ប្រាសាទព្រះវិហារ

ពីវិគីភីឌា
ប្រាសាទព្រះវិហារ

ឈ្មោះ: ប្រាសាទព្រះវិហារ
អ្នកកសាង: ព្រះបាទយសោវរ្ម័នទី១ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សទី ៩-១២
ឧទ្ទិសថ្វាយ: ស្រីសិខគិរីស្វរៈ
ស្ថាបត្យកម្ម: រចនាបថឃ្លាំង
ទីតាំង: ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ[១] និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ[២]។ ចំណែកពីអតីកាលស្រុកជាំក្សាន្តស្ថិតនៅក្នុងខេត្តកំពង់ធំ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំដេនមឿង។ ប្រាសាទព្រះវិហារស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីសាលាស្រុកជាំក្សាន្ត ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ ។ ជួរភ្នំដងរែកជាខណ្ឌសីមាព្រំប្រទល់ធម្មជាតិអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រាសាទព្រះវិហារស្ថិតនៅលើចំណុចខ្សែស្រប១៤.២៤ ទៅ១៨នៃរយៈទទឹងខាងកើត និងចំណុចខ្សែស្រប១០៤ ទៅ៤១.០២នៃរយៈបណ្តោយខាងជើង។ ប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅលើខ្នងភ្នំព្រះវិហារ ស្ថិតនៅលើផ្ទៃដីទំហំ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ។ ភ្នំប្រាសាទព្រះវិហារនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ម្យ៉ាងទៀតអ្នកទេសចរអាចឡើងភ្នំព្រះវិហារតាមរយៈជណ្តើរបុរាណនៅផ្នែកខាងកើតនៃភ្នំ ដែលត្រូវបានកសាងតាំងពីសម័យជាមួយប្រាសាទមកម្លេះ តែត្រូវបានខូចខាតយ៉ាខ្លាំង តែនៅពេលបច្ចុប្បន្នមានការជួសជុលនិងយកឈើធ្វើជាជណ្តើរជំនួសវិញក្រោមការជួសជុលរបស់ អាជ្ញាធរជាតិព្រះវិហារ។ ក្នុងការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារគេអាចជ្រើសរើសតាមរយៈផ្លូវពីរគឺ៖

ឈ្មោះប្រាសាទ[កែប្រែ]

ប្រាសាទព្រះវិហារ ឬប្រាសាទភ្នំព្រះវិហារ និងខៅផ្រៈវិហាន ជាភាសាថៃមានន័យថាប្រាសាទភ្នំព្រះវិហារ។ ខៅមានន័យថាភ្នំ ចំណែកពាក្យ ផ្រៈវិហានមកពីភាសាខ្មែរថាព្រះវិហារ ដែលភាសាសំស្រ្គឹតថាវិហារៈ។ តាមសិលាចារឹកប្រាសាទព្រះវិហារឈ្មោះតាមលិង្គ ដែលតម្កល់ទុកនៅទីនេះ មានឈ្មោះថា ប្រាសាទស្រី សិខារិស្វរៈ ដែលមានន័យថាម្ចាស់នៃកំពូលភ្នំ។ ប្រាសាទព្រះវិហារជាប្រាសាទហិណ្ឌូ។

ប្រវត្តិប្រាសាទព្រះវិហារ[កែប្រែ]

ក្រុមអ្នកបុរាណវិទ្យាតែងបានគិតថា ជាប្រាសាទដែលមានរបៀបសង់សឹងតែដូចៗគ្នាទៅនឹងសំណង់ដទៃទៀតដែលសិ្ថតក្នុងស្ថាបត្យកម្មរបស់ស្ថេចសូរ្យវរ្មម៌ទី១ គឺបែបប្រាសាទសណ្តូកលើភ្នំ ចាំងច្រិតថ្មភ្នំសាងជាប្រាសាទ ដូចគ្នាទៅនឹងប្រាសាទវត្តភូ ប្រាសាទភ្នំជីសូរ ប្រាសាទជើងព្រៃ ប្រាសាទវត្តត្រាច....ជាដើម។ល។ រីចម្លាក់នៅលើហោរជាងមានទំរង់ដូចនៅប្រាសាទបន្ទាយស្រី និង កោះកេរ ដូច្នោះដែរ ។តាមរយៈការសិក្សាស្រាវជ្រាវអាចសន្មតថា សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។ តាមរយៈសិលាចារឹកលេខ K-៥៨៣ នៅប្រាសាទបាពួន ចារក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថាព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។ ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រខ្មែរដែលកសាងប្រាសាទព្រះវិហារមានដូចជា៖

ព្រះមហាក្សត្រដែលបានកសាងប្រាសាទព្រះវិហារ និងជួសជុលប្រាសាទ ដែលលេចធ្លោមានដូចជា៖

  • ព្រះបាទយសោវរ្ម័នទី១៖ ព្រះអង្គបានសាងសង់ប្រាសាទកណ្តាល។
  • ព្រះបាទសូរ្យវរ្ម័នទី១៖ ព្រះអង្គបានសាងសង់អគារដ៏វែងនៅជិតប្រាង្គកណ្តាល កំពែងព័ន្ធជុំវិញ និងគោបុរៈទី៣។ យោងតាមសិលាចារឹករបស់ប្រាសាទ ព្រះបាទសូរ្យវរ្ម័នទី១ បានរៀបចំពិធីដើម្បីអញ្ចើញទេវៈ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (ប្រទេសឡាវ) មកគង់នៅជាមួយនិងទេវៈ ស្រីសិខរិស្វរៈ ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និងប្រជារាស្រ្ត។
  • ព្រះបាទជ័យវរ្ម័នទី៦៖ ព្រះអង្គបានសាងសង់ហោត្រៃ ឬបណ្ណាល័យពីរ និងជួសជុលផ្នែកមួយចំនួននៃប្រាសាទ។
  • ព្រះបាទសូរ្យវរ្ម័នទី២៖ ព្រអង្គបានសាងសង់ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និងនាគជាច្រើនទៀតតាមជណ្តើរឡើង។ ព្រះអង្គបានរៀបចំពិធីសម្ពោធប្រាសាទ និងចាត់ទុកជាកន្លែងគោរពសម្រាប់ព្រះមហាក្សត្រគ្រប់រូប។

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឱ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ ។ ព្រះបាទសូរ្យវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សទី១១។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) ឬ៦១៥ម៉ែត្រ (ឯកសារអង់គ្លេស) ។ ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរនៅ ប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺK-៥៨៣ ៖ អ្នកដែលចារសិលាចារឹកគឺមានឈ្មោះ ហរិវាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី១ ឆ្នាំ៩៤៤ ដល់ ឆ្នាំ៩៦៨ នៃគ.ស ។ បានចារជាភាសាសំស្រ្កឹត និងជាភាសាខ្មែរបុរាណ ។ បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះ ស្រីសិខរិស្វរៈ មកតាំងនៅ និងមកប្រតិស្ឋនៅទីនេះ គឺប្រាសាទព្រះវិហារនេះ។ ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធិឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។ ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឱ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅ ទីក្រុងឡាអេប្រទេសហូឡង់។

សិលាចារឹក[កែប្រែ]

សិលាចារឹក ដែលមានចារនៅក្នុងប្រាសាទព្រះវិហារមានចំនួន ៤ផ្ទាំងដូចជាសិលាចារឹកលេខ K-៣៨០ K-៣៨១ K-៣៨២ និង K-៣៨៣។ សិលាចារឹកលេខ K-៣៨០ សិលាចារឹកនេះមានទីតាំងស្ថិតនៅសងខាងនៃមេទ្វារនៃគោបុរៈទី៤នៃប្រាសាទព្រះវិហារ ដែលចារជាភាសាសំស្រឹ្តត និងភាសាខ្មែរបុរាណនៅចន្លោះឆ្នាំ១០៣៨ និងឆ្នាំ១០៤៩នៃគ.ស។ សិលាចារឹកនេះមានសារៈប្រយោជន៍ជាប្រវត្តិសាស្រ្តនៃប្រាសាទព្រះវិហារ និងនិយាយពីស្រីសុកៈរាម ដែលបរិយាយនៅក្នុងអត្តបទខាងក្រោម។ សិលាចារឹកលេខ K-៣៨១ សិលាចារឹកនេះចារនៅក្លោងទ្វារព្រះបរមរាជវាំងក្នុងគោបុរៈទី៣នៃប្រាសាទព្រះវិហារ ដែលចារជាភាសាសំស្រ្តឹត និងភាសាខ្មែរបុរាណ ចារក្នុងអំឡុងឆ្នាំ១០២៤ សិលាចារឹកនេះនិយាយពីព្រាហ្មណ៍តៈបៈស្វិន្រ្ទបណ្ឌិតនៅក្នុងអត្តបទខាងក្រោម។ សិលាចារឹកលេខ K-៣៨២ សិចារឹកនេះបានចារនៅលើសសរមួយ និងមានលក្ខណខូចខាតយ៉ាងខ្លាំង ដែលនៅពីមុខប្រាង្គសំខាន់នៃប្រាសាទព្រះវិហារ តែសព្វថ្ងៃត្រូវបានទុកនៅក្នងសារមន្ទីរជាតិនៅក្នុងទីក្រុងបាំកក។ សិលាចារឹកនេះចារនៅក្នុងឆ្នាំ១០៤៧ ក្នុងរាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ និយាយពីការអនុញ្ញាតិក្នុងការចារសិលាចារឹក និងព័ត៌មានតិចតួចពីប្រាសាទព្រះវិហារ។ សិលាចារឹកលេខ K-៣៨៣ ជាសិលាចារឹកនិយាយពីព្រាហ្មណ៍ទិវាការៈ ឬទិវាក។ សិលាចារឹកនេះចារជាភាសាសំស្រ្តឹត និងភាសាខ្មែរបុរាណ ចារក្នុងចន្លោះឆ្នាំ១១១៩ ដល់ ឆ្នាំ១១២១ ដោយមានការបញ្ជាពីព្រះបាទសូរ្យវរ្ម័នទី២។ សិលាចារឹកនេះ បានបរិយាយនៅខាងក្រោម[៣]។ សិលាចារឹកទាំងបួននេះ ត្រូវបានរកឃើញដោយលោក អេធៀន អៃម៉ូនីញ៉េរ៍ រកឃើញនៅចុងសតវត្សរ៍ទី១៩ ហើយត្រូវបានបោះពុម្ពផ្សាយនៅដើមសតវត្សរ៍ទី២០ និងសិក្សាជាបន្តបន្ទាប់ដោយលោក បាថ (Barth) និងលោក ប៊ែរហ្គែន (Bergaine) លោក ឡុយណេឌឺឡាស្ហុងគីជែរ (Lunet de Lajonquére) លោក ល្វីស៍ ហ្វ៊ីណូត៍ លោក ប៉ាម៉ង់ទីជេរ (Parmentier) លោក ហង់រី ម៉ាហ្សាល់ លោក ហ្សក សឺដែស្ត ជាដើម។ តាមសិលាចារឹកលេខ K-៣៨០ បានឱ្យដឹងថាប្រាសាទព្រះវិហារកសាងឡើងសម្រាប់ជាទីសក្ការៈឧទ្ទិសថ្វាយចំពោះទៅដល់ព្រះសិវៈ ឬព្រះឥសូរ និងបារមីនៅទីនោះដែលមានព្រះនាមថា ស្រីសិខារិស្វរៈ[៤]។ សិលាចារឹកលេខ K៣៨៣ បញ្ជាក់ថានៅឆ្នាំ ១១២១ ព្រះរាជគ្រូ ទិវាករបណ្ឌិត បានចាររៀបរាប់ពីប្រវត្តិសាស្រ្តនៃប្រាសាទព្រះវិហារ ដែលពាក់ព័ន្ធនឹងព្រះមហាក្សត្រប្រាំអង្គ ដែលបានសោយរាជ្យបន្តបន្ទាប់។ សិលាចារឹកលេខ K៥៨៣ ដែលបកប្រែដោយលោក ក្លូដ ហ្សាក់ នៅក្នុងអត្តបទរបស់លោក(ការសិក្សាស្តីពីសិលាចារឹកកម្ពុជា សិលាចារឹកប្រាសាទបាពួន K៥៨៣) រៀបរាប់ជាភាសាសំស្រ្គឹតពីព្រះបាទជ័យវរ្ម័នទី២ ដែលជាអាទិទេពនៃក្សត្រលើគ្រប់ទ្វីបបានគ្រប់គ្រងប្រទេសប្រកបដោតទសពិធរាជ្យធម៌ និងការពារប្រជាជនរបស់ព្រះអង្គ។ ព្រះរាជបុត្ររបស់អង្គព្រះនាម ស្រីឥន្រ្ទយុទ្ធ មានថាមពលខ្លាំងក្លាតាំងពីវ័យក្មេង ដោយច្បាំងឈ្នះស្តេចចម្ប៉ា។ ព្រះអង្គបានយាងទៅធ្វើធម៌នៅលិង្គបុរៈ(ប្រាសាទវត្តភូ) ។ តាមការបញ្ជារបស់ព្រះសិវៈ ព្រះអង្គបានកសាងលិង្គមួយពីបំណែកលិង្គធំមួយទៀតឈ្មោះ លិង្គនិសកល ហើយព្រះអង្គបានតម្កល់លិង្គនេះនៅវត្តសន្ទុ ដោយប្រគេនថ្វាយព្រះចៅ លិង្គបុរៈ នូវទេពរូប​ស្រីសិខរិស្វរៈ ហើយបន្ទាប់មកព្រះអង្គបានយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ។ សិលាចារឹកបាពួនបានបញ្ជាក់យ៉ាងច្បាស់ ពីកំណើតកំណើតនៃទីសក្ការបូជាចំពោះសិខរិស្វរៈ តាំងពីជំនាន់ព្រះបាទជ័យវរ្ម័នទី២។

ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ[កែប្រែ]

អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ៖ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ នៅពេលដែលលោកមានព្រះជន្មចាស់ទៅ ព្រះអង្គបានទៅរៀនធម៌ តាំងសីលនៅលិង្គបុរៈគឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ ព្រះអង្គបានកសាងលិង្គមួយ ដោយយកថ្មនោះជាបំណែកនៃលិង្គធំមួយ។ លិង្គនោះឈ្មោះថា ស្រីសិខរិស្វរៈ ព្រះអង្គបានយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ ។ លិង្គឈ្មោះថា ស្រីសិខរិស្វរៈគឺជាឈ្មោះទីប្រាសាទព្រះវិហារនេះផងដែរ ដែលត្រូវបានយកមកប្រតិស្ឋស្ថាន នៅប្រាសាទស្រីសិខរិស្វរៈនេះ គឺជាបំណែកលិង្គ ដែលត្រូវបានយកមកពីលិង្គបុរៈ នៅវត្តភូចម៉្បាសាក់ ប្រទេសឡាវ គឺត្រូវបានយកមកទុកនៅប្រាសាទព្រះវិហារ ដោយព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនេះ គេសន្មត់ថា ទីនោះប្រហែលជាទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គស្រីសិខរិស្វរៈនេះ។

ព្រាហ្មណ៍តៈបៈស្វិន្រ្ទបណ្ឌិត[កែប្រែ]

បើតាមអត្ថបទសិលាចារឹក នៅប្រាសាទព្រះវិហារលេខ K-៣៨១ ដែលចារជាភាសាខ្មែរបុរាណ និងភាសាសំស្រ្កឹត បានឱ្យដឹងបន្ថែមទៀតថា មានព្រាហ្មណ៍ម្នាក់ឈ្មោះថា តៈបៈស្វិន្រ្ទបណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ ព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារ។ នៅរវាងឆ្នាំ១០២៤នៃគ.ស គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសូរ្យវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់ចំពោះព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសស្វ thumb|បើុយតាឌី ព្រះបាទសូរ្យវរ្ម័នទី១ ព្រះអង្គមានជំជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម ស្រីសិខរិស្វរៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ នេះ តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឱ្យព្រះអង្គបានឃើញ ។ ព្រះអង្គមិនមានពេលនឹងទៅធ្វើពិធីគោរពបូជាដល់សិវលិង្គមានតែព្រាហ្មណ៍តៈបៈស្វិន្ទ្របណ្ឌិត គាត់ធ្វើ ហើយលោកសុំឱ្យខំធ្វើនោះទៅទៀត ដើម្បីឱ្យបានបុណ្យបានផលដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹនោះ បញ្ជាក់ហើយកញ្ជាក់ទៀត ព្រះអង្គខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សទី៩ នៃរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងមិនដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា។ ហេតុនេះព្រះបាទសូរ្យវរ្ម័នទី១ លោកសុំឱ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត នោះទេ។

សម្បថនោះមានអីខ្លះទៅ? គឺថាសម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើទាំងអស់សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឱ្យយធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសមរេចថា យើងនៅបម្រើអាទិទេព សិខរិស្វរៈ នៅនឹងភ្នំព្រះវិហារនេះ» ។

ស្រីសុកៈរាមា[កែប្រែ]

នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខរិស្វរៈ កាលនោះមានបុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។ ស្រីសុកៈរាមានេះ មានក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុជា រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គររហូតមកដល់ព្រះបាទសូរ្យវរ័្មនទី១នេះ មានទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើងភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រីសិខរិស្វរៈ ។ ព្រះបាទសូរ្យវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ ។ តែលោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឱ្យគេធ្វើលិង្គចំនួន ០៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ ស្រីសូរ្យវរមេស្វរៈ គឺលិង្គព្រះឥសូរតំណាងឱ្យព្រះបាទសូរ្យវរ្ម័នទី១។ លិង្គទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួននៅនឹងគ.ស ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទសូរ្យវរ្ម័នទី១ លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ ។ លិង្គទាំងបួនត្រូវបានដាក់ដម្កល់នៅតាមទីកន្លែងទាំងបួនផ្សេងៗគ្នាមានដូចជា៖

ព្រាហ្មណ៍ទិវាការៈ ឬទិវាក[កែប្រែ]

សិលាចារឹកនៅនឹងភ្នំសន្តក K-១៩៤ នៅភ្នំព្រះវិហារនេះ K-៣៨៣ និយាយច្រើនណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ ទិវាក ឬទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍នេះ បម្រើស្តេចខ្មែរតាំងតែពីនៅវ័យក្មេង តាំងតែពីជំនាន់រជ្ជកាលព្រះបាទឧទ័យទិត្យវរ័្មនទី២ ដែលលោកកសាងប្រាសាទបាពួន ហើយរហូតមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ។ លោកបានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ជាទីប្រឹក្សាផ្ទាល់របស់ ព្រះបាទសូរ្យវរ្ម័នទី២ ហើយលោកតែងតាំងជាព្រាហ្មណ៍ធំ សម្រាប់ធ្វើរាជាភិសេកទាំងអស់ស្តេចទាំងប៉ុន្មាន ។ សេចក្តីសំខាន់នៃសិលាចារឹកដែលទាក់ទងនឹងប្រាសាទព្រះវិហារ គឺលោកជាអ្នកចាត់ចែងតបញ្ជាពី ព្រះបាទសូរ្យវរ្ម័នទី២ មកទ្រព្យសម្បត្តិទាំងប៉ុន្មានសម្រាប់ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោកចាត់ចែង ។ ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខរិស្វរៈ ទាំងអស់ ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមានអាទិទេព ស្រីសិខរិស្វរៈ នេះ ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ។ ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឱ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឱ្យយពលសម្រាប់ភូមិណា ដែលត្រូវការសម្រាប់ធ្វើម៉េចឱ្យអាចបានធ្វើការ យកស្រូវ យកអង្ករយកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះ លោកទទួលបានបុស្បុកមាសជារង្វាន់ពី ព្រះបាទសូរ្យវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខរិស្វរៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព ស្រីសិខរិស្វរៈ ហ្នឹង គឺលោកយកសំរឹទ្ធទៅក្រាលនៅកណ្តាលប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឱ្យជាសត្វពាហនៈ មានឱ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួលព្រះករុណាយាងទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ ដូចនេះផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ ព្រះបាទសូរ្យវរ្ម័នទី២ លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬទិវាការៈ នេះឯង។

ជណ្តើរបុរាណខាងជើង និងបង្កាន់ដៃនាគ[កែប្រែ]

ជណ្តើរខាងជើងគឺជាជណ្តើរស្ថិតនៅក្បែរព្រំដែនថៃនិងែរ ដែលពីមុនភ្ញៀវទេសចរអន្តរជាតិអាចចូលតាមច្រកពីប្រទេសថៃបាន តែបច្ចុប្បន្នមិនអាចចូលទស្សនាបានទេ។ ជណ្តើរនេះមានចំនួន ១៦០កាំ។ ជណ្តើរនេះមានទទឹង ៨ម៉ែត្រ និងបណ្តោយ ៧៨,៨ម៉ែត្រ អមដោយរូបចម្លាក់តោនៅសងខាងជណ្តើរ ដែលបច្ចុប្បន្ននៅសល់តែរូបចម្លាក់តោពីរបីប៉ុណ្ណោ។ បន្ទាប់ពីជណ្តើរបុរាណខាងជើងគឺបង្កាន់ដៃនាគដែលមានទទឹង ៧ម៉ែត្រ និងបណ្តោយប្រវែង ៣១,៨ម៉ែត្រ អមដោយរូបចម្លាក់នាគក្បាល៧អមសាងខាងផ្លូវ និងបន្ទាប់ទៀតមានកាំជណ្តើរ ២៥កាំ ដើម្បីឡើងទៅកាន់គោបុរៈទី៥។

គោបុរៈទី៥[កែប្រែ]

គោបុរៈទី៥គឺជាសំណង់ប្រាសាទដែលមានទំហំតូចជាងគោបុរៈដទៃទៀតនៃប្រាសាទព្រះវិហារ។ គោបុរៈនេះសាងសង់ជារាងចតុកោណកែងនៅលើខឿនដែលតម្រៀបថ្មខ្ពស់ផុតពីថ្មធម្មជាតិ ហើយមានជណ្តើរឡើងទៅទ្វារប្រាសាទខាងលើទាំងបួនទិស។ បច្ចុប្បន្ននេះមានតែទ្វារខាងត្បូងមួយគត់ដែលនៅមានរាងពេញលេញ ជារចនាបទសិល្បៈប្រាសាទព្រះវិហារ។  ចំណែកទ្វារផ្សេងទៀតបានរលំបាក់បែកអស់។  គោបុរៈទី៥ ជាប្រាសាទដែលមានទ្វារចំហទាំងបួនទិស (ទ្វារចតុមុខ) ហើយមានដំបូលប្រក់ពីលើអំពីក្បឿងដែលទ្រដោយសសរធំៗប្រវែងប្រមាណ ៣.៥ម៉ែត្រ។    ហើយដែលសព្វថ្ងៃយើងឃើញមានសសរខ្លះនៅឈរនៅឡើយ ប៉ុន្តែចំពោះដំបូលបានរលំបាក់បែកអស់។នៅខាងកើតគោបុរៈទី៥     មានជណ្តើរបុរាណដែលមានប្រវែងប្រមាណ   ១៥០០ម៉ែត្រឡើងពីជើងភ្នំមកដល់ខាងលើ    ចំណែកនៅខាងជើងមានជណ្តើរថ្មឡើងពីក្រោមមកដល់លើភ្ជាប់តាមស្ពាននាគដែលមាននាគធំៗពីរអមសងខាងដងផ្លូវទើបឡើងមកដល់គោបុរៈទី៥។ យោងតាមសិលាចារឹកបាននិយាយថាមានតែព្រះមហាក្សត្រទេដែលអាចឆ្លងកាត់បាននិងព្រះគ្រូ  ព្រាហ្មណ៍  ឥសី និងទីប្រឹក្សា អ្នកមុខអ្នកការ ដែលឆ្លងកាត់តាមខ្លោងទ្វារនេះត្រូវដោះគ្រឿងលម្អចេញទាំងអស់។

ស្រះទឹក ឬស្រះស្រង់[កែប្រែ]

ស្រះទឹកបុរាណមួយនេះមានទីតាំងស្ថិតនៅខាងឆ្វេងនៃព្រះថ្នល់ ដែលនៅចន្លោះគោបុរៈទី៥ និងគោបុរៈទី៤ ស្រះទឹកនេះជាស្រះទឹកខ្នាតធំដែលមានទទឹងប្រវែង ១៦.៨០ម៉ែត្រនិងបណ្តោយប្រវែង ៣៧.៨០ម៉ែត្រនិងមានកាំជណ្តើរចុះក្រោមជាថ្នាក់[៥]

គោបុរៈទី៤[កែប្រែ]

គោបុរៈ៤  តាមផ្លូវសក្ការៈ (វ្រះថ្នល់)   មានទទឹងប្រវែង ១០ម៉ែត្រ និងបណ្តោយប្រវែង ២៧៥ម៉ែត្រ    អមដោយបង្គោលមានលម្អជារាងផ្កាឈូក្រពុំម្ខាងមានចំនួន ៦៧បង្គោលសីមា ទាំងសងខាងមានចំនួន ១៣៤បង្គោលសីមា។ បង្គោលសីមាមួយមានកម្ពស់ ២ម៉ែត្រ បង្គោលសីមានេះមានលក្ខណៈស្រដៀងនិងបង្គោលសីមានៅប្រាសាទវត្តភូ និងប្រាសាទភ្នំរូងដែរ។ បន្ទាប់ពីព្រះថ្នល់ ដែលអមដោយបង្គោលសីមា មានជណ្តើរឡើងទៅកាន់គោបុរៈទី៤ ដែលជណ្តើរនេះមាន៤ថ្នាក់ មានទទឹងប្រវែង ៣,៥ម៉ែត្រ និងមាន ៣៧កាំ ដែលមានចម្លាក់តោអមសងខាង។ នៅជិតព្រះថ្នល់មានស្រះទឹកមួយមានទំហំទទឹងប្រវែង ១៨,៣ម៉ែត្រ និងបណ្តោយប្រវែង៣៦,៨ម៉ែត្រ ស្រះមានលក្ខណៈជាថ្នាក់ទៅខាងក្រោម និងមានចម្លាក់តោពីរនៅខាងមុខ។ បន្ទាប់មកគឺទៅដល់ល្បាក់ថ្មមួយជាន់ទៀតដែលមានប្រាសាទសង់រាងជាកាកបាទនៅលើខឿនដែលតំរៀបថ្មភក់បន្ទាប់ពីថ្មធម្មជាតិ។  សំណង់គោបុរៈទី៤ មិនមែនមានទ្វារចំហរទាមងបួនទិស (ទ្វារចតុមុខ) ដូចគោបុរៈទី៥ទេ។  សំណង់ប្រាសាទសាងសង់នៅលើខឿនតាមជ្រុងទាមងបួន។ ចំណែកជញ្ជាំងខ័ណ្ឌចំកណ្តាលច្រកចូលពីទិសទាំងបួនប្រៀបដូចជារនាំងបាំងមិនអោយមើលឃើញទៅដល់ប្រាសាទនៅខាងក្នុងទេ។ ក្បាច់ចម្លាក់លើហោជាង   និងផ្តែរតាមច្រកចូលនីមួយៗពិពណ៌នាអំពីអាទិទេពក្នុងព្រហ្មញ្ញសាសនា។   ផ្តែរច្រកចូលពីផ្នែកខាងកើតនិយាយអំពី  ព្រះក្រឹស្ហាកៃវល្យ (នាគមានក្បាលប្រាំមួយ)។   ចំណែកនៅលើហោជាង និងផ្តែរច្រកទ្វារខាងត្បូងនិយាយអំពី ទេវកថា កូសមុទ្រទឹកដោះ និងទេវកថា   ព្រះនារាយណ៍ផ្ទុំលើនាគអនន្តនៅកណ្តាលសាគរដែលជានិមិត្តរូបនៃការបង្កើតពិភពលោកសាជាថ្មី    និងនៅគង់វង្សជាអមតៈ     តាមរយៈទឹកអម្រឹតដែលទទួលបានពីការកូរសមុទ្រទឹកដោះរវាងពួកអសុរា  និងទេវតា។ នៅក្បែរគោបុរៈទី២ ខាងកើតប្រហែល៥០ម៉ែត្រមានស្រះតោមួយ ដែលមានទទឹងប្រវែង៩,៤ម៉ែត្រ។

