ចិត្តវិទ្យា
ចិត្តវិទ្យា (ចិត្តវិជ្ជា ក្នុងវចនានុក្រមខ្មែរ) គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីចិត្ត អារម្មណ៍ សតិ (គំនិត) របស់មនុស្សដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថ បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជម្ងឺខាងផ្លូវចិត្ត (ចិត្តមិនប្រក្រត្រី)ផ្សេងៗ។ គោលបំណងនៃចិត្តវិទ្យាគឺដើម្បីស្វែងយល់អោយច្បាស់លាស់នូវចិត្ត និង ឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុមដោយការពិសោធ និង វិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្នកដែលសិក្សាចិត្តវិទ្យា ត្រូវបានអោយឈ្មោះថា អ្នកចិត្តវិទ្យា ឫ ចិត្តវិទូ។ ចិត្តវិទូសិក្សាស្វែងយល់នូវគំនិតដូចជា ប្រត្យាអារម្មណ៍ (Perception) ញាណ(Cognition) បម្រុងប្រយ័ត្ន (Attention) អារម្មណ៍(Emotion) មុខងារនៃខួរក្បាល(Brain Functioning) បុគ្គលិកលក្ខណៈ(Personality) ឥរិយាបថ(Behavior) និង ទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។
សាខានៃចិត្តវិទ្យា
[កែប្រែ]ដោយសារចិត្តវិទ្យាគ្របដណ្តប់លើមុខវិជ្ជាជាច្រើន មានការបែងចែកចិត្តវិទ្យាជាផ្នែកផ្សេងៗដូចជា៖
- ចិត្តវិទ្យាជីវសាស្ដ្រ (Biological Psychology)
- ចិត្តវិទ្យាផ្នែកព្យាបាលជំងឺ (Clinical Psychology)
- ចិត្តវិទ្យាផ្នែកញាណ (Cognitive Psychology)
- ចិត្តវិទ្យាផ្នែកឥរិយាបថ និង ចិត្ត របស់សត្វ (Comparative Psychology)
- ចិត្តវិទ្យាផ្នែកការលូតលាស់ និង ការផ្លាស់ប្ដូរនៃឥរិយាបថ និង ចិត្ត របស់មនុស្ស (Developmental Psychology)
- ចិត្តវិទ្យាផ្នែកបុគ្គលិកលក្ខណៈ (Personality Psychology)
- ចិត្តវិទ្យាផ្នែកសង្គម (Social Psychology)
- ចិត្តវិទ្យាផ្នែកផ្សេងៗទៀត (Educational, School, Evolutionary, Industrial-organizational, Positive, psychology)។
ដើមកំណើត
