រុទ្រវម៌្ម (ហ៊្វូណន)
អត្ថបទ ឬផ្នែកនេះ ត្រូវបានណែនាំឲ្យដាក់បញ្ចូលគ្នាជាមួយ [[::ព្រះបាទរុទ្រវរ្ម័ន|ព្រះបាទរុទ្រវរ្ម័ន]]. (ពិភាក្សា) |
រុទ្រវម៌្ម | |
---|---|
រជ្ជកាល | គ.ស ៥១៤-៥៥០ |
រាជ្យមុន | កុរុងគុណវម៌្ម |
រាជ្យបន្ត | កុរុងប្រថិវេន្ទ្រវម៌្ម |
បុត្រ | ប្រថិវេន្ទ្រវម៌្ម, វីរវម៌្ម |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
បិតា | កុរុងកៅណ្ឌិន្យជយវម៌្ម |
មាតា | ស្នំ |
ប្រសូត | វ្យាធបុរ |
សុគត | គ.ស ៥១៤ វ្យាធបុរ |
សាវ៌ភៅម រឺ ចក្រវរ្តិន រុទ្រវម៌្ម ឬរុទ្រវរ្ម័ន (អានថា: រុត-ទ្រៈ-វ-រៈ-មៈ) (ចិន:留陁跋摩, ភិងអ៊ិង:Liútuóbámó រឺ លៀវធួកប៉ាម័រ, យ៉ាត់ផេង:lau4tuóbat6mo4 ឡោវធួប៉ាត់ម៉ ជាកន្តាំង) (គ.ស ?-៥៥០) រជ្ជកាល (គ.ស ៥១៤-៥៥០) ព្រះអង្គគឺជាបុត្ររបស់ព្រះកៅណ្ឌិន្យជយវម៌្ម និង ស្រីស្នំម្នាក់ តែម្ដាយព្រះអង្គគ្មានជាប់ឈាមជ័រជាក្សត្រទេ ដែលតាមប្រពៃណី ព្រះអង្គគ្មានសិទ្ធិនឹងឡើងសោយរាជ្យឡើយ។ ព្រះអង្គបានធ្វើឃាតព្រះអង្គម្ចាស់ គុណវម៌្ម ព្រះរជ្ជទាយាទពេញច្បាប់ ដែលត្រូវជាបងប្អូនបង្កើតនឹងព្រះអង្គ តែមានម្ដាយខុសគ្នា។ មាតាព្រះគុណវម៌្ម ជាព្រះអគ្គមហេសី មានព្រះនាមព្រះនាងកុលប្រភាវតី។ បន្ទាប់ពីកើតមានព្រឹត្តិការណ៍សោកនាដកម្មនេះមក ព្រះនាងបានចូលទៅសាងសីល។ នៅក្នុងឆ្នាំ៥១៤ ដើម្បីដណ្ដើមរាជសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ គួរកត់សំគាល់ដែរថា ដោយសារតែស្ដេចរុទ្រវម៌្មឡើងសោយរាជ្យខុសទំនងបែបនេះហើយ ដែលបណ្ដាលឲ្យអាណាចក្រភ្វូណានមានភាពវឹកវរ រហូតដល់រលាយរលំអាណាចក្រភ្វូណានជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦។ ក្នុងសិលាចារឹកគេបានហៅស្ដេចអង្គនេះថា សាវ៌ភៅម ដូច្នេះហើយធ្វើអោយគេយល់ថា ទ្រង់ជាស្ដេចមួយអង្គទៀតផ្សេង នាមនេះគេសម្រាប់ហៅចក្រវរ្តិន រឺ ស្ដេចចក្រពត្តិ។
ការទូតសាសនា
[កែប្រែ]ព្រះអង្គបានបញ្ជូនទៅប្រទេសចិនជាច្រើនដងក្នុងចន្លោះឆ្នាំ៥១៧ និង៥៣៥។ រាជទូតនគរភ្វូណានបាននាំសួយថ្វាយ ស្ដេចចិននៅឆ្នាំ៥៣៩ ហើយបានទូលប្រាប់ទៅព្រះចៅក្រុងចិនថា នៅប្រទេសខ្លួនមានព្រះកេសមួយសរសៃប្រវែង ៣ មាត្រ។ លុះទ្រង់ជ្រាបហើយព្រះចៅលាងអ៊ូទីទ្រង់ក៏បានចាត់ព្រះសង្ឃមួយអង្គនាមធេយុនប៉ាវ ឲ្យយកព្រះកេសនោះទៅប្រទេសចិនវិញ។ សិលាចារឹកសំស្ក្រឹតនៅបាទីនិយាយថាព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេកសាងសំណង់ខាងពុទ្ធសាសនាដែលមានចារក្នុងឯកសារនោះ។ បើតាមពង្សាវតាររាជវង្សលាងពុទ្ធសាសនាបានរុងរឿងណាស់ ឯកសារនេះនិយាយថាមានគណៈបេសកកម្មទូតចិនមួយ ត្រូវបានបញ្ជូនមកអាណាចក្រភ្វូណាននៅរវាងគ.