Jump to content

វត្តសារាវន្ត

ពីវិគីភីឌា

វត្តសារាវន្តវត្តសារាវ័នតេជោស្ថិតនៅចន្លោះផ្លូវលេខ១៧៨និង១៧២ កាត់ទទឹងមុខ វត្តដោយផ្លូវលេខ១៩ក្នុងទឹកដីនៃសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្តសារាវ័នតេជោ សព្វថៃ្ងនេះកាលពីដំបូងឡើយគឺជាទីព្រៃលិចទឹកមួយឈ្មោះថា "បឹងរាំង"[]។ ទីបឹងនេះ ក្រោយមកក៏ ក្លាយ​ទៅជាទីទួលមួយដែលមានដើមរាំងភ្នំ និងដើមរាំងទឹកដុះមីរដេរដាសទ្រប់ទ្រុល។ នៅសម័យលោកយាយពេញ​កសាងទីទួលវត្តភ្នំឲ្យក្លាយជាវត្តអារាមសម្រាប់តម្កល់ព្រះពុទ្ធរូប ដែល​គាត់​យកបានមកពីរូងដើមគគីរអណែ្តតទឹកនោះ គឺជាសម័យ​ដែលមានមនុស្សម្នា​ជាច្រើនបានមករស់​ក្នុងតំបន់ផេ្សងៗនៃក្រុងភ្នំពេញសព្វថៃ្ង។ នៅសម័យនោះជាសម័យនៃការនិយម មគធៈភាសា និងសំស្រឹ្កត ហេតុដូចេ្នះហើយទើបអ្នកចំណូលថ្មីដែលមករស់នៅ​តំបន់វត្តសារាវ័ន​កាលពីសម័យនោះហៅ​ទីទួលនោះជាភាសាបាលីថាទួលសាលវ័ន

នៅពាក់កណ្តលសតវត្សទី១៥ពោលគឺក្នុងរវាងឆ្នាំ១៤០០នៃគ.សជាសម័យកាល ដែលមានការរីកចម្រើនខាងផែ្នកពុទ្ធសាសនា។ ជំនាន់នោះ នៅតំបន់ទនេ្លច្រាបឈាម (ទនេ្លចតុមុខសព្វថៃ្ង) ស្ទើរតែគ្មានវត្តអារាមនោះទេ គឺមានត្រឹមតែជាទួលអស់លោក ឬរោងឧបោសថសម្រាប់ធ្វើពិធីបុណ្យសាសនាតែប៉ុណ្ណោះ ហេតុដូចេ្នះហើយទើបទីអារាម"សារាវ័នតេជោ "ត្រូវបានកកើត​ទៅជាវត្ត​នៅក្នុងអំឡុងឆ្នាំ១៤២២ ពោលគឺរហូតមកដល់បច្ចុប្បន្ននេះមានអាយុកាលប្រមាណ៤៨៦ឆ្នាំហើយ និងមានសង្ឃបាលអ្នកគ្រប់គ្រងទីអារាមនេះ ជាព្រះគ្រូជាតាបស ជាសង្ឃនាយក និងជា​ចៅអធិការចំនួន១៤អង្គផងដែរ។ បើគិតរហូតមកដល់សព្វថៃ្ងនេះទីអារាម"សារាវ័នតេជោ"ត្រូវបានចាត់ទុកថា ជាទីអារាមព្រះពុទ្ធសាសនា ដ៏ចំណាស់មួយក្នុងទឹកដីនៃខណ្ឌដូនពេញ រាជធានីភ្នំពេញក្នុងចំណោមវត្តទាំង៧។ វត្ត "សារាវ័នតេជោ"ត្រូវបានគេដឹងថាមានកំណើតឡើងក្រោយការកកើតវត្តភ្នំដូនពេញ និងវត្តចំនួន៣ទៀតកាលពីគ.ស១៣៧២ មានដូចជាវត្តកោះ វត្តលង្កា និងវត្តព្រះពុទ្ធឃោសាចារ្យ

