ការវាយឆ្មក់របស់វៀតណាមលើព្រំដែនថៃ

ពីវិគីភីឌា
ការវាយឆ្មក់របស់វៀតណាមលើព្រំដែនថៃ (ខ្មែរ)
เหตุปะทะชายแดนไทย–เวียดนาม (ថៃ)
Xung đột biên giới Thái Lan - Việt Nam (យួន)
ផ្នែកនៃសង្គ្រាមកម្ពុជា-វៀតណាម និងសង្គ្រាមត្រជាក់
កាលបរិច្ឆេទ ១៩៧៩–១៩៨៩
ទីតាំង ព្រំដែនកម្ពុជា-ថៃ, ឈូងសមុទ្រថៃ
លទ្ធផល
  • បង្កឱ្យមានហាយនភាពដល់មូលដ្ឋានទ័ពព្រៃនិងជំរុំជនភៀសខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
  • កើតមានជម្លោះរវាងកងទ័ពថៃ និងវៀតណាម
  • ការដកទ័ពវៀតណាមចេញពីព្រំដែនក្នុងឆ្នាំ១៩៨៩
ភាគីសង្គ្រាម
 វៀតណាម
សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩–៨៩)
រដ្ឋកម្ពុជា (១៩៨៩)
គាំទ្រដោយ:
 សហភាពសូវៀត
ប៉ូឡូញ[១]
ឆេកូស្លូវ៉ាគី[២]
អាល្លឺម៉ង់ខាងកើត[៣]
 ថៃ
រ.ច.ក.ប[៤]

គាំទ្រដោយ:
 សហរដ្ឋអាមេរិក
 ចិន

សហេតុភាព និង ការខាងបង់
~១,០០០–៣,០០០ នាក់[ត្រូវការអំណះអំណាង] ~៥,៥០០–៨,០០០ នាក់[ត្រូវការអំណះអំណាង]

ការវាយឆ្មក់របស់វៀតណាមមកលើព្រំដែនថៃ គឺជាការវាយប្រហារដោយសាធារណរដ្ឋសង្គមនិយមវៀតណាមមកលើជំរុំរបស់ចលនាដែលប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជានៅតាមព្រំដែនកម្ពុជា‐ថៃ។ បន្ទាប់ពីយួនបានវាយចូលកម្ពុជានិងផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៩, ខ្មែរក្រហមក៏បានរត់ទៅពួននៅតាមតំបន់ព្រៃភ្នំនៃទិសពាយព្យប្រទេសកម្ពុជាជិតព្រំដែនថៃ។ នៅក្នុងទសវត្សឆ្នាំ១៩៨០ និង១៩៩០, កងកម្លាំងខ្មែរក្រហមក៏ចាប់ផ្តើមធ្វើប្រតិបត្តិការពីជំរុំនៅតាមព្រំដែនថៃក្នុងគោលបំណងចង់ផ្តួលរលំ ស.ប.ក ដែលមានយួននៅពីក្រោយ។ ពេញមួយទសវត្សឆ្នាំ១៩៨០ កងកម្លាំងយួន និងថៃតែងតែប្រឈមមុខនឹងគ្នា, ពេលខ្លះយួនបានចូលទៅលុកលុយដល់ក្នុងទឹកដីថៃ ហើយពេលខ្លះទៀតក៏បានបាញ់គ្រប់ផ្លោងចូលទៅក្នុងទឹកដីថៃទៀតផង។

មូលហេតុ[កែប្រែ]

ជំរុំដែលអរិភាពនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា; ១៩៧៩-១៩៨៤

ការសង្ស័យរបស់ថៃចំពោះគោលបំណងដ៏យូរអង្វែងរបស់វៀតណាមនិងការភ័យខ្លាចវៀតណាមឈានចូលមកគាំទ្រចលនាកុបកម្មកុម្មុយនិស្តនៅក្នុងប្រទេសរបស់ខ្លួន, រដ្ឋាភិបាលថៃក៏បានសម្រេចចិត្តគាំទ្រសហរដ្ឋអាមេរិកដើម្បីកុំឱ្យយួនចូលមកជ្រៀតជ្រែកប្រទេសខ្លួន ដូចដែលបានជ្រៀតជ្រែកប្រទេសកម្ពុជាអញ្ជឹង។

នៅឆ្នាំ១៩៧៣ រដ្ឋាភិបាលស៊ីវិលថ្មីមួយនៅប្រទេសថៃបានបង្កើតឱកាសសម្រាប់ការផ្សះផ្សាជាមួយវៀតណាមខាងជើង។ វៀតណាមខាងជើង (យួនកុម្មុយនិស្ត) បានបញ្ជូនគណៈប្រតិភូទៅទីក្រុងបាងកកដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយថៃ ក៏ប៉ុន្តែកិច្ចចរចាក៏ត្រូវបានបែកបាក់។ កិច្ចពិភាក្សារវាងថៃ និងយួនក៏បានបន្តសារជាថ្មីនៅក្នុងឆ្នាំ១៩៧៦ ក្រោយពីយួនកុម្មុយនិស្តបានយកឈ្នះលើវៀតណាមខាងត្បូងហើយបង្រួបបង្រួមជាតិទាំងមូលឱ្យនៅក្រោមអំណាចរបស់ខ្លួនតែមួយ។ ក្នុងកិច្ចចរចាមួយនេះ ពួកគេបានទាមទារឱ្យមានការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតប្រទេសទាំងពីរនិងការបើកការចរចារស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច បន្តិចក្រោយមក, រដ្ឋប្រហារយោធាមួយក៏បានធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ១៩៧៦។ រដ្ឋាភិបាលថៃថ្មីដែលឡើងកាន់អំណាចក្រោយរដ្ឋប្រហារ បានមិនសូវចង់ចូលជិតឫសម្រុះសម្រួលជាមួយកុម្មុយនិស្តវៀតណាមនោះឡើយ។ តែមិនយូរប៉ុន្មាន ទំនាក់ទំនងថៃ-វៀតណាមក៏បានបន្តនៅឆ្នាំ១៩៧៧, នៅពេលដែលថៃ វៀតណាម និងលាវបានធ្វើសន្និសិទពិភាក្សាមួយអំពីការបន្តកិច្ចការងារលើគម្រោងអភិវឌ្ឍន៍ទន្លេមេគង្គដែលជាកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការដ៏សំខាន់មួយដែលត្រូវបានបញ្ឈប់ដោយសង្គ្រាមវៀតណាម។ ប៉ុន្តែនៅខែធ្នូ ឆ្នាំ១៩៧៨, ជម្លោះនៅក្នុងប្រទេសកម្ពុជាបានផ្តល់ផលប៉ះពាល់ទៅដល់ផ្លូវទូតប្រទេសទាំងពីរ។ ការវាយលុកចូលកម្ពុជាដោយវៀតណាមមិនមែនប៉ះពាល់តែក្នុងស្រុកខ្មែរតែមួយនោះទេតែបានប៉ះពាល់ដល់ប្រទេសថៃថែមទៀត, ទាំងនេះបានធ្វើឱ្យទំនាក់ទំនងរវាងថៃនិងវៀតណាមធ្លាក់ដាបចុះជាទម្ងន់។

នៅក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីកម្ពុជាត្រូវបានកាន់កាប់ដោយវៀតណាម, ថៃបានចងសម្ព័ន្ធភាពជាមួយខ្មែរក្រហមដែលជាសត្រូវរបស់យួនហើយបានបែរទៅរកចិនដើម្បីសុំជំនួយផ្នែកសន្តិសុខ។ ករណីទាំងពីរនេះបានធ្វើឱ្យទំនាក់ទំនងវៀតណាមនិងថៃមានភាពស្មុគស្មាញយ៉ាងខ្លាំង។ ថៃគឺជាប្រទេសសមាជិកអាស៊ានតែមួយគត់ដែលងាយនឹងរងគ្រោះបំផុតពីការវាយប្រហារជាសម្មតិកម្មរបស់វៀតណាមព្រោះខ្លួនបានផ្តល់ជម្រកដល់ខ្មែរក្រហមនៅតាមជំរុំនានាក្នុងទឹកដីរបស់ខ្លួន,[៥] ថៃក៏ជាប្រទេសសមាជិកអាស៊ានតែមួយដែរ ដែលប្រឆាំងដាច់ខាតនឹងការវាយចូលកម្ពុជាដោយវៀតណាម។

រេខាកាលនៃជម្លោះ[កែប្រែ]

នេះគឺជាបន្ទាត់ពេលវេលា (ឫរេខាកាល) ដែលបង្ហាញពីព្រឹត្តិការណ៍សំខាន់នៅក្នុងជម្លោះមួយនេះ៖

ឆ្នាំ១៩៧៩[កែប្រែ]

