វត្តព្រះកែវមរកត
ព្រះវិហារ ព្រះកែវមរកត | ||||
![]() | ||||
ព្រះវិហារព្រះកែវមរកតនាព្រះបរមរាជវាំង | ||||
ឈ្មោះផ្លូវការណ៍ | ព្រះវិហារ ព្រះកែវមរកត | |||
ស្ថាប័ត្យកម្ម | ដោយលោក ទេព និមិត្រម៉ក់ | |||
ព្រះវិហារ | កសាងដោយព្រះបាទ នរោត្ដម ឆ្នាំ (១៩៨៥-១៩០២) | |||
សាងសង់ឡើងវិញ | (១៩៦២) ដោយម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសមៈ | |||
ឈ្មោះផ្សេងទៀត | វត្តព្រះកែវមរកត ឬ វត្តប្រាក់ |
ព្រះវិហារព្រះកែវមរកត គឺជាវត្តអារាមពុទ្ធសាសនា ដែលមានទីតាំងនៅភាគខាងត្បូងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ វត្តនេះត្រូវបានកសាងឡើងនៅចន្លោះឆ្នាំ (១៨៨៥-១៩០២) តាមលំនាំស្ថាប័ត្យកម្មខ្មែរបុរាណសុទ្ធសាធ នៃសំណង់ឈើក្នុងរាជ្យព្រះបាទនរោត្ដម ក្រោយមកត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ ១៩៦២ ក្នុងរាជ្យព្រះមហាក្សត្រិយានីស៊ីសុវត្ថិ កុសមៈ ។ "ព្រះវិហារកែវមរកត" ជាព្រះវិហារដែលរក្សាទុកដាក់នៅរតនៈសម្បត្តិជាតិជាច្រើនមានដូចជា ៖ បដិមាព្រពុទ្ធសាងអំពីមាសប្រាក់ សំរិទ្ធ និង រតនៈវត្ថុជាច្រើនទៀត ជាពិសេសគឺ បដិមាព្រះពុទ្ធធ្វើពីត្បូងមរកត ដែលអ្នកគ្រប់គ្នាហៅថា ព្រះកែវមរកត ហើយបដិមាព្រះពុទ្ធធ្វើពីត្បូងមរកត ស.វទី១៤ ក្នុងរាជស្ដេចលំពែងរាជា យកមកប្រសិទ្ធីក្នុងពិធីស្រង់ព្រះតែមួយលើកគត់ក្នុងឆ្នាំ១៩៦៥ និងការបាត់បង់ពិតប្រាកដនៅក្នុងសម័យសង្គ្រាមកម្ពុជា (១៩៧០-១៩៧៩) ។ សព្វថ្ងៃនេះវត្តព្រះកែវមរកតគឺជាកន្លែងដែលទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងជាកន្លែងសាសនាដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ [១] [២] [៣] [៤]
ប្រវត្តិ ព្រះវិហារព្រះកែវមរកត[កែប្រែ]

ព្រះវិហារព្រះកែវមរកត ពុំមានព្រះសង្ឃគង់នៅទេ ដូចនេះ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទៅគង់នៅទីនោះ ក្នុងពេលព្រះអង្គលោកសាង ព្រះផ្នួសរយៈពេលមួយព្រះវស្សា (នាថ្ងៃទី១៤កើត ខែទុតិយសាធ ឆ្នាំកុរ នព្វស័ក ព.