ទាក់ទិនដល់ប្រវត្តិនៃឈ្មោះរបស់ទីអារាម"​សារាវ័នតេជោ"នេះ​ ចាប់តាំងពីក្រោយពេលដែលព្រះចៅពញាយ៉ាត បានមកគង់ប្រថាប់នៅរាជធានីចតុមុខមង្គលសកលកម្ពុជាធិបតី នាថៃ្ងអង្គារ ខែពិសាខ ឆ្នាំខាល គ.ស១៤៣៤នោះ ព្រះអង្គបានទតឃើញថា មណ្ឌលសីមានេះនៅមានថ្លុក ស្ទឹង បឹងបួ អូរត្រពាំងក្រហេងក្រហូងជាច្រើនពុំរាបស្មើហេតុដូចេ្នះហើយទើប ព្រះអង្គ​បានត្រាស់​បង្គាប់​ឲ្យឧកញ៉ាតេជោស្រី ដែលជាចៅហ្វាយខេត្តសំរោងទង (ខេត្តកំពង់ស្ពឺសព្វថៃ្ង)កេណ្ឌប្រជានុរាស្រ្តឲ្យមកជីកយកអាចម៍ដីតាមទីវាលទំនាប ដែល​ស្ថិត​នៅ​ខាងត្បូង​ទីតាំងវត្តភ្នំដូនពេញ ទៅ​ចាក់បំពេញនៅក្រោមជើងភ្នំដូនពេញ ពិសេសនៅក្នុងបរិវេណនៃព្រះបរមរាជវាំង ហើយព្រះអង្គ ព្រមទាំងបានត្រាស់ បញ្ជាឲ្យ​គេចាក់​អាចម៍ដីបំពេញ និងបង្អាប់ឲ្យ​ទីតាំងនេះបានរាបស្មើ រហូត​ដល់មាត់ទនេ្លចតុមុខថែមទៀតផង និងបានដាក់នាមផ្លូវមុខវាំងនោះថា"ផ្លូវកំពង់រាប" ។ ឯទីវាលទំនាបដែលគេជីកយកអាចម៍ដីនោះ ក៏បានក្លាយទៅ​ជាបឹងមួយមានឈ្មោះថា​"បឹងឧកញ៉ាតេជោ"​ ហើយទីទួលសាលវ័នក៏ត្រូវបានក្លាយទៅ​ជាកនែ្លងបោះជំរំរបស់អ្នកឧកញ៉ាតេជោស្រី សម្រាប់ត្រួតពិនិត្យកម្លាំងពលករដែលបានកេណ្ឌមកពីនិគមផេ្សងៗ ហើយក្រោយ​មក​ក៏​បាន​ក្លាយឈ្មោះ​ដែលអ្នកងារបានហៅថា " ទួលតេជោ " ហើយនៅពេលដែលទីទួលនេះ បានក្លាយជាទីអារាមនោះ​ក៏មាននាមបញ្ញត្តិថា"វត្តសារាវ័នតេជោ"រហូតដល់សព្វថៃ្ង។ គួរបញ្ជាក់បនែ្ថម ទៀត​ថាចំពោះព្រះវិហាររបស់ទីអារាម"សារាវ័នតេជោ"ត្រូវបានកសាងឡើងនៅឆ្នាំ១៨៩២ ហើយបានធ្វើការជួសជុលធំម្តងកាលពីអំឡុងឆ្នាំ១៩៥២ ក៏ប៉ុនែ្តនៅរក្សារចនាប័ទដើមទាំងអស់គ្មានការផ្លាស់ប្តូរនោះទេ។

ឯកសារពិគ្រោះ

[កែប្រែ]
  1. ឯកសារដែលចងក្រងសរសេរឡើងដោយលោកសំ ចាន់រ៉េន

តំនភា្ជប់

[កែប្រែ]