  • ខែតុលា: វៀតណាមបានវាយបណ្តេញទ័ពខ្មែរក្រហមចេញពីព្រៃភ្នំនិងរុញច្រានពួកគេឱ្យកាន់តែគាកទៅព្រំដែនថៃ។[៦]
  • ៨ វិច្ឆិកា: កាំភ្លើងធំរបស់ថៃបានបាញ់គ្រាប់ចូលជំរុំជនភៀសខ្លួន ណងចាន់[៧] ដែលបណ្តាលឱ្យជនភៀសខ្លួនប៉ុន្មាន ១០០ នាក់បានបាត់បង់ជីវិត។
  • ១២ វិច្ឆិកា: វៀតណាមបានវាយតំបន់ទល់នឹងបានឡោមដែលបានធ្វើឱ្យអ្នកភូមិនិងទ័ពខ្មែរក្រហមប្រមាណ ៥,០០០ នាក់រត់ចូលកាន់តែជ្រៅទៅក្នុងទឹកដីថៃ។[៨]

ឆ្នាំ១៩៨០[កែប្រែ]

  • ២៣ មិថុនា: ជាការឆ្លើយតបទៅនឹងការរៀបចំធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរាប់ពាន់នាក់, កងទ័ពវៀតណាម ២០០ នាក់បានឆ្លងចូលព្រំដែនថៃនៅម៉ោងប្រមាណ ២:០០ ព្រឹកទៅក្នុងតំបន់បានណាន ម៉ាក់មន់, ក៏ដូចជាជំរុំណងចាន់ដែរ, រួចហើយយួនក៏បានបើកការបាញ់ប្រហារដែលបណ្តាលឱ្យមនុស្សប្រមាណជាង ២០០ នាក់ត្រូវបាត់បង់ជីវិត, ក្នុងនោះមានទាហានថៃចំនួន ២២-១៣០ នាក់, អ្នកភូមិថៃម្នាក់, ជនភៀសខ្លួនមួយចំនួនតូច និងកងទ័ពយួនប្រហែល ៧២-១០០ នាក់។ គេបានរាយការណ៍ថាមានជនភៀសខ្លួនរាប់រយនាក់ត្រូវបានស្លាប់ ភាគច្រើនគឺមកពីគ្រាប់ផ្លោងរបស់ថៃដែលបានបាញ់ចំជំរុំជនភៀសខ្លួនមួយ និងមួយភាគតិចត្រូវបានស្លាប់ដោយសារគ្រាប់កាំភ្លើងបាញ់ត្រូវ។[៩][១០] កងទាហានយួនបានដណ្តើមបានភូមិនៅក្បែរព្រំដែនចំនួនពីរ និងភូមិផ្សេងៗទៀតត្រូវពួកវាបាញ់គំទិចចោល។
  • ២៤ មិថុនា: កងទ័ពវៀតណាមដែលដណ្តើមបានជំរុំណងចាន់ក៏បានបន្តប្រយុទ្ធទរទល់នឹងកងកម្លាំងថៃហើយវាយប្រហារទៅលើទីតាំងទ័ពព្រៃនៅក្បែរៗនោះ។ នៅថ្ងៃដដែលនេះ, កងទ័ពវៀតណាមក៏បានបាញ់ទម្លាក់យន្តហោះយោធាថៃចំនួន ២ គ្រឿងផងដែរ។[១១]
  • ២៦ មិថុនា: កងទ័ពវៀតណាមចាប់បានមន្រ្តីជួយសង្គ្រោះចំនួនពីរនាក់ (បុរសទីមួយគឺលោក Robert Ashe និងទីពីរគឺវេជ្ជបណ្ឌិត Pierre Perrin របស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម) និងអ្នកថតរូបជនជាតិអាមេរិកពីរនាក់នៅណងចាន់។[១២][១៣]

ឆ្នាំ១៩៨១[កែប្រែ]

  • ៤ មករា: កងកម្លាំងវៀតណាមក៏បានសម្រុកបុកទម្លុះឆ្លងព្រំដែនហើយក៏បានបើកការបាញ់ប្រហារគ្រាប់រ៉ុក្កែតនៅក្នុងទឹកដីប្រទេសថៃ តែមិនយូរប៉ុន្មានក៏ត្រូវកងកម្លាំងថៃរុញច្រានដល់ព្រំដែនវិញ។[១៤] ការប្រយុទ្ធគ្នានេះបានបណ្តាលឱ្យទាហានថៃចំនួនពីរនាក់បានស្លាប់។ គេបានរាយការណ៍ថា ទាហានវៀតណាមប្រហែលពី ៥០ ទៅ ៦០ នាក់បានបើកការបាញ់ប្រហារមកលើកងល្បាត់របស់ថៃពីចម្ងាយកន្លះម៉ាយចូលក្នុងប្រទេសថៃ។ ចំណែកឯចំនួនអ្នកស្លាប់ខាងភាគីវៀតណាមវិញគឺមិនត្រូវបានឱ្យដឹងឡើយ។[១៥] កងទ័ពថៃបន្ថែមត្រូវបានបញ្ជូនទៅកាន់ព្រំដែននៅថ្ងៃបន្ទាប់ដើម្បីទប់ស្កាត់ការវាយប្រហារម្តងទៀតពីវៀតណាម។[១៦]

ឆ្នាំ១៩៨២[កែប្រែ]

  • ដើមខែមីនា: មានឧប្បត្តិហេតុមួយទៀតកើតឡើងនៅខាងព្រំដែនដោយកងទ័ពវៀតណាមប្រមាណ ៣០០ នាក់បានឈ្លានពានចូលទឹកដីថៃម្តងទៀតរួចបានសម្លាប់ប៉ូលីសល្បាត់ព្រំដែនថៃបានពីរបីនាក់បន្ថែម។
  • ២១ តុលា: ទាហានវៀតណាមបានបើកការបាញ់ប្រហារទៅលើយន្តហោះឈ្លបយកការណ៍មួយរបស់ថៃនៅក្បែរព្រំដែនតែមិនត្រូវបណ្តាលឱ្យយន្តហោះនោះវិលត្រលប់ទៅចុះចតនៅមូលដ្ឋានរបស់វាវិញដោយសុវត្ថិភាព។[១៧]

១៩៨៣[កែប្រែ]