[កែប្រែ]ពាក្យចិត្តវិទ្យាមានន័យថា ការសិក្សាអំពីវិញ្ញាណ (ψυχή, psukhē មានន័យថា ដង្ហើម ព្រលឹង ឫ វិញ្ញាណ និង λογος -logos, មានន័យថា ការសិក្សា ឫ ការស្រាវជ្រាវ) ។ ពាក្យឡាតាំង Psychologia ត្រូវបានប្រើប្រាស់ដំបូងដោយ អ្នកសិក្សារឿងមនុស្សជាតិ ជនជាតិ ក្រូអាត(Croatian humanist) និង លោកម៉ារ៉ូឡិច-ម៉ាកូ (Marko Marulić) ជនជាតិឡាតាំង ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Psichiologia de ratione animae humanae ក្នុងអំឡុងចុងសតវត្សទី ១៥ ឫ ដើមសតវត្សទី ១៦។ អំណះអំណាងលើពាក្យ ចិត្តវិទ្យា (Psychology) ក្នុងភាសាអង់គ្លេសដំបូងគេបំផុតនោះគឺមាននៅក្នុងសៀវភៅ វចនានុក្រមរូបសាស្ត្រ(The Physical Dictionary) ដោយលោក ស្តេវ៉ឹន-ប៊្លែងខាត (Steven Blankaart) ដែលបានសរសេរថា "Anatomy, which treats of the Body, and Psychology, which treats of the Soul" មាន ន័យថា "កាយវិភាគវិទ្យាព្យាបាលរូបកាយ ចិត្តវិទ្យាព្យាបាលចិត្ត"។
ប្រវត្តិសាស្ត្រ
[កែប្រែ]ការសិក្សាចិត្តវិទ្យាតាមបែបទស្សនវិជ្ជាមានតាំងពីបុរាណកាលមកម៉្លេះដូចជាក្នុង អេស៊ីប ក្រិច ចិន ឥណ្ឌា និង ពែរ្ស សម័យបុរាណ។ ប្រវត្តិវិទូបានបញ្ជាក់ថា ការកត់ត្រាទុករបស់ទស្សនវិទូក្រិចសម័យបុរាណដូចជា លោកតាលែស ប្លាតូ និង អារីស្តូតគឺជាភស្តុតាងដំបូងគេនៅប្រទេសលោកខាងកើតដែលបង្ហាញពី ស្នាដៃពោរពេញទៅដោយគំនិតទាក់ទងនឹងចិត្តវិទ្យា។ នៅសតវត្សទី៤ មុនគ្រិស្តសករាជ លោក ហាផូក្រាធី (Hippocrates) ដែលត្រូវបានស្គាល់ថាជាបិតានៃវិជ្ជាពេទ្យប្រទេសលោកខាងលិចបានលើកទស្សនៈមួយដំបូងគេថា ជំងឺផ្លូវចិត្តមានប្រភពមកពីអ្វីដែលមានពិត មិនមែនមកពី ព្រលឹង ខ្មោច ព្រាយ បិសាច អ្វីនោះទេ។
ការកែប្រែគំនិតរបស់មនុស្ស
[កែប្រែ]ដោយសារតែតាំងពីបុរាណកាលមក មនុស្សតែងគិតថាខ្លួនហាក់បីដូចជា សភាវៈមួយពិសេស មានព្រលឹង អាចស្លាប់ហើយរស់ឡើងវិញបាន ចិត្តរបស់មនុស្សហាក់បីដូចជារបស់មួយដែលពុំអាចវាស់ស្ទង់បាន ដែលមិនស្របតាមច្បាប់ធម្មជាតិ ឬ ច្បាប់វិទ្យាសាស្ត្រអ្វីនោះទេ។ ហេតុដូចនេះហើយដើម្បីអាចសិក្សាយល់ច្បាស់ពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្របាន មនុស្សចាំបាច់កែប្រែគំនិតរបស់ខ្លួន ដែលក្នុងនោះមានលោក ដេកាត រីណេ (René Descartes) ជាអ្នកដើរតួយ៉ាងសំខាន់ម្នាក់។
