ជ័យវរ្ម័នទី៧

ពីវិគីភីឌា

ជ័យវរ្ម័នទី៧

Jayavarman VII At Paris Guimet Museum of France
រជ្ជកាល ១១៨១(ចក្រភពខ្មែរ)
បិតា ធរណីន្ទ្រវរ្ម័នទី២
មាតា សុដាមណី
មហេសី
  • ជ័យរាជទេវី
  • ឥន្ទ្រទេវី
បុត្រ
  • សូរ្យកុមារ
  • ឥន្ទ្រវរ្ម័នទី២
  • វីរៈកុមារ
  • ស្រីសិង្ខរមហាទេវី
គ្រងរាជ ​ ១១៨២ [១]
ព្រះនាមពេញ ជ័យវរ្ម័នអវតារលោកកេរស្វរៈ
(ជ័យវរធន់)
មរណៈនាម ព្រះបរមសៅសុគតបទ
ក្សត្រមុន ត្រីភូវនាទិត្យវរ្ម័ន
រាជបន្ត ឥន្ទ្រវរ្ម័នទី២
ប្រសូត្រ ១១២៥
ចូលទីវង្គត់ ១២១៩ (ជន្មាយុ ៩៤)
ជំនឿសាសនា

ជ័យវរ្ម័នទី៧ (អង់គ្លេស: Jeyvaraman VII) (សំស្ក្រឹត: Jayavarman VII) (ប្រ.ស|គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៥) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១១៨១ នៃគ.សករាជ ទ្រង់មាន ព្រះបរមនាមថា "ជយវម៌្មអវតាលោកេរស្វរ" ប្រែជាខេមរៈភាសា "ជ័យវរ្ម័នអវតារលោកកេរស្វរៈ" ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស ចាម ដែលមកពីភាគកើតកម្ពុជា គឺ អាណាចក្រចាម្ប៉ា ហើយព្រះអង្គដែលជាស្ដេចសឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទ ធរណីន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ជ័យរាជទេវី និង ព្រះនាង ឥន្ទ្រទេវី ហើយទ្រង់មានបុត្រ ៤អង្គ, បុត្រទី១ ព្រនាម សូរ្យកុមារ, បុត្រទី២ នាម ឥន្ទ្រវរ្ម័នទី២ ជាបុត្ររបស់ ជ័យរាជទេវី ដែលជាមហេសីទី១ បុត្រទី៣ នាម វីរៈកុមារ ជាបុត្ររបស់ ឥន្ទ្រទេវី ដែលជាមហេសីទី២ បុត្រទី៤ នាម ស្រីសិង្ខមហាទេវី ជាបុត្រីរបស់ស្នំឯក ហើយបុត្រដែលឡើងសោយរាជបន្តពីទ្រង់គឺព្រះបាទ ឥន្ទ្រវរ្ម័នទី២ ដែលជាបុត្រទី២របស់ទ្រង់ ។[២]

ការរំដោះក្រុងអង្គរពីពួកចាម្ប៉ា[កែប្រែ]

Liberation of Angkor city from Champa

ចម្លាក់ ប្រាសាទបាយ័ន បង្ហាញពីចម្បាំងរវាងខ្មែរ និង ចាម នាសមរភូមិ បឹងទន្លេសាប ស.វទី១២

