Jump to content

ឧទ័យធិរាជប្រាង្គ

ពីវិគីភីឌា
ឧទ័យធិរាជប្រាង្គ
ចៅពញាឧទ័យធិរាជនៃក្រុងកម្ពុជាធិបតី
ក្នុងការិយាល័យ
គ.ស ១៥១៦ – ១៥??
ព្រះមហាក្សត្រចន្ទរាជា
មុនចៅពញាឧទ័យធិរាជ (ឝ្រីឝៅគន្ធបទ)
បន្ទាប់មិនស្គាល់
ចៅពញាឧទ័យធិរាជនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ព្រះមហាក្សត្រស្រីជេដ្ឋា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ប្រាង្គ

ចៅពញាឧទ័យធិរាជប្រាង្គ កាន់តំណែងឆ្នាំ ១៥១៦-១៥?? ជាចៅហ្វាយស្រុកខែត្រអាសន្ទុក មានចៅមឿងស្រុកឡើង ២៤ ស្រុក: មឿងស្ទោងជីក្រែងព្រំទេពប្រាសាទដប់ព្រៃក្ដីស្រងែឈើទាលងនកំពង់លែងកោះកេរ្តិ៍ព្រះកានពោធិ៍រោងសេននគរម្លូព្រៃជាំក្សាន្តវារីសែនព្រៃសំបួរកំពូលពេជ្រព្រះប្រសប់ត្បែងព្រះឃ្លាំងគោកសេះ១។

ប្រវត្តិសឹកសង្គ្រាមជ័យ

[កែប្រែ]

បំរើរាជការខាងស្ដេចកន

[កែប្រែ]

សមរភូមិក្រគរ គ.ស.១៥១៦

[កែប្រែ]

ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវរានុកូលក្រាបទូលថា: "សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរប្ដឹងទូលព្រះបង្គំថា: នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចំបាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាពេជ្រ (មឿង) មេស្មឹងឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ព សំរេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាពេជ្រទាំង៤ នាក់នោះធ្វើជាសេនាបតីសំរាប់ទ្រង់ហើយឲ្យធ្វើបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយបន្ទាយខែត្រក្រគរទៀត ឥឡូវនេះ បន្ទាយខែត្រក្រគរបកហើយ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានព្រះបន្ទូលថា: បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ត្រខែត្រខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទល់ទប់ទ័ពរបស់ចៅពញាចន្ទរាជា ឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំ ឲ្យអស់ពីកំលាំងចិត្តណា៎"។ ពញាចក្រីទទួលព្រះរាជបញ្ជា ហើយក្រាបទូលថា : "ទូលព្រះបង្គំ លើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬ មិនបាន ក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខានដែរ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ព្រះទានលំពែងក្រំ (១) មាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ពទៅតាំងនៅក្នុងខែត្រលង្វែក។ ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ្វាកៅជាមាឲ្យធ្វើមេទ័ពធំ។ ទ្រង់ប្រទានដាវគ្រឿងមាសមួយជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិតោមាសមួយសំរាប់ជាគ្រឿងសំរាប់យស និង ស្គរហែពីរសំរាប់ទូងតាមផ្លូវខែត្រកំពង់សៀម។ សម្ដេចចៅហ្វាកៅទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀមហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ។ លុះបានរេហ៍ពលគ្រប់ខែត្រមកជួបជុំហើយចៅហ៊្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខែត្រអាសន្នទុក ឲ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបងឆ្លងមកវាយផ្ទប់ពីក្រោយកុំឲ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯសម្ដេចចៅហ៊្វាកៅខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច។ ឯប៉ែកកងទ័ពនៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន ៥៥០០ នាក់ ហើយក៏ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងលើកទ័ព ១០០០០ នាក់ជាទ័ពមុខឲ្យចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញកាន់ពល ១០០០០ នាក់ជាប៉ែកស្ដាំឲ្យចៅពញាវង្សាអនុជិត (២) ចៅហ្វាយស្រុកបាទីកាន់ពល ១០០០០ នាក់ជាប៉ែកឆ្វេងឲ្យព្រះរាជាវរានុកូលកាន់ពល ១០០០០ នាក់ជាទ័ពក្រោយ។ ឯខ្លួនចៅពញាចក្រីឯងកាន់ពល ១៥០០០ នាក់ជាទ័ពធំ។ ទ័ពចៅពញាចក្រីលើកដល់ខែត្រក្រគរក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកពេជ្រ។ ចៅពញសួគ៌ាលោកពេជ្រយល់ថា "ទ័ពខាងចៅពញាចក្រីលើកមកដល់ហើយព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវជាកូនច្បងឲ្យកាន់ពល ២០០០ នាក់ជាទ័ពមុខចាត់ចៅពញាបរទេសរាជអង់ជាកូនទី២ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេពជាកូនទី៣ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកឆ្វេងចាត់ចៅពញារាជតេជៈសុខជាកូនទី៤ ជាទ័ពក្រោយកាន់ពល ១០០០ នាក់។ ឯខ្លួនចៅពញាសួគ៌ាលោកឯងកាន់ពល ៤០០០ នាក់ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី

ចៅពញាវង្សាអគ្គរាជកែវ កូនច្បងជាមេទ័ពមុខនោះដេញទ័ពឲ្យចូលវាយលុកកងទ័ពចៅពញាតេជោ។ រេហ៍ពលក្នុងកងទ័ពទាំង ២០០០ នាក់នោះកាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោវាយកាប់សំលាប់គ្នាពពាក់ពពួនស្លាប់ហូរឈាមដូចទឹកទរ ឬ ហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាវង្សាអគ្គរាជកែវ ឃើញដូច្នោះហើយក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោដែលនៅលើខ្នងសេះ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់គេចខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ពញាតេជោពីលើខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជឃើញបាចណាបហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡមានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ។ ចៅពញវង្សាអគ្គរាជយល់ថា "ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងរឹតតែមកដល់ថែមហើយថែមទៀតផងនឹងយកជ័យតទៅទៀតពុំបានឡើយ" ទើបនាំរេហ៍ពលថយមកជំរាបបិតាតាមដំណើរ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ និង ចៅពញាវង្សាអនុជិតចៅហ្វាយស្រុកខែត្របាទីជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ព ចៅពញាបរទេសរាជនិង ចៅពញាវិបុលរាជដែលបង្កប់តាមសងខាងផ្លូវនោះ។

កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយ ក៏ដេញពលចូលច្បាំង កាប់ចាក់ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយប្រកាប់ប្រចាក់គ្នាទៅវិញទៅមក។ ចៅពញាវង្សាអនុជិតជាចៅហ្វាយស្រុកខែត្របាទីក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះសេះរបស់ខ្លួនផុងជើងក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី។ មួយរំពេចនោះ ចៅពញាវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទីបណ្ដាលឲ្យគាត់ពិការជាទំងន់។ អស់សេនាទាហាន ខាងចៅពញាវង្សាអនុជិតនាំគ្នាជួយគ្រាហ៍ចៅហ្វាយរត់រួចខ្លួនទៅ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា "នាយទ័ពរបស់ខ្លួនត្រូវរបួសជាទំងន់ហើយ" ក៏នាំគ្នាទៅរកទ័ពចៅពញាតេជោមេកងខាងចៅពញាចក្រី កាលដឹងថា"ចៅពញាតេជោ ស្លាប់ក្នុងសង្គ្រាមហើយ" ក៏នាំសេនាទាហានទាំងពីរកង ទៅប្ដឹងចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញនិងទ័ពចៅពញាបរទេសរាជ និងវិបុលរាជ ជាកូនទី២ ទី៣របស់ចៅពញាសួគ៌ាលោកពេជ្រកំពុងច្បាំងប្រកាប់គ្នា យ៉ាងគឹកកងរំពងខ្លាំងណាស់ដូច្នោះ ព្រមទាំងបានក្រឡេកមើលពីលើដំរីទៅ ឃើញកូនតាពេជ្រ ទាំងពីរនាក់នោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាពេជ្រទាំងពីរនាក់ ទើបចៅពញាចក្រី ដេញរេហ៍ពល ឲ្យចូលទៅជួយច្បាំងថែមទៀត។

ចំណែកឯ ចៅពញាសួគ៌ាលោកពេជ្រ ចៅពញារាជតេជៈសុខកូនទី៤ របស់តាពេជ្រ កាលបានដឹងនូវកិច្ចការទ័ព ទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនោះទៀត។ ការប្រយុទ្ធរវាងកងទ័ព ខាងចៅពញាចក្រី និង ខាងចៅពញាសួគ៌ាលោកពេជ្រ បានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាងណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាង សុទ្ធសឹងតែរបឹងរឹងរូសមោះមុត ដូចៗគ្នា។

