ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)

ពីវិគីភីឌា

ព្រះរាជាណាចក្រកម្ពុជា (បារាំងRoyaume du Cambodge) ឬអាចហៅបានថា ព្រះរាជាណាចក្រកម្ពុជាទី១[១] ឬខ្មែរយើងតែងនិយមហៅថារបបសង្គមរាស្រ្តនិយម (បារាំងCommunauté socialiste populaire) គឺជាសម័យកាលប្រវត្តិសាស្ត្រមួយដែលប្រទេសកម្ពុជាត្រូវស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តម សីហនុពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ១៩៧០។ នៅក្រោមការដឹកនាំរបស់ទ្រង់ ប្រទេសកម្ពុជាបានក្លាយជារដ្ឋដែលមានឥទ្ធិពលធំធេងមួយនៅក្នុងចំណោមរដ្ឋទាំងប៉ុន្មាននៅភូមិភាគអាស៊ីអាគ្នេយ៍។ ក្នុងសម័យនេះ សង្គមរាស្ត្រនិយមគឺជាគណបក្សនយោបាយស្របច្បាប់តែមួយគត់របស់ប្រទេស។

ព្រះរាជាណាចក្រកម្ពុជា

Royaume du Cambodge (បារាំង)
១៩៥៣–១៩៧០
បាវចនា
ជាតិ សាសនា ព្រះមហាក្សត្រ
ភ្លេងជាតិបទនគររាជ
ទីតាំងនៃ កម្ពុជា
ធានីភ្នំពេញ
ភាសាផ្លូវការភាសាខ្មែរ និង ភាសាបារាំង
សាសនា
ព្រះពុទ្ធសាសនា (ផ្លូវការ), គ្រិស្ដសាសនា,ឥស្លាមសាសនា,អវិញ្ញណនិយម
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញសភាឯកភូត
(១៩៥៣–១៩៥៥)
រដ្ឋបក្សតែមួយប្រកាន់រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
(១៩៥៥–១៩៧០)
ព្រះមហាក្សត្រ 
▪ ១៩៥៣–១៩៥៥
នរោត្តម សីហនុ
▪ ១៩៥៥–១៩៦០
នរោត្តម សុរាម្រិត
▪ ១៩៦០ - ១៩៧០
ស៊ីសុវត្ថិ កុសុមៈនារីរ័ត្នសិរីវឌ្ឍនា
ប្រមុខរដ្ឋ 
▪ ១៩៦០–១៩៧០
នរោត្តម សីហនុ
▪ ១៩៧០
ចេង ហេង (បណ្តោះអាសន្ន)
នាយករដ្ឋមន្រ្តី 
▪ ១៩៥៣
ប៉ែន នុត (ដំបូង)
▪ ១៩៦៩–១៩៧០
លន់ នល់ (ចុងក្រោយ)
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមត្រជាក់
▪ ឯករាជ្យ
៩ វិច្ឆិកា ១៩៥៣ ១៩៥៣
២១ កក្កដា ១៩៥៤
២២ មីនា ១៩៥៥
១៤ ធ្នូ ១៩៥៥
១៨ មីនា ១៩៧០ ១៩៧០
▪ ប្រកាសជាសាធារណរដ្ឋ
៩ តុលា ១៩៧០
ក្រឡាផ្ទៃ
១៩៥៣១៨១០៣៣ គ.ម (៦៩៨៩៧ ម៉ាយ ក.)
១៩៦២១៨១០៣៥ គ.ម (៦៩៨៩៨ ម៉ាយ ក.)
ប្រជាជន
▪ ១៩៦២
៥,៧២៨,៧៧១[២]
រូបិយវត្ថុរៀល
ទិសបើកបរស្តាំ
កូដហៅទូរសព្ទ៨៥៥
Preceded by
Succeeded by
សហភាពឥណ្ឌូចិន
កម្ពុជាក្រោមអាណានិគមបារាំង
សាធារណរដ្ឋខ្មែរ
ឥឡូវជាផ្នែកនៃកម្ពុជា

[៣]

[៤]

សន្និសីទក្រុងហ្សឺណេវ និងការលុកលុយរបស់វៀតមិញ[កែប្រែ]