ស ៥៣៥ និង៥៤៥ដើម្បីឲ្យអធិរាជនគរភ្វូណានបញ្ជូនអ្នកប្រាជ្ញ និងខាងគម្ពីរសាសនាមកចិនវិញ។ គ្រានោះមានឥណ្ឌាម្នាក់ឈ្មោះបរមាថ៌ រឺ គុណរតន៍បានមកនគរភ្វូណាន ព្រះចៅអធិរាជក៏បញ្ជូនវរជននេះនាំយកគម្ពីរជាច្រើនទៅកាន់ប្រទេសចិនវិញ នៅគ.ស ៥៤៦។ ជាបឋម ឯកសារចិនបានពណ៌នាថា ព្រះបាទ រុទ្រវម៌្ម បានសោយរាជសម្បតិ្តនៅទីក្រុងវ្យាធបុរ: ដែលស្ថិតនៅចម្ងាយពីសមុទ្រ៥០០លី។ ព្រះរាជធានីនេះ មានទន្លេមួយហូរពីខាងជើង ឈៀងខាងលិច “ ពាយព្យ “ ទៅទិសខាងកើត ឆ្ពោះទៅរកសមុទ្រ ដែលជាទិសដៅរបស់ទន្លេមេគង្គ តាមដៃទន្លេមីថ នៅកម្ពុជាក្រោម។
កំណត់ហេតុចិនខាងលើនេះ ក៏បានបន្ថែមសេចក្តីថា នៅឆ្នាំ៥១៥ នៃគ.ស. ព្រះរាជា រុទ្រវម៌្ម នៃនគរភ្វូណាន បានផ្ញើដង្វាយទៅស្តេចក្រុងចិន ដោយមានព្រះបដិមាតំណាងព្រះអង្គមួយធ្វើពីឈើក្រអូប ដែលមកពីប្រទេសក្លិង្គ សិក សូឡូ (សាលា) និងផ្កាហួស៊ី និងឈើខ្លឹមចន្ទជាច្រើនប្រភេទផង។ សូម រំលឹកដែរថា ព្រះសម្មាសម្ពុទ្ធទ្រង់បានចូលព្រះបរិនិព្វាន នៅក្រោមដើមសាលា ដែលជាឈើមួយ ប្រភេទ។
ក្រោយនេះបន្តិច គឺនៅឆ្នាំ៥៣៩ នៃគ.ស.ព្រះបាទរុទ្រវម៌្ម បានបញ្ជូនប្រតិភូទូតខ្មែរទៅកាន់រាជធានី នៃរាជវង្សលាងណានកិន ដោយនាំទៅជាមួយនូវសត្វរមាសរស់មួយ និងរបស់របរមួយចំនួនរបស់ នគរភ្វូណាន។ ព្រះបាទរុទ្រវម៌្ម បានប្រាប់ទៅចិនថា ព្រះអង្គមានសារីរិកធាតុ និងសក់មួយសរសៃរបស់ព្រះពុទ្ធ អង្គ ដែលមានប្រវែងដល់ទៅ ៣ មាត្រ ៣០។ ព្រះចៅអធិរាជនៃសន្តតិវង្សលាង ក៏បានផ្ញើព្រះភិក្ខុថាំងប៉ាវឡៅ និមន្តទៅកាន់នគរភ្វូណាន ដើម្បីសូមដង្ហែព្រះសីរិកធាតុដ៏មានតម្លៃនោះ។ វត្តមានរបស់សិលាចារឹកមួយផ្ទាំងនៅប្រាសាទតាព្រហ្មនៃទន្លេបាទី ដែលចារឡើងដោយ ព្រះបាទរុទ្រវម៌្ម នាសតវត្សរ៍ទី៦នៃគ.ស ព្រមទាំងវត្តមាននៃសសរពេជ្រមួយកំណាត់ ជារចនាបថ សម្បូរណ៍ព្រៃគុហ៍ នៅទីនេះ សឲ្យឃើញថា តំបន់នេះធ្លាប់មានតួនាទីយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងអតីតកាល។ សិលាចារឹកខាងលើនេះ ដែលបានបកប្រែដោយលោកហ្សក-សឺដេស បានធ្វើការរៀបរាប់ឲ្យដឹងថា ព្រះបាទរុទ្រវម៌្ម ជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌិន្យជយវម៌្ម ព្រះអង្គកាន់ព្រះពុទ្ធសាសនា ហើយគោរពសក្ការ:ព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង។ ថ្វីត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងរជ្ជកាលព្រះមហាក្សត្ររុទ្រវម៌្ម ប៉ុន្តែព្រហ្មញ្ញសាសនានៅតែរក្សាឥទ្ធិពលលើសង្គមយ៉ាងខ្លាំងក្លាដែរ ដោយហេតុថាភាសាខ្មែរ មានលក្ខណ:ជា សំយោគ។