ស២៤៩០ ត្រូវនឹងថ្ងៃទី៣១ ខែកក្តដា ឆ្នាំ១៩៤៧) លោក បានបួសជាភិក្ខុសង្ឃ និង បានយក ព្រះវិហារព្រះកែវមរកត ធ្វីជាទីកន្លែងសំណាក់ធម៌ ក្នុងការប្រកាន់យក ឧបោសថសីល ភាពដែលចម្រើនជាព្រះធម៌ ជារៀងរាល់ថ្ងៃ។ ដោយសារតែ ព្រះវិហារព្រះកែវមរកត មានអង្គក្សត្របួសជាភិក្ខុសង្ឃទើប ព្រះវិហារនេះ ត្រូវបានគេដាក់ឈ្មោះថ្មីបន្ថែមថា វត្តឧបោសថ ព្រះជិនរង្សីរាជានរោត្ដម រតនារ៉ាម (English: Wat Ubaosoth Preahchin Rangsey Reachea Norodom Ratanaram) ដែលមានន័យថា វត្តព្រធម៌ជាព្រះនៃពន្លឺរាជានរោត្ដមបរមរតនកោដ្ឋរតនៈសម្បត្តិរាសីចក្រ (English: The meaning: The Dharma Pagoda God of the Light King Norodom Wealth Aries) ព្រះវិហារនេះត្រូវបានគេហៅថាព្រះវិហារព្រះកែវមរកតដោយសាមានរូបបដិមាមួយអង្គធ្វើអំពីត្បូងមានតម្លៃដែលច្នៃចេញពីត្បូងមរកតដែលតម្កល់ទុកក្នុងព្រះវិហារនេះ។ព្រះវិហារនេះត្រូវបានអ្នកទេសចរបរទេសហៅថាវត្តប្រាក់ ដោយសារតែកំរាលឥដ្ឋធ្វើអំពីប្រាក់ កម្រាលឥដ្ឋទាំងមូលក្រាលដោយប្រាក់ដែលមានចំនួន ៥៊៣២៩ ផ្ទាំង ដែលក្នុងមួយផ្ទាំងមានទម្ងន់ ១.១២៥ គីឡូក្រាម។ វត្ថុសិល្បៈដែលដាក់តាំងដែលនៅក្នុងព្រះវិហារនេះមានចំនួន ១៦៥០ ដែលភាគច្រើនជាពុទ្ធបដិមាធ្វើពីមាសប្រាក់សំរឹទ្ធនិងមានតុបតែងដោយត្បូងមានតម្លៃដូចជាពេជ្រ ត្បូងទទឹម ត្បូងកណ្តៀងនិងត្បូងមានតម្លៃដទៃទៀត រីឯភាពល្បីល្បាញមួយទៀតគឺរូបបដិមាព្រះសិរិអារ្យមេត្រីដែលធ្វើពីមាសទម្ងន់៩០គីឡូមាស និងបញ្ចុះនូវគ្រាប់ពេជ្រចំនួន ៩៥៨៤ គ្រាប់ដែលមួយគ្រាប់ដែលធំជាងគេមានទំហំ ២៥ការ៉ាត់ ។ [៥] ព្រះសិរិអារ្យមេត្រីមាស នេះ ធ្លាប់មានប្រវត្តិជាមួយ អាណាចក្រលានឆាង (Lan Xang) ប្រទេស ឡាវ បច្ចុប្បន្ន គឺមានរូបរាង្គដូចគ្នាទៅ និង ព្រះបាង (Phra Bang) របស់ឡាវ ដែលជាអំណោយស្ដេចរបស់កម្ពុជា ប្រទានទៅឲ្យស្ដេចឡាវ ព្រះនាម ហ្វាងាំ (Fa Ngum) ក្នុងពេលដែលស្ដេចថៃ លើកទ័ពឈ្លានពានតំបន់ ក្រុងអង្គរ (1352 - 1357) ក្នុងរាជព្រះបាទ សុរីយ៉ាវង្ស ។ [៦] [៧] ព្រះសិរអារ្យមេត្រី បានបង្កើតនៅក្នុងសិក្ខាសាលានៅវិមានអំឡុងឆ្នាំ ១៩០៦ និង ១៩០៧ ដោយព្រះបាទស៊ីសុវត្ថិនៃប្រទេសកម្ពុជា។ ជញ្ជាំងដែលព័ទ្ធជុំវិញសំណង់នានាត្រូវបានគ្របដោយផ្ទាំងគំនូររាមកេរ្តិ៍ដែលគូរនៅឆ្នាំ ១៩០៣-១៩០៤ ដោយវិចិត្រករខ្មែរដឹកនាំដោយស្ថាបត្យករនៃវត្តប្រាក់ឧកញ៉ាទេពនិមិត្រម៉ក់។[៨] រឿងព្រេងនិទានរបស់ព្រះគោព្រះកែវក៏ត្រូវបានតំណាងដោយរូបចម្លាក់ពីរនេះដែរ ដោយធ្វើការកែសម្រួលខ្លឹមសារនិងឆ្នាំនៃរឿង។
ប្រវត្តិ ព្រះកែវមរកត[កែប្រែ]

យោងតាមកំណត់ត្រារបស់កម្ពុជា របស់លោក ទេពពិទូរ ឈឹម ក្រសេម ឬ "ក្រសេមគន្ធៈបណ្ឌិត" ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជាសុរិយា កិច្ចកាល លើកទី9 ឆ្នាំ (1950) ព្រះកែវមរកត (អង់គ្លេស: Emerald Buddha) កំពុងស្ថិតនៅប្រទេស ស្រីលង្កា (អង់គ្លេស: Sri Lanka) ក្នុងរាជស្ដេច "លង្កស្សរាជ" ដែលបានតម្កល់ បដិមា (Statue) "ព្រះកែវមរកត" ក្នុងមហាវិហារ មេឃគិរី ដែលជាទីសិក្សាសំណាក់ធម៌យ៉ាងធំ ហាក់ដូចជា មហាវិទ្យាល័យ បរិយត្តិធម៌ក្នុងសម័យនោះ ។ គ្រានោះដែលមានស្ដេចភូមា (បច្ចុប្បន្នជាប្រទេស មីយ៉ាន់ម៉ា) ព្រះនាម "អនុរុទ្ធ" (អង់គ្លេស: Anawrahta) ទ្រង់បានធ្វើបដិសណ្ឋារៈ រឹតចំណងការទូតសាសនា ជាមួយស្ដេច "លង្កស្សរាជ" ទ្រង់បានសុំចំចម្លង ព្រះត្រៃបិដក ជាភាសាបាលី ១ចប់ និងប្រែជាភាសាលង្កា ១ចប់ទៀត ហើយព្រះអង្គសូមរតនា សុំព្រះកែវមរកត ជាទីគោរពរំលឹកដល់ពុទ្ធសាសនាផងដែរ ហើយព្រះបាទ លង្កស្សរាជ ក៏យល់ព្រមថ្វាយតាមសំណើរនេះ ។ កាលបើចម្លងចប់ហើយ ព្រះបាទ អនុរុទ្ធ ក៏បញ្ជូនព្រះត្រៃបិដក ជាភាសាបាលី ដាក់សំពៅ ១ និង ឱ្យជញ្ជូន ព្រះត្រៃបិដកសម្រាយព្រមទាំង បដិមា ព្រះកែវមរកត ដាក់សំពៅ ១ទៀត រីឯ ព្រះអង្គទ្រង់គង់នៅសំពៅ ដែលដាក់ព្រះត្រៃបិដកបាលី សំពៅទាំង២ បានបើកចាកចេញពីកោះលង្កា កាត់តាមមហាសមុទ្រឥណ្ឌា (អង់គ្លេស: India Ocean) សំដៅមកប្រទេសភូមា តែកាលមកដល់កណ្ដាលសមុទ្រ សំពៅទាំង២ បានជួបព្យុះបក់បោក សំពៅដែលផ្ទុកព្រះត្រៃបិដកសម្រាយព្រមទាំង បដិមា ព្រះកែវមរកត បានរសាត់មកដល់ត្រោយសមុទ្រ ត្រង់ខែត្របន្ទាយមាសនៃ អាណាចក្រខ្មែរ ភាគខាងត្បូង ។ ក្រមការខែត្រចាប់សំពៅនេះបាន ក៏នាំយក ព្រះត្រៃបិដកសម្រាយ ព្រមទាំង បដិមា ព្រះកែវមរកត មកថ្វាយព្រះមហាក្សត្រខ្មែរព្រះនាម "សូរ្យវរ្ម័នទី១" (អង់គ្លេស: Suryavarman I) នៅក្រុង "ស្រីយសោធរៈបុរៈ" (អង់គ្លេស: Yashodharapura) ទ្រង់សោមនស្សណាស់ឱ្យទទួលទុកក្នុងព្រះបរមរាជវាំង ក្នុងរវាងឆ្នាំ ១០៤០ នៃគ.សករាជ ។ ក្រោយមកក្នុងរវាងឆ្នាំ ១០៤៤ នៃគ.សករាជ ព្រះបាទ អនុរុទ្ធ ដែលសោយរាជ្យសម្បត្តិផ្លូវការណ៍ នៃអាណាចក្របាកាន បានជ្រាបដឹងដំណឹងនេះទ្រង់បានត្រាសបញ្ជារ ឱ្យរាជបំរើនាំរាជសារមកស្នើសុំយករបស់ទាំងនេះត្រឡប់ទៅវិញ ព្រះបាទ សូរ្យវរ្ម័នទី១ ក៏យល់ព្រមប្រគល់រាល់របស់ដែលបានមកពីសំពៅនោះទៅវិញទាំងអស់ លើកលែងតែបដិមា ព្រះកែវមរកត ទ្រង់សូមរក្សាទុកក្នុងព្រះនគរ ដើម្បីជាការគោរពបូជា ដូចនេះ បដិមា ព្រះកែវមរកត បានស្ថិតក្នុងប្រទេសកម្ពុជាដោយអាការយ៉ាងនេះ ។[៩]
ព្រះត្រៃបិដក[កែប្រែ]
