ចក្រភពបារាំងទីមួយ
១៨ ឧសភា ១៨០៤ – ៤ មេសា ១៨១៤ ២០ មីនា – ៧ កក្កដា ១៨១៥ | |
![]() វិសាលភាពទឹកដីនៃចក្រភពបារាំងទីមួយនៅចំណុចកំពូលក្នុងខែកញ្ញា ឆ្នាំ១៨១២
ក្រោមយោធាបារាំង តំបន់ព្រំដែនរបស់រដ្ឋចំណុះបារាំង ប៉ុន្តែមិនស្ថិតនៅក្រោមបារាំង ឬក៏រដ្ឋចំណុះនោះឡើយ
| |
រាជធានី | ប៉ារីស |
ភាសាទូទៅ | ភាសាបារាំង |
សាសនា | |
រដ្ឋាភិបាល |
|
ព្រះចៅអធិរាជ | |
▪ ១៨០៤–១៨១៤, ១៨១៥ | ណាប៉ូលេអុងទី១ |
នីតិបញ្ញត្តិ | រដ្ឋសភាជាតិ |
ព្រឹទ្ធសភាអភិរក្ស (ត្រឹមឆ្នាំ១៨១៤) អភិជនសភា (ពី ២២ មេសា ១៨១៥) | |
សភានីតិប្បញ្ញត្តិ (ត្រឹម ៤ មិថុនា ១៨១៤) សភាតំណាងរាស្រ្ត (ចាប់ពី ២២ មេសា ១៨១៥) | |
សម័យកាលប្រវត្តិសាស្រ្ត | សម័យណាប៉ូលេអុង |
១៨ ឧសភា ១៨០៤ | |
២ ធ្នូ ១៨០៤ | |
៧ កក្កដា ១៨០៧ | |
២៤ មិថុនា ១៨១២ | |
១១ កុម្ភៈ ១៨១៤ | |
២០ មីនា – ៧ កក្កដា ១៨១៥ | |
ក្រឡាផ្ទៃ | |
១៨១២[៣] | ២១០០០០០ គ.ម២ (៨១០០០០ ម៉ាយ ក.) |
ប្រជាជន | |
▪ ១៨១២ | ៤៤ លាននាក់[៤] |
រូបិយវត្ថុ | ហ្រ្វង់បារាំង |
ចក្រភពបារាំងទីមួយ[៥] ឬ ចក្រភពបារាំង (ភាសាបារាំង៖ Empire français និងភាសាឡាតាំង៖ Imperium Francicum) ឬអាចហៅបានទៀតថា បារាំងណាប៉ូលេអុង គឺជារដ្ឋចក្រភពមួយដែលស្ថិតនៅក្រោមអំណាចដឹកនាំរបស់ណាប៉ូលេអុង បូណាប៉ារត៍។ នៅសម័យនោះ ប្រទេសបារាំងបានគ្រប់គ្រងទឹកដីទ្វីបអឺរ៉ុបស្ទើរទាំងមូលចាប់ផ្ដើមនៅដើមសតវត្សរ៍ទី១៩។ ចក្រភពនេះបានកកើតឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤ និងបានដួលរលំទៅវិញនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៨១៤ ហើយងើបឡើងវិញសារជាថ្មីពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៨១៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៨១៥។[៦]
ទោះជាបារាំងបានបង្កើតចក្រភពអាណានិគមនៅឯក្រៅប្រទេសតាំងពីដើមសតវត្សរ៍ទី១៧ មកមែនក្ដី ប៉ុន្តែរដ្ឋប្រទេសបារាំងជារួមគឺនៅតែជាព្រះនគរក្រោមរាជវង្សបួរបុង និងជាសាធារណរដ្ឋមួយក្នុងសម័យបដិវត្តន៍បារាំង។ ប្រវត្តិវិទូជាទូទៅនាំគ្នាសម្គាល់របបណាប៉ូលេអុងនេះថា ចក្រភពបារាំងទីមួយ ដើម្បីកុំឱ្យកើតមានការភាន់ច្រឡំជាមួយចក្រភពបារាំងទីពីរ (១៨៥២–១៨៧០) ដែលស្ថិតនៅក្រោមការដឹកនាំដោយក្មួយណាប៉ូលេអុងគឺព្រះចៅណាប៉ូលេអុងទី៣។
នៅថ្ងៃទី១៨ ខែឧសាភា ឆ្នាំ១៨០៤ ណាប៉ូលេអុងត្រូវបានទទួលគោរមងារជា "ព្រះចៅអធិរាជនៃបារាំង" (Empereur des Français) ដោយព្រឹទ្ធសភា រួចបានឡើងសោយរាជ្យសម្បត្តិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៤[៧] ដែលជាសញ្ញាបញ្ជាក់ពីទីបញ្ចប់នៃរបបសាធារណរដ្ឋបារាំងទីមួយ។ ថ្វីបើណាប៉ូលេអុងជាព្រះអធិរាជបារាំង តែចក្រភពរបស់ព្រះអង្គនៅតែរក្សាឈ្មោះថា "សាធារណរដ្ឋបារាំង" រហូតដល់ខែតុលា ឆ្នាំ១៨០៨។ អាណាចក្របារាំងបានទទួលជោគជ័យផ្នែកយោធាជាច្រើនលើកច្រើនសារនៅលើទ្វីបអឺរ៉ុបដូចជាជ័យជម្នះក្នុងសង្គ្រាមសម្ព័ន្ធភាពទីបីប្រឆាំងនឹងអូទ្រីស ព្រុស រុស្ស៊ី ចក្រភពអង់គ្លេស និងប្រជាជាតិជាច្រើនទៀត ពិសេសក្នុងសមរភូមិអូស្ទែរលីត្ស៍នៃឆ្នាំ១៨០៥។[៨] អំណាចនិងឥទ្ធិពលបារាំងបានបន្តរាលដាលម្តងទៀតនៅក្នុងសង្គ្រាមសម្ព័ន្ធភាពទីបួនក្នុងសមរភូមិយីណានៃឆ្នាំ១៨០៦ និងសមរភូមិហ្វ្រៃឡង់ក្នុងឆ្នាំ១៨០៧[៩] មុនពេលត្រូវចាញ់សង្គ្រាមនឹងសម្ព័ន្ធមិត្តជាលើកចុងក្រោយក្នុងសមរភូមិវ៉ាត់ធឺលូនៃឆ្នាំ១៨១៥។
ជម្លោះតៗគ្នាទាំងនេះត្រូវបានគេស្គាល់ថា សង្គ្រាមណាប៉ូលេអូនិក ដែលបានបើកផ្លូវឱ្យបារាំងពង្រីកអំណាចឥទ្ធិពលរបស់ខ្លួនរហូតដល់ភាគខាងលិចនៃទ្វីបអឺរ៉ុបចូលទៅក្នុងទឹកដីប៉ូឡូញ។ នៅចំណុចកំពូល ចក្រភពបារាំងមានដេប៉ាដឺម៉ង់រដ្ឋបាលរហូតទៅដល់ ១៣០ និងប្រជាជនក្នុងស្រុកសរុប ៤៤ លាននាក់ បូករួមទាំងប្រជាជនរស់នៅក្រោមរដ្ឋរណបបារាំងទៀតប្រមាណ ៩០ លាននាក់បន្ថែម។ យុទ្ធនាការយោធាបារាំងមានវត្តមាននៅក្នុងបណ្តារដ្ឋប្រទេសអឺរ៉ុបជាច្រើនដូចជា អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងប៉ូឡូញជាដើម ហើយមានព្រុស និងចក្រភពអូទ្រីសជាសម្ព័ន្ធមិត្តមួយរយៈកាល។[៤] ជ័យជំនះទាំងអស់នេះបាននាំចេញនូវមនោគមវិជ្ជាជាច្រើននៃបដិវត្តន៍បារាំងនៅទូទាំងទ្វីបអឺរ៉ុបដូចជា ក្រមច្បាប់ណាប៉ូលេអុង ដែលនាំឱ្យមានកំណើនសមភាពផ្លូវច្បាប់ បង្កើតនូវប្រព័ន្ធគណៈវិនិច្ឆ័យនិងច្បាប់លែងលះ និងលុបបំបាត់ប្រព័ន្ធកាន់កាប់ដីធ្លីសក្ដិភូមិនៅទូទាំងទ្វីបអឺរ៉ុបលើកលែងតែក្នុងប្រទេសប៉ូឡូញ។[១០] ការបរាជ័យចាញ់សង្គ្រាមរបស់បារាំងនៅក្នុងឆ្នាំ១៨១៤ និងម្តងទៀតនៅក្នុងឆ្នាំ១៨១៥ បាននាំឱ្យចក្រភពទាំងមូលដួលរលំ ហើយរាជអំណាចត្រូវបានប្រគល់ទៅឱ្យរាជវង្សបួរបុងកាន់កាប់វិញ។
ប្រភពដើម
