ពិម្ពិសារ
ព្រះបាទពិម្ពិសារ គឺជាព្រះមហាក្សត្រសោយរាជក្នុងនគររាជគ្រឹះ ក្នុងដែនមគធៈ។ ព្រះអគ្គមហេសីទី១ព្រះនាម កោសលទេវី ឬហៅម្យ៉ាងទៀតថា វេទេហី ជាបុត្រីរបស់ព្រះបាទមហាកោសល និងជាអនុជត្រីរបស់ព្រះបាទបសេនទិកោសល។ ព្រះមហេសីទី២ព្រះនាមចេលៈ ជាក្សត្រីរបស់ពួកលិច្ឆវី ក្នុងក្រុងវេសាលី។ ព្រះបាទពិម្ពិសារ មានបុត្រាមួយព្រះអង្គជាមួយនឹងព្រះនាងវេទេហី។ ដោយហេតុថាព្រះនាងវេទេហីចាញ់គភ៌ប្រាថ្នានឹងសោយព្រះលោហិតរបស់ព្រះរាជា នេមិត្តកាចារ្យទាំងឡាយ នាំគ្នាព្យាករណ៍ថា ព្រះឱរសនេះនឹងជាសត្រូវដល់ព្រះរាជា ហេតុនោះទើបបានថ្វាយព្រះនាមថា អជាតសត្តុ មានសេចក្តីថា មិនមែនសត្រូវ។
ពុទ្ធសាសនា[កែប្រែ]
នៅមុនពេលដែលព្រះពោធិសត្វបានត្រាស់ ព្រះសុទ្ធត្ថបានយ៉ាងកាត់ដែនមគធៈនេះដែលជាដែនស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះបាទពិម្ពិសារ។ ព្រះបាទពិម្ពិសារបានឃាត់ព្រះពោធិសត្វដើម្បីអោយនៅសោយរាជក្នុងដែននេះដោយថ្វាយរាជសម្បត្តិដល់ព្រះអង្គ។ លុះមិនអាចឃាត់ព្រះអង្គបាន ព្រះបាទពិម្ពិសារក៏សូមប្រាថ្នាថា កាលបើព្រះអង្គបានត្រាស់ហើយ សូមព្រះអង្គយ៉ាងមកដែននេះដើម្បីនឹងសម្តែងធម៌ទេសនា។ ក្រោយពីបានសណ្តាប់ព្រះធម៌ទេសនារបស់ព្រះមានព្រះភាគរួចមក ព្រះអង្គក៏មានចិត្តជ្រះថ្លាយ៉ាងក្រៃលែង ថែមទាំងបានសម្រេចគុណវិសេស គឺបានជាសោតាបន្នបុគ្គលទៀតផង។ ព្រះអង្គគឺជាបុគ្គលសំខាន់មួយក្នុងការជួយជ្រោមជ្រែងរួមចំណែកផ្គត់ផ្គង់ខាងផ្នែកពុទ្ធសាសនា ហើយក៏ជាអ្នកឧបដ្ឋាកផ្ទាល់របស់ព្រះមានព្រះភាគផងដែរ។
មរណភាព[កែប្រែ]
ក្រោយពីបានប្រគល់រាជសម្បត្តិអោយបុត្រា អជាតសត្តុ រាជកុមារអង្គនោះមិនបាននៅជាសុខឡើយ ព្រោះភ័យខ្លាចបិតារបស់ខ្លួនដណ្តើមរាជវិញ។ ដោយបានស្តាប់យោបល់ពីព្រះទេវទត្ត ព្រះកុមារ ក៏បានបង្គាប់អោយគេយកព្រះបិតាដាក់ក្នុងគុក បង្អត់អាហារ ហើយបញ្ជារហាមមិនអោយនរណាចូលសួរសុខទុក្ខឡើយ ក្រៅពីព្រះមាតារបស់ទ្រង់។ ដោយព្រះនាងទេវីចេះតែលួចយកអាហារទៅថ្វាយព្រះរាជា ព្រះអជាតសត្តុកុមារ ក៏បានហាមលែងអោយព្រះទេវីចូលសួរសុខទុក្ខ។ ព្រះទេវីបានឈរប្រថាប់ទៀបទ្វារ ទ្រង់ព្រះកន្សែងទួញយំថា "បពិត្រព្រះស្វាមី វេលាដែលគេនេះជាក្មេង ព្រះអង្គមិនអោយឱកាសសម្លាប់គេ ទ្រង់ចិញ្ចឹមសត្រូវរបស់ព្រះអង្គទុកដោយព្រះអង្គឯងពិតៗ ឥឡូវនេះ ការឃើញព្រះអង្គលើកនេះ ជាលើកចុងក្រោយបង្អស់ តពីនេះទៅ ខ្ញុំព្រះអង្គនឹងមិនបានឃើញព្រះអង្គទៀតឡើយ បើទោសរបស់ខ្ញុំម្ចាស់មាននៅ សូមបានមេត្តាព្រះរាជទានអភ័យទោសផងចុះព្រះអង្គ " ហើយក៏ស្តេចត្រឡប់ទៅវិញ។ តាំងពីនោះមក ព្រះរាជាក៏មិនមានអាហារសោយ ទ្រង់នៅមានព្រះជន្មដោយសេចក្តីសុខប្រកបដោយមគ្គផល ទ្រង់បានដើរចង្ក្រម ព្រះវរកាយក៏ស្រស់បស់ក្រៃលែង។ ព្រះកុមារឆ្ងល់ ក៏សួរថា បិតាយើងនៅមានព្រះជន្មបានយ៉ាងណា។ កាលទ្រង់ជ្រាបថា បិតាមានព្រះជន្មដោយវិធីចង្រ្កម ព្រះកុមារបានអោយជាងកោរកាត់ទាំងឡាយ ចូលទៅវះព្រះបាទព្រះរាជា ហើយបង្គាប់អោយយកប្រេងផ្សំជាមួយអំបិលលាប ហើយអោយរោលដោយរងើកភ្លើងគគី ដែលឆេះមិនមានអណ្តាត។
បុព្វកម្ម[កែប្រែ]
បានឮមកថា ក្នុងកាលមុន ព្រះរាជាពិម្ពិសារទ្រង់បានពាក់ស្បែកព្រះបាទចូលទៅក្នុងលានព្រះចេតិយ និងយកព្រះបាទដែលមិនបានជម្រះជាន់កន្ទេលកក់ ដែលគេក្រាលទុកសម្រាប់អង្គុយ កម្មនេះក៏អោយផលដល់ព្រះអង្គអោយរងទុក្ខវេទនាយ៉ាងខ្លាំងក្លា នៅមុនពេលសោយទីវង្គត់។
អនាគតជាតិ[កែប្រែ]
ក្រោយពីអស់ព្រះជន្មាយុ (តាមរយៈការអធិប្បាយ អដ្ឋកថា សុមង្គលវិលាសិនី) ទ្រង់បានកើតជាយក្ខឈ្មោះជនវសភៈ ជាអ្នកបម្រើរបស់ស្តេចវេស្សវ័ណ ក្នុងទេវលោកជាន់ចាតុម្មហារាជ។
យោង[កែប្រែ]
អដ្ឋកថា សុមង្គលវិលាសិនី ព.ស.២៥៥៣