Jump to content

ខេត្តកែប

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រវត្តិខេត្តកែប)

ខេត្តកែប គឺជាខេត្តតូចជាងគេបំផុតក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃក្រឡាចំនួន ៣៣៦គីឡូម៉ែត្រការ៉េ (១៣០ម៉ាញ៍) ដែលមានប្រជាជនចំនួន ៤១ ៧៩៨។ ជាខេត្តមួយក្នុងចំណោមខេត្តថ្មីបំផុតរបស់កម្ពុជា រួមជាមួយនឹងខេត្តប៉ៃលិន ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ដែលបានបំបែកក្រុងកែប និងស្រុកដំណាក់ចង្អើរចេញពីខេត្តកំពត ក៏ដូចជាការកែសម្រួលព្រំប្រទល់ខេត្តមួយចំនួនផងដែរ។ ខេត្តកែបជាខេត្តតូចជាងគេ និងមានប្រជាជនរស់នៅតិចជាងគេបំផុតរបស់កម្ពុជា។ ទីរួមខេត្តគឺក្រុងកែប ហើយខេត្តនេះមានឧទ្យានជាតិកែបថែមទៀតផង។

កែប
ខេត្ត
សាលាខេត្តកែប
សាលាខេត្តកែប
រហស្សនាម: Côte de la perle d'Agathe (មុនសម័យខ្មែរក្រហម)
ផែនទីកម្ពុជាដែលផ្ដិតពណ៌ចំកែប
ផែនទីកម្ពុជាដែលផ្ដិតពណ៌ចំកែប
កូអរដោនេ: 10°29′N 104°18′E / 10.483°N 104.300°E / 10.483; 104.300Coordinates: 10°29′N 104°18′E / 10.483°N 104.300°E / 10.483; 104.300
ប្រទេស កម្ពុជា
ទីរួមខេត្តកែប
ផ្ទៃក្រឡា
 • សរុប៣៣៦ គម2 (១៣០ ម៉ាយ ការ)
ប្រជាជន (២០០៩)[]
 • សរុប៤០,២៨០
 • សន្ទភាព០.១២/km2 (០.៣១/sq mi)
ល្វែងម៉ោងម.ស.ស.+០៧
ក្រមវាយទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-២៣
ស្រុក-ក្រុង

ទីតាំងភូមិសាស្រ្ត

[កែប្រែ]
ជនបទជុំវិញខេត្តកែប
វាលស្រែអំបិលក្នុងខេត្តកែប

ខេត្តកែបគឺជាខេត្តមួយដ៏តូចបំផុតរបស់ប្រទេសកម្ពុជា [] ដែលគ្របដណ្ដប់ផ្ទៃដីប្រមាណ 336 km2 (130 sq mi) និងមានប្រជាជនចំនួន ៤០ ២៨០ នាក់។ [] វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជា រួមជាមួយ ប៉ៃលិន ព្រះសីហនុ និង ត្បូងឃ្មុំ ដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃ ២២ ធ្នូ ២០០៨ ត្រូវបានបំបែកចេញពីខេត្តកំពត ស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើន។[][ត្រូវការអំណះអំណាង] ទីរួមខេត្តគឺក្រុងកែប ហើយក៏មានឧទ្យានជាតិមួយដែរ ដែលគេហៅថាឧទ្យានជាតិកែប។ ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេស[]កម្ពុជា។ ខេត្តកែបស្ថិតនៅមិនប៉ុន្មានសហាតិមាត្រពីព្រំដែនកម្ពុជា-វៀតណាមឡើយ។ ក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយមរបស់កម្ពុជា។ ឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាង និង គ្រួសខ្មៅៗ ។ក្រុងកែបសំបូរគ្រឿងសមុទ្រថោកៗតែឆ្ងាញ់ ជាពិសេសគឺ ក្ដាមសមុទ្រ។ ខេត្តកែបក៍មាននូវផលិតផលជាច្រើនផងដែរដូចជា ម្រេច អំបិល ផ្លែឈើ ធុរ៉េន ស្វាយ ដូង សាវម៉ាវ ហើយនិងមានតំបន់ទេសចរណ៏ ជាច្រើនដូចជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និងរមណីយដ្ឋានជាច្រើន ។ ជាពិសេសក៍មានសណ្ឋាគារសម្រាប់ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសម្រាប់ស្នាក់នៅទីនោះផងដែរ។ ទឹកដីកែបហ៊ុំព័ទ្ធទាំងស្រុងដោយ[]ខេត្តកំពត លើកលែងតែឆ្នេរសមុទ្រ ១៦ គ.ម. ចេញ នៅខាងត្បូងជាប់ព្រំប្រទល់ឈូងសមុទ្រថៃ និង កោះភូគុក (កោះត្រល់) នៃវៀតណាម។ ព្រំខេត្តខាងលិចមានចម្ងាយ ២០ គ.ម. ពីក្រុងកំពត។ ព្រំខេត្តខាងកើតមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែនវៀតណាម។

រដ្ឋបាលខេត្ត

[កែប្រែ]

