Jump to content

កីឡាអូឡាំពិករដូវក្តៅ

ពីវិគីភីឌា

កីឡាអូឡាំពិករដូវក្តៅ (ភាសាអង់គ្លេស៖ Summer Olympic Games, ភាសាបារាំង៖ Jeux olympiques d'été) គឺជាព្រឹត្តិការណ៍ពហុកីឡាអន្តរជាតិដ៏ធំមួយដែលប្រារព្ធធ្វើឡើងរៀងរាល់បួនឆ្នាំម្តង។ ការប្រកួតកីឡានេះគឺត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ 1896 នៅទីក្រុងអាតែន ប្រទេសក្រិក ហើយថ្មីៗនេះវាត្រូវបានរៀបចំឡើងនៅក្នុងឆ្នាំ 2024 នៅទីក្រុងប៉ារីស ប្រទេសបារាំងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គឺជាអ្នករៀបចំការប្រកួត និងជ្រើសរើសទីក្រុងណាមួយនៅលើពិភពលោកសម្រាប់រៀបចំត្រៀមព្រឹត្តិការណ៍បន្ទាប់។ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកនីមួយៗ មេដាយមាសត្រូវបានផ្តល់ជូនសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខមួយ មេដាយប្រាក់សម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខពីរ និងមេដាយសំរិទ្ធសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខបី ទម្លាប់ប្រពៃណីនេះគឺបានចាប់ផ្តើមអនុវត្តចាប់តាំងពីព្រឹត្តិការណ៍ឆ្នាំ 1904 មកម៉្លេះ។ ដោយសារភាពជោគជ័យនិងប្រជាប្រិយភាពនៃកីឡាអូឡាំពិករដូវក្តៅ គេក៏បានសម្រេចបង្កើតព្រឹត្តិការណ៍កីឡាអូឡាំពិកមួយប្រភេទទៀតគឺ កីឡាអូឡាំពិករដូវរងា

តាំងពីបានបង្កើតមក កីឡាអូឡាំពិកបានរីកចម្រើនគ្រប់វិស័យដោយព្រឹត្តិការណ៍ដំបូងមានកម្មវិធីប្រកួតប្រជែងចំនួន 42 ដែលមានកីឡាករចូលរួមតិចជាង 250 នាក់មកពី 14 ប្រទេសនៅក្នុងឆ្នាំ 1896 ហើយបើគិតមកដល់ព្រឹត្តិការណ៍ឆ្នាំ 2016 កីឡាអូឡាំពិកគឺមានទៅដល់ 306 ព្រឹត្តិការណ៍ឯណោះដែលមានអ្នកចូលរួមសរុប 11,237 នាក់ (កីឡាករចំនួន 6,197 និងកីឡាការនីចំនួន 5,059 នាក់) មកពី 206 ប្រទេស។ កីឡាអូឡាំពិកធ្លាប់បានប្រព្រឹត្តិធ្វើឡើងនៅក្នុងប្រទេសចំនួន 19 មកពីទ្វីបចំនួនប្រាំ។ សហរដ្ឋអាមេរិកធ្លាប់បានធ្វើជាម្ចាស់ផ្ទះច្រើនជាងគេពោលគឺចំនួនបួនលើក (ឆ្នាំ 1904, 1932, 1984 និងឆ្នាំ 1996), បីលើកនៅសហរាជាណាចក្រ (ឆ្នាំ 1908, 1948 និងឆ្នាំ 2012) និងប្រទេសបារាំង (ឆ្នាំ 1900, 1924 និងឆ្នាំ 2024),​​ ពីរលើកនៅប្រទេសក្រិក (ឆ្នាំ 1896 និងឆ្នាំ2004), ប្រទេសអាល្លឺម៉ង់ (ឆ្នាំ 1936 និងឆ្នាំ1972), ប្រទេសអូស្ត្រាលី (ឆ្នាំ 1956 និងឆ្នាំ 2000) និងប្រទេសជប៉ុន (ឆ្នាំ 1964 និងឆ្នាំ 2020) ហើយនិងមួយលើកនៅតាមបណ្ដាប្រទេសដូចជា ស៊ុយអែត (1912), បែលហ្ស៊ិក (1920), ហុល្លង់ (1928), ហ្វាំងឡង់ (1952), អ៊ីតាលី (1960), ម៉ិកស៊ិក (1968), កាណាដា (1976), សហភាពសូវៀត (1980), កូរ៉េខាងត្បូង (1988), អេស្ប៉ាញ (1992), ចិន (2008) និងប្រេស៊ីល (2016)។

ទីក្រុងឡុងដ៍បានក្លាយជាទីក្រុងដំបូងគេបង្អស់ដែលបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្ដៅបានចំនួនបីលើក ខណៈទីក្រុងប៉ារីសបានធ្វើជាម្ចាស់ផ្ទះព្រឺត្តិការណ៍នេះជាលើកទីបីនៅក្នុង ឆ្នាំ 2024។ គិតត្រឹមឆ្នាំ 2024 ទីក្រុងឡូស​អាន់​ជ័រ​លេស អាតែន​ និងតូក្យូបានធ្វើជាម្ចាស់ផ្ទះចំនួនពីរលើកស្មើគ្នា ខណៈទីក្រុងឡូសអាន់ជ័រលេសនឹងក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍មួយនេះជាលើកទីបីនៅក្នុងឆ្នាំ 2028[] មានតែប្រទេសចំនួនប្រាំប៉ុណ្ណោះដែលបានចូលរួមនៅគ្រប់ព្រឹត្តិការណ៍កីឡាអូឡាំពិកដូចជា ប្រទេសក្រិក សហរាជាណាចក្រ បារាំង ស្វីស និងអូស្ត្រាលី។ ប្រទេសអូស្ត្រាលី បារាំង និងសហរាជាណាចក្របានឈ្នះមេដាយយ៉ាងតិចចំនួនមួយនៅគ្រប់ព្រឹត្តិការណ៍ ដោយសហរាជាណាចក្រជាប្រទេសតែមួយគត់ដែលមិនធ្លាប់បានរបូតមេដាយមាសសម្បីតែមួយ។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលទទួលបានមេដាយច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ​ និងមានឈ្មោះជាប្រទេសដែលឈ្នះបានមេដាយច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ចំនួន 19 លើក។

​ម្ចាស់ផ្ទះ

[កែប្រែ]
ផែនទីបង្ហាញពីទីតាំងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ — ប្រទេសដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះចំនួនមួយលើកគឺស្ថិតនៅក្នុងពណ៌ត្រួយចេកចំណែកឯប្រទេសដែលធ្លាប់ធ្វើជាម្ចាស់ចំនួនពីរលើកឬច្រើនជាងនេះគឺស្ថិតក្នុងពណ៌ផ្ទៃមេឃ។

សហរដ្ឋអាមេរិកធ្លាប់បានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅចំនួនបួនលើក៖ លើកទីមួយគឺនៅក្នុងឆ្នាំ 1904 នៅទីក្រុងសង់ល្វីនៃរដ្ឋមីស៊ូរី ព្រឹត្តិការណ៍ឆ្នាំ 1932 និងឆ្នាំ 1984 នៅទីក្រុងឡូស​អាន់​ជ័រ​លេសនៃរដ្ឋកាលីហ្វញ៉ា និងព្រឹត្តិការណ៍ឆ្នាំ 1996 នៅទីក្រុងអាត្លង់តានៃរដ្ឋចចជីព្រឹត្តិការណ៍ឆ្នាំ 2028 ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងឡូសអាន់ជ័រលេសនឹងក្លាយជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីប្រាំដែលត្រូវរៀបចំឡើងនៅសហរដ្ឋអាមេរិក។

នៅឆ្នាំ 2012 សហរាជាណាចក្របានក្លាយជាម្ចាស់ផ្ទះជាលើកទីបីនៃកីឡាអូឡាំពិករដូវក្តៅដែលបានប្រារព្ធឡើងនៅទីក្រុងឡុងដ៍។ ឡុងដ៍បានក្លាយជាទីក្រុងដំបូងក្នុងប្រវត្តិសាស្ត្រដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅបានបីលើក។ ទីក្រុងដូចជា ឡូសអាន់ជ័រលេស ប៉ារីស និងអាតែនគឺសុទ្ធតែធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវក្តៅបានពីរលើក។ នៅឆ្នាំ 2024 បារាំងបានធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវក្តៅជាលើកទីបីនៅឯរដ្ឋធានីប៉ារីស ដែលនាំឱ្យប៉ារីសក្លាយជាទីក្រុងទីពីរបង្អស់ក្នុងប្រវត្តិសាស្ត្រអូឡាំពិកដែលបានធ្វើជាម្ចាស់ផ្ទះចំនួនបីលើកសរុប។ នៅក្នុងឆ្នាំ 2028 ឡូសអាន់ជ័រលេសនឹងក្លាយជាទីក្រុងទីបីដែលធ្វើជាម្ចាស់ផ្ទះបានចំនួនបីលើក។

ប្រទេសអូស្ត្រាលី បារាំង អាល្លឺម៉ង់ ក្រិក និងជប៉ុនគឺសុទ្ធតែធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅបានចំនួនពីរលើក (បារាំងនិងអូស្ត្រាលីគ្រោងក្លាយជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ 2024 និងឆ្នាំ 2032 ដែលនឹងធ្វើឱ្យប្រទេសទាំងពីរក្លាយជាម្ចាស់ផ្ទះចំនួនបីលើកសរុប)។ ទីក្រុងតូក្យូនៅប្រទេសជប៉ុនបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ 2020 ដោយវាជាទីក្រុងដំបូងក្រៅពីទីក្រុងនៃប្រទេសនិយាយភាសាអង់គ្លេសឬប្រទេសអឺរ៉ុបដែលបានធ្វើជាម្ចាស់ផ្ទះចំនួនពីរលើកដោយលើកទីមួយគឺបានធ្វើឡើងនៅក្នុងឆ្នាំ 1964[] ប្រទេសដែលបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅបានមួយលើកៗមានដូចជា៖ បែលហ្ស៊ិក ប្រេស៊ីល កាណាដា ចិន ហ្វាំងឡង់ អ៊ីតាលី ម៉ិកស៊ិក ហុល្លង់ កូរ៉េខាងត្បូង សហភាពសូវៀត អេស្ប៉ាញ និងស៊ុយអែត

ព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទ្វីបអាស៊ីបានចំនួនបួនលើក៖ នៅទីក្រុងតូក្យូ (1964 និង 2020) ទីក្រុងសេអ៊ូល (1988) និងទីក្រុងប៉េកាំង (2008)។

ព្រឹត្តិការណ៍ឆ្នាំ 2016 នៅទីក្រុងរីអូដឺចេណេរ៉ូ ប្រទេសប្រេស៊ីល គឺជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅដំបូងបង្អស់ដែលប្រារព្ធឡើងនៅលើទឹកដីទ្វីបអាមេរិកខាងត្បូង។ ប្រទេសនៅអឌ្ឍគោលខាងត្បូងតែចំនួនពីរប៉ុណ្ណោះដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកពោលគឺ អូស្ត្រាលី (1956 2000 និង 2032) និងប្រេស៊ីល (2016)។ ប្រទេសនៅទ្វីបអាហ្វ្រិកគឺមិនទាន់បានក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវក្តៅណាមួយទេ។

ប្រវត្តិ

[កែប្រែ]