ក្នុងឆ្នាំ ១១៧៧ នៃគ.ស កងទ័ពចម្ប៉ាបានលើកទ័ពយ៉ាងធំ តាមផ្លូវទឹកនៃដង ទន្លេមេគង្គ ក្រោម ដោយបរសំពៅចម្បាំងកាត់តាមផ្លូវទឹកទៅ បឹងទន្លេសាប រួចវាយចូលដុតបំផ្លាញក្រុងអង្គរ ដើម្បីកាន់កាប់ក្រុងអង្គរ នៅទីបំផុតកងទ័ពចម្ប៉ាក៏ទទួលបានជ័យជំនះ និងបានសម្លាប់ស្ដេច "ត្រីភូវនាទិត្យវរ្ម័ន" និងបានប្រមូលយកមាសប្រាក់ជាច្រើនក្នុងក្រុងអង្គរ រួចដឹកជញ្ជូនទៅកាន់ ប្រទេសចាម្ប៉ា ហើយការគ្រប់គ្រងរបស់ពួកចាម មកលើក្រុងអង្គរមានរយៈ ៤ឆ្នាំ ។ នៅក្នុងអំឡុងពេលនោះមាន រាជវង្សខ្មែរមួយអង្គព្រះនាម "ជ័យវរធន់" ដែលគង់នៅ រាជធានី ខេត្តតាកែវ ដែលព្រះអង្គបានកសាង បាសាទតាព្រហ្ម ឬ ហៅថា ប្រាសាទព្រហ្មមនៈ ក្នុងតំបន់ទន្លេបាទី សព្វថ្ងៃនេះ ។ ក្នុងឆ្នាំ ១១៨១ នៃគ.ស "ជ័យវរធន់" បានបើកការប្រយុទ្ធនៅស្រមោលភូមិអង្គរយ៉ាងខ្លាំងក្លានៃចម្បាំងលើបឹងទន្លេសាប នៅទីបំផុតទ្រង់ក៏យកជ័យជំនះពីពួកចាម្ប៉ាបាន និងបានប្រកាសគ្រងរាជក្នុងឆ្នាំ ១១៨២ នៃគ.ស ដែលមានព្រះនាមក្នុងរាជ្យថា "ជ័យវរ្ម័ន អវតារ លោកកេរស្វរៈ" ។[៣] [៤]

ការកសាងទីក្រុងអង្គរធំ[កែប្រែ]

Construction of Angkor Thom

ផែនទី ក្រុងអង្គរធំ នៃស្ថាបត្យកម្មអង្គរទី៣
ក្លោងទ្វារនៃទីក្រុងអង្គរធំ

ទីក្រុងអង្គរធំត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ជាទីក្រុងដ៏ធំសំបើមនៅភូមភាគអាសុីអាគ្នេយ៍នេះ ទីក្រុងអង្គរធំត្រូវបានគេចាត់ទុកស្ថាបត្យកម្មដ៏ធំនេះ ជាស្ថាបត្យកម្មអង្គរទី៣ ដែលរាជធានីនេះគ្របដណ្តប់លើផ្ទៃដីដែលមានទំហំ ៩​គីឡូម៉ែត្រ​ក្រឡា និងមានបូជនីយដ្ឋាន ប្រាសាទបុរាណជាច្រើនបន្សល់ទុកនៅទីនេះ ដូចជា៖ ប្រាសាទបាយ័ន ជាប្រាសាទ ឧទ្ទិសរួមបញ្ចូលគ្នា នៃ ព្រហ្មញ្ញសាសនា និង ពុទ្ធសាសនា មហាយាន ដែលមានគូបរៈចំនួន ៥៤ ដោយស្មើ និង ព្រះភ័ក្ត្រព្រះបាទ ជ័យវរ្ម័នទី៧ ចំនួន ២១៦ តំំណាងឱ្យ អវតារលោកកេរស្វរៈ ។[៥] ក្រុងអង្គរធំ មានក្លោងទ្វារចូលចំនួន៥ទិស ទិសនិមួយៗ៖ ទ្វារខ្មោច (នៅទិសខាងកើត) ទ្វារដីឆ្នាំង (នៅទិសខាងជើង) ទ្វារតាកៅ (នៅទិសខាងលិច) ទ្វារទន្លេអ៊ុំ (នៅទិសខាងត្បូង) និងទ្វារជ័យ (នៅទិសខាងកើតចំពីមុខព្រះបរមរាជវាំងក្នុងខេត្តសៀមរាប) គូបរៈនៃទ្វារនីមួយៗមានព្រហ្មមុខបួន តំណាងឱ្យ ភ្នំមន្ទ្រៈនៃខ្សែររឿង កូរសមុទ្រចក្រវាឡ ។ ទ្វារនៅទិសខាងត្បូងក្រុងអង្គរធំស្ថិតនៅចំងាយ ៧,២គីឡូម៉ែត្ រពីខាងជើងក្រុងសៀមរាប និង ១,៧គីឡូម៉ែត្ រពីខាងជើងច្រកចូលប្រាសាទអង្គរវត្ត ។ កំពែងព័ទ្ធជុំវិញនីមួយៗមានប្រវែង៣គីឡូម៉ែត្របួនជ្រុង និងមានកំពស់៨ម៉ែត្រព័ទ្ធជុំវិញដោយគូទឹក ហ៊ុំព័ទ្ធលើផ្ទៃដី៩​គីឡូម៉ែត្រ​ក្រឡា ។ ដើម្បីការពារក្រុងពីការវាយប្រហារពីគូសត្រូវ ជ័យវរ្ម័នទី៧ បាន​កសាង​កំផែង​ថ្ម​ព័ទ្ធ​ជុំវិញ​ក្រុង​ដែល​មាន​ប្រវែង​១២​គីឡូម៉ែត្រ ។ ក្នុង​វិស័យ​សំណង់ នៃសត្ថបត្យកម្ម របស់ព្រះអង្គត្រូវបានគេស្គាល់ថាជារចនាបទ បាយ័ន ដែលរាជវាំងទាំងមូល និងទីស្នាក់នៅសាងសង់ដោយសំណង់ឈើ ដែលប្រើប្រាសកម្លាំងពលកម្មប្រមាណជា ២មុឺននាក់ ជាមួយនិង ប្រព័ន្ធធារាសាស្ត្រឆ្លងកាត់នៃការរំដោះទឹក ដែលមានបួនទិសដែលចាក់បង្ហូរ ទៅកាន់គូទឹកដែលព័ទ្ធជុំវិញ ។[៦] ព្រអង្គក៏បានកសាងដំណាក់ឃ្លាំងចំនួន២ គឺខាងត្បូង និង ខាងជើង ដែលដំណាក់ឃ្លាំងខាងត្បូងដាក់នៅជង្រុកស្រូវ ដែលប៉ានស្មានប្រមាណជា ១១.១៩២ តោន និង ដំណាក់ឃ្លាំងខាងជើងដាក់នៅក្រណាត់សូត្រសម្លៀកបំពាក់ ប្រមាណជា ៥១២កី ជាមួយនិងឆ័ត្រក្លោះ ៥២៣ ។ នៅតាមប្រាសាទ នីមួយ​ៗមានរន្ធសម្រាប់ដាក់លម្អនូវគ្រឿងត្បូងចំរុះដែលត្រូវបានគេប៉ាន់ស្មានសរុបប្រម៉ាណជា ​៤៨០០០​គ្រាប់ ។ ក្រៅពីនេះ ព្រះអង្គបានក៏សាងរាជដំណាក់ស្រីរបាំប្រចាំក្រុងអង្គរធំផងដែរ ត្រង់ប្រាសាទ សួរព្រ័ត្យ ត្រូវបានគេប៉ានស្មានថាមានអ្នករបាំប្រហែលជា ១៦០០នាក់ ។ [៧] [៨] [៩]

