Jump to content

បរមរាជារាមាធិបតី

ពីវិគីភីឌា
ពញាសួស្តិ៍ រឺ ចៅតា
ព្រះបាទ
រជ្ជកាលគ.ស ១០២៦-១០៧៤
រាជ្យមុនព្រះបាទអង្គជ័យ
រាជ្យបន្តព្រះបាទសិរីវីចក្រ
ព្រះនាមពេញ
​​ ព្រះបាទសម្ដេច ព្រះឱង្ការ ព្រះបរមរាជាមាធិបតី
សន្តតិវង្សព្រះទេវង្សអស្ចារ្យ រឺ ព្រះអង្គជ័យ
បិតាព្រះបទុមរាជា
មាតាព្រះនាងសុភវត្តី
ប្រសូតគ.ស ៦២៦
ភូមិភ្នំជ្រាវ គោកព្រះរាជមន្ទីរ ខេត្តសំរោងទង រឺ ខាងនិរតីនៃភ្នំប្រសិទ្ធិ (ឯកសារមហាបុរសខ្មែរ)
សុគតគ.ស ១០៧៤
មហានគរ

ព្រះបាទបរមរាជារាមាធិបតី រឺ ពញាសួស្តិ៍ រឺ បរមរាជាទី១ (គ.ស ៦២៦-១០៧៤) រជ្ជកាល (គ.ស ១០២៦-១០៧៤) ព្រះបាទត្រសក់ផ្អែម​ ​ព្រះ​មហាក្រ​ត្រ​ខ្មែរ​ទី​២៧​ ​មាន​អាថ៌​កំបាំង​ច្រើន​ក្នុង​ប្រវត្ដិ​ព្រះ​អង្គ​ ​ដែល​គេ​ពុំ​អាច​ដឹង​ ​និង​យល់​បាន​ឡើយ។​ ​អាថ៌​កំបាំង​ក៏​មាន​ច្រើន​ដែរ​ ​ចំពោះ​ព្រះមហាក្សត្រ​ដែល​សោយរាជ្យ​បន្ទាប់​ពី​ព្រះ​អង្គ។​ ពង្សាវតារ​វត្ដ​ទឹកវិល​សរសេរ​ថា​ពញាសួស្តិ៍​ ​ដែល​ត្រូវជា​ប្អូន​ ​បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​បង​នៅ​ឆ្នាំខាល​ ​ព.ស ​១៥៧២ ត្រូវជា​ម.ស​​ ៩៤៨, ច.ស​៣៨៨ និង​ត្រូវជា​គ.ស ១០២៦។ កាលនោះ​តា​សួស្តិ៍​ ​មាន​អាយុ​ ៤០០ ​ឆ្នាំ។​ ​ព្រះ​អង្គ​ទទួល​ព្រះ​បរម​នាម​ព្រះបាទ​បរមរាជា​រាមាធិបតី។​ ព្រះ​អង្គ​បាន​តែងតាំង​ក្មួយ​ ​ព្រះ​សិរីរត្ន​ ​ជា​ឧបរាជ។​ ​ព្រះ​អង្គ​បាន​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្ម​ ​៤៤៨​ឆ្នាំ។ បន្ទាប់ ​មក​ ​គឺ​ព្រះ​សិរីរតន៍​ ​ព្រះ​លំពង្ស​ ​ព្រះរាជឱង្ការ ​ព្រះ​ស្រីសុរិយោពណ៌​ ​ដែល​បាន​ឡើង​សោយរាជ្យ​ជា​លំដាប់លំដោយ​រៀង​មក។ សម្ដេចព្រះមហាឧបរាជ ពញាសួស្តិ៍ ស្ដេចឡើងសោយរាជ្យ ស្នងសម្ដេចព្រះបរមជេដ្ឋាធិរាជ ទ្រង់ព្រះនាមថា ព្រះបាទសម្ដេច ព្រះឱង្ការ ព្រះបរមរាជាមាធិបតី ទ្រង់ប្រទានឲ្យ ព្រះសិរីរតន៍ឡើងជាមហាឧបរាជ។ ព្រះបរមបពិត្រ ស្ដេចឲ្យប្រជុំ សាមលរាជចូលមកធ្វើព្រះសុមេរុ ថ្វាយព្រះសពសម្ដេចព្រះជេដ្ឋា ជាឧឡារិក សន្ធឹកមហិមា៣៧ថ្ងៃ ជាសូរេចការបុណ្យ។

ប្រវត្តិ

[កែប្រែ]
  • ឆ្នាំវក ព្រះនាងសុភវត្តីទ្រង់គ្រប់ខែគ្រប់ថ្ងៃ ប្រសូតបានរាជបុត្រមួយព្រះអង្គ ដែលព្រះនាងដាក់ឈ្មោះថាពញាសួស។ តែពង្សាវតារសម្ដេចវាំងជួនបាន សរសេរថា ព្រះរាជបុត្រនេះឈ្មោះចៅតា ហើយបានប្រសូតក្នុងឆ្នាំម្សាញ់។ ពញាសួស ឬចៅតា មានរូបសម្បត្តិល្អល្អាច់ និងមានប្រាជ្ញាភ្លឺថ្លាឈ្លាសវៃណាស់។ អាយុ ៧ ឆ្នាំ ពញាសួស ឬចៅតាបានសាកសួរចង់ដឹងអំពីប្រវត្ដិរបស់ឪពុក។ ព្រះនាងសុភវត្តីបាននិទានរៀបរាប់ប្រាប់ប្រវត្ដិទាំងប៉ុន្មានឲ្យ កូនសណ្ដាប់។ ព្រះនាងបាននិយាយអំពីដំបងដែលព្រះបទុមរាជាជាឪពុក បានទុកជារបស់សម្រាប់ចំណាំដែរ។ ស្ដាប់យល់ដឹងឮអស់សេចក្ដី ពញាសួស ឬចៅតា និងពញាជ័យជាបងក៏សុំលាម្ដាយទៅរកឪពុក។ ព្រះអង្គបានយកដំបងសំគាល់ខ្លួនទៅជាមួយដែរ។ នៅទីបំផុត អ្នកទាំងពីរបានទៅជួបនឹងព្រះបិតាដូចក្ដីបំណង។ គ្រានោះ គឺចំពេលដែលព្រះបទុមរាជាកំពុងខឹងខ្ញាល់យ៉ាងខ្លាំងនឹងព្រះស័ង្ខចក្រ ឬស្ដេចគម្លង់ ដែលបានសម្លាប់សិស្សជំនិតព្រះអង្គ ដែលព្រះអង្គបានបញ្ជូនឲ្យទៅជួយព្យាបាលជំងឺឃ្លង់ភ្លើង។ ព្រះបទុមរាជាឃើញយល់ច្បាស់ថាជាកូនព្រះអង្គពិតប្រាកដហើយ ព្រះអង្គក៏រៀបរាប់ប្រាប់ប្រវត្ដិឲ្យដឹងអស់នូវពូជពង្សសែស្រឡាយ ព្រះអង្គជាក្សត្រ។ ព្រះអង្គបានប្រដែប្រដៅកូនទាំងពីរថា “កូនទាំងពីរមិនត្រូវទៅលុតក្រាប សុំបុណ្យស្ដេចពាលអង្គហ្នឹងទេ! ៤០០ ឆ្នាំទៀត កូននឹងបានឡើងគ្រងរាជសម្បត្តិប្រទេសកម្ពុជាជាមិនខាន! ដើម្បីបន្ដព្រះរាជវង្សយើងទៅអនាគត”។ ព្រះបទុមរាជា ព្រះអង្គបានប្រក់ព្រំប្រសិទ្ធិពរជ័យដល់កូនទាំងពីរឲ្យបាន សេចក្ដីសុខចម្រុងចម្រើន មានអាយុវែងយឺនយូរ។ ហើយជាចំណងដៃដល់កូន ព្រះអង្គបានប្រគល់ឲ្យដុំថ្មដែក និងគ្រាប់ពូជត្រសក់គ្រាប់ម្នាក់ សម្រាប់យកទៅដាំចិញ្ចឹមជីវិត (ពង្សាវតារសម្ដេចវាំងជួនសរសេរថា ព្រះបទុមរាជាបានឲ្យគ្រាប់ត្រសក់ ៣ គ្រាប់ទៅឲ្យកូនម្នាក់ៗ)។ ព្រះអង្គផ្ដាំទៀតថា ត្រូវទៅធ្វើចម្ការដាំត្រសក់នៅឯខេត្ដគោកសេះ។ ដូច្នេះហើយបានជា រៀងរហូតមកមានឈ្មោះ ចម្ការសួស ចម្ការជ័យ ចម្ការត្រសក់ផ្អែម ដែលក្លាយបន្ដិចម្ដងៗទៅជាចម្ការអ្នកអែម។ យូរ ឆ្នាំក្រោយមក ព្រះនាងសុភវត្តីបានចូលទិវង្គត ដោយជំងឺរោគាព្យាធិចាស់ជរា។ បុត្រទាំងពីរ ពញាជ័យ និងពញាសួស បានរៀបចំធ្វើបុណ្យថ្វាយព្រះមាតា តាមទំនៀមទម្លាប់ប្រពៃណីរបៀបជារាស្ដ្រសាមញ្ញ។ ពញាជ័យ និងពញាសួស ក្រោយដែលទៅរស់នៅខេត្ដគោកសេះ អស់រយៈពេលបីឆ្នាំ ដោយក្ដីអផ្សុក នឹកនាដល់មិត្ដភ័ក្ដិជិតស្និទ្ធញាតិសន្ដាន ក៏បាននាំគ្នាវិលត្រលប់មករស់នៅភ្នំរូងកន្លែងចាស់វិញ។ បងប្អូនទាំងពីរនាក់នាំគ្នាដាំត្រសក់លក់ដោះដូររកស៊ីដើម្បី ចិញ្ចឹមជីវិត (បើតាមពង្សាវតារសម្ដេចវាំងជួន ចម្ការត្រសក់នេះស្ថិតនៅភ្នំជ្រាវ)។ ត្រសក់ទាំងនោះមានរសជាតិផ្អែមឆ្ងាញ់ពិសា ខុសប្លែកពីធម្មតា បណ្ដាលឲ្យមនុស្សម្នាជិតឆ្ងាយចូលចិត្ដនិយមមកទិញដូរហូរហែជាប់ រដឹក។ ដោយសារត្រសក់មានរសជាតិផ្អែមឆ្ងាញ់ខុសគេមិនដែលមាន ទើបបានជាគេដាក់ងារឲ្យពញាជ័យថា នាយត្រសក់ផ្អែម ឬតាត្រសក់ផ្អែម។ ប្រជាពលរដ្ឋជាច្រើនស្រឡាញ់រាប់អានពញាជ័យ និងពញាសួស ហើយចូលរួបរួមធ្វើបក្សពួកជាមួយ។ អ្នកទាំងពីរក៏ធ្លាប់បានបង្ហាត់បង្រៀនអ្នកស្រុកអ្នកភូមិ ឲ្យចេះលេងភ្លេងប្រគំតូរ្យតន្ដ្រីដែរ។ កេរ្ដិ៍ឈ្មោះនាយត្រសក់ផ្អែមចេះតែល្បីល្បាញ ឮសូរខ្ចរខ្ចាយបន្ដិចម្ដងៗ ទៅគ្រប់ទិសទីក្នុងខេត្ដខណ្ឌ។ ថ្ងៃមួយ ក្របីបានដើរចូលមកស៊ីចម្ការត្រសក់ផ្អែមពញាជ័យ និងពញាសួស។ ឃើញដូច្នោះ ចៅតា ឬនាយត្រសក់ផ្អែមក៏ឆក់យកដុំថ្មដែកដែលឪពុកបានចងដៃ គប់ចោលទៅលើក្របី។ រំពេចភ្លាមនោះ ក្របីក៏ដួលងាប់នៅនឹងកន្លែង ដោយសារដុំថ្មដែកបុកប៉ះចំឆ្អឹងជំនី ធ្លាយពីម្ខាងទៅម្ខាង។ ម្ចាស់ក្របីក៏យករឿងនេះទៅប្ដឹងដល់ចៅក្រម ឲ្យជួយវិនិច្ឆ័យរកយុត្ដិធម៌ និងបង្ខំនាយត្រសក់ផ្អែមឲ្យសងក្របីវិញ។ នាយត្រសក់ផ្អែមដោះសាថា នាយគ្មានបំណងនឹងសម្លាប់ក្របីនោះទេ នាយគ្រាន់តែដេញ និងចោលដុំថ្មកំញើញប៉ុណ្ណោះ។ ហើយក្របីដែលត្រូវធ្លាយឆ្អឹងជំនីងាប់នោះ គឺបណ្ដាលមកពីកម្មរបស់វាពីជាតិមុនតែប៉ុណ្ណោះ។ ចៅក្រមបង្គាប់ឲ្យនាយត្រសក់ផ្អែមសងក្របីវិញ ។ តែនាយមិនព្រម ហើយសុំតវ៉ាឡើងទៅថ្នាក់លើទៀត។ ដោយបញ្ហា ចោទប្រកាន់ និងដោះសា ពិបាកស្មុគស្មាញពេក ចៅក្រម និងនាម៉ឺនមន្ដ្រីមិនហ៊ានកាត់សេចក្ដីសំណុំរឿងនេះឡើយ ហើយក៏លើកទៅទូលថ្វាយព្រះរាជាឲ្យសម្រេច។ ព្រះមហាក្សត្រព្រះសីហនុរាជទ្រង់បញ្ជាឲ្យនាម៉ឺនអាមាត្យរៀបធ្វើការ ពិសោធន៍ ជីកអន្លង់ ហើយយកខ្មោចក្របី (ពង្សាវតារវត្ដទឹកវិលបញ្ជាក់ថា គឺក្របីរស់ទេ ដែលស្ដេចបានយកមកពិសោធ) មកចងភ្ជាប់នឹងបង្គោលឈើ។ បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យនាយត្រសក់ផ្អែមយកដុំថ្មដែក គប់ទៅលើពោះក្របី ពោះក្របីក៏ត្រូវធ្លាយពីម្ខាងទៅម្ខាងដូចលើកមុនមែន។ ព្រះមហាក្សត្រឃើញហេតុការណ៍ដ៏អស្ចារ្យ កើតមានដូច្នេះ ក៏កាត់សេចក្ដីឲ្យនាយត្រសក់ផ្អែមរួចខ្លួន ដោយមានបន្ទូលថា “នេះជាកម្មពីអតីតរបស់សត្វក្របី”។ ព្រះមហាក្សត្រ ដែលបានភ្លក់ត្រសក់ពញាជ័យពញាសួស បានស្គាល់រសជាតិថាផ្អែមឆ្ងាញ់ពិសា ខុសពីត្រសក់ធម្មតាមែន។ ចាប់ពីថ្ងៃនោះមក ព្រះអង្គបង្គាប់ឲ្យបងប្អូនទាំងពីរនាក់បេះត្រសក់យកមកថ្វាយព្រះអង្គតាមរដូវ។ ព្រះអង្គបានដាក់ងារឲ្យថា នាយត្រសក់ផ្អែម ទទួលបេសកកម្មដាំថែរក្សាការពារ និងបេះត្រសក់ផ្អែមសម្រាប់ព្រះមហាក្សត្រ។ ព្រះអង្គបានបង្គាប់ពួក ក្រុមជាងស្មិត ឲ្យយកដុំថ្មដែកនោះ សិតធ្វើជាលំពែង ហើយប្រគល់ទៅនាយត្រសក់ផ្អែមទុកចាំយាមការពារចម្ការ ។ ព្រះអង្គថែមទាំងបញ្ញត្តប្រកាសផ្ដល់អំណាចដល់នាយត្រសក់ផ្អែម អាចប្រហារជីវិតជនណា ឬសត្វណាដែលហ៊ានចូលមកឈ្លានពានស៊ីចម្ការ និងលួចត្រសក់ផ្អែមដោយគ្មានទោសពៃរ៍អ្វីទាំងអស់។ បទបញ្ជាស្ដេចនេះ នាម៉ឺនមន្ដ្រីតូចធំ និងប្រជានុរាស្ដ្រជិតឆ្ងាយដឹងឮគ្រប់ៗគ្នា។ ថ្ងៃមួយ មិនដឹងពិភាល់មកអំពីហេតុអ្វី ស្រាប់តែព្រះបាទសីហនុរាជបញ្ជាឲ្យសព្វមុខមន្ដ្រីពលសេនា បរិវាររៀបចំក្បួនដង្ហែព្រះអង្គទៅក្រសាលលំហែកាយតាមព្រៃភ្នំ ក្នុងខេត្ដសំរោងទង ហើយបានឈប់បោះពន្លាជ័យនៅម្ដុំខាងជើងចម្ការត្រសក់នាយ ត្រសក់ផ្អែម។ នៅគង់ប្រថាប់លេងទីនេះ ស្រាប់តែព្រះអង្គកើតមានចិត្ដមន្ទិលសង្ស័យ មិនអស់ចិត្ដនឹងការស្មោះត្រង់របស់នាយត្រសក់ផ្អែម ខ្លាចក្រែងនាយបេះត្រសក់យកទៅលក់ដូរឲ្យអ្នកផ្សេងដទៃ។ ពេលយប់ ព្រះសីហនុរាជនាំមហាត្លឹកជំនិតពីរនាក់ទៅជាមួយ ដើម្បីស៊ើប លបលួចចូលក្នុងចម្ការត្រសក់ រង់ចាំមើលកាយវិការនាយត្រសក់ផ្អែម។ ព្រះអង្គចូលទៅដល់ទួលមួយក្នុងចម្ការ។ គ្រានោះ នាយត្រសក់ផ្អែមមិនទាន់ដេកលង់លក់នៅឡើយទេ។ នាយកំពុងលេងភ្លេងលំហែកាយ។ ទោះជាកំពុងលេងភ្លេងក៏ដោយ ក៏ភ្នែកនាយរំពៃមើលយាមចម្ការត្រសក់ដែរ។ ភ្លាមនោះ នាយមើលឃើញស្រមោលមនុស្ស កំពុងតែដើរលបលួចចូលក្នុងចម្ការ។ ស្មានថាចោរ មិនបង្អង់យូរនាយត្រសក់ផ្អែមចាប់យកលំពែងគប់ចោលភ្លែត សំដៅស្រមោលនោះ ។ ផ្លែលំពែងបានបុកទម្លុះធ្លាយចំដើមទ្រូងស្ដេចសីហនុ សុគតក្នុងពេលនោះភ្លាមទៅ។ នាយត្រសក់ផ្អែមឃើញមនុស្សដេកដួលស្លាប់នៅនឹងកន្លែង ក៏យកភ្លើងមកឆ្លុះមើល។ ស្រាប់តែនាយឃើញជាក់ច្បាស់ថា ចោរនោះ គ្មាននណាក្រៅពីស្ដេចឡើយ។ នាយភ័យតក់ស្លុតឥតឧបមា ស្រែកដង្ហោយយំនឹកស្រណោះព្រះករុណា។ កន្លែងដីទួលដែលតាត្រសក់ផ្អែមចាក់សម្លាប់ស្ដេចបានជាប់ឈ្មោះជា រៀងរហូតមកថា ទួលចាក់ស្ដេច
  • ពញាជ័យ និងពញាសួស ទាំងពីរនាក់ ជាបងប្អូនបង្កើតនឹងគ្នា។ គាត់មានលំនៅ នៅខាងទិសនិរតីនៃ ភ្នំប្រសិទ្ធិ។ អ្នកទាំងពីរនាក់នេះ មានរបររកទទួលទាន ជាអ្នកចម្ការដាំត្រសក់។ ក្នុងពេលលំហែ ពីមុខការធ្វើរបរត្រសក់ហើយ គាត់តែងនាំអ្នកស្រុកលេងមហោស្រព ជាការកំសាន្ត។ ថ្ងៃក្រោយមក ព្រះបាទសែណ្ណ័ករាជ ជាអម្ចាស់ផែន ស្ដេចទៅសាងព្រះរាជវាំងក្បែរភ្នំប្រសិទ្ធិដែរ។ ពញាជ័យ និងពញាសួស, កាលបានដំណឹងនេះហើយ, ក៏នាំបងប្អូនបេះត្រសក់ និង នាំល្បែងមហោស្រព ទៅថ្វាយព្រះរាជា ជារឿយៗ។ ព្រះមហាក្សត្រទ្រង់សព្វព្រះទ័យនឹងត្រសក់គាត់ណាស់។ ទ្រង់មានព្រះបន្ទូលថា : ត្រសក់នេះផ្អែមអស្ចារ្យ ជាងត្រសក់ទាំងឡាយ។ ទ្រង់បានហាមថា : កុំឲ្យពញាជ័យ និង ពញាសួស បេះត្រសក់នោះលក់ដូរ ឲ្យអ្នកណាឲ្យសោះ ឲ្យទុកសម្រាប់តែ ធ្វើជាដង្វាយព្រះអង្គតែប៉ុណ្ណោះ។ ព.ស. ១៥២៧ គ.ស. ៩៨៣ ម.ស. ៩០៥ ច.