  • មករា: កងទ័ពរបស់រដ្ឋាភិបាលប្រជាមានិតកម្ពុជាដែលគាំទ្រដោយវៀតណាមបានធ្វើការវាយលុកដ៏ធំមួយមកលើរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។ ការប្រយុទ្ធចម្បាំងគ្នានេះបានរាលដាលចូលមកក្នុងទឹកដីថៃ។ ប្រជាជនខ្មែរដែលរស់នៅក្នុងតំបន់សង្គ្រាមនេះប្រមាណ ៤៧,០០០ នាក់ត្រូវបង្ខំចិត្តរត់ចោលស្រុកកំណើតខ្លួនដោយនិរទេសចូលជ្រកកោនក្នុងប្រទេសថៃ។
  • ១៦ មករា: កងទ័ពវៀតណាមបានដណ្តើមកាន់កាប់ភូមិយាងដង្គំនៅខាងកើតណងចាន់។ ក្រុមបះបោររណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រជរបខ) បានដណ្តើមភូមិនេះមកវិញនៅថ្ងៃទី២៦ ខែធ្នូ។
  • ២១ មករា: ការបាញ់ប្រហារដោយកាំភ្លើងធំរបស់វៀតណាមបានបង្ខំឱ្យមូលដ្ឋានទ័ព កបអរជខ នៅ 0'Bok ផ្លាស់ទៅតាំងជំរុំថ្មីនៅក្នុងប្រទេសថៃ។
  • ៣១ មករា – ១ កុម្ភៈ : ដោយមានការគាំទ្រពីក្រុមកាំភ្លើងធន់ធ្ងន់, កងទ័ពវៀតណាមប្រហែល ៤,០០០ នាក់បានវាយចូលជំរុំណងចាន់, ដែលជាជំរុំជនភៀសខ្លួនធំបំផុតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ, ពេលពួកវាដណ្តើមបានហើយពួកវាក៏បានបំផ្លិចបំផ្លាញជំរុំណងចាន់ចោល។ គេបានរាយការណ៍តទៀតថាមានការប្រយុទ្ធគ្នាដ៏ធំមួយនៅតាមព្រៃក្បែរជំរុំនោះរវាងកងកម្លាំងយួននិងទ័ពព្រៃ កបអរជខ ប្រមាណ ២,០០០ នាក់។[១៨] ក្នុងពេលជាមួយគ្នានេះផងដែរ, ទាហានវៀតណាមបានរៀបចំកាំភ្លើងធំ, រ៉ុកកែត,កាំភ្លើងត្បាលជាដើម។ មិនយូរប៉ុន្មាន, ពួកវាក៏បានបាញ់គ្រាប់កាំភ្លើងធំរបស់ពួកវាទាំងនោះផ្លោងសំដៅទៅចូលដែនដីប្រទេសថៃ, បណ្តាលឱ្យកសិករអាយុ ៦៦ ឆ្នាំម្នាក់បាត់បង់ជីវិត, ខូចខាតផ្ទះសំបែង និងប្រាសាទព្រះពុទ្ធសាសនាផងដែរ។[១៩] ជនភៀសខ្លួនចំនួន ២៤,០០០ នាក់បានរត់ចូលទៅក្នុងប្រទេសថៃចំណែកឯកងកម្លាំងប្រឆាំងរបស់ម៉ូលីណាកាត្រូវបានកងកម្លាំងយួនច្រានទៅមួយចំហៀង, កងកម្លាំង កបអរជខ ក៏បានដកថាយបន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេល ៣៦ ម៉ោង។[១៩]
  • ៣១ មីនា: កងទាហានវៀតណាមចំនួន ២,០០០ នាក់និងកងទ័ពស្ម័គ្រចិត្ត សបក បានវាយប្រហារមកលើជំរុំខ្មែរក្រហមចំនួនពីរកន្លែងគឺនៅភ្នំឆាត់ និងភូមិចម្ការគ។ មន្រ្តីថៃបានរាយការណ៍ថាការវាយប្រហារលើកនេះនៅតែមាន"ការរីករាលដាល"ដដែរដោយគ្រាប់ផ្លោងរបស់វៀតណាមមួយចំនួនបានធ្លាក់ចូលទឹកដីថៃ។[២០] កងទ័ពវៀតណាមបានប៉ះទង្គិចជាមួយកងទ័ពថៃអស់រយៈពេលជាច្រើនថ្ងៃ ទីក្រុងបាងកកត្រូវបានរដ្ឋាភិបាលថៃបានដាក់ឱ្យនៅក្រោមលក្ខណៈត្រៀមប្រុងប្រយ័ត្ន។ ការប្រយុទ្ធគ្នាទៅវិញទៅមកដោយប្រើប្រាស់កាំភ្លើងធំនិងរថក្រោះបានសម្លាប់ជនស៊ីវិល ៣០ នាក់និងរងរបួសប្រមាណ ៣០០ នាក់។ ជនស៊ីវិលប្រមាណ ២២,០០០ នាក់បានភៀសខ្លួនកាន់តែជ្រៅទៅក្នុងប្រទេសថៃដើម្បីគិចពីគ្រាប់ផ្លោងនិងគ្រាប់កាំភ្លើង។
  • ដើមខែមេសា: កងទ័ពវៀតណាមក៏បានបំផ្លាញជំរុំនៅភ្នំឆាត់បានដោយជោគជ័យ, ប្រជាជនដែលរស់នៅក្បែរភ្នំឆាត់បានរត់ទៅជ្រកកោននៅតំបន់ភ្នំក្រហម។ ជំរុំជនភៀសខ្លួនរបស់ទ័ពព្រះអង្គសីហនុដែលគេតែងហៅថាជំរុំដេវីតក៏ត្រូវបានទទួលរងការវាយប្រហារដែរ, ប្រជាជននៅក្បែរជំរុំដេវីតត្រូវបង្ខំចិត្តរត់ទៅតំបន់ភ្នំត្រួយចេក។ យន្តហោះចម្បាំងថៃមួយគ្រឿងក៏ត្រូវបានបាញ់ទម្លាក់ដោយវៀតណាមនៅដើមខែមេសានេះផងដែរ។
  • ៣ មេសា: កងទ័ពវៀតណាម ១០០ នាក់បានឆ្លងចូលព្រំដែនហើយក៏ប្រយុទ្ធតទល់ជាមួយនឹងកងល្បាត់ព្រំដែនថៃ, ដែលបណ្តាលឱ្យទាហានថៃចំនួន ៥ នាក់បានស្លាប់ និងរបួស ៨ នាក់។[២១] ការវាយលុករបស់វៀតណាមមកលើជំរុំអំពិលដែលជាទីស្នាក់ការកណ្តាលរបស់ រជរបខ ត្រូវបានបរាជ័យពីព្រោះអង្គភាពអនត្ថការ រជរបខ បានបំផ្ទុះឃ្លាំងស្តុកប្រេងវៀតណាមជាច្រើននៅប៉ុន្មានសប្តាហ៍មុនការវាយប្រហារដែលធ្វើឱ្យទ័ពវៀតណាមខ្វះខាតប្រេងម៉ាស៊ូតហើយមិនអាចប្រមូលគ្រឿងសឹករបស់ខ្លួនបាន។[២២]
  • ២៧ ធ្នូ: វៀតណាមបានចល័តទ័ព, រថក្រោះ, រថពាសដែកទៅក្នុងតំបន់មួយក្បែរព្រំដែនខាងកើតនៃប្រទេសថៃហើយទំនងជាកំពុងតែត្រៀមទ័ពវាយលុកទ័ពខ្មែរដែលបោះទីជម្រកនៅក្នុងព្រៃ។ កងទ័ពវៀតណាមប្រហែល ៣៥០ នាក់ជាមួយនឹងរថក្រោះ T-៥៤ និងរថពាសដែកជាច្រើននាក់បានដណ្តើមបានភូមិថ្មពួកដែលនៅភាគខាងលិចប្រទេសកម្ពុជា។ មន្ត្រីយោធានិងសន្តិសុខថៃបានរំពឹងថាកងកម្លាំងវៀតណាមនឹងចាប់ផ្តើមវាយលុកនៅរដូវប្រាំងមកលើក្រុមឧទ្ទាមកម្ពុជា។[២៣]
  • ធ្នូ: កងទ័ពវៀតណាមបានប្រយុទ្ធប៉ះទង្គិចគ្នាជាមួយកងទ័ពថៃនៅលើគោកម្តងហើយម្តងទៀត ខណៈពេលនោះ កងនាវារបស់កងទ័ពជើងទឹកប្រជាជនវៀតណាមបានបើកការបាញ់ប្រហារទៅលើនាវានេសាទថៃចំនួន ១០ គ្រឿងដែលមានចម្ងាយ ២០ ម៉ាយពីឆ្នេរសមុទ្រវៀតណាមភាគខាងត្បូងហើយដណ្តើមបាននាវាអូសចៃរ៉ាថៃចំនួន ៥ គ្រឿង និងអ្នកនេសាទ ១៥០ នាក់។[២៤]

ឆ្នាំ១៩៨៤[កែប្រែ]