ឆ្នាំដំបូងៗ

[កែប្រែ]
ពិធីបើកការប្រកួតកីឡាអូឡាំពិកសម័យដំបូងគេនៅពហុកីឡាដ្ឋានប៉ាណាស៊ីនិច ទីក្រុងអាតែន ប្រទេសក្រិក។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ 1894 គឺនៅពេលដែលលោកព្យែរ ដឺ គូប៊ែរតង់ (គ្រូគរុកោសល្យ និងជាប្រវត្តិវិទូជនជាតិបារាំង) បានព្យាយាមលើកកម្ពស់ការយល់ដឹងអន្តរជាតិតាមរយៈការប្រកួតប្រជែងកីឡា។ ព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទីមួយ ត្រូវបានរៀបចំឡើងនៅទីក្រុងអាតែនក្នុងឆ្នាំ 1896 ហើយវាបានទាក់ទាញកីឡាករចំនួន 245 នាក់ដែលក្នុងនោះមានជាង 200 នាក់ជាជនជាតិក្រិក ហើយមានតែប្រទេសតំណាងចំនួន 14 ប្រទេសផ្សេងទៀតប៉ុណ្ណោះ។ សម្រាប់ពេលនោះ វាគឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំជាងគេបង្អស់ដែលគេមិនធ្លាប់ឃើញដោយពីមុនៗមកគឺមិនដែលធ្លាប់មានកម្មវិធីឬព្រឹត្តិការណ៍ធំបែបនេះនោះទេ។ អត្តពលិកនារីគឺមិនត្រូវអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតឡើយតែទោះជាយ៉ាងណាមានស្ត្រីជនជាតិក្រិកម្នាក់ឈ្មោះស្តាម៉ាតា រេវីទីបានសម្រេចរត់ម៉ារ៉ាតុងដោយខ្លួនគាត់ផ្ទាល់ដោយបាននិយាយថា"ប្រសិនបើគណៈកម្មាធិការមិនអនុញ្ញាតឱ្យខ្ញុំចូលរួមការប្រកួត អញ្ចឹងខ្ញុំនឹងចេញប្រកួតដោយខ្លួនឯង"។[]

កីឡាអូឡាំពិករដូវក្តៅឆ្នាំ 1896 ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជា ហ្គេមអូឡាំព្យាដ គឺជាព្រឹត្តិការណ៍ពហុកីឡាអន្តរជាតិដែលត្រូវបានប្រារព្ធនៅទីក្រុងអាតែន ប្រទេសក្រិក ចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 15 ខែមេសា ឆ្នាំ 1896។ វាគឺជាកីឡាអូឡាំពិកដំបូងគេដែលបានប្រារព្ធឡើងនៅសហសម័យ។ មនុស្សប្រហែល 100,000 នាក់បានចូលរួមក្នុងពីធីបើកព្រឹត្តិការណ៍។ ទោះជាក្រិកមានកីឡាករច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ 1896 នេះមែនប៉ុន្តែអ្នកទទួលជើងឯកច្រើនជាងគេគឺភាគច្រើនជាកីឡាករអាមេរិកដោយមានសរុបចំនួន 11 រូបបើប្រៀបធៀបទៅក្រិកដែលមានចំនួន 10 រូប។[] ក្រិកបុរាណគឺជាទីកំណើតនៃកីឡាអូឡាំពិកហេតុនេះហើយបានជាគេយល់ថាទីក្រុងអាតែនគឺជាជម្រើសដ៏សមស្របមួយសម្រាប់រៀបចំកីឡាអូឡាំពិកសម័យ។ ទីក្រុងនេះត្រូវបានជ្រើសរើសជាឯកច្ឆន្ទជាទីក្រុងម្ចាស់ផ្ទះក្នុងអំឡុងកិច្ចប្រជុំសមាជដែលរៀបចំឡើងដោយព្យែរ ដឺ គូប៊ែរតង់នៅឯទីក្រុងប៉ារីសនាថ្ងៃទី 23 ខែមិថុនា ឆ្នាំ 1894។ IOC ក៏ត្រូវបានបង្កើតឡើងផងដែរនៅក្នុងកិច្ចប្រជុំសមាជនោះ។

ថ្វីបើមានឧបសគ្គមួយចំនួនមករារាំងមែនប៉ុន្តែកីឡាអូឡាំពិកឆ្នាំ​ 1896 បានប្រព្រឹត្តិទៅបានដោយរលូននិងជោគជ័យ។ ពហុកីឡដ្ឋានប៉ាណាស៊ីនិចដែលជាកីឡដ្ឋានធំបំផុតនាសម័យនោះបានផ្តុំកុះករទៅដោយហ្វូងមនុស្សដ៏ធំបំផុតមិនធ្លាប់មាន។[] កីឡាករដែលជោគជ័យជាងគេគឺកីឡាករកាយសម្ព័ន្ធនិងចំបាប់ជនជាតិអាល្លឺម៉ង់ឈ្មោះកាល ស៊ូម៉ាន់ដោយគាត់បានទទួលមេដាយមាសចំនួនបួន។

មន្ត្រី និងសាធារណជនក្រិកបានសាទរចំពោះបទពិសោធន៍នៃការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក។ ចំណាប់អារម្មណ៍នេះត្រូវបានចែករំលែកដោយអត្តពលិកជាច្រើននាក់រហូតដល់មានអ្នកខ្លះថែមទាំងបានទាមទារឱ្យអាតែនក្លាយជាទីក្រុងម្ចាស់ផ្ទះអូឡាំពិកអចិន្ត្រៃយ៍ទៀតផង។​ តែទោះជាយ៉ាងណា IOC បានបន្តគម្រោងផ្លាស់ប្តូរទីក្រុងម្ចាស់ផ្ទះនៅព្រឹត្តិការណ៍បន្ទាប់ៗ ហើយទីបំផុតក៏បានសម្រេចជ្រើសរើសទីក្រុងប៉ារីសសម្រាប់កីឡាអូឡាំពិកលើកទីពីរ។[] បួនឆ្នាំក្រោយមក

កីឡាអូឡាំពិករដូវក្តៅឆ្នាំ 1900 នៅទីក្រុងប៉ារីសក៏បានចាប់ផ្តើមដោយលើកនេះវាបានទាក់ទាញអត្តពលិកច្រើនជាងព្រឹត្តិការណ៍មុនចំនួនបួនដង។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអនុញ្ញាតឱ្យអត្តពលិកនារីចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍លើកនេះដោយមានស្ត្រីចូលរួមសរុបចំនួន 20 រូប។ ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ 1900 ត្រូវបានប្រារព្ធលាយឡំជាមួយពិព័រណ៍ពិភពលោកទីក្រុងប៉ារីសនិងបានអូសបន្លាយរយៈពេលប្រាំខែ។

ទីលានហ្វ្រង់ស្វ័រនៃសាកលវិទ្យាល័យវ៉ាស៊ីនតោននៅសង់ល្វីក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ 1904
ដូរ៉ង់ដូ ពីទ្រីកំពុងបញ្ចប់ការរត់ម៉ារ៉ាតុងសម័យនៅចម្ងាយបច្ចុប្បន្ន

អត្តពលិកកំពូលៗខាងក្រៅសហរដ្ឋអាមេរិកនិងកាណាដាតិចតួចណាស់ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ 1904 នេះអាចបណ្តាលមកពីកត្តាចម្បងពីរគឺ ភាពតានតឹងដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី-ជប៉ុន និងមធ្យោបាយធ្វើដំណើរមកសង់ល្វី។[]

ព្រឹត្តិការណ៍កីឡាអន្តរជាតិមួយទៀតដែលគេស្គាល់ថា កីឡាអូឡាំពិកអន្តរជាតិនៅអាតែនលើកទីពីរត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងអាតែនក្នុងឆ្នាំ 1906។ IOC មិនបានទទួលស្គាល់ព្រឹត្តិការណ៍នេះថាជាផ្នែកនៃកីឡាអូឡាំពិកឡើយលើកលែងតែប្រវត្តិវិទូមួយចំនួនដែលអះអាងថា បើពុំមានព្រឹត្តិការណ៍កីឡានេះទេ​នោះអូឡាំពិកក៏មិនមានដង្ហើមមកដល់សព្វថ្ងៃដែរ។ ព្រឹត្តិការណ៍កីឡានេះបានទទួលប្រជាប្រិយភាព​និងភាពជោគជ័យខ្លាំងជាងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ 1900 និងឆ្នាំ 1904 ដោយមានកីឡាករជាង 850 នាក់បានចូលរួមប្រកួត។

ចំនួនទស្សនិកជនបានកើនឡើងម្តងទៀតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ1908 ហើយក៏ដូចជាការរត់ម៉ារ៉ាតុនលើកដំបូងលើចម្ងាយស្តង់ដារ 42.195 គម។ ការរត់ម៉ារ៉ាតុនអូឡាំពិកដំបូងគេបង្អស់នៅក្នុងឆ្នាំ 1896 គឺមានចម្ងាយ 40 គម។ ចម្ងាយរត់ម៉ារ៉ាតុនថ្មីនោះត្រូវបានជ្រើសរើសធានាថាទីប្រណាំងប្រជែងគឺនឹងបញ្ចប់នៅមុខប្រអប់ដែលកាន់កាប់ដោយគ្រួសាររាជវង្សអង់គ្លេស។ ដូច្នេះ ម៉ារ៉ាតុនពីមុនៗគឺរត់ចម្ងាយ 40 គម ប៉ុន្តែក្នុងព្រឹត្តិការណ៍ឆ្នាំ 1908 វាបានកើនដល់ទៅ 2 គម បន្ថែមដោយសារតែលក្ខខណ្ឌក្នុងស្រុកដូចជាប្លង់ផ្លូវនិងពហុកីឡាដ្ឋានជាដើម។ ក្នុងព្រឹត្តិការណ៍ឆ្នាំ 1908 ក្រង់ប្រឺតាញបានឈ្នះមេដាយសរុបចំនួន 146 គ្រឿងដែលមានចំនួនច្រើនជាងសហរដ្ឋអាមេរិក 99 ដងដោយសព្វថ្ងៃ វានូវតែជាសមិទ្ធិផលដ៏ល្អបំផុតរបស់ក្រង់ប្រឺតាញនៅលើឆាកកីឡាអូឡាំពិក។

នៅចុងកម្មវិធីរត់ម៉ារ៉ាតុនឆ្នាំ 1908 អ្នករត់ប្រណាំងជនជាតិអ៊ីតាលីឈ្មោះដូរ៉ង់ដូ ពីទ្រីគឺជាអ្នករត់ដំបូងគេដែលរត់មកដល់ក្នុងកីឡដ្ឋានប៉ុន្តែគាត់មើលទៅមានសភាពមិនសូវល្អហើយក៏ដួលដោយសារការហត់នឿយមុនពេលបញ្ចប់ព្រឹត្តិការណ៍នោះ។ គាត់ត្រូវបានជួយដោយមន្ត្រីការប្រណាំងរួចក៏រត់ដល់ទីបានដោយសម្រេច ដោយសារមូលហេតុនេះ ពីទ្រីក៏ត្រូវជម្រុះចេញ។ ដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំប្រឹងប្រែង មហាក្សត្រិយានីអាឡិចសាន់ដ្រាបានប្រទានពីទ្រីនូវពានរង្វាន់ប្រាក់មួយ (លាយជាមួយមាស)។ កវីមួយរូបគឺលោកអាធួរ កូណាន ដូលបានសរសេររបាយការណ៍ពិសេសមួយអំពីការរត់ប្រណាំងនោះក្រោមឈ្មោះកាសែត''ដេលីមែល'' (Daily Mail)។[]

មកដល់ព្រឺត្តិការណ៍ឆ្នាំ 1912 នៅទីក្រុងស្តុកខូល ប្រទេសស៊ុយអែត, វាជាព្រឹត្តិការណ៍អូឡាំពិកដំបូងបង្អស់ដែលមានអ្នកចូលរួមប្រកួតមកពីទ្វីបចំនួនប្រាំនៅក្រោមដំបូលកីឡដ្ឋានតែមួយ។ ព្រឹត្តិការណ៍កីឡាអូឡាំពិកបន្ទាប់ដែលបានគ្រោងធ្វើឡើងនៅឆ្នាំ 1916 ត្រូវបានរំសាយចោលដោយសារសង្គ្រាមលោកលើកទីមួយ បានផ្ទុះឡើង។

សម័យអន្តរសង្គ្រាម

[កែប្រែ]

