Jump to content

ប្រាសាទតាព្រហ្ម (ខេត្តតាកែវ)

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រាសាទតាព្រហ្មទន្លេបាទី)
ប្រាសាទតាព្រហ្មទន្លេបាទី

ឈ្មោះ: ប្រាសាទតាព្រហ្មទន្លេបាទី
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១២
ឧទ្ទិសថ្វាយ: ពុទ្ធសាសនាមហាយានលោកេស្វរៈ
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ

ប្រាសាទតាព្រហ្មស្ថិតនៅរមណីយដ្ឋានទនេ្លបាទីក្នុងភូមិសាស្រ្ត ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយ ៣៤គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ២។ ប្រាសាទនេះសង់ឡើងនៅសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២០១ ធ្វើពីថ្មភក់ប្រកបដោយក្បូរក្បាច់រចនាដ៏វិចិត្រ ប្រហាក់ប្រហែលនឹងប្រាសាទតាព្រហ្មនៅខេត្តសៀមរាបដែរព្រោះស្ថាបត្យកម្មនេះស្ថិត នៅក្នុងរចនាបថបាយ័ន នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជាអធិរាជនៃចក្រភពកម្ពុជទេស។ ប្រាសាទនេះមានបរិវេណទំហំបណ្តោយ ១៥០ម៉ែត្រ និងទទឹងប្រវែង ៩៥ម៉ែត្រ និងប្រាសាទមានកម្ពស់ ១២ម៉ែត្រ។ នៅប្រាង្គកណ្តាលមានផ្តែរជារូបព្រះពុទ្ធចូលនិពាន ដែលរូបចម្លាក់នេះឆ្លាក់នៅសម័យក្រោយគឺនៅសតវត្សរ៍ទី១៦ ក្នុងរជ្យព្រះបាទចន្ទរាជាទី១។បន្ទាប់ពីបញ្ចប់សឹកសង្រ្គាមជាមួយដែនដីចម្ប៉ារំដោះបានរាជធានីអង្គរ និងមាតុភូមិ ជាស្ថាពរមកព្រះបាទជ័យវរ្ម័នទី៧ ចាប់ផ្តើមធ្វើការបង្រួបបង្រួមជាតិតាមមាគ៌ាសន្តិភាពនូវភាវូបនីយកម្មដោយបន្ស៊ីភ្ជាប់គ្នារវាងព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញសាសនាគោរពអាទិទេពទាំង៣ ឬត្រីម៌ូតិ។ ការបង្រួបបង្រួមនេះ សែ្តងចេញតាមរយៈសំណង់ប្រាសាទធំៗមានជាអាទិ៍ប្រាសាទបាយ័ន ប្រាសាទបន្ទាយក្តី ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយឆ្មារ ស្រះស្រង់ ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ មហាកំពែងព័ទ្ធជុំវិញក្រុងអង្គរធំជាដើម។ ដោយឡែកប្រាសាទតាព្រហ្មទាំងពីរ នៅខេត្តសៀមរាប និងខេត្តតាកែវ ត្រូវបានស្ថាបនាឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះលោកេស្វរៈ និងយកធ្វើជាអារាមសម្រាប់ព្រះសង្ឃគង់នៅរហូតដល់ប្រាសាទតាព្រហ្ម នៅតំបន់អង្គរមានឈ្មោះដើមថារាជវិហារសម្រាប់ប្រាសាទតាព្រហ្មនៅទនេ្លបាទី ទោះបីជាវិសាលភាពតូចជាងប្រាសាទទី១ នៅតំបន់អង្គរក្តី ក៏តឹកតាងបង្អាញថាវាមានលក្ខណៈជាអារាម ឬជាបូជនីយដ្ឋានដ៏ពិសិដ្ឋ។ នៅទនេ្លបាទីគ្មានភ្នំនៅជិតទេ តើដូនតាខែ្មរយកថ្មពីណាមកកសាងប្រាសាទ ? សំណួរនេះ ត្រូវបានអ្នកប្រវត្តិសាស្រ្តបកស្រាយថាគេត្រូវដឹកតាមរទេះ ដាក់ខ្នងដំរី ដាក់សំពៅ នាំយកផ្ទាំងថ្មទាំងនោះ ដែលរួមមានថ្មបាយកៀ្រម និងថ្មភក់ ពីភ្នំឆ្ងាយៗ មកកសាងឲ្យកើតជាប្រាសាទនេះឡើង ដែលកំពូលប្រាសាទកណ្តាលមានកម្ពស់ដល់ទៅ១១ម៉ែត្រ ចំណែកបរិវេណកំពែង មានបណ្តោយ៤២ម៉ែត្រ ទទឹង៣៦ម៉ែត្រ។ នៅអមសង់ខាងផ្លូវចូលកាន់ប៉ម កណ្តាលមានស្រះទឹកពីរ សម្រាប់រក្សាទឹកសម្រាប់ប្រើប្រាស់ ពេលមានប្រារព្ធពិធីបុណ្យសាសនាផ្សេងៗ ហើយក៏ជានិមិត្តរូបតំណាងឱ្យស្រះបោក្ខរណីតាមបែបព្រះពុទ្ធសាសនា ចំណែងឯព្រហ្មសាសនាវិញគូរទឹកតំណាងឱ្យមហាសមុទ្រលោកធាតុទាំងប្រាំពីរ។ នៅខាងឆ្វេងដៃនៃផ្លូវចូលកាន់គោបុរៈនៃកំពែងទី១ ឃើងមានផ្ទាំងថ្មមួយសន្លឹកដែលកប់នៅក្នុងដីមានកម្ពស់១ម៉ែត្រ។ នៅលើផ្ទាំងថ្មមានរូបព្រះឥន្ទ្រជាស្តេចនៃទេវតាតំណាងឱ្យទឹកភ្លៀង និងផ្គររន្ទះ ដែលគង់នៅលើដំរីក្បាលបីឈ្មោះឥរ៉ាវន្ត ដែលមានកំណើតចេញពីការកូរសមុទ្រទឹកដោះ។