មានរឿងមួយដែលទាក់ទងនឹងលោក ដេកាត មានដំណាលថា ថ្ងៃមួយ លោកកំពុងដើរក្នុងសួនច្បារនៅប្រទេសបារាំង ដែលពោរពេញទៅដោយរូបចម្លាក់។ពេលនោះលោកបានឃើញរូបចម្លាក់មួយដ៏ស្រស់ស្អាតនៃទេពធីតាឈ្មោះ ដាយអាណា។ បន្ទាប់មកលោកក៏ដើរឆ្ពោះទៅកាន់រូបចម្លាក់នោះ។ រំពេចនោះ រូបចម្លាក់នៃណិបទូនបានចេញមកដោយកាន់លំពែងហាក់បីដូចជាចង់ការពារ។ ទោះបីជាលោកដេកាតដឹងថា រូបចម្លាក់នោះអាចធ្វើចលនាបានដោយរអិលលើសារធាតុរាវនៅពេលដែលគាត់ជាន់គន្លឹះយន្តក៏ដោយ លោកបានគិតថា រូបចម្លាក់នេះអាចធ្វើចលនាបានហាក់បីដូចជាវាមានបំណងអ្វីមួយ ឫ ហាក់បីដូចជាវាចង់សម្ដែងអ្វីមួយ។ បន្ទាប់មកលោកបានចាប់ផ្ដើមមើលសភាវៈផ្សេងៗ ហើយគិតថាប្រហែលជាមនុស្ស និង សត្វ ក៏ដូចជារូបចម្លាក់នៃណិបទូននោះដែរ ដែលមានរូបីច្បាស់លាស់ ហើយមានដំណើរការអ្វីមួយដែលធ្វើអោយមានចលនាប្រៀបប្រដូចនឹងសារធាតុរាវដែលអាចធ្វើអោយរូបចម្លាក់មានចលនានោះ។
ហេតុដូចនេះហើយលោកដេកាតសន្មតថា សត្វហាក់បីដូចជាគ្រឿងយន្ត ប៉ុន្តែចំពោះមនុស្សគឺមាន២ផ្នែក (Cartesian Dualism) ដែលហាក់បីដូចជាគ្រឿងយន្តពាក់កណ្ដាល និង ហាក់បីដូចជាមានវិញ្ញាណពាក់កណ្ដាល ដែល វិញ្ញាណនោះអាចគ្រប់គ្រងលើគ្រឿងយន្តនោះផង ឫ អាចអោយគ្រឿងយន្តនោះធ្វើការដោយខ្លួនឯងផង (កាយ និង ចិត្ត)។
លោក ចន ឡក់ (John Locke) ដែលជាទស្សនវិទូ ជនជាតិ អង់គ្លេស បានជំរុញគំនិតមួយដែលបានបញ្ជាក់ថា ប្រហែលជាចិត្តមនុស្សក៏ជាគ្រឿងយន្តដែរ ហើយកើតឡើងពីរបស់រូបី ដែលស្របតាមច្បាប់ធម្មជាតិហើយអាចសិក្សាដោយបែបវិទ្យាសាស្ត្របាន។
លោក មៀល ជេម (James Mill) ជាទស្សនវិទូ ជនជាតិ អេកូស (Scottish) ដែលបានអោយឈ្មោះគំនិតខាងលើថា រូបធាតុនិយម ដែលមានអត្ថន័យថា អ្វីទាំងអស់គឺផ្សំឡើងដោយរូបធាតុនិងថាមពល មនុស្សជារូបធាតុដែលរស់នៅក្នុងពិភពលោកដែលជារូបធាតុដែរ ហេតុដូចនេះអ្វីដែលមនុស្សធ្វើ ឥរិយាបថ ចិត្ត របស់មនុស្សមិនមែនជាវិញ្ញាណ ព្រលឹង ឫ អរូបី នោះទេ ប៉ុន្តែសុទ្ធតែកើតឡើងពីទំនាក់ទំនង ការធ្វើអន្តរកម្មរវាងរូបធាតុទាំងនោះ ដែលស្របតាមច្បាប់ធម្មជាតិ ហើយអាចសិក្សាបានដោយបែបវិទ្យាសាស្ត្រ។
លោក ហ្គាលវ៉ានី លូអីជី (Luigi Galvani) ជា គ្រូពេទ្យ និង ទស្សនវិទូ ជនជាតិ អ៊ីតាលីមួយរូប ដែលបានធ្វើការពិសោធជាមួយនឹងជើងកង្កែប។ លោកបានបញ្ជូនចរន្តអគ្គិសនីទៅជើងកង្កែបនោះហើយអាចធ្វើអោយវាកន្ត្រាក់ ហាក់បីដូចជាជើងនោះកំពុងតែរាំ។ ការពិសោធរបស់លោកមានឥទ្ធិពលខ្លាំង និង មានសារៈសំខាន់ដែលបញ្ចាក់អោយឃើញថា រាងកាយពិតហាក់បីដូចជាគ្រឿងយន្ត អាចធ្វើចលនាបានដោយចរន្តអគ្គិសនី (អេឡិចត្រូគីមី)។
លោក ប្រូកា ផល (Paul Broca) ជាគ្រូពេទ្យខាងថ្នាំពេទ្យដែលបានសិក្សាពីតំបន់មួយក្នុងខួរក្បាលដែលទាក់ទងទៅនឹងការនិយាយភាសារបស់មនុស្ស។ ដំបូងលោកបានជួបប្រទះជាមួយអ្នកជំងឺជាច្រើនកន្លែងដែលមានអាការៈ គឺពួកគាត់អាចស្ដាប់និងយល់ភាសាបានយ៉ាងច្បាស់ ប៉ុន្តែពេលដែលពួកគាត់ព្យាយាមនិយាយមកវិញ គឺពួកគាត់មានការលំបាកក្នុងការបង្កើត និង និយាយប្រយោគដែលមានអត្ថន័យពេញលេញ គឺអ្វីដែលគាត់និយាយហាក់បីដូចជាខុសលំដាប់ និង ស្ទើរតែមិនអាចស្ដាប់បានតែម្ដង។ លោកផល មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាការៈនេះ បន្ទាប់មកលោកបានស្នើសុំអ្នកជំងឺទាំងនោះដោយចង់ត្រួតពិនិត្យមើលខួរក្បាលរបស់ពួកគេនៅពេលដែលគេស្លាប់។ អ្នកជំងឺមួយចំនួនបានយល់ព្រមនឹងលោក។លោកបានរង់ចាំរហូតដល់ពេលពួកគេស្លាប់មែន ហើយបានធ្វើការវះកាត់ខួរក្បាលរបស់អ្នកជំងឺទាំងនោះ។គាត់បានរកឃើញថា គ្រប់អ្នកជំងឺទាំងអស់ទទួលរងនូវការខូចខាតឫប៉ះទង្គិចនៅតំបន់មួយក្នុងខួរក្បាល ដែលត្រូវបានអោយឈ្មោះថា តំបន់ប្រូកា (Broca's Area)។ ផ្ទុយទៅវិញ អ្នកជំងឺដែលអាចនិយាយភាសាបានច្បាស់លាស់ ប៉ុន្តែមានការលំបាកក្នុងការស្ដាប់ភាសាវិញនោះត្រូវបានរកឃើញថា មានការប៉ះទង្គិចនៅតំបន់មួយទៀត ដែលត្រូវបានអោយឈ្មោះថា តំបន់វឺនិគី (Wernicke's Area)។
ទាំងនេះបញ្ជាក់អោយឃើញថាខួរក្បាលមនុស្សហាក់បីដូចជា គ្រឿងយន្ត ដែលតំបន់ខ្លះនៃខួរក្បាលគ្រប់គ្រងផ្នែកខ្លះនៃសារពាង្គកាយ ហើយគំនិតនេះត្រូវបានអោយឈ្មោះថា តំបន់និយម (Localism)។
កំណើតចិត្តវិទ្យា
[កែប្រែ]ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨ ព្រោះនាពេលនោះប្រទេសអាឡឺម៉ង់ជាប្រទេសមានសេដ្ឋកិច្ចរីកចំរើនខ្លាំងជាងគេ ក្នុងបណ្ដាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប ក៏ដូចជាទូទាំងពិភពលោក។ហេតុដូចនេះហើយប្រទេសអាឡឺម៉ង់បានចំនាយថវិការជាច្រើនក្នុងការពិសោធន៍ ស្រាវជ្រាវ និង ស្វែងរកនូវរបកគំហើញថ្មីៗ ដើម្បីអោយប្រទេសអាឡឺម៉ង់ស្ថិតក្នុងជំហឈានមុខគេគ្រប់វិស័យ ក៏ដូចជាប្រយោជន៍ដើម្បីអោយប្រជាជនគេរស់នៅ ក្នុងជីវិតដ៏ល្អតាមតែអាចធ្វើទៅបាន។ ទាំងអស់នេះគឺមានសារៈសំខាន់ណាស់ក្នុងការឈានទៅដល់ការសិក្សាស្រាវជ្រាវអំពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រយ៉ាងលម្អិត និង ពិតប្រាកដ ដំបូងគេ ដែលត្រូវបានអោយឈ្មោះថា ចិត្តវិទ្យា។
នាអំឡុងពេលនោះដែរ មានអ្នកប្រាជ្ញមួយចំនួនដែលមិនមែនជាចិត្តវិទូទេ ប៉ុន្តែចូលរួមចំណែក ក្នុង ការងារ ឫ ការពិសោធន៍ ក៏ដូចជារបកគំហើញផ្សេងៗ ដែលទាក់ទងទៅនឹងចិត្តវិទ្យា ដូចជា លោក ហេមហូល វន់ ហ៊ើមេន។
លោក ហេមហូល វន់ ហ៊ើមេន (Hermann von Helmholtz) ជា រូបវិទូ និង គ្រូពេទ្យ ជនជាតិ អាឡឺម៉ង់ មួយរូប ដែលបានធ្វើការពិសោធន៍ទាក់ទងទៅនឹងល្បឿននៃការបញ្ជូនព័ត៌មានរបស់កោសិកាប្រសាទ ណឺរ៉ូនមួយទៅកោសិកាប្រសាទណឺរ៉ូនមួយទៀតរបស់មនុស្ស។ លោកបានអោយមនុស្សជាច្រើនជាង ១០០០ នាក់ ដែលបានស្ម័គ្រចិត្តចូលរួមការពិសោធន៍ ឈរកាន់ដៃគ្នាតាមផ្លូវទួលមួយ បន្ទាប់មកលោកបានកំណត់ពេល និង ចាប់ផ្ដើមរលាក់ដៃអ្នកដែលនៅមុខគេបង្អស់ ហើយលោកបានជិះស្គីចុះតាមទួលរហូតដល់អ្នកចុងក្រោយគេបង្អស់ហើយចាំគេរលាក់ដៃគាត់វិញទើបឈប់កំណត់ពេល។ ដោយការពិសោធន៍នេះ លោកអាចគណនានូវល្បឿននៃការបញ្ជូនព័ត៌មានរបស់ណឺរ៉ូនបានតាមរយៈការយកប្រវែងសរសៃរឈាមមនុស្សពីដៃម្ខាងទៅខួរក្បាល ហើយពីខួរក្បាលទៅដៃម្ខាងទៀត បន្ទាប់មកគុណនឹងចំនួនមនុស្ស ១០០០ នាក់ ហើយចែកនឹងរយៈពេលដែលបានវាស់កំណត់។ ដោយសារតែកាលពីមុន មនុស្សជឿថាល្បឿនបញ្ជូនព័ត៌មានរបស់ណឺរ៉ូនគឺមានល្បឿនលឿនណាស់ ពុំអាចវាស់ស្ទង់បានឡើយ ដោយហេតុនេះហើយការពិសោធន៍របស់លោក ហ៊ើមេន បានបញ្ជាក់អោយឃើញថាមនុស្សចាប់ផ្ដើមឈានជើងមួយជំហានទៀតក្នុងការសិក្សាចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រ។
លោក វេបឺ អើន (Ernst Weber) ជា គ្រូពេទ្យ ជនជាតិ អាឡឺម៉ង់ ដែលត្រូវបានអោយឈ្មោះថា ជាអ្នកបង្កើតចិត្តវិទ្យាផ្នែកការពិសោធន៍។ លោកបានធ្វើការពិសោធន៍ទាក់ទងនឹងប្រវែងបន្ទាត់ដែលចាំបាច់បន្ថែមលើបន្ទាត់មួយទៀតថាតើចាំបាច់បន្ថែមប្រវែងប៉ុន្មាន ទើបអាចដឹងថាវែងជាង បើប្រៀបទៅនឹងប្រវែងដើម។ ការពិសោធន៍របស់លោកបានបញ្ជាក់អោយឃើញថា ប្រវែងដែលត្រូវបន្ថែមអាស្រ័យនឹងប្រវែងដើមរបស់បន្ទាត់មានន័យថា ផលចែករវាងបម្រែបម្រួលប្រវែងនឹងប្រវែងដើមរបស់បន្ទាត់ស្មើនឹងចំនួនថេរមួយ។ សេចក្ដីសន្និដ្ឋាននេះបានបង្ហាញអោយឃើញវិញ្ញាណរបស់មនុស្សអាចសិក្សាតាមបែបវិទ្យាសាស្ត្របានដោយប្រើគណិតវិទ្យា ហើយ សេចក្ដីសន្និដ្ឋាននេះផងដែរបានក្លាយជាច្បាប់មួយដែលអាចអនុវត្តក្នុងវិញ្ញាណទាំង៥របស់មនុស្ស មានឈ្មោះថា ច្បាប់វេបឺ (Weber’s Law)។
ការពិសោធន៍របស់លោកទាំងពីរខាងលើក៏ដូចជាការពិសោធន៍ផ្សេងៗជាច្រើនទៀតបានបើកចំហផ្លូវកាន់តែធំឆ្ពោះទៅកាន់កំណើតរបស់ចិត្តវិទ្យា។ អ្នកដែលលើផ្លូវនេះដំបូងគេគឺលោក វ៉ុន វែលហេម។
លោក វ៉ុន វែលហេម (Wilhelm Wundt) ជា គ្រូពេទ្យ ជាទស្សនវិទូ ជីវវិទូ ចិត្តវិទូ ព្រមទាំងជាសាស្ត្រាចារ្យ ជនជាតិអាឡឺម៉ង់ម្នាក់ ដែលត្រូវបានស្គាល់ថាជា ចិត្តវិទូដំបូងគេបំផុតដោយសារលោកបានបង្កើតទីពិសោធន៍សម្រាប់ចិត្តវិទ្យា និង បានសរសេរសៀវភៅទាក់ទងនឹងចិត្តវិទ្យាដំបូងគេ ព្រមទាំងជា បិតានៃចិត្តវិទ្យាសម័យទំនើប។ លោកបានសិក្សាចិត្តវិទ្យាដោយប្រើវិធី អន្ដោបនីជ្ឈាន (Introspection) ដែលមានន័យថា ការត្រួតពិនិត្យចិត្ត គំនិត សម្បជញ្ញៈ របស់ខ្លួន។ លោកបានហ្វឹកហ្វឺនមនុស្សមួយក្រុមដោយអោយពួកគេចេះត្រួតពិនិត្យ ហើយរាយការណ៍អំពីអ្វីដែលកើតឡើងក្នុងចិត្តរបស់ពួកគេ នៅពេលលោកធ្វើការពិសោធ ដូចជាការបង្ហាញរូបភាព សំលេង សកម្មភាព ឬ វត្ថុផ្សេងៗទៅកាន់ពួកគេ។ គោលបំណងរបស់លោកគឺ ចង់ដឹងថា តើអារម្មណ៍ដែលយើងមាននៅពេលធ្វើអ្វីមួយដោយសម្បជញ្ញៈខុសពីឥតសម្បជញ្ញៈដូចម្ដេចខ្លះ តើសម្បជញ្ញៈរបស់មនុស្សមានទម្រង់ដូចម្ដេច ដែលបច្ចុប្បន្នគំនិតត្រូវអោយឈ្មោះថា ទម្រង់និយម (Structuralism)។ មានការជជែកវែកញែក ក៏ដូចជា សំនួរជាច្រើនរវាងអ្នកវិទ្យាសាស្ត្រ ស្ដីពីវិធីដែលលោក វែលហេមប្រើ ព្រោះការសិក្សារបស់លោកដោយប្រើវិធីនេះគឺមិនមែនសិក្សាពីសម្បជញ្ញៈរបស់មនុស្សដោយផ្ទាល់នោះទេ គឺលោកចាំបាច់ពឹងផ្អែកលើអ្នកដែលលោកបានហ្វឹកហ្វឺនក្នុងការរាយការណ៍ ហើយម្យ៉ាងវិញទៀតមានចម្ងល់ជុំវិញសំនួរមួយថា តើមនុស្សពិតជាអាចរាយការណ៍ពីអ្វីក្នុងចិត្តគេបានត្រឹមត្រូវ ច្បាស់លាស់ដែលអាចទទួលយកជាការពិត ដែរមែនទេ។
មិនយូរប៉ុន្មានចិត្តវិទ្យាចាប់ផ្ដើមរីករាលដាលដល់ប្រទេសដទៃ ជាពិសេស ប្រទេសអាមេរិច ដែលគេឃើញមានអ្នកប្រាជ្ញអាមេរិចចាប់ផ្ដើមចូលរួមក្នុងការអភិវឌ្ឍចិត្តវិទ្យា ដូចជាលោក ជេម វីលាម។
លោក ជេម វីលាម (William James) ជា ទស្សនវិទូ និង ចិត្តវិទូ ជនជាតិ អាមេរិច ដែលបានអោយឈ្មោះថា បិតាចិត្តវិទ្យាប្រទេសអាមេរិច។ លោកជាអ្នកពូកែគិតត្រិះរិះម្នាក់ ហើយលោកបានសរសេរសៀវភៅដ៏មានសារៈសំខាន់ទាក់ទងនឹងចិត្តវិទ្យា មានឈ្មោះថា "គោលការណ៍នៃចិត្តវិទ្យា" (Principles of Psychology) នៅឆ្នាំ ១៨៩០។
លោក ហ្វ្រ័ដ សេកម៉ន (Sigmund Freud) ជា គ្រូពេទ្យពេទ្យសរសៃរប្រសាទ (neurologist) ជនជាតិ អូទ្រីស ដែលជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចិត្តវិទ្យា។ ទស្សនៈរបស់លោកមានអត្ថន័យថា មនុស្សគ្រប់រូបទាំងអស់មានផ្នែកខ្មៅងងឹត ដែលសូម្បីតែខ្លួនឯងក៏ពុំដឹង។ លោកបានបែងចែកផ្នែកនៅខាងក្នុងចិត្តមនុស្សជា ៣ ផ្នែកធំៗ៖
- អ៊ីត (បកប្រែថា "វា", English: id, German: das Es): ជាផ្នែកទទួលរងឥទ្ធិពលពីធម្មជាតិ ដែលមានក្នុងចិត្តមនុស្សតាំងពីជំនាន់មនុស្សនៅក្នុងសម័យយុគដំបូង។ ផ្នែកនេះរ៉ាប់រងនូវ ចំណង់ តណ្ហា អ្វីដែលមនុស្សចង់បាន ចង់ធ្វើស្រេចតែអំពើចិត្ត។
- ស៊ុបពើ-អ៊ីហ្គូ (បកប្រែថា "លើខ្ញុំ", English: super-ego, German: das Über-Ich): ជាផ្នែកទទួលរងឥទ្ធិពលពីសង្គម ជាផ្នែកដែលចង់អោយខ្លួនជាមនុស្សល្អអត់ខ្ចោះ ជាមនុស្សដែលគេគោរពស្រឡាញ់ សរសើរ ដែលមានភាពជាអ្នកដឹកនាំ ដែលមានផលប្រយោជន៍ក្នុងសង្គម។
- អ៊ីហ្គូ (បកប្រែថា "ខ្ញុំ", English: ego, German: das Ich): ជាផ្នែកដែលមានតូនាទីសម្របសម្រូល អ៊ីត និង ស៊ុបពើ-អ៊ីហ្គូ។ អ៊ីហ្គូចាំបាច់បំពេញតំរូវការរបស់ អ៊ីត ហើយមិនប៉ះពាល់ដល់ ស៊ុបពើ-អ៊ីហ្គូ។