ចក្រភពអូទ្រីស

ពីវិគីភីឌា
ចក្រភពអូទ្រីស

១៨០៤–១៨៦៧
ភ្លេងជាតិGott erhalte Franz den Kaiser
"សូមព្រះជាម្ចាស់ជួយព្រះចៅអធិរាជហ្រ្វង់"
ទឹកដីចក្រភពអូទ្រីសនៅក្នុងឆ្នាំ១៨១៥
ទឹកដីចក្រភពអូទ្រីសនៅក្នុងឆ្នាំ១៨១៥
វិសាលភាពទឹកដីនៃចក្រភពអូទ្រីស (ទសវត្សឆ្នាំ១៨៥០)
វិសាលភាពទឹកដីនៃចក្រភពអូទ្រីស (ទសវត្សឆ្នាំ១៨៥០)
ធានីវីយែន
ភាសាទូទៅ ភាសាអាល្លឺម៉ង់ ភាសាហុងគ្រី ភាសាឆេក ភាសាស្លូវ៉ាគី ភាសាប៉ូឡូញ ភាសារូស៊ីន ភាសាស្លូវេនី ភាសាក្រូអាត ភាសាស៊ែរប៊ី ភាសារ៉ូមានី ភាសាលុមបាត ភាសាវេនីស៊ី ភាសាឡាឌីន ភាសាអ៊ីតាលី ភាសាអ៊ុយក្រែន ភាសាយីឌីស
សាសនា
រ៉ូម៉ាំងកាតូលិក (ផ្លូវការ)
រដ្ឋាភិបាល
អធិរាជ 
▪ ១៨០៤–១៨៣៥
ហ្រ្វង់ទី១
▪ ១៨៣៥–១៨៤៨
ហ៊្វែឌីណង់ទី១
▪ ១៨៤៨–១៨៦៧
ហ្វ្រង់ ហ្សូសែហ្វទី១
ប្រធានរដ្ឋមន្ត្រី 
▪ ១៨២១–១៨៤៨
ក្លេមីនស៍ វន មេទឹរនិច (ដំបូង)
▪ ១៨៦៧
ហ្វ្រ៊ីឌ្រិច ហ៊្វែឌីណង់ វន ប៊ូស (ក្រោយ)
នីតិបញ្ញត្តិក្រុមប្រឹក្សារាជាធិរាជ
សភាអភិជន
សភាតំណាងរាស្រ្ត
សម័យកាលប្រវត្តិសាស្រ្តសតវត្សទី១៩
▪ ប្រកាសបង្កើតឡើង
១១ សីហា ១៨០៤
៦ សីហា ១៨០៦
៨ មិថុនា ១៨១៥
២០ តុលា ១៨៦០
១៤ មិថុនា ១៨៦៦
៣០ មីនា ១៨៦៧
ក្រឡាផ្ទៃ
១៨០៤៦៩៨.៧០០ គ.ម (២៦៩.៧៧០ ម៉ាយ ក.)
ប្រជាជន
▪ ១៨០៤
២១,២០០,០០០
រូបិយវត្ថុ
Preceded by
Succeeded by
ចក្រភពរ៉ូម៉ាំងពិសិដ្ឋ
សម្ដេចព្រះបរមរាជឱរសាធិរាជាណាចក្រនៃអូទ្រីស
រាជវង្សហាបស៍ប៊ឺក
ចក្រភព អូទ្រីស-ហុងគ្រី

ចក្រភពអូទ្រីស (ភាសាអាល្លឺម៉ង់៖ Kaiserthum Oesterreich, បច្ចុប្បន្នសរសេរបានថា៖ Kaiserthum Österreich) គឺជារដ្ឋមហាអំណាចពហុជាតិមួយដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅតំបន់អឺរ៉ុបកណ្តាលចាប់ពីឆ្នាំ១៨០៤ រហូតដល់ឆ្នាំ១៨៦៧។ រដ្ឋចក្រភពមួយនេះត្រូវបានប្រកាសបង្កើតដោយរាជវង្សហាបស៍ប៊ឺក។ ចក្រភពអូទ្រីសគឺជារដ្ឋចក្រភពដែលមានចំនួនប្រជាជនច្រើនបំផុតទីបីនៅទ្វីបអឺរ៉ុបបន្ទាប់ពីចក្រភពរុស្ស៊ី និងចក្រភពអង់គ្លេស។ រួមជាមួយនឹងរាជាណាចក្រព្រុស ចក្រភពអូទ្រីសគឺជារដ្ឋមហាអំណាចធំទីពីរដែលស្ថិតនៅក្នុងសហព័ន្ធអាល្លឺម៉ង់។ យោងតាមការសិក្សាភូមិសាស្រ្ត វាគឺជាចក្រភពដែលមានទឹកដីធំបំផុតទីបីនៅទ្វីបអឺរ៉ុបបន្ទាប់ពីចក្រភពរុស្ស៊ី និងចក្រភពបារាំងទីមួយ(៦២១,៥៣៨ គីឡូម៉ែត្រការេ)។

រាជាណាចក្រហុងគ្រីដែលស្ថិតនៅក្រោមរាជវង្សហាបស៍ប៊ឺកគឺត្រូវបានគ្រប់គ្រងដោយស្ថាប័នផ្ទាល់ខ្លួនដាច់ដោយឡែកពីចក្រភពអូទ្រីសទាំងមូល។ បន្ទាប់ពីអូទ្រីសបានចាញ់សង្គ្រាមអូទ្រីស-ព្រុសនៅឆ្នាំ១៨៦៦ កិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧ ក៏ត្រូវបានអនុម័តឡើងហើយរាជាណាចក្រហុងគ្រីនិងចក្រភពអូទ្រីសត្រូវបានបញ្ចូលរួមគ្នាបង្កើតបានជាចក្រភពអូទ្រីស-ហុងគ្រី

ប្រវត្តិសាស្រ្ត[កែប្រែ]

និម្មិតកម្ម[កែប្រែ]

ការប្លាស់ប្តូររូបរាងទឹកដីចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានប្រព្រឹត្តិធ្វើឡើងនៅឯកិច្ចប្រជុំសមាជក្នុងទីក្រុងរ៉ាស្តាត (១៧៩៧-១៧៩៩) និងក្រុងរីជិនប៊ឺក (១៨០១-១៨០៣)។ នៅខែមីនា ឆ្នាំ១៨០៣ កិច្ចបញ្ឈប់រាជាធិរាជ (ភាសាអាល្លឺម៉ង់៖ Reichsdeputationshauptschluss) បានប្រកាសឡើងថារដ្ឋសាសនា (រដ្ឋសាសនាគឺជាពាក្យសម្តៅលើរដ្ឋមួយចំនួនធំដែលស្ថិតក្នុងចក្រភពរ៉ូម៉ាំងពិសិដ្ឋ) គឺត្រូវបានកាត់បន្ថយពីចំនួន ៨១ មកត្រឹម ៣ ចំណែកឯបុរីរាជាធិរាជសេរីវិញគឺត្រូវបានបន្ថយពី ៥១ រដ្ឋមកនៅត្រឹម ៦ វិញ។ វិធានការមួយនេះគឺបង្កើតឡើងដើម្បីជំនួសរដ្ឋធម្មនុញ្ញចាស់នៃចក្រភពរ៉ូម៉ាំងពិសិដ្ឋប៉ុន្តែតាមការពិតគឺចង់ផ្តួលរលំចក្រភពនេះចោលតែម្តង។ ដោយទទួលយកការផ្លាស់ប្តូរដ៏ធំនេះយកទៅពិចារណា ព្រះចៅអធិរាជរ៉ូម៉ាំងពិសិដ្ឋព្រះនាមហ្រ្វង់ទី២ បានបង្កើតគោរមងារថ្មីគឺអធិរាជអូទ្រីសសម្រាប់ព្រះអង្គផ្ទាល់និងសម្រាប់អ្នកស្នងបន្ត។