សិលាចារឹក

[កែប្រែ]

សិលាចារឹកនេះនៅប្រាសាទតាព្រហ្មទន្លេបាទី សរសេរនៅសតវត្សរ៍ទី៦ និយាយថាព្រះបាទរុទ្រវរ្ម័ន ជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័នទ្រង់កាន់ព្រះពុទ្ធសាសនា ហើយគោរពព្រះបរមសិរីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។ នៅក្នុងរជ្ជកាលនៃព្រះបាទរុទ្រវរ្ម័ន យើងមានព្រះបរមសិរីរិកធាតុព្រះកេសមួយសរសៃសម្រប់ជាទីសក្ការៈបូជា តែព្រះចៅចិនរាជវង្សត្សីខាងត្បូងមកយកបាត់ទៅ[]។ សិលាចារឹកប្រាសាទតាព្រហ្មទន្លេបាទីលេខ K.៤០ (ប្រហែលមុនសតវត្សរ៍ទី៦)ជាភាសាសំស្រ្កឹត នៅពីរឃ្លាដំបូងជាឃ្លាឧទ្ទិសដល់ព្រះជិនស្រី(ព្រះពុទ្ធ) និងមានប្រើពាក្យនិព្វាន(និវ៌ាណ)។ សិលាចារឹកនេះក៏និយាយអំពី ព្រះបាទរុន្ទ្រវរ្ម័ន ដែលត្រូវជាព្រះរាជបុត្រព្រះបាទជ័យវរ្ម័ន ដែលមាននិយាយក្នុងក្នុងកំណត់ត្រាចិន។ នៅឆ្នាំ៥៣៩នៃគ.ស ព្រះបាទរុទ្រវរ្ម័នបានជូនទៅស្តេចចិននូវព្រះសារីរិកធាតុជាព្រះកេសា(សក់)មួយសសៃដ៏វែងបីម៉ែត្រ[]

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. ប្រវត្តិអក្សរសាស្រ្តខ្មែរ លាង ហាប់អាន ឆ្នាំ១៩៦៧ ទំព័រទី២៥
  2. ត្រឹង ងា ១៩៧៣ ទំព័រទី៥៤