[កែប្រែ]នៅក្នុងឆ្នាំ១៧៩៩ លោកអេម៉ានុយអែល ចូសែហ្វ ស៊ីយ៉េសដែលជាសមាជិកម្នាក់នៃគណៈឌីរ៉េកទ័រ បានចូលជួបជាមួយណាប៉ូលេអុងដើម្បីសុំជំនួយធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋធម្មនុញ្ញឆ្នាំទីបី។ អ្នកដែលប្រឡូកចូលក្នុងរដ្ឋប្រហារនោះរួមមានប្អូនប្រុសរបស់ណាប៉ូលេអុងគឺលោកលូស៊ែងដែលកាលនុះកំពុងបម្រើការជាប្រធានក្រុមប្រឹក្សាប្រាំរយរូប លោករ៉ូជីរ ឌូកូស៍ដែលជាសមាជិកម្នាក់ទៀតនៃគណៈឌីរ៉េកទ័រ និងលោកតាលេរ៉ង់។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៧៩៩ (ត្រូវនឹងថ្ងៃទី១៧ ខែប៊្រុយមែរ ឆ្នាំទីប្រាំបីក្រោមប្រតិទិនសាធារណរដ្ឋបារាំង) និងថ្ងៃបន្ទាប់ ប៉ូណាបារត៍ក៏បានដឹកនាំទ័ពចូលដណ្ដើមកាន់កាប់អំណាចនយោបាយ។ បក្សពួកបូណាប៉ារត៍បានផ្តួលក្រុមប្រឹក្សានីតិប្បញ្ញត្តិដោយបន្សល់ទុកតែសមាជិកសំខាន់ៗប៉ុណ្ណោះដើម្បីតែងតាំងបូណាប៉ាត៍ ស៊ីយ៉េស និងឌូកូស៍ជាអគ្គកុងស៊ុលស្ដីទីដឹកនាំរដ្ឋាភិបាលថ្មី។ ស៊ីយ៉េសបានរំពឹងថាខ្លួននឹងក្ដោបអំណាចនៅក្នុងរបបថ្មីបានច្រើន ប៉ុន្តែលោកត្រូវចាញ់ប្រៀបនឹងបូណាប៉ារត៍ ហើយជាបន្ទាប់ បូណាប៉ារត៍ក៏បានដាក់ចេញនូវរដ្ឋធម្មនុញ្ញឆ្នាំទីប្រាំបីភ្លាម រួចបានបន្តឈ្នះឆ្នោតក្លាយជាអគ្គកុងស៊ុលទីមួយ។ ក្នុងករណីនេះ បូណាប៉ារត៍បានក្លាយខ្លួនជាបុគ្គលដែលមានអំណាចខ្លាំងបំផុតនៅប្រទេសបារាំង ហើយអំណាចលោកត្រូវបានពង្រឹងបន្តនៅពេលរដ្ឋធម្មនុញ្ញឆ្នាំទីដប់បានអនុម័តដោយវាបានអនុញ្ញាតឱ្យបូណាប៉ារត៍បម្រើជាអគ្គកុងស៊ុលបារាំងអស់មួយជីវិត។
ចម្បាំងក្នុងសមរភូមិម៉ារ៉ង់ហ្កូ (១៤ មិថុនា ១៨០០) បានបណ្ដុះគំនិតនយោបាយឈ្លានពានពង្រីកអំណាចរបស់បារាំងនិងបន្តរហូតដល់យុទ្ធនាការណាប៉ូលេអុងចូលឈ្លានពានរុស្ស៊ីនៅក្នុងឆ្នាំ១៨១២។ សន្ធិសញ្ញាសន្តិភាពអាមៀនត្រូវបានចុះដើម្បីសម្រកភាពតានតឹងរវាងបារាំងនឹងមហាអំណាចមួយចំនួននៅអឺរ៉ុប តែជាថ្នូរបារាំងត្រូវលះបង់ទឹកដីកាន់កាប់នៅអេហ្ស៊ីប។ បន្ទាប់មក បូណាប៉ារត៍ក៏បានពង្រីកសិទ្ធិអំណាចបន្តិចម្តងៗចាប់ផ្ដើមនៅអ៊ីតាលីដោយកាត់បញ្ចូលតំបន់ភាម៉នតេជាកម្មសិទ្ធិប្រទេសបារាំង និងរួមទាំងទឹកដីអ៊ីតាលីមួយចំនួនទៀតដូចជា ជេណូវ៉ា ប៉ារម៉ា ទូស្កាន់ និងណាប៉ូលី ហើយបានកាត់បញ្ចូលទឹកដីទាំងនោះខ្លះចូលទៅក្នុងរដ្ឋរណបបារាំងថ្មីហៅ សាធារណរដ្ឋស៊ីសាល់ភីន។ ជាបន្ទាប់ បូណាប៉ារត៍បានដឹកនាំទ័ពទៅឡោមព័ទ្ធទីក្រុងរ៉ូម និងបានផ្តួចផ្ដើមអនុរូបសញ្ញាឆ្នាំ១៨០១ បន្សាបអំណាចគាត់ចូលទៅក្នុងសាសនាកាតូលិក។ ក្រោយមក លោកក៏បានដឹងកំហុសពីការរឹបអូសអំណាចសម្តេចប៉ាប ដូច្នេះគាត់ក៏បង្កើតមាត្រាក្រមអង្គការក្នុង១៨០២ ដើម្បីធ្វើឱ្យគាត់ក្លាយជាអ្នកការពារឫទ្ធិអំណាចសម្តេចប៉ាបដូចព្រះឆាលឡឺម៉ាំងញីកាលនៅបុរាណកាលដែរ។ ដើម្បីលាក់បាំងផែនការមុនពេលប្រតិបត្តិចេញ ណាប៉ូលេអុងបានពង្រឹងទឹកដីអាណានិគមបារាំងឱ្យមានគំនិតប្រឆាំងនឹងអង់គ្លេស និងបានរំលឹកពីសន្ធិសញ្ញាទីក្រុងប៉ារីសដ៏ឈឺចាប់ពេកក្រៃកាលពីឆ្នាំ១៧៦៣ បញ្ឆេះកំហឹងប្រជាជាតិបារាំងតតាំងនឹងអង់គ្លេស ពិសេសចំពោះទឺកដីអង់គ្លេសនៅព្រំប្រទល់ទន្លេរ៉ាំង និងហួសទៅបន្តទៀតដល់ហាណូវើ និងហាមប៊ួកជាដើម។ មិនតែប៉ុណ្ណោះ ណាប៉ូលេអុងចង់បង្កើតក្រុមឥស្សរជនថ្មីដោយច្របាច់បញ្ចូលវណ្ណៈគហបតីសម័យថ្មីជាមួយនឹងវណ្ណៈអភិជននារបបចាស់។[១១]
នៅថ្ងៃទី១២ ខែឧសាភា ឆ្នាំ១៨០២ ក្រុមប្រឹក្សាទ្រីប៊ូណាត៍បានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ លើកលែងតែលោកការនូត៍ ជុំវិញការលើកមេដឹកនាំបារាំងឱ្យបម្រើការជាអគ្គកុងស៊ុលអស់មួយជីវិត។[១២][១៣] សកម្មភាពខាងលើត្រូវបានគាំទ្របន្ថែមដោយសភានីតិប្បញ្ញត្តិ ហើយត្រូវបានរុញទៅប្រជាមតិដោយសំឡេងគាំទ្រចំនួន ៣,៦៥៣,៦០០ និងសំឡេងប្រឆាំងចំនួន ៨,២៧២។[១៤] នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៨០២ (ត្រូវនឹងថ្ងៃទី១៤ ខែទែរមីឌរ ឆ្នាំទីដប់) ណាប៉ូលេអុង បូណាប៉ារត៍ត្រូវបានប្រកាសជាអគ្គកុងស៊ុលអស់មួយជីវិត។

គោលគំនិតនិយមបដិវត្តន៍បានជ្រាបចូលទៅក្នុងអាល្លឺម៉ង់ ដែលជាហេតុនាំឱ្យរដ្ឋនគរអាល្លឺម៉ង់មួយចំនួនដូចជា បាវីយែរ វួធឹមប៊ឺក និងបាដ៍ជាដើមបានសម្រេចចុះចូលសម្ព័ន្ធភាពជាមួយបារាំង។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកវីល្លៀម ភីតបានអំពាវនាវម្តងទៀតឱ្យរាជរដ្ឋាភិបាលអង់គ្លេសពង្រឹងសម្ព័ន្ធភាពរវាងអង់គ្លេស-អូទ្រីស-រុស្ស៊ី ដើម្បីប្រឆាំងនឹងណាប៉ូលេអុង និងគំនិតបដិវត្តន៍បារាំងដែលកំពុងរាលដាលបន្តិចម្តងៗចូលបណ្ដារដ្ឋប្រទេសនៅអឺរ៉ុប។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤ ណាប៉ូលេអុងត្រូវបានព្រឹទ្ធសភាបារាំងផ្ដល់គោរមងារជា "ព្រះចៅអធិរាជនៃបារាំង" ហើយទីបំផុតក៏បានឡើងគ្រងរាជសម្បត្តិដោយទទួលមកុដដែករបស់ព្រះរាជាលុមបារត៍ ហើយត្រូវបានទទួលប្រសិទ្ធពរជ័យពីសម្ដេចប៉ាបភីទី៧ នៅព្រះវិហារណូត្រឺដាមនៃទីក្រុងប៉ារីស។
ត្រឹមយុទ្ធនាការចំនួនបួន ព្រះចៅអធិរាជបានផ្លាស់ប្តូរប្រទេសបារាំងពីសាធារណរដ្ឋសក្ដិភូមិនិយម"ការ៉ូលីង" និងចក្រភពសហព័ន្ធទៅជារដ្ឋចក្រភពមួយដែលយកគំរូតាមចក្រភពរ៉ូមបុរាណ។ នេះជាលើកទីបីហើយដែលកេរ្តិ៍ដំណែលនៃចក្រភពរ៉ូមបានវិលមកវិវត្តប្រវត្តិសាស្រ្តប្រទេសបារាំង បន្ទាប់ពីព្រះចៅជូលីស៍ សេសារ និងព្រះរាជាឆាលឡឺម៉ាំងញី។ ថ្វីបើផែនការសម្ងាត់ចូលឈ្លានពានអង់គ្លេសត្រូវបានរំសាយចោលមែន ប៉ុន្តែបារាំងបានទទួលជ័យជម្នះយ៉ាងឱឡារិកក្នុងយុទ្ធនាការអ៊ូម និងសមរភូមិអូស្ទែរលីត្ស៍ (ទោះត្រូវបរាជ័យម្តងនៅសមរភូមិត្រាហ្វាលហ្ការក្ដី)។ ការបង្កើតជំរំយោធានៅប៊ូឡូញីបាននាំឱ្យណាប៉ូលេអុងកាន់កាប់នូវធនធាន និងកម្លាំងយោធាដ៏ខ្លាំងអស្ចារ្យ ពោលត្រូវបានគេចាត់ទុកជាទីកំណើតនៃមហាកងទ័ព (La Grande Armée)។
ជ័យជម្នះដំបូងៗ
[កែប្រែ]
នៅក្នុងសង្គ្រាមសម្ព័ន្ធភាពទីបី ណាប៉ូលេអុងបានផ្តួលចក្រភពរ៉ូម៉ាំងពិសិដ្ឋដ៏ចំណាស់រយឆ្នាំចោល រួចទ្រង់បានប្រមូលផ្ដុំរដ្ឋអាល្លឺម៉ង់ខាងត្បូងបញ្ចូលជារដ្ឋចំណុះរបស់បារាំងរួមមាន បាវីយែរ បាដ៍ វួធឹមប៊ឺក ហេស្សិន-ដាមស្តាដត៍ និងសាចសិនជាដើម រួចបានបន្តបញ្ចូលរដ្ឋទាំងនោះទៅក្នុងសហព័ន្ធរ៉ាំង។ សន្ធិសញ្ញាទីក្រុងប្រែសប៊ួរ ដែលបានចុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨០៥ បានទាញសម្បទានទឹកដី និងសំណងសឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ពីចក្រភពអូទ្រីស។ ជាបន្ទាប់ ណាប៉ូលេអុងបានប្រកាសបង្កើតព្រះរាជាណាចក្រអ៊ីតាលីឡើងដោយបានកាន់កាប់ទីក្រុងអាន់ខូណា និងកាត់បញ្ចូលវេណេថូ និងទឹកដីជាប់សមុទ្រអាឌ្រីយ៉ាទិកចូលជាទឹកដីនៃប្រទេសអ៊ីតាលីថ្មីនោះ។
ដើម្បីបង្កើតរដ្ឋរណបមានប្រសិទ្ធភាព ណាប៉ូលេអុងបានចាត់ញាតិសន្តានព្រះអង្គឱ្យគ្រប់គ្រងដឹកនាំរដ្ឋចំណុះរបស់បារាំងមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប។ វង្សត្រកូលបូណាប៉ារត៍បានចាប់រៀបអភិសេយជាមួយសមាជិកនៃរាជវង្សនគរចាស់ៗទាំងនោះ ដែលនាំឱ្យអំណាចបូណាប៉ារត៍កាន់តែចាក់ឫសគល់ជ្រៅចូលទៅក្នុងព្រះនគរនៃទ្វីបអឺរ៉ុប។ បងប្រុសបង្កើតណាប៉ូលេអុងឈ្មោះចូសែហ្វ បូណាប៉ារត៍បានចូលកាន់កាប់រាជអំណាចនៅណាប៉ូលីជំនួសឱ្យអតីតរាជវង្សបួរបុងប្រចាំអ៊ីតាលី។ ចំណែកឯប្អូនប្រុសបង្កើតវិញឈ្មោះល្វី ប៉ូណាប៉ារត៍បានឡើងគ្រោងរាជ្យជាព្រះរាជានៃព្រះរាជាណាចក្រហុល្លង់ ដែលបានវិវត្តចេញពីសាធារណរដ្ឋបាតាហ្វ។ លោកសេនាប្រមុខចូអាឃីម មូរ៉ាតដែលជាបងប្រុសថ្លៃបានក្លាយជាព្រះមហាពញាក្សត្រនៃប៊ែក ខណៈប្អូនប្រុសបង្កើតក្មេងបំផុតរបស់ណាប៉ូលេអុងឈ្មោះជេរ៉ូម បូណាប៉ារត៍បានចូលរៀបអភិសេយក្លាយជាបុត្រប្រសាររបស់ព្រះរាជាវួធឹមប៊ឺក និងជាព្រះមហាក្សត្រថ្មីនៃវែស្តហ្វាលី។ កូនប្រុសចិញ្ចឹមណាប៉ូលេអុងឈ្មោះអ៊ូជែន ដឺប៊ូហារណេរស៍ត្រូវបានតែងតាំងជាព្រះអនុរាជអ៊ីតាលី ខណៈកូនស្រីចិញ្ចឹមដែលត្រូវជាប្អូនស្រីបង្កើតអ៊ូជែនឈ្មោះស្ទីហ្វានី ដឺប៊ូហារណេរស៍បានរៀបអភិសេយជាមួយព្រះអង្គម្ចាស់ឆាលស៍ព្រះរាជបុត្រានៃព្រះមហាពញាក្សត្របាដ៍។ ក្រៅពីទទួលបានគោរមងារដឹកនាំរដ្ឋរណបរបស់បារាំង ញាតិសន្តានជិតស្និទបំផុតទាំងឡាយរបស់ណាប៉ូលេអុងត្រូវបានទ្រង់ប្រទានងារជាអង្គក្សត្រអង្គក្សត្រីនៃអាណាចក្របារាំង រួចបានបង្កើតជាខ្សែរាជាធិរាជនៃចក្រភពបារាំង។
ដោយត្រូវប្រឈមជាមួយសត្រូវច្រើន ព្រះចៅណាប៉ូលេអុងទ្រង់មិនមានក្ដីប្រណោសប្រណីលើកលែងចំពោះសម្បីតែរដ្ឋអព្យាក្រឹត។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៨០៦ រាជវង្សហាបស្បួកបានបោះបង់តំណែងជាព្រះអធិរាជនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋដែលជាទម្លាប់ប្រពៃណីជាងមួយពាន់ឆ្នាំមកហើយ ដើម្បីកុំឱ្យណាប៉ូលេអុងដណ្ដើមអំណាចជាអធិរាជនៃចក្រភពដ៏ចំណាស់នោះ។ ព្រុសត្រូវបានបារាំងកាត់ទឹកដីនគរហាណូវើឱ្យដើម្បីកុំឱ្យព្រុសមកលូកដៃចូលក្នុងសង្គ្រាមសម្ព័ន្ធភាពទីបី។ ដោយសារស្ថានភាពការទូតកំពុងផ្លាស់ប្តូរយ៉ាងរហ័ស បារាំងក៏បានប្ដូរប្រគល់ទឹកដីហាណូវើទៅឱ្យចក្រភពអង់គ្លេសវិញទុកជាសំណើសន្តិភាព។ សកម្មភាពនេះបូករួមទាំងកំណើនភាពតានតឹងនៅអាល្លឺម៉ង់ចំពោះអនុត្តរភាពបារាំង ព្រះរាជាណាចក្រព្រុសក៏បែរទៅចងសម្ព័ន្ធភាពជាមួយរុស្ស៊ី រូចក៏បានបញ្ជូនកងទ័ពទៅនគរបាវីយែរ (ក្រោមបារាំង) នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៨០៦។ នៅក្នុងសង្គ្រាមសម្ព័ន្ធភាពទីបួនរវាងព្រុសនឹងបារាំង ព្រះចៅណាប៉ូលេអុងបានដឹកនាំទ័ពវាយឈ្នះព្រុសនៅក្នុងសមរភូមិយីណា។ ជ័យជំនះជាបន្តបន្ទាប់របស់បារាំងក្នុងសមរភូមិអ៊ីឡូ និងហ្វ្រៃឡង់ប្រឆាំងនឹងរុស្ស៊ីបានធ្វើឱ្យព្រុសខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយជាលទ្ធផលបានតម្រូវឱ្យរុស្ស៊ី និងព្រុសចុះសន្ធិសញ្ញាសន្តិភាពជាមួយបារាំងនៅតំបន់ទីលស៊ីត។
វិសាលភាពនៃចក្រភព
[កែប្រែ]

សន្ធិសញ្ញាទីលស៊ីតបានបញ្ចប់សង្គ្រាមរវាងចក្រភពរុស្ស៊ី និងបារាំង ហើយជាចំណុចចាប់ផ្តើមនៃសម្ព័ន្ធភាពថ្មីរវាងចក្រភពមហាអំណាចទាំងពីរប្រចាំទ្វីបអឺរ៉ុប។ ក្នុងសន្ធិសញ្ញានោះ មហាអំណាចទ្វីបទាំងពីរនេះបានយល់ព្រមជួយគ្នាទៅវិញទៅមកដោយសម្ងាត់ចំពោះបញ្ហា និងជម្លោះផ្សេងៗ។ បារាំងបានសន្យាជាមួយរុស្ស៊ីថានឹងផ្តល់ជំនួយឱ្យរុស្ស៊ីដើម្បីប្រយុទ្ធតតាំងនឹងចក្រភពអូតូម៉ង់ ចំណែកឯរុស្ស៊ីក៏បានយល់ព្រមតបវិញថានឹងចូលជាសមាជិកនៃប្រព័ន្ធទ្វីបដើម្បីប្រឆាំងនឹងចក្រភពអង់គ្លេស។ មិនតែប៉ុណ្ណោះ យោងតាមសន្ធិសញ្ញាដដែរ រុស្ស៊ីបានទទួលស្គាល់សហព័ន្ធរ៉ាំង។[១៥] ព្រះចៅណាប៉ូលេអុងបានបង្ខិតបង្ខំព្រះចៅអាឡិចសាន់ដឺនៃរុស្ស៊ីឱ្យប្រកាសសង្គ្រាមប្រឆាំងនឹងអង់គ្លេស រួចបញ្ឆេះសង្គ្រាមហ្វាំងឡង់ដើម្បីបង្ខំប្រទេសស៊ុយអែតឱ្យចូលជាសមាជិកក្នុងប្រព័ន្ធទ្វីបមួយដែរ។