នៅឆ្នាំ 1920 រយៈពេលពីរឆ្នាំក្រោយពីមហាសង្គ្រាមបានបញ្ចប់ កីឡាអូឡាំពិកក៏បានវិលត្រឡប់មកវិញ​ម្តងទៀតដោយលើកនេះគឺត្រូវបានធ្វើនៅទីក្រុងអានទ្វើប ប្រទេសបែលហ្ស៊ិកដោយព្រឹត្តិការណ៍នេះបានទាក់ទាញកីឡាករចូលរួមច្រើនជាងព្រឹត្តិការណ៍មុនៗច្រើន។ កំណត់ត្រាថ្មីនេះមិនបានឈរយូរប៉ុន្មាននោះទេមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ 1924 បានបំបែកវាជាថ្មីដោយមានកីឡាករកីឡាការនីចូលរួមប្រកួតសរុបជាង 3,000 នាក់។ ក្រុមមូយរហ្សនាមថា "ស្លាបហើរ"​ បានទទួលយកមេដាយមាសជាក្រុមចំនួនបីគ្រឿងក្នុងវិញ្ញាសារត់ប្រណាំងចម្ងាយ 1,500 និង 5,000 ម៉ែត្រ។[]

កីឡាអូឡាំពិកទីក្រុងអាំស្ទែរដាំឆ្នាំ 1928 មានលក្ខណៈគួរឱ្យកត់សម្គាល់សំខាន់ៗមួយចំនួនដោយវាជាព្រឹត្តិការណ៍អូឡាំពិកដំបូងដែលអនុញ្ញាតឱ្យនារីចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសាអត្តពលកម្ម ហើយជាទូទៅ ព្រឹត្តិការណ៍នេះបានទទួលការកោតសរសើរពីមហាជននិងទទួលបានផលចំណេញច្រើន។ ម្យ៉ាងវិញទៀត វាគឺជាព្រឹត្តិការណ៍កីឡាអូឡាំពិកដំបូងដែលទទួលបានការឧបត្ថមគាំទ្រពីក្រុមហ៊ុនភេសជ្ជៈកូកា-កូឡាផងដែរ។

ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 1932 នៅទីក្រុងឡូសអាន់ជ័រលេសបានប្រារព្ធធ្វើឡើងនៅចំពេលដែលពិភពលោកកំពុងតែជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយដែលគេតែងសម្តៅហៅថាមហាឱនភាព ដោយហេតុនេះហើយទើបកីឡាអូឡាំពិកឆ្នាំ 1932 មានចំនួនអត្តពលិកចូលរួមតិចជាងព្រឹត្តិការណ៍មុនៗ។

ពហុកីឡដ្ឋានជាតិទីក្រុងប៊ែរឡាំងនៅអំឡុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ 1936

ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 1936 ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ចាត់ទុកជាឱកាសផ្សព្វផ្សាយមនោគមវិជ្ជារបស់ពួកគេ។ គណបក្សកាន់អំណាចនៃប្រទេសអាល្លឺម៉ង់នាពេលនោះគឺគណបក្សណាស៊ីបានជួលអ្នកផលិតខ្សែភាពយន្តដ៏ចំណាប់ម្នាក់ឈ្មោះលេនី រីហ្វេនស្តាលឱ្យថតព្រឹត្តិការណ៍មួយនេះទុកជាឯកសារភាពយន្តប្រវត្តិសាស្ត្រ។ ជាលទ្ធផល ភាពយន្តជាឯកសារចំណងជើងថាអូឡាំព្យាក៏ចេញផ្សាយ ហើយវាត្រូវបានទទួលស្គាល់ជាទូទៅថាជាស្នាដៃដ៏អស្ចារ្យមួយទោះជាក្នុងខ្សែភាពយន្តនេះមានវត្តមានទ្រឹស្តីរើសអើងពូជសាសន៍របស់ហ៊ីត្លែរក្តី។ ក្រៅពីនេះ អត្តពលិករជនជាតិអាមេរិក-អាហ្វ្រិកឈ្មោះជេស្ស៊ី អូវ៉ែនបានដណ្តើមឈ្នះមេដាយមាសចំនួនបួនជូនសហរដ្ឋអាមេរិក។

ដោយសារសង្គ្រាមលោកលើកទី 2 ព្រឹត្តិការណ៍ឆ្នាំ 1940 (ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងតូក្យូរួចត្រូវផ្លាស់ប្តូរជាបណ្តោះអាសន្នទៅហែលស៊ីនគី) ក៏ត្រូវបានរំសោយចោល។ ព្រឹត្តិការណ៍ឆ្នាំ 1944 ដែលត្រូវធ្វើឡើងនៅទីក្រុងឡុងដ៍ក៏ត្រូវបានរំសាយចោលដូចគ្នាដែរដោយគេបានលើកវាទៅធ្វើឡើងនៅឆ្នាំ 1948 វិញពោលគឺក្រោយពីសង្គ្រាមបានបញ្ចប់។

ក្រោយសង្គ្រាមលោកលើកទីពីរ

[កែប្រែ]

ព្រឹត្តិការណ៍កីឡាក្រោយសង្គ្រាមដំបូងគឺត្រូវបានធ្វើឡើងនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ​ 1948 ហើយព្រឹត្តិការណ៍នេះមិនបានទទួលស្គាល់ប្រទេសអាល្លឺម៉ង់និងជប៉ុននោះទេ។ កីឡាការិនីជនជាតិហុល្លង់ម្នាក់ឈ្មោះហ្វាននី ប្លង់គ័រស៍-គុនបានឈ្នះមេដាយមាសចំនួនបួនក្នុងវិញ្ញាសាអត្តពលកម្មលើទីលានប្រណាំងដោយនេះជាសមិទ្ធិផលដូចនឹងលោកអូវ៉ែនកាលពីព្រឹត្តិការណ៍ឆ្នាំ 1936 ដែរ។

នៅក្នុងព្រឹត្តិការណ៍ឆ្នាំ 1952 នៅទីក្រុងហែលស៊ីនគី ក្រុមសហភាពសូវៀតបានចូលរួមប្រកួតប្រជែងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយបានទទួលភាពជោគជ័យភ្លាមៗ (ដោយបានឈរនៅចំណាត់ថ្នាក់លេខពីរខាងចំនួនមេដាយមាសនិងមេដាយសរុប)។ សហភាពសូវៀតបានបញ្ជូនក្រុមអត្តពលិកដែលសុទ្ធសឹងជានិស្សិត ទាហាន ឬជាអ្នកធ្វើការក្នុងវិជ្ជាជីវៈណាមួយប៉ុន្តែពួកគេភាគច្រើនត្រូវបានឧបត្ថមដោយរដ្ឋដើម្បីធ្វើការហ្វឹកហាត់ពេញម៉ោងដោយនេះត្រូវបានគេចាត់ទុកថាជាសកម្មភាពរំលោភលើច្បាប់កីឡាករមិនពេញជំនាញ។[១០][១១]

ព្រឹត្តិការណ៍បន្ទាប់មកទៀតគឺបានធ្វើឡើងនៅទីក្រុងមែលប៊ឺន ប្រទេសអូស្ត្រាលីក្នុងឆ្នាំ​ 1956 ដោយក្នុងព្រឹត្តិការណ៍នេះ គេឃើញមានការប្រកួតដ៏គួរឱ្យជួកចិត្តមួយក្នុងវិញ្ញាសាកីឡាប៉ូឡូលើទឹករវាងក្រុមហុងគ្រីនិងក្រុមសូវៀត, អ្វីដែលធ្វើឱ្យការប្រកួតនេះមានអ្នកតាមដានច្រើនគឺព្រោះតែសកម្មភាពឈ្លានពានរបស់សូវៀតមកលើប្រទេសហុងគ្រីក្នុងពេលថ្មីៗនោះ។ ដោយតែការរាតត្បាតជំងឺពងបែកបាតជើងនិងមាត់នៅចក្រភពអង់គ្លេសនាពេលនោះផង អ្នករៀបចំកម្មវិធីបានតម្រូវឱ្យអត្តពលិកដែលមកពីប្រទេសអង់គ្លេសឬប្រទេសណាដែលងាយប្រថុយនឹងជំងឺមួយនោះចូលធ្វើចត្តាឡីស័កជាមុនសិនទើបអាចចូលរួមប្រកួតបាន។

ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងរ៉ូមឆ្នាំ 1960 បានទទួលចូលរួមពីកីឡាករប្រដាល់ទម្ងន់ស្រាលដ៏ល្បីឈ្មោះម្នាក់គឺលោកមូហាម៉ាដ អាលីដោយគាត់បានខិតខំប្រឹងប្រែងរហូតដល់យកឈ្នះមេដាយមាស។ ក្រោយមក អាលីបានបោះមេដាយមាសរបស់គាត់ចោលដោយភាពខ្ពើមរអើមបន្ទាប់ពីត្រូវបានគេបដិសេដមិនផ្តល់សេវាកម្មឱ្យក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្នុងស្រុកកំណើតរបស់អាលីព្រោះតែគាត់ជាជនជាតិស្បែកខ្មៅ។[១២] គាត់ត្រូវបានគណៈកម្មាធិការអូឡាំពិកផ្តល់មេដាយមាសថ្មី 36 ឆ្នាំក្រោយពោលគឺនៅក្នុងកីឡាអូឡាំពិកឆ្នាំ 1996 នៅក្រុងអាត្លង់តា សហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 1964 នៅទីក្រុងតូក្យូគឺជាព្រឹត្តិការណ៍អូឡាំពិកដំបូងដែលត្រូវបានគេចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍នៅទូទាំងសកលលោក។ ទាំងនេះបានធ្វើឱ្យព្រឹត្តិការណ៍កីឡាអូឡាំពិកកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។ កីឡាយូដូត្រូវបានគេណែនាំបញ្ចូលជាលើកដំបូង​ និងបានក្លាយជាកីឡាផ្លូវការមួយនៃអូឡាំពិករហូតមកដល់សព្វថ្ងៃ។ នៅក្នុងវគ្គផ្តាច់ព្រ័តនៃវិញ្ញាសាយូដូប្រភេទទម្ងន់បើកដំបូងនៅអូឡាំពិក កីឡាករយូដូជនជាតិហុល្លង់ឈ្មោះអានតុន ជីស៊ីគបានយកឈ្នះលើកីឡាករជប៉ុននាមអាគីអូ កាម៉ាណាហ្កាដែលធ្វើឱ្យកើតមានភាពរំជើបរំជួលយ៉ាងខ្លាំងសម្រាប់អ្នកទស្សនាខាងម្ចាស់ផ្ទះ។

ពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ 1968 នៅទីក្រុងម៉ិកស៊ិក ដែលត្រូវជាព្រឹត្តិការណ៍ដំបូងធ្វើឡើងនៅលើទឹកដីអាមេរិកឡាទីន

រយៈកម្ពស់ដ៏ខ្ពស់នៃភូមិសាស្ត្រទីក្រុងម៉ិកស៊ិកបានដើរតួយ៉ាងសំខាន់នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកមួយនេះ។[១៣] នៅក្នុងពិធីប្រគល់មេដាយសម្រាប់វិញ្ញាសារត់ប្រណាំងចម្ងាយ 200 ម៉ែត្រ អត្តពលិកជនជាតិអាមេរិកស្បែកខ្មៅពីររូបគឺលោកថមមី ស្មីត (មាស) និងចន កាឡូស (ប្រាក់) បានចេញមុខក្រោកឈរដើម្បីសិទ្ធិស៊ីវិលជនជាតិស្បែកខ្មៅដោយបានលើកដៃឡើងលើដោយមានស្រោមកណ្តាប់ដៃខ្មៅនិងបានរួមគ្នាពាក់ស្រោមជើងខ្មៅជំនួសឱ្យស្បែកជើង។ បន្តិចក្រោយមក អត្តពលិកទាំងពីរក៏ត្រូវបានឃាត់ខ្លួនដោយគណៈកម្មាធិការអូឡាំពិក។ ដើម្បីជាការតវ៉ានឹងសកម្មភាពលុកលុយរបស់សូវៀតលើប្រទេសឆេកូស្លូវ៉ាគី កីឡាការនីជនជាតិឆែកផ្នែកកាយសម្ព័ន្ធម្នាក់ឈ្មោះវេរ៉ា កាស្លាវស្កាបានឱនក្បាលរបស់នាងចុះនិងដកខ្លួននាងឆ្ងាយពីទង់ជាតិសូវៀតខណៈដែលភ្លេងជាតិសូវៀតកំពុងចាក់ក្នុងពិធីប្រគល់មេដាយ។ នាងបានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញក្នុងនាមជាវីរនារីក្នុងកែវភ្នែកប្រជាជនប៉ុន្តែសកម្មភាពរបស់នាងមិនត្រូវបានរដ្ឋាភិបាលគាំទ្រសូវៀតថ្មីពេញចិត្តនោះទេហើយក៏បានបញ្ឈប់នាងពីវិស័យកីឡារយៈពេលជាងមួយទស្សវត្សរ៍។

