វ្លាឌីមៀរ អ៊ីលីច លេនីន
វ្លាឌីមៀរ លេនីន | ||
---|---|---|
លោក លេនីន នៅក្នុងអំឡុងឆ្នាំ១៩១៨ | ||
ព័ត៌មានមួយចំនួន | ||
ឈ្មោះពេញ | វ្លាឌីមៀរ អ៊ីលីច លេនីន | |
ឈ្មោះដើម | វ្លាឌីមៀរ អ៊ីលីច អ៊ូលីយ៉ាណូវ | |
កាន់អំណាច | ០៨ វិច្ឆិកា ១៩១៧ – ២១ មករា ១៩២៤ (ប្រធានក្រុមប្រឹក្សាស្នងការប្រជាជន) | |
បន្តពី | អាឡិចសង់ឌ័រ កេរ៉េនស្គី (ប្រមុខនៃរដ្ឋាភិបាលបណ្ដោះអាសន្ន) | |
បន្តដោយ | អាឡិចសេយ រីកូវ (ប្រធានក្រុមប្រឹក្សាស្នងការប្រជាជន) ហ្សូសែហ្វ ស្តាលីន ជាមេដឹកនាំកំពូល (អគ្គលេខាធិការគណបក្សកុម្មុយនីស្ត) | |
កើត | ២២ មេសា ១៨៧០ ក្រុងស៊ីមបៀរស្ក ចក្រភពរុស្ស៊ី | |
ស្លាប់ | ២១ មករា ១៩២៤ (អាយុ ៥៤ ឆ្នាំ) ហ្គ័រគី, រដ្ឋរុស្ស៊ី, សហភាពសូវៀត | |
សញ្ជាតិ | រុស្ស៊ី | |
នយោបាយ | គណបក្សបុលសេវិក | |
ឪពុក | អ៊ីលីយ៉ា នីកូឡាវិច អ៊ូលីយ៉ាណូវ | |
ម្ដាយ | ម៉ារីយ៉ា អាឡិចសង់ដ្រូវណា អ៊ូលីយ៉ាណូវ៉ា | |
ប្រពន្ធ | ណាដេស្តា គ្រុបស្កាយ៉ា | |
អាជីព | អ្នកនយោបាយ និងជាអ្នកបដិវត្ត | |
សាសនា | លទ្ធិដែលមិនជឿព្រះ (Atheism) | |
ហត្ថលេខា |
វ្លាឌីមៀរ អ៊ីលីច លេនីន (ជាភាសាអង់គ្លេស៖ Vladimir Ilyich Lenin, ជាភាសារុស្ស៊ី៖ Влади́мир Ильи́ч Ле́нин) មានឈ្មោះដើម វ្លាឌីមៀរ អ៊ីលីច អ៊ូលីយ៉ាណូវ (ជាភាសាអង់គ្លេស៖ Vladimir Ilyich Ulyanov, ជាភាសារុស្ស៊ី៖ Влади́мир Ильи́ч Улья́нов) ដែលត្រូវគេស្គាល់ឈ្មោះក្រៅថា V. I. Lenin និង N. Lenin (២២ មេសា [ប្រតិទិនចាស់ ១០ មេសា] ១៨៧០ – ២១ មករា ១៩២៤) កើតនៅក្រុងស៊ីមបៀរស្ក (Simbirsk) ស្ថិតនៅតាមដងទន្លេវ៉ុលហ្កា។ គាត់គឺជាអ្នកបដិវត្តរុស្ស៊ី ជាអ្នកនយោបាយ កុម្មុយនិស្ត ជាអ្នកដឹកនាំដ៏សំខាន់នៃបដិវត្តន៍ខែតុលា ជាមេដឹកនាំសាធារណរដ្ឋសង្គមនិយមសូវៀតរុស្ស៊ីទីមួយ និងពីឆ្នាំ ១៩២២ ជាមេដឹកនាំសហភាពសូវៀត។ គាត់បានជាប់ឈ្មោះនៅក្នុងទស្សនាវដ្ដីថែមស៍ (Time Magazine) នៅក្នុងចំណោមមនុស្សដ៏មានឥទ្ធិពលបំផុត ១០០ នាក់នៃសតវត្សទី២០។ គាត់បានអភិវឌ្ឍទ្រឹស្ដីម៉ាក្សនិយម ទៅជាលទ្ធិលេនីននិយម។
ជីវិតបឋមវ័យ
[កែប្រែ]លេនីនកើតនៅក្រុងស៊ីមបៀរស្ក (ក្រោយមកត្រូវបានប្ដូរជា អ៊ូលីយ៉ាណូវស្ក) ចក្រភពរុស្ស៊ី ។ លេនីន ជាកូនប្រុសរបស់លោក អ៊ីលីយ៉ា នីកូឡាវិច អ៊ូលីយ៉ាណូវ និងអ្នកស្រី ម៉ារីយ៉ា អាឡិចសង់ដ្រូវណា អ៊ូលីយ៉ាណូវ៉ា។ ឪពុករបស់គាត់គឺជាមន្ត្រីរាជការរុស្ស៊ីដ៏ជោគជ័យម្នាក់នៅក្នុងវិស័យអប់រំសាធារណៈ ដែលប្រាថ្នាចង់បានលទ្ធិប្រជាធិបតេយ្យ និងជាអ្នកគាំទ្រស្ដេចត្សារ។ គ្រួសាររបស់លេនីន គឺជាគ្រួសារចម្រុះជាតិសាសន៍ (កូនកាត់) ដែលជាប់ពូជពង្សរវាង រុស្ស៊ី (Russia), ម៉ដូវី (Mordovian), កាលមីក (Kalmyk), ជ្វីស (Jewish), វ៉ុលហ្កាន-អាល្លឺម៉ង់ (Volgan German), និងស៊ុយអ៊ែត (Swedish) និងអាចមានជាប់ជាតិសាសន៍ដទៃផ្សេងទៀត បើតាមលោក Dmitri Volkogonov ។ លេនីន បានចូលជាសមាជិកវិហារអថូដុករុស្ស៊ី តែក្រោយមក គាត់បានយកតម្រាបតាមបងប្រុសច្បងរបស់គាត់ អាឡិចសង់ឌ័រ ដោយប្រកាសថា ឈប់ជឿលើព្រះទៀតហើយ។ គាត់បាននិយាយប្រាប់គេឯងថា ពេលដែលគាត់សម្រេចថាគ្មានព្រះអ្វីទៀតទេ គាត់ក៏ដោះសញ្ញាខ្វែងរបស់ព្រះចេញពីក ស្ដោះទឹកមាត់ដាក់ ហើយគ្រវែងចោលបាត់ទៅ។