ដូចដែលបានយល់ស្របក្នុងសន្ធិសញ្ញា រាជាធិរាជរុស្ស៊ីបានសម្រេចជម្លៀសទ័ពចេញពីតំបន់វ៉ាឡាគី និងម៉ុលដាវីដែលកាលនុះកំពុងស្ថិតក្រោមការកាន់កាប់ដោយកងកម្លាំងរុស្ស៊ីក្រោមបរិបទសង្គ្រាមរុស្ស៊ី-តួកគី។ ប្រជុំកោះអ៊ីយ៉ូនី និងតំបន់កាត្តារ៉ូ ដែលជាទឹកដីដណ្តើមបានដោយឧត្តមនាវីឯករុស្ស៊ីពីររូបគឺលោកហ្វូឌ័រ អ៊ូឆាកូហ្វ និងឌីមីទ្រី ស៊ីញ៉ាវីនត្រូវបានកាត់ប្រគល់មកឱ្យបារាំង។ ជាថ្នូរនឹងរុស្ស៊ីវិញ ណាប៉ូលេអុងបានធានានូវអធិបតេយ្យភាពនៃពញារដ្ឋអុលដិនបួរ និងរដ្ឋអាល្លឺម៉ង់តូចៗផ្សេងទៀតដែលមានមេដឹកនាំជាសាច់ញាតិរបស់រាជវង្សរុស្ស៊ី។
សន្ធិសញ្ញាទីលស៊ីតដដែរនោះបានកាត់ទឹកដីព្រុសប្រមាណជាងពាក់កណ្តាល៖ តំបន់ខតប៊ូសត្រូវបានកាត់ទៅឱ្យសាចសិន តំបន់ជ្រោយខាងឆ្វេងទន្លេអេលប៊ឺត្រូវបានប្រគល់ឱ្យព្រះរាជាណាចក្រវែស្តហ្វាលីដែលទើបនឹងបង្កើតថ្មី។ តំបន់បៀលីស្តុកបានកាត់ទៅរុស្ស៊ី ហើយទឹកដីប៉ូឡូញទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់ព្រុសត្រូវបានបង្កើតជារដ្ឋថ្មីគឺពញារដ្ឋវ៉ាសូរី។ ព្រុសត្រូវបានបញ្ជាឱ្យកាត់បន្ថយចំនួនទ័ពមកត្រឹមតែ ៤០,០០០ នាក់ ហើយត្រូវបង់សំណងជូនបារាំងអស់ចំនួន ១០០,០០០,០០០ ហ្វ្រង់។ ក្រុមអ្នកអង្កេតការណ៍នៅព្រុសបានចាត់ទុកសន្ធិសញ្ញានោះថាអយុត្តិធម៌ និងជាការគាបសង្កត់ជិះជាន់បំបាក់ប្រជាជាតិព្រុស។

លោកតេលេរ៉ង់បានណែនាំដល់ណាប៉ូលេអុងឱ្យកាត់លក្ខខណ្ឌស្រាលជាងនេះចំពោះសត្រូវ ខណៈលោកបានដកខ្លួនបន្តិចម្តងៗចេញពីណាប៉ូលេអុង។ បន្ទាប់ពីចុះសន្ធិសញ្ញាទីលស៊ីត ណាប៉ូលេអុងទ្រង់មិនបានព្យាយាមសម្របសម្រួលស្ថានការណ៍នៅអឺរ៉ុបដូចអ្វីដែលលោកតេលេរ៉ង់បានណែនាំទេ តែផ្ទុយទៅវិញ ព្រះអង្គមានក្ដីប្រាថ្នាចង់យកឈ្នះលើអង់គ្លេស ហើយបន្តពង្រីកអំណាចនៅឧបទ្វីបអ៊ីតាលី។ ណាប៉ូលេអុងបានបន្តអូសបញ្ចូលរដ្ឋអំណាចបាល់ទិចចូលប្រព័ន្ធទ្វីប និងពង្រឹងកំពង់ផែនៅជាប់សមុទ្រមេឌីទែរ៉ាណេដើម្បីប្រឆាំងនឹងអង់គ្លេស ហើយក្រោយពេលអង់គ្លេសបានលុកលុយទីក្រុងកូពែនហាក ណាប៉ូលេអុងទ្រង់បានពង្រឹងបិទផ្លូវទឹកក្នុងតំបន់បន្ថែមចាប់ផ្ដើមនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៨០៧។
អនុរូបសញ្ញាឆ្នាំ១៨០១ បូករួមជាមួយការចូលគ្រប់គ្រងនគរណាប្លេសបាននាំឱ្យមានការតស៊ូដណ្ដើមឥទ្ធិពលរវាងណាប៉ូលេអុង និងសម្ដេចប៉ាប ពិសេសក្រោយពីសម្ដេចប៉ាបភីទី៧ បានស្ដារសេចក្ដីពោលទេវរបស់សម្ដេចគ្រេគ្វ័រទី៧។ មហិច្ឆតាណាប៉ូលេអុងក្នុងការបង្កើតអាណាចក្រមួយដែលមានរចនាសម្ព័ន្ធដូចចក្រភពរ៉ូមត្រូវបានបង្ហាញច្បាស់ៗនៅពេលដែលព្រះអង្គបានចូលកាន់កាប់ណាប្លេស និងទឹកដីអ៊ីតាលីជុំវិញ។ នៅឯឧបទ្វីបអ៊ីបេរីវិញ លោកឧត្តមសេនីយ៍ហ្សង់-អង់ដូច្ឆ៍ ជូណូត៍បានវាយចូលឈ្លានពានប្រទេសព័រទុយហ្កាល់ ខណៈលោកសេនាប្រមុខមូរ៉ាតបានកាន់កាប់ទឹកដីនៃប្រទេសអេស្ប៉ាញ។ ក្រោយបន្តិចមក ណាប៉ូលេអុងទ្រង់ក៏បានតែងតាំងបងប្រុសរបស់ព្រះអង្គនាមចូសែហ្វជាព្រះមហាក្សត្រថ្មីនៃអេស្ប៉ាញ។
ណាប៉ូលេអុងទ្រង់ប្រឹងព្យាយាមចង់យកជ័យជំនះក្នុងឧបទ្វីបអ៊ីបេរីដូចនឹងជ័យជម្នះផ្សេងៗរបស់ព្រះអង្គនៅអ៊ីតាលី ហុល្លង់ និងហេស្សិន។ តែទោះជាយ៉ាងណា ការនិរទេសបញ្ជូនគ្រួសាររាជវង្សអេស្ប៉ាញទៅទីក្រុងបាយ៉ុន បូករួមទាំងការឡើងគ្រងរាជសម្បត្តិរបស់ចូសែហ្វដែលគ្មានដើមកំណើតអេស្ប៉ាញ បានធ្វើឱ្យប្រជាជនអេស្ប៉ាញជាច្រើនផ្ទុះកំហឹងងើបបះបោរប្រឆាំងនឹងរបបណាប៉ូលេអុង។ បន្ទាប់ពីផ្ទុះចលនាបះបោរដូសដេម៉ាយ៉ូ និងការបះទង្គិចគ្នាជាបន្តបន្ទាប់ រាជរដ្ឋាភិបាលអេស្ប៉ាញក៏បានផ្ដួចផ្តើមសង្គ្រាមទ័ពព្រៃក្រោមការដឹកនាំរបស់គណៈប្រឹក្សាកំពូលមួយ។ ឧបទ្វីបនេះបានក្លាយទៅជាសមរភូមិបង្ហូរឈាមយ៉ាងសាហាវឃោរឃៅរាប់ចាប់ពីជួរភ្នំភីរីនីស៍នៅភាគខាងជើងចុះមកដល់ច្រកសមុទ្រជីប្រាល់តានៃភាគខាងត្បូង ដោយមហាកងទ័ពណាប៉ូលេអុងត្រូវប្រឈមនឹងកម្លាំងទ័ពអេស្ប៉ាញ អង់គ្លេស និងព័រទុយហ្កាល់។ លោកឧត្តមសេនីយ៍ឌូផុងត៍របស់បារាំងបានលើកទង់ជ័យសសុំចុះចាញ់ឧត្តមសេនីយ៍អេស្ប៉ាញលោកកាស្តាញ៉ូសនៅប៊ីលែន ហើយជូណូត៍បានចាញ់កម្លាំងអង់គ្លេសនៅសង់ត្រា ប្រទេសព័រទុយហ្កាល់។