ទង់អូឡាំពិកកំពុងតម្លើងក្រោយហេតុការណ៍សម្លាប់រង្គាលនៃទីក្រុងមុយនិចនៅអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ​ 1972

នយោបាយបានចូលប្រឡូកក្នុងកីឡាអូឡាំពិកម្តងទៀតដោយលើកនេះគឺនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 1972 នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ ក្រុមភេរវករប៉ាឡេស្ទីនដែលមានឈ្មោះថាខែកញ្ញាខ្មៅ (Black September) បានចូលលុកលុយភូមិកីឡាអូឡាំពិកហើយបានលួចចូលទីស្នាក់នៅរបស់គណៈប្រតិភូអ៊ីស្រាអែល។ ពួកគេបានសម្លាប់ជនជាតិអ៊ីស្រាអែលពីរនាក់ភ្លាមៗនិងចាប់មនុស្ស 9 នាក់ទៀតធ្វើជាចំណាប់ខ្មាំង។ ក្រុមភេរវករទាំងប៉ុន្មាននាក់នោះបានទាមទារឱ្យអ៊ីស្រាអែលចូលដោះលែងអ្នកទោសមួយចំនួនដែលជាប់ពន្ធនាគារនៅលើទឹកដីអ៊ីស្រាអែល។ រដ្ឋាភិបាលអ៊ីស្រាអែលបានបដិសេដការទាមទារនេះដែលជាហេតុបណ្តាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងខណៈពេលដែលការចរចាគ្នារវាងក្រុមភេរវករនិងនគរបាលអាល្លឺម៉ង់ខាងលិចបានប្រព្រឹត្តិទៅជាធម្មតា។ ក្រោយមកទៀត ក្រុមភេរវករទាំងនោះក៏ត្រូវបានអ្នកចរចាខាងនគរបាលអាល្លឺម៉ង់ផ្តល់ជូនការអមផ្លូវធ្វើដំណើរទៅព្រលានយន្តហោះដោយសុវត្ថិភាព។ កងកម្លាំងអាល្លឺម៉ង់បានចេញគម្រោងចាប់ស្ទាក់ក្រុមភេរវករទាំងនេះនៅឯព្រលានយន្តហោះប៉ុន្តែផែនការរបស់ពួកគេត្រូវទទួលបរាជ័យហើយជាលទ្ធផល ការបាញ់ប្រហារគ្នាក៏បានកើតមានឡើងដោយមានមនុស្ស 15 នាក់ត្រូវបានបាត់បង់ជីវិត។ ក្នុងនោះមានអត្តពលិកអ៊ីស្រាអែលទាំងប្រាំបួននាក់និងភេរវករចំនួនប្រាំនាក់។ បន្ទាប់ពីមានការជជែកវែកញែកជាច្រើនលើកច្រើនសារ អ្នករៀបចំកម្មវិធីក៏បានសម្រេចចិត្តថានឹងបន្តដំណើរការកីឡាអូឡាំពិកនេះ។[១៤]

សោកនាដកម្មបែបនេះមិនបានកើតឡើងទៀតទេនៅក្នុងព្រឹត្តិការណ៍អូឡាំពិកបន្ទាប់ដែលបានធ្វើឡើងនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាក្នុងឆ្នាំ​ 1976 ក៏ប៉ុន្តែការរៀបចំផែនការមិនល្អនិងសកម្មភាពក្លែងបន្លំបាននាំឱ្យការចំណាយកើនឡើងខ្ពស់ជាងថវិកា។ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងម៉ុងរ៉េអាល់ឆ្នាំ 1976 គឺជាព្រឹត្តិការណ៍អូឡាំពិកដែលមានការចំណាយថ្លៃជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររហូតដល់ត្រឹមកីឡាអូឡាំពិករដូវរងាឆ្នាំ​ 2014 ដោយត្រូវចំណាយប្រាក់អស់ជាង 5 ពាន់លានដុល្លារសហរដ្ឋអាមេរិក (ដែលស្មើនឹង 22.03 ពាន់លានដុល្លារនៅឆ្នាំ 2020)។ នៅពេលនោះ កីឡាអូឡាំពិកគឺហាក់បីដូចជាសំណើហិរញ្ញវត្ថុដែលមិនអាចសម្រេចបាន។ បើយើងក្រឡេកមើលទៅក្នុងព្រឹត្តិការណ៍នេះពីពេលបច្ចុប្បន្ន មានជំនឿមួយថាអ្នកម៉ៅការ (ដែលសង្ស័យថាជាសមាជិកក្រុមឧក្រិដ្ឋជននៃទីក្រុងម៉ុងរ៉េអាល់) បានរៃអង្គាសប្រាក់យ៉ាងបានច្រើនពីកិច្ចសន្យាគ្រប់កម្រិតខណៈពេលទទួលចំណេញពីការជំនួសសម្ភារៈសំណង់ថោកហើយមានគុណភាពទាបជាង នេះអាចជាមូលហេតុចម្បងនៃករណីត្រូវពន្យារពេលការសាងសង់ និងការចំណាយប្រាក់លើសដើម។ នៅឆ្នាំ 1998 អ្នកម៉ៅការម្នាក់ឈ្មោះជីអូស៊ីប ហ្សាពីយ៉ា "ត្រូវបានជម្រះពីការចោទប្រកាន់ពីបទក្លែងបន្លំនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកបន្ទាប់ពីសាក្សីសំខាន់ពីររូបត្រូវបានទទួលអនិច្ចកម្មមុនពេលផ្តល់សក្ខីកម្មនៅក្នុងសវនាការ"។[១៥]

ចុងសតវត្សរ៍ទី២០

[កែប្រែ]

ក្រោយពីសហភាពសូវៀតបានចូលឈ្លានពានប្រទេសអាហ្វហ្កានីស្ថាននៅក្នុងឆ្នាំ​ 1979, ប្រទេសចំនួន 66 បានរួមគ្នាធ្វើពហិការមិនចូលរួមក្នុងកីឡាអូឡាំពិកឆ្នាំ 1980 ដែលត្រូវធ្វើឡើងនៅឯរដ្ឋធានីម៉ូស្គូ។ ប្រទេសតំណាងចំនួន 80 គឺមានវត្តមាននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនោះដែលវាត្រូវជាចំនួនប្រទេសចូលរួមតិចបំផុតចាប់តាំងពីព្រឹត្តិការណ៍ឆ្នាំ​​ 1956 មក។ ដោយកង្វះប្រទេសចូលរួមច្រើនដូច្នេះហើយបានជាកីឡាអូឡាំពិកឆ្នាំ 1980 មិនសូវទទួលបានការផ្សព្វផ្សាយនិងការប្រកួតប្រជែងច្រើនដែលជាហេតុនាំឱ្យប្រទេសម្ចាស់ផ្ទះក្លាយជាក្រុមលិចធ្លោជាងគេប្រចាំព្រឹត្តិការណ៍។

នៅឆ្នាំ 1984 សហភាពសូវៀតរួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនចំនួន 13 ប្រទេសបានរួមគ្នាធ្វើពហិការមិនចូលរួមប្រកួតក្នុងកីឡាអូឡាំពិករដូវក្តៅឆ្នាំ 1984 ដែលធ្វើឡើងនៅទីក្រុងឡូសអាន់ជ័រលេស សហរដ្ឋអាមេរិក។ ប្រទេសរ៉ូម៉ានីដែលជាប្រទេសប្លុកខាងលិចតែមួយគត់បានចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ 1984 នេះ។ ទោះបីជាសហភាពសូវៀតនិងសម្ព័ន្ធមិត្តខ្លួនមិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះក្តីប៉ុន្តែនូវមានគណៈកម្មាធិការជាតិអូឡាំពិកចំនួន 140 ទៀតបានចូលរួមប្រកួត។[១៦] នេះក៏ជាព្រឹត្តិការណ៍អូឡាំពិកដំបូងដែរដែលមានការចូលរួមប្រកួតជាលើកទីមួយពីសាធារណរដ្ឋប្រជាមានិតចិន។

បើយោងទៅតាមអ្នកសារព័ត៌មានអង់គ្លេសគឺលោកអានឌ្រូ ជេននីងបានឱ្យដឹងថា មន្ត្រីទីភ្ញាក់ងារ គ.ស.រ. (ទីភ្ញាក់ងារសន្តិសុខរបស់សូវៀត) បានបន្លំខ្លួនក្លែងជាអាជ្ញាធរប្រឆាំងធាតុញៀនរបស់ IOC រួចបានបណ្តោយឱ្យអត្តពលិកសូវៀតចូលរួមប្រកួតទាំងតែមានវិជ្ជមានសារធាតុពូវកម្លាំងឬថ្នាំធាតុផ្សំផ្សេងៗទៀត។[១៧]

ឯកសារដែលបានរកឃើញនៅក្នុងឆ្នាំ 2016 បានបង្ហាញថាសូវៀតមានផែនការតម្រូវឱ្យអត្តពលិកខ្លួនប្រើប្រាស់សារធាតុពៅកម្លាំងដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 1984 នៅទីក្រុងឡូសអាន់ជ័រលេស។ ឯកសារនោះបានរៀបរាប់លម្អិតៗអំពីប្រតិបត្តិការស្តេរ៉ូអ៊ីដនៅក្នុងកម្មវិធីប្រកួតរួមជាមួយការវិភាគយោបល់សម្រាប់ការតម្លើងប្រសិទ្ធភាពថ្នាំបន្ថែមទៀតមុនពេលត្រូវរដ្ឋាភិបាលសូវៀតសម្រេចចិត្តធ្វើពហិការមិនចូលរួមប្រកួតវិញ។[១៨]

ព្រឹត្តិការណ៍ឆ្នាំ 1988 នៅទីក្រុងសេអ៊ូលត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ប៉ុន្តែស្ថានភាពបានឈានចូលដល់សភាពតានតឹងនៅពេលដែលអត្តពលិកជាច្រើនជាពិសេសគឺបេន ចនសុនដែលជាអ្នកឈ្នះកីឡារត់ប្រណាំងចម្ងាយ 100 ម៉ែត្របានធ្វើតេស្តថ្នាំឃើញវិជ្ជមាន។ អ្នករៀបចំកម្មវិធីនិងគ្រប់គណៈកម្មាធិការបានកើតការព្រួយបារម្ភយ៉ាងខ្លាំងព្រោះថាចំនួនកីឡាករដែលធ្វើតេស្តថ្នាំវិជ្ជមាននៅក្នុងព្រឹត្តិការណ៍នេះគឺមានច្រើនលើសពីការស្មាន់តែទោះយ៉ាងណាក៏ចំនួនអ្នកអវិជ្ជមានមានច្រើនគួរសមដែរ។