តាមសិលាចារឹក K.៥៤ នៃអង្គជំនីកវិញ ដែលមានកាលបរិច្ឆេទយ៉ាងច្បាស់លាស់ គឺឆ្នាំ៥៥១ នៃ គ.ស ដែលត្រូវនឹងឆ្នាំ ៦២៩ នៃគ.ស យើងអាចដឹងទៀតថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រខ្មែរអង្គនេះ មានការសាងសង់នូវព្រះសិវលិង្គថ្ម និងអាស្រមមួយដែលមានឈ្មោះថា រុទ្រស្រម។ បូជនីយដ្ឋាននេះ បានសាងសង់ឡើងដោយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឡាវិន័យ ដោយអំណោយជាទ្រព្យ និងជាអ្នកបម្រើទេវស្ថាន នេះ ពីសំណាក់មន្ត្រីម្នាក់ឈ្មោះ សិវទត្ត មានងារជា ប៉ោញ។
ពាក្យ រុទ្រស្រម មានន័យថាអាស្រមរបស់ព្រះរុទ្រ ដែលជាឈ្មោះរបស់ព្រះសិវ:ឬព្រះឥសូរដែល មានសញ្ញានិមិត្ត ជាព្រះសិវលិង្គនាសម័យមុនអង្គរ។ ចំពោះយើង យើងជឿថាវត្តមានរបស់ពាក្យនេះ នៅទីនេះមានន័យថា ថ្វីត្បិតតែឈ្មោះរបស់ព្រះឥសូរក៏មែនពិត ក៏ប៉ុន្តែព្រាហ្មណ៍វិឡាវិន័យ ដែលបានសាងសង់អាស្រមនេះឡើងនោះ គឺក្នុងបំណងដ៏ពិសិដ្ឋមួយ ដើម្បីឧទ្ទិសដល់ព្រះរុទ្រវម៌្ម ដែលជាបុព្វការីរបស់ខ្លួនដែរ។
នយោបាយ
[កែប្រែ]នគរភ្វូណានបានធ្លាក់ចុះនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយចេនឡា ដែលយើងមិនអាចប្រកែកបានថាគឺជាពួកក្មេរ។ សិលាចារឹកខ្មែរលើកដំបូងបានចុះកាលបរិច្ឆេទដោយខ្លីបន្តបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្វូណាន បានចារថានៅកម្ពុជាភាគខាងត្បូង ខ្មែរបានតាំងលំនៅរួចទៅហើយនៅឯទឹកដីកម្ពុជាភាគខាងក្រោម។ លោកវីខខឺរីបានឲ្យយោបល់ថា"តាមភស្តុតាង បច្ចុប្បន្នវាមិនអាចទៅរួចទេ ដោយអះអាងថានគរភ្វូណានជាតំបន់មួយ ដែលពួកអ្នកកាន់កាប់នគរនេះ មិនមែនជាជនជាតិខ្មែរ"។ ភ្វូណានត្រូវបានចាត់ទុកថាជានគរខ្មែរទីមួយ និងជានគរមុននៃមហាណាចក្រខ្មែរ។ ក្នុង កាលៈទេសៈជាមួយគ្នានេះដែរ នគរភ្វូណាន មិនបានស្គាល់សុខសន្តិភាពទេ។ ការធ្វើឃាតព្រះរជ្ជទាយាទ និងការដណ្ដើមយករាជសម្បត្តិរបស់កុរុងរុទ្រវម៌្ម មិនបានទទួលការគាំទ្រពេញចិត្តអំពីសំណាក់នាម៉ឺនមន្ត្រីមេទ័ពគ្រប់ ស្រទាប់ជាន់ថ្នាក់ជាទូទៅទេ។ ព្រះញាតិវង្សដែលជាទាយាទរបស់ព្រះគុណវម៌្ម កាលបើដឹងក្ដីពេញវ័យកាលណា បានប្រមូលផ្ដុំក្រុមបក្សពួកលើកកងទ័ពវាយប្រហារ បង្កើតចលាចល រំជើបរំជួល អសន្តិសុខគ្រប់ទិសទីក្នុងនគរ ដើម្បីទាមទារដណ្ដើមយករាជបល្ល័ង្កមកវិញ។ សង្គ្រាមផ្ទៃក្នុង ក្នុងចន្លោះគ.