នៅឆ្នាំ១៨០៤ អធិរាជចក្រភពរ៉ូម៉ាំងពិសិដ្ឋគឺព្រះអង្គម្ចាស់ហ្រ្វង់ទី២ ដោយទ្រង់ក៏ជាអ្នកនាំមុខនៃរាជវង្សហាបស៍ប៊ឺក បានប្រកាសបង្កើតចក្រភពអូទ្រីសឡើង។ ទ្រង់បានបង្កើតរចនាសម្ព័ន្ធដឹកនាំជាផ្លូវការមួយសម្រាប់ព្រះរាជាណាចក្រហាបស៍ប៊ឺកថ្មីដែលរបៀបដឹកនាំគឺមានលក្ខណៈជារាជាធិបតេយ្យចម្រុះដែលត្រូវបានគេអនុវត្តឡើងប្រហែលជាង ៣០០ ឆ្នាំមកហើយ។ ទ្រង់ធ្វើបែបនេះព្រោះទ្រង់ដឹងមុនថាចក្រភពរ៉ូម៉ាំងពិសិដ្ឋគឺនឹងអាចដួលរលំក្នុងរយៈពេលឆាប់ៗនេះហើយម៉្យាងទៀត ទ្រង់មិនចង់ឱ្យណាប៉ូឡេអុងទី១ ដណ្តើមធ្វើជាអធិរាជថ្មីនោះទេ — ដោយក្នុងពេលថ្មីៗនោះ ណាប៉ូឡេអុងទើបតែទទួលគោរមងារជាអធិរាជនៃប្រទេសបារាំងដែលធ្វើឱ្យមហាអំណាចអឺរ៉ុបមួយចំនួនកើតការព្រួយបារម្ភ — នៅទីបំផុតព្រះចៅហ្រ្វង់ទី១ ក៏បានបោះបង់ងារជាអធិរាជរ៉ូម៉ាំង-អាល្លឺម៉ង់ចោលនៅក្នុងឆ្នាំ១៨០៦។ ដើម្បីការពាររាជវង្សអធិរាជរបស់ព្រះអង្គ ព្រះចៅហ្វ្រង់បានសម្រេចទទួលងារជាអធិរាជអូទ្រីស។ ការងាររចនាសម្ព័ន្ធនិងទឹកដីចម្រុះ (ទឹកដីរបស់ចក្រភពហាបស៍ប៊ឺកគឺសម្បូរទៅដោយជាតិសាសន៍ខុសៗគ្នា) របស់ចក្រភពថ្មីនេះគឺមានស្ថានភាពស្រដៀងនឹងចក្រភពហាបស៍ប៊ឺកមុនឆ្នាំ១៨០៤ ដដែរ។

ទាំងនេះត្រូវបានបញ្ជាក់ឱ្យឃើញដោយរាជាណាចក្រហុងគ្រីដោយពេលនោះប្រទេសហុងគ្រីគឺជារដ្ឋដែលមិនធ្លាប់ក្លាយជាសមាជិកពេញលេញនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋនោះទេហើយត្រូវគេចាត់ទុកជាអាណាចក្រដាច់ដោយឡែកពីអូទ្រីសទៀតផង (ទោះជាទឹកដីពួកគេស្ថិតនៅក្នុងចក្រភពអូទ្រីសក្តី) — ស្ថានភាពដែលហុងគ្រីកំពុងស្ថិតនៅនេះគឺត្រូវបានបញ្ជាក់នៅក្នុងមាត្រា X ដែលបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញហុងគ្រីនៃឆ្នាំ១៧៩០ ក្នុងអំឡុងពេលដែលរាជាធិបតេយ្យចម្រុះបានចាប់ផ្តើមដំណើរការឡើងហើយគេបានចាត់ទុកប្រទេសហុងគ្រីនាពេលនោះជា Regnum Independens។ កិច្ចការងារប្រទេសជាតិហុងគ្រីគឺត្រូវបានគ្រប់គ្រងដោយស្ថាប័នខ្លួនផ្ទាល់ដូចពីមុនដដែរ។ នេះមានន័យថាហុងគ្រីមានស្ថាប័នឯករាជ្យមែនប៉ុន្តែស្ថាប័នពួកគេគឺមិនអាចជះឥទ្ធិពលអ្វីដល់កិច្ចការរដ្ឋាភិបាលឡើយ។[២][៣][៤]

ចក្រភពរ៉ូម៉ាំងពិសិដ្ឋបានដួលរលំនិងត្រូវរំលាយចោលជាផ្លូវការដោយចក្រភពបារាំងបន្ទាប់ពីបារាំងបានវាយចូលចក្រភពនេះនៅអំឡុងខែកញ្ញា ឆ្នាំ១៨០៥។ នៅថ្ងែទី២០ ខែតុលា ឆ្នាំ១៨០៥ កងទ័ពបារាំងរបស់អធិរាជណាប៉ូឡេអុងបានយកឈ្នះលើទ័ពអូទ្រីសដែលដឹកនាំដោយឧត្តមសេនីយ៍កាល់ ម៉ាក វន ឡៃបេរិចនៅក្បែរទីក្រុងអូម (Ulm), កងទ័ពអូទ្រីសប្រមាណ ២០,០០០ នាក់ជាមួយនឹងកាំភ្លើងធំមួយចំនួនត្រូវចាប់ខ្លួននិងរិបអូសដោយកងទ័ពបារាំង។ ណាប៉ូឡេអុងបានទទួលជ័យជម្នះដ៏ធំមួយនៅក្នុងសមរភូមិអូស្ទ័រលីត (Austerlitz) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៥។ ព្រះចៅអធិរាជហ្រ្វង់ក៏ត្រូវបង្ខំចិត្តចូលធ្វើកិច្ចចរចាសន្តិភាពជាមួយបារាំងចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែធ្នូ។ នៅក្នុងកិច្ចចរចានេះ ហ្រ្វង់បានស្នើរបារាំងពីយុទ្ធសន្តិភាពដែលចេញធរមានចាប់ពីថ្ងៃទី៦ ខែធ្នូនោះតទៅ។

ជ័យជម្នះរបស់បារាំងបានជំរុញឱ្យមេដឹកនាំនៅតាមរដ្ឋរាជាធិរាជមួយចំនួនចងសម្ព័ន្ធភាពជាមួយបារាំងដើម្បីការពារឯករាជ្យភាពរបស់អាណាចក្ររបស់ពួកគេពីការឈ្លានពានរបស់បារាំង។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៨០៥, ចៅព្រះពញាម៉ាស៊ីមីលានទី៤ នៃនគរបាវ៉ារៀបានប្រកាសខ្លួនទ្រង់ថាជាព្រះមហាក្សត្រថ្មីនៃបាវ៉ារៀ បន្ទាប់មកចៅព្រះពញាហ្រ្វេឌឺរិចទី៣ ក៏បានធ្វើតាមដោយប្រកាសខ្លួនជាព្រះមហាក្សត្រនៃវ៉ើថិនប៊ឺក។ សាល ហ្រ្វេឌឺរិចដែលជាអង្គក្សត្រនគរបាដិន ទ្រង់បានទទួលងារជា មហាពញាក្សត្រនៃបាដិននៅថ្ងៃទី១២ ខែធ្នូ។ រដ្ឋខាងលើនីមួយៗបានក្លាយជាសម្ព័ន្ធមិត្តនឹងប្រទេសបារាំង។ សន្ធិសញ្ញាប្រេសប៊ឺករវាងបារាំងនិងអូទ្រីសត្រូវបានចុះនៅថ្ងៃទី២៦ ខែធ្នូ ដោយអូទ្រីសត្រូវប្រគល់ទឹកដីនិងកម្មសិទ្ធិរបស់ខ្លួននៅអាល្លឺម៉ង់មួយចំនួនធំទៅឱ្យសម្ព័ន្ធមិត្តរបស់បារាំង។