រដ្ឋអឺរ៉ុបតូចៗដែលធ្លាប់ស្ថិតនៅក្រោមសហភាពសូវៀតតាំងពីសង្គ្រាមលោកលើកទីពីរបានមានវត្តមានសារជាថ្មីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 1992 នៅទីក្រុងបារសេឡូណា។ នៅក្នុងព្រឹត្តិការណ៍នេះ កីឡាការិនីកាយសម្ព័ន្ធឈ្មោះវីតាលី ស្ស៊ែរបូបានបំបែកឯតទគ្គកម្មចំនួនមេដាយមាសច្រើនជាងគេនៅកីឡាអូឡាំពិករដូវក្តៅសម្រាប់អត្តពលិកមួយរូបដោយនាងបានឈ្នះមេដាយមាសចំនួនប្រាំលើវិញ្ញាសាប្រាំផ្សេងគ្នា។

នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 1996 នៅក្រុងអាត្លង់តា អត្តពលិកម៉ៃឃើល ចនសុនបានបំបែកកំណត់ត្រាពិភពលោកថ្មីក្នុងវិញ្ញាសារត់ចម្ងាយ 200 ម៉ែត្រ។ អត្តពលិកជនជាតិកាណាដាលោកដូណូវ៉ាន បេលីបានទទួលកំណត់ត្រាថ្មីផងដែរនៅក្នុងវិញ្ញាសារត់ចម្ងាយ 100 ម៉ែត្រ។ កីឡាអូឡាំពិកឆ្នាំ 1996 ក៏មានឈុតឆាករំជួលចិត្តខ្លះៗដែរដូចជានៅពេលដែលអតីតកំពូលកីឡាករប្រដាលមូហាម៉ាដ អាលីទទួលបានមេដាយមាសសងជំនួសមេដាយមុនដែលគាត់បានបោះបង់ចោលកាលនៅឆ្នាំ​ 1960។

កីឡាអូឡាំពិករដូវក្តៅឆ្នាំ 2000 ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានគេនិយមហៅម្យ៉ាងទៀតថា"កីឡានៃសហស្សវត្សរ៍ថ្មី"

កីឡាអូឡាំពិកទីក្រុងស៊ីដនីឆ្នាំ 2000 គឺជាព្រឹត្តិការណ៍អូឡាំពិកដំបូងបង្អស់ដែលប្រទេសកូរ៉េទាំងពីរបានសម្រេចចិត្តចូលរូមជាក្រុមតែមួយនៅក្នុងពិធីបើកការប្រកួតក៏ប៉ុន្តែក្រុមទាំងពីរត្រូវបំបែកចេញពីគ្នាវិញនៅអំឡុងពេលប្រកួតប្រជែង។

ដើមសតវត្សរ៍ទី២១ និងសហស្សវត្សរ៍ថ្មី

[កែប្រែ]

នៅក្នុងឆ្នាំ 2004 ព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានប្រារព្ធនៅលើទឹកដីកំណើតគឺនៅទីក្រុងអាតែន ប្រទេសក្រិក។ ព្រឹត្តិការណ៍ទាំងមូលត្រូវចំណាយប្រាក់ប្រមាណ 7.2 ពាន់លានដុល្លារអាមេរិកនិងបូករួមទាំង 1.5 ពាន់លានដុល្លារទៀតលើថ្លៃសន្តិសុខ។ ដោយសារតែមានរបាយការណ៍ចោតថាសកម្មភាពភេរវកម្មអាចកើតមានឡើងនៅអំឡុងពេលប្រកួតទើបការកក់សំបុត្រចូលទស្សនាត្រូវធ្លាក់ចុះនៅសប្តាហ៍ដំបូង។[១៩] តែទោះជាយ៉ាងណា ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ 2004 បានប្រព្រឹត្តិទៅជាធម្មតាហើយសំបុត្រទស្សនាក៏ចាប់ផ្តើមកើនឡើងវិញក្រោយសប្តាហ៍ទីមួយបានកន្លងផុតទៅដោយគ្មានឧប្បត្តហេតុអ្វីកើតឡើង។ ប្រធាន IOC នៅពេលនោះបានចេញកោតសរសើរថាកម្មវិធីបានរៀបចំឡើងប្រកបដោយសណ្តាប់ធ្នាប់ល្អហើយប្រព័ន្ធសន្តិសុខគឺល្អហួសពីការស្មាន់។[២០] គណៈកម្មាធិការអូឡាំពិកជាតិមកពីគ្រប់ប្រទេសលើពិភពលោកពោលគឺ 202 ប្រទេស បានចូលរួមក្នុងព្រឹត្តិការណ៍នេះដោយមានអត្តពលិកនិងបុគ្គលិកផ្សេងៗចូលរួមជាង 11,000 នាក់។

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ 2008 គឺត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះគឺជាព្រឹត្តិការណ៍អូឡាំពិកដំបូងដែលនារីត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងវិញ្ញាសារត់ផ្លោះរបា។ កម្មវិធីកីឡាចាក់សាបត្រូវបានពង្រីកដើម្បីអាចរួមបញ្ចូលវិញ្ញាសាទាំង 6 សម្រាប់បុរសនិងនារីដោយពីមុនគឺនារីមិនអាចចូលប្រកួតប្រជែងក្នុងវិញ្ញាសាចាក់សាបនោះទេ។ វិញ្ញាសាហែលទឹកម៉ារ៉ាតុងថ្មីត្រូវបានបញ្ចូលមកក្នុងកម្មវិធីដោយអត្តពលិកនីមួយៗត្រូវហែលរយៈចម្ងាយ 10 គីឡូម៉ែត្រ។[២១] កំណត់ត្រាថ្មីនៅក្នុងវិញ្ញាសារត់ប្រណាំងវគ្គផ្តាច់ព្រ័ត្រចម្ងាយ​ 100 និង 200 គីឡូម៉ែត្រ ត្រូវបានបំបែកដោយអត្តពលិកជនជាតិសាម៉ាអ៊ិកមួយរូបឈ្មោះយូសេន បុលត៍។ ចំណែកឯកីឡាជិះសេះវិញត្រូវបានធ្វើឡើងនៅទីក្រុងហុងកុង។

នៅឆ្នាំ 2012 ទីក្រុងឡុងដ៍ បានក្លាយជាទីក្រុងដំបូងគេបង្អស់ដែលបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅបានចំនួនបីលើក។ ក្រុមម្ចាស់ផ្ទះបានឈ្នះមេដាយចំនួន 29 គ្រឿងដែលជាសមិទ្ធិផលដ៏អស្ចារ្យបំផុតរបស់អង់គ្លេសចាប់តាំងពីព្រឹត្តិការណ៍ឆ្នាំ 1908 មក។ សហរដ្ឋអាមេរិកបានវិលត្រឡប់មកឈរនៅលើកំពូលតារាងមេដាយអូឡាំពិកវិញបន្ទាប់ពីត្រូវចិនឆក់យកតំណែងនេះកាលពីព្រឹត្តិការណ៍ឆ្នាំ 2008។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានសម្រេចដកកីឡាបេហ្ស៍ប័លនិងសូហ្វប័លចេញពីកម្មវិធីនេះ។

រីអូដឺចេណេរ៉ូនៃប្រទេសប្រេស៊ីលបានក្លាយជាទីក្រុងនៅទ្វីបអាមេរិកខាងត្បូងដំបូងបង្អស់ដែលបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅនៅឆ្នាំ 2016 ហើយជាទីក្រុងអាមេរិកឡាទីនទីពីរដែលបានធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីទីក្រុងម៉ិកស៊ិកនៅក្នុងឆ្នាំ 1968។ ក្រៅពីទីក្រុងមែលប៊ឺន (1956) និងស៊ីដនី (2000) រីអូគឺជាទីក្រុងទីបីនៅអឌ្ឍគោលខាងត្បូងដែលបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនេះ។ មានវាទប្បដិវាទជាច្រើនដែលទាក់ទងទៅនឹងការត្រៀមខ្លួននិងការរៀបចំនៃព្រឹត្តិការណ៍នេះដូចជា អស្ថិរភាពនយោបាយរបស់រដ្ឋាភិបាលសហព័ន្ធប្រេស៊ីល វិបត្តិសេដ្ឋកិច្ចក្នុងប្រទេស កង្វល់អំពីសុខភាពនិងសុវត្ថិភាពនៅជុំវិញវីរុសហ្ស៊ីកា កង្វក់នៅតាមឆ្នេរសមុទ្រ និងរឿងអាស្រូវធាតុពៅកម្លាំងឧបត្ថមដោយរដ្ឋ (ផ្តើមឡើងដោយរុស្ស៊ី) ដែលបានប៉ះពាល់ដល់ការចូលរួមរបស់អត្តពលិករុស្ស៊ីជាច្រើននាក់។[២២]

កីឡាអូឡាំពិករដូវក្តៅឆ្នាំ 2020 ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន, ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍នេះបានអនុញ្ញាត្តឱ្យមានអ្នកចូលរួមទស្សនាតិចតួចប៉ុណ្ណោះ

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ 2020 ត្រូវបានគ្រោងនឹងធ្វើឡើងពីថ្ងៃទី 24 ខែកក្កដា រហូតដល់ថ្ងៃទី 9 ខែសីហា ឆ្នាំ 2020 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ដូច្នេះហើយ ទីក្រុងតូក្យូបានក្លាយជាទីក្រុងទីប្រាំក្នុងប្រវត្តិសាស្ត្រនិងទីក្រុងអាស៊ីទីមួយដែលបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅចំនួនពីរលើក។ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ នាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូ អាបេបូករួមទាំង IOC និងគណៈកម្មាធិការរៀបចំទីក្រុងតូក្យូបានសម្រេចចិត្តលើកព្រឹត្តិការណ៍កម្មវិធីទៅប្រារព្ធធ្វើឡើងនៅឆ្នាំ 2021 វិញដោយនេះគឺជាលើកទីមួយដែលព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានពន្យារពេលប្រកួត។ ខុសពីព្រឹត្តិការណ៍អូឡាំពិកមុនៗ ព្រឹត្តិការណ៍ឆ្នាំ 2020 នឹងមិនអនុញ្ញាតឱ្យមានអ្នកចូលទស្សនានោះឡើយព្រោះថាស្ថានភាពកូវីដនៅប្រទេសជប៉ុននិងនៅជុំវិញពិភពលោកកំពុងតែមានភាពច្របូកច្របល់និងម្យ៉ាងទៀតទីក្រុងម្ចាស់ផ្ទះត្រូវបានរដ្ឋាភិបាលជប៉ុនដាក់ឱ្យស្ថិតនៅក្រោមស្ថានភាពអាសន្ន។[២៣][២៤][២៥]

ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ 2024 ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលធ្វើឱ្យវាក្លាយជាទីក្រុងទីពីរបន្ទាប់ពីទីក្រុងឡុងដ៍ដែលបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅចំនួនបីលើកសរុប (ដំបូងគឺឆ្នាំ 1900 និងលើកទីពីរគឺក្នុងឆ្នាំ 1924)។ នេះជាព្រឹត្តិការណ៍កីឡាអូឡាំពិកដំបូងដែលបានប្រារព្ធធ្វើឡើងក្រោយពេលវិបត្តិជំងឺរាតត្បាតកូវីដបានបញ្ចប់ ដែលជាហេតុនាំឱ្យចំនួនអ្នកទស្សនាហក់ឡើងពេញវិញ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអូឡាំពិកដែលពិធីបើកព្រឹត្តិ្កការណ៍ត្រូវបានធ្វើឡើងនៅខាងក្រៅពហុកីឡដ្ឋានធំ ដោយអត្តពលិកនៃប្រទេសនីមួយៗត្រូវជិះទូកដង្ហែតាមដងទន្លេសែន[២៦]

កីឡា

[កែប្រែ]

កីឡាសរុបចំនួន 42 ដែលមាន 55 វិញ្ញាសាត្រូវបានរួមបញ្ចូលទៅក្នុងកម្មវិធីអូឡាំពិកនៅចំណុចមួយឬផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រ។ វត្តមានកីឡាចំនួន 33 ប្រភេទត្រូវបានគេដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍អូឡាំពិកថ្មីៗនេះពោលគឺនៅក្នុងកីឡាអូឡាំពិករដូវក្តៅឆ្នាំ 2020 និងកីឡាចំនួន 32 បានគ្រោងសម្រាប់ព្រឹត្តិការណ៍ឆ្នាំ 2024។

