ប្រាសាទមេបុណ្យខាងលិច

ដោយវិគីភីឌា
បដិមាព្រះវិស្ណុ​ផ្ទំនៃ​ប្រាសាទមេបុណ្យខាងលិច (សព្វថ្ងៃស្ថិតក្នុងសារមន្ទីរជាតិ)

ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច ក្នុងខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅ​អំឡុងពាក់កណ្តាល​សតវត្សទិ១១​នៃគ្រិស្តសករាជក្នុង​រាជ្យព្រះបាទឧទយាទិត្យវរ្ម័នទិ២។ ប្រាសាទនេះមានលកខណៈប្លែក ពិសេស សំនង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយ​ដែលគេជីក​នៅលើដី​ទួលនោះ។ កំពែងខាងកើត​ត្រូវបានគេរចនាជា​ថែវ​មាន​បង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី៖ មួយនៅចំកណ្តាល និង​ពីរទៀត​នៅចុងសងខាង​នៃថែវ។ នៅចំកណ្តាលស្រះទឹកខាងក្នុង​មានសំនង់មួយធ្វើអំពីថ្មភក់​មានរាងមូលរបៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិតប្រហែល៣ម៉ែត្រ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាមួយអង្គ​ក្នុងឥរិយាបថផ្ទំ ប៉ុនែ្តជាព្រះវិស្ណុ ស្ថិតនៅប្រាសាទមេបុណ្យខាងលិច។

យោងតាមការបកស្រាយរបស់លោក ជីវ តាក្វាន់ បេសកជននៃចក្រភពចិន ដែលបានមកដល់ទីក្រុងអង្គរនៅអំឡុងឆ្នាំ១២៩៥ បានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិច​ត្រូវបានស្ថាបនាឡើង​ស្របតាមអត្ថន័យនៃ​រឿងកំណើតព្រះព្រហ្ម ពីព្រោះតាមដំណើររឿងនេះ មុនការលេចឡើងនៃពិភពថ្មី ព្រះវិស្ណុទ្រង់បានផ្ទំធ្វើសមាធិលើពស់អនន្តៈ បណ្តែតខ្លួនលើផ្ទៃទឹកសមុទ្រ អស់កាលដ៏យូរ។ បន្ទាប់មកមានឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះ មានលេញចេញរូបព្រះព្រហ្ម ទ្រង់កំពុងគង់ធ្វើសមាធិ ដែលបង្ហាញពីការកកើតភពថ្មី។