អធិរាជហ្រ្វង់ទី២ បានយល់ឃើញថាសន្ធិសញ្ញាប្រេសប៊ឺកនេះគឺជាភាពដ៏គួរឱ្យអាម៉ាសមួយដោយការចុះសន្ធិសញ្ញាមួយនេះគឺមានន័យថាចក្រភពរ៉ូម៉ាំងពិសិដ្ឋដែលមានអាយុកាលជាង ១,០០០ ឆ្នាំនឹងត្រូវដួលរលំហើយរដ្ឋទាំងប៉ុន្មាននៅក្នុងចក្រភពនេះត្រូវ ព្រះចៅណាប៉ូឡេអុងរៀបចំរចនាឡើងវិញដោយបូកបញ្ចូលរដ្ឋទាំងនោះចូលគ្នាឱ្យក្លាយជារដ្ឋថ្មីៗមួយចំនួនដែលមានលក្ខណៈជាបុរេទឹកដីប្រទេសអាល្លឺម៉ង់សព្វថ្ងៃ។ នេះគឺជាមូលហេតុចម្បងដែលបានកាត់បន្ថយឥទ្ធិពលនិងអំណាចរបស់ចក្រភពអូទ្រីសមកលើរដ្ឋអាល្លឺម៉ង់។ ដូចជាបានរៀបរាប់ខាងលើហើយគឺរដ្ឋបាវ៉ារៀ វ៉ើថិនប៊ឺក និងបាដិនគឺសុទ្ធតែជារដ្ឋធ្លាប់ជិតស្និតជាមួយអូទ្រីសប៉ុន្តែការរីកចម្រើននៃឥទ្ធិពលនិងអំណាចរបស់បារាំងបានធ្វើឱ្យរដ្ឋទាំងបីសម្រេចចិត្តដកខ្លួនបន្តិចម្តងៗឆ្ងាយពីអូទ្រីសរួចមកចងសម្ព័ន្ធភាពជាមួយបារាំង។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៨០៦ សហព័ន្ធរ៉ាំងត្រូវបានបង្កើតឡើងដោយមានរដ្ឋអធិបតេយ្យចំនួន ១៦ ជាសមាជិកក្នុងសហព័ន្ធដោយស្ថិតនៅក្រោមឥទ្ធិពលបារាំង សហព័ន្ធថ្មីនេះគឺត្រូវគេចាត់ទុកថាជារដ្ឋស្នងពីចក្រភពរ៉ូម៉ាំងពិសិដ្ឋ។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៨០៦ ហ្រ្វង់ត្រូវបង្ខំទទួលស្គាល់នូវអធិបតេយ្យភាពនៃសហព័ន្ធថ្មីនេះហើយថែមទាំងបានប្រកាសពីការរំលាយចក្រភពរ៉ូម៉ាំងពិសិដ្ឋចោលជាផ្លូវការទៀតផងដោយទ្រង់មិនចង់ឱ្យណាប៉ូឡេអុងក្លាយជាអធិរាជថ្មីនៃចក្រភពរបស់ព្រះអង្គឡើយ។ សកម្មភាពទាំងនេះគឺមិនបានទទួសស្គាល់ដោយស្តេចហ្ស៊កនៃចក្រភពអង់គ្លេសឡើយដោយព្រះអង្គមានងារជាអេឡិចទ័រនៃហានណូវ័រហើយនឹងត្រូវបាត់បង់ទឹកដីហានណូវ័រនិងតំណែងទ្រង់ទៅបារាំងដោយសារតែសន្ធិសញ្ញាប្រេសប៊ឺក។ អំណះអំណាងរបស់ហ្ស៊កក៏ត្រូវបានដោះស្រាយដោយប្តូររដ្ឋហានណូវ័រទៅជារាជាណាចក្រហើយរាជាណាចក្រថ្មីនេះគឺត្រូវកាន់កាប់ដោយក្សត្រស្នងរបស់ហ្ស៊កគឺម្ចាស់ក្សត្រីវ៉ិចតូរីយ៉ា

សម័យមេទឹរនិច[កែប្រែ]

ជំនួបរវាងអង្គក្សត្រស្វាសេនប៊ឺកនិងព្រះមហាក្សត្ររុស្ស៊ី អូទ្រីស និងព្រុសនៅក្រោយសមរភូមិលែបស៊ីក, ១៨១៣

លោកក្លេមីនស៍ វន មេទឹរនិចបានក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់អូទ្រីសនៅក្នុងឆ្នាំ១៨០៩។ ពីមុនមក លោកធ្លាប់បានកាន់តំណែងជាអធិការបតីពីឆ្នាំ១៨២១ រហូតដល់ឆ្នាំ១៨៤៨។ គេបានសម្តៅទៅចន្លោះឆ្នាំ១៨១៥-១៨៤៨ ក្នុងប្រវត្តិសាស្រ្តអូទ្រីសថា"យុគសម័យមេទឹរនិច"។[៥] ក្នុងអំឡុងពេលកាន់អំណាច, លោកមេទឹរនិចបានគ្រប់គ្រងលើគោលនយោបាយការបរទេសរបស់រាជវង្សហាបស៍ប៊ឺកហើយកិច្ចការរបស់លោកនីមួយៗបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យនយោបាយទូទាំងទ្វីបអឺរ៉ុប។ មេទឹរនិចត្រូវបានគេស្គាល់ភាគច្រើនដោយសារតែទស្សនៈអភិរក្សនិយមនិងវិធីសាស្រ្តរបស់លោកក្នុងការដោះស្រាយបញ្ហានយោបាយ គោលនយោបាយរបស់លោកមេទឹរនិចគឺប្រឆាំងនឹងបដិវត្តន៍និងលទ្ធិសេរីនិយម។[៦] តាមគំនិតរបស់លោក លទ្ធិសេរីនិយមនេះហើយគឺជាទម្រង់មូលដ្ឋានដែលអាចនាំឱ្យមានបដិវត្តន៍ផ្ទុះឡើង។[៧] លោកមេទឹរនិចក៏បានយល់ដែរថាមានតែរាជាធិបតេយ្យផ្តាច់ការប៉ុណ្ណោះទេដែលជារដ្ឋាភិបាលត្រឹមត្រូវសម្រាប់ចក្រភពអូទ្រីស។[៨] គំនិតរបស់មេទឹរនិចខាងលើនេះបានផ្តល់ឥទ្ធិពលខ្លាំងដល់គោលនយោបាយប្រឆាំងនឹងបដិវត្តន៍របស់លោកដើម្បីបន្តរក្សាអត្ថិភាពរាជវង្សហាបស៍ប៊ឺកនៅឆាកនយោបាយអឺរ៉ុប។ លោកមេទឹរនិចគឺជាអ្នកការទូតម្នាក់ដែលអនុវត្តតុល្យភាពអំណាច។[៩] គោលនយោបាយការបរទេសរបស់លោកគឺមានបំណងចង់រក្សាលំនឹងនយោបាយអន្តរជាតិដើម្បីការពារអំណាចនិងឥទ្ធិពលរបស់រាជវង្សហាបស៍ប៊ឺកនៅក្នុងកិច្ចការងារអន្តរជាតិ។ បន្ទាប់ពីសង្គ្រាមណាប៉ូឡេអូនិចបានបញ្ចប់ លោកមេទឹរនិចគឺជាប្រធានស្ថាបនិកនៃកិច្ចប្រជុំសមាជក្រុងវីយែនឆ្នាំ១៨១៥។ ចក្រភពអូទ្រីសគឺជារដ្ឋដែលទទួលបានផលប្រយោជន៍ច្រើនជាងគេនៅក្នុងកិច្ចប្រជុំសមាជនេះដោយខ្លួនបានចងសម្ព័ន្ធភាពជាមួយនឹងអង់គ្លេស ព្រុស និងរុស្ស៊ីរួចបានបង្កើតចេញជាសម្ព័ន្ធមិត្តចត្វាគុណ។ មិនត្រឹមតែប៉ុណ្ណោះអូទ្រីសក៏ទទួលបានទឹកដីថ្មីពីកិច្ចប្រជុំសមាជក្រុងវីយែនដែរ ឥទ្ធិពលរបស់អូទ្រីសបានលាតសន្ធឹងទៅតំបន់ភាគខាងជើងតាមសហព័ន្ធអាល្លឺម៉ង់ចូលទៅក្នុងតំបន់ក្បែររដ្ឋអ៊ីតាលី។ ដោយសារតែសមាជក្រុងវីយែននេះហើយដែលបានធ្វើឱ្យអូទ្រីសក្លាយជារដ្ឋផ្តាច់មុខគេនៅក្នុងសហព័ន្ធអាល្លឺម៉ង់ថ្មី។ ក្រោយពីការប្រជុំសមាជ មេដឹកនាំមហាអំណាចធំៗទូទាំងអឺរ៉ុបបានយល់ស្របនឹងគ្នាក្នុងការធ្វើកិច្ចប្រជុំនៅពេលខាងមុខទៀតស្តីពីដំណោះស្រាយនៃជម្លោះឬបញ្ហាបដិវត្តន៍នាពេលអនាគត។ ដោយសារតែលោកមេទឹរនិចមានតួនាទីនិងទំនួលខុសត្រូវខ្ពង់ជាងគេនៅក្នុងកិច្ចប្រជុំសមាជនោះដូច្នេះហើយបានជាអ្នកខ្លះតែងហៅវាថា"កិច្ចប្រជុំមេទឹរនិច" ឬ "ប្រព័ន្ធមេទឹរនិច"។ ក្រោមការដឹកនាំរបស់លោកមេទឹរនិចដែលជារដ្ឋមន្រ្តីក្រសួងការបរទេសអូទ្រីស សមាជប្រជុំក្រោយៗគឺនឹងត្រូវបានធ្វើឡើងដើម្បីដោះស្រាយកិច្ចការបរទេសក្នុងអឺរ៉ុប។ សមាជទាំងអស់នោះរួមមានដូចជា សមាជអិច-ឡា-ឆាបែល (១៨១៨) សមាជឆាលបាត (១៨១៩) ត្រូប៉ាវ (១៨២០) ឡៃបាក (១៨២១) និង វេរ៉ូណា (១៨២២)។ គោលដៅចម្បងនៃកិច្ចប្រជុំទាំងអស់នេះគឺចង់រក្សាលំនឹងនយោបាយរបស់ប្រទេសមហាអំណាចអឺរ៉ុប និងទប់ស្កាត់បង្ក្រាបការប៉ងធ្វើបដិវត្តន៍ទម្លាក់មហាអំណាចទាំងនោះ។ គោលដៅមួយទៀតនៃកិច្ចប្រជុំនេះគឺចង់ដោះស្រាយនូវបញ្ហានិងជម្លោះដោយមិនចាំបាច់ប្រើអំពើហិង្សាឬកម្លាំងយោធា។ ដោយការជួបប្រជុំនិងការចងសម្ព័ន្ធភាពជាមួយសំណាក់មហាអំណាចអឺរ៉ុបដែលមេដឹកនាំមហាអំណាចនីមួយៗសុទ្ធតែមានចំណាប់អារម្មណ៍ដូចគ្នាក្នុងការរក្សាទិសដៅនៃនយោបាយអភិរក្សនិយម ទាំងនេះបានធ្វើឱ្យមេទឹរនិចមានលទ្ធភាពពង្រីកឥទ្ធិពលអូទ្រីសចូលទៅក្នុងឆាកនយោបាយអឺរ៉ុបបានដោយងាយ។ ម៉្យាងវិញទៀត មេទឹរនិចបានផ្សព្វផ្សាយពីក្តីបារម្ភរបស់លោកអំពី'បដិវត្តិន៍'ទៅមហាអំណាចអឺរ៉ុបទាំងអស់ ដូច្នេះហើយបានជាលោកអាចសម្រេចនូវសន្តិសុខពេញលេញនិងអធិកភាពទៅឱ្យរាជវង្សហាបស៍ប៊ឺក។

នៅអំឡុងសម័យមេទឹរនិចនេះ សកម្មភាពបះបោររបស់ពួកជាតិនិយមនៅទិសនិរតី (សព្វថ្ងៃនៅភាគខាងជើងប្រទេសអ៊ីតាលី) ត្រូវបានបង្ក្រាបដោយប្រើកម្លាំងយោធា។ នៅក្នុងប្រទេស លោកមេទឹរនិចបានអនុវត្តិគោលនយោបាយស្រដៀងនឹងខាងលើនេះដើម្បីបំបាត់ពួកបដិវត្តិនិងអ្នកសេរីនិយម។ គាត់បានអនុវត្តច្បាប់ឆាលបាតនៃឆ្នាំ១៨១៩ ដែលប្រើការត្រួតពិនិត្យនិងឃ្លាំមើលយ៉ាងតឹងរឹងនៅក្នុងវិស័យអប់រំ និយាយថ្លែងប្រកាសជាសាធារណៈអំពីភាពអស្ចារ្យនៃការដឹកនាំរបស់រាជវង្សហាបស៍ប៊ឺកដើម្បីដាក់សម្ពាធលើគំនិតបដិវត្តន៍និងជាតិនិយម។ មេទឹរនិចថែមទាំងប្រើវិធីសាស្រ្តស៊ើបការណ៍សម្ងាត់ទៀតផងដើម្បីកម្ចាត់ភាពវឹកវរនិងអនាធិបតេយ្យភាព។

លោកមេទឹរនិចបានប្រតិបត្តិការងារលោកដោយសេរីទាក់ទងនឹងគោលនយោបាយការបរទេសក្រោមរជ្ជកាលអធិរាជហ្វ្រង់ទី២ ប៉ុន្តែព្រះចៅហ្រ្វង់បានចូលទិវង្គតនៅក្នុងឆ្នាំ១៨៣៥ ហើយឥទ្ធិពលរបស់មេទឹរនិចនៅក្នុងកិច្ចការនយោបាយក៏ចាប់ផ្តើមអន់ថយនៅក្នុងចក្រភពអូទ្រីស។ រជ្ជទាយាទរបស់ហ្វ្រង់គឺជាបុត្រារបស់ទ្រង់ព្រះនាមហ៊្វែឌីណង់ទី១ ប៉ុន្តែគួរឱ្យអភ័ព្វ ព្រះចៅហ៊្វែឌីណង់បានទទួលរងនូវពិការភាពខាងបញ្ញា ពោលគឺអសមត្ថភាពខាងបញ្ញា។ ការឡើងគ្រងរាជរបស់ហ៊្វែឌីណង់បានបន្តអំណាចគ្រួសាររាជវង្សហាបស៍ប៊ឺកមែនប៉ុន្តែព្រះអធិរាជហ៊្វែឌីណង់មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រទេសជាតិទេ។ ភាពជាអ្នកដឹកនាំនៃចក្រភពអូទ្រីសត្រូវបានផ្ទេរទៅក្រុមប្រឹក្សារដ្ឋដែលមានដូចជាលោកមេទឹរនិច ប្អូនប្រុសព្រះអធិរាជហ្រ្វង់ព្រះនាមព្រះអង្គម្ចាស់ល្វី និងលោកហ្វ្រង់ អានតុន កូឡូរ៉ាត៍ដែលក្រោយមកលោកបានក្លាយជាប្រធានរដ្ឋមន្រ្តីដំបូងនៃចក្រភពអូទ្រីស។ បដិវត្តន៍ឆ្នាំ១៨៤៨ ក្នុងចក្រភពអូទ្រីសបានបង្ខំឱ្យលោកមេទឹរនិចលាលែងចេញពីតំណែងនិងកិច្ចការនយោបាយ។ មេទឹរនិចត្រូវបានគេចងចាំជានិច្ចដោយសារតែភាពជោគជ័យរបស់លោកក្នុងការរក្សាស្ថានការប្រទេសឱ្យមានលំនឹងនិងដោយបានពង្រីកឥទ្ធិពលរាជវង្សហាបស៍ប៊ឺកទៅក្នុងកិច្ចការងារអន្តរជាតិ។ ក្រោយៗមក គ្មានមន្រ្តីក្រសួងការបរទេសណាបានដើរតាមគោលនយោបាយរបស់មេទឹរនិចទេហើយអូទ្រីសក៏លែងសូវមានឥទ្ធិពលអ្វីនៅក្នុងកិច្ចការងារអឺរ៉ុបទៀតដែរ។

អ្នកប្រវត្តិវិទូជាច្រើនតែងចងចាំសម័យមេទឹរនិចថាជាពេលវេលាដែលស្ងាត់ស្ងៀមមួយពោលគឺអូទ្រីសមិនដែលជួបជម្លោះសង្គ្រាមនិងព្រមទាំងគ្មានកំណែទម្រង់ផ្ទៃក្នុងមូលវិវដ្តអ្វីថែមទៀតផង។[១០] មានអ្នកខ្លះទៀតគេគិតថាសម័យនោះគឺជាសម័យដែលសេដ្ឋកិច្ចអូទ្រីសកំពុងលូតលាស់រីកចម្រើននិងព្រមទាំងជាវេលាដែលសម្បូរទៅដោយវិបុលភាពផងដែរ។[១០] ចំនួនប្រជាជនអូទ្រីសបានកើនឡើងរហូតដល់ទៅ ៣៥,៧ លាននាក់ឯណោះគិតត្រឹមឆ្នាំ១៨៤៨។ នគររូបនីយកម្មបានកើនឡើងខ្ពស់ដោយគេស្ទង់មើលឃើញថាចំនួនប្រជាជនក្នុងទីក្រុងវីយែនបានកើនឡើងដល់ទៅ ៤០០,០០០ នាក់។ នៅអំឡុងសម័យមេទឹរនិចនេះផងដែរ ចក្រភពអូទ្រីសបានរក្សានូវស្ថេរភាពសេដ្ឋកិច្ចហើយថវិកាជាតិក៏បានកើនឡើងទោះជាធ្លាប់ទទួលរងនូវឱនភាពដ៏ធំមួយបន្ទាប់ពីបញ្ចប់សង្គ្រាមណាប៉ូឡេអូនីកក៏ដោយ។[១១]

បដិវត្តន៍ឆ្នាំ១៨៤៨[កែប្រែ]

សមរភូមិកូម៉ារ៉ូមនៅក្នុងបដិវត្តន៍ហុងគ្រី, ១៨៤៩

ចាប់ពីខែមីនា ឆ្នាំ១៨៤៨ ដល់ខែវិច្ឆិកា ឆ្នាំ១៨៤៩ ចក្រភពអូទ្រីសត្រូវបានគំរាមកំហែងដោយបដិវត្តន៍មួយចំនួនដែលភាគច្រើនគឺជាងការបះបោរដោយក្រុមជាតិនិយម។ ក្រៅពីនេះ អ្នកប្រកាន់ខ្សែគំនិតសេរីនិយមនិងព្រមទាំងសង្គមនិយមក៏បាននាំគ្នាប្រឆាំងនឹងគោលនយោបាយអភិរក្សនិយមរបស់ចក្រភពអូទ្រីសដែលបានអនុវត្តជាយូរអង្វែងមកនេះ។ ទោះបីជាផែនការបដិវត្តភាគច្រើនត្រូវបានទទួលបរាជ័យក៏ដោយប៉ុន្តែបដិវត្តទាំងអស់នោះក៏បានផ្តល់ឱ្យមានការផ្លាស់ប្តូរខ្លះៗដែរ។ កំណែទម្រង់ធំៗក្រោយពីការធ្វើបដិវត្តទាំងនោះមានដូចជាការលុបបំបាត់ប្រព័ន្ធសេវកជន (វណ្ណៈតំណាងឱ្យកសិករកម្មករនៅក្នុងរបបសក្តិភូមិ) ការលុបចោលនៃការត្រួតពិនិត្តតឹងរឹងនិងកិច្ចសន្យាដែលធ្វើឡើងដោយព្រះចៅហ៊្វែឌីណង់ទី១ ថានឹងអនុម័តច្បាប់រដ្ឋធម្មនុញ្ញនៅទូទាំងប្រទេស។

សម័យបាក[កែប្រែ]

បន្ទាប់ពីអង្គក្សត្រហ្វីលិចនៃស្វាសេនប៊ឺកបានចូលទិវង្គតក្នុងឆ្នាំ១៨៥២ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃម្នាក់ឈ្មោះបារ៉ន អាឡិចសាន់ដឺ វន បាកបានតម្រូវគោលនយោបាយថ្មីយ៉ាងទូលំទូលាយក្នុងរដ្ឋអូទ្រីសនិងហុងគ្រី។ បាកបានធ្វើមជ្ឈការអាជ្ញាធររដ្ឋបាលសម្រាប់ចក្រភពអូទ្រីស ប៉ុន្តែលោកក៏បានគាំទ្រនូវគោលនយោបាយប្រតិកិរិយាដែរដោយបានកាត់បន្ថយសេរីភាពសារព័ត៌មាននៅក្នុងប្រទេសជាដើម។ លោកក្រោយមកបានក្លាយជានិមិត្តសញ្ញានៃនយោបាយផ្តាច់ការ (ឬ Klerikalabsolutist)។ វេលាឬសម័យនេះនៅក្នុងប្រវត្តិសាស្ត្រអូទ្រីសត្រូវបានគេស្គាល់ថាជាយុគសម័យផ្តាច់ការបែបថ្មីឬរបបផ្តាច់ការបាក។

អធិរាជអូទ្រីស ហ្វ្រង់ ហ្សូសែហ្វ ជាមួយនឹងទាហានរបស់ព្រះអង្គនៅសូលហ៊្វែរីណូ, ១៨៥៩

ក្នុងសម័យនេះ នៅក្នុងពន្ធនាគារគឺសម្បូរទៅដោយបុគ្គលដែលទាក់ទងនឹងនយោបាយជាច្រើននាក់ដូចជា អ្នកសារព័ត៌មាននិងអ្នកនិពន្ធជនជាតិឆេកម្នាក់ឈ្មោះការែល ហាវលីឆេក បូរ៉ូវស្គី ដោយលោកត្រូវរដ្ឋាភិបាលនិរទេសដោយបង្ខំទៅក្រុងប៊្រីកសិននៅប្រទេសអ៊ីតាលី។ ការធ្វើនិរទេសនេះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់លោកជាទម្ងន់ហើយក្រោយមកលោកក៏ត្រូវបានទទួលអនិច្ចកម្ម។ មរណភាពរបស់បូរ៉ូវស្គីបានផ្តល់កេរ្តិ៍ឈ្មោះដ៏អាក្រក់ទៅឱ្យលោកបាកដោយប្រជាជនឆេក មិនយូរប៉ុន្មានចលនាជាតិនិយមនៅទឹកដីឆេកក៏បានផ្ទុះឡើង។