នៅឆ្នាំ ១៨៨៦ ឪពុករបស់លេនីន ដែលជានាយកសាលាម្នាក់បានទទួលអនិច្ចកម្ម ហើយនៅខែ ឧសភា ឆ្នាំ ១៨៨៧ គឺនៅពេលដែល លេនីនមានអាយុ ១៧ ឆ្នាំ បងប្រុសច្បងរបស់គាត់ត្រូវបានចាប់ខ្លួន និងព្យួរកពីបទចោទប្រកាន់ថាចូលរួមជាមួយយុវជនបះបោរមួយក្រុមប៉ុនប៉ងដាក់គ្រាប់បែកធ្វើឃាតស្ដេច ត្សារ អាឡិចសង់ឌ័រទីបី។ ប្អូនស្រីរបស់គាត់ឈ្មោះ អាណា (Anna) ដែលនៅជាមួយអាឡិចសង់ឌ័រនៅពេលដែលគេចាប់ខ្លួន ត្រូវបានគេបណ្ដេញចេញពីផ្ទះនៅក្នុងភូមិ Kokushkino ដែលស្ថិតនៅប្រហែល ៤០ គ.ម ពីកាហ្សង់ (Kazan) ។
មុនព្រឹត្តិការណ៍នេះលេនីន បានយកចិត្តទុកដាក់ចំពោះរឿងនយោបាយតែបន្តិចបន្តួចប៉ុណ្ណោះ។ គាត់មានបំណងប្រាថ្នាចង់ក្លាយជាសាស្ត្រាចារ្យ បង្រៀនអំពី អក្សរសាស្ត្រក្លាស៊ីក និងអំពីមនុស្សជាតិនៅសាកលវិទ្យាល័យ ប៉ុន្តែនៅពេលដែលបងប្រុសជាទីស្រឡាញ់បានស្លាប់ លេនីនក៏បានបោះបង់បំណងប្រាថ្នានោះចោល ដោយគេឃើញលេនីន បានមកសុំចុះឈ្មោះចូលរៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យកាហ្សង់ (Kazan State University)។
គំនូរដ៏ល្បីមួយ ដែលគូរដោយ Piotr Belousov មានឈ្មោះថា "We Will Follow a Different Path" (មានន័យថា៖ "យើងនឹងដើរផ្លូវផ្សេង") ត្រូវបានបោះពុម្ពឡើងវិញនៅក្នុងសៀវភៅរាប់លានក្បាលរបស់សហភាពសូវៀត ដែលបានពណ៌នាអំពីទុក្ខសោករបស់យុវជនលេនីន និងម្ដាយ ដោយសារការបាត់បង់បងប្រុសច្បងជាទីស្រឡាញ់របស់គាត់។ ឃ្លា "We will follow a different path" ដោយយោងតាមការជ្រើសយកលទ្ធិម៉ាក្សនិយម ដើម្បីសម្រេចគោលដៅបដិវត្តន៍ប្រជាជន ជំនួសឲ្យរបៀបអនាធិបតេយ្យនិយម ឬ បុគ្គលនិយម។ នៅពេលដែល លេនីនបានចាប់ចិត្តចំពោះលទ្ធិម៉ាក្សនិយម គាត់បានមានទំនាក់ទំនងជាមួយចលនាតវ៉ាជាច្រើនរបស់ពួកនិស្សិត ហើយក្រោយមកត្រូវបានគេចាប់ខ្លួន។ បន្ទាប់មកទៀត លេនីនត្រូវបានគេបណ្ដេញចេញពីសាកលវិទ្យាល័យកាហ្សង់ ក្រោយពេលសិក្សានៅទីនោះបានតែបីខែប៉ុណ្ណោះ ដោយសារតែគំនិតនយោបាយរបស់គាត់ និងម្យ៉ាងដោយសារតែ បងប្រុសរបស់គាត់អាឡិចសង់ឌ័រមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតស្ដេចត្សារកាលពីពេលមុន។ អាជ្ញាធររុស្ស៊ីបានចាត់វិធានការបែបនេះចំពោះរូបគាត់ ដើម្បីទុកជាការព្រមានដល់អ្នកដទៃ ដូច្នេះគាត់បានបន្តរៀនដោយខ្លួនឯង។ ក្រោយមក លេនីនត្រូវបានគេអនុញ្ញាតឲ្យបន្តការសិក្សារបស់គាត់ឡើងវិញនៅសាកលវិទ្យាល័យសាំងពីទឺសប៊ឺស (the University of Saint Petersburg) ។ នៅខែមករា ឆ្នាំ១៨៨២ លេនីនបានទទួលរង្វាន់លេខមួយ ខាងច្បាប់ពីសាកលវិទ្យាល័យ។ គាត់ក៏បានស្វែងយល់ដោយខ្លួនឯងនូវភាសាឡាតាំង និងភាសាក្រិច ព្រមទាំងរៀនភាសាអាល្លឺម៉ង់ ភាសាបារាំង និង ភាសាអង់គ្លេស ផងដែរ។ ចំណេះដឹងពីរភាសារបស់គាត់ក្រោយមកមានកម្រិត គាត់បានពឹងពាក់ Inessa Armand ឲ្យជួយបកប្រែអត្ថបទទៅជា ភាសាបារាំង និង ភាសាអង់គ្លេស នៅឆ្នាំ១៩១៧។ នៅឆ្នាំដដែលនោះ គាត់ក៏បានសរសេរទៅកាន់ S. N. Ravich នៅទីក្រុងហ្សឺណែវ ថា "I am unable to lecture in French" (មានន័យថា៖ ខ្ញុំមិនអាចអានភាសាបារាំងបានទេ) ។
សកម្មភាពបដិវត្តន៍ ការធ្វើដំណើរ និងការនិរទេស