ចលនាតស៊ូនៅអេស្ប៉ាញបានឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាព និងសក្តានុពលនៃការងើបតវ៉ាពីសំណាក់មហាជនដែលស្ថិតក្រោមការជិះជាន់ដោយបារាំង ពិសេសក្នុងករណីអូទ្រីស។ ដោយមានការគាំទ្រពីអង់គ្លេស អូទ្រីសក៏បន្ទុះសង្គ្រាមថ្មីជាមួយនឹងបារាំងខណៈបារាំងកំពុងជាប់ជើងនៅអេស្ប៉ាញ។ មកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ១៨០៩ អូទ្រីសបានផ្ដើមការវាយលុកចូលសម្ព័ន្ធមិត្តបារាំងគឺ ព្រះរាជាណាចក្របាវីយែរ។ បារាំងបានប្រតិកម្មវិញយ៉ាងលឿនទៅនឹងសកម្មភាពរបស់អូទ្រីស ហើយខុសពីយុទ្ធនាការនៅអេស្ប៉ាញ បារាំងមិនបានចំណាយពេលវេលយូរ ឬប្រឈមផលវិបាកច្រើនពេលប្រយុទ្ធនឹងអូទ្រីសនោះទេ។ បន្ទាប់ពីទទួលបានជ័យជម្នះនៅបាវីយែរ ណាប៉ូលេអុងបានលើកទ័ពវាយបំបុកទៅរាជធានីវីយែនរបស់អូទ្រីសជាលើកទីពីរ។ នៅក្នុងសមរភូមិអាស្ពើន-អ៊ែស្លីង ណាប៉ូលេអុងបានទទួលបរាជ័យជាយុទ្ធសាស្រ្តធ្ងន់ធ្ងរដំបូងបង្អស់របស់ទ្រង់ ដោយព្រះអង្គត្រូវបាត់បង់លោកសេនាប្រមុខហ្សង់ ឡានណិ៍ ដែលជាមេបញ្ជាការដ៏ឆ្នើម និងជាមិត្តដ៏ល្អម្នាក់របស់ព្រះអធិរាជ។ ជ័យជម្នះនៅវ៉ាក្រាមទីបំផុតបានបង្ខំឱ្យអូទ្រីសសុំចរចារកសន្តិភាពដើម្បីបញ្ឈប់សង្គ្រាម។ សន្ធិសញ្ញាស្ហុនប៊្រុននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៨០៩ បាននាំឱ្យអូទ្រីសកាត់ខេត្តអ៊ីលីរីមកបារាំង និងព្រមទាំងខេត្តទាំងប៉ុន្មានដែលបារាំងសញ្ជ័យបាន។
សម្តេចប៉ាបត្រូវបានបារាំងនិរទេសដោយបង្ខំទៅសាវ៉ូណា ហើយទឹកដីរបស់សម្តេចត្រូវបានកាត់បញ្ចូលទៅក្នុងចក្រភពបារាំង។ សេចក្ដីសម្រេចរបស់ព្រឹទ្ធសភាបារាំងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៨១០ បាននាំឱ្យកើតគោរមងារថ្មីហៅថា "ព្រះមហាក្សត្ររ៉ូម" ហើយទីក្រុងរ៉ូមក៏បានក្លាយជារាជធានីថ្មីនៃប្រទេសអ៊ីតាលីចំណុះបារាំង។ ក្រោយពីណាប៉ូលេអុងបានលែងលះភរិយាព្រះអង្គព្រះនាមចូសេហ្វីននៅក្នុងឆ្នាំ១៨០៩ ទ្រង់ក៏បានចាប់រៀបអភិសេយថ្មីភ្លាមៗជាមួយនឹងរជ្ជទាយាទជិនីអូទ្រីសព្រះនាមម៉ារី-ល្វីនៅក្នុងឆ្នាំ១៨១០ ហើយបានប្រសូតបុត្រមួយអង្គនៅក្នុងឆ្នាំ១៨១១។ ការចាប់កំណើតរបស់ព្រះរាជបុត្រដំបូងរបស់ទ្រង់បានជះឥទ្ធិពលយ៉ាងច្រើនសម្បើមទៅលើគោលនយោបាយព្រះអង្គ។ ក្នុងនោះ ព្រះអធិរាជបានដកហូតអំណាចឥទ្ធិពលចេញពីបងប្អូនសាច់ញាត្តិព្រះអង្គបណ្ដើរៗដើម្បីផ្តោតត្រៀមប្រគល់បុណ្យសក្ដិទាំងនោះទៅឱ្យព្រះរាជបុត្រទ្រង់ ដែលអាចជាអនាគតព្រះចៅអធិរាជនៃចក្រភពបារាំងស្នងរាជ្យបន្តពីព្រះបិតារបស់គេ។
កូដោបាយ និងភាពចលាចល
[កែប្រែ]
ភាគីទាំងសងខាងរួមទាំងសម្ព័ន្ធមិត្តមួយចំនួនរបស់ណាប៉ូលេអុងបានចាប់ផ្តើមកេណ្ឌចំណេញលើរាល់កំហុសទាំងឡាយដែលមាននៅក្នុងសមិទ្ធផលព្រះចៅណាប៉ូលេអុង។ ចក្រភពអង់គ្លេស និងកងកម្លាំងជើងទឹករបស់ពួកគេបានចេញល្បាតនៅឯផ្លូវទឹកអង់គ្លេសយ៉ាងសកម្ម ហើយរដ្ឋចំណុះនិងសម្ព័ន្ធមិត្តបារាំងមួយចំនួនក៏ចាប់ផ្ដើមកើតគំនិតប្រឆាំងនឹងណាប៉ូលេអុងបន្តិចម្តងៗ។ ណាប៉ូលេអុងទ្រង់មិនបានតាមដានបញ្ហាទាំងនេះបានម៉ត់ចត់ឡើយ ហើយមិនយូរប៉ុន្មាន ព្រះអង្គក៏យល់ដឹងច្បាស់ពីភាពបរាជ័យរបស់អាណាចក្រទ្រង់នៅអេស្ប៉ាញ។ ក្នុងពេលដំណើរគ្នានោះ វិរជនព្រុសមួយចំនួនដូចជាលោកបារ៉ន វ៉នស្តែន លោកអូហ្គូសត៍ វ៉ន ហាដិនប៊ែក និងលោកហ្កែរហាដ វ៉ន ស្ហានហ័រស្ត៍បានកំពុងត្រៀមរើបម្រះផ្ដាច់ការគ្របសង្កត់របស់បារាំងលើព្រុស។
សម្ព័ន្ធភាពថ្មីរបស់បារាំងដែលបានរៀបចំឡើងនៅទីលស៊ីតត្រូវបានរំជើលរំជួលដោយអភិសេយរបស់ណាប៉ូលេអុងជាមួយរជ្ជទាយាទជិនីអូទ្រីស ព្រមទាំងហានិភ័យជុំវិញការស្ដាររដ្ឋប៉ូឡូញថ្មីក្រោមរុស្ស៊ី និងបញ្ហាប្រព័ន្ធទ្វីប។ បុគ្គលជាច្រើនដែលព្រះអង្គធ្លាប់បានចាត់តាំងកាន់អំណាចបានកំពុងប្រឆាំងនឹងគម្រោងផែនការថ្មីៗរបស់ទ្រង់។ ដោយហេតុនេះ ណាប៉ូលេអុងទ្រង់ត្រូវមានកាតព្វកិច្ចថ្មីគឺការដកហូតសិទ្ធិអំណាចពីក្រុមគ្រួសារបងប្អូនសាច់ញាត្តិរបស់ព្រះអង្គ ប្រសិនបើនរណាម្នាក់មិនបង្ហាញពីឆន្ទៈបម្រើចក្រភពបារាំង ឬមានគំនិតក្បត់នឹងព្រះអង្គ។ ព្រះការ៉ូលីន បូណាប៉ារត៍ បានឃុបឃិតប្រឆាំងនឹងបងប្រុសរបស់ព្រះនាង និងរួមទាំងព្រះស្វាមីព្រះនាងផងគឺមូរ៉ាត។ ប្អូនប្រុសណាប៉ូលេអុងព្រះនាមល្វីត្រូវបានណាប៉ូលេអុងរឹបអូសសិទ្ធិអំណាចក្នុងនាមជាព្រះមហាក្សត្រហុល្លង់ រួចបានកាត់ប្រទេសហុល្លង់ទាំងមូលដែលល្វីគោរពស្រឡាញ់ចូលទៅក្នុងអាណាចក្របារាំង។ ទាំងនេះបានធ្វើឱ្យមនុស្សជុំវិញណាប៉ូលេអុងច្រើនឡើងៗកើតចិត្តស្អប់លែងពេញចិត្តនឹងណាប៉ូលេអុង។ គំនិតស្អប់ខ្ពើមនឹងរបបសាធារណរដ្ឋចាស់ហាក់បីដូចជាវិលមកសកម្មវិញតែលើកនេះគឺប្រឆាំងនឹងរបបរាជាធិរាជណាប៉ូលេអុង។
ការបះបោរក្នុងប្រទេសបានផ្ទុះឡើងបណ្ដើរៗ ហើយជម្លោះបងប្អូនគ្នាឯងនៅតែបន្ត ខណៈជួរមន្រ្តីរបស់ណាប៉ូលេអុងក៏ចាប់ផ្ដើមមានគំនិតក្បត់នឹងព្រះអង្គដូចគ្នា។ លោកតេលេរ៉ង់ត្រូវបានបណ្ដេញចេញពីអំណាចបន្ទាប់ពីរកឃើញថាលោកបានលួចពិភាក្សាផែនការរបស់ណាប៉ូលេអុងជាមួយសត្រូវរបស់ព្រះអង្គគឺមេដឹកនាំអូទ្រីសលោកក្លេមែនស៍ វន មេទឹរនិច។ មន្ត្រីណាប៉ូលេអុងម្នាក់ទៀតគឺលោកចូសែហ្វ ហ្វូឈេបានលួចទំនាក់ទំនងជាមួយអូទ្រីសពីឆ្នាំ១៨០៩ និងឆ្នាំ១៨១០ ក៏ដូចជាអង់គ្លេស និងលោកល្វីអង់ធាន់ ដឺប៊ូរីអ៊ែនដែលត្រូវជាសត្រូវម្នាក់របស់ណាប៉ូលេអុង។ ដោយទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីជាច្រើនលើក មន្ត្រីយោធាក៏ដូចជាសេនាប្រមុខបារាំងមួយចំនួនបានប៉ុនប៉ងចង់បានអំណាចកាន់រៀងៗខ្លួន។ ក្នុងនោះមានដូចជាលោកសេនាប្រមុខហ្សង់-បាធីស្ត ប៊ែរណាដុតទ៍ដែលបានក្បត់នឹងណាប៉ូលេអុងរួចបានចុះចូលជាមួយប្រទេសស៊ុយអែត។ លោកសេនាប្រមុខហ្សង់ដឺឌីអឺ ស៊ូល្តិ៍ ក៏ដូចជាមូរ៉ាតដែរ បានប៉ុនប៉ងចង់បានរាជបល្ល័ង្កអេស្ប៉ាញ និងព័រទុយហ្កាល់រៀងខ្លួន។
