Jump to content

ចិត្តវិទ្យា

ពីវិគីភីឌា

ចិត្តវិទ្យា (ចិត្តវិជ្ជា ក្នុងវចនានុក្រមខ្មែរ) គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីចិត្ត អារម្មណ៍ សតិ (គំនិត) របស់មនុស្សដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថ បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជម្ងឺខាងផ្លូវចិត្ត (ចិត្តមិនប្រក្រត្រី)ផ្សេងៗ។ គោលបំណងនៃចិត្តវិទ្យាគឺដើម្បីស្វែងយល់អោយច្បាស់លាស់នូវចិត្ត និង ឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុម​ដោយការពិសោធ និង វិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្នកដែលសិក្សាចិត្តវិទ្យា ត្រូវបានអោយឈ្មោះថា អ្នកចិត្តវិទ្យា ឫ ចិត្តវិទូ​។ ចិត្តវិទូសិក្សាស្វែងយល់នូវគំនិតដូចជា ប្រត្យាអារម្មណ៍ (Perception) ញាណ(Cognition) បម្រុងប្រយ័ត្ន (Attention) អារម្មណ៍(Emotion) មុខងារនៃខួរក្បាល(Brain Functioning) បុគ្គលិកលក្ខណៈ(Personality) ឥរិយាបថ(Behavior) និង ទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។

សាខានៃចិត្តវិទ្យា

[កែប្រែ]

ដោយសារចិត្តវិទ្យាគ្របដណ្តប់លើមុខវិជ្ជាជាច្រើន មានការបែងចែកចិត្តវិទ្យាជាផ្នែកផ្សេងៗដូចជា៖

- ចិត្តវិទ្យាជីវសាស្ដ្រ (Biological Psychology)

- ចិត្តវិទ្យាផ្នែកព្យាបាលជំងឺ (Clinical Psychology)

- ចិត្តវិទ្យាផ្នែកញាណ (Cognitive Psychology)

- ចិត្តវិទ្យាផ្នែកឥរិយាបថ និង ចិត្ត របស់សត្វ (Comparative Psychology)

- ចិត្តវិទ្យាផ្នែកការលូតលាស់ និង ការផ្លាស់ប្ដូរនៃឥរិយាបថ និង ចិត្ត របស់មនុស្ស (Developmental Psychology)

- ចិត្តវិទ្យាផ្នែកបុគ្គលិកលក្ខណៈ (Personality Psychology)

- ចិត្តវិទ្យាផ្នែកសង្គម (Social Psychology)

- ចិត្តវិទ្យាផ្នែកផ្សេងៗទៀត (Educational, School, Evolutionary, Industrial-organizational, Positive, psychology)។

ដើមកំណើត

[កែប្រែ]

ពាក្យចិត្តវិទ្យាមានន័យថា ការសិក្សាអំពីវិញ្ញាណ (ψυχή, psukhē មានន័យថា ដង្ហើម ព្រលឹង ឫ វិញ្ញាណ និង λογος -logos, មានន័យថា ការសិក្សា ឫ ការស្រាវជ្រាវ) ។ ពាក្យឡាតាំង Psychologia ត្រូវបានប្រើប្រាស់ដំបូងដោយ អ្នកសិក្សារឿងមនុស្សជាតិ ជនជាតិ ក្រូអាត(Croatian humanist) និង លោកម៉ារ៉ូឡិច-ម៉ាកូ (Marko Marulić) ជនជាតិឡាតាំង ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Psichiologia de ratione animae humanae ក្នុងអំឡុងចុងសតវត្សទី ១៥ ឫ ដើមសតវត្សទី ១៦។ អំណះអំណាងលើពាក្យ ចិត្តវិទ្យា (Psychology) ក្នុងភាសាអង់គ្លេសដំបូងគេបំផុតនោះគឺមាននៅក្នុងសៀវភៅ វចនានុក្រមរូបសាស្ត្រ(The Physical Dictionary) ដោយលោក ស្តេវ៉ឹន-ប៊្លែងខាត (Steven Blankaart) ដែលបានសរសេរថា "Anatomy, which treats of the Body, and Psychology, which treats of the Soul" មាន ន័យថា "កាយវិភាគវិទ្យាព្យាបាលរូបកាយ ចិត្តវិទ្យាព្យាបាលចិត្ត"។