ស. ៣៤៥ ក្នុងឆ្នាំមមែ បញ្ចស័ក ព្រះបាទបរមបពិត្រ សែណ្ណ័ករាជ បរមរាជា ស្ដេចសោយរាជ្យបាន ៣០ ឆ្នាំ។ ពញាជ័យអាយុបាន ៤៣៨ឆ្នាំ ពញាសួសអាយុបាន ៣៣៨ ឆ្នាំ។ ក្នុងគ្រានោះ មានក្របីអ្នកស្រុកម្នាក់ បានទំលាយរបងចម្ការត្រសក់ របស់ពញាជ័យ និងពញាសួស ហើយចូលមកជិះជាន់ស៊ីត្រសក់របស់គាត់អស់ជាច្រើន។ ពញាជ័យ ឃើញដូច្នោះហើយ ក៏យកដុំថ្មចង្ក្រានចោល ដើម្បីដេញបង្អើលសត្វនោះឲ្យជៀសទៅ, ដុំថ្មនោះក៏រត់ទៅត្រូវធ្លុះក្របីនោះស្លាប់ទៅ។ ម្ចាស់ក្របីប្ដឹងដល់ចៅក្រមទាំងឡាយ អំពីរឿងពញាជ័យសម្លាប់ក្របីរបស់ខ្លួននេះ។ ចៅក្រមតុលាការកាត់សេចក្ដីឲ្យពញាជ័យសងក្របីទៅក្របីវិញ។ ពញាជ័យមិនសុខចិត្តដ្បិតថា កាលខ្លួនចោលក្របីនឹងដុំថ្មចង្ក្រាននោះ ខ្លួនមិនប៉ងឲ្យស្លាប់ក្របីនោះទេ គឺចោលឲ្យគ្រាន់តែក្របីនោះខ្លាច ហើយរត់ចេញទៅតែប៉ុណ្ណោះ។ ចៅក្រមកាត់ក្ដីនេះមិនដាច់ស្រេច ក៏នាំសេចក្ដីនេះទៅប្ដឹងដល់សេនាបតី។ សេនាបតី ក៏កាត់មិនដាច់ទៀត ទើបនាំមនុស្សនោះ ឡើងក្រាបបង្គំទូល ព្រះបរមបពិត្រ ដើម្បីសូមឲ្យទ្រង់ព្រះរាជវិនិច្ឆ័យឲ្យ។ ព្រះរាជាឲ្យយកដុះក្រាននោះ ចោលក្របីឯទៀត ជាការល្បងមើល។ កាលពញាជ័យ ចោលទៅក្របីណា ក្របីនោះក៏ធ្លាយពោះនឹងដុំថ្មនោះ ស្លាប់ទាំងអស់មែន។ ព្រះរាជា ទ្រង់ពិសោធឃើញយ៉ាងនេះហើយ ក៏ទ្រង់កាត់សេចក្ដីថា :ក្របីនោះស្លាប់ដោយពញាជ័យមិនមានចិត្តក្លែងសម្លាប់ទេ ពីព្រោះពញាជ័យ មិនបានដឹងថា ថ្មនោះជាដែកកាយសិទ្ធទេ ស្មានថាជាដុំថ្មធម្មតា បានជាចោលទៅត្រូវស្លាប់ដូច្នេះ។ ហេតុនេះ ទ្រង់ប្រោសប្រទាន ព្រះរាជវិនិច្ឆ័យថា : ក្របីដែលស្លាប់នេះ ទុកជាកម្មរបស់សត្វចុះយើងនឹងយកទោសពញាជ័យមិនបានទេ។ ទើបទ្រង់ឲ្យពួកជាង យកដុំក្រាននោះទៅរំលាយមើល។ ជាងយកទៅរំលាយទៅ ក៏ឃើញថា ថ្មនោះជាដែកកាយសិទ្ធពិតមែន ទើបទ្រង់ព្រះបង្គាប់ឲ្យក្រុមជាងយកដែកនោះទៅផែ ជាលំពែងមួយ ហើយទ្រង់ប្រគល់ឲ្យ ពញាជ័យ កាន់លំពែងនោះទុក រក្សាចម្ការត្រសក់នោះ ទុកជាដីចម្ការហ្លួង។ ឯលំពែងនោះ សន្មតហៅថា លំពែងជ័យ។ ព.ស. ១៥៣៩ - គ.ស. ៩៩៥- ម.ស. ៩១៧ ច.ស.៣៥៧ ឆ្នាំមមែ សប្តស័ក ព្រះបរមបពិត្រ ព្រះសែណ្ណ័ករាជ ទ្រង់មានព្រះជន្មវស្សា ទ្រង់មានព្រះជន្មវស្សា ៥៩ ឆ្នាំ ទ្រង់សិរីរាជសម្បត្តិបាន ៤២ឆ្នាំ ពញាជ័យ មានជន្មាយុជាង ៤៥០ឆ្នាំពញាសួស មានជន្មាយុសួស មានជន្មា៣៥០ឆ្នាំ។ គ្រានោះ ព្រះបរមបពិត្រ អម្ចាស់ផែនដី ទ្រង់មាន ព្រះរាជហឫទ័យសង្ស័យថា ពញាជ័យ ពញាសួសនោះ ដាំត្រសក់ សម្រាប់ទុកតែជាដង្វាយទេ ឬមួយគាត់លបដាំឲ្យគេខ្លះដែរ។ លុះទ្រង់ព្រះតម្រិះដូច្នេះហើយ វេលាយប់ស្ងាត់ ទ្រង់ក៏ត្រាស់ហៅ មន្ត្រីក្រុមស្និទ្ធព្រះអង្គ ប្រាំមួយប្រាំពីរនាក់ ឲ្យចងព្រះទីនាំងអស្សតរ (អស្សតរ​ = សេះល្អ, សេះលឿន) ថ្វាយ ទ្រង់គង់តម្រង់ទៅចម្ការត្រសក់។ ដល់​ហើយ ស្ដេចចុះចាកព្រះទីនាំង លបទៅទៅដល់គុម្ពោតមួយ ដែលនៅជាកណ្ដាលចំការ។ ទ្រង់គន់ចាំមើល ពញាជ័យ និងពញាសួស ក្រែងមានពុតលបលក់ត្រសក់នោះដែរឬទេ។ ក្នុងរាត្រីនោះ ពញាជ័យ កំពុងមើលមហោស្រពដូចប្រក្រតី ជួនជាក្រឡេកទៅ ឃើញមនុស្សចូលក្នុងចម្ការរបស់គាត់ គាត់ក៏ពួយលំពែងជ័យនោះ តម្រង់ទៅរកមនុស្ស ដែលកំពុងលបនោះ ដោយពុំបានដឹងថា មនុស្សនោះគឺ ព្រះមហាក្សត្រសោះ។ ខណៈនោះ លំពែងជ័យ ក៏ត្រូវចំលើព្រះបរមបពិត្រ បណ្ដាលឲ្យទ្រង់ព្រះសុគត នៅជើងដំបូកក្នុងចំការនោះទៅ។ ហេតុនេះហើយបានជា ដំបូកនោះជាប់ឈ្មោះហៅថា "ដំបូកចាក់ស្ដេច" រៀងមកដល់សព្វថ្ងៃនេះ។ លុះព្រឹកឡើង សេនាបតីមន្ត្រីទាំងពួង បានឮដំណឹងនេះហើយ ក៏នាំគ្នាទៅលើកព្រះបរមសព ដាក់ក្នុងព្រះកោដ្ឋ យកទៅតំកល់ទុកធ្វើបុណ្យ តាមប្រពៃណី។ បន្ទាប់មក សេនាបតីមន្ត្រីទាំងពួង ជំនុំគ្នាថា : ព្រះសីហកុមារ ដែលជាព្រះរាជបុត្រ នៃ ព្រះបាទសែណ្ណ័ករាជនោះ ក៏ទ្រង់ក្ស័យព្រះជន្មនៅឯស្រុកលាវ មុនសម្ដេចព្រះបិតាទៅហើយ, ឥឡូវនេះ ព្រះអង្គគ្មានព្រះរាជបុត្រនឹងថ្វាយសោយរាជ្យប្រយូរវង្សបានទេ។ លុះជំនុំវែងឆ្ងាយទៅ មន្ត្រីទាំងពួងយល់ឃើញថា : ពញាជ័យ, ពញាសួស ទាំងពីរនាក់នេះ អាយុក៏វែង ហើយអាវុធរបស់គាត់នោះ ក៏មុត ក្រៃលែង លើសអាវុធរបស់ជនទាំងពួង។ ពូជពង្សរបស់គាត់ ក៏ជាប់ក្នុងព្រះរាជត្រកូលផងដែរ។ មិនតែប៉ុណ្ណោះសពបណ្ដារាស្ត្រទាំងឡាយ ក៏ស្រលាញ់គាត់ បាននាំគ្នាមកពីស្រុកជិតស្រុកឆ្ងាយ សុំចុះចូលគាត់ជាច្រើនឃើញថា គួរតែយើងអញ្ជើញគាត់ឲ្យឡើងសោយរាជ្យទៅ។ លុះគិតព្រមគ្នាដូច្នេះហើយ ក៏នាំគ្នារៀបក្បួន ដែលសម្រាប់ហែព្រះមហាក្សត្រនោះ ទៅអញ្ជើញ ពញាជ័យ ពញាសួស ឲ្យមកសោយរាជ្យ ជាតំណប្រយូរវង្ស។ ព្រះអង្គទាំងពីរព្រះអង្គ ប្រកែកមិនព្រម ទទួលរាជសម្បត្តិ ជាស្ដេច និង ជាឧបរាជសោះទេ ព្រោះទ្រង់ស្ដាយស្ម័គ្របក្សពួក និង ល្បែងមហោស្រពទាំងឡាយ។ ខណៈនោះ មន្ត្រីទាំងឡាយ ដឹងព្រះរាជហឫទ័យហើយ ក៏ក្រាបទូលអង្វរថា : សូមឲ្យតែព្រះអង្គទ្រង់ព្រមទទួលសោយរាជ្យចុះ ខ្លួនទាំងអស់គ្នានឹងនាំ ប្រដាប់ល្បែងមហោស្រពទាំងប៉ុន្មាន យកទៅទុកក្នុងព្រះនគរ សម្រាប់លេងថ្វាយរាល់ថ្ងៃ ជាលំហែព្រះកាយ។ ព្រះអង្គទាំងពីរព្រះអង្គ ទ្រង់ព្រះសណ្ដាប់ហើយ ក៏ទទួលសេចក្ដីអញ្ជើញ របស់សេនាបតី មន្ត្រីទាំងនោះ។ សេនាបតីមន្ត្រីទាំងនោះ អញ្ជើញសម្ដេចពញាជ័យ ឲ្យគ្រងរាជ្យ (ទទួលរក្សារាជ្យជាបណ្ដោះអាសន្នសិន ទំរាំដល់ថ្ងៃអភិសេក) ជាស្ដេច និង អញ្ជើញពញាសួសឲ្យគ្រងរាជ្យ ជាឧបរាជ ហើយក៏អញ្ជើញស្ដេចត្រាច់ចុះ ព្រះទីនាំងនាវាព្រមទាំងក្បួនហែ ចូលស្ថិតនៅក្នុងព្រះមហានគរ។ បីឆ្នាំក្រោយមក ទើបធ្វើពិធីរាជភិសេកតាមទំនៀម។ លុះបានសោយរាជ្យ (បានឡើងជាក្សត្រិយ៍គ្រងរាជពេញទីហើយ) ហើយព្រះបរមរាជាធិរាជអង្គជ័យ ទ្រង់ឲ្យយកលំពែងជ័យនោះ ទៅតម្កល់ជាមួយនឹងគ្រឿងព្រះបញ្ចក្សេត្រ។ ទ្រង់ត្រាស់បង្គាប់ឲ្យក្រុមមហោស្រព ផ្លាស់ប្ដូរគ្នាលេង ឲ្យអ្នកស្រុកមើលជាទីថ្កើងថ្កាន ហើយទ្រង់ត្រាស់ឲ្យសាងប្រាសាទសួរព្រ័ត្រមួយ យោលទោងមួយ បិទពួនមួយ គ្រប់ទ្វារនគរ សម្រាប់ទតល្បែង។ អស់រាស្ត្រប្រុសស្រីសុខសប្បាយ ថ្កើងថ្កាន ដោយបុណ្យបារមី របស់ព្រះអង្គពន់ប្រមាណណាស់។ សេនាបតីមន្ត្រីរាស្ត្រទាំងពួង ឃើញព្រះអង្គមានបុណ្យ មានព្រះជន្មវែងក្រៃលែង លើសជនទាំងពួងដូច្នោះ ក៏ក្រាបថ្វាយបង្គំទូល សូមព្រះរាជទានព្រះរាជបញ្ញត្តិថា : បើមានមង្គលការអ្វីៗ សូមឲ្យអ្នកមង្គលការនេះឲ្យពរថា : "ជ័យហោង សួស្ដិ៍ហោង" ដើម្បីឲ្យបានសេចក្ដីសុខ និងអាយុយឺនយូរ វែងដូចព្រះអង្គ។ ព្រះបរមបពិត្រយល់ថា ​: ការសុំនេះជាប្រយោជន៍ ដល់រាស្ត្រប្រជារបស់ព្រះអង្គផង ហើយជាកិត្តិយល់ដល់ព្រះអង្គទៀត ដូច្នេះទ្រង់ក៏ព្រះរាជានុញ្ញាតតាមសុំ។ អាស្រ័យហេតុនេះហើយ បានជាក្នុងមង្គលការទាំងឡាយសព្វថ្ងៃនេះ ជនទាំងពួងតែងឲ្យពរ គូស្វាមីភរិយាថ្មីថា : "ជ័យហោង សួស្ដិ៍ហោង" រៀងរាបដរាបមក។ ខណៈនោះ ស្ដេចត្រាស់ហៅសម្ដេចព្រះមហាឧបរាជបាន ៥០ ឆ្នាំ ស្ដេចក៏ទ្រង់ប្រឈួន រោគជាទម្ងន់។ ខណៈនោះ ស្ដេចត្រាស់ហៅសម្ដេចព្រះមហាឧបរាជ ឲ្យយាងទៅជិត ទើបទ្រង់ព្រះបណ្ដាំថា : រាជសម្បត្តិនេះ ត្រូវប្អូនគ្រងតទៅ។ បើប្អូនអស់បុណ្យទៅវេលាណា សុំប្អូនប្រគល់រាជសម្បត្តិនោះទៅ ចៅសិរីរតន៍ ជាក្មួយបាសោយរាជ្យតទៅ។ ប្រការមួយទៀតអំពីក្បួនតម្រាសិក្ខាវិន័យ សម្រាប់ព្រះសង្ឃ និងសម្រាប់ផែនដី និងបារគូបុរោហិតនោះ ចូរប្អូនត្រួតត្រាឲ្យបានត្រឹមត្រូវ។ តែបើប្អូនធ្វេសប្រហែស បណ្ដោយឲ្យឃ្លៀងឃ្លាតហើយព្រះរាជាណាចក្រមុខជាពុំបានសុខក្សេមក្សាន្តឡើយ។ ទ្រង់ព្រះបណ្ដាំ ចប់ព្រះបន្ទូលហើយ ព្រះបរមបពិត្រ ក៏ទ្រង់សុគតទៅ ក្នុងឆ្នាំជូតសំរឹទ្ធិស័កព.ស. ១៥៩២ - គ.ស. ១០៤៨ - ម.ស. ៩៧០ - ច.ស. ៤១០ ក្នុងព្រះជន្មាយុ ៥០០ឆ្នាំ (បើថា៥០៣ឆ្នាំ ទើបត្រូវជាង)។ វេលានោះ សម្ដេចព្រះមហាឧបរាជ ព្រះរាជបុត្រា សេនាបតី មន្ត្រីគ្រប់ក្រសួង លើកព្រះបរមសព តម្កល់ក្នុងព្រះកោដ្ឋ ហើយនាម៉ឺនសព្វមុខមន្ត្រី អញ្ជើញ សម្ដេចព្រះមហាឧបរាជ ពញាសួស ឲ្យឡើងសោយរាជសម្បត្តិស្នងព្រះជេដ្ឋាឡើង។

ក្នុងរាជ្យ

[កែប្រែ]