ស្រុកដំណាក់ចង្អើរ វាគឺជាស្រុកមួយធំបំផុតក្នុងខេត្តនេះហើយត្រូវបានបែងចែកទៅជាពីរ ឃុំ គឺឃុំអង្កោលនៅខាងលិច និង ឃុំពងទឹកនៅខាងកើត និង ១១ ក្រុម។[] វាជាកន្លែងដែលជនជាតិអូស្ត្រាលី ឌែវិដ-វិលសុន អាយុ ២៩ ឆ្នាំ ជនជាតិប៊្រិតថេន ម៉ាខ-ស៊្លែតថឺរ អាយុ ២៨ ឆ្នាំ និងបុរសជនជាតិបារាំង ហ្សង់មីឈែល-ប្រាកេត អាយុ ២៧ ឆ្នាំ ត្រូវបានគេចាប់ខ្លួនដោយអង្គភាពទ័ពព្រៃខ្មែរក្រហមដឹកនាំដោយលោកមេបញ្ជាការឈូក-រិន នៅខែ មិថុនា ១៩៩៤។ [] កែប ក្រុងកែប ស្ថិតនៅចំកណ្ដាលនៃខេត្ត ត្រូវបានបែងចែកទៅជាបីសង្កាត់ គឺ សង្កាត់កែប នៅខាងកើតនៃទៀបកោះកែប សង្កាត់អូរក្រសារ និង សង្កាត់ព្រៃធំ នៅខាងលិច និងប្រាំក្រុម។[]ការផ្លាស់ប្ដូរឈ្មោះពីក្រុងកែប ទៅជាខេត្តកែប(ក្នុងឆ្នាំ២០០៩) [[១] តាមគោលដៅរដ្ឋបាល, ខេត្តកែបជាខេត្តមួយ មានស្ថានភាពការងារ ដូចនឹង ស្ថានភាពការងារនៃខេត្តមួយដែរ។ ខេត្តកែប ត្រូវបានចែកចេញជា ក្រុង១ និងស្រុក១ ក្នុងនោះរួមមាន ៥ ឃុំ និង សង្កាត់៖

កូដស្រុកក្រុង ស្រុក-ក្រុងជាខ្មែរ ស្រុក-ក្រុងជាឡាតាំង
២២០១ ស្រុកដំណាក់ចង្អើរ Damnak Chang'aeur
២២០២ ក្រុងកែប Kep

កោះរបស់ខេត្តកែប

[កែប្រែ]

ទៀបកោះកែបលយទៅទិសនិរតីនៃឆកកែបជារាងត្រីកោណ។ ប្រជុំកោះ និងកូនកោះតូចៗទាំង ១៣ និងថ្មប៉ប្រះទឹក ១ស្ថិតនៅខាងកើតនៃទៀបកោះមួយនេះ: កោះកុក កោះត្បាល់ កោះទន្សាយ កោះពោធិ៍ កោះម៉ាកប្រាង កោះម៉ាតាយ កោះសារ៉ាង កោះសេះ កោះស្ងួត កោះស្វាយ កោះស្វាយព្រៃ កោះហាលត្រី កោះអង្គ្រង កោះខ្ទះនិងកោះឡិបដែលជាថ្មប៉ប្រះទឹក

កោះទន្សាយ

[កែប្រែ]
ឆ្នេរកោះទន្សាយ

កោះទន្សាយតាំងនៅប្រហែល ៤,៥ សហាតិមាត្រ ភាគនិរតីនៃខេត្តកែប។ ពួកអ្នកទេសចរណ៍ត្រូវបានទាក់ទាញដោយឆ្នេរខ្សាច់សក្បុសពីរកន្លែង និងទឹកសមុទ្ររាក់ដែលសាកសមសម្រាប់ការហែលទឹកលេង។ បាតសមុទ្រមាន ផ្កាថ្មប៉ប្រះទឹកចម្រុះផ្សេងៗ សត្វ និង រុក្ខជាតិសមុទ្រដែលទាក់ទាញឱ្យមានពួកអ្នកស្រាវជ្រាវ និង អ្នកបរិស្ថានវិទ្យាចូលមកសិក្សា។ឈ្មោះកោះទន្សាយបានមកពីពាក្យថា រំសាយ។ កាលមួយនោះដើម្បីចៀសឱ្យផុតពីកងទ័ពរបស់នាយបញ្ជាការ ព្រះអង្គម្ចាស់សាគររាជមានការអស់សង្ឃឹមយ៉ាងខ្លាំងដោយសារតែពួករាជបរិវាររបស់ទ្រង់មានសភាពនឿយហត់អស់ទៅហើយ។ ព្រះអង្គបានដឹកនាំកងទ័ពដែលសេសសល់ឆ្លងកាត់សមុទ្រទៅកាន់កោះមួយនៅចំពីមុខក្រុងកែប ដែលជាកន្លែងកងទ័ពបានចែកផ្លូវគ្នា។ ដោយហេតុនោះហើយ កោះនេះក៏ត្រូវគេហៅថាកោះរំសាយ កោះអម្សាយ កោះអន្សាយ និង កោះទន្សាយ ដែលយើងបានស្គាល់ដូចសព្វថ្ងៃនេះ។ រឿងមួយទៀត តាមរយៈអ្នកស្រុកដែលបានរស់នៅទីនោះតាំងពីក្មេងនៅកែបមុនឆ្នាំ ១៩៧៥ ថាកោះនេះពីមុនហៅថា កោះអន្តាយ។ វាមិនមានន័យច្បាស់លាស់ទេចំពោះពាក្យមួយនេះ។ កោះទន្សាយមានផ្ទៃដី ពីរសហាតិមាត្រក្រឡា។ នៅក្នុងសម័យសង្គមរាស្ត្រនិយមដឹកនាំដោយព្រះបាទនរោត្តម-សីហនុ កោះទន្សាយបានក្លាយជាកន្លែងឃុំឃាំងអ្នកទោស ហើយពួកអ្នកទោសទាំងនោះក៏ជាអ្នកការពារកោះនោះដែរ។ គេនៅឃើញមានស្លាកស្នាមខ្លះៗ បន្សល់ទុកដូចជា ផ្លូវរទេះសេះ និង ផ្ទះឈើប្រក់ស្បូវដែលសាងសង់ឡើងនាសម័យនោះ។ ភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានបំផ្លិចបំផ្លាញដោយធាតុអាកាស និង សង្គ្រាមជាច្រើនទសវត្ស។ សព្វថ្ងៃនេះកោះទន្សាយគឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តកែប។ មានផ្ទះសំណាក់ប្រហែល ៨ និង ភោជនីយដ្ឋានប្រហែល ៥ បានបើកក្នុងមូលដ្ឋានកោះនោះ ដែលបម្រើសេវាអាហារសមុទ្រស្រស់ៗដ៏សំខាន់ដូចជា ក្ដាម ព្រោនបង្កង និង ត្រី។ ពេលថ្ងៃ កោះអាចនឹងមមាញឹកខ្លាំងជាមួយពួកទេសចរណ៍នៅពេលថ្ងៃ ដែលចាកចេញរង្វង់ម៉ោង៤ល្ងាច អញ្ជឹងហើយនៅពេលថ្ងៃលិចមានតែមនុស្សពីរបីនាក់ទេស្នាក់នៅពេញមួយយប់នៅទីនោះ។ អគ្គីសនីមានត្រឹមតែពីម៉ោង ៦-៩ យប់ តាមរយៈម៉ាស៊ីនភ្លើង។ ទឹកមានក្នុងរយៈពេលខ្លីកំឡុងខែប្រាំង (ធ្នូ-មេសា) និង ទូកវែងៗដែលមានធុងទឹកធំៗផ្គត់ផ្គង់នូវភាពខ្វះខាត។ សព្វថ្ងៃ មានប្រជាជន ៧ គ្រួសាររស់នៅលើកោះនេះ។ ពួកគេប្រកបរបរនេសាទនិងដាំដើមដូង។