ប្រវត្តិសាស្ត្រ

[កែប្រែ]
រីណេ ដេកាត (១៥៩៦-១៦៥០)
ឡក់ ចន (១៦៣២-១៧០៤)
មៀល ជេម (១៧៧៣-១៨៣៦)
ហ្គាលវ៉ានី លូអីជី (១៧៣៧-១៧៩៨)
តំបន់ប្រូកា និង តំបន់វឺនិគី

ការសិក្សាចិត្តវិទ្យាតាមបែបទស្សនវិជ្ជាមានតាំងពីបុរាណកាលមកម៉្លេះដូចជាក្នុង អេស៊ីប ក្រិច ចិន ឥណ្ឌា និង ពែរ្ស សម័យបុរាណ។ ប្រវត្តិវិទូបានបញ្ជាក់ថា ការកត់ត្រាទុករបស់ទស្សនវិទូក្រិចសម័យបុរាណដូចជា លោកតាលែស ប្លាតូ និង អារីស្តូតគឺជាភស្តុតាងដំបូងគេនៅប្រទេសលោកខាងកើតដែលបង្ហាញពី ស្នាដៃពោរពេញទៅដោយគំនិតទាក់ទងនឹងចិត្តវិទ្យា។ នៅសតវត្សទី៤ មុនគ្រិស្តសករាជ លោក ហាផូក្រាធី (Hippocrates) ដែលត្រូវបានស្គាល់ថាជាបិតានៃវិជ្ជាពេទ្យប្រទេសលោកខាងលិចបានលើកទស្សនៈមួយដំបូងគេថា ជំងឺផ្លូវចិត្តមានប្រភពមកពីអ្វីដែលមានពិត មិនមែនមកពី ព្រលឹង ខ្មោច ព្រាយ បិសាច អ្វីនោះទេ។

ការកែប្រែគំនិតរបស់មនុស្ស

[កែប្រែ]

ដោយសារតែតាំងពីបុរាណកាលមក មនុស្សតែងគិតថាខ្លួនហាក់បីដូចជា សភាវៈមួយពិសេស មានព្រលឹង អាចស្លាប់ហើយរស់ឡើងវិញបាន ចិត្តរបស់មនុស្សហាក់បីដូចជារបស់មួយដែលពុំអាចវាស់ស្ទង់បាន ដែលមិនស្របតាមច្បាប់ធម្មជាតិច្បាប់វិទ្យាសាស្ត្រ​អ្វីនោះទេ។ ហេតុដូចនេះហើយដើម្បីអាចសិក្សាយល់ច្បាស់ពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្របាន មនុស្សចាំបាច់កែប្រែគំនិតរបស់ខ្លួន ដែលក្នុងនោះមានលោក ដេកាត រីណេ (René Descartes) ជាអ្នកដើរតួយ៉ាងសំខាន់ម្នាក់​។

មានរឿងមួយដែលទាក់ទងនឹងលោក ដេកាត មានដំណាលថា ថ្ងៃមួយ លោកកំពុងដើរក្នុងសួនច្បារនៅប្រទេសបារាំង ដែលពោរពេញទៅដោយរូបចម្លាក់។ពេលនោះលោកបានឃើញរូបចម្លាក់មួយដ៏ស្រស់ស្អាតនៃទេពធីតាឈ្មោះ ដាយអាណា។ បន្ទាប់មកលោកក៏ដើរឆ្ពោះទៅកាន់រូបចម្លាក់នោះ។ រំពេចនោះ រូបចម្លាក់នៃណិបទូនបានចេញមកដោយកាន់លំពែងហាក់បីដូចជាចង់ការពារ​​។ ទោះបីជាលោកដេកាតដឹងថា រូបចម្លាក់នោះអាចធ្វើចលនាបានដោយរអិលលើសារធាតុរាវនៅពេលដែលគាត់ជាន់គន្លឹះយន្តក៏ដោយ លោកបានគិតថា រូបចម្លាក់នេះអាចធ្វើចលនាបានហាក់បីដូចជាវាមានបំណងអ្វីមួយ ឫ ហាក់បីដូចជាវាចង់សម្ដែងអ្វីមួយ។ បន្ទាប់មកលោកបានចាប់ផ្ដើមមើលសភាវៈផ្សេងៗ ហើយគិតថាប្រហែលជាមនុស្ស និង សត្វ ក៏ដូចជារូបចម្លាក់នៃណិបទូននោះដែរ ដែលមានរូបីច្បាស់លាស់ ហើយមានដំណើរការអ្វីមួយដែលធ្វើអោយមានចលនាប្រៀបប្រដូចនឹងសារធាតុរាវដែលអាចធ្វើអោយរូបចម្លាក់មានចលនានោះ​។

ហេតុដូចនេះហើយលោកដេកាតសន្មតថា សត្វហាក់បីដូចជាគ្រឿងយន្ត ប៉ុន្តែចំពោះមនុស្សគឺមាន២ផ្នែក (Cartesian Dualism) ដែលហាក់បីដូចជាគ្រឿងយន្តពាក់កណ្ដាល និង ហាក់បីដូចជាមានវិញ្ញាណពាក់កណ្ដាល ដែល វិញ្ញាណនោះអាចគ្រប់គ្រងលើគ្រឿងយន្តនោះផង ឫ អាចអោយគ្រឿងយន្តនោះធ្វើការដោយខ្លួនឯង​ផង (កាយ និង ចិត្ត)។

លោក ចន ឡក់ (John Locke) ដែលជាទស្សនវិទូ ជនជាតិ អង់គ្លេស បានជំរុញគំនិតមួយដែលបានបញ្ជាក់ថា ប្រហែលជាចិត្តមនុស្សក៏ជាគ្រឿងយន្តដែរ ហើយកើតឡើងពីរបស់រូបី ដែលស្របតាមច្បាប់ធម្មជាតិហើយអាចសិក្សាដោយបែបវិទ្យាសាស្ត្របាន។

លោក មៀល ជេម (James Mill) ជាទស្សនវិទូ ជនជាតិ អេកូស (Scottish) ដែលបានអោយឈ្មោះគំនិតខាងលើថា រូបធាតុនិយម ដែលមានអត្ថន័យថា អ្វីទាំងអស់គឺផ្សំឡើងដោយរូបធាតុនិងថាមពល មនុស្សជារូបធាតុដែលរស់នៅក្នុងពិភពលោកដែលជារូបធាតុដែរ ហេតុដូចនេះអ្វីដែលមនុស្សធ្វើ ឥរិយាបថ ចិត្ត របស់មនុស្សមិនមែនជាវិញ្ញាណ ព្រលឹងអរូបី នោះទេ ប៉ុន្តែសុទ្ធតែកើតឡើងពីទំនាក់ទំនង ការធ្វើអន្តរកម្មរវាងរូបធាតុទាំងនោះ ដែលស្របតាមច្បាប់ធម្មជាតិ ហើយអាចសិក្សាបានដោយបែបវិទ្យាសាស្ត្រ។

លោក ហ្គាលវ៉ានី លូអីជី (Luigi Galvani) ជា គ្រូពេទ្យ និង ទស្សនវិទូ ជនជាតិ អ៊ីតាលីមួយរូប ដែលបានធ្វើការពិសោធជាមួយនឹងជើងកង្កែប។ លោកបានបញ្ជូនចរន្តអគ្គិសនីទៅជើងកង្កែបនោះហើយអាចធ្វើអោយវាកន្ត្រាក់ ហាក់បីដូចជាជើងនោះកំពុងតែរាំ។ ការពិសោធរបស់លោកមានឥទ្ធិពលខ្លាំង និង មានសារៈសំខាន់ដែលបញ្ចាក់អោយឃើញថា រាងកាយពិតហាក់បីដូចជាគ្រឿងយន្ត អាចធ្វើចលនាបានដោយចរន្តអគ្គិសនី (អេឡិចត្រូគីមី)។