ខណៈនោះ ពញាសួគ៌ាលោកពេជ្រ យល់ថា កងទ័ពចៅពញាចក្រី មានពលច្រើនណាស់ សេនាទាហានទាំងនោះ ក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួន ក៏ស្លាប់ប្រមាណជា ៦០ នាក់ទៅហើយឃើញថានឹងតយកជ័យជំនះពុំបានទេ។ លុះវេលាព្រលប់ មកដល់ហើយ ចៅពញាសួគ៌ាលោកពេជ្រ ក៏វាយស្គរ ជាសញ្ញាឲ្យដំណឹងដល់កងទ័ព ឲ្យឈប់ច្បាំង ទាំងសងខាង។

ចៅពញាសួគ៌ាលោកពេជ្រ និង កូនទាំង៤នាក់ នាំសេនាទាហានរេហ៍ពល ថយទ័ពទៅក្រាបបង្គំគាល់ ព្រះចៅពញាចន្ទរាជានៅបន្ទាយពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូល តាមហេតុគ្រប់ប្រការ។ ចៅពញាចក្រី ឃើញថាចៅពញាសួគ៌ាលោក បន្ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់កលតាពេជ្រផង ដោយព្រះអាទិត្យអស្ដង្គតរលត់រស្មីទៅហើយផង។

សមរភូមិទន្លេសាប

[កែប្រែ]