សហព័ន្ធកីឡាអូឡាំពិកផ្សេងៗគ្នាត្រូវបានដាក់ជាក្រុមតែមួយក្រោមសមាគមឆ័ត្ររួមដែលគេហៅថាសមាគមសហព័ន្ធកីឡាអូឡាំពិករដូវក្តៅអន្តរជាតិ (ASOIF)។

  កីឡាបច្ចុប្បន្ន     លែងដាក់បញ្ចូល

ប្រភេទកីឡា/ល្បែង ឆ្នាំ
បាញ់ព្រួញ 1900–1908, 1920, ពីឆ្នាំ 1972
បាល់បោះ 3×3 ចាប់ពីឆ្នាំ​​ 2020
ហែលទឹកសមកាលកម្ម ពីឆ្នាំ 1984
អត្តពលកម្ម គ្រប់ឆ្នាំ
វាយសី ពីឆ្នាំ 1992
បេហ្ស៍ប័ល 1992–2008, 2020, 2028
បាល់បោះ ពីឆ្នាំ 1936
ប៉េឡូតា ប៉ាស្កា 1900
ប្រដាល់ 1904, 1908, ពីឆ្នាំ 1920
ទូកកានូ ពីឆ្នាំ 1936
គ្រីកែត 1900, 2028
បាល់ឈើ 1900
ទោចក្រយាន (កង់) គ្រប់ឆ្នាំ
លោតទឹក ពីឆ្នាំ 1904
បង្ហាត់ជិះសេះ 1900, ពីឆ្នាំ 1912
ចាក់សាប គ្រប់ឆ្នាំ
ហុកគី 1908, 1920, ពីឆ្នាំ 1928
បាល់ឱបទង់ 2028
បាល់ទាត់ 1900–1928, ពីឆ្នាំ 1936
វាយកូនគោល 1900, 1904, ពីឆ្នាំ 2016
កាយសម្ព័ន្ធ គ្រប់ឆ្នាំ
បាល់ដៃ 1936, ពីឆ្នាំ 1972
ចែរដឺប៉ូម 1908
យូដូ 1964, ពីឆ្នាំ 1972
ការ៉ាតេ 2020
ក្រូស 1904, 1908, 2028
កីឡាសម័យទាំងប្រាំ ពីឆ្នាំ 1912
ប៉ូឡូ 1900, 1908, 1920, 1924, 1936
វាយសីរ៉ាកែត 1908
រ៉ុក 1904
រ៉ូអ៊ីង ពីឆ្នាំ 1900
បាល់ឱបរួម 1900, 1908, 1920, 1924
បាល់ឱបប្រាំពីរ (នាក់) ពីឆ្នាំ 2016
ទូកក្តោង 1900, ពីឆ្នាំ 1908
បាញ់កាំភ្លើង 1896, 1900, 1908–1924, ពីឆ្នាំ 1932
ជិះស្គីក្តារ ពីឆ្នាំ 2020
សូហ្វប័ល 1996-2008, 2020, 2028
ឡើងជញ្ជាំង ពីឆ្នាំ 2020
ជិះរលក ពីឆ្នាំ 2020
ហែលទឹក គ្រប់ឆ្នាំ
វាយកូនឃ្លីលើតុ ពីឆ្នាំ 1988
តៃក្វាន់ដូ ពីឆ្នាំ 2000
វាយកូនបាល់ 1896–1924, ពីឆ្នាំ 1988
ទ្រីយ៉ាងត្លង ពីឆ្នាំ 2000
ទាញ់ព្រ័ត្រ 1900–1920
បាល់ទះ ពីឆ្នាំ 1964
កីឡាយានយន្តលើទឹក 1908
ប៉ូឡូលើទឹក ពីឆ្នាំ 1900
លើកទម្ងន់ 1896, 1904, ពីឆ្នាំ​​ 1920
ចំបាប់ 1896, ពីឆ្នាំ 1904

គុណវុឌ្ឍិ

[កែប្រែ]

វិធានគុណវុឌ្ឍិសម្រាប់កីឡាអូឡាំពិកនីមួយៗត្រូវបានកំណត់ដោយសហព័ន្ធកីឡាអន្តរជាតិ (IF) ដែលជាអង្គការគ្រប់គ្រងការប្រកួតប្រជែងកីឡាអន្តរជាតិ។[២៧]

ចំពោះកីឡាបុគ្គល កីឡាករជាទូទៅត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយទទួលបានកន្លែងជាក់លាក់មួយនៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ឬក្នុងបញ្ជីចំណាត់ថ្នាក់របស់ IF។ មានច្បាប់មួយបានបញ្ជាក់ថា អត្តពលិកបុគ្គលត្រឹមតែ 3 នាក់ប៉ុណ្ណោះដែលអាចតំណាងឱ្យប្រទេសរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍កីឡាមួយ។ គណៈកម្មាធិការអូឡាំពិកជាតិ (គអជ) នៅតាមប្រទេសនីមួយៗអាចបញ្ជូលចំនួនកីឡាករប្រកួតប្រជែងដែលមានសមត្ថភាពនៅក្នុងព្រឹត្តិការណ៍កីឡានីមួយៗហើយក្នុងករណីដែលមានកីឡាករឬអត្តពលិកជាប់ច្រើនជាងចំនួនកំណត់ គជអ គឺជាអ្នកសម្រេចថាតើកីឡាករមួយណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាកីឡាករតំណាងជាតិ។[២៧][២៨]

ក្រុមកីឡាតាមប្រទេសមួយចំនួនអាចបានឡើងទៅប្រកួតកីឡាជាក្រុមនៅអូឡាំពិកបានតាមរយៈការប្រកួតជម្រុះថ្នាក់ទ្វីបដោយសមាគមកីឡាតាមទ្វីបនីមួយៗត្រូវផ្តល់ចំនួនក្រុមជាក់លាក់ចូលក្នុងព្រឹត្តិការណ៍អូឡាំពិក។ ប្រទេសនីមួយៗត្រូវមានក្រុមតំណាងមិនលើសពីមួយនោះទេក្នុងកីឡាក្រុមមួយហើយសម្រាប់កីឡាខ្លះ ក្រុមនីមួយៗត្រូវកំណត់ឱ្យមានកីឡាករតែពីររូបប៉ុណ្ណោះ។

ប្រជាប្រិយភាពនៃកីឡានៅអូឡាំពិក

[កែប្រែ]

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបែងចែកប្រភេទកីឡានៅអូឡាំពិកជា 5 ក្រុម (A ទៅ E) ដោយផ្អែកលើប្រជាប្រិយភាពនៃកីឡានីមួយៗដែលត្រូវបានកំណត់ដោយលក្ខណៈវិនិច្ឆ័យចំនួន 6 គឺ៖ តួលេខអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ (40%) ប្រជាប្រិយភាពតាមអ៊ីនធឺណិត (20%) ការស្ទង់មតិសាធារណៈ (15%) សំណើទិញសំបុត្រ (10%) សតិការសារព័ត៌មាន (10%) និងចំនួនសហព័ន្ធជាតិ (5%)។[២៩][៣០] កីឡាថ្មីថ្មោងដែលទើបតែណែនាំចូលក្នុងកីឡាអូឡាំពិកឆ្នាំ 2016 (កីឡាបាល់ឱបនិងវាយកូនគោល) ត្រូវបានដាក់បញ្ចូលក្នុងក្រុម E។

តារាងចំណាត់ថ្នាក់ក្រុម៖

ក្រុម ល.រ កីឡា
A 3 អត្តពលកម្ម, កីឡាទឹក[a], កីឡាកាយសម្ព័ន្ធ
B 5 កីឡាបាល់បោះ, កីឡាទោចក្រយាន, កីឡាបាល់ទាត់, កីឡាវាយកូនបាល់, កីឡាបាល់ទះ
C 8 កីឡាបាញ់ព្រួញ, កីឡាវាយសី, កីឡាប្រដាល់, យូដូ, រ៉ូអ៊ីង, កីឡាបាញ់កាំភ្លើង, កីឡាវាយកូនឃ្លីលើតុ, កីឡាលើកទម្ងន់
D 9 កីឡាទូកកានូ, កីឡាបង្ហាត់ជិះសេះ, កីឡាចាក់សាប, កីឡាបាល់ដៃ, ហុកគី, កីឡាទូកក្តោង, តៃក្វាន់ដូ, ទ្រីយ៉ាងត្លង, កីឡាចំបាប់
E 3 កីឡាសម័យទាំងប្រាំ, កីឡាវាយកូនគោល, កីឡាបាល់ឱប
F 6 បេហ្ស៍ប័ល/សូហ្វប័ល, ការ៉ាតេ, កីឡាជិះស្គីក្តារ, កីឡាឡើងជញ្ជាំង, កីឡាជិះរលក

a កីឡាទឹករួមមាន៖ កីឡាហែលទឹក ហែលទឹកសមកាលកម្ម លោតទឹក និងកីឡាប៉ូឡូលើទឹក។

តារាងមេដាយសរុប

[កែប្រែ]

ខាងក្រោមនេះគឺជាតារាងមេដាយដែលប្រើប្រាស់ទិន្នន័យផ្លូវការពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ[៣១]

   អតីតប្រទេស

ទិន្នន័យបច្ចុប្បន្នក្រោយពីបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំ 2024

ល.រ ប្រទេស មាស ប្រាក់ សំរិទ្ធ សរុប ព្រឹត្តិការណ៍
1 សហរដ្ឋអាមេរិក (USA) 1105 879 780 2764 29
2 សហភាពសូវៀត (URS) 395 319 296 1010 9
3 ចិន (CHN) 303 226 198 727 12
4 ក្រង់ប្រឺតាញ (GBR) 298 340 343 981 30
5 បារាំង (FRA) 239 277 299 815 29
6 អ៊ីតាលី (ITA) 229 201 228 658 29
7 អាល្លឺម៉ង់ (GER) 213 220 255 668 18
8 ជប៉ុន (JPN) 189 162 191 542 24
9 ហុងគ្រី (HUN) 187 161 182 530 28
10 អូស្ត្រាលី (AUS) 182 192 226 600 28
11 អាល្លឺម៉ង់ខាងកើត (GDR) 153 129 127 409 5
12 ស៊ុយអែត (SWE) 151 181 182 514 28
13 រុស្ស៊ី (RUS) 147 126 150 423 6
14 ហុល្លង់ (NED) 110 112 134 356 28
15 កូរ៉េខាងត្បូង (KOR) 109 100 111 320 19
16 ហ្វាំងឡង់ (FIN) 101 85 119 305 27
17 រ៉ូម៉ានី (ROU) 93 101 123 317 23
18 គុយបា (CUB) 86 70 88 244 22
19 កាណាដា (CAN) 80 117 156 353 28
20 ប៉ូឡូញ (POL) 73 93 142 308 23

ប្រទេសនាំមុខតារាងមេដាយតាមឆ្នាំ

[កែប្រែ]
ប្រទេសនាំមុខតារាងមេដាយអូឡាំពិករដូវក្ដៅតាមឆ្នាំ

តាមចំនួនព្រឹត្តិការណ៍

ល.រ ប្រទេស ចំនួនព្រឹត្តិការណ៍
1 សហរដ្ឋអាមេរិក 19 លើក
2 សហភាពសូវៀត 6 លើក
3 ចិន 1​ លើក
បារាំង
ក្រង់ប្រឺតាញ
អាល្លឺម៉ង់
សហក្រុម

