ប្រាសាទបាយ័ន
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
| ប្រាសាទបាយ័ន | |
|---|---|
| ឈ្មោះ: | ប្រាសាទបាយ័ន |
| អ្នកកសាង: | ព្រះបាទជយវរ្ម័ន ទី ៧ |
| កាលបរិច្ឆេទកសាង: | ចុងគ្រិស្តសតវត្សរ៍ទី ១២ |
| ឧទ្ទិសថ្វាយ: | ព្រះពុទ្ធ និង ព្រះពោធិសត្វលោកេស្វរៈ |
| ស្ថាបត្យកម្ម: | ខ្មែរ |
| ទីតាំង: | ក្រុងអង្គរធំ ខេត្តសៀមរាប |
ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី ១ និងទី ២ មានថែវដែលមានចុម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ចម្បាំង និងព្យុហយាត្រា ជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ[១]។
មាតិកា |
[កែប្រែ] ប្រវត្តិនៃឈ្មោះបាយ័ន
ពាក្យថាបាយ័ន អ្នកគ្រូ ពៅ សាវរស បានលើកពីគំនិតរបស់លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជយវរ្ម័ន ទី ៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក សេដែស (Cœdès) ដែលបានឲ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វជយន្ត ដែលនិយាយនៅក្នុងសិលាចារឹក។ វជយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទ ល្បើកអង្គរវត្ត ដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឲ្យព្រះពិស្ណុការ (វិឝ្វកម៌ន៑) ចុះមកឋានកណ្តាល ដើម្បីកសាងប្រាសាទឲ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឲ្យដូចទៅនឹងស្នាដៃ នៅលើផែនដីរបស់វិឝ្វកម៌ន៑។[២]
[កែប្រែ] ព្រះពុទ្ធរាជនៅប្រាសាទបាយ័ន
គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគ ស្ថិតនៅក្នុងឥរិយាបថសមាធិ នៅបាតអណ្តូង ដែលស្ថិតនៅចំកណ្តាលប្រាសាទបាយ័ន កាលពីឆ្នាំ ១៩៣២ ។ ចម្លាក់ព្រះពុទ្ធអង្គនេះ បង្អាញឲ្យយើងដឹងនូវផ្នត់គំនិតនយោបាយនាសម័យព្រះបាទជយវរ្ម័នទី ៧ កាលពីចុងគ្រិស្តសតវត្សរ៍ទី១២ ដើមគ្រិស្តសតវត្សរ៍ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្តិសាស្រ្ត បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការបង្ហាញនូវផ្នត់គំនិតនយោបាយរបស់ ព្រះបាទជយវរ្ម័ន ទី ៧ នាសតវត្សរ៍នោះ ចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀត គឺបង្ហាញពីការផ្លាស់ប្តូរពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជក្នុងរជ្ជកាលរបស់ព្រះបាទជយវរ្ម័ន ទី ៧ ។ ពីព្រោះថា បល្ល័ង្ក ឬព្រះអាទិទេពខាងព្រហ្មញ្ញសាសនា ត្រូវបានជំនួសដោយព្រះបដិមាតំណាងឲ្យព្រះសម្មាសម្ពុទ្ធអង្គ ឬព្រះអវលោកេស្វរៈទៅវិញ ដូចករណីចម្លាក់ព្រះពុទ្ធអង្គខាងលើនេះ ជាដើម ។ លោកបណ្ឌិតបានបន្តឲ្យដឹងថា ការផ្លាស់ប្តូរប្រព័ន្ធសាសនាខាងលើនេះ អាចគូសបញ្ជាក់តាមរយៈព្រះភក្រ្តរបស់ព្រះអង្គ ដែលតំណាងឲ្យព្រះរូបរបស់ព្រះមហាវីរក្សត្រ គឺព្រះបាទជ័យវរ្ម័ន ទី ៧ តែម្តង នេះជាចំណុចយ៉ាងសំខាន់បំផុត ។ តាមការស្រាវជ្រាវខាងបុរាណវិទ្យា និង ខាងសិលាចារឹក លោកសាស្រ្តាចារ្យបានឲ្យដឹងថា ការដែលគេឆ្លាក់ព្រះរូបព្រះមហាក្សក្រោមរូបភាពរបស់ព្រះពុទ្ធ ឬគេថ្វាយព្រះនាមព្រះមហាក្សត្រទៅជាព្រះពុទ្ធរូប គឺជាប្រពៃណីទូទៅក្នុងសង្គមខែ្មរបុរាណ ។ លោក ត្រាណេ បានបញ្ជាក់ឲ្យដឹងថា កត្តាទាំងនេះហើយដែលបង្ហាញឲ្យយើងដឹងថា ព្រះពុទ្ធអង្គនៃប្រាសាទបាយ័ន ដែលសព្វថៃ្ង គេបានយកទៅទុកនៅក្នុងអគារកែ្បរ លានព្រះគម្លង់ ពិតជាតំណាងឲ្យព្រះពុទ្ធរាជ ជំនួសឲ្យទេវរាជយ៉ាងប្រាកដមែន។ ចំពោះចលនាបន្លាស់ប្រព័ន្ធគំនិតពីទេវរាជ មកពុទ្ធរាជ បានទទួលការគាំទ្រពីអ្នកប្រាជ្ញធំៗ ដូចជា ហ្គ្រោស៍លីយ៉េរ៍ និង សេដែស ជាដើម ។ គួររំឭកថា ព្រះពុទ្ធដ៏ធំរបស់យើង ត្រូវបានគេជួលជុលឡើងវិញ ព្រោះត្រូវបានគេកមេ្ទចជាច្រើនចំណែក ហើយទម្លាក់ចោលក្នុងបាតអណ្តូង ក្រោយពីប្រតិកម្មសិវនិយមចំពោះលទ្ធិព្រះពុទ្ធសាសនា ក្រោយពី ព្រះបាទជយវរ្ម័ន ទី ៧ បានសោយទិវង្គតទៅនោះ [៣]។
[កែប្រែ] ក្បាច់ចំម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន [៤]
[កែប្រែ] សូមមើលផងដែរ
|
|
||
|---|---|---|
| ទីរួមខេត្តនៃខេត្តសៀមរាបគឺ ក្រុងសៀមរាប | ||
| ទីរួមខេត្ត | ក្រុងសៀមរាប | |
| ស្រុក | ក្រឡាញ់ ជីក្រែង បន្ទាយស្រី ប្រាសាទបាគង ពួក វ៉ារិន សៀមរាប ស្វាយលើ សូទ្រនិគម ស្រីស្នំ អង្គរជុំ អង្គរធំ | |
| ភូមិសាស្រ្ត | ស្ទឹងសៀមរាប បឹងទន្លេសាប | |
| តំបន់អង្គរ | អង្គរធំ អង្គរវត្ត ប្រាសាទបន្ទាយស្រី ប្រាសាទបាពួន ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម | |
| ទឹកដីខេត្តសៀមរាប | ||
[កែប្រែ] ឯកសារយោង
- ↑ ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ និងទំព័រ ១២១ ដោយលេក កែវ ភួង
- ↑ ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ទំព័រ ១២០ ដោយលោក កែវ ភួង
- ↑ អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា
- ↑ រូបភាពនៅវិគីភីឌាទូទៅស្តីអំពីចម្លាក់ប្រាសាទបាយ័ន