Jump to content

ជនជាតិទំពួន

ពីវិគីភីឌា

ជនជាតិទំពួន ជាជនជាតិភាគតិចមួយក្រុមដែលកំពុងរស់នៅតំបន់ភ្នំភាគខាងត្បូងនិងខាងលិចខេត្តរតនគិរី ប៉ែកឦសាននៃប្រទេសកម្ពុជា។ ពួកគេមានគ្នាប្រមាណ ២៥ ០០០នាក់។ ពួកគេមានភាសាផ្ទាល់ខ្លួនដែលជាភាសាស្ថិតក្នុងអំបូរភាសាមន-ខ្មែរ។ ភាសាពួកគេកាលពីដើម​មិនមានអក្សរសំរាប់​សរសេរតំនាងសំលេងទេ។ តែចាប់ពីជាង១០ឆ្នាំមុនគេសង្កេតឃើញមានការបង្កើតអក្សរដោយយកលំនាំតាមអក្ខរក្រមភាសាខ្មែរ


ជីវភាពប្រចាំថ្ងៃ

[កែប្រែ]

ជនជាតិទំពួនជាអ្នកភ្នំ រស់នៅតាមភូមិករតូចៗដែលមានគ្នាពី១០០ ទៅ ៤០០នាក់។ ភូមិទាំងឡាយជាទូទៅមានរាងជាការ៉េ និងមានរោង​(ផ្ទះសហគមន៍)​នៅចំកណ្ដាល។ បច្ចុប្បន្ន ភូមិទំពួនភាគច្រើនមានអណ្ដូងទឹករួមគ្នា មានតារាងបាល់ទះ និង រោងម៉ាស៊ីនកិនស្រូវនៅកណ្ដាលភូមិផងដែរ។ បន្ថែមពីលើផ្ទះមួយខ្នងនៅក្នុងភូមិ ជនជនទំពួនភាគច្រើនមានផ្ទះមួយខ្នងផ្សេងទៀតនៅលើដីចំការរបស់ខ្លួន។

ផ្ទះសំបែងសាងសង់លើសសរដែលមានកំពស់ពី១ទៅ២ម៉ែត ដើម្បីអោយខ្យល់ចេញចូលបានល្អ។ ជញ្ជាំង ដំបូល និងទ្វារ ធ្វើឡើងពីចំរៀកឫស្សី។ ផ្ទះជាធម្មតាមានរាងជាចតុកោណកែង ៣គុណ៥ម៉ែត។ សព្វថ្ងៃ ជនជាតិទំពួនដែលមានជីវភាពធូរធារសាងសង់ផ្ទះឈើប្រក់ស័ង្កសី ដើម្បីជាសញ្ញានៃភាពមានបានរបស់ពួកគេ។ នៅតំបន់ខ្លះ ជនជាតិទំពួនរស់នៅក្នុងផ្ទះសហគមន៍ ដែលអាចមានប្រវែងដល់ទៅ៦០ម៉ែត។

ជនជាតិទំពួនពេលរៀបការរួច បុរសយកត្រកូលខាងគ្រួសារនារី។ ការផ្ទេរកេរ្តិ៍មរតកក៏ធ្វើឡើងតាមខ្សែស្រលាយខាងស្រីដែរ។ ជាធម្មតា ជនជាតិទំពួនរៀបការនៅអាយុពី១៤ទៅ១៨ឆ្នាំ។ តាមប្រពៃណី គូស្វាមីភរិយាថ្មោងថ្មីត្រូវទៅនៅបំរើគ្រួសារខាងស្រីរយៈពេល៣ឆ្នាំ រួចទៅនៅបំរើគ្រួសារខាងប្រុសបន្ថែម៣ឆ្នាំទៀត។ ដល់ពេលនោះ ពួកគេមានអាយុគ្រប់គ្រាន់ក្នុងការចាប់ផ្ដើមធ្វើចំការដោយខ្លួនឯង។

ជាមធ្យមស្ត្រីជាម្ដាយ មានកូនពី៦ទៅ៨នាក់។ តែដោយសារអត្រាមរណៈកុមារខ្ពស់និងមានកង្វះតំហែទាំសុខភាព មានកូនចំនួនមិនដល់៦នាក់ទេដែលអាចរស់ដល់ពេញវ័យ។

កសិកម្ម

[កែប្រែ]

ភាគច្រើននៃជនជាតិទំពួនចិញ្ចឹមជីវិតដោយធ្វើកសិកម្មចំការព្រៃដុត។ ដីដែលនៅជុំវិញភូមិជាកម្មសិទ្ឋរបស់​សហគមន៍ដែលជាអ្នកសំរេច​ចែកចំនែកដី​ទៅអោយ​អ្នក​ភូមិម្នាក់ៗ។ នៅពេលដែលដីនៅកន្លែងមួយអស់ជីជាតិ(ជាទូទៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំ) ពួកគេត្រូវទៅកាប់ឆ្ការនិងដុតព្រៃ​ដើម្បីយកដីថ្មីរៀបចំ​សំរាប់ការ​ដាំដុះ។

ភាគច្រើននៃជនជាតិទំពួនដាំដុះស្រូវប្រាំង និងដំនាំរួមផ្សំផ្សេងទៀតដូចជាពោត សណ្ដែក និង ល្ពៅ។ ពួកគេក៏ចិញ្ចឹមសត្វយកសាច់ដែរ ដូចជា មាន់ ជ្រូក គោ ឆ្កែ និង ក្របី។ ជនជាតិទំពួនប្រើប្រាស់ស្នារឬកាំភ្លើងដើម្បីបរបាញ់សត្វខ្លាឃ្មុំ ក្ដាន់ pheasant និងកំប្រុកជាដើម។

សាសនា

[កែប្រែ]

ជនជាតិទំពួនកាន់សាសនាព្រលឹង ដោយគេជឿលើព្រលឹង អ្នកតា និងវត្ថុអរូបី។ ពួកគេតែងបូជាសត្វដើម្បីផ្គាប់ចិត្តព្រលឹងដូនតានានា។ ការបំពារបំពានលើ​បញ្ជាដូនតាទាំងឡាយនឹងបង្កជាជំងឺបៀតបៀន។ ធ្មប់និងការបញ្ជូលព្រលឹងជារឿងសាមញ្ញ។ មានជនជាតិទំពួនមួយក្រុមតូចដែរដែលកាន់ពុទ្ឋសាសនាថេរវាទ។

សិល្បៈ

[កែប្រែ]

ជនជាតិទំពួនចូលចិត្តតន្ត្រី។ ពួកគេហាត់លេងស្គរ ខ្លុយ គង និងឧបករណ៍តន្ត្រីផ្សេងទៀតតាំងពីក្មេងៗទៅ។ គងជាឧបករណ៍សំខាន់ជាងគេ។ ពេលមានពិធីផ្សេងៗ បុរសៗលេងគង ហើយនារីៗច្រៀងនិងរាំ។