ទោះជាយ៉ាងណា ទស្សនៈមនោគមវិជ្ជាបន្ធូរបន្ថយរបស់លោក (ក្រៅពីគំនិតផ្តាច់ការបែបថ្មី) បាននាំឱ្យសេរីភាពនៃសេដ្ឋកិច្ចកើនឡើងយ៉ាងខ្ពស់នៅក្នុងទសវត្សឆ្នាំ១៨៥០។ របៀបរបបកាតព្វកិច្ចផ្ទៃក្នុងប្រទេសចាស់ត្រូវបានលុបបំបាត់ចោលហើយជំនួសវិញដោយរបៀបថ្មី ហើយកម្មករកសិករត្រូវបានរំដោះចេញពីបំណុលសក្តិភូមិរបស់ពួកគេ។[១២]

ដោយមានឋានៈជាប្រទេសនាំមុខគេនៅក្នុងសហព័ន្ធអាល្លឺម៉ង់ អូទ្រីសបានស្ម័គ្រចិត្តចូលប្រយុទ្ធក្នុងសង្គ្រាមស្លែសវីកលើកទី១ (១៨៤៨–១៨៥០)។

រដ្ឋសាឌីនាបានចងសម្ព័ន្ធភាពជាមួយនឹងបារាំងដើម្បីវាយត្រួតត្រារាជាណាចក្រលុំបាតឌី-វីនេស៊ាដែលជារដ្ឋដ៏សំខាន់មួយរបស់ចក្រភពអូទ្រីស។ អូទ្រីសក៏ទទួលបរាជ័យនៅក្នុងជម្លោះសង្គ្រាមនេះក្នុងឆ្នាំ១៨៥៩ ហើយបានប្រគល់រដ្ឋលុំបាតទៅឱ្យអ៊ីតាលីបន្ទាប់ពីចុះសន្ធិសញ្ញាវីឡាហ្វ្រង់កា និងសន្ធិសញ្ញាហ្ស៊ូរិច។[១៣]

ក្រោយឆ្នាំ១៨៥៩[កែប្រែ]

រដ្ឋធម្មនុញ្ញនៃឆ្នាំ១៨៦១ បាននាំឱ្យកើតមាននូវសភាអភិជន (Herrenhaus) និងសភាតំណាងរាស្រ្ត (Abgeordnetenhaus) ប៉ុន្តែទាំងអស់នេះមិនបានធ្វើឱ្យព្រះអធិរាជនិងគ្រួសាររាជវង្សទ្រង់ពេញព្រះទ័យនោះទេ។

បន្ទាប់ពីបញ្ចប់សង្គ្រាមលើកទីពីរជាមួយនឹងដាណឺម៉ាកក្នុងឆ្នាំ១៨៦៤ តំបន់ហូលស្តែនក៏បានក្លាយជាទឹកដីអូទ្រីសរីឯតំបន់ស្លែសវីកនិងឡាអុនប៊ឺកបានធ្លាក់មកនៅក្រោមការគ្រប់គ្រងរបស់ព្រុស ប៉ុន្តែទោះបីជាយ៉ាងណា បញ្ហាផ្ទៃក្នុងរបស់អូទ្រីសគឺនូវតែបន្តមានដដែរ។[១៤] មន្រ្តីសភាជាន់ខ្ពស់បានជំនួសទៅក្នុងសភាតំណាងរាស្ត្រក្នុងខេត្តចំនួន ១៧ ឯប្រជាជននៅលើទឹកដីហុងគ្រីគឺចង់បានស្វ័យភាពផ្ទាល់ខ្លួន ចំណែកឯប្រជាជននៅតំបន់វីនេស៊ាវិញគឺចង់ផ្តាច់ខ្លួនចេញពីអូទ្រីសហើយចូលជាផ្នែកនៃប្រទេសអ៊ីតាលីវិញ។

បន្ទាប់ពីអូទ្រីសបានចាញ់សង្គ្រាមអូទ្រីស-ព្រុសនៃឆ្នាំ១៨៦៦ សហព័ន្ធអាល្លឺម៉ង់ក៏ត្រូវបានរំលាយចោល។ កិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧ ក៏ត្រូវបានអនុម័តឡើង។ ការសម្រេចនៃកិច្ចព្រមព្រៀងនេះគឺមានន័យថា រាជាណាចក្រហុងគ្រីនិងចក្រភពអូទ្រីសដែលធ្លាប់ជាអង្គភាពពីរដាច់ពីគ្នានឹងបញ្ចូលរួមគ្នាដើម្បីបង្កើតជារបបរាជានិយមក្បាលពីរពោលគឺចក្រភពអូទ្រីស-ហុងគ្រី

គោលនយោបាយការបរទេស[កែប្រែ]

លោកមេទឹរនិចជាមួយនឹងលោកវែលីងតុន តាលេរ៉ង់ និងអ្នកការទូតអឺរ៉ុបផ្សេងៗទៀតនៅក្នុងកិច្ចប្រជុំសមាជក្រុងវីយែន ឆ្នាំ១៨១៥

សង្គ្រាមណាប៉ូឡេអូនីកបានចូលមកជ្រៀតជ្រែកលើគោលនយោបាយការបរទេសអូទ្រីសទាំងមូលពីឆ្នាំ១៨០៤ ដល់ឆ្នាំ១៨១៥។ គេបានចាត់ទុកកងកម្លាំងទ័ពអូទ្រីសនៅក្នុងសង្គ្រាមនេះជាកម្លាំងទ័ពដ៏ខ្លាំងក្លាជាងគេបំផុតដែលបារាំងត្រូវប្រឈមជាមួយ។ បន្ទាប់ពីព្រុសបានចុះសន្ធិសញ្ញាសន្តិភាពជាមួយបារាំងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៧៩៥ មក អូទ្រីសត្រូវបានក្លាយជាប្រទេសតែមួយគត់ដែលត្រូវទទួលរ៉ាប់រងទៅលើសង្គ្រាមជាមួយបារាំងណាប៉ូឡេអូនីកអស់រយៈពេលជាងដប់ឆ្នាំ។ ទាំងនេះបានធ្វើឱ្យសេដ្ឋកិច្ចអូទ្រីសចុះខ្សោយខ្លាំងដែលបណ្តាលឱ្យប្រជាជនជាច្រើនបាននាំគ្នាចេញប្រឆាំងនឹងរាជរដ្ឋាភិបាល។ ដោយហេតុនេះទើបព្រះចៅហ្រ្វង់ទី២ បានបដិសេដមិនយល់ស្របរាល់គំនិតនិងផែនការទាំងឡាយណាដែលប្រឆាំងនឹងបារាំង។ តែព្រះអង្គបានលួចចុះកិច្ចព្រមព្រៀងផ្នែកយោធាជាសម្ងាត់ជាមួយនឹងចក្រភពរុស្ស៊ីនៅក្នុងខែវិច្ឆិកា ឆ្នាំ១៨០៤ ក្នុងបំណងចង់សងសឹកនឹងបារាំងវិញបើមានឱកាស។ កិច្ចព្រមព្រៀងសម្ងាត់មួយនេះគឺបានបង្កើតឡើងដើម្បីធានានូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកក្នុងករណីបើមានសង្គ្រាមថ្មីប្រឆាំងនឹងបារាំងកើតឡើង។[១៥]

ចក្រភពអូទ្រីសបានប្រកាសបដិសេដមិនចូលរួមក្នុងសង្គ្រាមសម្ព័ន្ធភាពទីបីឡើយដែលជាហេតុបានធ្វើឱ្យអង់គ្លេសមានភាពស្ទាក់ស្ទើរខ្លាំង។ នៅទីបំផុត អង់គ្លេសក៏អាចបញ្ចុះបញ្ចូលអូទ្រីសឱ្យចូលរួមក្នុងសង្គ្រាមបានបន្ទាប់ពីខ្លួនបានផ្តល់ការឧបត្ថមជាថវិកាដ៏ធំជូនចក្រភពអូទ្រីសក៏ប៉ុន្តែអូទ្រីសត្រូវដកខ្លួនចេញពីសង្គ្រាមវិញបន្ទាប់ពីទទួលបរាជ័យនៅក្នុងសមរភូមិអូស្ទ័រលីត។ ទោះបីជាថវិកាជាតិរបស់អូទ្រីសត្រូវបានចំណាយភាគច្រើនទៅលើសង្គ្រាមហើយទំនាក់ទំនងអន្តរជាតិត្រូវបានកាត់បន្ថយមែនក្តី ប៉ុន្តែសន្ធិសញ្ញាប្រេសប៊ឺកបានផ្តល់ពេលវេលាច្រើនសម្រាប់ឱ្យអូទ្រីសពង្រឹងកម្លាំងទ័ពនិងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ លើសពីនេះទៅទៀត សម្ដេចព្រះបរមរាជឱរសាធិរាជអូទ្រីសព្រះនាមចូហាន ហ្វីលីព វន ស្តាឌីអនគឺមានមហិច្ឆតាខ្ពស់ដោយព្រះអង្គមិនដែលចង់លះបង់នូវគោលគំនិតបន្តសង្គ្រាមជាមួយបារាំងនោះទេ។

ចក្រភពអូទ្រីសក្នុងឆ្នាំ១៨១២

ព្រះបរមរាជឱរសាធិរាជអូទ្រីសព្រះនាមសាលបានបម្រើការជាប្រធាននៃក្រុមប្រឹក្សាផ្នែកសង្គ្រាមនិងជាមេបញ្ជាការកងទ័ពអូទ្រីស, ទ្រង់បានរៀបចំកំណែទម្រង់ទ័ពជាថ្មីដើម្បីត្រៀមសម្រាប់សង្គ្រាមបន្ទាប់។ រដ្ឋមន្រ្តីក្រសួងការបរទេសអូទ្រីសគឺព្រះអង្គចូហាន ហ្វីលីព វន ស្តាឌីអនគឺតែងតែប្រឆាំងនិងស្អប់ខ្ពើមអធិរាជណាប៉ូលេអុងជានិច្ចព្រោះថាពេលណាប៉ូលេអុងបានឡើងកាន់កាប់អំណាច ទ្រព្យសម្បត្តិរបស់ព្រះអង្គទាំងប៉ុន្មាននៅឯប្រទេសបារាំងត្រូវបានណាប៉ូលេអុងបញ្ជាទ័ពឱ្យរឹបអូសយកទាំងអស់។ មិនតែប៉ុណ្ណោះ ព្រះមហេសីទីបីរបស់ព្រះចៅហ្រ្វង់ទី២ ព្រះនាមម៉ារីអា លូដូវីកាបានយល់ស្របជាមួយព្រះអង្គចូហានក្នុងការផ្តួចផ្តើមសង្គ្រាមថ្មី។ លោកក្លេមីន វន មេទឹរនិចដែលកំពុងស្នាក់នៅទីក្រុងប៉ារីសបានអំពាវនាវឱ្យថ្នាក់ដឹកនាំអូទ្រីសចូលពិចារណាឱ្យអស់ពីចិត្តមុននឹងសម្រេចប្រកាសសង្គ្រាមជាមួយបារាំង។ ភាពបរាជ័យរបស់កងទ័ពបារាំងនៅឯសមរភូមិបៃលិន (Bailén) ក្នុងប្រទេសអេស្ប៉ាញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៨០៨ គឺជាថ្ងៃដែលអូទ្រីសសម្រេចប្រកាសសង្គ្រាមមកលើបារាំងម្តងទៀត។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៨០៩ កងកម្លាំងយោធាអូទ្រីសប្រហែល ១៧០,០០០ នាក់បានវាយចូលទៅក្នុងរដ្ឋរណបរបស់បារាំងគឺបាវ៉ារៀ[១៦]

ទោះបីជាបានទទួលបរាជ័យជាច្រើនលើកច្រើនសារនិងព្រមទាំងបានបាត់បង់ទឹកដីដោយសារសង្គ្រាមមែន ប៉ុន្តែអូទ្រីសបានដើរតួយ៉ាងសំខាន់ក្នុងការយកឈ្នះលើណាប៉ូលេអុងនៅក្នុងសង្គ្រាមឆ្នាំ១៨១៣-១៤។ អូទ្រីសបានចូលរួមក្នុងការឈ្លានពានបារាំងជាលើកទីពីរដើម្បីទម្លាក់ណាប៉ូលេអុងចេញពីអំណាចហើយក៏បានរំដោះអ៊ីតាលីខាងត្បូងចេញពីការត្រួតត្រារបស់មូរ៉ាត។

រយៈពេលចុងបញ្ចប់នៃសង្គ្រាមណាប៉ូឡេអូនីកបានបង្ហាញពីឥទ្ធិពលដ៏ធំសម្បើមរបស់លោកមេទឹរនិចមកលើគោលនយោបាយការបរទេសក្នុងចក្រភពអូទ្រីស។ ដំបូងឡើយលោកមេទឹរនិចបានគាំទ្រសម្ព័ន្ធភាពរវាងអូទ្រីសនឹងបារាំងដោយបានរៀបចំអភិសេករវាងអធិរាជណាប៉ូឡេអុងនិងបុត្រីរបស់ហ្រ្វង់គឺព្រះនាងម៉ារី-ល្វីក៏ប៉ុន្តែនៅក្នុងជម្លោះឆ្នាំ១៨១២ លោកមេទឹរនិចបានយល់ឃើញថារបបណាប៉ូលេអុងគឺកំពុងផ្តល់ភាពអន្តរាយដល់អឺរ៉ុបនិងមិនងាយនឹងដួលរលំស្រួលៗនោះទេហើយក្រោយមកលោកក៏បាននាំអូទ្រីសឱ្យប្រកាសសង្គ្រាមទៅលើបារាំង។ ជាទូទៅ ឥទ្ធិពលរបស់មេទឹរនិចនៅក្នុងកិច្ចប្រជុំសមាជវីយែនគឺគួរឱ្យចាប់អារម្មណ៍មែនទែនសម្រាប់ប្រវត្តិវិទូហើយក្រោយពីកិច្ចប្រជុំនេះលោកមិនត្រឹមតែក្លាយជារដ្ឋមន្រ្តីនៃរដ្ឋបុរសតែមួយនៅអឺរ៉ុបនោះទេប៉ុន្តែលោកក៏បានក្លាយជាបុគ្គលដ៏សំខាន់ម្នាក់មួយទៀតផងដែរនៅក្នុងចំណោមេដឹកនាំចក្រភពអូទ្រីសទាំងអស់រហូតដល់ឆ្នាំ១៨៤៨ ដែលជាឆ្នាំនៃបដិវត្តន៍ — និងជាឆ្នាំដែលលទ្ធិសេរីនិយមកំពុងកើនប្រជាប្រិយភាពដែលធ្វើឱ្យឥទ្ធិពលរបស់លោកក្នុងឆាកនយោបាយអូទ្រីសត្រូវអន់ថយ។ ក្រោយពីកិច្ចប្រជុំសមាជវីយែន អូទ្រីសបានក្លាយជាកំពូលមហាអំណាចម្តងទៀតនៅអឺរ៉ុប។[១៧] ការលាលែងពីតំណែងរបស់លោកនៅក្នុងឆ្នាំ១៨៤៨ — ត្រូវបានបង្ខំដោយពួកមជ្ឈន្តិកជនក្នុងតុលាការកំពូលនិងក្រុមអ្នកបដិវត្តនៅតាមទីសាធារណៈ — អាចជាមូលហេតុចម្បងដែលបណ្តាលឱ្យមានផលប៉ះពាល់ជាទម្ងន់ដល់រដ្ឋាភិបាលរាជានិយមអូទ្រីស។