[កែប្រែ]លេនីន បានក្លាយជាមេធាវីអស់រយៈពេលប៉ុន្មានឆ្នាំ នៅក្រុងសាម៉ារ៉ា (Samara) ជាក្រុងកំពង់ផែមួយនៃទន្លេវ៉ុលហ្កា មុនពេលផ្លាស់ទៅនៅក្រុងសាំងពីទឺសប៊ឺស នៅឆ្នាំ១៨៩៣។ ជាជាងការប្រកបការងារជាអ្នកច្បាប់ គាត់បង្កើនសកម្មភាពក្នុងចលនាឃោសនាបដិវត្តន៍យ៉ាងខ្លាំងក្លា ដោយមានការចូលរួមពីក្រុមម៉ាក្សនិយមក្នុងស្រុក។ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៨៩៥ លេនីនត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ និងដាក់គុកអស់រយៈពេល ១៤ខែ ហើយបន្ទាប់មកគាត់ត្រូវបានគេកាត់ទោសនិរទេសគាត់រយៈពេល ០៣ឆ្នាំ ទៅកាន់ភូមិ Shushenskoye នៅស៊ីបេរី (Siberia) ជាកន្លែងដែលគាត់បានចូលរួមជាមួយជនម៉ាក្សនិយមជាច្រើនដូចជា Georgy Plekhanov ដែលបាននាំលទ្ធិសង្គមនិយមចូលមកប្រទេសរុស្ស៊ី។
នៅឆ្នាំ១៨៩៨ លេនីនបានរៀបអាពាហ៍ពិពាហ៍ជាមួយសកម្មជនសង្គមនិយមម្នាក់គឺនាងណាដេស្តា គ្រុបស្កាយ៉ា (Nadezhda Krupskaya) ដែលត្រូវបានគេនិរទេសដូចលេនីន និងមិត្តដទៃទៀតដែរ ហើយគាត់បានបោះពុម្ពនូវសៀវភៅមួយមានចំណងជើងថា "The Development of Capitalism in Russia" ("ការអភិវឌ្ឍនៃមូលធននិយមនៅប្រទេសរុស្ស៊ី") នៅខែមេសា ឆ្នាំ១៨៩៩។ នៅឆ្នាំ១៩៩០ ការនិរទេសរបស់គាត់ បានឈានមកដល់ទីបញ្ចប់ ហើយបានចាប់ផ្ដើមធ្វើដំណើររបស់គាត់ឆ្លងកាត់ប្រទេសរុស្ស៊ី និងសម្រាកនៅអឺរ៉ុប។ លេនីនបានរស់នៅទីក្រុង ហ្ស៊ូរិច, ហ្សឺណែវ (ជាកន្លែងដែលគាត់បានបង្រៀន និងសិក្សានៅសាកលវិទ្យាល័យហ្សឺណែវ), មុយនិច, ប្រាក, វ្យែន, ម៉ែនឆែស្ទ័រ និងទីក្រុងឡុងដ៍ ហើយក្នុងកំលុងស្នាក់នៅក្រុងមុយនិច គាត់បានរួមបង្កើតកាសែតបដិវត្តន៍ថ្មីមួយឈ្មោះ អ៊ីស្ក្រា (Iskra មានន័យថា៖ ផ្កាភ្លើង) ជាមួយនឹង Julius Martov ដែលក្រោយមកបានក្លាយទៅជាអ្នកប្រឆាំងឈានមុខម្នាក់។ គាត់ក៏បានសរសេរអត្ថបទ និងសៀវភៅជាច្រើន ដែលពាក់ព័ន្ធនឹងចលនាបដិវត្តន៍ ដើម្បីសម្រេចឲ្យបាននូវអនាគតប្រជាធិបតេយ្យសង្គម។ គាត់បានចាប់ផ្ដើមប្រើឈ្មោះក្លែងក្លាយប្លែកៗជាច្រើន ជាចុងក្រោយបង្អស់គឺ លេនីន (Lenin) ឬ N. Lenin ជាសរសេរពេញ (អ្នកសារព័ត៌មានលោកខាងលិច ជារឿយៗបានហៅគាត់ថា "Nikolai Lenin" ប្រហែលមកពីពួកគេស្មានខុសថា N. តំណាង Nikolai) ។
លេនីន បានចូលរួមក្នុង"គណបក្សពលករប្រជាធិបតេយ្យសង្គមរុស្ស៊ី" (“the Russian Social Democratic Labour Party”) ហើយនៅឆ្នាំ១៩០៣ គាត់បានដឹកនាំក្រុមបុលសេវិក (Bolshevik) ក្រោយការផ្ដាច់ខ្លួនចេញពី ម៉ែនសេវិកស៍ (Mensheviks) ។ ឈ្មោះថា បុលសេវិក (Bolshevik) ឬ ពួកភាគច្រើន (Majority) និង ម៉ែនសេវិក (Menshevik) ឬ ពួកភាគតិច (Menshevik) ដោយសារតែ គោលជំហរតឹងរឹងរបស់លេនីនត្រូវបានអនុម័តដោយសំឡេងលើសតែបន្តិចប៉ុណ្ណោះ នៅក្នុងបក្ស ម៉ែនសេវិកស៍ (Mensheviks) លើពួកដែលចង់ឲ្យគណបក្សបើកទូលាយ ឲ្យអ្នកណាចង់ចូលក៏ចូលបាន។ ឯលេនីន ចង់កម្រិតការចូលជាសមាជិកបក្សសម្រាប់តែអ្នកដែលមានអាជីព ជាអ្នកបដិវត្តប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក ក្រុមដែលដើរតាមលេនីន ត្រូវបានគេហៅថា បុលសេវិក ឯក្រុមដែលប្រឆាំងលេនីន ត្រូវបានគេហៅថា ម៉ែនសេវិក ។ ការបែងចែកនេះ ត្រូវបានបំផុសឲ្យចូលរួមដោយសារសៀវភៅរបស់លេនីន ដែលមានឈ្មោះថា "តើត្រូវធ្វើអ្វី?“ (១៩០១-១៩០២) ដែលសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្របដិវត្តន៍។ វាត្រូវបានគេនិយាយថា គឺជាសារដ៏មានឥទ្ធិពលបំផុត មុនបដិវត្តន៍នៅរុស្ស៊ី ដែលលេនីនខ្លួនឯង បានអះអាងថា កម្មករ០៣នាក់ពីចំណោមកម្មករ០៥នាក់ បានអានវា ឬ ក៏បានអានឲ្យពួកគេស្ដាប់។