គោបុរៈទី៣[កែប្រែ]

គោបុរៈទី៣ឡើងទៅល្បាក់ភ្នំខាងលើតាមវ្រះថ្នល់មានទទឹងប្រវែង ១១ម៉ែត្រ និងបណ្តោយប្រវែង១៤៨ម៉ែត្រ   ដែលមានបង្គោលសីមាអមសងខាងចំនួន៨០ និងមានជណ្តើរឡើងកម្ពស់២៩កាំ ទើបទៅដល់គោបុរៈទី៣។ គោបុរៈ៣ ជាសំណង់ប្រាសាទដែលធំទូលាយ   សាងសង់សន្ធឹងពីលិចទៅកើត លើខឿនមួយខ្ពស់(នៅផ្នែកខាងកើត)។ ក្រៅពីសំណង់ប្រាសាទធំនៅកណ្តាលមានប្រាសាទសង់ជារាងថែវវែងពីរទៀតនៅសងខាង។នៅលើខឿនទីធ្លាខាងកើតមានកូនប្រាសាទតូចមួយ  ដែលមានដើមជ្រៃដុះស៊ុបទ្រុបលម្អពីលើ។ ប្រាសាទតូចនេះប្រហែលកសាងឡើងមុនពេលកសាងគោបុរៈផ្សេងៗនៃប្រាសាទព្រះវិហារ។  ចំណែកនៅផ្នែកខាងត្បូងមានសង់បន្ថែមថែវវែងពីរទៀតដែលគេហៅថា រាជវាំង។តាមរយៈសិលាចារឹកដែលមានចារនៅលើស៊ុមទ្វារថែវខាងកើតហើយថែវទាំងពីរនេះជាអាស្រមរបស់ព្រាហ្ម”វិរ”(Virashrama)   ហើយដែលគេយល់ថាជាកន្លែងព្រះរាជគ្រូរបស់ព្រះមហាក្សត្រសម័យអង្គរ   ឫអ្នកមានឋានៈខ្ពង់ខ្ពស់មកគោរពបូជាដល់  ព្រះសិខរេស្វរៈ នៅប្រាសាទព្រះវិហារ។    សិលាចារឹកបានអោយដឹងទៀតថា (Virashrama) សាងសង់ក្នុងរាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១

គោបុរៈទី២[កែប្រែ]

គោបុរៈទី២ មានសភាពទ្រុឌទ្រោមខ្លាំងជាងគោបុរៈផ្សេងៗទៀត។    គោបុរៈនេះបានផ្តល់ជាផ្លូវមួយយ៉ាងធំចូលទៅកាន់ទីលាន និងតួប៉មកណ្តាលដែលជាបូជនីយដ្ឋានធំ  និងជាកន្លែងចុងក្រោយនៃដំណើរធម្មយាត្រាទៅព្រះវិហារ។   ថែវខាងកើត   និងថែវខាងលិចមានជញ្ជាំងផ្ទៃលាត  និងបិទជិតនៅផ្នែកខាងក្រៅ ចំណែកឯផ្នែកខាងក្នុងមានសរសរស្តម្ភចំនួន១០   ដែលមានលក្ខណៈទោល  និងមានតួនាទីសម្រាប់ទ្រដំបូលខាងលើ  ហើយដែលសព្វថ្ងៃនេះបានខូចខាតនិងបាត់បង់អស់ហើយ។នៅក្នុងទីលានកណ្តាលផ្នែកខាងជើងមានបណ្ណាល័យចំនួនពីរ(២)មានរាងបួនជ្រុងទ្រវែងដែលមានទទឹង ៦.៥ម៉ែត្រ  និងបណ្តោយ១១ម៉ែត្រ   ឈរបើកចំហនៅលើអាកាស   ហើយស្ថិតនៅលើអក្សទិសខាងលិច   និងទិសខាងកើត។ នៅក្នុងអាគារកណ្តាលមានសិលាចារឹកដែលចុះកាលបរិច្ឆេទ ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ ហើយតាមសិលាចារឹកនេះដែរយើងអាចដឹងថា   ព្រះអង្គបានជ្រើសរើសយកប្រាសាទព្រះវិហារជាទីសក្ការៈក្នុងចំណោមទីសក្ការៈបី  ដើម្បីតម្កល់ព្រះសិវលិង្គ  ដ៏មានអានុភាពមួយដែលភ្ជាប់នឹងឈ្មោះព្រះអង្គថា SURYAMESHARA (សូរិយាមិស្វារៈ)  ជាម្ចាស់របស់ព្រះអង្គ។     សិលាចារឹកនេះក៏បានលើកឡើងអំពីក្រុមប្រឆាំងនិងរាជព្រះបាទ  សូរ្យវរ្ម័នទី១  ដែលមានឈ្មោះថាក្រុម បាសខ្មៅ។ នៅគ្រឹស្គសករាជឆ្នាំ១០៣៨ ព្រះបាទសូរ្យវរ្ម័នទី១បានប្រកាសថាព្រះអាទិទេព (Sri Bhadresvara)បានយាងមកប្រាសាទព្រះវិហារ  ហើយបានលើកទឹកចិត្តដល់ប្រជានុរាស្រ្តធ្វើសច្ចាប្រណិធានអោយស្មោះភក្តីដល់ព្រះសិវៈ  ជាអ្នកការពារទឹកដីដែលតំណាងអោយព្រះអង្គផ្ទាល់។   ក្នុងកំឡុងពេលនោះគ្រួសាររបស់អ្នកតវ៉ា ប៉ះបោរក៏ត្រូវបានដោះស្រាយដោយព្រះអង្គផ្ទាល់។

គោបុរៈទី១[កែប្រែ]

គោបុរៈទី១  ជាសំណង់មានប្លង់រាងចតុកោណកែង ដែលមានបន្ទប់វែង(ថែវ)ប្រវែង២៥ម៉ែត្រនិងទទឹង៥.៥ម៉ែត្រព័ទ្ធជុំវិញនិងមានជញ្ជាំងបិទផ្នែកខាងក្រៅ ប៉ុន្តែនៅចំកណ្តាលមណ្តោយថែវខាងលិច និងខាងកើតមានក្លោងទ្វារចូលពីខាងក្រៅមកវិញ។   ចំណែកទ្វារខាងក្នុងពុំមានទ្វារចេញឫចូលទេ មានតែបង្អួចបើកចំហរទាំងអស់ចំនួន ៤២ និងមានបង្អួចបញ្ឆោតចំនួន នៅផ្នែកខាងត្បូង។  ដោយឡែកនៅជញ្ជាំងខាងត្បូងមានក្លោងទ្វារចូលថែវ  ប៉ុន្តែពុំមានទ្វារចេញទៅក្រៅទេ។

នៅចំកណ្តាលនៃថែវព័ទ្ធជុំវិញ    គឺជាតួប្រាសាទកណ្តាលដែលរលំបាក់បែកមួយចំនួនដែលជាកន្លែងដាក់តម្កល់លិង្គ  សិខរេស្វរៈ  ដែលជាអាទិទេពព្រហ្មញ្ញសាសនា  ដែលព្រះមហាក្សត្រខ្មែរសម័យអង្គរគោរពបូជាយ៉ាងជ្រាលជ្រៅ។  បន្ទាប់ពីប្រាសាទកណ្តាលទៅខាងជើងមាន   បណ្ឌប ដែលមានឆ្លាក់លម្អយ៉ាងវិចិត្រនៃតួប្រាសាទ។   នៅខាងលើនៃទ្វារចូលពីខាងជើងនៃបណ្ឌបនោះមានឆ្លាក់លម្អលើហោជាង   នូវចម្លាក់ព្រះឥសូររាំលើក្បាលដំរី  ជានិមិត្តរូបនៃការបំផ្លាញនូវសភាវអាក្រក់ហើយបង្កើតឡើងវិញនូវសភាវល្អ។  នៅខាងកើត  និងខាងលិចគោបុរៈទី១   មានសំណង់ប្រាសាទពីរទៀតដែលប្រហែលជាសាងសង់នៅពេលក្រោយ  ដែលយើងពុំបានដឹងពិតប្រាកដអំពីតម្រូវការសាងសង់ប្រាសាទទាំងពីនេះនៅឡើយ។

គោលបំណងនៃការកសាងប្រាសាទព្រះវិហារ[កែប្រែ]

ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេស ខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្ណុ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈរិស្វរៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសូរ្យវរ្ម័នទី១ ជាពិសេសព្រះបាទសូរ្យវរ្ម័នទី២ ក៏អ៊ីចឹងដែរ លោកនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត ។ ទីតាំងប្រាសាទភ្នំព្រះវិហារនេះ

  • ទី១៖ គឺគេទុកអាទិទេព ស្រីសិខៈរិស្វរៈ ជួនកាលគេសរសេរ ខរៈស្វារៈ ជួនកាលគេសរសេរ សិខៈរិស្វារៈ ប៉ុន្តែគឺជាឈ្មោះតែមួយទេ ។ គឺជាកន្លែងដែរគេរក្សាទុក ពីព្រោះអាទិទេពនេះ ដែលមានលិង្គជាតំណាង មានមហិទ្ធិឫទ្ធិធំណាស់ ។ គេជឿថា នាំភោគផល នាំសេចក្តីសុខមកដល់ប្រទេសខ្មែរ ។
  • ទី២៖ ប្រាសាទភ្នំព្រះវិហារ ទីកន្លែងនេះមិនមែនជាទីកន្លែងសម្រាប់ព្រះរាជាគង់នៅទេ ។ មិនមែនមានទីភូមិសម្រាប់ប្រជាពលរដ្ឋនោះទេ។ គឺមានតែកន្លែងសម្រាប់អ្នកបួស ឱ្យចូលមកតាំងសីល ហើយនិងដើម្បីនឹងជួយបន្តពិធីគោរពបូជានេះ តទៅទៀត ។ បើពិនិត្យទៅ គឺត្រូវពិនិត្យមើលនៅប្រាសាទ ដែលជាប់នឹងខ្លោងទ្វារទី៣ ឬគោបុរៈទី៣ នៅគោបុរៈទី៣ មានសិលាចារឹក K- ៣៨១ នោះ ត្រូវបានសង្ស័យថា នៅត្រង់កន្លែងនោះ គឺជាកន្លែងដែលគេបំបួសឱ្យទៅជាព្រាហ្មណ៍ ដើម្បីនឹងបន្តកិច្ចការគោរពនិងថែរក្សាអាទិទេព ស្រីសិខៈរិស្វរៈ នោះតទៅទៀត។

ដំណាក់កាលនៃការសាងសង់[កែប្រែ]

ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ

  • ដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា កាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ
  • តែមកដល់រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ ទៅកសាងជាទីតាំងប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។
  • បន្ទាប់មក គឺក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ គឺបានស្ថាបនាឱ្យកាន់តែល្អឡើង នៅពាក់កណ្តាលសតវត្សទី១២ ។ ព្រះបាទសូរ្យវរ្ម័នទី២ នោះហើយ ដែលព្រះអង្គបានសាងប្រាង្គប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងខេត្តសៀមរាប សព្វថ្ងៃនេះ ។

ប្រាសាទព្រះវិហារបែបមុខទៅទិសខាងជើងសង់នៅលើខ្នងភ្នំដងរែក ដែលជាភ្នំធម្មជាតិលើជម្រាលចោទពីត្បូងទៅជើងប្រាសាទព្រះវិហារមានជណ្តើរបុរាណពីរគឺជណ្តើរខាងជើង ឡើងចំគោបុរៈទាំងប្រាំ ដែលគោបុរៈទាំងប្រាំមានជណ្តើរនិងក្លោងទ្វារចូល និងជណ្តើរមួយទៀតឡើងពីខាងកើត(ជណ្តើរបុរាណ)។ ពីគោបុរៈទី៥ទៅគោបុរៈទី៤ និងគោបុរៈទី៤ទៅគោបុរៈទី៣ មានដាំបង្កោល(គោលសីមា) ថ្មភក់អមសងខាងព្រះថ្នល់។ ចំណែកឯពីគោបុរៈទី៣ទៅគោបុរៈទី២មានដាំបង្គោលសីមា និងនាគក្បាលប្រាំពីរបើកពពេរនៅសងខាងជាលំអ។ រីឯនៅកើតផ្លូវចូលនៅចន្លោះពីគោបុរៈទី៥ និងគោបុរៈទី៤មានស្រះទឹកបុរាណធំមួយ និងនៅពីខាងកើតព្រះថ្នល់នៅចន្លោះគោបុរៈទី៤និងគោបុរៈ៣ក៏មានស្រះទឹកបុរាណតូចមួយផងដែរ។ នៅផ្នែកឥសាននៃគោបុរៈទី៣មានសំណងើប្រាសាទទោលមួយធ្វើអំពីថ្មភក់។ នៅចន្លោះនៃគោបុរៈ២ និងគោបុរៈទី១ មានសំណង់ប្រាសាទពីទៀតសង់បញ្ច្រាសពីគ្នាមួយបែរទៅទិសខាងកើត មួយទៀតបែបទៅទិសខាងលិច ដែលអ្នកស្រាវជ្រាវបារាំងយល់ថា ជាហោត្រ័យ ឬហោត្រៃ ឬបណ្ណាល័យ។ ប្រាង្គកណ្តាល ឬប្រាង្គសំខាន់មានតួនាទីសំខាន់ជាងគេ សម្រាប់ជាទីតាំងសក្ការៈគោរពបូជាដ៏ពិសិដ្ឋដែលសម្រាប់តម្កល់លិង្គស្រី សិខរិស្វរៈ។ ប្រាង្គកណ្តាលមានកំផែងជារោងទង (រោងថែវ) ព័ន្ធជុំវិញមានប្រក់ដំបូលធ្វើពីថ្មភក់។ កំផែងរោងទងអាចដើរពីខាងក្នុងបានលើកលែងជ្រុងរោងខាងឥសាន និងពាយ័ព្យខណ្ឌបិទជិតមិនអាចឆ្លងកាត់បាន។ ចំណែករោងទងខាងត្បូងខណ្ឌជាជញ្ជាំងដោយរៀបឥដ្ឋបិទបន្ថែមជិត ដោយយកឥដ្ឋរបស់ប្រាសាទចាស់មកប្រើ។ រោងទងខាងលិច និងរោងទងខាងកើតមានទ្វារមួយសម្រាប់ចេញចូល។ នៃខាងកើតនិងខាងលិចនៃរោងទងប្រាង្គកណ្តាលមានសំណង់ពីទៀតគឺជញ្ជាំងសម្រាប់ដាក់សម្ភារៈប្រើដល់ប្រាសាទ។ បន្តពីរោងទងខាងត្បូងនៃប្រាង្គកណ្តាលដល់ចុងចម្រាក់ភ្នំចុងខាងត្បូងបំផុតគឺជាទីលានមានផ្ទាំងថ្មដែលបន្សល់ទុកជាស្នាមដាប់យកថ្មមកសងប្រាសាទ។ នៅចុងខាងត្បូងបំផុតជាប៉ើយតាឌី។

បើគិតចាប់ពីដីទំនាប ពីផ្លូវឡើងទៅដល់ប្រាសាទដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គឺគេត្រូវដើរឡើងតាមជណ្តើរជាច្រើនកាំ ដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ។ មុននឹងឡើងពីដីទំនាប ទៅដល់ប្រាង្គប្រាសាទលើកំពូលភ្នំ គេត្រូវឆ្លងកាត់ខ្លោងទ្វារ៥ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេ មានកម្ពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈរិស្វរៈ ។ ទីមួយពីជើងភ្នំគឺមានចម្ងាយ ៥៤ម៉ែត្រគេធ្វើជាជណ្តើរៗ ទាំងអស់មាន ១៥៩កាំ ។ យើងធ្វើដំណើរឡើងជណ្តើរមានលក្ខណៈជម្រាលបន្តិចចម្ងាយ ២៥ម៉ែត្រចូលមកខ្លោងទ្វានៃគោបុរៈទី៥ ។

បន្ទាប់ពីធ្វើដំណើរមកដល់ខ្លោងទ្វារនៃគោបុរៈទី៥ គេត្រូវធ្វើដំណើរតាមផ្លូវព្រះថ្នល់ឡើងមកទៀតប្រហែលចម្ងាយ ២៤៤ម៉ែត្រ ។ នៅតាមព្រះថ្នល់ គេមានបោះគោលតាមសងខាងផ្លូវ ដើរមកបានចូលខ្លោងទ្វារនៃគោបុរៈទី៤ ។ នៅខ្លោងទ្វារនៃគោបុរៈទី៤នេះ មានហោជាងឆ្លាក់ពិពណ៌នាពីរឿងទេវកថាគីរឿងកូរសមុទ្រទឹកដោះ គឺជារឿងនៃការបង្កើតសត្វលោក និងនៅខាងក្រោមមានផ្តែរជារូបព្រះវិស្ណុផ្ទំ ។ នៅពេលដែលឡើងជណ្តើរនៅខាងឆ្វេងដៃ មានស្រះបុរាណមួយ ។ ស្រះនេះគឺមានន័យសំខាន់ណាស់ ព្រោះថា កាលពីពេលដែលព្រះមហាក្សត្រថៃ សព្វថ្ងៃគឺ ព្រះបាទភូមិផុន អាឌុល យ៉ាដេត ឡើងគ្រងរាជ្យនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ ថៃបានមកយកទឹកពីស្រះនេះទៅ ដើម្បីបំពេញពិធីអភិសេកព្រះមហាក្សត្រថៃ នៅឯទីក្រុងបាងកក ប្រទេសថៃ

ឡើងមកទៀត ហើយចម្ងាយ ១៥០ម៉ែត្រ មានបោះគោលតាមផ្លូវដូចមុន ។ នៅខាងឆ្វេងដៃមានតួប្រាសាទទោលតូចមួយ ឡើងមក១៥០ម៉ែត្រ បានមកដល់ខ្លោងទ្វារនៃគោបុរៈទី៣ មានសិលាចារឹក ដែលនិយាយអំពីការកសាងប្រាសាទ គឺនៅក្នុងជំនាន់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ប្រហែលជាទីកន្លែងអ្នកចូលទៅបួស គេឱ្យតាំងសីល គេឱ្យរៀនធម៌ នៅទីកន្លែនេះ ចូលផុតពីខ្លោងទ្វារនៃគោបុរៈទី៣មកនេះ ។

នៅចន្លោះពីខ្លោងទ្វារនៃគោបុរៈទី៣ និងខ្លោងទ្វារនៃគោបុរៈទី២ មានផ្លូវដើរ ប្រហែល ៤០ម៉ែត្រ ។ ផ្លូវដើរ ៤០ម៉ែត្រនេះឯង ដែលមានធ្វើជានាគបើកពរពេរ ដូចជាបង្កាន់ដៃ ហើយនិងបោះគោលតាមផ្លូវនេះផងដែរ ។ យើងដើរតាមផ្លូវនាគមក បានមកដល់ខ្លោងទ្វារនៃគោបុរៈទី២ ។ មកដល់ខ្លោងទ្វារនៃគោបុរៈទី២ ប្រាសាទបែរមុខទៅទិសខាងជើង ។ នៅទិសខាងលិចឬក៏នៅស្តាំដៃមានអគារ​មួយ នៅខាងឆ្វេងដៃមិនមានទេ ។ អគារនេះឯងប្រហែលគេទុកឱ្យសម្រាប់ឥសីធំៗសំណាក់ឬក៏តាំងសីលនៅត្រង់កន្លែងនេះ» ។ ចម្ងាយពីខ្លោងទ្វារនៃគោបុរៈ២ទៅដល់ខ្លោងទ្វារនៃគោបុរៈទី១នោះ មានប្រមាណពី៤០ម៉ែត្រ ទៅ៥០ម៉ែត្រ ។ គេត្រូវដើរឆ្លងខ្លោងទ្វារនៃគោបុរៈទី២ នេះ ទើបទៅដល់ប្រាង្គប្រាសាទចុងក្រោយបង្អស់ ដែលស្ថិតនៅលើកំពូលភ្នំខ្ពស់ជាងគេ ។ ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ មានកំពស់ ៥២៥ម៉ែត្រ ។ កន្លែងនេះឯង គឺជាកន្លែងដែលប្រហែលគេដាក់លិង្គ ដែលគេថា ជាអាទិទេពប្រចាំប្រាសាទព្រះវិហារ បើយើងគិតតែតួប្រាសាទធំចុងក្រោយនេះ គឺមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ តែប៉ុណ្ណោះ ហើយបើយើងដើរទៅខាងក្រោយប្រាសាទហ្នឹង ប្រយ័ត្នព្រោះហ្នឹងដល់ចុងភ្នំហើយ គឺកន្លែងដែលចោទហើយ ផុតត្រឹមប៉ុណ្ណឹង ។ ដូច្នេះចុងខាងក្រោយនេះឯង ប្រហែលជាគេទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈរិស្វរៈ នោះ ។ មកដល់ឆ្នាំ២០០៨ នេះ មានបាត់បង់ក៏ច្រើន បាក់បែកក៏ច្រើន អ្វីដែលនៅឃើញសល់សព្វថ្ងៃនេះ យើងមើលទៅតាំងពីក្បាច់ចម្លាក់ គួរឱ្យស្រលាញ់ជាទីបំផុត ពីព្រោះស្អាតណាស់ ធ្វើហ្នឹង ធ្វើល្អខ្លាំងណាស់» ។

ហេតុអ្វីបានជាប្រាសាទព្រះវិហារមានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ?[កែប្រែ]

លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃនៅឡើយទេ។ ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា ។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង ។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា ។ សៀមទាល់តែចុងសតវត្សទី១៣ បានទើបនឹងចុះមក ។ ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅត្រង់ណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ ។

ព្រឹត្តិការណ៍នៃទាមទារប្រាសាទរបស់កម្ពជា[កែប្រែ]

តើអ្វីទៅជាសម្បត្តិវប្បធ៌? សម្បត្តិវប្បធម៌គឺសំដៅទៅសម្បត្តិចលនៈ និងអចលនៈដែលមានសារៈសំខាន់បំផុតសម្រាប់បេតិកភណ្ឌវប្បធម៌របស់មនុស្សគ្រប់ជាតិសាសន៍។ ហេតុអ្វីបានជាយើងគួរការពារសម្បត្តិវប្បធម៌? បានជាយើងការពារសម្បត្តិវប្បធម៌ព្រោះការធ្វើឱ្យខូចដល់សម្បត្តិវប្បធម៌ដែលជាកម្មសិទ្ធរបស់មនុស្សជាតិណាក៏ដោយមានន័យថាធ្វើឱ្យខូចដល់បេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល[៦]

  1. លាលដីកាតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២មានសេចក្តីដូចខាងក្រោម[៧]
  • ដោយមានសំឡេង៩ទល់នឹង៣៖ សម្រេចថាប្រាសាទព្រះវិហារស្ថិតក្នុងទឹកដៃក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
  • ដោយមានសំឡេង៩ទល់នឹង៣៖ ប្រទេសថៃមានកាតព្វកិច្ចដកកម្លាំងទ័ព ឬប៉ូលីស ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀត ដែលថៃបានដាក់ក្នុងប្រាសាទ ឬនៅក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតនៅក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតនៅក្នុងទឹកដៃកម្ពុជា។
  • មានសំឡេង៧ទល់នឹង៥៖ សម្រេចថាប្រទេសថៃមានកាតព្វកិច្ចប្រគល់មកឱ្យប្រទេសកម្ពុជាវិញនូវវត្ថុទាំងឡាយតាមប្រភេទ ដែលបានបញ្ជាក់នៅក្នុងសេចក្តីស្នើសុំវិនិច្ឆ័យទី៥របស់កម្ពុជា ដែលត្រូវបានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសថៃចាប់តាំងពីកាលបរិច្ឆេទនៃការកាន់កាប់ប្រាសាទនេះដោយប្រទេសថៃនៅឆ្នាំ១៩៥៤។

សេចក្តីសម្រេចលេខ 31COM 8B.24 សេចក្តីសម្រេចនេះបានសេចក្តីថា គណៈកម្មាធិកាបានឯកភាពគ្នាថាទីសក្ការៈបូជាប្រាសាទ(ប្រាសាទព្រះវិហារ)សក្តិសមនិងត្រូវដាក់បញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយមានការចុះបញ្ជីជាផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងសម័យប្រជុំពេញអង្គឆ្នាំ២០០៨។ សេចក្តីសម្រេចលេខ 32COM 8B.102 សម្រេចចុះបញ្ជីប្រាសាទព្រះវិហាររបសើកម្ពុជានៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្រោមលក្ខណៈវិនិច្ឆ័យ(I)ប្រាសាទព្រះវិហារគឺជាស្នាដៃឯកនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទព្រះវិហារមានលក្ខណៈពិសេសទាំងគម្រោង និងប្លង់ប្រាសាទ និងក្បូរក្បាច់រចនាលំអិត។

  1. សាលដីកាបង្កាប់របស់តុលាការយុត្តិធម៌អន្តរជាតិថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០១១[៨]
  • ដោយមានសំឡេង១១ទល់នឹង៥៖ មានសេចក្តីថាភាគីទាំងពីរត្រូវដកជាបន្ទាន់នូវបុគ្គលិកយោធា ដែលមានវត្តមានបច្ចុប្បន្ននៅក្នុងតំបន់គ្មានយោធាបណ្តោះអាសន្នដូចមានសេចក្តីចែងក្នុងកថាខណ្ឌ៦២នៃសេចក្តីសម្រេចនេះ និងទប់ស្កាត់មិនឱ្យមានវត្តមានយោធាក្នុងតំបន់នោះ និងមិនឱ្យមានសកម្មភាពប្រដាប់អាវុធណាមួយតម្រង់ទៅកាន់តំបន់នេះឡើយ។
  • ដោយមានសំឡេង១៥ទល់នឹង១៖ មានសេចក្តីថា ប្រទេសថៃមិនត្រូវរារាំងការចេញចូលដោយសេរីរបស់កម្ពុជាទៅកាន់ប្រាសាទព្រះវិហារ ឬការផ្គត់ផ្គង់ស្បៀងអាហារចំពោះបុគ្គលិកដែលមិនមែនយោធានៅក្នុងប្រាសាទឡើយ។
  • ដោយមានសំឡេង១៥ទល់១៖ មានសេចក្តីថា ភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការដែលគេបានព្រមព្រៀងនៅក្នុងក្របខណ្ឌអាស៊ាន និងជាពិសេសអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ដែលត្រូវបានតែងតាំងដោយអង្គការនេះឱ្យចូលទៅកាន់តំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។
  • ដោយមានសំឡេង១៥ទល់នឹង១៖ មានសេចក្តីថា ភាគីទាំងពីរត្រូវតែអត់ធ្មត់ មិនធ្វើសកម្មភាពណាដែលអាចនាំឱ្យមានជម្លោះ ដែលបានស្នើសុំឱ្យតុលាការដោះស្រាយនោះមានសភាពកាន់តែធ្ងន់ធ្ងរ ឬរីកធំឡើង ឬធ្វើឱ្យមានជម្លោះនោះកាន់តែពិបាកដោះស្រាយថែមទៀត។

តាមពិតទៅប្រទេសថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារខុសច្បាប់តាំងពីឆ្នាំ១៩៤០ និងបានដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីជាតិថៃកាលពីឆ្នាំ១៩៤០នោះដែរ។ បន្ទាប់មកប្រទេសថៃបានដាក់ឆ្មាំការពារពីឆ្នាំ១៩៤១។ កិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោនចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៨៤៦ បានចាត់ទុកអនុសញ្ញាឆ្នាំ១៩៤១ជាមោឃៈ និងតម្រូវឱ្យថែរក្សាស្ថានភាពព្រំដែនដូចមុនឆ្នាំ១៩៤១វិញ។ ប្រទេសថៃបានប្រគល់ ប្រាសាទវត្តភូឱ្យទៅប្រទេសឡាវវិញ ប៉ុន្តែប្រទេសថៃមិនព្រមប្រគល់ប្រាសាទព្រះវិហារមកឱ្យកម្ពុជាវិញឡើយ។ ក្នុងខែវិច្ឆិកា ឆ្នាំ១៩៥៣ រដ្ឋាភិបាលកម្ពុជាបានប្រើអធិតេយ្យភាពរបស់ខ្លួន ដែលទើបទាមទារបានមកនោះ ដោយបានចាប់តាំងជនជាតិខ្មែរខ្មែរបីនាក់ឱ្យទៅថែរក្សាប្រាសាទព្រះវិហារ។ ប៉ុន្តែជនជាតិខ្មែរទាំងបីនាក់នោះត្រូវចាកចេញពីប្រាសាទព្រះវិហារវិញតាមបញ្ជាដាច់ណាត់ពីអាជ្ញាធរថៃ។ នៅចុងខែមីនា ឆ្នាំ១៩៥៤ ដោយមានកង្វល់ក្នុងការស្ថាបនាឡើងវិញ នូវសណ្តាប់ធ្នាប់ក្នុងតំបន់ព្រំដែនខាងជើងនោះ រដ្ឋាភិបាលកម្ពុជាបានប្រមានទៅទីក្រុងបាកកថា និងបញ្ចូនយុទ្ធជនកម្ពុជាទៅកាន់ប្រាសាទព្រះវិហារ ដើម្បីជំនួសឆ្មាំកម្ពុជា ដែលបានដកខ្លួនពីប្រាសាទពីពេលមុននោះ។ ប៉ុន្តែមុនពេលអនុវត្តន៍គម្រោងនេះ ប្រាសាទព្រះវិហារត្រូវបានកាន់កាប់ដោយខុសច្បាប់ពីកងកម្លាំងប្រដាប់អាវុធថៃ។ នៅខែមិថុនា ឆ្នាំ១៩៥៩ ក្រោយពីទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជា នៃលោក ថាណាត់ ខូម៉ាន់ (Thanat Koman) ជារដ្ឋមន្រ្តីការបរទេសថៃនោះមក រដ្ឋាភិបាលកម្ពុជាបានដាក់សំណើថ្មីសម្រាប់ឱ្យថៃជ្រើសរើស។ សំណើនោះគឺ ការគ្រប់គ្រងប្រាសាទរួមគ្នា (Gestion commune du temple) ដោយប្រទេសកម្ពុជារក្សានូវសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន (Le Cambodge réserve ses droits de souverraineté)។ បើសិនមិនយល់ព្រមតាមនោះទេ ប្រទេសកម្ពុជានឹងដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ក្រុងឡាអេ។ ដោយរដ្ឋាភិបាលថៃពុំបានឆ្លើយតបនឹងសំណើរនេះនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ រដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ (CI:Cour Internationale de Justice)។

សវនាការសាធារណៈនៃតុលាការអន្តរជាតិទីក្រុងឡាអេ ឆ្នាំ១៩៦១ និងឆ្នាំ១៩៦២ ដែលសមាភាពចូលរួមតវ៉ាមានដូចជា៖

  1. ឯកឧត្តម ទ្រឿង កាង ជាសមាជិកឧត្តមក្រុមព្រឹក្សាព្រះរាជបល្ល័ង។
  2. មេធាវីរបសើកម្ពុជាមានបីរូប៖
  1. សាក្សី
  • លោក សួន បុន អភិបាលខេត្តកំពង់ធំពីឆ្នាំ១៩៤៨ ដល់ ឆ្នាំ១៩៥៤។

សេចក្តីថ្លែងការណ៍របស់ឯកឧត្តម ទ្រឿង កាង ក្នុងសវនាការ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៦២ ពេលព្រឹក៖ លោកប្រធាន អស់លោកចៅក្រម៖ សម្រាប់និតិបច្ចុប្បន្ន សេចក្តីសន្និដ្ឋាននៃព្រះរាជាណាចក្រកម្ពុជាមានដូចតទៅៈ សូមមេត្តា៖

  1. និយាយ និងវិនិច្ឆ័យថា ខែ្សបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ នៅក្នុងតំបន់ភ្នំដងរែកគឺជាខ្សែបន្ទាត់ដែលបានគូសនៅលើផែនទីរបស់គណៈកម្មាការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម។
  2. និយាយ និងវិនិច្ឆ័យថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីជាអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។
  3. និយាយ និងវិនិច្ឆ័យថា ព្រះរាជាណាចក្រថៃត្រូវដកទាហាន ដែលបានបោះទីតាំងនៅក្នុងទឹកដៃកម្ពុជា តាំងពីឆ្នាំ១៩៥៤ នោះ ចេញពីប្រាសាទព្រះវិហារវិញ។
  4. និយាយ និងវិនិច្ឆ័យថា រូបចម្លាក់ សិលាចារឹក ថ្មប្រាសាទ និងវត្តផ្សេងៗទៀត ដែលអាជ្ញាធរថៃបានយកចេញពីប្រាសាទព្រះវិហារ តាំងពីឆ្នាំ១៩៥៤នោះ រដ្ឋាភិបាលថៃនិងត្រូវប្រគល់ឱ្យកម្ពុជាវិញ។

តុលាការជំរះរឿងក្តីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ សម្រេចឱ្យខ្មែរបានទទួលជ័យជំនះក្នុងរឿងក្តីនេះ។ ដំបូងប្រទេសថៃបានបដិសេដ ចំពោះសាលក្រមរបស់តុលាការក្រុងឡាអេ។ ប៉ុន្តែនៅទីបញ្ចប់គឺនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦២ លោកសេនាប្រមុខសារិន (Maréchal Sarit) ថ្លែងថា ប្រទេសលោកលំឱនកាយទទួលយកសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ដើម្បីគោរណតាមកិច្ចសន្យារបស់ខ្លួន​ ចំពោះធម្មនុញសហប្រជាជាតិ។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣ សម្តេចព្រះបាទនរោត្តម សីហនុ ជាប្រមុខរដ្ឋ ដែលអមព្រះរាជដំណើរដោយព្រះសង្ឃ និងឥស្សរជនខ្មែរជាច្រើនរូប បានយាង និមន្ត និងអញ្ចើញឡើងកាន់កាប់ប្រាសាទព្រះវិហារជាផ្លូវការឡើងវិញ ដោយមានការប្រាព្ធពិធីយ៉ាងឱឡារិក។

កាលបរិច្ឆេទសំខាន់ៗ[កែប្រែ]

  • ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ លើភាគីថៃ។
  • ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០០៨៖ អង្គការយូនីស្កូបានសម្រេចដាកើប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេប៊ិច ប្រទេសកាណាដា ក្រោមសេចក្តិសម្រេច 32 COM 8B. 102 ។
  • ថ្ងៃទី១០ខែតុលាឆ្នាំ២០០១៖ រាជរដ្ឋាភិបាលកម្ពុជាមានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូនីស្កូ។
  • ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០០៦៖ បញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឍមណ្ឌលបេតិកភណ្ឌពិភពលោកយូនីស្កូប៉ារីស។
  • ថ្ងៃទី២៣-២៩ខែតុលាឆ្នាំ២០០៦៖ បេសកម្មបច្ចេកទេសរបស់តំណាងក្រុមព្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន ICOMOS នៅតំបនើប្រាសាទព្រះវិហារ។
  • ថ្ងៃទី២១ខែមករាឆ្នាំ២០០៧៖ យល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS។
  • ថ្ងៃទី២៣ខែមិថុនា-ថ្ងៃទី២ខែកក្កដាឆ្នាំ២០០៧៖ កិច្ចប្រជុំលើកទី៣១ របសើគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅហ្គ្រីសឆឺច(Christchuech) ប្រទេសណូវែលហ្សេឡង់។
  • ថ្ងៃទី១១ខែសីហាឆ្នាំ២០១០៖ កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនាក្រុងញ៉ូវយ៉ក ដើម្បីសូមអន្តរាគមន៍អង្គការសហប្រជាជាតិឱ្យមានយន្តកម្មអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃមុំជាប់ប្រាសាទព្រះវិហារ។ ថៃបានបង្កើតផែនទីជាឯកតោភាគីមានទំហំ ៤,៦គីឡូម៉ែត្រការ៉េ ជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួន ផែនទីនេះខុសបញ្ច្រាស់ទាំងស្រុងពីសាលក្រមតុលាការអន្តរជា ដែលមានន័យថា ប្រាសាទព្រះវិហារស្ថិតលើទឹកដីខ្មែរ និងដែនអធិតេយ្យភាពរបស់កម្ពុជា។

ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ[កែប្រែ]

ចំពោះប្រាសាទព្រះវិហារមានផែនទីមួយមានចំណងជើងថា គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននឹងសៀម (Commission de délimitation entre I´Indochine et le Siam) ត្រូវបានបោះពុម្ពនៅទីក្រុងប៉ារីស និងត្រូវបានប្រគល់ជូនឱ្យរដ្ឋាភិបាលសៀម និងផ្តល់ជូនរាល់សមាជិកមកពីប្រទេសសៀម ដែលស្ថិតនៅក្នុងគណៈកម្មការចម្រុះខាងកំណត់ព្រំដែននៅឆ្នាំ១៩០៨។ នៅក្នុងផែនទីនេះ ខ្សែព្រំដែនកាត់តាមខាងជើងប្រាសាទមានចម្ងាយប្រហែល៥០០ម៉ែត្រ។ ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាយ៉ាងច្បាស់ ហើយបន្ទាប់មកសៀមមិនដែលលើកយករឿងប្រាសាទព្រះវិហារមកចោទជាបញ្ហាម្តងណាឡើយ។ នៅឆ្នាំ១៩២៥ និងឆ្នាំ១៩២៦បារាំងនឹងសៀមបានរៀបចំដែនដី ហើយនៅពេលនោះក៏ពុំមានបញ្ហាចោទអំពីជួរភ្នំដងរែកឡើយ។ ជារឿងអកុសលណាស់ដែលជៀង៣០ឆ្នាំ ក្រោយពីសៀមបានដកថយជាលើកចុងក្រោយនោះ ប្រាសាទព្រះវិហារព្រមទាំងទឹកដីភាគខាងជើង និងពាយ័ត្យរបស់យើង មានបញ្ហាជាមួយសៀមម្តងទៀត។ អនុសញ្ញាបារាំងសៀម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១ ត្រូវបានចុះហត្ថលេខា នៅទីក្រុងតូក្យូ តាមអន្តរាគមន៍នៃប្រទេសជប៉ុន ដែលបានតម្រូវឱ្យមានយុទ្ធសន្តិភាព ដើម្បីបញ្ឈប់ការប្រទូស្តរាយ ដែលប្រទេសសៀមបានប្រព្រឹត្តប្រឆាំងនឹងកម្ពុជា ពោលគឺប្រឆាំងនិងបារាំង នៅដើមសង្គ្រាមលើកលើទី២។ តាមអនុសញ្ញានេះប្រទេសកម្ពុជាបានបាត់បង់ខេត្តបាត់ដំបង ខេត្តកំពង់ធំមួយភាគ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។ ប៉ុន្តែជាសំណាងល្អ ប្រាំឆ្នាំក្រោយមកមានកិច្ចព្រមព្រៀងបារាំងសៀមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦នៅទីក្រុងវ៉ាស៊ីនតោន បានរំលាយចោលនូវអនុសញ្ញាចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១។ ដូច្នេះថៃត្រូវប្រគល់ទឹកដីខ្មែរ ដែលខ្លួនបានកាន់កាប់ចាប់ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៦នោះមកឱ្យខ្មែរវិញ[៩]

ព្រះរាជបន្ទូលសម្តេចព្រះនរោត្តមសីហនុ[១០][កែប្រែ]

ព្រះរាជបន្ទូលសម្តេចព្រះនរោត្តមសីហនុ ក្នុងព្រះរាជពិធីបង្ហូតទង់ជាតិខ្មែរនៅប្រាសាទព្រះវិហារ ០៥ មករា ១៩៦៣ “ ———– ពួកថៃ ជាចុងក្រោយបានដកថយចេញពីប្រាសាទព្រះវិហារ បន្ទាប់ពីកុហកភូតភរជាច្រើនរួចមកនិងល្បិចកល់ដែលគេប្រើមិនទាន់អស់ការ។ ការដកថយនេះ មិនបានបញ្ឈប់ប្រទេសថៃឲ្យធ្វើខ្លួនជាអ្នកចាញ់ដ៏ល្អទេ តែប្រទេសថៃនៅបន្តការពង្រីកដែនដីរបស់គេពោលគឺគេបានគូសផែនទីថ្មីដោយរំលោភចូលមកប្រាសាទព្រះវិហារ។ជាពិសេសទៅទៀត ពួកថៃបានរាយលួលបន្លានិងសង់បន្ទាយយោធានិងតម្រួតនៅកន្លែងមួយចំនួនចូលជ្រៅក្នុងទឹកដីខ្មែរ។ការធ្វើបែបនេះគឺជាការបំពានសាលក្រមតុលាការអន្តរជាតិ “ ។ លិខិតក្រសួងការបរទេសកម្ពុជាជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គករសហប្រជាជតិដកនៅ ថៃ្ងទី ២៣ មេសា ១៩៦៦ ដកស្រង់ព្រះរាជសន្ទរកថាសម្តេចសីហនុដែលបានថ្លែងក្នុងពិធីបង្ហូតទង់ជាតិខ្មែរនៅប្រាសាទព្រះវិហារ។

តម្លៃនៃប្រាសាទ[កែប្រែ]

ការសិក្សាស្រាវជ្រាវប្រៀបធៀបប្រដូចចម្លាក់រចនាបថ សិល្បៈខ្មែរ ដើម្បីស្វែងយល់ស្គាល់អំពីការវិវត្តិរបស់វប្បធម៌ខ្មែរ និងអរិយធម៌ខ្មែរអាចជាកត្តាមួយដើម្បីធ្វើឱ្យយើងមានមោទភាពក្រៃលែងចំពោះការប៉ិបប្រសប់ ចំណេះដឹងដ៏ខ្ពង់ខ្ពស់ និងភាពឧស្សាណ៍ព្យាយាម តស៊ូរបស់ដូនតាយើង។ ប្រាសាទព្រះវិហារមិនគ្រាន់តែជាមោទភាពក្នុងផ្នែកសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ប្រាសាទព្រះវិហារជាមោទភាពដល់ធំធេង ឧត្តុងឧត្តមរបស់ខ្មែរក្នុងវិស័យទ្រឹស្តី គំនិត បញ្ញាញាណ នយោបាយ សេដ្ឋកិច្ច កសិកម្ម យោធា គ្រប់គ្រង និងប្រវត្តិសាស្រ្ត។ល។ ប្រាសាទព្រះវិហារជាសក្ខីភាពនៃមហាអំណាចរបស់ខ្មែរជាសក្ខីភាពនៃការគ្រប់គ្រងនយោបាយដ៏ល្អប្រសើរមួយ ដែលមានទ្រឹស្តីពិតប្រាកដនិយម មានចក្ខុវិស័យល្អខ្ពង់ខ្ពស់ ចេះកសាងស្ថាបនាជាតិតាមផ្លូវល្អប្រសើរ ប្រត្យកនិយម និងជាសក្ខីភាពនៃសេចក្តីអង់អាចក្លាហាន ពូកែរបស់ខ្មែរចេះបន្តវេណគ្នាឱ្យមានចីរភាព។ កត្តានេះហើយដែលធ្វើឱ្យប្រទេសខ្មែរមានទឹកដីដល់ធំទូលាយក្លាយជាអាណាចក្រមួយយ៉ាងធំនៅអាស៊ីអាគ្នេយ៍។


រូបភាព[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. ឯកសារទីតាំងរដ្ឋបាលខេត្តព្រះវិហារ
  2. សៀវភៅ មគ្គុទ្ទេសក៍ទេសចរ ដោយលោក កែវ ភួង ឆ្នាំ២០០៣។
  3. Vittorio Roveda, Preah Vihear, River books Guides, 2000,Bangkok,p.p18-20.
  4. សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ទ្របុត្រ
  5. វីគីភីឌៀមជាភាសាថៃ
  6. អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤។
  7. ខិតប័ណ្ណផ្សព្វផ្សាយ អបអរសាទរខួបលើកទី៥នៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
  8. ខិតប័ណ្ណផ្សព្វផ្សាយ អបអរសាទរខួបលើកទី៥នៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
  9. ឯកសារសង្ខេបស្តីអំពី ប្រាសាទព្រះវិហារ អតីតកាលរុងរឿង និងមោទនភាពជាតិខ្មែរ រៀបចំដោយ បណ្ឌិត ស៊ន សំណាង និង បណ្ឌិត រស់ ចន្ត្រាបុត្រ ឆ្នាំ២០០២ ទំព័រទី៥
  10. http://spktliv.com/archives/5261[តំណភ្ជាប់ខូច]