ចៅហ្វាយស្រុកខែត្រអាសន្ទុក​លុះ​ដឹង​ថា “សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​លើកទ័ព​ហួស​រហូត​ទៅ​ដល់​ខែត្រ​រលាប្អៀរ លង្វែក ហើយ” ក៏​តាំង​កេណ្ឌ​កងទ័ព​គ្រប់​ខែត្រ​ដែល​ឡើង​ខែត្រ​អាសន្ទុក​នោះគឺ​ មឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿង​ទាំង​ ២៥ ​នេះ​កេណ្ឌ​បាន​ពល​ ៨០០០០ នាក់ ហើយ​ឲ្យ​កេណ្ឌ​ទូក​រាស្ដ្រសំរាប់ចំលង​​កងទ័ព​ឆ្លង​ទៅ​ខែត្រ​ក្រគរដើម្បី​វាយ​កងទ័ព​សត្រូវ​ផ្ទប់​ពី​ខាងក្រោយ​កុំ​ឲ្យ​សម្ដេចចៅពញា​ចន្ទរាជា​រត់គេច​ខ្លួន​បាន។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់ ព្រះ​អង្គ​ប្រថាប់​ទ័ព​នៅ​បន្ទាយ​ស្រុក​បរិបូរណ៍ (អម្រិន្ទបូរី)។ ក្នុង​​ថ្ងៃ​នោះ​ព្រះ​អង្គ​ជ្រាប​ថា “កង​ល្បាត​នៃ​ចៅពញា​ឧទ័យធិរាជ​កំពុង​ឲ្យ​កងទ័ព​ឆ្លងទន្លេ​សាប​មក​ខែត្រ​ក្រគរ​ហើយ” ទ្រង់​ឈ្វេងយល់​គ្រប់​ប្រការ​ស្រេច ទើប​ស្ដេច​ត្រាស់​បង្គាប់បំរើសេះ​ឲ្យទៅ​ទូល​ចៅពញា​យសរាជា​ដែល​នៅ​រក្សា​ខែត្រ​ពោធិ៍សាត់​ថា ឲ្យ​លើក​កងទ័ព​ទៅ​ស្ទាក់​ចាំ​នៅ​កំពង់​ដៃទន្លេ​សាបកុំ​ឲ្យ​កងទ័ព​សត្រូវ​ឡើងគោក​រួច។ ឯ​ចៅពញា​យសរាជា​ជា​ស្ដេច​ព្រះ​ភាគិនេយ្យ (របស់​ព្រះ​ចន្ទរាជា) ទ្រង់​ជ្រាប​ហើយ​ទ្រង់​ឲ្យ​នាយកង​ទ័ព​នាំ​រេហ៍ពល ​១០០០០ ​នាក់កាន់​កាំភ្លើង​ធំ​តូច​ទៅ​បង្កប់​ចាំ​នៅ​មាត់ព្រៃ​ទន្លេសាប​ពីរ​អន្លើ ហើយ​ឲ្យ​កេណ្ឌ​ទូក​បាន​ជា​ច្រើន។ ទ្រង់​ត្រាស់​កំណត់​ថាបើ​កងទ័ព​សត្រូវ​វា​ថយ​រត់​ទៅ​ត្រូវ​ឲ្យ​តាម​បាញ់​តាម​ចាប់​យកជ័យ​ជំនះ​ឲ្យ​បាន។ សម្ដេចចៅពញា​ចន្ទរាជា កាល​ឲ្យ​បំរើ​ទៅ​ទូល​សម្ដេចព្រះ​ភាគិនេយ្យោ​ចៅពញា​យសរាជា​រួច​ហើយ ស្ដេច​ត្រាស់​បង្គាប់​ចៅពញា​ធិបតី​សេនាពេជ្រ និង​ចៅពញា​យោធា​សង្គ្រាម​ពៅឲ្យ​នាំ​រេហ៍ពល​ ២០០០០ ​នាក់​ទៅ​បង្កប់​ចាំ​នៅ​មាត់​ព្រែក​ទន្លេសាប​ត្រើយ​ខាងកើត ហើយ​ទ្រង់​ផ្ដាំ​ថា “បើ​ឮ​កាំភ្លើង​សន្យា​ទ័ព​ហើយឲ្យ​លើក​កងទ័ព​ចូល​ច្បាំង​ឲ្យ​បាន​សំរេច​ចុះ” ។ ចៅពញា​ទាំង​ពីរ​ក៏​ក្រាប​បង្គំ​ថ្វាយ​លា​ចេញ​ទៅ​តាម​ព្រះរាជ​បញ្ជា។ ឯ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ស្ដេច​ឡើង​គង់​លើ​ព្រះ​ទីនាំង​ចក្រពត្ដិគឺ​ទូក​-ង​សារាយអណ្ដែត​នោះ ព្រម​ដោយ​ទូក-​ង​ផ្សេងៗ​ ២៥ ​ទៀត​ចេញ​ទៅ​បង្កប់​ស្ទាក់​នៅ​មាត់​ព្រែក​ទន្លេសាបចាំ​ទ័ព​សត្រូវ។ ចៅពញា​ឧទ័យធិរាជ​ ចៅហ្វាយស្រុក​ខែត្រអាសន្ទុក (ខាង​ស្ដេច​កន) កាល​បាន​ទូក និង​ទ័ព​មក​ជួបជុំ​ហើយ​ក៏​ដេញ​ពល​ឲ្យ​ចុះទូក​ទៅ​ដល់​ជិត​ព្រៃ​ត្រើយ​ ខាងលិច។ ខណៈនោះ​កងទ័ព​ចៅពញា​យសរាជា​ដែល​បង្កប់ខ្លួន​នោះ​ក៏​តាំង​ហ៊ោរ​បាញ់កាំភ្លើង​ ធំ​តូច​រំពង​ឡើង។ កងទ័ព​ចៅពញា​ឧទ័យធិរាជ​ជិះទូក​កំណែន គ្មាន​ចំណាប់​នឹង​បាញ់ ក៏​បែក​កងទ័ព​រត់​ទៅ​ពួន​ក្នុង​ព្រៃ​មួយអន្លើ​ក្នុង​ខែត្របរិបូរណ៍។ នៅ​ទីនោះ​កងទ័ព​ចៅពញា​ឧទ័យធិរាជ​ទាំងនោះ​រត់ទៅ​ជួបនឹង​កងទ័ព​ចៅពញា​សេនា​សង្គ្រាម។ ខាង​កងទ័ព​ចៅពញា​សេនា​សង្គ្រាម​ក៏​ទទួល​បាញ់​កាប់​ចាក់​កងទ័ព​សត្រូវ​ឥត​ត្រា​ប្រណី​ឡើយធ្វើ​ឲ្យ​កងទ័ព​សត្រូវ​ទ្រាំ​មិន​បាន​ក៏​រត់​ឆ្លង​ទៅ​ត្រើយ​ខាងកើត​វិញ។ ទ័ព​ដែល​ស្លាប់​ដោយ​ធ្លាក់ទឹក​ទន្លេសាប​នោះ​ប្រមាណ​ជា​ពីរ​ ឬ​ បី​ពាន់​នាក់។ ឯ​សម្ដេចចៅពញា​ចន្ទរាជា​ដែល​បង្កប់​ក្នុង​ព្រៃ លុះ​ឮ​សូរកាំភ្លើង​ហើយ​ឃើញ​ទ័ព​នៃ​ចៅពញា​ឧទ័យធិរាជ​រារង់​ថយ​មក​នោះ ទ្រង់​ក៏​ឲ្យ​ទូក​ង​ទាំង​ ២៥ និង​ទូក​ព្រះ​ទីនាំង​ព្រះ​ចក្រពត្ដិ​អុំ​សំរុកចូល​ទៅ​ចាប់ ហើយ​ចាប់​បាន​ទាំង​ពល​ទាំង​ពញា​ឧទ័យធិរាជ និង​ចៅ​មឿង​ ១០ ​នាក់​ទៀត។ ឯ​ចៅ​មឿង ​១១ ​នាក់​ទៀត​លោត​រត់​ដោះ​ខ្លួន​ទៅ​ដល់​ច្រាំង​ត្រើយ​ខាង​កើតជា​មុន។ ឯ​ចៅពញា​អធិបតី​សេនា និង​ចៅពញា​យោធា​សង្គ្រាម​ដែល​នៅ​បង្កប់ទ័ព​នៅ​មាត់ទន្លេ​ត្រើយ​ខាងកើត​នោះ លុះ​ឃើញ​ចៅ​មឿង​ទាំង​ ១១​ នាក់​រត់ទៅ​ដល់​ហើយ ក៏​ឲ្យ​ទ័ព​ខ្លួន​ដេញចាប់​បាន​ទាំងអស់ ហើយ​ឲ្យ​ដាក់​ក្ដី​ប្រចាំការ​ទំរាំ​ស្ដេច​យាង​ទៅ​ដល់។ លុះដល់​ថ្ងៃរសៀល​សម្ដេចចៅពញា​ចន្ទរាជា​ព្រះ​អង្គ​ចេញ​ព្រះរាជ​ដំណើរ​ទៅ​ដល់​ព្រះ​ពន្លា​នៅ​ត្រើយ​ខាងកើត​នោះ​ហើយ ចៅពញា​អធិបតី​សេនា​ពេជ្រ និង​ចៅពញា​យោធា​សង្គ្រាម​ពៅនាំ​ចៅហ្វាយស្រុក​ចៅ​មឿង​ទាំង​ ២២​ នាក់ និង​ឈ្លើយ​ទាំង ​៦០០០០​ នាក់​ដែល​ចាប់​បាន​នោះនាំ​មក​ក្រាប​បង្គំ​ទូល​ថ្វាយ។ ខណៈនោះ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បាន សេនា​ទាហាន ឯក ទោ ត្រី ដែល​ចាប់​បាន​ជាប់​ទាំង​រេហ៍ពល​ ៦០០០០​ នាក់ក៏​កោតខ្លាច​អំណាច​បុណ្យ​បារមី​នៃ​សម្ដេចចៅពញា​ចន្ទរាជា ហើយ​សន្មត​សញ្ញា​សូម​នៅ​ជា​ខ្ញុំ​រាជការ​ត្រា​អស់​មួយ​ជីវិត។ សម្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​តាម​សុំ។ តែ​ក្នុង​គ្រានោះ​ព្រះ​អង្គ​ពុំ​ទាន់​រក​ឃើញ​នូវ​ក្រុម​ព្រះ​បុរោហិត​នៅឡើយនឹង​ឲ្យធ្វើ​សច្ចាប្រណិធាន​តាម​ច្បាប់​ប្រពៃណី​ពុំ​កើត ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ក្រុម​ទាំងនេះ​ទទួល​ថា​តាម​ព្រះ​អង្គ ​៣ ​ដង​ម្នាក់ៗ ហើយ​ឲ្យ​ក្រុម​ទាំងនោះ​ទទួលទាន​ទឹកពិភទ្ទសច្ចា​ទុកជា​ការ​ស្រេច។