ជំនឿលើពុទ្ធសាសនា មហាយាន[កែប្រែ]

Belief in Mahayana Buddhism

Buddha Mahayana 12th century at musée Guimet art of Jayavarman VII

ជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដែលត្រូវបានគេស្គាល់ច្រើនដោយសារសំណង់ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនដែលបានបញ្ចប់ក្នុងរជ្ជកាលរបស់ទ្រង់ រួមទាំងប្រាសាទឧទ្ទិសដល់មាតាបិតារបស់ព្រះអង្គផងដែរ ។ ប្រាសាទបាយ័ន ដែលជាប្រាសាទឧទ្ទិសឱ្យ ពុទ្ធសាសនា មហាយាន ដែលស្ថិតនៅចំកណ្ដាលនៃអង្គរធំ ព្រះបាទ ជ័យវរ្ម័នទី៧ ទ្រង់មានជំនឿយ៉ាងមុតមាំទៅលើពុទ្ធសាសនា មហាយាន ដែលបន្តពីបិតារបស់ទ្រង់ព្រះនាម ធរណីន្ទ្រវរ្ម័នទី២ ដែលនាំយកពុទ្ធសាសនា មហាយាន យកមកគោរពបូជានៅកម្ពុជា ។ ពុទ្ធសាសនា មហាយាន ត្រូវបានចាត់ទុកជាសាសនា របស់ព្រះរាជា ប៉ុន្តែទោះជាយ៉ាងណាក៏ព្រះអង្គមិនបោះបង់ចោលនូវ ព្រហ្មញ្ញសាសនាផងដែរ ដោយរក្សានូវ រឿងព្រេងទេវកថា ហិណ្ឌូជាច្រើននូវតាមចម្លាក់នៃជញ្ជាំងប្រាសាទជាប់ជានិច្ច ដែលទុកជាមរតករបស់ដូនតា ហើយប្រាសាទដែលទ្រង់បានកសាងឧទ្ទិសជូនមាតាបិតារបស់ព្រះអង្គផងដែរនោះ គឺ ប្រាសាទតាព្រហ្ម[១០] [១១]