បញ្ជីកីឡាអូឡាំពិករដូវក្តៅ

[កែប្រែ]
ឆ្នាំ ល.រ
(ជារ៉ូម៉ាំង)
ទីក្រុងម្ចាស់ផ្ទះ ពិធីបើកដោយ កីឡា
(វិញ្ញាសា)
កីឡាករ ព្រឹត្តិការណ៍ ប្រទេស កាលបរិច្ឆេទ ប្រទេសកំពូល ឯក.យោង
សរុប បុរស នារី
1896 I អាតែន ព្រះមហាក្សត្រ
ហ្ស៊កទី 1
9 (10) 241 241 0 43 14 6–15 មេសា 1896 សហរដ្ឋអាមេរិក (USA) [១]
1900 II បារាំង ប៉ារីស ព្យែរ ដឺ គូប៊ែរតង់ 19 (20) 997 975 22 95[ស ១] 24 14 ឧសភា – 28 តុលា 1900 បារាំង (FRA) [២]
1904 III សហរដ្ឋអាមេរិក សង់ល្វី អភិបាលក្រុង
ដាវីត ហ្វ្រង់ស្វ័រ
16 (18) 651 645 6 95[ស ២] 12 1 កក្កដា – 23 វិច្ឆិកា 1904 សហរដ្ឋអាមេរិក (USA) [៣]
1908 IV សហរាជាណាចក្រ ឡុងដ៍ ព្រះមហាក្សត្រ
អែដវើដទី 7
22 (25) 2,008 1,971 37 110 22 27 មេសា – 31 តុលា 1908 ក្រង់ប្រឺតាញ (GBR) [៤]
1912 V ស៊ុយអែត ស្តុកខូល ព្រះមហាក្សត្រ
ហ្គូស្តាវទី 5
14 (18) 2,407 2,359 48 102 28 6–22 កក្កដា 1912 សហរដ្ឋអាមេរិក (USA) [៥]
1916 VI [ស ៣] ត្រូវធ្វើឡើងនៅទីក្រុងប៊ែរឡាំង។ បានលុបចោលដោយសារសង្គ្រាមលោកលើកទីមួយ
1920 VII បែលហ្ស៊ិក អានទ្វើប ព្រះមហាក្សត្រ
អាល់ប៊ឺតទី 1
22 (29) 2,626 2,561 65 156[ស ៤] 29 14 សីហា – 12 កញ្ញា 1920 សហរដ្ឋអាមេរិក (USA) [៦]
1924 VIII បារាំង ប៉ារីស ប្រធានាធិបតី ហ្កាស្តុន ឌូមែក 17 (23) 3,089 2,954 135 126 44 5–27 កក្កដា 1924 សហរដ្ឋអាមេរិក (USA) [៧]
1928 IX ហុល្លង់ អាំស្ទែរដាំ ចៅព្រះញា ហង់រីនៃម៉េក្លេនប៊ឺក-ស៊្វែរីន 14 (20) 2,883 2,606 277 109 46 28 កក្កដា – 12 សីហា 1928 សហរដ្ឋអាមេរិក (USA) [៨]
1932 X សហរដ្ឋអាមេរិក ឡូស​អាន់​ជ័រ​លេស អនុប្រធានាធិបតី
ឆាលស៍ ខឺធីស
1,332 1,206 126 117 37 30 កក្កដា – 14 សីហា 1932 សហរដ្ឋអាមេរិក (USA) [៩]
1936 XI អាល្លឺម៉ង់ណាស៊ី ប៊ែរឡាំង អធិការបតី អាដុល ហ៊ីត្លែរ 19 (25) 3,963 3,632 331 129 49 1–16 សីហា ១៩៣៦ អាល្លឺម៉ង់ណាស៊ី អាល្លឺម៉ង់ (GER) [១០]
1940 XII [ស ៣] ដើមឡើយគឺគ្រោងនឹងធ្វើនៅតូក្យូ តែក៏ប្តូរមកគ្រោងធ្វើនៅហែលស៊ីនគីវិញ។ លុបចោលដោយសារសង្គ្រាមលោកលើកទីពីរ
1944 XIII [ស ៣] គ្រោងនឹងធ្វើនៅទីក្រុងឡុងដ៍។ លុបចោលដោយសារសង្គ្រាមលោកលើកទីពីរ
1948 XIV សហរាជាណាចក្រ ឡុងដ៍ ព្រះមហាក្សត្រ
ចចទី 6
17 (23) 4,104 3,714 390 136 59 29 កក្កដា – 14 សីហា 1948 សហរដ្ឋអាមេរិក (USA) [១១]
1952 XV ហ្វាំងឡង់ ហែលស៊ីនគី ប្រធានាធិបតី យូហូ គូស្ទី ប៉ាស៊ិគីវិ 4,955 4,436 519 149 69 19 កក្កដា – 3 សីហា 1952 សហរដ្ឋអាមេរិក (USA) [១២]
1956 XVI អូស្ត្រាលី មែលប៊ឺន ហ្វីលីព ព្រះចៅញានៃអ៊ីឌិនប៊ឺក 3,314 2,938 376 151[ស ៥] 72[ស ៦] 22 វិច្ឆិកា – 8 ធ្នូ 1956 សហភាពសូវៀត (URS) [១៣]
1960 XVII អ៊ីតាលី រ៉ូម ប្រធានាធិបតី ចូវ៉ាន្នី គ្រោងឃី 5,338 4,727 611 150 83 25 សីហា – 11 កញ្ញា 1960 សហភាពសូវៀត (URS) [១៤]
1964 XVIII ជប៉ុន តូក្យូ ព្រះចៅអធិរាជ ហ៊ីរ៉ូហ៊ីតុ 19 (25) 5,151 4,473 678 136 93 10–24 តុលា 1964 សហរដ្ឋអាមេរិក (USA) [១៥]
1968 XIX ម៉ិកស៊ិក ទីក្រុងម៉ិកស៊ិក ប្រធានាធិបតី
ហ្គូស្តាវ៉ូ ឌីយ៉ា អ័រដាស៍
18 (24) 5,516 4,735 781 172 112 12–27 តុលា 1968 សហរដ្ឋអាមេរិក (USA) [១៦]
1972 XX អាល្លឺម៉ង់ មុយនិច ប្រធានាធិបតី
គូស្តាហ្វ ហៃនឺមាណ
21 (28) 7,134 6,075 1,059 195 121 26 សីហា – 11 កញ្ញា 1972 សហភាពសូវៀត (URS) [១៧]
1976 XXI កាណាដា ម៉ុងរ៉េអាល់ ព្រះមហាក្សត្រិយានី
អេលីហ្សាប៊ែតទី 2
21 (27) 6,084 4,824 1,260 198 92 17 កក្កដា – 1 សីហា 1976 សហភាពសូវៀត (URS) [១៨]
1980 XXII សហភាពសូវៀត ម៉ូស្គូ ប្រធានគណៈប្រធានរដ្ឋ
ឡេអូនីត ប្រេស្នេវ
5,179 4,064 1,115 203 80 19 កក្កដា – 3 សីហា 1980 សហភាពសូវៀត (URS) [១៩]
1984 XXIII សហរដ្ឋអាមេរិក ឡូស​អាន់​ជ័រ​លេស ប្រធានាធិបតី រ៉ូណាល់ រីហ្កេន 21 (29) 6,829 5,263 1,566 221 140 28 កក្កដា – 12 សីហា 1984 សហរដ្ឋអាមេរិក (USA) [២០]
1988 XXIV កូរ៉េខាងត្បូង សេអ៊ូល ប្រធានាធិបតី
រ៉ូ ថេ-អ៊ូ
23 (31) 8,391 6,197 2,194 237 159 17 កញ្ញា – 2 តុលា 1988 សហភាពសូវៀត (URS) [២១]
1992 XXV អេស្ប៉ាញ បារសេឡូណា ព្រះមហាក្សត្រ ហ័ន កាឡូសទី 1 25 (34) 9,356 6,652 2,704 257 169 25 កក្កដា – 9 សីហា 1992 សហក្រុម (EUN) [២២]
1996 XXVI សហរដ្ឋអាមេរិក អាត្លង់តា ប្រធានាធិបតី ប៊ីល គ្លីនតុន 26 (37) 1,0318 6,806 3,512 271 197 19 កក្កដា – 4 សីហា 1996 សហរដ្ឋអាមេរិក (USA) [២៣]
2000 XXVII អូស្ត្រាលី ស៊ីដនី អគ្គទេសាភិបាល
វីលៀម ដៀន
28 (40) 10,651 6,582 4,069 300 199 15 កញ្ញា – 1 តុលា 2000 សហរដ្ឋអាមេរិក (USA) [២៤]
2004 XXVIII ក្រិក អាតែន ប្រធានាធិបតី
កូនស្តង់ទីណូស ស្តេផាណូពូឡូស
10,625 6,296 4,329 301 201 13–29 សីហា 2004 សហរដ្ឋអាមេរិក (USA) [២៥]
2008 XXIX ចិន ប៉េកាំង ប្រធានាធិបតី
ហ៊ូ ជីនតាវ
28 (41) 10,942 6,305 4,637 302 204 8–24 សីហា 2008 ចិន (CHN) [២៦]
2012 XXX សហរាជាណាចក្រ ឡុងដ៍ ព្រះមហាក្សត្រិយានី
អេលីហ្សាប៊ែតទី២
26 (39) 10,768 5,992 4,776 302 204 27 កក្កដា – 12 សីហា 2012 សហរដ្ឋអាមេរិក (USA) [២៧]
2016 XXXI ប្រេស៊ីល រីអូដឺជេណេរ៉ូ ប្រធានាធិបតីស្តីទី
មីឆែល តេមើ
28 (41) 11,238 6,179 5,059 306 207 4–21 សីហា 2016 សហរដ្ឋអាមេរិក (USA) [២៨]
2020 XXXII ជប៉ុន តូក្យូ ព្រះចៅអធិរាជ
ណារុហ៊ីតុ
33 (50) 11,476 5,982 5,494 339 206 23 កក្កដា – 8 សីហា 2021[ស ៧] សហរដ្ឋអាមេរិក (USA) [២៩]
2024 XXXIII បារាំង ប៉ារីស ប្រធានាធិបតី
អេម៉ានុយអែល​ ម៉ាក្រុង
32 (48) 10,714[ស ៨] 5,357 5,357 329 206 26 កក្កដា – 11 សីហា 2024 សហរដ្ឋអាមេរិក (USA) [៣០]
2028 XXXIV សហរដ្ឋអាមេរិក ឡូស​អាន់​ជ័រ​លេស TBA 35 (51) TBA TBA TBA TBA TBA 21 កក្កដា – 6 សីហា 2028 TBA []
2032 XXXV អូស្ត្រាលី ប៊្រីសបាន TBA TBA TBA TBA TBA TBA TBA 23 កក្កដា – 8 សីហា 2032 TBA
កំណត់សម្គាល់
  1. គេហទំព័រ IOC សម្រាប់កីឡាអូឡាំពិករដូវក្តៅឆ្នាំ 1900[៣២] បានកំណត់ចំនួនព្រឹត្តិការណ៍ត្រឹម 95 តែក្នុងពេលជាមួយគ្នានេះ ទិន្នន័យមូលដ្ឋានរបស់ IOC សម្រាប់កីឡាអូឡាំពិករដូវក្តៅឆ្នាំ 1900[៣៣] បានកំណត់ចំនួន 85។ តួលេខ 95 មានប្រភពមកពីប្រវត្តិវិទូនិងប្រវត្តិករអូឡាំពិកម្នាក់គឺលោកប៊ីល ម៉ាឡន[៣៤] ដោយការសិក្សារបស់លោកបានបំភ្លឺដល់ប្រធានបទនេះ។ ព្រឹត្តិការណ៍ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសឡើងវិញទាំងបួននេះ — ដាក់កម្រិតចំពោះកីឡាករមិនពេញជំនាញ កីឡាករអន្ដរជាតិ បើកចំពោះកីឡាករគ្រប់លក្ខណៈសម្បត្តិទាំងអស់និងគ្មានជនពិការឡើយ — ឥឡូវនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍អូឡាំពិក។
  2. គេហទំព័រ IOC សម្រាប់កីឡាអូឡាំពិករដូវក្តៅឆ្នាំ 1904[៣៥] បានកំណត់ចំនួនព្រឹត្តិការណ៍ត្រឹម 95 តែក្នុងពេលជាមួយគ្នានេះ គេហទំព័រ IOC សម្រាប់កីឡាអូឡាំពិករដូវក្តៅឆ្នាំ 1900[៣៦] បានកំណត់ចំនួន 91។ តួលេខ 91 នេះមានប្រភពមកពីប្រវត្តិវិទូនិងប្រវត្តិករអូឡាំពិកម្នាក់គឺលោកប៊ីល ម៉ាឡន[៣៧] ដោយការសិក្សារបស់លោកបានបំភ្លឺដល់ប្រធានបទនេះ។ ព្រឹត្តិការណ៍ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសឡើងវិញទាំងបួននេះ — ដាក់កម្រិតចំពោះកីឡាករមិនពេញជំនាញ កីឡាករអន្ដរជាតិ បើកចំពោះកីឡាករគ្រប់លក្ខណៈសម្បត្តិទាំងអស់និងគ្មានជនពិការឡើយ — ឥឡូវនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍អូឡាំពិក។
  3. ៣,០ ៣,១ ៣,២ ទោះបីជាព្រឹត្តិការណ៍ឆ្នាំ 1916, 1940 និងឆ្នាំ 1944 ត្រូវបានលុបចោលក៏ដោយក៏លេខរ៉ូម៉ាំងសម្រាប់ព្រឹត្តិការណ៍ទាំងនេះនូវតែត្រូវបានយកមកអនុវត្តព្រោះថាឈ្មោះផ្លូវការនៃកីឡារដូវក្តៅគឺរាប់ជាឆ្នាំអូឡាំពិកមិនមែនជាព្រឹត្តិការណ៍ផ្ទាល់នោះទេ យោងតាមធម្មនុញ្ញអូឡាំពិក។[៣៨] ប៉ុន្តែករណីនេះគឺផ្ទុយពីកីឡាអូឡាំពិករដូវរងាវិញដោយវាមិនបានរាប់កីឡារដូវរងារដែលត្រូវបានលុបចោលនៅឆ្នាំ 1940 និងឆ្នាំ 1944 នោះទេ។
  4. គេហទំព័រ IOC សម្រាបកីឡាអូឡាំពិករដូវក្តៅឆ្នាំ 1920[៣៩] បានកំណត់ចំនួនព្រឹត្តិការណ៍ 156 តែក្នុងពេលជាមួយគ្នានេះ គេហទំព័រ IOC សម្រាប់កីឡាអូឡាំពិករដូវក្តៅឆ្នាំ 1920[៤០] បានកំណត់ចំនួនត្រឹម 154 ប៉ុណ្ណោះ។
  5. គេហទំព័រ IOC សម្រាប់កីឡាអូឡាំពិករដូវក្តៅឆ្នាំ 1956[៤១] បានផ្តល់តួលេខព្រឹត្តិការណ៍ចំនួន 151 (145 នៅមែលប៊ឺន និង 6 ព្រឹត្តិការណ៍ក្នុងកីឡាបង្ហាត់ជិះសេះនៅស្តុកខូល)។
  6. ដោយសារតែច្បាប់ចត្តាឡីស័ករបស់អូស្ត្រាលី ព្រឹត្តិការណ៍កីឡាជិះសេះត្រូវបានធ្វើឡើងនៅទីក្រុងស្តុកខូលក្នុងរយៈពេលពីរបីខែមុនព្រឹត្តិការណ៍ចម្បងនិងព្រឹត្តិការណ៍ផ្សេងទៀតនៅមែលប៊ឺន។ ប្រទេសចំនួនប្រាំនៃប្រទេសចំនួន 72 ដែលបានចូលរួមប្រកួតកីឡាជិះសេះនៅស្តុកខូលគឺមិនបានមកចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗនៅមែលប៊ឺនឡើយ។
  7. ដើមឡើយ គេបានគ្រោងធ្វើពីថ្ងៃ ២៤ កក្កដា – ៩ សីហា ២០២០ ប៉ុន្តែព្រឹត្តិការណ៍ត្រូវបានលើកពេលដោយសារតែវិបត្តិកូវីដ-១៩
  8. ចំនួនអត្តពលិកត្រូវជាចំនូនសមភាពនៃចំនួនកីឡាករភេទទាំងពីរ។[៤២]