ទោះជាកម្ពុជាបានទទួលឯករាជ្យពេញលេញនៅចុងឆ្នាំ១៩៥៣ ក្តី ប៉ុន្តែស្ថានការណ៍យោធានៅក្នុងប្រទេសគឺនូវតែមានភាពច្របូកច្របល់ដដែល។ ក្រុមបក្សពួកមិនមែនកុម្មុយនិស្តរបស់ខ្មែរឥស្សរៈបានសម្រេចចុះចូលជាមួយនឹងរដ្ឋាភិបាលកម្ពុជាថ្មីរួចទៅហើយ តែពួកសមាគមខ្មែរឥស្សរៈនិងពួកគាំទ្រវៀតមិញនូវតែបន្តបង្កជម្លោះនៅតាមតំបន់ជនបទដដែល។ កងកម្លាំងខេមរភូមិន្ទបានចូលធ្វើអន្តរាគមន៍ជាច្រើនលើកដែរប៉ុន្តែនូវតែមិនអាចបំបែកពួកកុម្មុយនិស្តនោះបាន។ ក្រុមកុម្មុយនិស្តទាំងនោះក៏បានបង្វែរក្បាលមកខំប្រឹងព្យាយាមពង្រឹងគោលជំហរចរចារបស់ពួកគេវិញនៅឯសន្និសីទក្រុងហ្សឺណេវដែលគ្រោងនឹងប្រព្រឹត្តិទៅនៅចុងខែមេសា។

សន្និសីទក្រុងហ្សឺណេវគឺត្រូវបានចូលរួមដោយអ្នកតំណាងមកពីប្រទេសដូចជា៖ កម្ពុជា វៀតណាមខាងជើង សមាគមរដ្ឋវៀតណាម ឡាវ សាធារណរដ្ឋប្រជាមានិតចិន សហភាពសូវៀត ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។ គោលដៅមួយដ៏សំខាន់នៃសន្និសីទនេះគឺដើម្បីស្តារសន្តិភាពដ៏យូរអង្វែងនៅតំបន់ឥណ្ឌូចិន។ ការពិភាក្សាអំពីតំបន់ឥណ្ឌូចិនបានចាប់ផ្តើមឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៥៤។ ពួកវៀតណាមខាងជើងបានខំប្រឹងយ៉ាងខ្លាំងដើម្បីធ្វើជាតំណាងឱ្យចលនាតស៊ូរបស់ខ្លួននៅទឹកដីភាគខាងត្បូងប៉ុន្តែត្រូវទទួលបរាជ័យ។ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤ សន្និសីទហ្សឺណេវក៏បានឈានមកដល់កិច្ចព្រមព្រៀងមួយដែលអំពាវនាវឱ្យបញ្ឈប់រាល់ជម្លោះទាំងឡាយណាដែលមានវត្តមាននៅឥណ្ឌូចិន។ ទាក់ទងនឹងប្រទេសកម្ពុជាវិញ កិច្ចព្រមព្រៀងនោះបានទុករយៈពេលចំនួន ៩០ ថ្ងៃសម្រាប់ឱ្យកងកម្លាំងវៀតមិញទាំងអស់ដកខ្លួនចេញពីកម្ពុជាហើយចំណែកឯកងកម្លាំងប្រឆាំងរបស់កម្ពុជាវិញនឹងតម្រូវឱ្យរំសាយចេញក្នុងរយៈពេលត្រឹម ៣០ ថ្ងៃ។ នៅក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀតដែលបានចុះដោយក្រុមអ្នកតំណាងកម្ពុជា បារាំង និងវៀតមិញបានតម្រូវឱ្យកងកម្លាំងភាគីទាំងអស់ត្រូវដកខ្លួនចេញពីដែនដីប្រទេសកម្ពុជាត្រឹមខែតុលា ឆ្នាំ១៩៥៤។

ជាថ្នូរនឹងការដកទ័ពរបស់វៀតមិញ ក្រុមអ្នកតំណាងកុម្មុយនិស្តក៏បានស្នើសំណើមួយនៅហ្សឺណេវថាសូមឱ្យកម្ពុជានិងឡាវចូលប្រកាន់នូវអព្យាក្រឹតភាពដាច់ខាត។ ការធ្វើបែបនេះ វានឹងជួយរារាំងកុំឱ្យមានការឈរជើងរបស់ទាហានសហរដ្ឋអាមេរិកនៅក្នុងប្រទេសទាំងពីរ។[៥] ប៉ុន្តែ មុនថ្ងៃបញ្ចប់នៃសន្និសីទនេះ អ្នកតំណាងប្រទេសកម្ពុជាម្នាក់ឈ្មោះសម សារីបានទទូចប្រាប់ថា ប្រសិនបើប្រទេសកម្ពុជាមានឯករាជ្យពេញលេញពិតប្រាកដមែននោះ គ្មានរដ្ឋប្រទេសណាអាចមានសិទ្ធិមកហាមឃាត់កម្ពុជាមិនឱ្យរកជំនួយយោធាពីប្រទេសផ្សេងបានទេ។ សន្និសីទក៏បានទទួលយល់ព្រមនូវចំណុចដែលលើកឡើងដោយសារីហើយរុញច្រានសំណើរបស់វៀតណាមខាងជើងចោល។ នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយ ប្រទេសកម្ពុជាបានសម្រេចទទួលយកនូវអព្យាក្រឹតភាពខ្លួនដោយប្តេជ្ញាថានឹងមិនចូលរួមជាមួយសម្ព័ន្ធភាពយោធាណាមួយឡើយ ជាពិសេសបើ"មិនស្របទៅនឹងគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ" ហើយនឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសណានៅលើទឹកដីរបស់ខ្លួនឡើយ លុះត្រាតែ"មានការគំរាមកំហែងរំលោភបំពានពីភាគីណាមួយ"។

កិច្ចព្រមព្រៀងនៃសន្និសីទក្រុងហ្សឺណេវបានបង្កើតចេញនូវគណៈកម្មការត្រួតពិនិត្យអន្តរជាតិ (ហៅជាផ្លូវការថា គណៈកម្មការអន្តរជាតិសម្រាប់ការឃ្លាំមើលនិងត្រួតពិនិត្យ) ទៅគ្រប់ប្រទេសនៅឥណ្ឌូចិន។ អ្នកតំណាងនៃគណៈកម្មការនេះមានជនជាតិដូចជា ឥណ្ឌា កាណាដា និងប៉ូឡូញ ហើយពួកគេមានតួនាទីត្រួតត្រាបទឈប់បាញ់ បញ្ជាឱ្យពួកបរទេសដកទ័ពខ្លួនចេញ ដោះលែងរាល់ឈ្លើយសង្គ្រាមនៅឥណ្ឌូចិន និងអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ កងកម្លាំងទាហានបារាំងនិងវៀតមិញត្រូវបានដកថយចេញពីទឹកដីកម្ពុជាទៅតាមអ្វីដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងទាំងអស់។[៦]

ការអភិវឌ្ឍន៍ក្នុងប្រទេស[កែប្រែ]

កិច្ចព្រមព្រៀងក្រុងហ្សឺណេវក៏បានចែងផងដែរថាការបោះឆ្នោតសកលកម្ពុជាគួរតែប្រព្រឹត្តិធ្វើឡើងនៅឆ្នាំ១៩៥៥ ហើយគណៈកម្មការត្រួតពិនិត្យអន្តរជាតិគួរតែតាមដានការបោះឆ្នោតនេះឱ្យបានជាប់។ ព្រះបាទសីហនុមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការយកឈ្នះលើពួកប្រជាធិបតេយ្យ (ដោយផ្អែកតាមការបោះឆ្នោតកន្លងៗមក គេបានរំពឹងថាបក្សប្រជាធិបតេយ្យនឹងអាចឈ្នះការបោះឆ្នោតលើកនេះដែរ)។ ព្រះបាទសីហនុក៏បានព្យាយាមកែកំណែប្រែរដ្ឋធម្មនុញ្ញប៉ុន្តែត្រូវទទួលបរាជ័យ។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ ព្រះអង្គបានប្រកាសដាក់រាជ្យទៅឱ្យព្រះបិតារបស់ទ្រង់ព្រះនាមនរោត្តម សុរាម្រិត។ ដោយទទួលបាននូវងារជា"សម្តេច" សីហនុបានពន្យល់ប្រាប់ថា សកម្មភាពនេះគឺជាការដ៏ចាំបាច់ដើម្បីឱ្យខ្លួនទ្រង់អាចលូកដៃចូលទៅក្នុងកិច្ចការរឿងនយោបាយដោយសេរី។

ដើម្បីចូលប្រកួតប្រជែងជាមួយនឹងក្រុមប្រជាធិបតេយ្យបាន សម្តេចសីហនុបានបង្កើតអង្គការនយោបាយមួយផ្ទាល់គឺសង្គមរាស្រ្តនិយម (អាចហៅខ្លីបានថាសង្គម)។ មានពាក្យ"សង្គម"និង"និយម"នៅក្នុងឈ្មោះមែន ប៉ុន្តែវាបានបង្រួបបញ្ចូលនូវក្រុមស្តាំនិយមជាច្រើនចូលក្នុងអង្គការខ្លួនដែលសុទ្ធតែជាពួកប្រឆាំងកុម្មុយនិស្តដាច់ខាត។ នៅក្នុងការបោះឆ្នោតនាខែកញ្ញា សង្គមរាស្រ្តនិយមបានយកឈ្នះលើបក្សប្រជាធិបតេយ្យ បក្សឯករាជ្យខ្មែររបស់លោកសឺង ង៉ុកថាញ និងពួកឆ្វេងនិយមប្រជាជន ដោយទទួលបានសម្លេងឆ្នោតប្រមាណ ៨៣% និងអាសនៈទាំងអស់នៅក្នុងរដ្ឋសភាជាតិ។

លទ្ធផលនៃការបោះឆ្នោតឆ្នាំ១៩៥៥ ត្រូវបានគេចាត់ទុកថាមានការបន្លំសន្លឹកឆ្នោតនិងការបំភិតបំភ័យ។ អ្នកកាសែតឈ្មោះហ្វីលីព ចនបានលើកយកសេចក្តីថ្លែងការណ៍ឆ្នាំ១៩៥៧ របស់សីហនុជាភស្តុតាងដោយនៅក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចសីហនុបានសារភាពថាមណ្ឌលបោះឆ្នោតចំនួន ៣៦ បានបោះឆ្នោតជ្រើសយកក្រុមប្រជាជន ឬប្រជាធិបតេយ្យភាគច្រើនរីឯលទ្ធផលផ្លូវការមិនបានបង្ហាញថាបក្សទាំងពីរត្រូវឈ្នះឆ្នោតអ្វីទេ។

នៅកំឡុងខែសីហា ឆ្នាំ១៩៥៧ សម្តេចសីហនុបានកោះហៅថ្នាក់ដឹកនាំនៃគណបក្សប្រជាធិបតេយ្យឱ្យមក"ពិភាក្សា"គ្នានៅឯព្រះបរមរាជវាំង។ ប៉ុន្តែតាមការពិត អ្នកទាំងនោះត្រូវរងនូវការជេរប្រមាថអស់រយៈពេល ៥ ម៉ោងទៅវិញ។ ក្រោយពីព្រឹត្តិការណ៍នោះបានបញ្ចប់ហើយគ្រោងនឹងចាកចេញពីព្រះបរមរាជវាំង អ្នកដែលសីហនុកោះហៅនុះក៏ត្រូវប៉ូលីសនិងទាហានសីហនុទាញចេញពីឡានហើយវាយតប់ដោយស្វាយកាំភ្លើង។

ក្នុងពេលដំណាលគ្នានោះដែរ បក្សប្រជាជនបានលើកយកបុគ្គលចំនួន ៥ នាក់ឡើងឈរឈ្មោះជាបេក្ខជនបោះឆ្នោត។ សម្តេចសីហនុបានធ្វើដំណើរទៅតាមស្រុកនីមួយៗ ហើយក៏ចាត់យុទ្ធនាការប្រឆាំងនឹងបក្សប្រជាជនទាំងមូល។ វិទ្យុជាតិកម្ពុជាបានផ្សព្វផ្សាយចោទទៅកាន់បក្សប្រជាជនថាជាអាយ៉ងរបស់យួន។ ជាចុងក្រោយ បេក្ខជនឈរឈ្មោះចំនួន ៤ នាក់របស់បក្សប្រជាជនត្រូវបានគេបំភិតបំភ័យឱ្យលះបង់ចោលនូវការឈរឈ្មោះរបស់ខ្លួន។ បេក្ខជនតែម្នាក់គត់ដែលនៅសល់បានទទួលសម្លេងគាំទ្រតែ ៣៩៦ ប៉ុណ្ណោះក្នុងចំណោមអ្នកបោះឆ្នោតចំនួន ៣០,០០០ នាក់នៅក្នុងតំបន់ដែលបក្សប្រជាជនត្រូវបានគេដឹងថាមានការគាំទ្រយ៉ាងជ្រាលជ្រៅ។

ពេលទស្សវត្ត ១៩៦០ ចាប់ផ្តើម រាល់ក្រុមបក្សពួកឬគណបក្សនយោបាយទាំងប៉ុន្មានដែលប្រឆាំងនឹងសីហនុនិងសង្គមរាស្រ្តនិយមត្រូវបង្ខំបន្តចលនាតស៊ូប្រឆាំងរបស់គេជាសម្ងាត់។ យោងទៅតាមវិឃឺរី គណបក្សប្រជាធិបតេយ្យបានបែកបាក់នៅកំឡុងឆ្នាំ១៩៥៧ បន្ទាប់ពីថ្នាក់ដឹកនាំរបស់វាបានស្នើសុំដោយឯកសិទ្ធិក្នុងការចូលរួមជាមួយសង្គមរាស្ត្រនិយម។