ការកសាង ប្រាសាទតាព្រហ្ម[កែប្រែ]

ប្រាសាទតាព្រហ្ម កងសាងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៨៦ នៃគ.ស ទ្រង់បានកសាងដើម្បីឧទ្ទិសជូន មាតាបិតា របស់ព្រះអង្គ ដែលប្រាសាទនេះមានឈ្មោះដើមហៅថា ប្រាសាទ "រាជវិហារ" ។[១២] ប្រសាទតាព្រហ្មមានកំពែងព័ទ្ធពីក្រៅទំហំ (១០០០មx៦០០ម) ដោយស្មើនិង ៦០០,០០០ ម៉ែតការ៉េ ។ ប្រាសាទនេះផងដែរ មានភូមិប្រជាជនរស់នៅជុំវិញប្រមាណជា ១២,៦៦០ នាក់ ក្នុងនោះរួមបញ្ចូលទាំងមន្ត្រីធំៗ ចំនួន ៤១៨ នាក់និងមានអ្នកបម្រើកាងារប្រចាំរាជដំណាក់ចំនួន ២៧៤០ នាក់ ក្នុងនោះមានជំនួយការបង្ហាត់របាំចំនួន ២៣២ នាក់ និង មានស្រីរបាំប្រចាំរាជដំណាក់ចំនួន ៦១៥នាក់ ។ រួមទាំងរតនៈវត្ថុក្នុងនោះមួយចំនួនផង ដូជា៖ មាន​ចាន​មាស​សរុប ដែល​មាន​ទម្ងន់​ជាង​ប្រាំ​រយ​គីឡូក្រាម ចាន​ប្រាក់​ចំនួន​៣៥ គ្រាប់​គជ់​ខ្យងចំនួន ៤០៦២០​គ្រាប់ ត្បូង​ចំរុះចំនួន ​៤៥៤០​គ្រាប់ រនាំងដាក់ការពារ ដែលជាតង្វាយពីប្រទេស​ចិន​ ក្នុងរាជវង្សសុង (អង់គ្លេស: Song dynasty) ចំនួន ៨៧៦ ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រី ឥន្ទ្រទេវី[១៣] [១៤]

ការកសាង ប្រាសាទព្រះខ័ន[កែប្រែ]