ប្រទេសបារាំងថ្វីបើកំពុងពង្រីកទឹកដីនិងអំណាចធំទូលាយមែន តែត្រូវពលីកម្មធនធានអស់ជាច្រើន។ គោលនយោបាយកំណែនកូនទាហានបានបាត់បង់ប្រជាប្រិយភាពខ្លាំងឡើងៗ ធ្វើឱ្យប្រជាជនបារាំងចាប់ផ្តើមប្រឆាំងនឹងណាប៉ូលេអុង។ ទោះជាប្រព័ន្ធសារព័ត៌មាន និងសភាមានភាពស្ងៀមស្ងាត់ក្ដី តែមតិតវ៉ាបាតុកម្មប្រឆាំងនឹងអំណាចអធិរាជត្រូវបានគេបោះទៅវិញទៅមកនៅក្នុសហគមន៍វណ្ណកវី ពីព្រះសហគមន៍កាតូលិកជុំវិញនិក្កឌ្ឍនកម្ម និងពីមូលធនិកជុំវិញប្រព័ន្ធទ្វីបពិសេសបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុនៃឆ្នាំ១៨១១។ ដោយហេតុនេះ ព្រះអង្គបានរបូតអំណាចបន្តិចម្តងៗ ក៏ប៉ុន្តែទ្រង់នៅតែក្ដោបក្រសោបអំណាចយោធាបានធម្មតា និងត្រូវបានគេចាត់ទុកជាមេដឹកនាំយោធាដ៏ឆ្នើមដដែរដូចដែលបានឃើញនៅក្នុងជ័យជម្នះរបស់ព្រះអង្គក្នុងយុទ្ធនាការប្រាំមួយថ្ងៃ។ ប៉ុន្តែមកដល់ចំណុចនេះ វាគឺហួសពេលទៅហើយដោយប្រជាជាតិអឺរ៉ុបច្រើនឡើងៗបានប្រមូលផ្ដុំគ្នាត្រៀមវាយប្រហារបារាំងជារួម។
ការដួលរលំ
[កែប្រែ]
ការបះបោរទ្រង់ទ្រាយធំប្រឆាំងនឹងបារាំងបានចាប់ផ្ដើមផ្ទុះឡើងនៅតាមបណ្ដារដ្ឋអាល្លឺម៉ង់ ពិសេសក្រោយពីអធិរាជរុស្ស៊ីបានប្រកាសប្រមូលដឹកនាំរដ្ឋអំណាចអឺរ៉ុបធ្វើកុបកម្មប្រឆាំងនឹងព្រះចៅណាប៉ូលេអុង។ ដើម្បីបញ្ឈប់បញ្ហាទាំងអស់នេះបូករួមទាំងបំណងរបស់ទ្រង់ចង់បើកផ្លូវកាន់តែទូលាយទៅសមុទ្រមេឌីទែរ៉ាណេ និងបំបាត់គូសត្រូវធំៗ ព្រះអង្គក៏បានលើកទ័ពចូលឈ្លានពានប្រទេសរុស្ស៊ី។ នៅក្នុងយុទ្ធនាការឈ្លានពាននោះ ណាប៉ូលេអុងទ្រង់បានវាយដណ្ដើមជ័យជម្នះជាច្រើនដូចដែលបានឃើញក្នុងសមរភូមិស្មូលែនស្កិ៍ បូរូឌីណូ និងម៉ូស្គូ ប៉ុន្តែដោយសារកត្តាភូមិសាស្ត្រនិងអាកាសធាតុបូករួមជាមួយនឹងការមិនព្រមទទួលចុះចាញ់ពីអធិរាជរុស្ស៊ី ណាប៉ូលេអុងត្រូវបង្ខំចិត្តដកទ័ពចេញពីទឹកដីរុស្ស៊ីវិញ ខណៈប្រជាជាតិអឺរ៉ុបផ្សេងៗបានកំពុងព្រួតវាយអាណាចក្រព្រះអង្គក្នុងពេលតែមួយ។ ការដកថយរបស់បារាំងពីរុស្ស៊ីគឺប្រៀបបានដូចទៅនឹងការដកថយចេញពីទឹកដីអេស្ប៉ាញអញ្ចឹងដែរដោយត្រូវឆ្លងពីកំពែងមួយទៅកំពែងមួយទៀតរហូតដល់ឆ្លងហួសទន្លេបេរីហ្ស៊ីណាដែលជាព្រំដែនជួរប្រយុទ្ធនឹងរុស្ស៊ីនៅមុនឆ្នាំ១៨០៩ មកម៉្លេះ។ មិនតែប៉ុណ្ណោះ សំណើចរចាសន្តិភាពរបស់ទ្រង់ជាមួយនឹងអូទ្រីសក៏ត្រូវបានបដិសេដដែរនៅឯសមាជទីក្រុងប្រាក (៤ មិថុនា–១០ សីហា ១៨១៣)។ ព្រះអង្គជាបន្ទាប់ក៏បានកើតការព្រួយបារម្ភជុំវិញការបាត់បង់អំណាចនៅអ៊ីតាលី ដែលជានិមិត្តរូបនៃជ័យជម្នះដំបូងៗរបស់ទ្រង់ និងជាទីដែលបានសម្រេចក្តីសុបិន្តរបស់ព្រះអង្គកាលពីកំឡុងឆ្នាំ១៨០៥។ ថ្វីបើទ្រង់ដណ្ដើមបានជ័យជម្នះក្នុងសមរភូមិលូតសិន និងបោត៍សិនក្ដី ប៉ុន្តែព្រះអង្គត្រូវទទួលបរាជ័យយ៉ាងដំណំនៅក្នុងសមរភូមិលែបស៊ីគ។ ស្ថានការណ៍បានកាន់តែយ៉ាប់យឺនឡើងសម្រាប់ព្រះអង្គនៅពេលដែលអតីតសម្ព័ន្ធមិត្តដ៏សំខាន់ម្នាក់របស់ទ្រង់គឺលោកប៊ែរណាដុតទ៍បានរត់ទៅចុះចូលជាមួយរាជវង្សស៊ុយអែតរួចបង្វែរប្រទេសស៊ុយអែតឱ្យមកប្រឆាំងនឹងបារាំងវិញ។ អតីតសម្ព័ន្ធមិត្តម្នាក់ទៀតគឺលោកឧត្តមសេនីយ៍ហ្សង់ ម៉ូរ៉ូក៏បានក្បត់នឹងព្រះអង្គដូចគ្នាដែរដោយបានចុះចូលជួយខាងភាគីសម្ព័ន្ធមិត្តប្រឆាំងនឹងបារាំង ខណៈពេលដែលរដ្ឋសម្ព័ន្ធមិត្តបារាំងតាំងពីដើមសង្គ្រាមមួយចំនួនដូចជា សាចសិន និងបាវីយែរ បានរួមគ្នាប្តូរមកប្រឆាំងនឹងបារាំង។
បន្ទាប់ពីដកទ័ពចេញពីរុស្ស៊ីរួចអស់ ណាប៉ូលេអុងនៅតែដកថយបន្តទៀតដោយលើកនេះគឺចេញពីអាល្លឺម៉ង់។ ក្នុងពេលដំណើលគ្នានេះដែរ បារាំងត្រូវបាត់បង់ឥទ្ធិពលនៅអេស្ប៉ាញបន្ទាប់ពីយុទ្ធនាការវាយបណ្ដេញបារាំងដោយក្រុមសម្ព័ន្ធមិត្តក្រោមការដឹកនាំរបស់លោកវែល្លីងតុន គួបផ្សំជាមួយនឹងការរើបះបោរក្នុងប្រទេសហុល្លង់ និងសំណើហ្វ្រាំងហ្វឺត (១ ធ្នូ ១៨១៣)[១៦] បានបង្ខំឱ្យណាប៉ូលេអុងដកទ័ពរហូតដល់ព្រំដែនចម្បាំងកាលពីឆ្នាំ១៧៩៥ ហើយមិនយូរប៉ុន្មានក៏បន្តដកថយបន្ថែមទៀតដល់ទល់ដែនចម្បាំងឆ្នាំ១៧៩២ ថ្វីបើមានកិច្ចខិតខំប្រឹងប្រែងវាយបកទៅកម្លាំងសម្ព័ន្ធមិត្តវិញក្ដី។ ទីបំផុត បារាំងបានប្រកាសទម្លាក់អាវុធចុះចាញ់នៅទីក្រុងប៉ារីសនៅថ្ងៃទី៣០ មីនា ឆ្នាំ១៨១៤។ បន្តិចក្រោយមក ចក្រភពបារាំងក៏បានដួលរលំបន្ទាប់ពីណាប៉ូលេអុងបានប្រកាសដាក់រាជ្យនៅហ្វុងតេណេប្លូក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ១៨១៤។
បន្ទាប់ពីត្រូវសម្ព័ន្ធមិត្តនិរទេសព្រះអង្គទៅនៅកោះអែលបាមិនបានមួយឆ្នាំផង ណាប៉ូលេអុងទ្រង់ក៏បានលួចរត់ទៅបារាំងវិញតាមរយៈសំពៅជាមួយទាហានប្រមាណមួយពាន់នាក់ និងកាំភ្លើងធំតែបួនដើមប៉ុណ្ណោះ។ ដោយឮដូច្នេះ ស្តេចថ្មីនៃប្រទេសបារាំងគឹព្រះបាទល្វីទី១៨ បានបញ្ជូនលោកសេនាប្រមុខមីឈែល នីយទៅចាប់ខ្លួនណាប៉ូលេអុង។ ពេលបានប្រឈមនឹងកម្លាំងរបស់នីយ ណាប៉ូលេអុងទ្រង់បានចុះពីលើសេះរួចដើរទៅប្រឈមសត្រូវ ហើយមានបន្ទូលថា "បើមាននរណាមានចិត្តចង់សម្លាប់ព្រះអធិរាជពួកឯង សូមចូលមកចុះ!" ប៉ុន្តែគ្មាននរណាហ៊ានបាញ់សម្លាប់ ឬចាប់ខ្លួនណាប៉ូលេអុងឡើយ ដោយផ្ទុយទៅវិញ ពួកគេគ្រប់គ្នាបែរជាអបអរចុះចូលជាមួយណាប៉ូលេអុងដោយស្រែកបន្លឺថា "Vive l'Empereur!" (សុំព្រះអធិរាជមានព្រះជន្មាយុយឺនយូរ!)។ ណាប៉ូលេអុងបានដណ្តើមរាជបល្ល័ង្កមកវិញជាបណ្ដោះអាសន្ននៅក្នុងឆ្នាំ១៨១៥ ដោយប្រោះចក្រភពព្រះអង្គឱ្យងើបឡើងវិញបានប្រមាណមួយរយថ្ងៃ។ ចុងក្រោយ ព្រះអង្គត្រូវបានកម្លាំងសម្ព័ន្ធមិត្តទីប្រាំពីរព្រួតវាយរហូតដល់ទទួលបរាជ័យនៅក្នុងសមរភូមិវ៉ាត់ធឺលូ។ ព្រះអង្គបានសុំទទួលចុះចាញ់ចំពោះមុខអង់គ្លេស រួចត្រូវបានគេចាប់និរទេសម្តងទៀតតែលើកនេះទៅកាន់កោះសាំងហេលីណា ដែលជាកោះដាច់ស្រយ៉ាលមួយនៅភាគខាងត្បូងមហាសមុទ្រអាត្លង់ទិក និងជាទីតាំងដែលណាប៉ូលេអុងចំណាយរស់នៅជីវិតចុងក្រោយរបស់ព្រះអង្គរហូតបានចូលទិវង្គតនៅក្នុងឆ្នាំ១៨២១។ ក្រោយព្រឹត្តិការណ៍មួយរយថ្ងៃ អំណាចរាជវង្សបួរបុងត្រូវបានស្ដារជាថ្មីឡើងវិញដោយមានព្រះអង្គម្ចាស់ល្វីទី១៨ បន្តសោយរាជ្យជាព្រះមហាក្សត្របារាំង។ យុទ្ធនាការយោធា និងទឹកដីដែលសញ្ជ័យបានទាំងប៉ុន្មានដោយណាប៉ូលេអុងត្រូវបានរឹបអូសចេញពីកម្មសិទ្ធិបារាំងវិញទាំងអស់នៅក្នុងសមាជទីក្រុងវីយែន។
លក្ខណៈដឹកនាំរបស់ណាប៉ូលេអុង
[កែប្រែ]
ណាប៉ូលេអុងបានទទួលការគាំទ្រ និងប្រជាប្រិយភាពដោយសារគោលនយោបាយព្រះអង្គមានភាពស៊ីជម្រៅនឹងកង្វល់រួមរបស់ប្រជាជនបារាំងទូទៅ។ ក្នុងនោះ ណាប៉ូលេអុងទ្រង់បានសម្ដែងការមិនពេញចិត្តនឹងវណ្ណៈអភិជនពិសេសក្រុមដែលមានប្រភពពីបរទេសហើយតែងរួចផុតពីទោសច្បាប់ប្រទេស ណាមួយទៀតព្រះអង្គក៏ប្រឆាំងយ៉ាងពេញទំហឹងដែរចំពោះរបបចាស់ ពោលគឺរបបរាជាធិបតេយ្យបែបសក្ដិភូមិ ហើយនិងការប្រឆាំងរបស់ព្រះអង្គចំពោះបរទេសណាដែលមានបំណងផ្តួលដំណើរបដិវត្តន៍នៅបារាំង។
ណាប៉ូលេអុងបានបន្តប្រមូលអំណាចបន្ថែម និងបានធ្វើការផ្លាស់ប្តូរមួយចំនួនដូចជា ការស្ដារព្រះសហគមន៍កាតូលិកជាសាសនាចម្បងនៅបារាំងឡើងវិញតាមរយៈអនុរូបសញ្ញាឆ្នាំ១៨០១ ជាដើម។ ណាប៉ូលេអុងបានឃើញខ្លួនព្រះអង្គថាជាបុគ្គលត្រាស់ដឹងពោលជាមេដឹកនាំតែម្នាក់គត់ដែលយល់ដឹងច្បាស់ពីស្ថានភាពនៅប្រទេសបារាំង និងបញ្ហាផ្សេងៗដែលកំពុងចាក់ឬសក្នុងសង្គមជាតិបារាំង។ ព្រះអង្គបានរក្សាតម្លៃមួយចំនួនពីសម័យបដិវត្តន៍ លើកលែងតែសេរីភាពនយោបាយ។ ព្រះអង្គចង់ឃើញប្រទេសបារាំងមានភាពរឹងមាំ និងប្រសិទ្ធភាពខ្ពស់នៅរាល់កិច្ចការងារផ្សេងៗ ខណៈទ្រង់បានសម្ដែងការស្អប់ខ្ពើមចំពោះប្រព័ន្ធសក្ដិភូមិ ការរើសអើងសាសនា និងវិសមភាពស៊ីវិល។
ដោយធ្លាប់ជាអ្នកគាំទ្រក្រុមបក្សចាកូបាំងនៅដើមសម័យបដិវត្តន៍បារាំង ប៉ុន្តែយូរទៅៗ អាជីពនយោបាយរបស់ណាប៉ូលេអុងក៏កើតមានលក្ខណៈអត្ថាធិបតេយ្យឡើងបន្តិចម្តងៗ ហើយពេលបានកាន់អំណាច របបព្រះអង្គបានប្រកាន់យកគោលតម្លៃសេរីនិយមផង និងបែបផ្ដាច់ការផង។ ឧទាហរណ៍ ប្រព័ន្ធអប់រំសាធារណៈត្រូវបានពង្រីកនិងអភិវឌ្ឍន៍ និងការផ្ដល់សិទ្ធិសេរីភាពដល់ជនជាតិជ្វីហ្វជាដើមដែលសុទ្ធតែជាកិច្ចផ្តួចផ្ដើមបែបសេរីនិយម ប៉ុន្តែនៅម្ខាងទៀត ព្រះអង្គបានបដិសេដប្រកាន់អនុវត្តប្រព័ន្ធបោះឆ្នោតប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពសារព័ត៌មាន។ល។
ប្រជាជាតិបារាំងបានចាត់ទុកការពង្រីកអាណាចក្ររបស់ខ្លួនជាកាផ្សព្វផ្សាយនូវវប្បធម៌អរិយធម៌ដ៏ប្រសើរចម្រើន គំនិតចំណេះដឹងត្រចះត្រចង់ និងសង្គមទំនើបសម័យទៅកាន់ក្រុមមនុស្ស (សម្ដៅលើប្រជាជាតិអឺរ៉ុបដទៃ) ដែលពួកគេជឿថាកំពុងដើរថយក្រោយនិងគ្មានទំនៀមទម្លាប់ច្បាស់លាស់។ ជំនឿបែបនេះបាននាំឱ្យប្រជាជនបារាំងក៏ដូចជាថ្នាក់ដឹកនាំបារាំងមួយចំនួនមានទស្សនៈមើលងាយទៅនឹងបណ្ដារដ្ឋដែលបារាំងវាយយកមកគ្រប់គ្រង និងមាក់ងាយជិះជាន់ប្រជាជននៅក្នុងបណ្ដារដ្ឋទាំងនោះ។[១៧]
ផែនទី
[កែប្រែ]-
ផែនទីរដ្ឋបាលដេប៉ាដឺម៉ង់ (départements) របស់បារាំងក្នុងឆ្នាំ១៨០១
-
ផែនទីរដ្ឋបាលនៃចក្រភពបារាំងក្នុងឆ្នាំ១៨១២
-
ផែនទីនៃចក្រភពបារាំងក្នុងឆ្នាំ១៨១២ ដែលត្រូវបានបែងចែកទៅជាតំបន់រដ្ឋបាលដេប៉ាដឺម៉ង់ចំនួន ១៣០ ជាមួយនឹងរដ្ឋរណបមួយចំនួនមានដូចជា ព្រះរាជាណាចក្រអេស្ប៉ាញ ព័រទុយហ្កាល់ អ៊ីតាលី ណេប្លេស និងសហព័ន្ធរ៉ាំង ហើយនិងតំបន់អ៊ីលីរី និងដាល់ម៉ាស៊ី
-
ទ្វីបអឺរ៉ុបនៅក្នុងឆ្នាំ១៨១២ នៅពេលដែលចក្រភពបារាំងគ្របដណ្ដប់ទ្វីបនេះស្ទើរទាំងមូល និងនៅមុនយុទ្ធនាការឈ្លានពានរុស្ស៊ី
មើលផងដែរ
[កែប្រែ]- បដិវត្តន៍បារាំង
- ប្រវត្តិសាស្រ្តបារាំង
- បញ្ជីរាយសមរភូមិប្រយុទ្ធក្នុងសម័យណាប៉ូលេអូនិក
- អាជីពយោធារបស់ណាប៉ូលេអុង បូណាប៉ារត៍
- ប៉ារីសក្នុងរជ្ជកាលណាប៉ូលេអុង
កំណត់សម្គាល់
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "Constitution de l'An XII – Empire – 28 floréal An XII". Conseil constitutionnel.
- ↑ https://frenchmoments.eu/national-motto-of-france/
- ↑ Rein Taagepera (September 1997). "Expansion and Contraction Patterns of Large Polities: Context for Russia". International Studies Quarterly 41 (3). DOI:10.1111/0020-8833.00053.
- ↑ ៤,០ ៤,១ Lyons, Martyn (1994). Napoleon Bonaparte and the Legacy of the French Revolution. Bloomsbury. pp. 232. ល.ស.ប.អ. 978-1349234363. https://books.google.com/books?id=7ZBKEAAAQBAJ&pg=PA232. (paper ISBN 978-0333572917)
- ↑ "Decree upon the Term, French Republic". Archived from the original on 30 September 2022. Retrieved 30 March 2022.
- ↑ texte, France Auteur du (23 January 1804). "Bulletin des lois de la République française". Gallica.
- ↑ Thierry, Lentz. "The Proclamation of Empire by the Sénat Conservateur". napoleon.org. Fondation Napoléon. Retrieved 15 August 2014.
- ↑ "Battle of Austerlitz". Britannica.com. Encyclopædia Britannica. Retrieved 15 August 2014.
- ↑ Hickman, Kennedy. "Napoleonic Wars: Battle of Friedland". militaryhistory.about.com. about.com. Archived from the original on 2017-02-14. Retrieved 30 កញ្ញា 2022.
- ↑ Lyons 1994, pp. 234–236.
- ↑ Haine, Scott (2000). The History of France (1st រ.រ.). Greenwood Press. pp. 92. ល.ស.ប.អ. 978-0-313-30328-9. https://archive.org/details/historyoffrance00hain/page/92.
- ↑ Fremont-Barnes, Gregory (2006). The encyclopedia of the French revolutionary and Napoleonic Wars: a political, social, and military history, Volume 1. ABC-CLIO. p. 211. ល.ស.ប.អ. 978-1851096466.
- ↑ Chandler, David G. (2000). Napoleon. Pen and Sword. p. 57. ល.ស.ប.អ. 978-1473816565. https://books.google.com/?id=jO6XAwAAQBAJ&dq=2+August+1802+napoleon+consul+for+life.
- ↑ Bulletin des Lois
- ↑ "Treaties of Tilsit". Oxford Reference. Retrieved 2025-02-26.
- ↑ The Frankfort Declaration, 1 December 1813: http://www.napoleon-series[តំណភ្ជាប់ខូច] .org/research/government/diplomatic/c_frankfort.html
- ↑ Dwyer, Philip G. "Violence and the revolutionary and Napoleonic wars: massacre, conquest and the imperial enterprise." Journal of Genocide Research 15, no. 2 (2013): 117-131.
អានបន្ថែម
[កែប្រែ]ប្រភពចម្បង
[កែប្រែ]- Anderson, F.M. (1904). The constitutions and other select documents illustrative of the history of France, 1789–1901. The H. W. Wilson company 1904.. https://archive.org/details/constitutionsan00andegoog., complete text online
Surveys
[កែប្រែ]- Bruun, Geoffrey. Europe and the French Imperium, 1799–1814 (1938) online.
- Bryant, Arthur (1942). Years of Endurance 1793–1802. on Britsin
- Bryant, Arthur (1944). Years of Victory, 1802–1812., on Britsin
- Colton, Joel and Palmer, R.R. A History of the Modern World. New York: McGraw-Hill, Inc., 1992. ISBN 0-07-040826-2
- Esdaile, Charles. Napoleon's Wars: An International History, 1803–1815 (2008); 645pp excerpt and text search a standard scholarly history
- Fisher, Todd & Fremont-Barnes, Gregory. The Napoleonic Wars: The Rise and Fall of an Empire. Oxford: Osprey Publishing Ltd., 2004. ISBN 1-84176-831-6
- Godechot, Jacques; Béatrice Fry Hyslop; David Lloyd Dowd (1971). The Napoleonic era in Europe. Holt, Rinehart and Winston. https://books.google.com/books?id=9rFmAAAAMAAJ.
- Grab, Alexander. Napoleon and the Transformation of Europe (Macmillan, 2003), country by country analysis
- Hazen, Charles Downer. The French Revolution and Napoleon (1917) online free Archived 2018-09-22 at the វេយប៊ែខ ម៉ាស៊ីន.
- Lefebvre, Georges (1969). Napoleon from 18 Brumaire to Tilsit, 1799–1807. Columbia University Press. https://archive.org/details/napoleonfrom18br00lefe. influential wide-ranging history
- Lefebvre, Georges (1969). Napoleon; from Tilsit to Waterloo, 1807–1815. Columbia University Press. https://books.google.com/books?id=mTwJAQAAIAAJ.
- Muir, Rory. Britain and the Defeat of Napoleon: 1807–1815 (1996)
- Lieven, Dominic (2009). Russia Against Napoleon: The Battle for Europe, 1807 to 1814. Allen Lane/The Penguin Press. pp. 617.Literary Review - Charles Esdaile on Russia Against Napoleon by Dominic Lieven
- Schroeder, Paul W. (1996). The Transformation of European Politics 1763–1848. Oxford U.P.. pp. 177–560. ល.ស.ប.អ. 9780198206545. https://books.google.com/books?id=BS2z3iGPCigC. advanced diplomatic history of Napoleon and his era
- Pope, Stephen (1999). The Cassel Dictionary of the Napoleonic Wars. Cassel. ល.ស.ប.អ. 978-0-304-35229-6.
- Rapport, Mike. The Napoleonic Wars: A Very Short Introduction (Oxford UP, 2013)
- Ross, Steven T. European Diplomatic History, 1789–1815: France Against Europe (1969)
- Rothenberg, Gunther E. (1988). "The Origins, Causes, and Extension of the Wars of the French Revolution and Napoleon". Journal of Interdisciplinary History 18: 771–793. DOI:10.2307/204824.
- Schroeder, Paul W. The Transformation of European Politics 1763–1848 (1994) 920pp; online Archived 2019-04-07 at the វេយប៊ែខ ម៉ាស៊ីន.; advanced analysis of diplomacy
អំពីណាប៉ូលេអុង
[កែប្រែ]- Dwyer, Philip. Napoleon: The Path to Power (2008) excerpt vol 1; Citizen Emperor: Napoleon in Power (2013) excerpt and text search v 2; most recent scholarly biography
- Englund, Steven (2010). Napoleon: A Political Life. Scribner. ល.ស.ប.អ. 978-0674018037.
- McLynn, Frank. Napoleon: A Biography. New York: Arcade Publishing Inc., 1997. ISBN 1-55970-631-7
- Johnson, Paul (2002). Napoleon: A life. Penguin Books. ល.ស.ប.អ. 978-0-670-03078-1.; 200pp; quite hostile
- Markham, Felix (1963). Napoleon. Mentor. https://www.questia.com/PM.qst?a=o&d=10369968. Archived 2010-04-20 at the វេយប៊ែខ ម៉ាស៊ីន.; 303pp; short biography by an Oxford scholar
- McLynn, Frank (1998). Napoleon. Pimlico. ល.ស.ប.អ. 978-0-7126-6247-5. ល.អ.ស.អ. 0712662472.; well-written popular history
- Mowat, R.B. (1924) The Diplomacy of Napoleon (1924) 350pp online
- Roberts, Andrew. Napoleon: A Life (2014)
- Thompson, J.M. (1951). Napoleon Bonaparte: His Rise and Fall. Oxford U.P.. https://books.google.com/books?id=s2uTaPHPnZ8C., 412pp; by an Oxford scholar
អំពីយោធា
[កែប្រែ]- Bell, David A. The First Total War: Napoleon's Europe and the Birth of Warfare as We Know It (2008) excerpt and text search
- Broers, Michael, et al. eds. The Napoleonic Empire and the New European Political Culture (2012) excerpt and text search
- Chandler, David G. The Campaigns of Napoleon. New York: Simon & Schuster, 1995. ISBN 0-02-523660-1
- Elting, John R. Swords Around a Throne: Napoleon's Grande Armée. New York: Da Capo Press Inc., 1988. ISBN 0-306-80757-2
- Gates, David. The Napoleonic Wars 1803–1815 (NY: Random House, 2011)
- Haythornthwaite, Philip J. Napoleon's Military Machine (1995) excerpt and text search
- Uffindell, Andrew. Great Generals of the Napoleonic Wars. Kent: Spellmount, 2003. ISBN 1-86227-177-1
- Rothenberg, E. Gunther. The Art of Warfare in the Age of Napoleon (1977)
- Smith, Digby George. The Greenhill Napoleonic Wars Data Book: Actions and Losses in Personnel, Colours, Standards and Artillery (1998)
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]- កងទ័ព និងសមរភូមិប្រយុទ្ធរបស់ណាប៉ូលេអុង (ជាភាសាអង់គ្លេស)
- Pages with non-numeric formatnum arguments
- CS1: Julian–Gregorian uncertainty
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីមីនា 2025
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- Articles with hatnote templates targeting a nonexistent page
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- ចក្រភពបារាំងទីមួយ
- អតីតប្រទេសនៅក្នុងប្រវត្តិសាស្រ្តបារាំង
- អតីតចក្រភព
- ប្រវត្តិសាស្រ្តសម័យនៃបារាំង
- បដិវត្តន៍បារាំង
- អតីតរាជាធិបតេយ្យនៅអឺរ៉ុប
- រដ្ឋភិបាលបារាំង
- សតវត្សរ៍ឆ្នាំ១៨០០ នៅបារាំង
- ទសវត្សរ៍ឆ្នាំ១៨១០ នៅបារាំង
- រដ្ឋ និងទឹកដីដែលបង្កើតឡើងក្នុងឆ្នាំ១៨០៤
- រដ្ឋ និងទឹកដីដែលលុបបំបាត់ក្នុងឆ្នាំ១៨១៥