ចាប់តាំងពីព្រះអង្គ បានឡើងសោយរាជ្យវេលាណាមក ព្រះបរមបពិត្រពញាសួស ព្រះអង្គទ្រង់ប្រព្រឹត្តដោយយុត្តិធម៌ ឥតមានល្អៀងពី ព្រះរាជបណ្ដាំ ដែលសម្ដេចព្រះជេដ្ឋា ទ្រង់ផ្ដាំទាំងប៉ុន្មានៗ ក៏ទ្រង់ធ្វើតាមគ្រប់ជំពូក។ ព្រះអង្គចំណាយព្រះរាជទ្រព្យ ឲ្យសាងវត្តអារាម ឲ្យជួសជុលព្រះអារាម ដែលពុកបាក់បែកនោះប្រមាណជាង ១០០ ព្រះវិហារ។ រាស្ត្រប្រជា ក្នុងព្រះរាជាណាចក្រ បានសុខសប្បាយគ្រប់គ្នា, ភ្លៀងក៏ធ្លាក់ត្រូវរដូវ រាស្ត្រធ្វើស្រែចំការ បានផលច្រើន, ផលប្រយោជន៍ក្នុងព្រះនគរ ក៏ចម្រើនច្រើន។

ក្នុងឆ្នាំចទោស័ក ព.ស. ១៦១៤ គ.ស ១០៧០, ម.ស ៩៩២, ច.ស ៤៣២ ព្រះអង្គសោយរាជ្យបាន ២២ឆ្នាំ មានម្នាក់ឈ្មោះ ជៃ បានទៅតាំងសិល្ប៍នៅភ្នំខ្ជោល ហើយលើកខ្លួនជាអ្នកមានបុណ្យ។ លុះការណ៍នេះ បានជ្រាបដល់ព្រះបរមបពិត្រហើយ, ស្ដេចក៏ត្រាស់ប្រើសម្ដេចចៅពញាចក្រី, សម្ដេចចៅពញាក្រឡាហោម ឲ្យលើកយោធាទាហានទៅប្រាបប្រាម។ សេនាទាហាន ចាប់បានខ្លួនសិល្ប៍ជៃ ហើយក៏ប្រហារជីវិតទៅ។ លុះបានជោគជ័យសព្វគ្រប់ហើយ មេទ័ពទាំងពីរនោះ ក៏ចូលមកក្រាបបង្គំទូល តាមកិច្ចការ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ ទ្រង់ប្រទានរង្វាន់ នាយទ័យ នាយកង តាមគុណបំណាច់ ដែលប្រើបាន។ ព្រះនគរក៏បានសុខក្សេមក្សាន្តតរៀងមកទៀត។

សម្ដេចព្រះបរមរាជា រាមាធិបតី ពញាសួស ជាស្ដេចអា ឥតព្រះរាជបុត្រសោះ។ លុះព្រះអង្គសោយរាជ្យបាន ៤៨ឆ្នាំ ទ្រង់ប្រឈួនរោគជាទម្ងន់ ទើបព្រះអង្គត្រាស់ឲ្យហៅព្រះសិរីរតន៍ មហាឧបរាជ មកផ្ដាំថា : រាជសម្បត្តិនេះ ឲ្យចៅគ្រប់គ្រងតទៅ​ តាមព្រះរាជបណ្ដាំ សម្ដេចព្រះបរមជេដ្ឋា ជាសម្ដេចព្រះបិតាចៅ។ បើចៅសោយរាជ្យហើយ សូមឲ្យចៅ ជួយទំនុកបំរុងព្រះពុទ្ធសាសនា និងការផែនដីឲ្យមាំមួន តាមសេចក្ដីប្រព្រឹត្តរបស់សម្ដេចព្រះវរបិតានៃចៅ កុំឲ្យឃ្លៀងឃ្លាត។

ទ្រង់ព្រះបណ្ដាំហើយ សម្ដេចព្រះបរមបពិត្រ ស្ដេចសុគតទៅ។ មន្ត្រីទាំងឡាយអញ្ជើញព្រះសព តម្កល់ក្នុងព្រះកោដ្ឋហើយ ក៏អញ្ជើញព្រះសិរីរតន៍ ឲ្យឡើងសោយរាជ្យ។

អ្នកស្រាវជ្រាវសូមជំរាបថា អំពីព្រះមហាក្សត្រអង្គនេះ ព្រះរាជពង្សាវតារ ដែលតម្កល់ទុកក្នុងព្រះរាជបណ្ណាល័យនោះ ពុំបានពណ៌នាទេ។ បើតាមឯកសារនេះ ព្រះសន្តតិវង្ស ជាតំណពីព្រះបាទត្រសក់ផ្អែមមក គឺព្រះនិព្វានបាទ។ ឯកសារដទៃទៀត ដែលយើងមានក្នុងពេលឥឡូវនេះ "ក៏មិនឃើញមានព្រះនាមព្រះអង្គដែរ"។

ឯកសារយោង

[កែប្រែ]
  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
  • ឯកសារមហាបុរសខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះបាទអង្គជ័យ
ព្រះមហាក្សត្រនៃមហានគរ
១០២៦-១០៧៤
តដោយ
ព្រះបាទសិរីវីចក្រ
ព្រះរាជគោរម្យងារ
មុនដោយ
មិនស្គាល់
ឧបរាជនៃកម្វុជទេឝ
៩៧៥-១០២៦
តដោយ
ព្រះឧបរាជសិរីវីចក្រ