Jump to content

ប្រាសាទវត្តភូ

ពីវិគីភីឌា
ប្រាសាទវត្តភូ

ឈ្មោះ:
ប្រាសាទវត្តភូ
អ្នកកសាង: ព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ ព្រះបាទភវវរ្ម័នទី១
កាលបរិច្ឆេទកសាង: សតវត្សទី៦ សតវត្សរ៍ទី១០ សតវត្សទី១១ សតវត្សទី១២
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា ព្រះឥសូរ
ស្ថាបត្យកម្ម: រចនាបថបាពួន រចនាបទកោះកេរ្តិ៍
ទីតាំង: ខេត្ត​ចំប៉ាស័ក្ដ អាណាចក្រអង្គរ បច្ចុប្បន្នស្ថិតនៅ ប្រទេសឡាវ

ទីតាំងភូមិសាស្រ្ត និងប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទវត្តភូ (ល. ວັດພູ) ជាអតីតប្រាសាទខ្មែរដែលបច្ចុប្បន្នស្ថិតនៅក្នុងខេត្តចម្ប៉ាសាក់ ប្រទេសលាវ ឬត្រូវបានស្គាល់ជាទូទៅថា វត្តភូចម្ប៉ាសាក់។ ភូ (ល. ພູ) សរសេរជា ពូ នៅក្នុងភាសាលាវមានន័យថាភ្នំ ដូចនេះ វត្តភូ គឺវត្តភ្នំ នោះឯង ទំនងដោយសារតែប្រាសាទនេះសាងសង់នៅលើចង្កេះភ្នំ[]។ប្រាសាទវត្តភូគឺជាប្រាសាទពីបុរាណកាលមួយ ដែលមកស្ថិតនៅ តំបន់ប៉ាក់សេ ខេត្តចម្ប៉ាសាក់ ប្រទេសឡាវសព្វថ្ងៃ។ ប្រាសាទវត្តភូមានចម្ងាយប្រមាណ ៦៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ចម្ងាយប្រមាណ ៥៥៥គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាប និងមានចម្ងាយ ៣០០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ ប្រាសាទវត្តភូមានចម្ងាយប្រមាណ ៧០០គីឡូម៉ែត្រពីរាជធានីបាងកក ប្រទេសថៃនិងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រពីខេត្តអ៊ូប៊ុននៃប្រទេសថៃ។ ចំណែកឯពីរដ្ឋធានីវៀងចន្ទវិញទៅប្រាសាទវត្តភូមានចម្ងាយប្រមាណ៦៥០គីឡូម៉ែត្រ និងពីទីរួមខេត្តចម្ប៉ាសាក់ទៅប្រាសាទវត្តភូមានចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រ។ ពីទីក្រុងហាណុយ ប្រទេសវៀតណាមទៅប្រាសាទវត្តភូមានចម្ងាយប្រមាណ ៩២០គីឡូម៉ែត្រ និងពីខេត្តដាណាងប្រទេសវៀតណាមមានចម្ងាយប្រមាណ ៤៤០គីឡូម៉ែត្រ។ប្រាសាទវត្តភូ ជាស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ សម័យអង្គរ ដោយបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ នៅអំឡុង ពាក់កណ្ដាល ស.ត.វទី១០។តាមរចនាបទ ប្រាសាទកោះកេរ្តិ៍ និង ប្រាសាទបាពួន។ សំរាប់ឧទ្ធិសដល់ ព្រះសិវៈ និង ព្រះវិស្ណុ។ ដែលកាលដើមឡើយដែនដីនេះ ជាដែនដីរបស់ អាណាចក្រភ្នំ ចាប់ពីស.ត.វទី១ រួចបន្តមក អាណាចក្រចេនឡា ចាប់ពីពាក់កណ្ដាល ស.ត.វទី៥មក និងកកើតជាដែនចំប៉ាសក្ដិនៅ ស.ត.វទី១០ ដល់ ស.ត.វទី១៣។ ប្រាសាទវត្តភូស្ថិតលើភ្នំដែលមានកម្ពស់ ២០០ម៉ែត្រ។ ប្រាសាទនេះជាប្រាសាទភ្នំ ដែលបែរមុខទៅទិសខាងកើតមានរាងជាក្រចាប់សេះ។ ស្ថាបយ្យកម្មដែលភាពអស្ចារ្យគឺជណ្តើរបុរាណជាថ្មដាជាថ្នាក់ៗមានប្រវែង ១៣០០ម៉ែត្រ ប្រកបដោយក្បាច់រចនាយ៉ាងល្អប្រណិត។ ប្រាសាទវត្តភូមានទីតាំងស្ថិតនៅក្បែរភ្នំដែលមានឈ្មោះថា លិង្គបវត ដែលភ្នំធម្មជាតិដែលរាងដូចលិង្គមានកម្ពស់ ១៨ម៉ែត្រ ដែលមានទឹកហូបចេញពីលិង្គឥតដាច់ និងប្រាសាទនេះតំណាងឱ្យភ្នំសុមេរុ ដែលសម្រាប់តម្កល់លិង្គរាជ្យរបស់ព្រះមហាក្សត្រគ្រប់ជំនាន់។ លើសពីនេះគេឃើញមានស្រះទឹកដ៏ធំមួយដែលមានប្រវែងបណ្តោយ ៦០០ម៉ែត្រនិងទទឹងប្រវែង ២០០ម៉ែត្រ។ ប្រាសាទវត្តភូមានទីតាំងស្ថិតនៅលើគ្រឹះរាជធានីបុរាណមួយនៃអាណាចក្រចេនឡា (សតវត្សរ៍ទី៦-ទី៨) ដែលមានឈ្មោះថា ភវបុរ:។ ព្រះត្រីរមូតិហិណ្ឌូ គឺតំណាងឱ្យព្រះព្រហ្ម ព្រះឥសូរ និងព្រះវិស្ណុ ដែលជាព្រះអាទិទេពធំៗទាំងបីអង្គក្នុងសាសនាហិណ្ឌូ។ ផ្លូវចូលទៅកាន់ប្រាសាទវត្តភូ ដំបូងឡើយមានដាំបង្គោលសិលារៀបជាជួរអមសងខាងលម្អដោយនាគលូន ក៏ប៉ុន្តែនាគលូនទាំងនេះបែកបាក់ស្ទើរតែទាំងអស់ ។ តាមផ្លូវនេះក៏មានស្ពាននាគមួយទៀត ដែលកសាងឡើងសម្រាប់នាំមនុស្សលោកទៅកាន់ឋានសួគ៌។

សិលាចារឹក

[កែប្រែ]

គេរកឃើញសិលាចារឹក K-១៣២០ នៅជិត «វាំងខាងជើង»[] នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣។ សិលាចារឹកនេះប្រហែលជាត្រូវបានកប់ក្រោយព្រះបាទឦសានវរ្ម័នទី១ ចូលទីវង្គត។ គួរកត់សម្គាល់ផងដែរថា សិលាចារឹកនេះមិនមែនជាសិលាចារឹកតែមួយគត់ដែលត្រូវបានកប់នោះទេ សិលាចារឹក K-៣៦៧[]របស់ព្រះបាទជ័យវរ្ម័នទី១ ក៏ត្រូវបានរកឃើញនៅព្រះលាននៅវត្តភូនេះនៅឆ្នាំ១៩០១ដែរ។ ការកប់វត្ថុមានតម្លៃនៅពេលមានអាសន្នមិនមែនជារឿងចៃដន្យនោះទេ។ ដូចបានដឹងស្រាប់ ព្រះរាជាដែលឡើងសោយរាជ្យបន្តគឺព្រះបាទជ័យវរ្ម័នទី៤ ដែលជាប់ខ្សែស្រឡាយសាច់ថ្លៃនឹងព្រះបាទព្រះបាទយសោវរ្ម័នទី១ ដែលជាព្រះបិតាព្រះបាទហស៏វរ្ម័នទី១ និងព្រះបាទឦសានវរ្ម័នទី២។ ទំនាក់ទំនងរវាងព្រះបាទជ័យវរ្ម័នទី៤ នឹងព្រះរាជាមុនៗប្រហែលជា «មិនសូវល្អ» ប៉ុន្មាននោះទេ ព្រោះព្រះអង្គបានទៅសាងរាជធានីថ្មីមួយនៅ ឆោកគគ៌្យរ៑ ដែលត្រូវនឹងតំបន់ប្រាសាទកោះកេរសព្វថ្ងៃ។ សេចក្ដីនៃសិលាចារឹកនេះបានឱ្យយើងដឹងអំពីពន្ធប្រចាំឆ្នាំដែលត្រូវប្រមូលជាតង្វាយដល់ទេព «ភទ្រេស្វរៈ» នៅឯ «លិង្គបុរៈ» ប្រហែលជាត្រូវនឹងតំបន់ប្រាសាទវត្តភូនេះឯង។ បន្ថែមពីនេះ សិលាចារឹកនេះក៏នាំឱ្យយើងដឹងកាន់តែច្បាស់អំពីឆ្នាំឡើងស្វោយរាជ្យនៃព្រះរាជាសម័យអង្គរនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។ សិលាចារឹកនេះសរសេរពីព្រះរាជាចំនួន៤អង្គដូចជា ព្រះបាទឥន្ទ្រវម្ម៌ទេវ ឡើយស្វោយរាជ្យនៅឆ្នាំ៨៧៧នៃគ.ស។ ព្រះបាទយឝោវម្ម៌ទេវ (ទី១) ជាព្រះរាជបុត្រឡើងស្វោយរាជ្យបន្តនៅឆ្នាំ៨៨៩នៃគ.ស។ ព្រះបាទហឞ៌វម្ម៌ទេវ (ទី១) ជាព្រះរាជបុត្រទី១ឡើងស្វោយរាជ្យបន្តនៅឆ្នាំ៩១០នៃគ.ស។ ព្រះបាទឦឝានវម៌្មទេវ (ទី២) ជាព្រះរាជបុត្រទី២ឡើងស្វោយរាជ្យបន្តនៅឆ្នាំ៩២៥នៃគ.ស។ ក្នុងសៀវភៅប្រវត្តិសាស្ត្រចាស់ៗសរសេរថា ព្រះបាទយឝោវម្ម៌ទេវ (ទី១) ស្វោយរាជ្យពីឆ្នាំ៨៨៩ ដល់៨៩៩នៃគ.ស.។ ចំណុចត្រូវតែកែតម្រូវឡើងវិញផ្អែកតាមសិលាចារឹកខាងលើ។ ព្រះបាទឦឝានវម៌្មទេវ (ទី២) ប្រហែលជាស្វោយរាជ្យបានមួយរយៈខ្លីប៉ុណ្ណោះ ព្រោះនៅឆ្នាំ៩២៨នៃគ.ស. ព្រះបាទជយវម្ម៌ទេវ (ទី៤) បានប្រកាសឡើងស្វោយរាជ្យបន្ត។ ប្រវត្តិវិទូជាច្រើនគិតថា ព្រះអង្គជា «ស្ដេចជ្រែករាជ្យ» តែគេមិនបានដឹងច្បាស់ពីច្បាប់ស្នងរាជ្យនៅប្រទេសកម្ពុជានៅសម័យបុរាណនោះឡើយ។ លោក Michael Vickery បានផ្ដល់សម្មិតិកម្មផ្សេងមួយអំពីរឿងនេះវិញ[]

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. sopheak.wordpress.com
  2. Henri Parmentier: Le Temple de Vat Phu. In: Bulletin de l’Ecole française d’Extrême-Orient. Tome 14, 1914. pp. 1-32.
  3. Inscription du Cambodge II, pp.78; V, pp.9-10.
  4. Michael Vickery, History of Cambodia