បំរើរាជការខាងព្រះចន្ទរាជា

[កែប្រែ]

ដណ្ដើមអាណាខែត្រឱ្យព្រះចន្ទរាជា

[កែប្រែ]

លុះ​ពល​ទាំងនោះ​សុំ​ចុះចូល​អស់ហើយ ព្រះ​អង្គ​ត្រាស់​បង្គាប់​ទៅ​ពញា​ឧទ័យធិរាជ​ជា​ចៅហ្វាយ​ស្រុកខែត្រ​អាសន្ទុក​ដែល​ទើបនឹង​សុំ​ចុះចូល​ឲ្យ​នាំ​មឿង​ទាំង​ ២២ ​ស្រុក និង​រេហ៍ពល ​៦០០០០​ នាក់​ដែល​សល់​ពី​ស្លាប់​នោះ​ឲ្យ​លើកទ័ព​ទៅ​វាយបន្ទាយ​ខែត្រ​កំពង់សៀម បន្ទាយ​ខែត្រជើងព្រៃ និង​ស្ទឹងត្រង់ ទាំង ​៣​ ខែត្រ​នេះ​ឲ្យ​បាន។ ចៅហ្វាយស្រុក​ទាំង ​៣ ​ខែត្រ​នេះ​ធ្លាប់​ខ្លាច​ថ្វីដៃ​ចៅពញា​ឧទ័យធិរាជ​ស្រាប់លុះ​ឃើញ​កងទ័ព​ពញា​ឧទ័យធិរាជ​ចាត់​សេនា​ទាហាន​ឲ្យ​នៅ​រក្សា​ខែត្រ​ទាំង ​៣​ នោះ​ហើយក៏​លើកទ័ព​មក​ក្រាប​បង្គំ​ទូល​ស្ដេច​ចៅពញា​ចន្ទរាជា​អំពី​ជ័យ​ជំនះ​ ដែល​ខ្លួន​យក​បាន​គ្រប់​ប្រការ។ ស្ដេច​ចៅពញា​ចន្ទរាជា​ទ្រង់មាន​ព្រះ​អំណរ​ណាស់ ទ្រង់​ត្រាស់​ព្រះ​រាជទាន​មាស ប្រាក់ យសស័ក្ដិ​ដល់​សេនា​ទាហាន​ទាំងនោះ​ឲ្យ​ឡើង​ទីទៃៗ​ពី​គ្នា​តាម​សមគួរ​ហើយ ទ្រង់​ផ្ដាំ​នឹង​ចៅពញា​ឧទ័យធិរាជ​ឲ្យ​ការពារ​សឹក​សង្គ្រាម​ត្រើយ​ខាងកើត ទិស​ខាងជើង​នេះ​ឲ្យ​ជាប់​នៅ​នឹង​បា​ឯងឲ្យ​បា​ឯង​ខំ​រក្សា​អាណាខេត្ដ ព្រមទាំង​បញ្ចុះ​បញ្ចូល​ចៅហ្វាយស្រុក ចៅ​មឿង​ទីទៃៗ​ឲ្យ​បាន​មក​ជា​ចំណែក​ខាងយើង​ទាំងអស់។ ចៅពញា​ឧទ័យធិរាជប្រាង្គ និង​ចៅ​មឿង ​២១​ ខែត្រក៏​ថ្វាយបង្គំ​ទូល​ថ្វាយ​ទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ ក៏​លើក​ទ័ព​ត្រឡប់​ទៅ​ខែត្រទីទៃៗ​រៀងខ្លួន។ ចៅពញា​ឧទ័យធិរាជ​ទៅ​ដល់​ខែត្រ​ហើយ ក៏​ឲ្យ​កេណ្ឌ​សេនា​ទាហាន និង​អ្នកមាន​ប្រាជ្ញា​ស្មារតី​មាន​ថ្វីមាត់​ចេញ​ទៅ​និយាយ​បញ្ចុះបញ្ចូល​ ចៅហ្វាយស្រុក​ចៅ​មឿង​ដែល​នៅ​ទិស​ខាងកើត​ ប៉ែក​ខាងលិច​នោះ​ទាំងអស់។ សេនា​ទាហាន និង​អ្នក​មាន​ប្រាជ្ញា​ស្មារតី​ថ្វីមាត់​ទាំងនោះ​ទៅ​បញ្ចុះបញ្ចូល​បាន​ ចៅហ្វាយស្រុក​មហានគរ ចៅ​មឿង​សូទ្រ​និគម ចៅ​មឿង​ពួក ចៅ​មឿង​ក្រឡាញ់ ចៅ​មឿង​ចុងកាល់ និង​រហូត​រៀង​ទៅ​ដល់​ចុងផែន​បានជា​ច្រើន​នៅ​ទិស​ខាងលិច​ជា​ស្រេច​ដាច់ខាត​មកខាង​ស្ដេច​ពញា​ចន្ទរាជា​ទាំងអស់។ ចៅពញា​ឧទ័យធិរាជ​ជោគជ័យ​ដូច្នោះ​ហើយ ក៏​ធ្វើ​សំបុត្រ​ក្រាប​បង្គំ​ទូល​ចូល​មក​ព្រះបាទ​ចន្ទរាជា​ជា​ម្ចាស់​តាម​ដំណើរ។ ព្រះបាទ​អ្នក​អង្គ​ម្ចាស់​ទ្រង់​ជ្រាប​ហើយ ទ្រង់មាន​ព្រះ​អំណរ​ណាស់ ទើប​ព្រះ​អង្គ​ថយ​ទ័ព​ត្រឡប់​មក​ខេត្ដ​អម្រិន្ទបូរ​វិញ។ ក្នុង​ឆ្នាំជូតអដ្ឋស័ក​នោះ ព្រះ​សង្ឃរាជ​រាជាគណៈ ​ឋានានុក្រម និង​ព្រះ​បុរោហិត ព្រឹទ្ធាចារ្យ ព្រះរាជ​វង្សានុវង្ស​ដែល​រត់​ខ្ចាត់​ភ្លាត់​ចេញពី​ក្រុងភ្នំពេញ និង​ពី​ក្រុង​បាសាន្ត​នោះ​ដឹង​ថា “សម្ដេច​ព្រះអនុជ (ព្រះ​ចន្ទរាជា) ព្រះ​អង្គ​មាន​ជ័យ​ជំនះ​ហើយ” ក៏​ចេញពី​ព្រៃ​ដែល​ពួន​ជ្រក​នោះ​មក​ជួបជុំ​នាយកង​នាយ​ទ័ពសុំ​ឲ្យ​នាំ​ខ្លួន​យក​ទៅ​ថ្វាយ​ជា​ខ្ញុំ​រាជការ ហើយ​ប្រឹក្សា​គ្នា​ថា “ទ្រង់​ព្រះករុណា​ពិសេស​ជា​អម្ចាស់​យើង​នេះ​ពេញ​ជា​ព្រះរាជ​បុត្រា​បង្កើត​នៃ​ព្រះបាទ​សម្ដេចព្រះ​រាជឱង្ការ​ ព្រះ​ធម្មរាជា​ដែល​ជា​ព្រះមហាក្សត្រ​ទ្រង់ធម៌ ទ្រង់​ប្រាថ្នា​ជា​ពុទ្ធភូមិ វិរិយោធិក ព្រះ​អង្គ​ម្ចាស់​យើង​នេះ​ពេញ​ជា​មាន​សតិបញ្ញា​ឈ្លាសវៃ​ណាស់ ព្រះ​អង្គ​ឈម​ព្រះ​ភ័ក្ដ្រ​ទៅ​ធ្វើសង្គ្រាម​ទិស​ណា ក៏​វាយ​ទិស​នោះ​បាក់បប​ខ្លបខ្លាច​ទាំងអស់ ពុំដែល​ទើស​ទាក់ និង​ព្រះ​រាជានុភាព​បាន​ឡើយ។