ស ៥៤០‑៥៥០ បានបណ្ដាលឲ្យនគរភ្វូណានបែកបាក់ប្រេះឆា លែងមានឯកភាព ក្លាយទៅជានគរតូចៗឯករាជ្យដាច់ពីគ្នា។ នាព្រឹត្តិការណ៍ច្របូកច្រប់ សង្គ្រាមផ្ទៃក្នុងនេះ គេពុំបានដឹងដោយច្បាស់ពិតប្រាកដ ថាតើកុរុងរុទ្រវម៌្ម បានដាក់រាជ្យ ឬបានបាត់បង់ជីវិតឡើយ។ គេត្រឹមតែដឹងថា ក្នុងសម័យកាលនោះ ព្រះរាជបល្ល័ង្កនៅទំនេរគ្មានស្ដេចសោយរាជ្យ ហើយបក្សពួកក្រុមគ្រួសារកូនចៅព្រះគុណវម៌្មដណ្ដើមយកបានព្រះរាជធានីវ្យាធបុរ។ ទោះបីជាក្រុមកូនចៅព្រះគុណវម៌្មយកជ័យជំនះ កាន់កាប់ត្រួតត្រានគរភ្វូណានបានក៏ដោយ ក៏សង្គ្រាមផ្ទៃក្នុងរវាងខ្មែរនឹងខ្មែរមិនទាន់បានចប់សព្វគ្រប់ មានសុខសន្តិភាពដែរ។ ចម្បាំង អសន្តិសុខ និងចលាចលនៅតែមានបន្តជាប់ជានិច្ច។ ពីព្រោះនគរដែលចំណុះទាំងប៉ុន្មានឆ្លៀតឱកាសនេះដើម្បីរើបម្រះ ប្រកាសយកឯករាជភាពតែរៀងៗខ្លួន។ មានដូចជា នគរកម្វុជ ដែលអ្នកដំណើរចិនបានដាក់ឈ្មោះថា ចេនឡា ជាដើម។ នគរកម្វុជ ប្រហែលជាបានកកើតនៅក្នុងសតវត្សទី៥។
សេដ្ឋកិច្ច
[កែប្រែ]កាលនោះ កំពង់ផែខ្មែរដ៏ធំស្ថិតនៅអូរកែវ គឺជាកំពង់ផែអន្តរជាតិដែលមានទូកសំពៅប្រទេសជិតឆ្ងាយ ដូចជា ចិន ឥណ្ឌា បច្ចុប្បន្នប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាដើម ចេញចូល ទាក់ទងរកស៊ីផ្ដោះប្ដូរទំនិញ។ ពួកឈ្មួញនៅទ្វីបអ៊ឺរ៉ុប ដូចជា ទីក្រុងរ៉ូម ក៏បានចេញចូលមកធ្វើជំនួញដល់ទីក្រុងកំពង់ផែអូរកែវដែរ។ មូលហេតុដែលអនុញ្ញាតឲ្យគេហ៊ានអះអាងដូច្នេះ ពីព្រោះនៅក្នុងទឹកដីកំពង់ផែនេះ គេបានរកឃើញត្រាជាអក្សរសំស្ក្រឹត មេដាយមាសរូបព្រះចៅអធិរាជ អង់តូណាំង (Antonin) នៃចក្រភពរ៉ូម ដែលមានចំណាស់ពីគ.ស ១៥០ និងគ្រឿងគ្រៅប្រដាប់ប្រដាប្រើប្រាស់ជាច្រើនទៀតរបស់ជនជាតិដែលរស់នៅតាមសមុទ្រមេឌីទែរ៉ានេ។
ព្រះរាជពង្សាវលី
[កែប្រែ]- ព្រះបិតា ព្រះបាទកៅណ្ឌិន្យជយវម៌្ម និងមាតាជាស្នំ
- ប្រថិវេន្ទ្រវម៌្ម និង ព្រះបាទវីរវម៌្ម ជាព្រះរាជបុត្រ
- ព្រះបាទមហេន្ទ្រវម៌្មទី១ និង ព្រះបាទភវវម៌្មទី១ ជាព្រះនត្តារបស់ព្រះអង្គ ព្រះនត្តាក្សត្រីដែលជាបងប្អូនបង្កើតនឹងព្រះបាទមហេន្ទ្រវម៌្ម ដែលបានរៀបអភិសេកនឹងព្រាហ្មណ៍ សោមសម៌ន
- ប្រថិវេន្ទ្រវម៌្ម និង ព្រះបាទវីរវម៌្ម ជាព្រះរាជបុត្រ
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរដោយលោករស់ ចន្ត្រាបុត្រ។
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរវ្នំ ដោយ ក្រសេម-ទេពពិទូរ
- [សំឡេងកម្ពុជាក្រោម]
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ កុរុងគុណវម៌្ម |
វ្យាធបុរ រឺ កុរុងភ្វូណាន | តដោយ កុរុងប្រថិវេន្ទ្រវម៌្ម |