នៅខែវិច្ឆិកា ១៩០៥ លេនីនបានធ្វើមាតុភូមិនិវត្តន៍ ពីការនិរទេសចូលមកប្រទេសរុស្ស៊ីវិញ ដើម្បីគាំទ្រដល់បដិវត្តន៍រុស្ស៊ីឆ្នាំ១៩០៥។ នៅឆ្នាំ១៩០៦ លេនីនបានជាប់ឆ្នោតជាប្រមុខដឹកនាំ"គណបក្សពលករប្រជាធិបតេយ្យសង្គមរុស្ស៊ី"។ នៅពេលនោះ គាត់បានធ្វើសកម្មភាពទៅមករវាងប្រទេសហ្វាំងឡង់ និងរុស្ស៊ី ប៉ុន្តែនៅឆ្នាំ១៩០៧ បដិវត្តន៍របស់គាត់ត្រូវបានកម្ទេចដោយអាជ្ញាធររបស់ស្ដេចត្សារ ដូច្នេះគាត់ក៏បានធ្វើនិរទេសត្រឡប់ទៅ អឺរ៉ុបវិញ។ គាត់បានចំណាយពេលវេលារបស់គាត់ភាគច្រើនក្នុងកំលុងពេលនិរទេសនៅអឺរ៉ុប បន្តសរសេរបញ្ហានយោបាយតទៅទៀត ថ្វីបើគាត់បានប្រឈមនឹងការខ្វះខាតក៏ដោយ រហូតដល់បដិវត្តន៍ឆ្នាំ១៩១៧។
ដើម្បីឆ្លើយតបទៅនឹងការពិភាក្សាបែបទស្សនវិជ្ជាស្ដីពីទិសដៅត្រឹមត្រូវ នៃបដិវត្តន៍សង្គមនិយមមួយ លេនីនសម្រេចជាស្ថាពរនូវទស្សនៈ Materialism (រូបធាតុនិយម) និង Empirio-criticism នៅឆ្នាំ ១៩០៩ ជាការងារមួយ ដែលបានក្លាយទៅជាមូលដ្ឋាននៃលទ្ធិម៉ាក្ស-លេនីន។ លេនីន បានបន្តដំណើរទៅអឺរ៉ុប និងបានចូលរួមក្នុងការប្រជុំ និងសកម្មភាពសង្គមនិយមជាច្រើន រួមទាំងសន្និសីទគណបក្សទីក្រុងប្រាកឆ្នាំ១៩១២ផងដែរ។
នៅពេលដែលនាង Inessa Armand ចាកចេញពីរុស្ស៊ី ទៅរស់នៅទីក្រុងប៉ារីស នាងបានជួបជាមួយលេនីន និងជនបុលសេវិកដទៃទៀត ដែលរស់នៅដោយនិរទេសខ្លួននៅទីនោះ ហើយគេបានជឿថានាងគឺជាមនុស្សដែលលេនីនស្រឡាញ់នាពេលនោះ។
នៅពេលដែល សង្គ្រាមលោកលើកទី១ បានចាប់ផ្ដើមនៅឆ្នាំ១៩១៤ ហើយគណបក្សប្រជាធិបតេយ្យសង្គម (ដែលពេលនោះបានហៅខ្លួនឯងថាជាជនម៉ាក្សនិយម ក្នុងនោះក៏មានបណ្ដាអ្នកប្រាជ្ញជាច្រើនដូចជា Karl Kautsky ផងដែរ) ជាច្រើនបានគាំទ្រដល់ការធ្វើសង្គ្រាមរបស់ប្រទេសពួកគេរៀងៗខ្លួន ដោយមោទនភាពទៀតផង ជាហេតុធ្វើឲ្យលេនីន មានការស្រងាកចិត្តជាខ្លាំង ដោយដំបូងឡើយគាត់បានបដិសេធថាគាត់មិនជឿថា ជនប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ បានបោះឆ្នោតគាំទ្រសង្គ្រាមនោះទេ។ លេនីន បានជ្រើសយកជំហរដែលគាត់និយាយថាគួរតែប្រក្លាយសង្គ្រាមចក្រពត្តិ ទៅជាសង្គ្រាមស៊ីវិលរវាងវណ្ណៈវិញ។ លេនីនបានប្រឆាំងសង្គ្រាម គាត់មានជំនឿថា កសិករ និងកម្មការកំពុងតែបានប្រយុទ្ធនៅលើសមរភូមិរបស់ពួកគហបតី (ពួកនាយទុន) ដើម្បីតែផលប្រយោជន៍របស់ពួកគេ (នាយទុន) ប៉ុណ្ណោះ។ នៅពេលដែលសង្គ្រាមបានផ្ទុះ លេនីនត្រូវបានចាប់ខ្លួនមួយរយៈពេលខ្លីដោយអាជ្ញាធរអូទ្រីស នៅក្នុងទីក្រុងប៉ូរ៉ូនីន (Poronin) ជាកន្លែងដែលគាត់បានស្នាក់នៅនាពេលនោះ។ នៅថ្ងៃទី០៥ កញ្ញា ១៩១៤ គាត់បានចាកចេញទៅកាន់ប្រទេសអព្យាក្រឹតស្វីស ជាដំបូងគាត់បានស្នាក់នៅទីក្រុង Berne ហើយបន្ទាប់មកស្នាក់នៅទីក្រុង Zurich ។ នៅឆ្នាំ១៩១៥ លេនីនបានចូលរួមក្នុងសន្និសីទក្រុងហ្ស៊ីមម័រវ៉ាលដ៍ (Zimmerwald Conference) ដើម្បីប្រឆាំងសង្គ្រាម ដែលបានប្រារព្ធឡើងនៅក្រុងហ្ស៊ីមម័រវ៉ាលដ៍ ប្រទេសស្វីស។ លេនីន គឺជាមេដឹកនាំនៃក្រុមភាគតិច Zimmerwald Left ដែលបានទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលពួកសន្តិភាពនិយម ដែលមានភាគច្រើននៅក្នុងសន្និសីទ ឲ្យធ្វើការជ្រើសយកគោលជំហររបស់លេនីន ដែលចង់ប្រែក្លាយសង្គ្រាមចក្រពត្តិនិយម ឲ្យទៅជាសង្គ្រាមវណ្ណៈ ។ លេនីន និងក្រុម Zimmerwald Left បានបញ្ចុះបញ្ចូលនូវដំណោះស្រាយស្រដៀងគ្នានេះដែរ នៅក្នុងសន្និសីទប្រឆាំងសង្គ្រាមលើកក្រោយ ដែលនៅក្រុង Kienthal ប្រទេសស្វីសដដែល ចាប់ពីថ្ងៃទី ២៤-៣០ មេសា ១៩១៦ ប៉ុន្តែនៅទីបញ្ចប់ក៏មានការព្រមព្រៀងគ្នាមួយបានកើតឡើង។
នានិទាឃៈរដូវ ឆ្នាំ១៩១៦ នៅទីក្រុងហ្ស៊ូរិច (Zurich) លេនីនបានសរសេរសៀវភៅមួយមានចំណងជើងថា "ចក្រពត្តិនិយមគឺជាកំពូលខ្ពស់បំផុត នៃមូលធននិយម" (“Imperialism, the Highest Stage of Capitalism”) ដែលជាទ្រឹស្ដីមួយដ៏សំខាន់។ នៅក្នុងសៀវភៅនេះ លេនីនបានជំទាស់ចំពោះការរួមបញ្ចូលគ្នារវាងធនាគារ និងសហគ្រាស ដើម្បីបង្កើនដើមទុន។ បើតាមលេនីន ដំណាក់កាលចុងក្រោយ នៃមូលធននិយម ដោយសារការស្វែងរកប្រាក់ចំណេញច្រើនជាងទីផ្សារក្នុងស្រុកអាចផ្ដល់ឲ្យបាន ពេលនោះដើមទុននឹងត្រូវនាំចេញទៅខាងក្រៅ។ ទ្រឹស្ដីនេះ បានធ្វើឲ្យមានការបែងចែកពិភពលោករវាងក្រុមហ៊ុនម៉ូណូប៉ូលអន្តរជាតិ និងបណ្ដាប្រទេសអឺរ៉ុប ដែលមានទឹកដីអាណានិគមមួយផ្នែកធំនៃពិភពលោក ដែលគាំទ្រមុខជំនួញរបស់ពួកគេ។ ចក្រពត្តិនិយម គឺជាដំណាក់ដ៏ខ្ពស់ នៃមូលធននិយម ដែលផ្អែកទៅលើការកើនឡើងនូវភាពផ្ដាច់មុខ និងការនាំចេញដើមទុន (ជាជាងទំនិញ) និងអាណានិគមនិយម គឺជាលក្ខណៈមួយ។
មាតុភូមិនិវត្តន៍
[កែប្រែ]បន្ទាប់ពីបដិវត្តន៍ខែកុម្ភៈ នៅរុស្ស៊ី និងការដាក់រាជ្យរបស់ស្តេចត្សារ នីកូឡាសទីពីរ លេនីនបានយល់ថា គាត់ត្រូវតែវិលត្រឡប់ចូលប្រទេសរុស្ស៊ីវិញ ឲ្យបានឆាប់តាមដែលអាចធ្វើបាន ប៉ុន្តែគាត់ពុំទាន់ប្រាកដទេ គាត់បាននៅដាច់ដោយឡែក នៅក្នុងប្រទេសអព្យាក្រឹតស្វីស នៅខណៈដែល សង្គ្រាមលោកលើកទី១ បានឆាបឆេះនៅរដ្ឋជិតខាង។ យ៉ាងណាក៏ដោយ ជនកុម្មុយនិស្តស្វីសឈ្មោះ Fritz Platten បានចាត់ចែងការចរចាជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីឲ្យលេនីន និងក្រុមហ៊ុនរបស់គាត់ធ្វើដំណើរឆ្លងកាត់អាល្លឺម៉ង់ទៅរុស្ស៊ី តាមរថភ្លើង។ រដ្ឋាភិបាលអាល្លឺម៉ង់ សង្ឃឹមថាលេនីននឹងអាចធ្វើការផ្ដួលរំលំរដ្ឋាភិបាលរុស្ស៊ី ដែលដឹកនាំដោយ កេរ៉េនស្គី និងអាចជួយឲ្យអាល្លឺម៉ង់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ី នៅសមរភូមិខាងកើត ដែលអនុញ្ញាតឲ្យអាល្លឺម៉ង់អាចបញ្ជូនកងទ័ពទៅសមភូមិខាងលិច ដើម្បីតទល់ជាមួយកងទ័ពបារាំង អង់គ្លេស និងសម្ព័ន្ធមិត្តរបស់ពួកគេ។
រថភ្លើងរបស់លេនីន បានមកដល់ស្ថានីយហ្វាំងឡង់ ក្រុងពេត្រូក្រាត (Petrograd) នៅថ្ងៃទី១៦ មេសា ១៩១៧។ លេនីនបានដឹកនាំក្រុមបុលសេវិក ប្រឆាំងនឹងរដ្ឋាភិបាលបណ្ដោះអាសន្ន ដឹកនាំដោយអាឡិចសង់ឌ័រ កេរ៉េនស្គី ដែលជាជនសង្គមនិយមកណ្ដាលនិយម។ កេរ៉េនស្គី មានការខឹងសម្បាជាខ្លាំងចំពោះការវាយប្រហាររបស់លេនីន ហើយក៏ប៉ុនប៉ងចាប់ខ្លួនគាត់ តែលេនីនបានកោរពុកមាត់ ពុកចង្កា ក្លែងខ្លួនធ្វើជាកម្មកររថភ្លើងជនជាតិហ្វាំងឡង់ ហើយគេចខ្លួនទៅហ្វាំងឡង់ដោយសុវត្ថិភាព ក្រោយពេលដែល ក្រុមកម្មករបានប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលនៅរដ្ឋធានីពេតូក្រាត។ ពួកបុលសេវិក មិនត្រូវបានចាប់ខ្លួននៅក្នុងការបះបោរនោះទេ។ លេនីន បានគូសបញ្ជាក់ថា ពេលនេះមិនទាន់ដល់ពេលទុំជោរសម្រាប់បដិវត្តន៍ទេ បើទោះជាកម្មករនៅក្នុងទីក្រុងមានឆន្ទៈក៏ដោយ ប៉ុន្តែបុលសេវិក នៅតែរង់ចាំការគាំទ្រពីកសិករសិន។ ក្នុងកំលុងពេលដ៏ខ្លីរបស់គាត់ នៅប្រទេសហ្វាំងឡង់ លេនីនបានសរសេរបញ្ចប់នូវសៀវភៅឈ្មោះ "រដ្ឋ និង បដិវត្តន៍" (“State and Revolution”) ដែលប្រាថ្នាចង់បានរចនាសម្ព័ន្ធថ្មីមួយ នៃរដ្ឋាភិបាលដោយផ្អែកទៅលើក្រុមប្រឹក្សាកម្មករ ឬ សូវៀត ដែលត្រូវបានជ្រើសតាំង និងទម្លាក់វិញបានគ្រប់ពេលវេលា ដោយកម្មករ។
ក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច ដែលដឹកនាំដោយឧត្ដមសេនីយ៍ Kornilov នៅក្រោយខែសីហាមក ពួកគេបានចូលរួមជាមួយពួកបុលសេវិក និងកម្មវិធីនយោបាយរបស់គេគឺ "សន្តិភាព នំប៉័ង និង ដី"។ ក្រុមមេដឹកនាំបុលសេវិកដែលជាប់គុក ត្រូវបានដោះលែង ហើយលេនីនបនាត្រឡប់មកទីក្រុងពេត្រូក្រាតវិញ នៅខែតុលា ដើម្បីបញ្ឆេះចលនាបដិវត្តន៍ខែតុលា ជាមួយពាក្យស្លោកថា "អំណាចទាំងអស់ត្រូវប្រគល់ឲ្យសូវៀត" (“All Power to the Soviets!”) ។ លេនីន បានដឹកនាំផ្ដួលរំលំរដ្ឋាភិបាលបណ្ដោះអាសន្នដោយផ្ទាល់ពី Smolny Institute នៅរវាងថ្ងៃទី០៦ ដល់ ០៨ វិច្ឆិកា ១៩១៧។ ការវាយប្រហារដ៏ខ្លាំងក្លា និងការចុះចាញ់ នៃ Winter Palace នាយប់ថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា បានបើកទំព័រថ្មីនៃការគ្រប់គ្រងរបស់សូវៀត។
ការដឹកនាំសហភាពសូវៀត
[កែប្រែ]នៅថ្ងៃទី០៨ វិច្ឆិកា ១៩១៧ លេនីនត្រូវបានជ្រើសតាំងជា "ប្រធានក្រុមប្រឹក្សាស្នងការប្រជាជន" ("the Chair of the Council of People’s Commissars") ដោយសមាជសូវៀតរុស្ស៊ី។ វាគឺជារឿងដ៏អស្ចារ្យមួយ ដែលប៉ុន្មានថ្ងៃមុននេះ លេនីនជាអ្នករត់គេចខ្លួន លាក់ខ្លួនពីការតាមចាប់របស់ភ្នាក់ងារប៉ូលិសរបស់រដ្ឋាភិបាល ស្រាប់តែពេលនេះបានក្លាយទៅជាមេដឹកនាំប្រទេសមួយដែលធំជាងគេលើពិភពលោក ទោះជាកាលពីមុន គាត់ពុំធ្លាប់មានបទពិសោធន៍កាន់តំណែងក្នុងរដ្ឋាភិបាលសោះក៏ដោយ។
លទ្ធិកុម្មុយនិស្ត គឺជាអំណាចសូវៀត បូករួមនឹងការតភ្ជាប់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។ លេនីន បាននិយាយសង្កត់ធ្ងន់ទៅលើការនាំយកចរន្តអគ្គិសនីទៅគ្រប់ទិសទីនៃប្រទេសរុស្ស៊ី និងការធ្វើទំនើបកម្មលើវិស័យឧស្សាហកម្ម និងកសិកម្មថា៖ "យើងត្រូវតែបង្ហាញឲ្យកសិករឃើញថា ស្ថាប័នឧស្សាហកម្ម អាស្រ័យលើមូលដ្ឋាននៃភាពទំនើប បច្ចេកវិជ្ជាកម្រិតខ្ពស់ អាស្រ័យលើការតភ្ជាប់ចរន្តអគ្គិសនី ដែលយើងនឹងផ្ដល់នូវការតភ្ជាប់រវាងទីក្រុង និងជនបទ ដែលនឹងបញ្ចប់នូវការខ័ណ្ឌចែករវាងទីក្រុង និងជនបទតទៅទៀត ដែលនឹងបង្កើតលទ្ធភាពលើកកម្ពស់កម្រិតវប្បធម៌នៅតាមទីជនបទ ហើយយើងត្រូវពុះពារឲ្យបាន បើទោះជា នៅទីដ៏សែនឆ្ងាយបំផុត ដែលពោរពេញដោយ ភាពអន់ថយ ភាពល្ងង់ខ្លៅ ភាពក្រីក្រ ហើយភាពឃោរឃៅ"។
ផែនការដំបូងរបស់សូវៀត គឺត្រូវស្ដារសេដ្ឋកិច្ចជាតិឡើងវិញ និងការអភិវឌ្ឍ។ គាត់បានគិតគូរយ៉ាងខ្លាំងដល់ ការបង្កើតប្រព័ន្ធថែរក្សាសុខភាពសកលដោយឥតគិតថ្លៃមួយសម្រាប់ទាំងអស់គ្នា ការលើកកម្ពស់សិទ្ធិស្ត្រី និង បង្រៀនប្រជាជនរុស្ស៊ីឲ្យចេះអាន និងសរសេរ។ ប៉ុន្តែជាអាទិភាពទី១ រដ្ឋាភិបាលថ្មីដែលដឹកនាំដោយបក្សបុលសេវិក ត្រូវតែដកប្រទេស រុស្ស៊ីចេញពីសង្គ្រាមលោកសិន។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩១៧ រុស្ស៊ី និង អាល្លឺម៉ង់បានចុះហត្ថលេខាផ្សះផ្សាគ្នា។ មួយអាទិត្យក្រោយមក