  • ២៥ មីនា–ដើមខែមេសា: កងទ័ពវៀតណាមពី ៤០០ ទៅ ៦០០ នាក់ដែលបំពាក់ដោយកាំភ្លើងធំ ១៣០ មម និងរថក្រោះសូវៀត T-៥៤ បានចាប់ធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែនរយៈពេល ១២ ថ្ងៃចូលក្នុងដែនដីប្រទេសថៃក្នុងការស្វែងរកក្រុមឧទ្ទាមខ្មែរក្រហម។ ដូចនេះហើយ រដ្ឋាភិបាលថៃក៏បានបញ្ចេញកាំភ្លើងធំនិងយន្តហោះចម្បាំងរបស់ខ្លួនដើម្បីទប់ទល់នឹងការឈ្លានពានរបស់កងកម្លាំងវៀតណាម, ជាលទ្ធផល យន្តហោះចម្បាំងថៃមួយគ្រឿងទៀតត្រូវបានកងទាហានវៀតណាមបាញ់ទម្លាក់ និងទាហានភាគីទាំងសងខាងប្រមាណរាប់សិបនាក់ត្រូវទទួលរងរបួសនិងបាត់បង់ជីវិត។ ការវាយឆ្មក់ឆ្លងព្រំដែនដោយវៀតណាម ការបាត់បង់ជីវិតជាច្រើននៃទាហាននិងប្រជាពលរដ្ឋថៃ ត្រូវបានចាត់ទុកជាវិបត្តិដ៏ធ្ងន់ធ្ងរមួយសម្រាប់សុវត្ថិភាពនិងសន្តិសុខប្រទេសថៃទាំងមូល។[២៥]
  • ១៥ មេសា: កងកម្លាំងវៀតណាមប្រាំមួយរយនាក់នៃកងពលធំវៀតណាមទី៥ បានបើកការបាញ់ប្រហារមកលើកងវរសេនាធំការពារព្រំដែនទី៨ របស់ថៃ រួចហើយក៏បំបុកវាយចូលជំរុំទ័ពព្រៃមួយហៅអំពិលដោយសម្លាប់ប្រជាជនខ្មែរចំនួន ៨៥ នាក់និងទទួលរងរបួសចំនួន ៦០ នាក់។[២៦] ពួកវៀតណាមក៏បានវាយលុកម្តងទៀតនាពេលព្រឹកប្រលឹមដោយមានរថក្រោះនិងកាំភ្លើងធំជួយអម។ គ្រាប់ផ្លោងពីកាំភ្លើងធំវៀតណាមប្រមាណ ៥០ គ្រាប់បានធ្លាក់មកលើទឹកដីប្រទេសថៃក្បែរជំរុំ រជរបខ។ យោងទៅតាមការចាក់ផ្សាយនៅទីក្រុងបាងកកបានឱ្យដឹងថា កងរវសេនាតូចចំនួន ៨ របស់វៀតណាមអាចនឹងធ្វើការវាយប្រហារមកលើជំរុំទ័ពសីហនុនៅតាទុម (ជំរុំទ័ពដែលស្ថិតនៅព្រំដែនភាគខាងជើងនៃប្រទេសកម្ពុជា)។ កងទ័ពថៃនៅតាមព្រំដែនទាំងអស់ត្រូវបានដាក់ឱ្យនៅជាលក្ខណៈត្រៀមប្រយុទ្ធការពារដើម្បីជៀសវាងកុំឱ្យការប្រយុទ្ធរាលដាលកាន់តែជ្រៅចូលដែនដីថៃតទៅទៀត។[២៧]
  • ចុងខែឧសភាចូលដើមខែមិថុនា: កងទ័ពជើងទឹកវៀតណាមនៅតែបន្តការបាញ់ប្រហារម្តងហើយម្តងទៀតមកលើនាវានេសាទថៃនៅក្បែរឆ្នេរសមុទ្រវៀតណាមភាគខាងត្បូង ដែលបណ្តាលឱ្យអ្នកនេសាទថៃចំនួន ៣ នាក់បានបាត់បង់ជីវិត។
  • ១០ សីហា: ទាហានជើងគោក, អាប៉េសេ, និងកងកាំភ្លើងធំវៀតណាមដែលឈរជើងនៅតំបន់ភាគខាងជើងនៃជំរុំអំពិល បានបាញ់គ្រាប់ផ្លោងទៅជំរុំណងចាន់និងអំពិល, ដែលបង្កឱ្យ កបអរជខ និងជនភៀសខ្លួនស៊ីវិលចំនួន ១០,០០០ នាក់បានរត់គេចចូលទៅក្នុងដែនដីរាជាណាចក្រថៃ។[២៨]
  • ២៨ តុលា: ប៉ូលីសល្បាត់ព្រំដែនថៃចាប់បានទាហានជើងគោកវៀតណាមចំនួន ៥ នាក់ដែលកំពុងលួចចូលក្នុងទឹកដីប្រទេសថៃក្បែរភូមិបានវ៉ាងមនភាគអាគ្នេយ៍នៃស្រុកអារ៉ានយ៉ាប្រាថេតតែមិនមានឃើញអាវុធអ្វីជាប់ខ្លួនពួកគេទាល់តែសោះ, គេបានរាយការណ៍ថាបុរសទាំង ៥ នាក់បានកំពុងដើររកអាហារមុនពេលត្រូវចាប់ខ្លួន។[២៩]
  • ៦ វិច្ឆិកា: កងទ័ពវៀតណាមបានវាយលុកមកលើបុស្តិ៍កងល្បាត់ព្រំដែនថៃនៅក្បែរក្រុងសុរិន្ទ។ ទាហានថៃពីរនាក់បានស្លាប់, រងរបួស ២៥ នាក់ និង ៥ នាក់ត្រូវបានបាត់ខ្លួននៅក្នុងពេលកំពុងប្រយុទ្ធដណ្តើមការត្រួតត្រាលើភ្នំ ៤២៤ នៅត្រាវែង, ដែលមានចម្ងាយ ១៨០ ម៉ាយពីទីក្រុងបាងកក។[៣០] ទាហានជើងគោកវៀតណាម ១០០ នាក់បានវាយឈ្លានពានចូលទឹកដីថៃបាន ១ ម៉ាយតែមិនយូរប៉ុន្មានក៏ត្រូវកងកម្លាំងប្រដាប់អាវុធថៃរុញច្រានមកដល់កម្ពុជាវិញ។ មានប្រភពមួយមកពីខាងយោធាថៃបានឱ្យដឹងថា ទ័ពវៀតណាមបានវាយឈ្លានពានចូលព្រំដែនថៃនេះគឺចង់ដើរតាមប្រមាញ់ក្រុមឧទ្ទាមខ្មែរក្រហម។[៣១]
  • ១៨–២៦ វិច្ឆិកា: ជំរុំណងចាន់ត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់វៀតណាមបន្ទាប់ពីកងទ័ពវៀតណាមនៃកងពលធំទី៨ ចំនួន ២,០០០ នាក់[៣២] បានបើកការវាយប្រហារមកលើ បណ្តាលឱ្យកងទ័ពខ្មែរក្រហមចំនួន ៦៦ នាក់ត្រូវបាត់បង់ជីវិត។[៣៣] ប្រជាពលរដ្ឋចំនួន ៣០,០០០ នាក់ត្រូវបានផ្លាស់ទៅជំរុំជនភៀសខ្លួន សាយបី (អង្គសីឡា) បន្ទាប់មកទៅជំរុំ សាយប្រាំមួយ (ព្រៃចាន់)។
  • ៨ ធ្នូ: ណាមយឿន, ដែលជាជំរុំតូចមួយស្ថិតនៅភាគខាងកើតប្រទេសថៃក្បែរព្រំដែនលាវ ត្រូវបានយួនបន្តក់គ្រាប់ផ្លោងចូលដែលធ្វើឱ្យអ្នកនៅក្នុងជំរុំនេះត្រូវផ្លាស់ទីទៅកន្លែងផ្សេង។
  • ១១ ធ្នូ: ជំរុំសុខសានត្រូវបានរងគ្រាប់ផ្លោងពីវៀតណាមបណ្តាលឱ្យអ្នកនៅក្នុងជំរុំនេះផ្លាស់ទីទៅនៅជំរុំផ្សេង។
  • ២៥ ធ្នូ: ជំរុំជនភៀសខ្លួន ណុងសាមិត ត្រូវបានយួនឈ្លានពានទាំងព្រឹកប្រលឹម[៣៤] ដោយកងទ័ពរបស់កងពលធំវៀតណាមទី៩ (ជាង ៤០០០ នាក់) រួមជាមួយនឹងកាំភ្លើងធំចំនួន ១៨ និងរថក្រោះ T-៥៤ ចំនួន ២៧ គ្រឿង។[៣៥] កបអរជបខ បានអះអាងថារថក្រោះវៀតណាមចំនួន ១៤ ត្រូវបានគម្ទិច។[៣៦] អ្នកប្រយុទ្ធទប់ទល់នឹងវៀតណាមសរុប ៥៥ នាក់ និងប្រជាជន ៦៦ នាក់[៣៧] ត្រូវបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនេះ, ប្រជាពលរដ្ឋជាង ៦០,០០០ នាក់ត្រូវបានជម្លៀសទៅជំរុំភ្នំក្រហម[៣៨] និង អ្នករបួស ២០០ នាក់ទៀតត្រូវបានជម្លៀសទៅជំរុំខាងអ៊ីដាង។ ទាហាននិងមេបញ្ជការ កបអរជបខ មួយចំនួនដូចជាលោកឧត្តមសេនីយ៍ដៀន ដែលបានរាយការណ៍ថា: នៅក្នុងសមរភូមិប្រយុទ្ធនាថ្ងៃទី២៧ ខែធ្នូនេះ ទាហានវៀតណាមបានប្រើផ្សែងពុលម៉្យាងពណ៌ត្រួយចេក[៣៩] កងទាហានណាដែលទទួលរងឥទ្ធិពលពីវានឹងមានទទួលរងភាពស្រងេងស្រងាំង[៤០][៤១] ចង់ក្អួតបន្តិចមិនចង់បន្តិច និងបង្កឱ្យចេញពពុះនៅតាមមាត់ (មិនអាចដល់ថ្នាក់បាត់បង់ជីវិតទេ)។[៤២] កបអរជបខ ប៉ុន្មាន ៣,៥០០ នាក់នូវតែបន្តស៊ូប្រយុទ្ធដើម្បីដណ្តើមជំរុំនេះមកវិញ[៤៣] ប៉ុន្តែមួយអាទិត្យក្រោយមក ពួកគេក៏បោះបង់ជំរុំនេះចោល។[៤៤]
  • ៣១ ធ្នូ: ក្នុងខេត្តបុរីរ៉ាម កងល្បាត់ថៃ ៦ នាក់ត្រូវបានទទួលរងរបួស និង ២ នាក់ទៀតត្រូវបានទាហានវៀតណាមឡោមព័ទ្ធរួចចាប់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេល ២៤ ម៉ោង។[៤៥]

ឆ្នាំ១៩៨៥[កែប្រែ]

  • មករា-កុម្ភៈ : ការឈ្លានពានដ៏ធំមួយរបស់វៀតណាមបានប្រព្រឹត្តិមកលើស្ទើរគ្រប់មូលដ្ឋានទ័ពព្រៃកម្ពុជាសំខាន់ៗនៅជួរខាងមុខ (ជួរប្រយុទ្ធព្រំដែន) ដែលបន្សល់តែទ័ពថៃឱ្យប្រឈមមុខជាមួយវៀតណាមដោយផ្ទាល់។
  • ៧–៨ មករា: កងទ័ពវៀតណាមចំនួនពីប្រាំពាន់ទៅប្រាំមួយពាន់នាក់ (អមដោយរថក្រោះ T-៥៤ និងកាំភ្លើងធំ) បានឈ្លានវាយលុកមកលើជំរុំអំពិល (បាងសាងែ)។[៤៦] ក្នុងចំណោមនោះ ក៏មានទាហាន ស.ប.ក ពី ៤០០–៥០០ នាក់ដែរ។[៤៧] ការវាយលុកនេះត្រូវបាននាំមុខដោយកាំភ្លើងធំធ្ងន់ៗរបស់វៀតណាម, គ្រាប់ផ្លោងប្រមាណពី ៧,០០០[៤៨] ទៅ ២០,០០០[៤៩] គ្រាប់ត្រូវបានបាញ់សម្តៅចូលក្នុងដែនដីប្រទេសថៃក្រោមរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ។[៥០] ចូលដល់ការប្រយុទ្ធគ្នាបានប្រហែលពីរបីម៉ោង ជំរុំអំពិលក៏ត្រូវបានធ្លាក់ក្នុងដៃពួកវៀតណាម។[៥១] ទ័ព កបអរជបខ បានបំផ្លាញគម្ទិចរថក្រោះយួនបាន ៦ ឫ ៧ គ្រឿង ប៉ុន្តែត្រូវបាត់បង់ទាហានខ្លួនចំនួន ១០៣ នាក់។[៥២] យន្តហោះអា-៣៧ ត្រាហ្កនហ្វ្លាយរបស់ថៃត្រូវបានយួនបាញ់ទម្លាក់ពេលកំពុងហោះលើខេត្តបុរីរ៉ាម,[៥៣] បណ្តាលឱ្យយានិកយន្តហោះចំនួន ២ នាក់បានស្លាប់។ ពេលកំពុងប្រយុទ្ធនៅអំពិល, ទ័ពថៃដែលកំពុងការពារភ្នំ ៣៧ ជិតបាងសាងែ ត្រូវបានទាហានយួនសម្លាប់អស់ ១១ នាក់ និងទទួលរងរបួស ១៩ នាក់។[៤៩]
  • ២៣–២៧ មករា: ជំរុំដងរុក និងសានរ៉ូ ត្រូវបានរងគ្រាប់ផ្លោងរបស់វៀតណាមបណ្តាលឱ្យជនស៊ីវិល ១៨ នាក់បានស្លាប់ភ្លាមៗ។[៥៤] ចំនួនមនុស្ស ២៣,០០០ នាក់ត្រូវជម្លៀសទៅសាយអេ (Site A)។[៥៥]
  • ២៣–៣០ មករា: កាំភ្លើងធំរបស់វៀតណាមបានបាញ់គ្រាប់ផ្លោងដែលមានប្រវែង ១៣០ មម, គ្រាប់កាំភ្លើងត្បាល់, គ្រាប់រ៉ុក្កែត សរុបប្រហែលចំនួន ១០០ គ្រាប់ ឆ្ពោះទៅទីតាំងកងពលលេខ ៣២០ របស់ខ្មែរក្រហម ក្បែរជំរុំជនភៀសខ្លួន ខាវដិន ដែលមានប្រវែងប្រហែល ៣៤ ម៉ាយពីភាគខាងត្បូងនៃក្រុងអរ៉ានយ៉ាប្រាថេត។ ក្រោយបន្តិចមក ជំរុំខាវតា-ង៉ុកក៏ត្រូវបានវាយប្រហារ។[៥៦]
  • ១៣ កុម្ភៈ : ជំរុំ ណងព្រូ, អូសាឡាស និងតាព្រីក (ភាគខាងត្បូងនៃអរ៉ានយ៉ាប្រាថេត) ត្រូវបានយួនវាយប្រហារដែលធ្វើឱ្យជនភៀសខ្លួននៅជំរុំនោះរត់ទៅសាយប្រាំបី។
  • ១៦ កុម្ភៈ : នៅក្នុងការប្រយុទ្ធប៉ះទង្គិចគ្នារវាងវៀតណាមនឹងកងកម្លាំងឧទ្ទាមឥតកុម្មុយនិស្តនៅជិតតាប្រាយ៉ា, ទាហានវៀតណាមបានបាញ់គ្រប់រ៉ុក្កែតចំនួន ៤ គ្រាប់ផ្ទុកទៅដោយឧស្ម័នពុលម៉្យាងដែលធ្វើឱ្យអ្នកភូមិថៃក្បែរៗនោះមានអារម្មណ៍ថាវិលមុខនិងចង់ក្អួតចង្អោរ។ មន្ទីរពិសោធន៍របស់កងទ័ពថៃបានរកឃើញថាឧស្ម័នដែលផ្ទុកនៅក្នុងរ៉ុក្កែតទាំងបួនគ្រាប់នោះគឺជាឧស្ម័ន Phosgene ( COCL2)។[៥៧]
  • ១៨ កុម្ភៈ : កងទ័ពវៀតណាមចំនួន ៣០០ នាក់បានចូលវាយប្រហារលើទីតាំងទ័ពខ្មែរក្រហមនៅក្បែរខ្លុងណាមសៃ, ចម្ងាយ ១៩ ម៉ាយពីភាគអាគ្នេយ៍នៃក្រុងអរ៉ានយ៉ាប្រាថេត។ ការប្រយុទ្ធនេះបានផ្តើមឡើងដោយការបាញ់កាំភ្លើងដៃទៅគ្នាទៅវិញទៅមកហើយយូរៗទៅក៏ក្លាយទៅជាការប្រយុទ្ធគ្នាដោយប្រើប្រាស់កាំភ្លើងធ្ងន់ៗ។ កងកម្លាំងថៃក៏បានប្រើកាំភ្លើងធំពួកគេបាញ់ជាគ្រាប់ប្រមាននៅពេលឃើញទាហានវៀតណាមចាប់ផ្តើមឆ្លងព្រំដែនជាន់លើដែនដីថៃដើម្បីដេញកម្ចាត់ទ័ពខ្មែរក្រហម។ អ្នកភូមិថៃម្នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នានៃថ្ងៃទី ១៨ កុម្ភៈ នេះ។[៥៨]
  • ២០ កុម្ភៈ : កងកម្លាំងថៃនិងវៀតណាមបានប្រឈមប្រយុទ្ធជាមួយគ្នានៅលើភ្នំ ៣៤៧, ភាគឥសាន្តនៃខេត្តបុរីរ៉ាម។[៥៩] ការប្រយុទ្ធនេះបានបណ្តាលឱ្យស្លាប់នាយទាហានថៃមួយនាក់និងរងរបួសទាហានថៃពីរនាក់។[៦០]
  • ៥ មីនា: យួនបានវាយលុកលើជំរុំតាទុម ដែលបង្ខំអ្នកនៅទីនោះរត់គេចទៅជំរុំសាយបេ (Site B)។ អ្នកនៅតាមជំរុំដងរុក សានរ៉ូ, បាងសាងែ ត្រូវបានគេជម្លៀសទៅសាយបេទាំងអស់។ កងទ័ពវៀតណាម ១,០០០ នាក់តែងតែប្លាស់វេនគ្នាវាយចូលទឹកដីថៃក្នុងគោលបំណងចង់វាយបំបែកក្រុមឧទ្ទាមកម្ពុជា។[៦១]
  • ៦ មីនា: កងពលទាហាននិងយន្តហោះយោធាថៃបានចាប់ផ្តើមធ្វើយុទ្ធនាការបណ្តេញទាហានយួនដែលតាំងជម្រកនៅតាមជើងភ្នំមួយក្នុងប្រទេសខ្លួន។ កងទ័ពអាកាសភូមិន្ទថៃបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងដែលមានបេសកកម្មបណ្តេញទាហានវៀតណាមចំនួន ១,០០០ នាក់ឱ្យដកថយចេញពីព្រំដែនថៃ។[៦២] ការវាយតបទៅវិញរបស់ថៃនេះបានបណ្តាលឱ្យមនុស្សចំនួន ៦០ នាក់បាត់បង់ជីវិត។[៦៣]
  • ៧ មីនា: កូនភ្នំទាំងបីដែលយួនដណ្តើមបាននុះក៏ត្រូវក្រុមយោធាថៃវាយយកមកវិញ។ គេបានរាយការណ៍ថាទាហានវៀតណាមរាប់រយនាក់បានរត់ចូលទៅក្នុងប្រទេសកម្ពុជា។ ពួកវៀតណាមក៏បានវាយបកទៅវិញមកលើភ្នំ ៣៦១ ពីក្រោយមូលដ្ឋានទ័ពខ្មែរដែលយួនដណ្តើមបាន។ កងទាហានថៃ ១៤ នាក់ និង ប្រជាជនថៃ ១៥ នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ។[៦៤]
  • ៦ មេសា: កងល្បាត់ព្រំដែនថៃបានបាញ់សម្លាប់ទាហានវៀតណាមម្នាក់អំឡុងពេលកំពុងប្រយុទ្ធគ្នារយៈពេល ១០ នាទីនៅក្បែរព្រំដែន។[៦៥]
  • ២០ មេសា: កងទ័ពវៀតណាមប្រហែល ១,២០០ នាក់បានវាយប្រហារមកលើទីតាំងយោធានៅភាគអាគ្នេយ៍នៃខេត្តត្រាត, ដែលមានចម្ងាយតែពី ៣ ទៅ ៤ គីឡូម៉ែត្រពីឈូងសមុទ្រថៃប៉ុណ្ណោះ។ កងទ័ពវៀតណាមបានបង្កើតមូលដ្ឋានយោធាអចិន្ត្រៃយ៍នៅលើកូនភ្នំមួយក្នុងប្រទេសថៃដែលមានចម្ងាយកន្លះម៉ាយពីព្រំដែន។ ក្រោយមក ពួកវាបានចាប់ផ្តើមបង្កប់គ្រាប់មីន និងសង់លេនដ្ឋានប្រយុទ្ធ។ មិនយូរប៉ុន្មាន, កងកម្លាំងថៃបានរុញច្រានទាហានវៀតណាមខ្លះៗមកកាន់ព្រំដែនកម្ពុជាវិញប៉ុន្តែវៀតណាមមិនបានទទួលចុះចាញ់ងាយៗទេដោយពួកគេបានបញ្ជូនកងរវសេនាតូចចំនួន ៦០០ ទៅ ៨០០ នាក់ទៅក្នុងប្រទេសថៃវិញ។[៦៦]
  • ១០ ឧសភា: ទាហានថៃម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីជាន់លើគ្រាប់មីនរបស់យួន។[៦៦]
  • ១១ ឧសភា: យន្តហោះចម្បាំងនិងកាំភ្លើងធំថៃបានធ្វើការវាយបកមកលើបណ្តុំជំរុំកងទ័ពវៀតណាមនៅភ្នំមួយដែលមានចម្ងាយកន្លះម៉ាយពីព្រំដែន, រួចហើយកងកម្លាំងថ្មើរជើងថៃក៏ត្រៀមសម្រុកវាយចូលតំបន់ដែលយួនបានបង្កប់មីននោះ។ ដំបូងថៃបានចាត់ទម្លាក់គ្រាន់បែកនិងបាញ់គ្រាប់ផ្លោងទៅជំរុំទ័ពវៀតណាមនៅតាមជួរភ្នំបណ្ណថាតមុនពេលសម្រុកទ័ពខ្លួនចូល។ ពួកវៀតណាមក៏បានជីកចូលក្នុងដីដើម្បីកុំឱ្យគ្រាប់ផ្លោងធ្លាក់មកត្រូវចំពួកគេហើយថែមទាំងបានតម្រៀបបង្កប់មីនជាខ្សែទៀតផងដើម្បីជៀសវាងពីការវាយបករបស់កងទាហានថ្មើរជើងថៃ។ ជាលទ្ធផល ទាហានថៃប្រាំពីរនាក់ត្រូវបានស្លាប់និងរបួស ១៦ នាក់។ វិទ្យុក្រុងហាណូយបានចាក់ផ្សាយសេចក្តីថ្លែងការមួយរបស់ក្រសួងការបរទេសវៀតណាមដោយពួកគេបានបដិសេដអំពីសកម្មភាពចូលលុកលុយក្នុងប្រទេសថៃ។ ថៃបានចោទប្រទេសវៀតណាមដោយលើកយកការវាយឆ្លងព្រំដែនទាំង ៤០ ករណី (រាប់ចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៨៤ មក) មកបញ្ជាក់ក៏ប៉ុន្តែរដ្ឋាភិបាលវៀតណាមបានបដិសេដការចោទប្រកាន់នេះ។[៦៦]
  • ១៥ ឱសភា: កងកម្លាំងថៃនិងវៀតណាមបានប្រឈមប្រយុទ្ធគ្នាអស់រយៈពេល ៨ ម៉ោង។
  • ១៧ ឱសភា: ទីបំផុតទាហានថៃបានរុញច្រានទាហានវៀតណាមចូលមកក្នុងប្រទេសកម្ពុជាវិញបន្ទាប់ពីការប្រយុទ្ធគ្នាដ៏សែនលំបាក។ បន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយសប្តាហ៍ កងល្បាត់និងកងទ័ពជើងទឹកថៃក៏បានដណ្តើមកាន់កាប់ផ្នែកខ្លះនៃភ្នំដែលធ្លាប់កាន់កាប់ដោយវៀតណាមក្នុងទឹកដីប្រទេសថៃកាលពីប៉ុន្មានថ្ងៃមុន។[៦៧]
  • ពាក់កណ្តាលខែឱសភា: ជនស៊ីវិលខ្មែរប្រមាណ ២៣០,០០០ នាក់ត្រូវបានជម្លៀសទៅក្នុងប្រទេសថៃជាបណ្តោះអាសន្នបន្ទាប់ពីវៀតណាមបានបើកការវាយប្រហារមកលើតំបន់មួយចំនួនធំក្បែរព្រំដែន។
  • ២៦ ឱសភា: កងកម្លាំងវៀតណាមនៅភាគខាងជើងនៃប្រទេសកម្ពុជាបានវាយឆ្លងព្រំដែនចូលខេត្តឧប៊ុននៃប្រទេសថៃក្នុងការស្វែងរកកម្ចាត់ទ័ពព្រៃខ្មែរ។ ទាហានថៃប្រាំនាក់និងជនស៊ីវិលមួយនាក់ត្រូវបានបាត់បង់ជីវិតខណៈពេលដែលកំពុងប្រយុទ្ធតតាំងនឹងកងកម្លាំងវៀតណាមក្នុងរយៈពេលមួយម៉ោង។ ការវាយឆ្លងព្រំដែននេះបានធ្វើឱ្យអាជ្ញាធរខេត្តឧប៊ុនប្រកាស់ជម្លៀសជនស៊ីវិលប្រមាណ ៦០០ នាក់ពីភូមិចំនួនពីរនៅក្បែរព្រំដែនឱ្យទៅតំបន់ដែលមានសុវត្ថិភាព។[៦៨]
  • ១៣ មិថុនា: ទីបំផុតកងកម្លាំងថៃក៏ត្រូវប្រឈមជាមួយនឹងទ័ពវៀតណាមចំនួន ៤០០ នាក់ដែលឆ្លងពីព្រំដែន។[៦៩]

១៩៨៦[កែប្រែ]

  • ២៣ មករា: កាំភ្លើងធំរបស់វៀតណាមត្រូវបានតម្រង់សំដៅទៅលើទីស្នាក់ការរបសកង់ទ័ពជើងទឹកថៃមួយកន្លែងនៅហាតលេក, ជាភូមិមួយនៅចុងខាងត្បូងនៃព្រំដែន។ ដើម្បីធានាឱ្យបាញ់ចំគោលដៅ, ពួកវៀតណាមបានតម្រៀបកាំភ្លើងធំទាំងនោះនៅលើភ្នំមួយក្នុងទឹកដីប្រទេសកម្ពុជា។ អ្នកនាំពាក្យកងទ័ពជើងទឹកថៃបាននិយាយថា "សកម្មភាពទាំងនេះគឺហាក់ដូចជាការបង្កឡើងដោយមានចេតនាពីវៀតណាមអញ្ជឹង" លោកបានបន្តទៀតថា "ទាំងនេះគឺមិនមែនជាសង្គ្រាមរីករាលដាលអ្វីពីកម្ពុជាទេ វាគឺជាសកម្មភាពឈ្លានពានរបស់វៀតណាមតែម្តង"។ ជាការសងវិញ, នាវាចម្បាំងថៃមួយគ្រឿងបានបាញ់គ្រាប់ផ្លោងចំនួន ១០០ គ្រាប់មកលើទីតាំងកាំភ្លើងធំរបស់វៀតណាម (ពោលគឺមកលើភ្នំក្នុងទឹកដីកម្ពុជា)។[៧០]
  • ២៥ មករា: កាំភ្លើងធន់ធ្ងន់របស់វៀតណាមបានបើកការបាញ់ប្រហារមកលើព្រំដែនដែលបណ្តាលឱ្យនាវិកថៃចំនួន ៣ នាក់បាត់បង់ជីវិត និងបង្កឱ្យមានការបាញ់ប្រហារគ្នាទៅវិញទៅមករវាងកាំភ្លើងធំវៀតណាមនឹងនាវាចម្បាំងថៃ។[៧០]
  • ៧ ធ្នូ: កងទាហានវៀតណាមបានប្រមានថៃកុំឱ្យបន្តគាំទ្រនិងការពារទ័ពព្រៃខ្មែរ (រ.ច.ក.ប) តទៅទៀត។ ការនិយាយប្រកាសតាមមីក្រូនិងការបាញ់គ្រាប់ផ្លោងទៅលើមេឃគឺជាការផ្តល់សញ្ញាឱ្យថៃឈប់ផ្តល់ទីជម្រកឱ្យទ័ពព្រៃកម្ពុជា បើហ៊ានបដិសេដនោះ (ប្រទេសថៃ) នឹងទទួលនូវ"ផលវិបាក"ជាមិនខាន។[៧១]

១៩៨៧[កែប្រែ]

  • ២៥ មីនា: អង្គមេបញ្ជាការកងទ័ពថៃគឺលោកឧត្តមសេនីយ៍ឆាវ៉ាលិត យ៉ុងឆៃយុទ្ធបានប្រកាសថានឹងមិនប្រណីទាហានវៀតណាមណាដែលឈរជើង ៥ គមក្នុងទឹកដីថៃនោះទេ។
  • ១៧ មេសា: កងកម្លាំងថៃបានព្យាយាមបណ្តេញកងទ័ពជើងគោកវៀតណាមចេញពីតំបន់ចុងបុកដែលជាតំបន់ភ្នំមួយនៅជាប់ព្រំប្រទល់ប្រទេសថៃ លាវ និងកម្ពុជា។[៧២]
  • ៣០ ឧសភា: ជាងមួយខែបន្ទាប់ពីការផ្ទុះឡើងនៃជម្លោះនៅចុងបុក កងល្បាត់ថៃបានចាប់ផ្តើមដើរល្បាត់នៅក្នុងតំបន់នោះដើម្បីញែកផ្តាច់កងទ័ពវៀតណាមដែលនៅសេសសល់កុំឱ្យលួចឈ្លានចូលទឹកដីពួកគេកាន់តែជ្រៅតទៅទៀត។[៧៣]
  • ពាក់កណ្តាលឆ្នាំ១៩៨៧: កងកម្លាំងវៀតណាមនិងទ័ពប្រជាមានិតកម្ពុជាជាច្រើនត្រូវបានដាក់ពង្រាយយាមនៅតាមព្រំដែនកម្ពុជា-ថៃដែលមានប្រវែង ៨០០ គម។[៧៤]

១៩៨៨[កែប្រែ]

  • ២២ មេសា: កងទ័ពវៀតណាមបានឆ្លងកាត់ព្រំដែនហើយបានវាយស្ទាក់មកលើក្រុមប៉ូលីសព្រំដែនថៃដែលបង្កឱ្យស្លាប់ទាហានថៃចំនួន ៥ នាក់និងរងរបួសមួយនាក់។ គេបានបកស្រាយថាមានក្រុមប៉ូលីសព្រំដែនថៃ ៥ នាក់បានកំពុងដើរល្បាត់នៅក្បែរព្រំដែនក្នុងខេត្តបុរីរ៉ាមហើយស្រាប់តែទាហានវៀតណាមម្នាក់បានបោះគ្រាប់បែកទៅក្រុមប៉ូលីសព្រំដែនទាំង ៥ នាក់នោះរួចហើយពួកវាថែមទាំងបានរះកាំភ្លើងពួកវាទៅកាន់ប៉ូលីសព្រំដែនទាំង ៥ នាក់នោះថែមទៀតផងដែលធ្វើឱ្យពួកគេបាត់បង់ជីវិតភ្លាមៗ។[៧៥]
  • ១២ មិថុនា: នៅប្រហែលម៉ោង ៩ យប់, កាំភ្លើងធន់ធ្ងន់វៀតណាមបានបាញ់គ្រាប់ផ្លោងចូលទៅក្នុងភូមិមួយក្នុងប្រទេសថៃបង្កឱ្យអ្នកភូមិពីរនាក់បាត់បង់ជីវិតនិងរបួសពីរនាក់ថែមទៀត។ គ្រាប់ផ្លោងប្រាំមួយគ្រាប់ទៀតត្រូវបានបាញ់ចូលចម្ងាយ ៤ ម៉ាយទៅក្នុងទឹកដីថៃ។[៧៦]
  • ៤ សីហា: ប្រធានគណបក្សជាតិថៃឈ្មោះឆាត់ឆៃ ឆុនហាវណ្ណដែលបានក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសថៃបានសន្យាថានឹង"ប្រែក្លាយទីលានសមរភូមិប្រយុទ្ធ (ពោលគឺព្រំដែនកម្ពុជា-ថៃ) ឱ្យទៅជាតំបន់ទីផ្សាវិញ"។

១៩៨៩[កែប្រែ]

  • ២៦ មេសា: ទាហានវៀតណាមបានបាញ់គ្រាប់ផ្លោងចូលទៅក្នុងជំរុំជនភៀសខ្លួន សាយធូ, ដែលជាជំរុំជនភៀសខ្លួនកម្ពុជាធំជាងគេដោយមានចំនួនជនភៀសខ្លួនប្រមាណ ១៩៨,០០០ នាក់។ មនុស្ស ៣ នាក់បានទទួលរងរបួសធ្ងន់។ ក្រោយពីគ្រាប់ផ្លោងបានធ្លាក់មកលើ ជំរុំសាយធូត្រូវបានបិទលែងទទួលជំនួយពីប្រទេសលោកខាងលិចទៀត ជាពិសេសពីប្រតិបត្តិការជំនួយព្រំដែនជាតិរបស់អង្គការសហប្រជាជាតិ[៧៧]
  • កញ្ញា–ធ្នូ: ទីបំផុតកងទ័ពវៀតណាមក៏បានដកថយចេញពីព្រំដែននិងទឹកដីប្រទេសកម្ពុជា។

មើលផងដែរ[កែប្រែ]

កំណត់សំគាល់[កែប្រែ]

  1. "Diplomats Recall Cambodia After the Khmer Rouge - The Cambodia Daily". The Cambodia Daily. 5 April 2003. https://www.cambodiadaily.com/news/diplomats-recall-cambodia-after-the-khmer-rouge-25676/។ បានយកមក 29 June 2018. 
  2. Weiss, Thomas G.; Evans, Gareth J.; Hubert, Don; Sahnoun, Mohamed (2001) (ជាen). The Responsibility to Protect: Report of the International Commission on Intervention and State Sovereignty. International Development Research Centre (Canada). p. 58. ល.ស.ប.អ. 9780889369634. https://books.google.ca/books?id=31qFeSkSb5IC&pg=PA58។ បានយកមក 29 June 2018. 
  3. https://www.rbth.com/arts/2016/03/19/when-moscow-helped-topple-the-khmer-rouge_576789
  4. since 1982, the KR, the KPNLF and the ANS formed the Coalition Government of Democratic Kampuchea.
  5. Puangthong Rungswasdisab, ការឆ្លើយតបរបស់ថៃទៅសកម្មភាពប្រល័យពូជសាសន៍ខ្មែរ (ជាអង់គ្លេស)
  6. "វិបត្តិជនភៀសខ្លួនកម្ពុជា: ប្រវត្តិសាស្រ្ត". Archived from the original on 3 តុលា 2021. Retrieved 20 April 2020.
  7. Pilger, John, Heroes, South End Press, Cambridge, MA, 2001, p. 421
  8. "ប្រវត្តិជំរុំជនភៀសខ្លួននៅតាមព្រំដែនកម្ពុជា-ថៃ". Retrieved 27 June 2015.
  9. Henry Kamm, New York Times, 24 June 1980, cites Associated Press figures of 130 Thai soldiers, 72 Vietnamese, and up to 400 refugees killed; Time Magazine, 7 July 1980 claims 22 Thais killed and 100 Vietnamese.
  10. Mason L, Brown R. Rice, Rivalry and Politics: Managing Cambodian Relief. Notre Dame: University of Notre Dame Press, 1983, p. 76.
  11. "Star-News - Google News Archive Search". Retrieved 21 មេសា 2020.
  12. ""Courage that Spelt Relief for the Starving," Coventry Evening Telegraph, March 10, 1981". Archived from the original on មីនា 12, 2020. Retrieved មេសា 21, 2020.
  13. Vietnam Said to Seize Photographers and Relief Workers at Thai Border; U.S. Envoy Asks Halt Border Is Reported Crossed Repatriation Is Denounced, 27 June 1980, Friday; Page A6, 647 words
  14. "Spokane Daily Chronicle - Google News Archive Search". Retrieved 22 មេសា 2020.
  15. រដ្ឋាភិបាលថៃបានរាយការណ៍ថាទាហានខ្លួនចំនួនពីរនាក់ត្រូវបានស្លាប់ខណៈពេលដែលកំពុងរុញច្រានទ័ពវៀតណាមទៅកាន់ព្រំដែនវិញ, UPI, Published: 4 January 1981
  16. កងទ័ពថៃបន្ថែមត្រូវបានបញ្ជូនទៅតាមព្រំដែនក្នុងលក្ខណៈត្រៀមប្រុងប្រយ័ត្នពីការវាយប្រហាររបស់វៀតណាមនៅពេលខាងមុខ, UPI, Published: Monday, 5 January 1981
  17. យន្តហោះស៊ើបអង្កេតរបស់ថៃបានគិចពីការបាញ់ប្រហារដោយកងកម្លាំងវៀតណាម, UPI, Published: 21 October 1982
  18. Van der Kroeff, J. "Refugees and Rebels: Dimensions of the Thai-Kampuchean Border Conflict", Asian Affairs, Vol. 10, No. 1 (Spring. 1983), pp. 19–36.
  19. ១៩,០ ១៩,១ "កងទ័ពវៀតណាមបានបើកការវាយប្រហារទៅលើជំរុំជនភៀសខ្លួនកម្ពុជា", Reuters, Tuesday, 1 កុម្ភៈ 1983.
  20. The Bangkok Post, 1 April 1983, quoted in Justus van der Kroef, "Kampuchea: Southeast Asia's Flashpoint", Parameters, Journal of the US Army War College, Spring 1984, p. 62.
  21. "Vietnamese Battle Thais", AP, Sunday, 3 April 1983
  22. Kenneth Conboy, The NVA and Viet Cong, (1992) p. 29.
  23. "Vietnam Moves Troops Into Thai Border Area", Reuters, Tuesday, 27 December 1983
  24. Kampuchea Between China and Vietnam, p. 153
  25. Asia: Non-PC Crises, p. 557
  26. Conboy, p. 29.
  27. "កងកម្លាំងវៀតណាមបានវាយលុកលើជំរុំក្រុមឧទ្ទាមកម្ពុជា", Reuters, Sunday, 15 April 1984
  28. "Kampuchean Villagers Flee for Shelter", Xinhua Radio News, Beijing, August 10, 1984, 14:31 GMT.
  29. "ប៉ូលីសល្ប៉ាតព្រំដែនថៃបានចាប់ខ្លួនទាហានវៀតណាមចំនួន ៥ នាក់", Bangkok Post, 29 October 1984, Section A.
  30. Another source cited 3 killed and 31 wounded.Thai/Cambodian Border History
  31. "Thailand Sends Troops To Counter Vietnamese", Reuters, 7 November 1984
  32. "Rebels at Nong Chan Hold Out: Assault by Vietnamese Troops on the Kampuchean Resistance Base", The Guardian, 26 November 1984.
  33. "Vietnamese Suffer Heavy Casualties Near Nong Chan," Xinhua General News Service, 10 December 1984.
  34. "VIETNAM ATTACKS CAMBODIAN REBELS NEAR THAI BORDER," Associated Press, 25 December 1984.
  35. "In Cambodia the Resistance Goes On", Letter to the Editor by Sichan Siv, The New York Times, 18 January 1985.
  36. Sichan Siv, 1985.
  37. ""Southeast Asia dry-Season Rite", Time, Jan. 7, 1985". Archived from the original on 2011-01-24. Retrieved 2020-04-25.
  38. "Vietnam Tries to Split Kampuchea Resistance", Christian Science Monitor, 28 December 1984 p. 1.
  39. "Cambodian Rebels Await Major Push by Viet Troops", LA Times, 7 January 1985, p. 10.
  40. "Cambodian Rebels Reported Under Heavy Viet Shelling," LA Times, 4 January 1985, p. 13.
  41. "KPNLF says Vietnamese Using Suffocant Gas", Bangkok World, 4 January 1985, p. 1.
  42. "Ampil's State of Siege," Newsweek, 14 January 1985.
  43. "Fighting at Samet Continues", Bangkok Post, 30 December 1984, p. 1.
  44. "CAMBODIAN REBELS BATTLE HANOI'S TROOPS FOR 7TH DAY", New York Times, Barbara Crossette, 1 January 1985
  45. "Vietnamese battle Cambodians as Thais Prepare Protest", Daily News, 3 January 1985, p. 10A
  46. One source states that 12 tanks and 20 APCs were used in the assault: "Vietnamese Troops Overrun Key Cambodia Rebel Base", William Branigin, The Washington Post, 9 January 1985, p. A1.
  47. "Hanoi Deals Blow to Guerrilla Camp," Paul Quinn-Judge, Christian Science Monitor, 8 January 1985, p. 9.
  48. "Guerrilla Losses are more Military than Political," Paul Quinn-Judge, Christian Science Monitor, 8 January 1985, p. 9.
  49. ៤៩,០ ៤៩,១ "Guerrillas Rally after Rout by Viets", Chicago Tribune, 9 January 1985, p. 3.
  50. "Vietnamese Attack Cambodia Camp," Barabara Crossette, New York Times, 8 January 1985, p. A1.
  51. "Hanoi Goes for the Jugular," Newsweek, 21 January 1985, p. 8.
  52. "Hanoi Goes for the Jugular", Newsweek, 21 January 1985, p. 8.
  53. From Reuters, 8 January 1985.
  54. "Vietnamese Troops Shell Sanror Changan," Xinhua General Overseas News Service,27 January 1985, Item No: 012734.
  55. "Vietnamese Attack Cambodian Rebel Camp", Reuters, 26 January 1985.
  56. "Sihanouk Rejects Offer of Talks With Cambodian Regime", Peter Eng, Associated Press, 31 January 1985, Thursday, AM cycle.
  57. "Viets Accused of Using Gas Against Rebels", Associated Press, 19 February 1985.
  58. "Vietnamese Troops Battle Rebel Resistance", Associated Press, 18 February 1985, AM cycle
  59. "Thais Report a Clash with Vietnamese Troops", Associated Press, 20 February 1985.
  60. "Vietnamese and Thais Battle on the Border", AP, Thursday, 21 February 1985
  61. US Department of State Bulletin, July 1985
  62. "Thais Strike by Air and Ground Against Intruding Viet Forces", Los Angeles Times, 7 March 1985, p. 19.
  63. THAI FORCES CLASH WITH VIETNAM
  64. "Thai Forces Still Trying to Drive Back Vietnam Troops; 3 Hills Retaken" 8 March 1985, Washington Post
  65. "Thais Kill Vietnam Soldier", UPI, Published: 6 April 1985
  66. ៦៦,០ ៦៦,១ ៦៦,២ "Thai Jets, Artillery Pound Viet Intruders". latimes. Retrieved 29 មេសា 2020.
  67. "Thai Troops Force Vietnamese Soldiers Out", UPI, 17 May 1985
  68. "Vietnamese Force Kills 5 Thai Soldiers", REUTERS, 26 May 1985
  69. "Thai-Vietnamese Clash", UPI, 13 June 1985
  70. ៧០,០ ៧០,១ "Vietnamese Artillery Kills 3 at Thai Post", UPI, Saturday, 25 January 1986
  71. "Stop Backing Rebels, Vietnamese Tell Thais" Los Angeles Times
  72. "2 Thai Deals Enlarge China's Asian Arms" Role Los Angeles Times
  73. "Thai Border Clash", New York Times Saturday, 30 May 1987
  74. "Thailand - Potential External Threats". Retrieved 27 June 2015.
  75. "4 Thais Killed in Border Clash with Vietnamese" Los Angeles Times
  76. VIETNAM SHELLS THAI VILLAGE.
  77. "38 Killed, 42 Wounded in Fierce Thai Border Clash" Los Angeles Times

ឯកសារយោង[កែប្រែ]

តំណភ្ជាប់ក្រៅ[កែប្រែ]