ការអប់រំ[កែប្រែ]

ភាសាអាល្លឺម៉ង់គឺជាភាសាដែលគេយកមកនិយាយនិងសម្រាប់បង្ហាត់បង្រៀននៅក្នុងវិស័យអប់រំ។[១៨]

វិចិត្រសាល[កែប្រែ]

សូមមើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. នីយប័ត្រខែតុលា
  2. Laszlo, Péter (2011), Hungary's Long Nineteenth Century: Constitutional and Democratic Traditions, Koninklijke Brill NV, Leiden, the Netherlands, p. 6, "From the perspective of the Court since 1723, regnum Hungariae had been a hereditary province of the dynasty's three main branches on both lines. From the perspective of the ország, Hungary was regnum independens, a separate Land as Article X of 1790 stipulated …….. In 1804 Emperor Franz assumed the title of Emperor of Austria for all the Erblande of the dynasty and for the other Lands, including Hungary. Thus Hungary formally became part of the Empire of Austria. The Court reassured the diet, however, that the assumption of the monarch's new title did not in any sense affect the laws and the constitution of Hungary" 
  3. "Vor dem Jahr 1848 is[t] das Kaisertum Österreich verfassungsrechtlich als ein monarchischer Einheitsstaat auf differenziert föderalistischer Grundlage zu sehen, wobei die besondere Stel[l]ung Ungarns im Rahmen dieses Gesamtstaates stets offenkundig war. Eine weitere Differenzierung der föderalistischen Grundlage erfolgte ab 1815 durch die Zugehörigkeit eines teiles des Kaisertums zum Deutschen Bund." "Before 1848 the Austrian Empire can be regarded in constitutional law as a unitary monarchy on a differentiated federalistic basis, whereby the special position of Hungary within the framework of this federal entity was always evident. A further differentiation of the federalistic position followed from 1815 through the affiliation of a part of the empire to the German federation."Zeilner, Franz (2008), Verfassung, Verfassungsrecht und Lehre des Öffentlichen Rechts in Österreich bis 1848: Eine Darstellung der materiellen und formellen Verfassungssituation und der Lehre des öffentlichen Rechts, Lang, Frankfurt am Main, p. 45 
  4. József Zachar, Austerlitz, 1805. december 2. A három császár csatája – magyar szemmel[តំណភ្ជាប់ខូច], In: Eszmék, forradalmak, háborúk. Vadász Sándor 80 éves, ELTE, Budapest, 2010 p. 557
  5. Sked, Alan. The Decline and Fall of the Habsburg Empire, 1815-1918. London: Longman, 1989. Print.
  6. Jelavich, Barbara. The Habsburg Empire in European Affairs: 1814-1918. Chicago: Rand Mcnally, 1969. Print.
  7. Tuncer, Huner. "Metternich and the Modern Era." ARTS-CULTURE -. Daily News, 6 Sept. 1996. Web. 24 Mar. 2015.
  8. Cite error: Invalid <ref> tag; no text was provided for refs named Sked, Alan 19182
  9. Sofka, James R. "Metternich's Theory of European Order: A Political Agenda for 'Perpetual Peace'." The Review of Politics 60.01 (1998): 115. Web.
  10. ១០,០ ១០,១ Crankshaw, Edward. The Fall of the House of Habsburg. New York: Viking, 1963. Print.
  11. "History of Austria, Austria in the Age of Metternich." History of Austria, Austria in the Age of Metternich. N.p., n.d. Web. 24 Mar. 2015.
  12.  "Bach, Alexander, Baron" . New International Encyclopedia. 1905. {{cite encyclopedia}}: Cite has empty unknown parameter: |HIDE_PARAMETER= (help)
  13. Mueller 1961, Historical Data, p.H5.
  14. Mueller 1961, p.H6.
  15. Gunther Rothenberg, Napoleon's great adversaries: the Archduke Charles and the Austrian army, 1792-1814 (Indiana UP, 1982).
  16. Robert Goetz, 1805, Austerlitz: Napoleon and the Destruction of the Third Coalition (2005).
  17. Josephine Bunch Stearns, The Role of Metternich in Undermining Napoleon (University of Illinois Press, 1948).
  18. Strauss, Johann. "Language and power in the late Ottoman Empire" (Chapter 7). In: Murphey, Rhoads (editor). Imperial Lineages and Legacies in the Eastern Mediterranean: Recording the Imprint of Roman, Byzantine and Ottoman Rule (Volume 18 of Birmingham Byzantine and Ottoman Studies). Routledge, 7 July 2016. ISBN 1317118448, 9781317118442. Google Books PT196.

អានបន្ថែម[កែប្រែ]

ជាភាសាអង់គ្លេស

  • Bassett, Richard. For God and Kaiser: The Imperial Austrian Army, 1619-1918 (2016).
  • Evans, R. J. W. (2006). Austria, Hungary, and the Habsburgs: Essays on Central Europe, c. 1683–1867.  online[តំណភ្ជាប់ខូច]
  • Judson, Pieter M. The Habsburg Empire: A New History (2016) excerpt
  • Kann, Robert A. (1980). A History of the Habsburg Empire, 1526–1918 (2nd រ.រ.). 
  • Kissinger, Henry (1955). The World Restored: Metternich, Castlereagh, and the Problems of Peace, 1812–22. 
  • Okey, Robin (2002). The Habsburg Monarchy, C.1765-1918: From Enlightenment to Eclipse.  excerpt and text search
  • Rothenberg, Gunther E. (1976). "Nobility and Military Careers: The Habsburg Officer Corps, 1740–1914". Military Affairs 40: 182–186. DOI:10.2307/1986702.
  • Rothenberg, Gunther E. (1968). "The Austrian Army in the Age of Metternich". Journal of Modern History 40: 155–165. DOI:10.1086/240187.
  • Sked, Alan. "Explaining the Habsburg Empire, 1830–90." in Pamela Pilbeam, ed., Themes in Modern European History 1830-1890 (Routledge, 2002) pp. 141-176.
  • Sked, Alan (2008). Metternich and Austria: An Evaluation. 
  • Sked, Alan (2001). The Decline and Fall of the Habsburg Empire, 1815–1918 (2nd រ.រ.). 
  • Steed, Henry Wickham. The Hapsburg monarchy (1919) online detailed contemporary account
  • Taylor, A.J.P. (1941). The Habsburg Monarchy, 1809–1918: A History of the Austrian Empire and Austria-Hungary.  excerpt and text search

តំណភ្ជាប់ក្រៅ[កែប្រែ]