លោក ប្រូកា ផល (Paul Broca) ជាគ្រូពេទ្យខាងថ្នាំពេទ្យដែលបានសិក្សាពីតំបន់មួយក្នុងខួរក្បាលដែលទាក់ទងទៅនឹងការនិយាយភាសារបស់មនុស្ស។ ដំបូងលោកបានជួបប្រទះជាមួយអ្នកជំងឺជាច្រើនកន្លែងដែលមានអាការៈ គឺពួកគាត់អាចស្ដាប់និងយល់ភាសាបានយ៉ាងច្បាស់ ប៉ុន្តែពេលដែលពួកគាត់ព្យាយាមនិយាយមកវិញ គឺពួកគាត់មានការលំបាកក្នុងការបង្កើត និង និយាយប្រយោគដែលមានអត្ថន័យពេញលេញ គឺអ្វីដែលគាត់និយាយហាក់បីដូចជាខុសលំដាប់ និង ស្ទើរតែមិនអាចស្ដាប់បានតែម្ដង​។ លោកផល មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាការៈនេះ បន្ទាប់មកលោកបានស្នើសុំអ្នកជំងឺទាំងនោះដោយចង់ត្រួតពិនិត្យមើលខួរក្បាលរបស់ពួកគេនៅពេលដែលគេស្លាប់​។ អ្នកជំងឺមួយចំនួនបានយល់ព្រមនឹងលោក។លោកបានរង់ចាំរហូតដល់ពេលពួកគេស្លាប់មែន ហើយបានធ្វើការវះកាត់ខួរក្បាលរបស់អ្នកជំងឺទាំងនោះ។គាត់បានរកឃើញថា គ្រប់អ្នកជំងឺទាំងអស់ទទួលរងនូវការខូចខាតឫប៉ះទង្គិចនៅតំបន់មួយក្នុងខួរក្បាល ដែលត្រូវបានអោយឈ្មោះថា តំបន់ប្រូកា (Broca's Area)។ ផ្ទុយទៅវិញ អ្នកជំងឺដែលអាចនិយាយភាសាបានច្បាស់លាស់ ប៉ុន្តែមានការលំបាកក្នុងការស្ដាប់ភាសាវិញនោះត្រូវបានរកឃើញថា មានការប៉ះទង្គិចនៅតំបន់មួយទៀត ដែលត្រូវបានអោយឈ្មោះថា តំបន់វឺនិគី (Wernicke's Area)។

ទាំងនេះបញ្ជាក់អោយឃើញថាខួរក្បាលមនុស្សហាក់បីដូចជា គ្រឿងយន្ត ដែលតំបន់ខ្លះនៃខួរក្បាលគ្រប់គ្រងផ្នែកខ្លះនៃសារពាង្គកាយ ហើយគំនិតនេះត្រូវបានអោយឈ្មោះថា តំបន់និយម (Localism)។


ហេមហូល វន់ ហ៊ើមេន (១៨២១-១៨៩៤)
វីបបឺ អឺន (១៧៩៥-១៨៧៨)

កំណើតចិត្តវិទ្យា

[កែប្រែ]

ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨ ព្រោះនាពេលនោះប្រទេសអាឡឺម៉ង់ជាប្រទេសមានសេដ្ឋកិច្ចរីកចំរើនខ្លាំងជាងគេ ក្នុងបណ្ដាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប ក៏ដូចជាទូទាំងពិភពលោក។ហេតុដូចនេះហើយប្រទេសអាឡឺម៉ង់បានចំនាយថវិការជាច្រើនក្នុងការពិសោធន៍ ស្រាវជ្រាវ និង ស្វែងរកនូវរបកគំហើញថ្មីៗ ដើម្បីអោយប្រទេសអាឡឺម៉ង់ស្ថិតក្នុងជំហឈានមុខគេគ្រប់វិស័យ ក៏ដូចជាប្រយោជន៍ដើម្បីអោយប្រជាជនគេរស់នៅ ក្នុងជីវិតដ៏ល្អតាមតែអាចធ្វើទៅបាន។ ទាំងអស់នេះគឺមានសារៈសំខាន់ណាស់ក្នុងការឈានទៅដល់ការសិក្សាស្រាវជ្រាវអំពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រយ៉ាងលម្អិត និង ពិតប្រាកដ ដំបូងគេ ដែលត្រូវបានអោយឈ្មោះថា ចិត្តវិទ្យា។

នាអំឡុងពេលនោះដែរ មានអ្នកប្រាជ្ញមួយចំនួនដែលមិនមែនជាចិត្តវិទូទេ ប៉ុន្តែចូលរួមចំណែក ក្នុង ការងារ ឫ ការពិសោធន៍ ក៏ដូចជារបកគំហើញផ្សេងៗ ដែលទាក់ទងទៅនឹងចិត្តវិទ្យា ដូចជា លោក ហេមហូល វន់ ហ៊ើមេន

លោក ហេមហូល វន់ ហ៊ើមេន (Hermann von Helmholtz) ជា រូបវិទូ និង គ្រូពេទ្យ ជនជាតិ អាឡឺម៉ង់ មួយរូប ដែលបានធ្វើការពិសោធន៍ទាក់ទងទៅនឹងល្បឿននៃការបញ្ជូនព័ត៌មានរបស់កោសិកាប្រសាទ ណឺរ៉ូនមួយទៅកោសិកាប្រសាទណឺរ៉ូនមួយទៀតរបស់មនុស្ស។ លោកបានអោយមនុស្សជាច្រើនជាង ១០០០ នាក់ ដែលបានស្ម័គ្រចិត្តចូលរួមការពិសោធន៍ ឈរកាន់ដៃគ្នាតាមផ្លូវទួលមួយ បន្ទាប់មកលោកបានកំណត់ពេល និង ចាប់ផ្ដើមរលាក់ដៃអ្នកដែលនៅមុខគេបង្អស់ ហើយលោកបានជិះស្គីចុះតាមទួលរហូតដល់អ្នកចុងក្រោយគេបង្អស់ហើយចាំគេរលាក់ដៃគាត់វិញទើបឈប់កំណត់ពេល។ ដោយការពិសោធន៍នេះ លោកអាចគណនានូវល្បឿននៃការបញ្ជូនព័ត៌មានរបស់ណឺរ៉ូនបានតាមរយៈការយកប្រវែងសរសៃរឈាមមនុស្សពីដៃម្ខាងទៅខួរក្បាល ហើយពីខួរក្បាលទៅដៃម្ខាងទៀត បន្ទាប់មកគុណនឹងចំនួនមនុស្ស ១០០០ នាក់ ហើយចែកនឹងរយៈពេលដែលបានវាស់កំណត់។ ដោយសារតែកាលពីមុន មនុស្សជឿថាល្បឿនបញ្ជូនព័ត៌មានរបស់ណឺរ៉ូនគឺមានល្បឿនលឿនណាស់ ពុំអាចវាស់ស្ទង់បានឡើយ ដោយហេតុនេះហើយការពិសោធន៍របស់លោក ហ៊ើមេន បានបញ្ជាក់អោយឃើញថាមនុស្សចាប់ផ្ដើមឈានជើងមួយជំហានទៀតក្នុងការសិក្សាចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រ។