នៅទីក្រុងប្រេស្ត-លីតូវស្ក បានចាប់ផ្ដើមកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលចូលរួមដោយគណៈប្រតិភូមកពីចក្រភពអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី ទួរគី បុលការី និង សូវៀតរុស្ស៊ី។ ប្រទេសសម្ព័ន្ធចាស់របស់ចក្រភពរុស្ស៊ីរបស់ស្ដេចត្សារ បានបដិសេធ និងមិនសប្បាយចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាពឡើយ។ ជាលទ្ធផល ប្រទេសរុស្ស៊ីបានបាត់បង់ទឹកដីយ៉ាងច្រើននៅភាគខាងលិច និង ត្រូវប្រគល់ទឹកប្រាក់ ៦,០០០,០០០,០០០ (ប្រាំមួយពាន់លាន) ម៉ាក ទៅឲ្យអាល្លឺម៉ង់ជាសំណងដោយសារសង្គ្រាមទៀតផង។ នេះគឺជាកិច្ចព្រមព្រៀងមួយដែលមានភាពលំអៀងច្រើនទៅខាងអាល្លឺម៉ង់ តែទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ១៩១៨ សូវៀតរុស្ស៊ីនៅតែសុខចិត្តចុះហត្ថលេខា ដោយឥតលក្ខខណ្ឌលើ "សន្ធិសញ្ញាសន្តិភាពប្រេស្ត-លីតូវស្ក" (Treaty of Brest-Litovsk) តាមការបង្គាប់បញ្ជាពីលេនីន ដោយសង្ឃឹមថា៖ "បដិវត្តន៍ពិភពលោកនឹងផ្ទុះឡើងដោយជៀសមិនរួច នៅក្នុងប្រទេសអឺរ៉ុប ហើយទីបំផុតគឺជាថ្ងៃជ័យជម្នះនៃលទ្ធិសង្គមនិយម និង ជាថ្ងៃអវសាននៃរបបមូលធននិយមសកលលោក" ។
ការបង្កើតប៉ូលិសសម្ងាត់
[កែប្រែ]right|thumb|លេនីន អង្គុយក្នុងការិយាល័យរបស់គាត់ នៅវិមានក្រឹមឡាំង ឆ្នាំ១៩១៨ ដើម្បីការពាររដ្ឋាភិបាលបុលសេវិកដែលទើបបង្កើតថ្មី ពីប្រតិបដិវត្តន៍ និងអង្គការនយោបាយប្រឆាំងដទៃទៀត ពួកបុលសេវិក បានបង្កើតប៉ូលិសសម្ងាត់ (Cheka) នៅខែធ្នូ ១៩១៧។
បុសេវិក មានគម្រោងកាត់ទោសពួកអតីតស្ដេចត្សារ ប៉ុន្តែនៅខែកក្កដា ១៩១៨ ក្នុងពេលដែលកងទ័ពសកំពុងតែរុលទៅមុខនៅទីក្រុង Yekaterinburg ជាកន្លែងដែលអតីតគ្រួសារស្ដេចត្សារ ត្រូវបានចាប់ខ្លួន។ លោក Sverdlov បានយល់ព្រមតាមសំណើរបស់រដ្ឋអំណាចសូវៀតថ្នាក់តំបន់ ឲ្យប្រហារជីវិតស្ដេចត្សារ ឲ្យបានឆាប់ ជាជាងបណ្ដោយឲ្យកងទ័ពសរំដោះយកទៅ។ ស្ដេចត្សារ និងញាតិវង្សដែលនៅសល់ត្រូវបានប្រហារជីវិត ថ្វីបើនេះគឺជាការសម្រេចចិត្តរបស់រដ្ឋអំណាចកណ្ដាល ឬក៏ រដ្ឋអំណាចតំបន់ក៏ដោយ បានបន្សល់ទុកនូវប្រធានបទនៃជម្លោះជាប្រវត្តិសាស្ត្រ។ លេនីន ត្រូវបានគេប្រាប់ឲ្យដឹងនៅក្រោយពេលការប្រហារជីវិតត្រូវបានធ្វើរួចប៉ុណ្ណោះ ប៉ុន្តែគាត់ពុំបានស្ដីបន្ទោសចំពោះការប្រព្រឹត្តនេះទេ។ ការរិះគន់ បានកើតឡើងភ្លាមៗ ហើយប៉ូលិសសម្ងាត់ (Cheka) ត្រូវបានបង្កើតឡើង ដើម្បីដកហូតអត្ថបទពីក្រុមកម្មករដែលប្រឆាំង។ នៅថ្ងៃទី១៧ ខែវិច្ឆិកា គណៈកម្មាធិការប្រតិបត្តិកណ្ដាល បានដាក់ចេញនូវក្រឹត្យមួយ ដែលផ្ដល់អំណាចឲ្យបុលសេវិកគ្រប់គ្រងលើការចេញផ្សាយថ្មីទាំងអស់ និងមានអំណាចបិទកាសែតទាំងឡាយណាដែលនិយាយរិះគន់ដល់របបរបស់ពួកគេ។ កម្មការទាមទារឲ្យមានកំណែទម្រង់សូវៀតឯករាជ្យ ត្រូវបាន Cheka បំបែក។ កាសែតឯករាជ្យបានរិះគន់រដ្ឋាភិបាលលេនីន ត្រូវបាន Cheka បិទមិនលែងឲ្យចេញផ្សាយ រហូតដល់ពេលដែល បុលសេវិកបានគ្រប់គ្រងលើ Pravda និង Izvestia ដែលបានផ្ដាច់មុខក្នុងចែកចាយសារព័ត៌មាន។
ការប៉ុនប៉ងធ្វើឃាត