កោះពោធិ៍

[កែប្រែ]

កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែល ត្រូវនឹងចំណូលចិត្តចំពោះភ្ញៀវដែលនិយមគោលដៅបរិស្ថានទេសចរណ៍ ហើយ វាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។ កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។ កោះពោធិ៍ គឺជាភូមិដ្ឋានរបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀមលើកោះនៃភូមិសាស្ត្រខេត្តកែបនេះ។ វាក៏ដូចនឹងសហគមន៍ អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅដោយសេចក្តីថ្លៃថ្នូរ និង សកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០ ភាគរយគឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដី គោកឡើយ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយ ក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ។ វាជាភូមិដាច់ស្រយាលដែលមានចម្ងាយប្រហែល ១០ សហាតិមាត្រពីក្រុងកែប។ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរពីមួយម៉ោងទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច។ ដើម្បីចំណាយតិច ភ្ញៀវទាំងឡាយគួរទិញសំបុត្រទូកទៅកោះពោធិ៍វិញ ត្រូវចំណាយ ៤០ ដុល្លារទាំងទៅទាំងមក ឬក៏ភ្ញៀវទៅកោះទន្សាយ ក្នុងតម្លៃទៅមក ២០ ដុល្លារ សិន ហើយនៅពេលជិះអ្នកអាចចរចាជាមួយអ្នកបើកទូកដោយផ្ទាល់ឱ្យជូនទៅ កោះពោធិ៍បន្តទៀតក៏បាន។

ប្រវត្តិនៃខេត្តកែប

[កែប្រែ]

នៅសម័យសង្គមរាស្ត្រនិយមមានបង្កើតខេត្តបន្ថែមចំនួន៥ និងក្រុង ៣ គឺៈ ខេត្តព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តឧត្ដរមានជ័យ ខេត្តកោះកុង និង ក្រុងព្រះសីហនុ (១៩៥៧) ក្រុងកែប (១៩៥៩) និងក្រុងគីរីរម្យ។ ខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ។ ក្រុងកែបបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមបារាំង។ ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណីតមួយក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០ នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ តាមការតំណាលរបស់អ្នកខ្លះ ឈ្មោះទីក្រុងកែបនេះ បានក្លាយពីពាក្យបារាំង ឡឺកាប (Le cap) ប្រែមកជាពាក្យខ្មែរគឺ “ជ្រោយ” ដែលមានន័យថា ដីដុះលយទៅសមុទ្រ។មុននោះក្រុងឆ្នេរដ៏ពេញនិយមនិងល្បីល្បាញបំផុត កែបបានធ្លាក់ក្នុងកាលៈទេសៈយ៉ាប់យ៉ឺនក្នុងរយៈកាលប៉ុន្មានឆ្នាំដែរ។ ចាប់ពីដើមទសវត្ស១៩០០ រហូតដល់ ទសវត្ស១៩៦០ វាធ្លាប់ជាក្រុងរមណីយដ្ឋានជឿនលឿនសម្បូរណ៍សប្បាយសម្រាប់ឥស្សរជនបារាំងនិងខ្មែរ។

អគារចាស់នៅកែប

ការភាន់ច្រឡំដ៏ធំមួយបានយល់ថាកំឡុងសម័យខ្មែរក្រហម ភាគច្រើននៃមនុគ្រឹះនិងភូមិគ្រឹះត្រូវបានគេកម្ទេចចោល។ ជាក់ស្ដែង អ្នកស្រុកដែលរស់នៅប្រចាំនៅទីនោះ ដោយសារតែខ្វះខាតលុយកាក់ និង ស្បៀងអាហារ ក៏បានរំលំភូមិគ្រឹះមួយចំនួនដូច្នេះហើយ ទើបពួកគាត់អាចយកចំណែកដែលអាចលក់បានដោះដូរនៅវៀតណាមដើម្បីបានជាប្រាក់សុទ្ធ និងអង្ករ។[ត្រូវការអំណះអំណាង] ភូមិគ្រឹះកែបជាច្រើនត្រូវបានគេបោះបង់ចោល ប៉ុន្តែភាពរុងរឿងខ្លះៗរបស់អតីតក្រុងមួយនេះនៅតែឃើញមានដដែល។ មហាសាគរបានអូសបន្លាយជាខ្សែ រួមនិងកន្លែងដើរលេងដ៏ទូលាយនិងរូបចម្លាក់ធំៗ។ ព្រះបាទសីហនុបានកសាងព្រះរាជដំណាក់មួយដែលបែរមុខទៅឈូងសមុទ្រថៃ ប៉ុន្តែដំណាក់នោះមិនមានអ្នកកាន់កាប់ រឺ ក៏អ្នកស្នាក់នៅឡើយ។ ផ្លូវក្រាលថ្មមួយភ្ជាប់ក្រុងនេះជាមួយក្រុងកំពត។ ឆ្នេរកែបសម្បូរដោយដើមកោងកាង និង ផ្ទាំងថ្មខ្មៅៗខុសពីឆ្នេរដែលមានខ្សាច់សក្បុសនៃក្រុងព្រះសីហនុ យ៉ាងណានោះការចាក់បំពេញជាមួយខ្សាច់សនៃក្រុងព្រះសីហនុបានធ្វើឱ្យឆ្នេរកាន់តែធំ និង ស្រស់ស្អាត។ បច្ចុប្បន្នមានផ្ទះសំណាក់ រមណីយដ្ឋាន និងសណ្ឋាគារច្រើនជាង ៦០ នៅក្នុងខេត្តកែបនេះ។ ខេត្តនេះគឺជាតំបន់ទេសចរណ៍ដែលមានការរីកចម្រើនលូតលាស់លឿនបំផុតនៅពេលថ្មីៗនេះ​នៅក្នុងប្រទេសកម្ពុជាជាមួយការផ្ដោតជាមធ្យមទៅលើអាជីវកម្មដែលប្រកបដោយភាពថ្លៃថ្នូរ។

រឿងនិទាន

[កែប្រែ]
រង្វង់មូលសេះសក្នុងខេត្តកែប

តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម​ ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន។ ពេលមេទ័ពផ្អើលឆោឡោដេញតាមចាប់ស្តេចសាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ឆ្នេរសមុទ្រ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោលកែបសេះនៅទីនោះ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ “កែប” រហូតដល់សព្វថ្ងៃនេះ។

វិស័យអប់រំរបស់ខេត្ត

[កែប្រែ]

សាលាចំនួនប្រាំជាកន្លែងអប់រំកម្រិតទុតិយសិក្សាដែលស្ថិតនៅក្នុងខេត្តនេះមានសិស្សចូលរៀនចំនួន ៥៨៨ នាក់ ក្នុងចំណោមនោះមានសិស្សស្រី ២៤៦ នាក់នៅឆ្នាំ ២០០៨។ ក្នុងឆ្នាំដដែលនោះដែរក៏មានសាលាមត្តេយ្យចំនួន ៩ និង សាលាបឋមសិក្សា ២១ ដែលមានចំនួនសិស្សសរុប ៩ ៦៤៤ នាក់ ក្នុងចំណោមនោះសិស្សជាកុមារីមាន ៤ ៥៨០ នាក់។[] ខណៈពេលនោះដែរ ភូមិគ្រឹះបារាំងចាស់មួយ នៅកែបធ្លាប់ជាទីកន្លែងនៃសាលារៀនបារាំងដូចជាសាលាបងស្រីនៃបុរេវេទដែលត្រូវបានបិទទ្វារនៅឆ្នាំ ១៩៧៥ នៅពេលពួកខ្មែរក្រោមកាន់អំណាច។ អគារនេះត្រូវបានវាយកម្ទេចចោលនៅដើមឆ្នាំ ២០១២ និងដីត្រូវប្រគល់ឱ្យទៅរដ្ឋកាន់កាប់វិញ។ កេរដំណែលរបស់បារាំងក្នុងវិស័យអប់រំត្រូវបានបង្ហាញឱ្យឃើញនៅពេលបច្ចុប្បន្នតាមរយៈ Ecole pour Tous ដែលលះបង់យ៉ាងខ្លាំងចំពោះក្មេងៗក្នុងតំបន់នេះ។[] ខេត្តនេះគ្មានសកលវិទ្យាល័យទេ ដោយហេតុថាវាមាននៅក្នុងខេត្តកំពតក្បែរខាងរួចស្រាប់ហើយ។ សាលាបច្ចេកទេសដុនបូស្កូកែប ផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសទៅដល់ប្រជាជនវ័យក្មេងក្នុងតំបន់ [១០] និង សមាគមសួនកែប[១១] វិទ្យាស្ថានទាំងពីរជាវិទ្យាស្ថានសម្រាប់មនុស្សវ័យកុមារ និង មនុស្សវ័យជំទង់។ សាលាអន្តរជាតិកែប (ស.អ.ក.)[១២] គឺជាសាលាភាសាអង់គ្លេសដំបូងនៅក្នុងខេត្តកែបដែលដើរតាមលំអានកម្មវិធីសិក្សារបស់ឃែមប៊្រិជ (Cambridge) នៅពេលព្រឹក និង នៅពេលល្ងាចបានផ្ដល់ឱ្យសិស្សខ្មែរដូចជា ការអាន ការសរសេរ និង ប្រវត្តិសាស្ត្រ ក្នុងប្រធានបទផ្សេងៗ។ ក្នុងនោះខត្តមានសាលាមត្តេយ្យមួយគឺសាលាមត្តេយ្យដុនបូស្កូខេត្តកែប និងសាលាបឋមសិក្សាមាន៣គឺ សាលាបឋមសិក្សាកំពង់ត្រឡាច សាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែន សាលាបឋមសិក្សាស្បូវ និងសាលាបឋមសិក្សាអូរក្រសា។ សាលាអនុវិទ្យាល័យមានពីរគឺ អនុវិទ្យាល័យសង្គមរាស្រ្តនិយម និងអនុវិទ្យាល័យហ៊ុនសែនក្រុងកែប។ ចំណែកឯវិទ្យាល័យមានពីរគឺវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយារង្ស និងវិទ្យាល័យហ៊ុនសែនចម្ការដូង

តំបន់ទេសចរណ៍

[កែប្រែ]
ឆ្នេរកែបឆ្នាំ២០២០

កោះទន្សាយប្រហែលជាទីទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់នៅក្នុងខេត្តកែប យ៉ាងណាមិញខេត្តរបស់កម្ពុជាដ៏តូចបំផុតមួយនេះមានកន្លែងជាទីចាប់អារម្មណ៍ជាច្រើនបានលើកកម្ពស់ឱ្យយើងប្រមើលមើលឃើញនូវទស្សនៈវិស័យខាងបរិស្ថានដែលបង្កើតបានជាបរិស្ថានទេសចរណ៍ មិនត្រឹមតែដោយសារ រដ្ឋាភិបាលដែនដីតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដោយសារតែគំនិតផ្ចុងផ្ដើមជាលក្ខណៈឯកជនតាមរយៈសមាគមទេសចរណ៍កែបដែលបានប្រមែប្រមូលបានសណ្ឋាគារ និង ភោជនីយដ្ឋានជាច្រើនក្នុងតំបន់នៃខេត្តនេះ។ ឆ្នេរកែបមានទីតាំងនៅក្នុងក្រុងកែប នៅចុងនៃទៀបកោះកែប។ តំបន់នេះគឺជាទីស្ថាននៃមនុគ្រឹះរបស់បារាំងដែលបាក់បែកជាច្រើន។ ភាគច្រើនជាខ្សាច់ពណ៌ខ្មៅ ដែលបានចាក់បំពេញឡើងវិញជាមួយខ្សាច់សក្បុសពីក្រុងព្រះសីហនុ។ ព្រៃត្រែក មានទីតាំងនៅខាងក្នុងឧទ្យានជាតិកែបដែលមានត្រែក៨សហតិមាត្រការ៉េនៅពាសពេញប្រជុំកូនភ្នំកែប។[១៣]ត្រពាំងធម្មជាតិជ្រោះផ្កាម្លិះគឺជារណ្ដៅអាចហែលទឹកបាននៅរដូវវស្សាដែលពោរពេញទៅដោយត្រីខាំជើង។ កាលណាត្រពាំងសើមខ្លាំង ព្រោះតែមានទឹកធ្លាក់ចូលទៅក្នុងត្រពាំងនោះ ហើយបង្កើតជាច្រាំងហូរចូលទៅកាន់ប្រភពទឹកធម្មជាតិដែលហូរចុះមកកាន់ជ្រោះនោះ។ វាលរំអិលជ្រោះផ្កាម្លិះគឺជាវាលក្ដាររំអិលតែមួយគត់ក្នុងតំបន់នេះ។ កីឡាកររំអិលមកពីទូទាំងពិភពលោកមកទីនេះដើម្បីរំអិលក្នុងព្រៃនេះជាមួយនឹងពួកកីឡាកររំអិលកម្ពុជាជំនាន់ទីមួយ។វាលរំអិលជ្រោះផ្កាម្លិះ។ Archived 2014-09-09 at the វេយប៊ែខ ម៉ាស៊ីន.កសិដ្ឋានមេអំបៅគឺជាសួនបរិស្ថានវិទ្យាលក្ខណៈឯកជននៅលើផ្លូវលំជ្រោះផ្កាម្លិះដែលបើកឡើងដើម្បី​អភិរក្សបរិស្ថានក្នុងតំបន់ដឹកនាំដោយពួកអ្នកមានចិត្តស្រលាញ់មនុស្សធម៌ដែលឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួន។ [១៤]បូជនីយដ្ឋានផ្ទះកំណើតដុនបូស្កូត្រូវបានសម្ពោធឡើងនៅខែ ឧសភា ២០១២ ជាទីសក្ការៈបូជាទៅលោកដុនបូស្កូ និងក៏ជាការបង្កើតឡើងវិញនៃផ្ទះដែលលោកចន-បូស្កូបានចាប់កំណើតនៅឆ្នាំ ១៨១៦ នៅកាស្តិលន័រវ៉ូដុនបូស្កូ អ៊ីតាលី។ ផ្ទះនេះស្ថិតនៅខាងក្នុងនៃបរិវេណមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូ។

អាពាហ៍ពិពាហ៍មួយនៅក្រុងកែប

ភ្នំសសៀរ នៅប្រមាណ ១៤ គីឡូម៉ែត្រពីក្រុងកែប មានរមណីយដ្ឋានមួយទៀតដែលមានឈ្មោះ ថា ភ្នំសសៀរ ភ្នំនេះស្ថិតនៅចម្ងាយប្រហែល ២-៣ គីឡូម៉ែត្រពីរង្វង់មូលសេះស។ នៅទីនោះមានរូងថ្មសំខាន់ៗចំនួនបួន គឺ ល្អាងស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាងស-ខ្មៅ និង ល្អាងប្រចៀវ។ ល្អាងស្តេច ដំរីស គឺជាល្អាងមួយធំហើយសំខាន់ជាងគេ សម្រាប់គោរពបូជា ព្រោះទីនេះមានថ្មពណ៌ស ដុះដូចរូបសត្វដំរី រីឯល្អាងប្រចៀវនៅផ្នែកម្ខាងទៀតនៃភ្នំ មុននឹងចូលមកដល់ទីនេះលោកអ្នកអាចនឹងឮស្នូរ សំឡេងរងំនៃសត្វប្រចៀវ។វាក៏ជារូងធំហើយជ្រៅ និង មានទឹកខួបប្រាំងខួបវស្សានៅទីនោះ។ ទោះបីទីនេះមានភាពល្បីល្បាញយ៉ាងណាក្តី ក៏ពុំសូវមានទេសចរក្នុងស្រុកទៅទស្សនាច្រើន ប៉ុន្មានឡើយ នៅភ្នំសសៀរនេះ ពោល​គឺ​ភាគ​ច្រើន​ទៅហួសមកហួស ប៉ុន្តែសម្រាប់ភ្ញៀវបរទេសវិញ រមណីយដ្ឋានភ្នំសសៀរ គឺជារមណីយដ្ឋានវប្បធម៌ និង ទេសចរណ៍ដ៏សំខាន់សម្រាប់ពួកគេ ។ រមណីយដ្ឋានទេសចរណ៍ភ្នំពោន ភ្នំពោនជារមណីយដ្ឋានធម្មជាតិមាត់សមុទ្រដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ទីនេះអំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរណ៍។ ភ្នំពោនមានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង មានឆ្នេរខ្សាច់យ៉ាងល្អស្អាតជាប់ មាត់សមុទ្រ និង អាកាសធាតុបរិសុទ្ធបក់មកគ្របដណ្តប់គ្រប់រដូវកាល។ ទិសដៅទៅអនាគត ខេត្តចង់ប្រែក្លាយឱ្យទៅជាទីសម្រាប់លំហែ និង សាងសង់កំពង់ផែខ្នាតអន្តរជាតិទៀតផង។ អ្វីដែលទន្ទឹងរង់ចាំដំបូងនាពេលនេះ នោះគឺ បញ្ហាផ្លូវសម្រាប់ភ្ជាប់ទីកន្លែងនេះទៅក្រុងកែប និង ផ្លូវសេដ្ឋកិច្ចឆ្ពោះទៅតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក។ នៅថ្ងៃអនាគតខេត្តសង្ឃឹមថាតំបន់នេះនឹងក្លាយទៅ ជារមណីយដ្ឋានទេសចរណ៍មួយយ៉ាងសំខាន់នៅខេត្តកែប។ ភ្នំវល្លិ៍ ភ្នំវល្លិ៍បានក្លាយទៅជាតំបន់គួរឱ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ពោលគឺតាំងពីតំបន់នេះត្រូវខ្មែរក្រហមធ្វើសមាហរណកម្ម ចូលជាមួយរាជរដ្ឋាភិបាលមកម៉្លេះ ពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេស ដោយសារតែនៅភ្នំវល្លិជាកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ ឈ្មោះឈូក-រិន សម្លាប់ចំណាប់ខ្មាំងលោកខាងលិចបីនាក់។ សព្វថ្ងៃផ្នូររបស់ជនបរទេសទាំងបីនាក់ដែលមាន បារាំង អង់គ្លេស និង អូស្ត្រាលី នៅក្នុងភូមិចម្ការបី ឃុំភ្នំវល្លិ ស្រុកដំណាក់ចង្អើរ បានក្លាយទៅជាកន្លែង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និង បរទេស។ ចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតនោះ គឺចម្ការម្រេចនៅភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរមកពី អាមេរិក និង បារាំង ឱ្យចង់មកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃចម្ការម្រេច ចម្ការទុរេន ចម្ការស្វាយ។ បើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជន កំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត នឹងបាន ដល់ភ្នំវល្លិ។

សេដ្ឋកិច្ច

[កែប្រែ]
ផ្សារក្តាមខេត្តកែប

ខេត្តកែបសេដ្ឋកិច្ចពឹងផ្អែកលើវិស័យ កសិកម្ម នេសាទ ទេសចរណ៍ និង ផលិតកម្មអំបិល។ ប្រជាជនក្នុងខេត្ត ៩២% មានមុខរបរខាងកសិកម្មនៅឆ្នាំ ២០០៨ (ដាំស្រូវ ៧៥%)។ [១៥] នៅក្នុងឆ្នាំដដែលនោះមានផ្ទះសំណាក់ ១០ បានចុះបញ្ជី។ នៅឆ្នាំ​ ២០១៣ មានសណ្ឋាគារធំៗ ១៦ បានចុះបញ្ជីដោយមន្ទីរទេសចរណ៍ និង ៦៥ ទៀតដោយសមាគមទេសចរណ៍ក្នុងតំបន់តាមរយៈ www.visitkep.com)។[១៦] កែបអិចស្ប៉ូគឺជាគំនិតផ្ចុងផ្ដើមជាផ្លូវការដើម្បីផ្សព្វផ្សាយខេត្តកែបជាចំណុចទេសចរណ៍ និង អភិវឌ្ឍន៍ សិល្បករ ផលិតកម្ម ហើយនិងការការពារបរិស្ថានរបស់ខេត្តនេះ។[១៧]ចំណែលផ្សារមានដូចជា កែប ដំណាក់ចង្អើរ ផ្សារសេះស និងផ្សារក្ដាម

សុខភាព

[កែប្រែ]
អគារមន្ទីរពេទ្យសម័យអាណានិគមខេត្តកែប។

នៅឆ្នាំ ២០០៨ មាន គ្រួសារ ៤៥២ គ្រួបានផ្ដល់កំណើតឱ្យទារក។ ស្ត្រី ១៥០ នាក់ត្រូវបានបង្កើតកូនឱ្យដោយឆ្មបបុរាណហើយ ទារក ២ នាក់ បានស្លាប់បន្ទាប់ពីសម្រាលរួចបានមួយខែ។ កុមារក្រោមអាយុ ៥ ឆ្នាំ ៦ នាក់ បានស្លាប់នៅឆ្នាំ ២០០៨ និង កុមារអាយុពី ៩-១២ ខែ ៧ នាក់ មិនបានទទួលភាពស៊ាំពេញលេញទេ។ [១៨] គ្រួសារជាច្រើនផ្អែកជាសំខាន់លើប្រភពទឹកភ្លៀង និង ទឹកអណ្ដូង: នៅឆ្នាំ ២០០៨ គ្រួសារ ៣៨% បានកំពុងប្រើប្រាស់ទឹកបានមកពីអណ្ដូងលូ និង អណ្ដូងជីកចំហ និង ៣៣% ទៀតបានមកពីអណ្ដូងស្នប់។ កំឡុងរដូវប្រាំងឆ្នាំនោះ គ្រួសារ ៧៨% បានកំពុងផឹកទឹកពីប្រភពគ្មានសុវត្ថិភាព។[១៩]តាមរយៈការសិក្សារបស់គជអប ២០០៩, ៤២ គ្រួសារបានកំពុងរស់នៅដោយមានសមាជិកម្នាក់ឆ្លង អេដស៍ហ៊ីវ មានក្មេងកំព្រាបានចុះបញ្ជី ១០៥ នាក់ ជនរងគ្រោះប្រចាំគ្រួសារដោយគ្រោះធម្មជាតិមាន ១០៤ នាក់ និង ១១ នាក់ គឺជាជនរងគ្រោះដោយសារគ្រាប់មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ។[២០]មានមន្ទីរព្យាបាល ៥ កន្លែងត្រូវបានចុះឈ្មោះនៅក្នុងខេត្តកែបនៅឆ្នាំ២០០៨ ហើយគ្មានមន្ទីរពេទ្យទេ។[២១]គ្រុនចាញ់ គ្រុនឈាម និង ជំងឺផ្សេងទៀត[២២] គឺជាជំងឺនៅតំបន់និវត្តន៍ថ្មីៗដែលមាននៅកម្ពុជា។ ខេត្តឆ្នេរខាងត្បូងចាត់ទុកថាជាតំបន់គ្រុនចាញ់ដែលមានការបង្កការគ្រោះថ្នាក់ខ្ពស់[២៣] ជាពិសេសដែនកោះនិងតំបន់ព្រៃភ្នំ ដែលជាទីដែលគេឱ្យដំណឹងឱ្យមានវិធានការប្រុងប្រយ័ត្នទុកជាមុន ប្រឆាំងនឹងមូសខាំ ជាពិសេសកំឡុងរដូវវស្សា[២៤]ចំណែកមន្ទីរពេទ្យមានគឺមន្ទីរពេទ្យបង្អែកខេត្តកែប

វិស័យដឹកជញ្ជូន

[កែប្រែ]

ផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តនេះពីខាងលិចទៅខាងកើត ដែលរត់ពីក្រុងកំពតទៅស្រុកកំពង់ត្រាច បន្ទាប់មកឆ្ពោះទៅមុខដល់ព្រំដែនវៀតណាម។ផ្លូវបំបែកចេញពីផ្លូវជាតិលេខ៣៣ មានឈ្មោះថា ផ្លូវជាតិលេខ៣៣A វាងទៅកាន់បូជនីយដ្ឋានសេះសកែបនៅស្រុកដំណាក់ចង្អើរ ដែលរត់តាមបណ្ដោយឆ្នេរក្រោយមកភ្ជាប់ផ្លូវជាតិលេខ៣៣ ប្រហែល ៣ សហាតិមាត្រ ទៅភាគខាងកើត។ កែបគ្មានសេវាដឹកជញ្ជូនឡានក្រុងសាធារណៈ រឺ ក៏ឡានឈ្នួលទេ។ ចន្លោះប្រហោងនេះត្រូវបានបំពេញដោយសេវាម៉ូតូឌុប និង ធុកធុក។ ក្រុមហ៊ុនឡានក្រុងឯកជនដូចជា ក្រុមហ៊ុនដឹកជញ្ជូនសូរិយាខូ.អិលធីឌី មានខ្សែរវាងភ្នំពេញ - កែប និង កំពតឆ្លងកាត់ ផ្លូវជាតិលេខ៣៣។ ធ្វើដំណើរពីកែបទៅកាន់ព្រះសីហនុត្រូវបានបម្រើដោយសេវាឡានក្រុងទៅមក។ ខេត្តនេះត្រូវបានឆ្លងកាត់ដោយផ្លូវដែកមួយខ្សែដែលតភ្ជាប់ភ្នំពេញនិងកំពង់ផែព្រះសីហនុដែលមានស្ថានីយ៍មួយនៅកែប។ យ៉ាងណាក្ដីនៅក្នុងឆ្នាំ ២០១៣ ខ្សែនេះនៅមិនទាន់បានដំណើរការនៅឡើយ។[២៥]កំពង់ផែកែបតូចមួយនេះត្រូវបានបម្រើសេវាដោយទូកទេសចរណ៍តូចៗតែប៉ុណ្ណោះដែលជិះទៅកាន់ប្រជុំកោះកែប ជាពិសេសកោះទន្សាយ។ គ្មានជើងសមុទ្រកំណត់ពេលជាក់លាក់ទៅកានកំពង់ផែឆ្នេរក្នុងស្រុក រឺ ក៏កំពង់ផែវៀតណាម និង ថៃ ដែលជាប្រទេសជិតខាងឡើយ។ ចម្ងាយរវាងកែបនិងខេត្តនៃកម្ពុជាសំខាន់ៗដទៃទៀត[២៦] មានដូចជាៈ

ហេដ្ឋារចនាសម័្ពន្ធខេត្ត

[កែប្រែ]

ខេត្តកែបមានកង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ឋ។ រហូតមកទល់ឆ្នាំ ២០០៥ ខេត្តកែបប្រើប្រាស់ភ្លើង​អគ្គីសនីផ្គត់ផ្គង់ដោយម៉ាស៊ីនប្រើប្រេងម៉ាស៊ូត រយៈពេល ២ ម៉ោងក្នុង ១ ថ្ងៃ គឺចាប់ពីម៉ោង ៧ ដល់ម៉ោង៩ យប់តែ ប៉ុណ្ណោះ។ កត្តានេះជំរុញអោយអាជីវកម្មទាំងអស់បង្ខំចិត្តផលិតភ្លើងដោយខ្លួនឯង។ នៅឆ្នាំ ២០០៧ ខេត្តបានជំរុញអោយមានការទាញភ្លើងពីប្រទេសវៀតណាមដែលមានតម្លៃ ៨០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង Kwh។ មកទល់ពេលនេះក្រុងគ្នានបណ្តាញផ្គត់ផ្គង់ទឹកស្អាតទេ។ ប្រជាជននិងអាជីវកម្មនានាប្រើប្រាស់ ទឹកអណ្តូងតាមផ្ទះរៀងខ្លួន។មកទល់ពេលនេះ ក្រុងគ្មានបណ្តាញគ្រប់គ្រងកាកសំណល់ទេ។ ប្រជាជននិងអាជីវកម្មនានាត្រូវ ដោះស្រាយការបោះកាកសំណល់ និង សំរាមដោយខ្លួនពួកគេ។​ ហើយប្រជាជននៅទីនេះកំពុងតែព្យាយាមសំអាតទីក្រុងរបស់ពួកគេ។

វត្តអារាម

[កែប្រែ]

រូបភាព

[កែប្រែ]

ឯកសារពិគ្រោះ

[កែប្រែ]
  1. ១,០ ១,១ ១,២ "General Population Census of Cambodia 2008 – Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
  2. "Kep National Park". donboscokep.org. Archived from the original on 2012-07-16. Retrieved 2014-07-31.
  3. "Decree creates three new provinces". khmerization.blogspot.com. December 2008.
  4. "Kep's ruins recall Cambodia's golden age". Phnom Penh Post. September 28, 2001. Retrieved December 26, 2015.
  5. "National Institute of Statistics, Kep Province, Damnak Chang'aeur District". Archived from the original on 2008-08-03. Retrieved 2014-07-31.
  6. "Deaths of Khmer Rouge victims cry out for justice". The Australian. 3 February 2007. Archived from the original on 17 កញ្ញា 2012. Retrieved ២០០៩-០១-១៦. {{cite web}}: Check date values in: |accessdate= (help)
  7. General Population Census of Cambodia 1998, Ministry of Planning, Phnom Penh
  8. National Committee for Sub-National Democratic Development (NCDD) (2009). Kep Data Book 2009. GIS code: 23, October 2009, Section 12, page 76
  9. Ecole pour Tous Archived 2011-07-26 at the វេយប៊ែខ ម៉ាស៊ីន.. Link retrieved on 01/15/2013.
  10. Don Bosco Technical School Kep, link retrieved on 04/20/2014.
  11. Kep Garden Association Archived 2014-09-02 at the វេយប៊ែខ ម៉ាស៊ីន., link retrieved on 01.15.2013.
  12. Kep International School [https://Kep International School Official Site] . Link retrieved on September 16, 2013
  13. Kep Tourist Association. Kep Jungle. Link retrieved on 01/15/2013.
  14. Kep Butterly Farm Archived 2015-01-18 at the វេយប៊ែខ ម៉ាស៊ីន.. Link retrieved on 01/15/2013.
  15. National Committee for Sub-National Democratic Development (NCDD) (2009). Kep Data Book 2009. GIS code: 23, October 2009, Section 12, page 97
  16. Kep City Cambodia. Accommodations Archived 2012-09-03 at the វេយប៊ែខ ម៉ាស៊ីន.. Link retrieved on 01.15.2013.
  17. KepExpo Archived 2014-05-17 at the វេយប៊ែខ ម៉ាស៊ីន.. Link retrieved on 01.15.2013
  18. National Committee for Sub-National Democratic Development (NCDD) (2009). Kep Data Book 2009. GIS code: 23, October 2009, Section 12, page 56
  19. National Committee for Sub-National Democratic Development (NCDD) (2009). Kep Data Book 2009. GIS code: 23, October 2009, Section 12, page 59
  20. National Committee for Sub-National Democratic Development (NCDD) (2009). Kep Data Book 2009. GIS code: 23, October 2009, Section 12, page 45
  21. National Committee for Sub-National Democratic Development (NCDD) (2009). Kep Data Book 2009. GIS code: 23, October 2009, Section 12, page 37
  22. Index Mundi (2009). Cambodia Major infectious diseases. Link retrieved on 01/15/2013.
  23. CamboGuide. Malaria & Dengue Fever Archived 2014-09-24 at the វេយប៊ែខ ម៉ាស៊ីន.. Link retrieved on 01/15/2013.
  24. Centers for Disease Control and Prevention. Health Information for Travelers to Cambodia. Link retrieved on 01/15/2013.
  25. Cambodia Lonely Planet 2005
  26. The National Malaria Center (CNM). Link retrieved on 01/15/2013