ព្រះត្រៃបិតក ជាគម្ពីរ ឬ ជាឃ្លាំង ឬ កញ្ជើរសម្រាប់ផ្ទុក នូវពុទ្ធវច្ចនៈដែលមានសរុប ៨៤០០០ ធម្មកន្ធ គឺជា មូលដ្ឋានទ្រឹស្ដី ទ្រទ្រង់ព្រះពុទ្ធសាសនា ។ ព្រះត្រៃបិដកត្រូវចែកចេញជា៣គម្ពីរសំខាន់ៗ មានដូចជា ៖ ក. វិន័យបិតក ៖ (មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ១៣ភាគ) ជាគម្ពីរដែលស្ដីអំពីច្បាប់ ក្រិត្យក្រម ដែលព្រះពុទ្ធបានបញ្ញត្តិហាមប្រាមនិងទ្រង់អនុញ្ញាតិ្ត ទុកជាគោលប្រព្រឹត្តិប្រតិបត្តិនៃបព្វជិតនិងគ្រហស្ថ ។ ខ. សុត្តន្តបិតក ៖ (មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ៦៤ភាគ) ជាកម្រងនៃពុទ្ធិ ផ្នែកព្រះសូត្រ ដែលនិយាយអំពីអំពើល្អ និងអាក្រក់ ការធ្វើបុណ្យទានជាដើម ។ គ. អភិធម្មបិតក ៖ (មាន ៤២០០០ធម្មកន្ធ ត្រូវ ៧គម្ពីរ ហើយចែកជា ៣៣ភាគ) ជាកម្រងទស្សនៈពុទ្ធិដែល និយាយអំពី បរមត្ថវិជ្ជាប្រកបដោយអត្ថ បួនយ៉ាងគឺ ចិត្ត ចេតសិក រូប និព្វាន ។
ភូមិសាស្ត្រ[កែប្រែ]
វត្តនេះស្ថិតនៅខាងត្បូងនៃផ្ទៃព្រះបរមរាជវាំង ដែលហ៊ុំព័ទ្ធទៅដោយថែវរាងខ្ពស់ស្រឡះ។ នៅតាមបណ្តោយថែវនេះ គែធ្លាប់បានប្រើប្រាស់ជាថ្នាក់រៀនភាសាបាលី សំរាប់ព្រះសង្ឃដែលគង់នៅតាមវត្តក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន មុនពេលបង្កើតសាលាបាលីនៅភ្នំពេញ នាថ្ងៃទី១៦ខែធ្នូឆ្នាំ១៩៣០។ វត្តព្រះកែវមរកត គឺជាក្រុមប្រាសាទដ៏ស្មុគ្រស្មាញដែលជាកន្លែងស្នាក់នៅផ្លូវការរបស់ព្រះមហាក្សត្រកម្ពុជា វត្តនេះគ្មានព្រះសង្ឃគង់នៅនោះទេ។ វត្តនេះមានផ្ទៃក្រឡាប្រហែល ១០ ០០០ ម៉ែត្រការ៉េ ហើយរួមបញ្ចូលនូវសំណង់ជាច្រើនដូចជា វត្តព្រះកែវមរកត ភ្នំមណ្ឌល សួនច្បារ និងព្រះចេតិយ។ វត្តព្រះកែវមរកតដែលជាសំណង់ដ៏សំខាន់បំផុតនៅក្នុងបរិវេណនោះ ដែលបានទុកដាក់នូវវត្ថុបុរាណព្រះពុទ្ធសាសនាដ៏មានតម្លៃជាច្រើន រួមទាំងរូបបដិមាព្រះពុទ្ធកែវមរកត ដែលធ្វើពីត្បូងមរកតហើយត្រូវបានចាត់ទុកថាជាវត្ថុសក្តិសិទ្ធិបំផុតនៅក្នុងប្រទេសកម្ពុជា។ ទីតាំងរបស់វត្តនៅចំកណ្តាលទីក្រុងភ្នំពេញ ក៏ធ្វើឱ្យមានភាពងាយស្រួលដល់ភ្ញៀវទេសចរ និងអ្នកទេសចរដែលចង់ស្វែងយល់ពីប្រវត្តិសាស្រ្តដ៏សម្បូរបែប និងសារៈសំខាន់នៃវប្បធម៌របស់ខ្មែរ។
ចំណាំ[កែប្រែ]
ដោយភាគច្រើនពលរដ្ឋខ្មែរជាច្រើនបែរជាលើកយកប្រវត្តិព្រះកែវមរកតមកទាំងខុស ចម្លងពីជនបរទេសសៀម ឬ បរទេសផ្សេងៗ ។ ឬ បញ្ចូលពាក្យពេជន៍បន្ថែមដោយខ្លួនឯងដោយខ្វះការស្រាវជ្រាវ ។
រូបគំនូរលើជញ្ជាំងថែវនៃព្រះវិហារ[កែប្រែ]
នៅលើជញ្ជាំងថែវមានរូបគំនូរបុរាណដែលនិទានពិរឿងរាមកេរ្តិ៍ ពីដើមដល់ចប់។ គំនូរនេះត្រូវបានគូរឡើងនៅក្នុងឆ្នាំ១៩០៣-១៩០៤ ក្រោមការដឹកនាំរបស់ ឧកញ្ញា ទេពនិមិត្ត ឆ្លាក់រួមជាមួយវិចិត្រករខ្មែរចំនួន៤០នាក់។ គំនូរនេះចាប់ផ្តើមរឿងពីថែវខាងកើតផ្នែកខាងត្បូងទៅ ព័ទ្ធមួយជុំថែវទាំងមូលដែលមានប្រវែង៦៤២ម៉ែត្រ និងកំពស់៣ម៉ែត្រ។ ដូចនេះមានន័យថា គេមើលថែវគំនូរនេះតាមរង្វង់ប្រទក្សិណ។ គំនូរបុរាណនៅជុំវិញថែវ រឿងរាមកេរ្តិ៍បានបង្ហាញពីលក្ខណៈពិសេសរបស់ប្លែកដែលពុំមែនផ្តិតយក ឬក៏ចំលងទាំងស្រុងពីរឿងរាមាយណៈរបស់ឥណ្ឌាឡើយពីព្រោះក្នុងរឿងរាមកេរ្តិ៍ ដំណើររឿងមានអន្លើខ្លះហាក់បីដូចជាស្ថិតក្នុងភាពអាថ៌កំបាំង ទាល់តែមើលឱ្យឆ្ងាយតៗទៅមុខ ទើបដឹងដំណើរប្រវត្តិរឿងខាងក្រោមវិញ។ ឬមួយទាល់តែដឹងរឿងបែបរាមាយណៈខ្លះ ទើបឆាប់យល់។ ខ្លឹមសាររឿងរាមកេរ្តិ៍នេះ ត្រូវបានគេបកស្រាយឈុតខ្លះជាល្ខោនខោលស្បែកធំ ឬធ្វើជារូបចំលាក់ផ្សេងៗ និងប្រើជាការទស្សន៏ទាយរបស់ហោរាមើលជោជតារាសី។ បច្ចុប្បន្ននេះគំនូរទាំងនេះមានសភាពទ្រុឌទ្រោម និងរលុបបាត់បន្តិចម្តងៗដោយសារធាតុអាកាស និងមេរោគស៊ីថ្ម ព្រមទាំងការបំផ្លិចបំផ្លាញដោយមនុស្ស។ នៅក្នុងឆ្នាំ១៩៨៥ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលប៉ូឡូញ លើកគំរោងការការពារ និងជួសជុលរូបគំនូរ តែការជួសជុលរូបគំនូរនោះដំណើរការបានតែ ៥ឆ្នាំប៉ណ្ណោះ ក្រោយមកក៏ត្រូវបានបញ្ចប់ ដោយមកពីថវិកាសំរាប់ចំណាយលើគំរោងនេះផុតកំណត់។ ដោយមានព្រះរាជបណ្តាំពីព្រះករុណាព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ២០១៥គេបានលើកគម្រោងជួសជុលគំនូរទាំងនេះម្តងទៀតដោយមានការសហការដេាយក្រុមជាងមកពីបរទេស និងជាងខ្មែរជាច្រើនរូបទៀត។ តទៅគេសង្ឃឹមយ៉ាងមុតមាំថាកូនខ្មែរជំនាន់ក្រោយនឹងបានឃើញគំនូរដ៏ល្អវិសាសវិសាលនេះឡើងវិញ។
រូបភាព[កែប្រែ]
-
វត្តព្រះកែវមរកតកសាងឆ្នាំ ១៩០៤
-
គំនូរថែរជញ្ជាំងប្រាសាទ វត្តកែវមរកត
-
គំនូរថែរជញ្ជាំងប្រាសាទ វត្តកែវមរកត
-
គំនូរថែរជញ្ជាំងប្រាសាទ វត្តកែវមរកត
-
ទិដ្ឋភាពសួនច្បារវត្តព្រះកែវមរកត
-
ចេតិយព្រះបាទសុរាម្រឹត
-
-
រូបសំណាក់ជិះសេះ
-
-
កំណត់ត្រា[កែប្រែ]
- ឯកសារចងក្រង ដោយលោក Mr.Félix Gaspard Faraut (1846‒1911). Faraut visited Cambodia ... with epoch 11 March 544 BCE, the day of the Buddha emerald.
- ឯកសារចងក្រង The Journal of Asian Studies: (1956) Attacks on Angkor before 1430
- ឯកសារចងក្រង ដោយទស្សនាវដ្ដី កម្ពុជាសូរីយ៉ា ពុទ្ធសាសនបណ្ឌិត្យកម្ពុជា (1941)
- សាស្ត្រស្លឹករឹត វត្តកោកកាក ខេត្តកណ្ដាល
- សាស្ត្រស្លឹករឹត វត្តទឹកវិក ខេត្តកណ្ដាល
- ឯកសារចងក្រង មហាបុរេសខ្មែរ ភាគ១ ដល់ភាគទី៧ របស់លោក អេង សុត និង លីមយ៉ាន (1969)
ឯកសារយោង[កែប្រែ]
- ↑ Julio A. Jeldres (1999). The Royal Palace of Phnom Penh and Cambodian Royal Life. the University of Michigan 4 Sep 2008. p. 132. ល.ស.ប.អ. 9742020477. https://books.google.com.kh/books?id=4H5uAAAAMAAJ&q=Cambodia+Royal+Palace&dq=Cambodia+Royal+Palace&hl=en&sa=X&ved=2ahUKEwjls7CV273rAhXBfn0KHUFCDNIQ6AEwAHoECAQQAg.
- ↑ "The March 1970 Coup d'Etat". countrystudies.us. U.S. Library of Congress December 1987. March+´••
1970.
{{cite web}}
: Check date values in:|date=
(help); line feed character in|date=
at position 10 (help) - ↑ Marie Alexandrine Martin (1994). Cambodia: A Shattered Society. University of California Press. p. 132. ល.ស.ប.អ. 0520070526. https://books.google.com.kh/books?id=vLk5c5S51FYC&dq=The+March+1970+Coup+d%27Etat&source=gbs_navlinks_s.
- ↑ Dmitriĭ Valentinovich Mosi︠a︡kov (2009). The Khmer Rouge and the Vietnamese Communists:.... Yale Center for International and Area Studies 2000. p. 39. https://books.google.com.kh/books?id=IYvaAAAAMAAJ&q=khmer+rouge&dq=khmer+rouge&hl=en&sa=X&ved=2ahUKEwiu_dDhmMLrAhXVZSsKHXFUBmAQ6AEwAXoECAEQAg.
- ↑ Daniel Robinson, Tony Wheeler (1992). Cambodia: A Travel Survival Kit. Lonely Planet Publications. p. 126. https://books.google.com.kh/books?id=WuC1wBJ0CJUC&q=Cambodia:+A+Travel+Survival+Kit&dq=Cambodia:+A+Travel+Survival+Kit&hl=en&sa=X&ved=2ahUKEwi1lMWHqcLrAhWMyjgGHQemDlIQ6wEwAHoECAAQAQ.
- ↑ Engsoth (1969) The Great Khmer Document publisher: August 29, 2014
- ↑ Engsoth, Lim yan (1969) Morha-Boros-Khmer Published: 2009
- ↑ IIAS.NL Pdf
- ↑ Kambuja Suriya Issue 9. Church of the Trinity Buddhist University of Cambodia. 1950. p. 82. https://m.wikisource.org/w/index.php?title=File%3AKambuja_Suriya_1950_Issue_9.pdf&page=1.