លោក វេបឺ អើន (Ernst Weber) ជា គ្រូពេទ្យ ជនជាតិ អាឡឺម៉ង់ ដែលត្រូវបានអោយឈ្មោះថា ជាអ្នកបង្កើតចិត្តវិទ្យាផ្នែកការពិសោធន៍។ លោកបានធ្វើការពិសោធន៍ទាក់ទងនឹងប្រវែងបន្ទាត់ដែលចាំបាច់បន្ថែមលើបន្ទាត់មួយទៀតថាតើចាំបាច់បន្ថែមប្រវែងប៉ុន្មាន ទើបអាចដឹងថាវែងជាង បើប្រៀបទៅនឹងប្រវែងដើម។ ការពិសោធន៍របស់លោកបានបញ្ជាក់អោយឃើញថា ប្រវែងដែលត្រូវបន្ថែមអាស្រ័យនឹងប្រវែងដើមរបស់បន្ទាត់មានន័យថា ផលចែករវាងបម្រែបម្រួលប្រវែងនឹងប្រវែងដើមរបស់បន្ទាត់ស្មើនឹងចំនួនថេរមួយ។ សេចក្ដីសន្និដ្ឋាននេះបានបង្ហាញអោយឃើញវិញ្ញាណរបស់មនុស្សអាចសិក្សាតាមបែបវិទ្យាសាស្ត្របានដោយប្រើគណិតវិទ្យា ហើយ សេចក្ដីសន្និដ្ឋាននេះផងដែរបានក្លាយជាច្បាប់មួយដែលអាចអនុវត្តក្នុងវិញ្ញាណទាំង៥របស់មនុស្ស មានឈ្មោះថា ច្បាប់វេបឺ (Weber’s Law)។

ការពិសោធន៍របស់លោកទាំងពីរខាងលើក៏ដូចជាការពិសោធន៍ផ្សេងៗជាច្រើនទៀតបានបើកចំហផ្លូវកាន់តែធំឆ្ពោះទៅកាន់កំណើតរបស់ចិត្តវិទ្យា។ អ្នកដែលលើផ្លូវនេះដំបូងគេគឺលោក វ៉ុន វែលហេម

លោក វ៉ុន វែលហេម (Wilhelm Wundt) ជា គ្រូពេទ្យ ជាទស្សនវិទូ ជីវវិទូ ចិត្តវិទូ ព្រមទាំងជាសាស្ត្រាចារ្យ ជនជាតិអាឡឺម៉ង់ម្នាក់ ដែលត្រូវបានស្គាល់ថាជា ចិត្តវិទូដំបូងគេបំផុតដោយសារលោកបានបង្កើតទីពិសោធន៍សម្រាប់ចិត្តវិទ្យា និង បានសរសេរសៀវភៅទាក់ទងនឹងចិត្តវិទ្យាដំបូងគេ ព្រមទាំងជា បិតានៃចិត្តវិទ្យាសម័យទំនើប។ លោកបានសិក្សាចិត្តវិទ្យាដោយប្រើវិធី អន្ដោបនីជ្ឈាន (Introspection) ដែលមានន័យថា ការត្រួតពិនិត្យចិត្ត គំនិត សម្បជញ្ញៈ របស់ខ្លួន។ លោកបានហ្វឹកហ្វឺនមនុស្សមួយក្រុមដោយអោយពួកគេចេះត្រួតពិនិត្យ ហើយរាយការណ៍អំពីអ្វីដែលកើតឡើងក្នុងចិត្តរបស់ពួកគេ នៅពេលលោកធ្វើការពិសោធ ដូចជាការបង្ហាញរូបភាព សំលេង សកម្មភាព ឬ វត្ថុផ្សេងៗទៅកាន់ពួកគេ។ គោលបំណងរបស់លោកគឺ ចង់ដឹងថា តើអារម្មណ៍ដែលយើងមាននៅពេលធ្វើអ្វីមួយដោយសម្បជញ្ញៈខុសពីឥតសម្បជញ្ញៈដូចម្ដេចខ្លះ តើសម្បជញ្ញៈរបស់មនុស្សមានទម្រង់ដូចម្ដេច ដែលបច្ចុប្បន្នគំនិតត្រូវអោយឈ្មោះថា ទម្រង់និយម (Structuralism)។ មានការជជែកវែកញែក ក៏ដូចជា សំនួរជាច្រើនរវាងអ្នកវិទ្យាសាស្ត្រ ស្ដីពីវិធីដែលលោក វែលហេមប្រើ ព្រោះការសិក្សារបស់លោកដោយប្រើវិធីនេះគឺមិនមែនសិក្សាពីសម្បជញ្ញៈរបស់មនុស្សដោយផ្ទាល់នោះទេ គឺលោកចាំបាច់ពឹងផ្អែកលើអ្នកដែលលោកបានហ្វឹកហ្វឺនក្នុងការរាយការណ៍ ហើយម្យ៉ាងវិញទៀតមានចម្ងល់ជុំវិញសំនួរមួយថា តើមនុស្សពិតជាអាចរាយការណ៍ពីអ្វីក្នុងចិត្តគេបានត្រឹមត្រូវ ច្បាស់លាស់ដែលអាចទទួលយកជាការពិត ដែរមែនទេ។