ទោះជាមានសមាជិកស្តាំនិយមច្រើនមែនតែសង្គមរាស្រ្តនិយមមិនបានចាត់ទុកខ្លួនជាគណបក្សនយោបាយស្លាបស្តាំនោះទេ។ សម្តេចសីហនុបានអញ្ជើញពួកឆ្វេងនិយមមួយចំនួនឱ្យមកចូលរួមជាមួយបក្សនិងរដ្ឋាភិបាលរបស់ទ្រង់ដើម្បីឱ្យមានតុល្យភាពក្នុងជួរបក្ស។ ក្នុងចំណោមអ្នកទាំងនោះ បុគ្គលសំខាន់ៗមានចំនួនបីនាក់គឺលោកហ៊ូ យន់ និងហូ នឹម, ដែលបានបម្រើការឱ្យក្រសួងមួយចំនួននៅចន្លោះឆ្នាំ១៩៥៨ និងឆ្នាំ១៩៦៣ ចំណែកឯបុគ្គលម្នាក់ទៀតគឺលោកខៀវ សំផនដែលបម្រើការជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក្នុងរយៈពេលដ៏ខ្លីមួយនៅកំឡុងឆ្នាំ១៩៦៣។

គណបក្សឯករាជ្យស្លាបឆ្វេងទាំងប៉ុន្មានត្រូវបានរដ្ឋាភិបាលសីហនុកម្ចាត់ចេញទាំងអស់។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៥៨ អ្នកនិពន្ធកាសែតប្រចាំសប្តាហ៍របស់បក្សប្រជាជនឈ្មោះណុប បូផាន់ ត្រូវបានប៉ូលីសសន្តិសុខរដ្ឋបាញ់សម្លាប់នៅខាងក្រៅការិយាល័យរបស់លោកផ្ទាល់តែម្តង។ នៅក្នុងឆ្នាំ១៩៦០ មនុស្សប្រមាណ ២,០០០ នាក់ត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួនដោយសារហេតុផលនយោបាយនៅឯជំរុំឃុំឃាំងមួយកន្លែងក្រៅរាជធានីភ្នំពេញ។ ករណីសន្តិសុខរដ្ឋត្រូវបានដោះស្រាយដោយតុលាការយោធាដែលមិនមានបណ្តឹងឧទ្ធរណ៍ឡើយ។ តុលាការនោះគឺទទួលខុសត្រូវលើក្រឹត្យមរណភាពចំនួន ៣៩ ក្នុងរយៈពេលត្រឹមតែ ៦ ខែដំបូងនៃប្រតិបត្តិការរបស់ខ្លួនប៉ុណ្ណោះហើយគេដឹងជាទូទៅថាសាលក្រមខ្លះគឺត្រូវបានសម្រេចដោយសម្តេចសីហនុផ្ទាល់។

ឯកសារយោង[កែប្រែ]

  1. "សៀវភៅប្រវត្តិវិទ្យា (សម័យអាណាព្យាបាលបារាំង–ព្រះរាជាណាចក្រកម្ពុជាទី២". ក្រសួងអប់រំ យុវជន និងកីឡា. 1 November 2017. Archived from the original on 29 កក្កដា 2020. Retrieved 13 សីហា 2020.
  2. Moorthy, Beth. "11.4m Cambodians counted by census | Phnom Penh Post". www.phnompenhpost.com.
  3. "សៀវភៅប្រវត្តិវិទ្យា (សម័យអាណាព្យាបាលបារាំង–ព្រះរាជាណាចក្រកម្ពុជាទី២". ក្រសួងអប់រំ យុវជន និងកីឡា. 1 November 2017. Archived from the original on 29 កក្កដា 2020. Retrieved 13 សីហា 2020.
  4. "Cambodia under Sihanouk (1954-70)".
  5. Young, Kenneth Ray (June 1970). "Neutralism in Laos and Cambodia". International Studies Quarterly 14 (2): 219–226. ISSN 0020-8833. DOI:10.2307/3013517.
  6. Szaz, Zoltan M. (October 1955). "Cambodia's Foreign Policy". Far Eastern Survey 24 (10): 151–158. ISSN 0362-8949. DOI:10.1525/as.1955.24.10.01p09872.