ប្រាសាទព្រះខ័ន កងសាងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៩១ នៃគ.ស ។[១៥] ដើម្បីឧទ្ទិសថ្វាយ ព្រះពិស្ណុការអាវតារលោកកេរ្ត៍ស្វារៈ ប្រាសាទនេះមានទំហំ ៥៦ ហិចតា និងមានបរិមាត្រ (៨០០មx៧០០ម) ប្រាសាទព្រះខ័ន បានឱ្យដឹងថា បដិមានៃរូបព្រះពុទ្ធ ព្រះឥសូរ និងព្រះវិស្ណុ ដែលត្រូវបានតម្កល់នៅក្នុងប្រាសាទនេះមានចំនួនដល់ទៅ ២០,៤០០ ដែលធ្វើអំពីមាស ប្រាក់ សំរិទ្ធ និងថ្ម ចំណែកឯ បដិមាទេវៈផ្សេងៗទៀយមានចំនួន ៤៣០ និងប្រជាជនក្នុងភូមិចំនួន ១៣,៥០០ ដែលមានតួនាទីថែរក្សាផ្គត់ផ្គង់មូលនិធិសាសនាឱ្យមានដំណើរការល្អនៅប្រាសាទនេះ និងស្បៀងអាហារជាច្រើនផ្តល់ដោយឃ្លាំងព្រះរាជទ្រព្យ ឬដោយប្រជាជនក្នុងភូមិចំនួន ៥៣២៥ ដែលមានមនុស្សសរុបចំនួន៨៧,៨៤០នាក់ ។ មានបដិមាចំនួន ២៨៣ ត្រូវបានតម្កល់ជុំវិញបដិមាព្រះពោធិសត្វលោកេស្វរៈ ដែលតំណាងឱ្យដួងវិញាណខ័ន្ឌព្រះបិតារបស់ព្រះរាជា ។ មានសំណង់ប៉មចំនួន ៨៥សម្រាប់តម្កល់ព្រះបដិមាដល់ទៅ ៥២៥អង្គជាចំណុះប្រាសាទដ៏ធំនេះ។ សិលាចារឹកបានបន្តទៀតថា ប្រាសាទនេះសូមឧទ្ទិសកុសលទៅកាន់អតីតព្រះរាជាព្រះនាម ធរណិន្ទ្រវរ្ម័ន ដែលជាព្រះបិតា របស់ព្រះបាទជ័យវរ្ម័នទី៧ និងបួងសួងឱ្យព្រះមហាក្សត្រជំនាន់ក្រោយ ដែលបានជួយថែរក្សាសំណង់ព្រះពុទ្ធសានា ដែលមានទាសាទាសីចំនួន ៣០៦,៣៧២នាក់ សូមឱ្យទទួលផលបុណ្យគ្រប់ៗគ្នា ។ សិលាចារឹកនៃប្រាសាទព្រះខ័នមានការរៀបរាប់ពីទីក្រុងដ៏រីចម្រើនដ៏ជឿនលឿនមួយ ដែលផ្តោតទៅលើសកម្មភាពសាសនា និងសេចក្តិត្រូវការនៃប្រាសាទនេះ ដង្វាយត្រូវបានរៀបចំសម្រាប់អាទិទេពហើយកម្រងផ្កាត្រូវបានលម្អសម្រាប់អាទិទេពទាំងនេះទៀតផង ។ ម្ហូបអាហារត្រូវបានផ្គតផ្គង់ហើយនៅតាមខ្លោងទ្វារតែងមានអ្នកយាម និងមានក្រុមរបាំរាប់ពាន់នាក់សម្រាប់ រាំសម្តែងសម្រាប់ប្រាសាទនេះក្នុងកិច្ចពិធីសាសនាធំៗផងដែង។[១៦]

ការកសាង មន្ទីពេទ្យ និង សាលាសំណាក់[កែប្រែ]

Construction of hospitals and guesthouses

ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេមើលឃើញថាជាស្ដេចមានប្រាជ្ញា និងគិតគូរទៅដល់សុខមាលភាពរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គ ដោយទ្រង់បានបង្កើត "អរោគ្យសាលា" ដែលមានន័យថាមន្ទីរព្យាបាលរោគ ឬ ហៅថាមន្ទីពេទ្យ ដែលមានចំនួន ៩៨ និង "ធម្មសាលា" ដែលមានន័យថា សាលាសំណាក់ធម៌សម្រាប់ព្រះភិក្ខុសង្ឃ ដែលមានចំនួន ១០១ នៅទូទាំងប្រទេស ។ តាមកំណត់ត្រាសិលាចារឹក K.368 នៅស្រុកសាយហ្វុង ប្រទេសឡាវ បានពិពណ៌នាថា អរោគ្យសាលានីមួយៗមានគ្រូពេទ្យចំនួន២នាក់ អមដោយស្ត្រី ចំនួន២នាក់ និងមនុស្សប្រុសម្នាក់ គ្រូថ្នាំចំនួន ២នាក់នៅឃ្លាំងសម្រាប់ចែកចាយថ្នាំ អ្នកថែរក្សាសំអាតចំនួន២នាក់ អ្នកមើលជំងឺ (គិលានុបដ្ឋាន) ចំនួន១៤នាក់ ស្រ្តីសម្រាប់ដាំថ្នាំមានចំនួន៨នាក់ ដូចនេះមន្ទីរព្យាបាលរោគក្នុងរាជរបស់ទ្រង់ ធ្វើការព្យាបាលអ្នកជំងឺគ្រប់ប្រភេទដោយមិនមានការរើសអើងនោះទេ ។ ចំណែកឯ "ធម្មសាលា" ដែលជា សាលាសំណាក់ធម៌សម្រាប់ព្រះភិក្ខុសង្ឃ ត្រូវបានដាក់ឱ្យមើលការខុសត្រូវផ្នែកព្យាបាលសុខមាលភាពរបស់ភិក្ខុសង្ឃ ដោយព្រះគ្រូ "ផៃសាញ់យៈ" ដែលមានជំនួយការជាមន្ត្រីសង្ឃចំនួន ២រូប នាមជា សូរ្យគណៈ និង ចន្ទ្រាគណៈ សម្រាប់ការព្យបាលជំងឺទៅលើព្រះសង្ឃទូទៅ នៃពុទ្ធសាសនា មហាយាន ក្រោយមកមន្ទីរព្យាបាលរោគត្រូវបានគេសាងសង់បន្ថែមនូវបរិវេណនៃ ប្រាសាទតាព្រហ្ម ដែលធ្វើឱ្យកំណត់ត្រាមន្ទីរព្យាបាលរោគរបស់ព្រះបាទ ជ័យវរ្ម័នទី៧ មានច្រើនដល់ ១០២ ក្នុងរជ្ជកាលនៃការគ្រប់គ្រងរបស់ព្រះអង្គ ។ [១៧] [១៨]