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ "IOC makes historic decision in agreeing to award 2024 and 2028 Olympic Games at the same time". 11 កក្កដា 2017. Retrieved 16 សីហា 2021.
  2. Schaffer, Kay (2000). The Olympics at the Millennium: Power, Politics, and the Games. p. 271. 
  3. Tarasouleas, Athanasios (Summer 1993). "The Female Spiridon Loues". Citius, Altius, Fortius 1 (3): 11–12.
  4. Macy, Sue (2004). Swifter, Higher, Stronger. Washington D.C, United States: National Geographic. pp. 16. ល.ស.ប.អ. 0-7922-6667-6. https://archive.org/details/swifterhigherstr00macy/page/16. 
  5. Young, David C. (1996). The Modern Olympics: A Struggle for Revival. Johns Hopkins University Press. p. 144. ល.ស.ប.អ. 978-0-8018-5374-6. 
  6. "1896 Athina Summer Games". Sports Reference. Archived from the original on 17 មេសា 2020. Retrieved 8 សីហា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  7. "តារាងកីឡាអូឡាំពិករដូវក្តៅ (ជាភាសាអង់គ្លេស)" (PDF). គណៈកម្មាធិការអូឡាំពិកអន្តរជាតិ. Retrieved 8 សីហា 2021.
  8. Lovesey, Peter (December 2001). "Conan Doyle and the Olympics". Journal of Olympic History 10: 6–9.
  9. "Paavo Nurmi – THE FLYING FINN – Life Story". Retrieved 8 សីហា 2021.
  10. Benjamin, Daniel (27 កក្កដា 1992). "Traditions Pro Vs. Amateur". Time. Archived from the original on 2 September 2009. Retrieved 9 សីហា 2021.
  11. Schantz, Otto. "The Olympic Ideal and the Winter Games Attitudes Towards the Olympic Winter Games in Olympic Discourses – from Coubertin to Samaranch" (PDF). www.coubertin.ch. Comité International Pierre De Coubertin. Archived from the original (PDF) on 5 ឧសភា 2013. Retrieved 9 សីហា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  12. Wallechinsky, David; Jamie Loucky (2008). The Complete Book of the Olympics, 2008 Edition. Aurum Press. pp. 453–454. ល.ស.ប.អ. 978-1-84513-330-6. 
  13. "Games of the XIX Olympiad". olympic.org. គណៈកម្មាធិការអូឡាំពិកអន្តរជាតិ. Retrieved 11 សីហា 2021.
  14. "Games of the XX Olympiad". olympic.org. គណៈកម្មាធិការអូឡាំពិកអន្តរជាតិ. Retrieved 11 សីហា 2021.
  15. Schneider, Stephen;(April 2009).Ice: The Story of Organized Crime in Canada. p.551. ISBN 0-470-83500-1:
  16. "NO BOYCOTT BLUES". https://www.olympic.org/los-angeles-1984. 
  17. Hunt, Thomas M. (2011). Drug Games: The International Olympic Committee and the Politics of Doping. University of Texas Press. p. 66. ល.ស.ប.អ. 978-0292739574. https://books.google.com/books?isbn=0292739575. 
  18. Ruiz, Rebecca R. (13 August 2016). "The Soviet Doping Plan: Document Reveals Illicit Approach to '84 Olympics". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2016/08/14/sports/olympics/soviet-doping-plan-russia-rio-games.html. 
  19. "Tickets to Olympic events in Beijing sold out". USA Today. 28 កក្កដា 2008. https://www.usatoday.com/sports/olympics/2008-07-28-olympics-tickets_N.htm. 
  20. "Rogge hails Athens success". BBC Sport. 29 សីហា 2004. http://news.bbc.co.uk/sport1/hi/olympics_2004/3609818.stm. 
  21. "Beijing 2008: Games program Finalized". គណៈកម្មាធិការអូឡាំពិកអន្តរជាតិ. 27 មេសា 2006. http://olympic.org/uk/news/olympic_news/full_story_uk.asp?id=1797. 
  22. "Rio to stage 2016 Olympic Games". BBC Sport. 2 តុលា 2009. http://news.bbc.co.uk/sport2/hi/olympic_games/8282518.stm. 
  23. "Tokyo 2020: Olympic and Paralympic Games postponed because of coronavirus". BBC Sport. 24 មីនា 2020. Retrieved 14 សីហា 2021.
  24. McCurry, Justin; Ingle, Sean (24 មីនា 2020). "Tokyo Olympics postponed to 2021 due to coronavirus pandemic (ភាសាអង់គ្លេស)". The Guardian. ISSN 0261-3077. Retrieved 14 សីហា 2021.
  25. "Tokyo to be put under state of emergency for duration of 2020 Olympic Games (ភាសាអង់គ្លេស)". the Guardian. 2021-07-08. Retrieved 2021-08-14.
  26. "France halves crowd numbers for Olympics opening ceremony on River Seine". France 24​. 2024-01-31. Archived from the original on 31 January 2024. Retrieved 2024-09-03. {{cite web}}: zero width space character in |website= at position 10 (help)
  27. ២៧,០ ២៧,១ "Olympians". Olympic.org. IOC. Archived from the original on 16 មិថុនា 2010. Retrieved 15 សីហា 2021.
  28. "National Olympic Committees (NOCs)". Olympic.org. IOC. Archived from the original on 15 មិថុនា 2010. Retrieved 15 សីហា 2021.
  29. "Athletics to share limelight as one of top Olympic sports". The Queensland Times. 31 ឧសភា 2013. http://www.qt.com.au/news/atheltics-share-limelight-one-top-olympic-sports/1889097/. 
  30. "Winners Include Gymnastics, Swimming - and Wrestling - as IOC Announces New Funding Distribution Groupings". The Association of Summer Olympic International Federations. Retrieved 15 សីហា 2021.
  31. "RESULTS". olympic.org. https://www.olympic.org/olympic-results. 
  32. "1900 Olympic Games". Olympic.org. Retrieved 15 សីហា 2021.
  33. "Event Results (Paris 1900)". Olympic.org. Archived from the original on 24 កុម្ភៈ 2014. Retrieved 15 សីហា 2021.
  34. Mallon, Bill (1998). The 1900 Olympic Games, Results for All Competitors in All Events, with Commentary. Jefferson, North Carolina: McFarland & Company, Inc.. p. 1. ល.ស.ប.អ. 9780786440641. https://books.google.com/books?id=inAwCgAAQBAJ. 
  35. "St. Louis 1904". Olympic.org. Retrieved 15 សីហា 2021.
  36. "St. Louis 1904 (archived)". Olympic.org. Archived from the original on 2 June 2016. Retrieved 15 សីហា 2021.
  37. Mallon, Bill (1999). The 1904 Olympic Games, Results for All Competitors in All Events, with Commentary. Jefferson, North Carolina: McFarland & Company, Inc.. p. 1. ល.ស.ប.អ. 9781476621609. https://books.google.com/books?id=NnkwCgAAQBAJ. 
  38. Lennox, Doug (2009). Now You Know Big Book of Sports. Dundurn Press. p. 223. ល.ស.ប.អ. 978-1-55488-454-4. https://archive.org/details/nowyouknowbigboo0000lenn_j6r9. 
  39. "Antwerp 1920". Olympic.org. Retrieved 16 សីហា 2021.
  40. "Antwerp 1920 (archived)". Olympic.org. Archived from the original on 2 មិថុនា 2016. Retrieved 16 សីហា 2021.
  41. "1956 Olympic Games". Olympic.org. 22 វិច្ឆិកា 1956. Retrieved 16 សីហា 2021.
  42. "Gender equality and youth at the heart of the Paris 2024 Olympic Sports Programme". www.olympics.com/. International Olympic Committee. 7 ធ្នូ 2020. Retrieved 16 សីហា 2021. The 10,500-athlete quota set for Paris 2024, including new sports, will lead to an overall reduction in the number of athletes

តំណភ្ជាប់ក្រៅ

[កែប្រែ]