[កែប្រែ]នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩១៤ ការប៉ុនប៉ងធ្វើឃាតលេនីន បានកើតឡើងនៅខណៈដែលគាត់កំពុងស្ថិតនៅក្នុងរថយន្តរបស់គាត់ នៅក្រុងប៉េតូក្រាតដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ។ លេនីន និង Fritz Platten បានស្ថិតនៅក្នុងរថយន្តជាមួយគ្នាពេលត្រឡប់មកវិញ បន្ទាប់ពីការថ្លែងការណ៍ទៅកាន់មហាជន។ នៅពេលដែលគ្រាប់កាំភ្លើងកំពុងតែហោះសំដៅមករកគាត់ Fritz Platten បានចាប់ក្បាលរបស់លេនីន ហើយរុញគាត់ឲ្យក្រាបចុះ។
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩១៨ យុវជនអនាធិបតេយ្យម្នាក់ឈ្មោះ ហ្វាន់នីយ៉ា កាប្លង់ ជាសមាជិកនៃគណបក្សបដិវត្តន៍សង្គមនិយម បានចូលទៅជិតលេនីន ក្រោយពេលគាត់ថ្លែងនៅក្នុងអង្គប្រជុំមួយ និងនៅតាមផ្លូវទៅកាន់រថយន្តរបស់គាត់។ នាងបានចំនួន០៣គ្រាប់សំដៅទៅរកលេនីន ក្នុងនោះគ្រាប់កាំភ្លើងចំនួន០២គ្រាប់បានត្រូវចំលេនីន។ គ្រាប់កាំភ្លើងទី១ មិនបានធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរទេ គឺត្រូវបៀមជាប់នៅក្នុងដៃរបស់គាត់, គ្រាប់កាំភ្លើងទី២ បានត្រូវចំចំណុចរវាងថ្គាម និងក ចំណែកគ្រាប់កាំភ្លើងទី៣ បានត្រូវចំស្ត្រីម្នាក់ ដែលកំពុងនិយាយជាមួយលេនីននៅពេលដែលគ្រាប់បានហោះសំដៅមករកពួកគេ។ លេនីន បានដួលសន្លប់ទៅនឹងដីលែងដឹងខ្លួនតែម្ដង។ លេនីន ត្រូវបានគេបញ្ជូនទៅបន្ទប់របស់គាត់នៅវិមានក្រឹមឡាំង ដោយបដិសេធមិនប្រថុយទៅមន្ទីរពេទ្យ ព្រោះគាត់បានជឿថា ពួកអ្នកប៉ងធ្វើឃាតផ្សេងទៀតរង់ចាំនៅទីនោះ។ ក្រុមគ្រូពេទ្យ ត្រូវបានដាស់តឿន ប៉ុន្តែច្បាស់ណាស់ថាវាគ្រោះថ្នាក់ខ្លាំងណាស់ដើម្បីយកគ្រាប់កាំភ្លើងចេញ។ ឆ្លងផុតការប៉ុនប៉ងធ្វើឃាតលើកនេះ ថ្វីត្បិតតែលេនីនគេចផុតពីសេចក្ដីស្លាប់ តែក៏អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពជាប្រចាំតមកទៀត។ បន្ទាប់មក លេនីនកើតជំងឺខួរក្បាល ដែលបណ្ដាលឲ្យគាត់ពិការមួយចំហៀងខ្លួន។
លេនីន និងឆ្មាំក្រហម
[កែប្រែ]គណបក្សកុម្មុយនិស្តរុស្ស៊ី និងសង្គ្រាមស៊ីវិល
[កែប្រែ]ជីវិតចុងក្រោយ និងមរណភាព
[កែប្រែ]ក្រោយពេលមរណភាព
[កែប្រែ]ស្តាលីន បានឲ្យគេយកសាកសពរបស់លេនីន ទៅតម្កល់ទុកនៅក្នុងថ្នូរថ្មកែវពណ៌ក្រហម នៅខាងក្រៅកំផែងក្រឹមឡាំង ក្នុងទីលានក្រហម នៃទីក្រុងមូស្គូ ដែលត្រូវបានគេស្គាល់ថា "សារមន្ទីរលេនីន" ។ ចាប់តាំងពីពេលនោះមក មនុស្សរាប់លាននាក់បាននាំគ្នាទៅឈរបន្តគ្នាយ៉ាងស្ងាត់ស្ងៀមទោះជាធាតុអាកាសក្ដៅ ឬ ត្រជាក់យ៉ាងណាក្ដី ដើម្បីចូលរួមមើលសពរបស់គាត់។
ចាប់តាំងពីការរលំរលាយនៃសហភាពសូវៀត ប្រជាជននៅសហភាពសូវៀតក្ដី និងនៅប្រទេសរណបក្ដី នៅពាសពេញពិភពលោកនាំគ្នាសម្រេចធ្វើរួចមកហើយ គឺនាំគ្នាផ្ដួលរំលំរូបសំណាកដែលធ្វើឡើងដើម្បីជាគារគោរពដល់រូបគាត់ ដែលភាគច្រើននៅអឺរ៉ុបខាងកើត ប៉ុន្តែរូបសំណាករបស់គាត់ជាច្រើនទៀតនៅប្រទេសរុស្ស៊ី និងអតីតសាធារណរដ្ឋសង្គមនិយមសូវៀតនៅអាស៊ីកណ្ដាល មិនត្រូវបានបំផ្លាញទេ។ នៅឆ្នាំ១៩៩១ ក្រោយពីបិទបញ្ចប់ការបោះឆ្នោត និងការតស៊ូនយោបាយរវាងពួកកុម្មុយនិស្ត និងពួកសេរីនិយម ទីក្រុងលេនីនក្រាតត្រូវបានប្ដូរទៅជា សាំងពីទឺប៊ឺស ដែលជាឈ្មោះដើមប្រើនៅជំនាន់ស្ដេចត្សារវិញ។ ប្រជាជននៃក្រុងអ៊ូលីយ៉ាណូវស្ក ដែលជាស្រុកកំណើតរបស់លេនីន បានប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយណា ដើម្បីប្ដូរឈ្មោះទីក្រុងនេះទៅជា ស៊ីមបៀរស្កវិញ។ ប្រធានបទនៃការបញ្ចុះសពលេនីន បានធ្វើឲ្យនឹកឃើញព្រឹត្តិការណ៍ ដែលកន្លងទៅច្រើនឆ្នាំមកហើយនៅប្រទេសរុស្ស៊ី។