បសេនទិកោសល
ព្រះបាទបសេនទិកោសល (Pasenadi, Prasenajit) ជាព្រះមហាក្សត្រសោយរាជនៅក្រុងសាវត្ថី ក្នុងដែនកោសល ។ ទ្រង់ជាបុត្ររបស់ព្រះបាទមហាកោសល ។ ទ្រង់មានអគ្គមហេសីដ៏វ័យឆ្លាតមួយអង្គព្រះនាម មល្លិកាទេវី ដែលតែងតែជួយចាត់ចែងទានយ៉ាងប្រណិតថ្វាយព្រះសម្មាសម្ពុទ្ធ ។
អាពាហ៍ពិពាហ៍នយោបាយ
[កែប្រែ]ដោយចង់ឲ្យជាប់សាច់ឈាមជាមួយនឹងព្រះពុទ្ធ ដើម្បីងាយស្រួលក្នុងការធ្វើទាន ព្រះបាទបសេនទិក៏បានផ្ញើរដំណឹងសុំដណ្តឹងយកព្រះរាជធីតាមួយព្រះអង្គពីសក្យៈត្រកូល គឺត្រកូលព្រះបាទមហានាម (Mahānāma) ។ ព្រះបាទមហានាមកាលនៅជាបុថុជ្ជន ជាមនុស្សប្រកាន់យ៉ាងខ្លាំងព្រោះត្រកូលសក្យៈជាត្រកូលខ្ពង់ខ្ពស់ ។ ប៉ុន្តែដោយខ្លាចអានុភាពរបស់ព្រះបាទបសេនទិ ព្រះបាទមហានាមក៏បានបញ្ជូនស្រ្តីម្នាក់ឈ្មោះវាសវខត្តិយា (Vāsavakhattiyā) ដែលជាកូនរបស់ស្រី្តបម្រើនិងព្រះបាទមហានាម (តែព្រះអង្គមិនទទួលស្គាល់កូនស្រីនោះថាជាបុត្រព្រះអង្គឡើយ ព្រោះកើតចេញពីអ្នកបម្រើ) ទៅអភិសេកជាមួយព្រះបាទបសេនទិ ។ ក្រោយមក នាងវាសវខត្តិយា បានប្រសូត្របុត្រមួយអង្គឈ្មោះ វិឌូឌភៈ (Viḍūḍabha) ។
ពុទ្ធសាសនា
[កែប្រែ]ព្រះបាទបសេនទិ គឺជាពុទ្ធបរិស័ទមួយរូបដែលមានសទ្ធាយ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងពុទ្ធសាសនា ។ ព្រះអង្គតែងតែងយាងទៅស្តាប់ព្រះធម៌ទេសនារាល់ពេលទំនេរពីរាជកិច្ច ។ សម័យមួយ ព្រះអង្គបានធ្វើទានប្រណាំងប្រជែងនឹងអ្នកនគរជាច្រើនលើកច្រើនសារ ប៉ុន្តែមិនអាចដឹងពីលទ្ធផលនៃការឈ្នះចំពោះការថ្វាយទាននេះ ។ ទ្រង់ក៏បានទៅពិភាក្សាជាមួយនឹងព្រះអគ្គមហេសីព្រះអង្គ ព្រះនាមមល្លិកាទេវី ។ ដោយមានការជួយជ្រោមជ្រែងពីព្រះអគ្គមហេសី ការថ្វាយទាននៅថ្ងៃបន្ទាប់ធ្វើឲ្យអ្នកនគរទាំងឡាយសុំចុះចាញ់ដោយអស់ចិត្ត ព្រោះមិនអាចមានអ្នកណាម្នាក់ថ្វាយទានយ៉ាងប្រណីតជាងនេះបាន ។
ការចូលទីវង្គត
[កែប្រែ]ព្រះបាទបសេនទិ តែងតែចូលទៅគាល់ដើម្បីស្តាប់ព្រះធម៌ទេសនារបស់ព្រះមានព្រះភាគ ។ រាល់ពេលដែលព្រះអង្គចូលគាល់ព្រះសាស្តា ទ្រង់តែងដោះគ្រឿងឥស្សរិយយសចេញ (មានម្កុដរាជ ព្រះខ័ណ្ឌរាជជាដើម ដែលជាតំណាងរបស់ព្រះមហាក្សត្រ) ។ ឆ្លៀតឱកាសនេះ ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមវិឌូឌភៈ បានយកគ្រឿងឥស្សរិយយសទាំងនេះទៅឯព្រះនគរដើម្បីសោយរាជជាស្តេចខ្លួនឯង ។ ព្រះបាទបសេនទិ លុះយ៉ាងចេញពីសម្នាក់ព្រះពុទ្ធវិញ ទតឃើញតែស្រីបម្រើម្នាក់ និងសេះមួយក្បាល ។ ព្រះអង្គជ្រាបថា បុត្ររបស់ព្រះអង្គក្បត់ ទ្រង់ក៏លើកស្រីបម្រើនោះដាក់លើខ្នងសេះ ជិះសំដៅទៅក្រុងរាជគ្រឹះដែលជាដែនដីស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះបាទអជាតសត្តុ ដែលត្រូវជាក្មួយរបស់ព្រះអង្គ ដើម្បីសុំជំនួយ ។ (ព្រះនាងវេទេហីដែលជាមាតារបស់ព្រះបាទអជាតសត្តុ ត្រូវជាអនុជត្រីរបស់ព្រះបាទបសេនទិកោសល ) ។ លុះព្រះបាទបសេនទិ យ៉ាងដល់ក្លោងទ្វារព្រះនគររាជគ្រឹះ ដោយក្នុងពេលនោះគឺវេលារាត្រី ហើយព្រះអង្គគ្មានគ្រឿងឥស្សរិយយសដើម្បីសម្គាល់ខ្លួនព្រះអង្គថាជាព្រះមហាក្សត្រ អ្នកយាមនៅក្លោងទ្វារមិនអាចនឹងចំណាំព្រះអង្គបាន គេក៏មិនអាចនឹងបើកទ្វារឲ្យព្រះអង្គចូលឡើយ ។ ដោយមានការហេវហត់ អស់កម្លាំង ព្រោះដោយសារខ្លួនចាស់ ហើយត្រូវធ្វើដំណើររាប់យោជន៍ទៀតនោះ ព្រះអង្គក៏សុគតនៅលើភ្លៅរបស់នាងទាសីក្នុងគ្រានោះឯង ។
បុព្វកម្ម
[កែប្រែ]សម័យមួយ ពួកនិគ្រន្ថ (Nigrantha, Jain monks) បានគិតគ្នា រកមូលហេតុដែលធ្វើឲ្យពុទ្ធសាសនារីកចម្រើន សម្បូណ៌លាភសក្ការៈ ពួកគេក៏បានគិតថា ព្រោះដីនៅត្រង់នោះល្អ ពួកគេក៏បានប្រមូលគ្នាបាន១ពាន់កហាបនៈ យកទៅថ្វាយព្រះរាជាបសេនទិដើម្បីសុំសាងសង់វិហាររបស់និគ្រន្ថនៅជិតនឹងវត្តពុទ្ធសាសនា ។ ដោយឃើញហេតុការណ៍មិនល្អ ព្រោះវត្តជេតពនមិនអាចនឹងស្ងាត់បានដោយមានលាយឡំនឹងពួកនិគ្រន្ថ ព្រះពុទ្ធជាម្ចាស់បានបញ្ជូនភិក្ខុសង្ឃមួយចំនួនទៅរាជវាំងដើម្បីសុំគាល់ព្រះរាជា ។ ព្រះរាជាមិនព្រមចេញមកទទួលព្រះភិក្ខុសង្ឃឡើយ។ ព្រះសម្ពុទ្ធក៏បញ្ជូនអគ្គសាវ័កទាំងពីរ គឺព្រះសារីបុត្រ និងព្រះមហាមោគ្គល្លានទៅបន្ត ។ ព្រះរាជាក៏នៅមិនព្រមមកជួបដោយយកលេសថារវល់រាជកិច្ច ។ ព្រះពុទ្ធជាម្ចាស់បានព្យាករណ៍ព្រះរាជាថា ព្រះរាជាអង្គនេះ នឹងមិនអាចសោយទីវង្គតដោយមានយសសេរីបានឡើយ ដោយសារកម្មដែលមិនព្រមចេញមកទទួលព្រះភិក្ខុសង្ឃ និងអគ្គសាវ័ករបស់តថាគត ។ ដោយសារបុព្វកម្មនេះ ព្រះបាទបសេនទិ ទ្រង់សោយទីវង្គតយ៉ាងអធម ។
ឯកសារយោង
[កែប្រែ]អដ្ឋកថា
http://www.budsas.org/ebud/rdbud/rdbud-03.htm
អត្ថបទដែលទាក់ទងនឹងព្រះពុទ្ធសាសនានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |