គ​ដូច​គ្នា។

នេះ​នឹង​និយាយ​អំពី​ឧកញ៉ា​មន្ដ្រីកែវ សេនាបតី​ភូសំរេច​រាជការ​ផ្នែក​កងទ័ពជើងគោកខាង​ព្រះ​ចៅ​ក្រុង​កម្ពុជា​ទិស​ខាងលិច​នោះ កាល​ជិត​ដល់​ចូល​ឆ្នាំ​ម្សាញ់ ត្រី​ស័ក ឧកញ៉ា​ក៏​គិត​ថាពី​មុន​ព្រះស្ដេច​កន​បានឲ្យ​ពល​ ១០០ ​នាក់​មក​ក្លែង​កល​ប៉ង​នឹង​ធ្វើ​អន្ដរាយ​អម្ចាស់​យើង យើង​ពុំ​ទាន់​បាន​សងកល​វា​ម្ដង​នៅឡើយ​ទេ។ ឥឡូវនេះ​ជិត​ចូល​ឆ្នាំ​ថ្មី ហើយ​ព្រះស្ដេច​កន​មុខជា​នឹង​ប្រមូល​សេនា​ទាហាន​ឲ្យ​ល្បង​ថ្វីដៃ​ជា​មិន​ខាន។ ដូច្នោះ នរណា​ហ្ន៎! បណ្ដា​អ្នក​អាច​នឹង​ទទួល​អាសា​ទៅ​ប្លម​ធ្វើ​ជា​ពួក​របស់​ពួក​វា ហើយ​បាញ់​វាសំលាប់​ចេញ​បាន​សោះនឹង​នឿយ​ព្រួយ​រវល់​ច្បាំង​តទៅ​ទៀត​ថា បើ​ឯង​រាល់គ្នា​សំរេចការ​នេះ​ឲ្យ​បាន​ដូច​ប្រាថ្នា យើង​នឹង​ក្រាបទូល​សុំ​ឲ្យ​ឡើង​យសស័ក្ដិ​ឲ្យ​បានជា​ធំ។ ខណៈនោះ​សេនា​៤​ នាក់​ដែល​មាន​ថ្វីដៃ​ត្រង់​ខាង​បាញ់​កាំភ្លើង​គឺ​ឈ្មោះ​ប្រាច នៅ​ខែត្រ​ទ្រាំង ឈ្មោះ​ ក្ដាន់ នៅ​​ខែត្រ​កំពត ឈ្មោះ​តោ នៅ​​ខែត្របន្ទាយមាស ឈ្មោះ​ជ័យ នៅ​​ខែត្រ​សំរោងទង បាន​ចូល​មក​នៅ​ជា​ខ្ញុំ​រាជការ ហើយ​ចង​ជា​សំឡាញ់​នឹង​គ្នា​គិត​គ្នា​ថា យើង​ចូល​មក​នៅ​ជា​ខ្ញុំ​រាជការ​នេះ​ប្រាថ្នា​ស្វែងរក​គុណ​បំណាច់ បើ​បាន​កល​ហើយ​ត្រូវ​ទទួលយក​អាសា​អម្ចាស់​ផែនដី។ លុះ​យល់ព្រម​គ្នា​ហើយ​សេនា​ទាំង​ ៤ ​នាក់​ក៏​ឆ្លើយ​ថា យើង​ខ្ញុំប្របាទ​ទាំង​ ៤​ នាក់​នេះ​សុំ​ទទួលយក​អាសា​ធ្វើ​ការ​ថ្វាយ​ព្រះ​បរមបពិត្រ​ថា ហើយ​សេនា​ទាំង ​៤ ​នាក់​នោះ​ក៏​សំពះ​ជំរាបលា​ចេញ​ទៅ។ លុះ​មក​ដល់​កំពង់​ហ្លួង​ក្នុង​​ខែត្រសំរោងទង​ទាំង ​៤ ​នាក់ ក៏​សុំ​ដោយសារ​ទូក​គេ​ឆ្លងកាត់​ទៅ​ដល់​​ខែត្របាសាន្ត ហើយ​កាត់​ទៅ​ដល់​ក្រុង​ស្រឡប់​ពិជ័យ​នគរ។ ពេល​ទៅ​ដល់​ក្រុង​នេះ​ពីរ​ថ្ងៃ សេនា​ទាំងនោះ​បាន​សំគាល់​ឃើញ​ថា មាន​មនុស្សម្នា​កាន់​កាំភ្លើង​គ្រឿង​អាវុធ​ចូល​ទៅ​ទី​រាំង​ព្រ័ត្រ​នៅ​វាល​ មុខ​ព្រះ​ពន្លា​ជា​ច្រើន ឃើញ​រាស្ដ្រប្រជា​នាំ​គ្នា​មើល​ពិធី​នោះ​រាប់​ម៉ឺន​នាក់។ លុះដល់​ថ្ងៃរសៀល​ម៉ោង ​២ សេនា​ទាំង​ ៤​ នាក់​ក៏​ចូល​ទៅ​បន្លំ​អែប​នឹង​អ្នកស្រុក​ដែល​ឈរ​មើល​នោះ។ ក្នុង​វេលា​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា​ព្រះ​ចៅ​ក្រុង​ស្រឡប់​ពិជ័យ​នគរ​ស្ដេច​តើន​ចាក​ក្រឡាព្រះបន្ទំ ហើយ​ចូល​ស្រង់​ ទ្រង់គ្រឿង​សំរាប់​ព្រះមហាក្សត្ររួច ​ទ្រង់​នាំ​អស់​ស្នំ​ធំ​តូច​ចេញ​ទៅ​គង់នៅ​ព្រះ​ពន្លា​ខ្ពស់​ចំពោះ​មុខ​ សេនា​ទាហាន​ធំ​តូច​ដែល​មក​ជួបជុំ រួច​ទ្រង់​ផ្គូ​មនុស្ស​ជិះសេះ ជិះ​ដំរី​ចូល​ប្រកាប់​គ្នា។ អស់​ភ្នាក់ងារ​ក៏​វាយ​ស្គរ​ជ្វា​តាម​ទំនង​ចូល​សង្គ្រាម។ ការ​ប្រឡង​យក​ថ្វីដៃ​លុះ​បាន​ឈ្នះ​ចាញ់​ហើយ ចៅពញា​មហា​សេនា​យោធា​សង្គ្រាម​ក៏​នាំ​មនុស្ស​ដែល​ខាង​ឈ្នះ​នោះ​ចូល​ទៅ​ថ្វាយបង្គំ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ប្រទាន​ប្រាក់​មួយ​ជញ្ជីង ហើយ​ឲ្យ​ជា​នាយពល​រេហ៍ រួច​ទ្រង់​ឲ្យ​លើក​វង់​ចង​ឲ្យ​ខ្ពស់​ស្មើ​ក្បាល។ វង់​នោះ​គូស​ខ្សែ​ក្រៅ​ពណ៌​ខ្មៅ ខ្សែបន្ទាប់​ពណ៌​ក្រហម ចំណុច​ខាងក្នុង​វង់​នោះ លាប​ពណ៌​សរួច​ឲ្យ​មនុស្ស​បាញ់​ម្នាក់​ម្ដង​គ្រប់ៗ​គ្នា។ មនុស្ស​ដែល​បាន​បាញ់​ពេល​នោះ​ដល់​ទៅ ​២៣ ​នាក់តែ​បាញ់​ពុំ​ត្រូវ​ក្នុង​វង់ ​៣ ​ជាន់​នោះ​ឡើយ។ អស់អ្នក​កាន់​ធ្នូ​ខ្លះ​បាញ់​ដល់ ខ្លះ​បាញ់​ពុំ​ដល់។ អ្នក​កាន់​ស្នា​បាញ់​ពុំ​ដល់​សោះ។ អ្នក​កាន់​កាំភ្លើង​បាញ់​ដល់​តែ​មិន​ត្រូវ។ ទើប​ព្រះ​អង្គ​បែរ​ព្រះ​ភ័ក្ដ្រ​ទៅ​ត្រាស់​នឹង​ស្នំ​ឯក ទោ ត្រី ចត្វា ថា អា​ចោលម្សៀត​ទាំង​អស់នេះ​មាន​ថ្វីដៃ​យ៉ាងនេះ ស្រី​ណា​នឹង​ដោយ​កើត។ ខណៈនោះ ពួក​ព្រះ​ស្នំ​ក្រមការ​ឮ​ហើយ​ក៏​សើច​ទ្រហឹងអឺងកង។ ខ្លះ​ទូល​ថា ក្រែង​វង់​នោះ​នៅ​ឆ្ងាយ​ណាស់​ដឹង​ឬ? ទើប​ព្រះ​អង្គ​ថា ឆ្ងាយ​ប៉ុណ្ណឹង​ក៏​អញ​បាញ់​ត្រូវ​ដែរ បើ​អញ​បាញ់​ត្រូវ​ឲ្យ​អញ​ធ្វើ​ម្ដេច? ពួក​ព្រះ​ស្នំ​ថា បើ​ទ្រង់​បាញ់​ត្រូវ​នឹង​ក្រងផ្កា​ថ្វាយ។ ខ្លះ​ថាបើ​ទ្រង់​បាញ់​ត្រូវ​នឹង​ថ្វាយ​ព្រះ​ស្នំ​យ៉ាង​ក្រអូប ​៥ ។ ខ្លះ​ថា ឲ្យ​ដក​រោម​ភ្នែក។ ខ្លះ​ថា បើ​ទ្រង់​បាញ់​ត្រូវ​ខ្ញុំម្ចាស់​ទទួល​កោត។ លុះ​អស់អ្នក​ព្រះ​ស្នំ​ទូល​ថ្វាយ​កំសាន្ដ​ចប់​ហើយ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ត្រូវ​ព្រះ​ទ័យ​ណាស់ ទើប​ទ្រង់​ស្ទុះ​ចេញ​មក​ក្រៅ​កន្ត្រាក់​យក​ព្រះ​កៅទណ្ឌ​ចុះ​ទៅ​រានហាល ហើយ​ព្រះ​អង្គ​ឡើងឈរ​លើ​ព្រះ​កើយ ព្រះ​ហស្ថស្ដាំ​ចាប់​ព្រួញ​ទាំង ​៥ ​គង​ឡើង​ហើយ​ទ្រង់​ត្រាស់​ប្រាប់​នាម៉ឺន​មុខមន្ដ្រី ស្រីស្នំ ក្រមការ​ដែល​ជួបជុំ​ក្នុង​ទីនោះ​ទាំង​ប៉ុន្មាន​ថាឲ្យ​ចាំ​មើល​យើងៗ​នឹង​បាញ់​ឲ្យ​ត្រូវ​វង់ស។ ទ្រង់​ថ្លែង​កៅទណ្ឌនោះ​ទៅ​សរ​ក៏​ត្រូវ​វង់​ស​មែន។ លុះ​ទ្រង់​ថ្លែង​ព្រួញ​មួយទៀត ព្រួញ​នេះ​ក៏​ត្រូវ​បញ្ជូន​ព្រួញ​ចាស់​រហូត​ទៅ​ព្រួញ​ថ្មី​ជាប់​នៅ​ទីនោះ។ លុះ​បាញ់​ព្រួញ​ជាប់​គំរប់ ​៣ ​ទៀត ព្រួញ​គំរប់ ​៣ ​នេះ​ទៅ​ត្រូវ​ព្រួញ​គំរប់ ​២ ​រហូត​ទៅ​ត្រូវ​ជាប់​នឹង​ព្រួញ​គំរប់​មួយ។ កាលនោះ អស់​ព្រះ​ស្នំក្រុម​ការ និង​សេនាបតី​មន្ដ្រី​ធំ​តូច​ឃើញ​ដូច្នោះ​ក៏​ស្រែក​ហ៊ោ​គឹកកង។ ភ្នាក់ងារ​តូរ្យតន្ដ្រី​ក៏​តាំង​វាយ​ស្គរ​ថ្វាយ​សព្ទសាធុការពរ​ខ្ទរខ្ទារ​នៅទីនោះ។ ឯ​បំរើ​ទាំង ​៤ ​នាក់​ដែល​ឧកញ៉ា​ចក្រី​កែវ​ប្រើ​ទៅ​ទីនោះ ឃើញ​វឹកវរ​ដូច្នោះ​ហើយ​ក៏​លើក​កាំភ្លើង​ឡើង​តំរង់​ចំ​ទៅ​ឆ្អឹងជំនីរ​ ព្រះស្ដេច​កន​ខាងឆ្វេង។ តែ​ដោយ​តេជៈ​ព្រះស្ដេច​កន​ពុំ​ទាន់​អស់បុណ្យ គ្រាប់​នោះ​បាញ់​ខុស​មួយ​ទះដៃ និង​បាញ់​ថែម​ទៀត​ក៏​ពុំ​ទាន់។ ខណៈនោះ​សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ផែនដី​ស្រឡប់​ពិជ័យ​នគរ​ស្ដេច​កំពុង​ឈរ​មាន​នៅ​ជាប់​ព្រួញ​ពីរ​នៅ​ព្រះ​ហស្ថនោះ លុះ​ឮ​សូរកាំភ្លើង​បាញ់​ខាងឆ្វេង​ហើយ ក៏​ក្រលេក​ប្រែ​ព្រះ​ភក្ដ្រ​បាញ់​តាម​ផ្សែង​រំសេវ​នោះ​ទៅ ព្រួញ​ក៏​ត្រូវ​ប្រជុំ​ចិញ្ចើម​អ្នក​បាញ់​ព្រះ​អង្គ​ស្លាប់​នៅ​ទីនោះ​មួយ​រំពេច។

ទ្រង់​ទត​ទៅ​ឃើញ​ម្នាក់​លូកដៃ​ទៅ​គ្រាហ៍​គ្នា​វា​នោះ​ក៏​បាញ់​មួយ​ព្រួញ​ទៅ​ទៀត ត្រូវ​ត្រង់​សៀតផ្កា​អ្នក​ដែល​លូកដៃ​ទៅ​គ្រាហ៍​នោះស្លាប់​មួយ​រំពេច​ទៀត។ អស់​សេនាបតី មន្ដ្រី នាយកង​ទ័ព និង​ប្រជានុរាស្ដ្រ ក៏​ភ្ញាក់ផ្អើល​វឹកវរ​ជា​កោលាហល​រចល់​រក​ចាប់​ពួក​អា​ក្បត់ តែ​ពួក​ក្បត់​ក៏​រត់​រួច។ ព្រះស្ដេច​កន​ក៏​បញ្ជា​ឲ្យ​កាត់​ក្បាល​អ្នក​ដែល​ស្លាប់​ទាំង​ពីរ​នាក់​នោះ​ដោត​ជា​បំរាមរួច​ស្ដេច​ត្រឡប់​ចូល​ព្រះរាជវាំង​វិញ។

ឯបំរើ​ឧកញ៉ា​ចក្រី​ដែល​ទៅ​លុក​នោះ នៅ​រស់​ពីរ​នាក់ លុះ​ត្រឡប់​ឆ្លងទន្លេ​ដើរ​ទៅ​ដល់​​ខែត្រ​ពោធិ៍សាត់​ហើយ ក៏​ចូល​ទៅ​ប្រណិប័តន៍​ប្ដឹង​អ្នកឧកញ៉ា​ចក្រី​តាម​ដំណើរ​សេចក្ដី​គ្រប់​ប្រការ។ ឧកញ៉ា​ចក្រី​ក៏​នាំ​ហេតុ​ដំណើរ​នោះ​ឡើង​ក្រាប​បង្គំ​ទូល​ក្រោម​ល្អងធូលី​ព្រះបាទ​តាម​ដំណើរ​សេចក្ដី ទើប​ព្រះ​បរម​ចក្រ​មហា​ចន្ទរាជា​ធិរាជ​បរម​រាមា​ជា​អម្ចាស់​ទ្រង់​ត្រាស់​ នឹង​អស់​ខ្ញុំ​ព្រះ​រាជការ​សេនា​ទាំងឡាយ​ថា ឧកញ៉ា​ចក្រី​គិត​ធ្វើ​ដូច្នេះ​ពុំគួរ​ទេ ដ្បិត​ដើម​នោះ​អា​ស្ដេច​កន​វា​ជា​ស្ដេច​ព្រៃ វា​ឲ្យ​មនុស្ស​មក​លុក​យើង​មុន វា​ខុសច្បាប់ខុស​ទំនៀម​ទ័ព​ទៅ​ហើយ។ កាលដែល​ឧកញ៉ា​ចក្រី​ឲ្យ​មនុស្ស​ទៅ​លប​លុក​វា​វិញនឹង​នាំ​ឲ្យ​ខូច​ព្រះ​កិត្ដិយស​ដែរ។ ប៉ុន្ដែ​គ្រានោះ ​យើង​អភ័យទោស​ឲ្យ​ម្ដង​ចុះ ហើយ​ទ្រង់​ត្រាស់​ប្រដៅ​ថា វិស័យ​សឹក​ក្រស័ត្រ បើ​ថា​នឹង​គិត​ជា​ឧបាយកល​បែប​ណាៗ​នោះ លុះត្រាតែ​កុំ​ប្រទល់​ប្រទះ​ទ័ព​គ្នា។ ឥឡូវនេះ​គេ​នឹង​យើង​វិល​មក​លំនៅ​រាល់ខ្លួន​ហើយ ហើយ​យើង​ប្រើ​មនុស្ស​ឲ្យ​ទៅ​លប​លុក​គេ​នោះ ពាក្យ​បុរាណ​លោក​ហៅ​ថា ចោរ​សង្គ្រាមពុំប្រសើរ​ឡើយ។ ទ្រង់​ត្រាស់​ហើយ ស្ដេច​យាង​ចូល​ទៅ​ទី​ខាងក្នុង​ព្រះរាជ​រោង​រម​វិញ​ទៅ។ តាំង​តែ​ពី​ខែ​នោះ​រៀង​មក ស្ដេច​ទាំង​ពីរ​ព្រះ​អង្គ​ទ្រង់​សំរាក​ឈប់​ធ្វើសង្គ្រាម​នឹង​គ្នារាស្ដ្រប្រជា​ក៏​បាន​សុខ​បន្ដិច។ តែបើ​អ្នក​ឈ្មួញ លក់​រទេះ ទូក​នោះ ស្ដេច​ឲ្យ​មាន​កងទ័ព​នៅ​ត្រួតត្រា​មើល។ បើ​ឃើញ​រទេះ​ណា ទូក​ណា​មាន​គ្រឿងសាស្ដ្រាវុធ​ត្រូវ​ដកហូត​ចេញ​ពុំ​ឲ្យ​មាន​ឡើយ។ ពេល​នោះ​ឈ្មួញ​ទៅ​មក​ជួប​ទាំង​នគរ​ខាងកើត ខាងលិច​លក់ដូរ​ទំនិញ​ជា​សុខ​ទាំង​សងខាង។ កងទ័ព​របស់​សម្ដេច​ត្រើយ​ខាងលិច​ខាងកើត​ប្រកាន់​ច្បាប់​តែ​សព្វ​ខ្លួន​ឥត​ខុសឆ្គង​ឡើយ។

សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ (១៥២៥)[កែប្រែ]

ព្រះរាជពង្សាវតារភាគបី របស់ព្រះរាជបណ្ណាល័យលេខ គ. ៥៣-៣ មានសេចក្ដីថា : ព្រះចន្ទរាជា ទ្រង់ចាត់សេនាបតីឱ្យលើកទ័ពទៅចោមបន្ទាយស្រឡប់ពិជ័យនគរទៀត ចោមព័ទ្ធ ៣ ខែ តែវាយមិនបែក ដ្បិតបន្ទាយនោះ ធំខ្ពស់ ហើយនៅលើភ្នំផង។ ទើបទ្រង់តំរិះថា : បន្ទាយនេះ ធំខ្ពស់កាលណានឹងវាយបានងាយ មានតែធ្វើកលឧបាយទើបវាយបាន។ ទ្រង់ព្រះតំរិះដូច្នេះហើយ ស្ដេចឱ្យចាប់រាស្ត្រអ្នកស្រុកមកសួរថា : ឯងមានញាតិសន្តាននៅក្នុងបន្ទាយខ្លះឬទេ មនុស្សទាំងនោះទូលថា : មាន។ ទ្រង់ត្រាស់ថា : បើមានចូរឯងទៅប្រាប់ញាតិរាល់គ្នាចុះថា : ស្ដេចកន វានៅមានបុណ្យតែ ៣ ថ្ងៃទៀតទេ ដល់ថ្ងៃជាគំរប់ ៤ ស្ដេចនឹងចាប់យកមកកាត់ក្បាលដោយជាបម្រាមពិតប្រាកដ ឯងរាល់គ្នាទៅប្រាប់ញាតិសន្តាននៅក្នុងបន្ទាយស្ដេចកន ជាឆាប់។ រាស្ត្រទាំងនោះ នាំគ្នាទៅប្រាប់ញាតិសន្តានជាប្រញាប់។ អ្នកទាំងនោះ បានស្ដាប់ហើយ ភិតភ័យបារម្ភណាស់ ថាយើងនឹងនៅទ្រាំចាំច្បាំងពុំបាន ក៏នាំគ្នាបើកទ្វារបន្ទាយរត់ចេញមក។ កងទ័ពហ្លួង យល់បានការណ៍ហើយ ក៏នាំគ្នាវាយទម្លាយចូលកាប់សំលាប់អាក្បត់​ ស្លាប់ពាសពេញ រួចលើកគ្រាចូលទៅក្នុងវាំង ហើយបានកាប់សំលាប់នាយទាហានខ្មាំងច្រើន។ ឯចៅហ្វាកៅ លុះឮកលាហលជាខ្លាំង ក៏ចាប់រាវលំពែងចេញមកដល់មាត់ទ្វារជាន់ក្នុងប្រទះនឹងឧកញ៉ាចក្រី ឧកញ៉ាចក្រីបានឃើញហើយ ក៏ស្ទុះទៅកាប់នឹងដាវដាច់ក ស្លាប់មួយរំពេច។ ឧកញ៉ាវាំងនាយទាហានវាយទម្លាយទ្វារចូលទៅខាងក្នុងបាន ឃើញស្ដេចកនកំពុងអង្គុយ ជាមួយនឹងស្រីស្នំក៏ពួយនឹងលំពែង​ ត្រូវដើមដៃស្ដេចកន ដួល ឧកញ៉ាវាំងស្ទុះទៅចាប់ចងសេក ប្រគល់ឱ្យទាហានរក្សាទុក ក្នុងវេលាយប់នោះ។ លុះព្រឹកឡើងមេទ័ព ត្រើយខាងលិច ប្រមូលរបស់ទ្រព្យគ្រប់គ្រឿងសស្ត្រាវុធ និង ស្រីដែលជាប្រពន្ធធំតូចចំនួន ៥០០ នាក់។ លុះយកបញ្ជីស្រេចហើយ មេទ័ពទាំងនោះ ក៏លើកទ័ពនាំស្ដេចកន និងស្រី៥០០នាក់ ព្រមទាំងរបស់ទ្រព្យទាំងនោះ យកមកក្រាបបង្គំទូលថ្វាយសម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបថា ចាប់អាខ្មាំងបានហើយ ទ្រង់ព្រះអំណរពន់ប្រមាណណាស់ ស្ដេចឱ្យយកកូនប្រពន្ធស្ដេចកន និងស្ម័គ្របក្សពួក ដែលរួមគំនិតទាំងប៉ុន្មាន ប្រហារជីវិតទាំងអស់។ ឯស្ដេចកន ស្ដេចឱ្យបណ្ដើរអាក្រោស៣ថ្ងៃ រួចប្រហារជីវិតបង់ យកក្បាលវាទៅដោត នៅប្របផ្លូវទ្វារមុខបន្ទាយស្រឡប់ពិជ័យនគរ កុំឱ្យជនទាំងពួងយកបែបយ៉ាងតទៅ។ ក្រោយនោះទ្រង់ប្រកាសប្រាប់អស់បណ្ដារាស្ត្រ កុំឱ្យភ្ញាក់ផ្អើល ឱ្យទៅនៅរកស៊ីតាមភូមិលំនៅវិញ។ កាលសំលាប់ស្ដេចកនបាននោះនៅក្នុងឆ្នាំរកា សប្តស័ក ព.ស. ២០៦៩, គ.ស. ១៥២៥។ សិរីរាជសម្បត្តិស្ដេចកនបាន ១៤ ឆ្នាំ ព្រះជន្ម ៤២ ឆ្នាំសុគត។


[១]

ឯកសារយោង[កែប្រែ]

យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ឧកញ៉ាចក្រីនៃកម្ពុជាធិបតី
គ.ស.១៥១៦-១៥២២
តដោយ
មិនស្គាល់
មុនដោយ
មិនស្គាល់
ហ្លួងភក្ដីនុរ័ក្សនៃក្រុងមានជ័យ
គ.ស.១៥១៦
តដោយ
មិនស្គាល់
  1. វិគីសៀវភៅ