ការវាយដណ្ដើមយកចាម្ប៉ា[កែប្រែ]

The conquest of Champa

នៅក្នុងឆ្នាំ ១១៩០ នៃ គ.ស ស្ដេចចាមព្រះនាម ជ័យឥន្ត្រវរ្ម័នទី៤ បានលើកទ័ពមកវាយអាណាចក្រខ្មែរម្ដងទៀត ការលុកលុយអាណាចក្រខ្មែរមានរយៈពេលពេញ១ឆ្នាំ រហូតដល់ព្រះបាទ ជ័យវរ្ម័នទី៧ បង្ក្រាបការលុកលុយរបស់ពួកចាមបានទាំងស្រុង ក្នុងឆ្នាំ ១១៩១ នៃ គ.ស ។ យោងតាមសិលាចរឹកនៅប៉ោនគរ (ញ៉ាត្រាង) បានសរសេរទុកថា ព្រះបាទ ជ័យវរ្ម័នទី៧ វាយយកបានរាជធានីនៃប្រទេសចាម្ប៉ា ដោយទ្រង់បញ្ជាឱ្យវិទ្យានន្តៈ វាយចូលរាជធានី "វិជ័យ" (បិញឌិញ) ហើយចាប់បានស្ដេចចាម ជាឈ្លើយសឹកនិងបានយកស្ដេចអង្គនេះ មកថ្វាយព្រះបាទ ជ័យវរ្ម័នទី៧ ។ ហើយព្រះអង្គបានលើកព្រះអនុជថ្លៃ របស់ព្រះអង្គ ព្រះនាម "អុិន" ដែលត្រូវជាប្អូនប្រុសព្រះនាង "ជ័យរាជទេវី" ឱ្យឡើងសោយរាជនៅវិជ័យ ដោយមានព្រះនាមក្នុងរាជថា "សូរ្យវរ្ម័នទេវរាជ" មិនយូរបុ៉ន្មាន ពួកចាមដែលមានមេដឹកនាំឈ្មោះ "រៈសុបតិ" ក៏ងើបលើកបះបោរបណ្ដេញព្រះបាទ សូរ្យវរ្ម័នទេវរាជ ចេញពីរាជធានីវិជ័យ ហើយមាននាមក្នុងរាជថា "ជ័យឥន្ត្រវរ្ម័នទី៥" ។ ពេលនោះ "វិទ្យានន្តៈ" ក៏លើកទ័ពវាយរាជធានីវិជ័យម្ដងទៀត ហើយបានធ្វើឃាតស្ដេចចាម "ជ័យឥន្ត្រវរ្ម័នទី៥" និងបានបង្រួបបង្រួមប្រទេសចម្ប៉ាឱ្យមានឯកភាពឡើងវិញ និងបានប្រកាសសោយរាជនាពេលនោះក្នងឆ្នាំ ១១៩២ នៃគ.ស រហូតដល់ឆ្នាំ ១២០៣ នៃគ.ស ទើបព្រះបាទជ័យវរ្ម័នទី៧ លើកទ័ពធំមកកំចាត់ចាម និងបានវាយយកចាម្ប៉ាមកគ្រប់គ្រងទាំងស្រុងក្នុងឆ្នាំ ១២០៣ នៃគ.ស ។[១៩] [២០]

សេចក្ដីជំរាប[កែប្រែ]

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[២១]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់[កែប្រែ]

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ[កែប្រែ]

កណត់ត្រា[កែប្រែ]

កំណត់ត្រាប្រវត្តិវិទូ[កែប្រែ]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ[កែប្រែ]

ជ័យវរ្ម័នទី៧
(គ.ស ១១២៥-១២១៩)
មុនដោយ
ត្រីភូវនាទិត្យវរ្ម័ន
ចក្រភពខ្មែរ
១១៨១–១២១៥
តដោយ
ឥន្ទ្រវរ្ម័នទី២

ឯកសារយោង[កែប្រែ]

  1. Phanindra Nath Bose (1927) The Hindu Colony of Cambodia Asian , Publisher: Theosophical Publishing House, Original from the University of Michigan p.410
  2. Adhir Chakravarti (1982) Royal Succession in Ancient Cambodia, Publisher: Asiatic Society, Original from the University of Virginia p.119
  3. Russell R. Ross, Library of Congress (1990) Cambodia : a country study, Publisher: The Division : For sale by the Supt. of Docs., U.S. G.P.O., Washington, D.C., Original from the University of Virginia p. 362 ISBN: 0160208386
  4. George Coedès (1975) The Indianized States of Southeast Asia, Editor: Walter F. Vella, Translated by Sue Brown Cowing, Publisher: University of Hawaii Press p.424 ISBN: 082480368X, 9780824803681
  5. Henri Stierlin (1984) The Cultural History of Angkor Great civilizations, Publisher: Aurum, London, Original from the University of Michigan p.94 ISBN: 0906053676
  6. Henri Stierlin (1977) Encyclopedia of World Architecture, Volume 2, Publisher: Facts on File, New York, Original from Pennsylvania State University p.499 ISBN: 0871964058
  7. European Association of Southeast Asian Archaeologists. International Conference (2000) South-east Asian Archaeology ...: Proceedings of the ... International Conference of the European Association of South-East Asian Archaeologists, Publisher: Istituto Italiano per l'Africa e l'Oriente, Original from the University of Michigan
  8. André Migot (1960) Les Khmers, des origines d'Angkor au Cambodge d'aujourd'hui Collection "L'aventure du passé", Publisher: Paris,Le Livre contemporain, Original from the University of Virginia p.376
  9. Ly Daravuth, Ingrid Muan, Raiyaṃ (2001) Cultures of Independence, Publisher: Reyum institute, Original from the University of Michigan
  10. Steve McCurry (2002) Sanctuary : the temples of Angkor, Publisher: Phaidon, London, Original from the University of Michigan p.116 ISBN: 0714841757, 9780714841755
  11. Jacques Dumarçay, Michael Smithies (1998) The site of Angkor, Publisher: Oxford University Press, New York, Original from the University of Michigan p.72 ISBN: 9835600406, 9789835600401
  12. Lynn S Teague (1975) Ancient Civilization and Trade, Publisher: University of New Mexico Press p.485 ISBN: 0826303455
  13. Harriet Winifred Ponder (1938) Cambodian Glory: The Mystery of the Deserted Khmer Cities and Their Vanished Splendour; and a Description of Life in Cambodia Today, Publisher: T. Butterworth, Limited, Original from the University of Michigan p.383
  14. David L. Snellgrove (2000) Asian Commitment: Travels and Studies in the Indian Sub-continent and South-East Asia, Publisher: Orchid Press, Original from the University of Michigan p.587 ISBN: 9748299317
  15. Bernard Philippe Groslier, Jacques Arthaud (1957)The Arts and Civilization of Angkor, Publisher: Praeger, Original from the University of Michigan p.230
  16. George Coedés (1935) Qaṃbī Mahāksǎtr muay qaṅg knuṅ Kruṅ Kambūjā Jayavaramǎn dī 7, Publisher: Braḥrāj Paṇṇālăy Kambujā, Original from the University of Michigan p.56
  17. Lawrence Palmer Briggs (1951) The Ancient Khmer Empire, Volume 41, Publisher: American Philosophical Society, Original from the University of California p.295
  18. University of Calcutta (1955) The Calcutta review, Publisher: University of Calcutta, Original from Northwestern University
  19. Daniel George Edward Hall (1961) A History of South-East Asia, Publisher: Macmillan, Original from the University of California p.807
  20. André Migot (1960) Les Khmers, des origines d'Angkor au Cambodge d'aujourd'hui Collection "L'aventure du passé", Publisher: Le Livre Contemporain, Paris, p.376
  21. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan