ប្រាសាទបក្សីចាំក្រុង
| ប្រាសាទបក្សីចាំក្រុង | |
|---|---|
| ឈ្មោះ: | ប្រាសាទបក្សីចាំក្រុង |
| អ្នកកសាង: | ព្រះបាទហសវរ្ម័នទិ១ |
| កាលបរិច្ឆេទកសាង: | ៩៦៨នៃគ្រិស្តសរាជ |
| ឧទ្ទិសថ្វាយ: | ព្រះឥសូរ |
| ស្ថាបត្យកម្ម: | ខ្មែរ |
| ទីតាំង: | ខេត្តសៀមរាប |
ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រមានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌ក្រហម។ នៅម្តុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។ ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត។ ប្រាសាទនេះមាន៤ ថ្នាក់ កសាងពីថ្មបាយកៀ្រមបន្តុប ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស ទ្វារបញ្ឆោតបីទិសតែក្បាច់រចនាសំរាប់បិទពីក្រៅបាត់បង់អស់ហើយនៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) ឯចុងទាំងសងខាងមានគណេសនិងមាត់ទ្វារខាងកើតមានសិលាចារិក ។
ប្រាសាទនេះប្រហែលជាចាប់ផ្តើមកសាងឡើងដោយព្រះបាទហសវរ្ម័នទី១ (៩១០ - ៩៤៤) និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្រ្ទវរ្ម័ន (៩៤៤ - ៩៦៨) ដែលប្រាសាទនេះត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។
តាមឯកសារបានបញ្ជាក់ថាកាលពីជំនាន់កសាងប្រាសាទនេះពុំមានសិលាចារិកអ្វីឡើយលុះដល់ ព្រះបាទរាជេន្រ្ទវរ្ម័ននាំរាជធានីពីកោះកេរមកតាំងនៅអង្គរសាថ្មីវិញនៅគ្រិស្តសករាជ៩៤៨ ទើបព្រះអង្គឲ្យគេចារិកកាព្យសំស្រ្កឹតនៅលើមេទ្វារគួរជាទីចាប់អារម្មណ៍ក្រៃលែងព្រោះមាននិទានអំពីបុព្វការីជនដំបូងបង្អស់នៃជនជាតិខែ្មរក្នុងលំនាំរឿងព្រេងដែលបាននិយាយថាខែ្មរមានតំណពូជពង្ស មកពីឥសីមួយអង្គព្រះនាម "កម្ពុ" ដែលបង្កើតដោយឯកឯង (ស្វាយម្ភូ) ឥសីនោះទៅភពប្រសព្វនឹងទេពកញ្ញាឈ្មោះ "មេរា" ទើបបង្កើតជាកូនចៅតរៀងមក ប្រាសាទបក្សីចាំក្រុងកសាងនៅលើស្ថានីយបុរេប្រវត្តិមួយនៃយុគសំរឹទិ្ធ។
សិលាចារិកនៅលើទ្វាប្រាសាទបញ្ជាក់អំពីកាលបរិច្ឆេទរបស់ប្រាសាទ និង ពីរូបបដិមាព្រះឥសូរធ្វើអំពីមាស និងកវីទេវកថានៃអារ្យធម៌ខ្មែរ។
អំពីឈ្មោះប្រាសាទ [កែប្រែ]
ឈ្មោះរបស់ប្រាសាទបក្សីចាំក្រុងគឺជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ ដែលស្តេចនៅក្នុងរឿងនោះមានបក្សីចាំថែរក្សាគ្រប់គ្រង ហើយមិនបានគ្រងរាជ្យបន្ទាប់ពីមានការគេចខ្លួនពីការដេញតាមសំលាប់ពីស្តេចដែលសោយរាជ្យមុន។