មិនយូរប៉ុន្មានចិត្តវិទ្យាចាប់ផ្ដើមរីករាលដាលដល់ប្រទេសដទៃ ជាពិសេស ប្រទេសអាមេរិច ដែលគេឃើញមានអ្នកប្រាជ្ញអាមេរិចចាប់ផ្ដើមចូលរួមក្នុងការអភិវឌ្ឍចិត្តវិទ្យា ដូចជាលោក ជេម វីលាម

លោក ជេម វីលាម (William James) ជា ទស្សនវិទូ និង ចិត្តវិទូ ជនជាតិ អាមេរិច ដែលបានអោយឈ្មោះថា បិតាចិត្តវិទ្យាប្រទេសអាមេរិច។ លោកជាអ្នកពូកែគិតត្រិះរិះម្នាក់ ហើយលោកបានសរសេរសៀវភៅដ៏មានសារៈសំខាន់ទាក់ទងនឹងចិត្តវិទ្យា មានឈ្មោះថា "គោលការណ៍នៃចិត្តវិទ្យា" (Principles of Psychology) នៅឆ្នាំ ១៨៩០។

លោក ហ្វ្រ័ដ សេកម៉ន (Sigmund Freud) ជា គ្រូពេទ្យពេទ្យសរសៃរប្រសាទ (neurologist) ជនជាតិ អូទ្រីស ដែលជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចិត្តវិទ្យា។ ទស្សនៈរបស់លោកមានអត្ថន័យថា មនុស្សគ្រប់រូបទាំងអស់មានផ្នែកខ្មៅងងឹត ដែលសូម្បីតែខ្លួនឯងក៏ពុំដឹង។ លោកបានបែងចែកផ្នែកនៅខាងក្នុងចិត្តមនុស្សជា ៣ ផ្នែកធំៗ៖

- អ៊ីត (បកប្រែថា "វា", English: id, German: das Es): ជាផ្នែកទទួលរងឥទ្ធិពលពីធម្មជាតិ ដែលមានក្នុងចិត្តមនុស្សតាំងពីជំនាន់មនុស្សនៅក្នុងសម័យយុគដំបូង។ ផ្នែកនេះរ៉ាប់រងនូវ ចំណង់ តណ្ហា អ្វីដែលមនុស្សចង់បាន ចង់ធ្វើស្រេចតែអំពើចិត្ត។

- ស៊ុបពើ-អ៊ីហ្គូ (បកប្រែថា "លើខ្ញុំ", English: super-ego, German: das Über-Ich): ជាផ្នែកទទួលរងឥទ្ធិពលពីសង្គម ជាផ្នែកដែលចង់អោយខ្លួនជាមនុស្សល្អអត់ខ្ចោះ ជាមនុស្សដែលគេគោរពស្រឡាញ់ សរសើរ ដែលមានភាពជាអ្នកដឹកនាំ ដែលមានផលប្រយោជន៍ក្នុងសង្គម។

- អ៊ីហ្គូ (បកប្រែថា "ខ្ញុំ", English: ego, German: das Ich): ជាផ្នែកដែលមានតូនាទីសម្របសម្រូល អ៊ីត និង ស៊ុបពើ-អ៊ីហ្គូ។ អ៊ីហ្គូចាំបាច់បំពេញតំរូវការរបស់ អ៊ីត ហើយមិនប៉ះពាល់ដល់ ស៊ុបពើ-អ៊ីហ្គូ។

ឯកសារយោង

[កែប្រែ]