សមរភូមិលង្វែក គ.ស. ១៥២៣

[កែប្រែ]

សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត ស្ដេច​គង់នៅ​ព្រះរាជវាំង​ស្រីសឈរ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​កងទ័ព​ ១៤០០០០​ នាក់ ទ្រង់​ឲ្យ​ចៅហ៊្វាទឡ្ហៈ​កៅ និងចៅពញាមោងនៅ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ទ្រង់​ចាត់​ឲ្យ​ចៅពញា​ចក្រី​ឃុំ​ពល ​៣០០០០​ នាក់​ជា​ទ័ព​មុខ ចៅពញា​ក្រឡាហោម ឃុំ​ពល​ ២០០០០​ នាក់ជា​ទ័ព​ស្ដាំ ចៅពញា​វៀងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ឆ្វេង ចៅពញា​វាំងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ក្រោយ ចៅពញា​ស្រាលឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ក្រវែល​ខាងស្ដាំ ចៅពញា​លំពាំងឃុំ​ពល​ ១០០០០​ នាក់ ជា​ទ័ព​ក្រវែល​ខាងឆ្វេង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ឃុំ​ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រវែល​ខាង​មុខ ​ព្រះ​អង្គ​ស្រីជេដ្ឋា​ឯងឃុំ​ពល ​៣០០០០​ នាក់ជា​ទ័ព​ហ្លួងឆ្លង​មក​ដល់​ស្រុក​ភ្នំពេញ ហើយ​លើកទ័ព​គ្រប់​កង ព្រម​ដោយនូវ​ស្វេតច្ឆត្រ​អភិរម្យ សែនត្វាន់ឡើង​គង់​ព្រះ​ទីនាំង​ស័ង្ខ​រស្មីលើកទ័ព​តំរង់​ទៅ​ខែត្រ​បរិបូណ៌។ ឯ​សេះ​ល្បាត​ខាង​ព្រះ​បរមខត្តិយា​ចន្ទរាជា​ឃើញ​ហើយ ក៏​ឃ្មាតខ្មី​យក​សេចក្ដី​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ។ លុះ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ ទ្រង់​ត្រាស់​ឲ្យ​សម្ដេច​ព្រះ​ភាគិនេយ្យយសរាជា​ឡើង​ជាទី​នាយក និង​មន្ដ្រី​ខាងជើង​ទឹក​លើកទ័ព​ទូកគង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​នាំ​ទូក​ចំបាំង ៤០០ ហើយ​ទ្រង់​ចាត់​ទ័ពជើងគោក​ថែម​ទៀត។ ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​ចក្រី​ទេព កូន​ពញា​មឿងឃុំ​ពល ​២០០០ ​នាក់ជា​មេទ័ព​មុខឲ្យ​ចៅពញា​សួគ៌ាលោក​ “សុខ” កូន​ពញា​មឿងឃុំ​ពល ​១០០០០ ​នាក់ជា​ទ័ព​ស្ដាំ​ឲ្យ​ចៅពញា​ឧទ័យធិរាជ​សូរ (ប្រាង្គ) ឃុំ​ពល ​១០០០០ ​នាក់​ជា​ទ័ព​ឆ្វេងឲ្យ​ឧកញ៉ា​រាជតេជៈ ឃុំ​ពល ​១០០០០​ នាក់ជា​ទ័ព​ក្រោយ​ឲ្យ​ឧកញ៉ា​វង្សាអគ្គរាជឃុំ​ពល​ ១០០០០​ នាក់ជា​កង​ជន្លឲ្យ​ឧកញ៉ា​នរិន្ទ្រាធិបតី​ ចៅពញា​មនោមេត្រី ចៅពញា​ស្រែន្យាធិបតី ចៅពញា​ស្រែន្យសេនាឃុំ​ពល​ម្នាក់ៗ​ ៣០០០​ នាក់ទៅ​បង្កប់​សងខាង​ផ្លូវ​ឲ្យ​សម្ដេចព្រះ​សុខត្ដ​ ឃុំ​ពល​ដំរី ​៣០០០ ទៅ​បង្កប់​ក្នុង​ព្រៃ​ខាងលិច​វាល​ស្រាប​អង្កាមឲ្យ​ឧកញ៉ា​ដ៏រុងសេនា ឃុំ​ពល​សេះ​ ៥០០ ជា​កង​ជន្ល​ទី​២។ លុះ​បាន​ឫក​ជា​ពេលា​ល្អ​ហើយ បុរោហិត​ក៏​តាំង​ផ្លុំត្រែ​ស័ង្ខ​ហោរា​ថ្វាយ​ឫក្ស​រួច​ហើយ ព្រះ​បរមបពិត្រ​មហា​ខត្តិយា​ចន្ទរាជា​ទ្រង់គ្រឿង​កកុធភ័ណ្ឌសំរាប់​ រាជយុទ្ធ​ឡើង​គង់​ព្រះ​ទីនាំង​ពិជ័យ​រាជ​កុញ្ជរ លើក​អស់​និករ​ចេញ​ទៅ។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ​ជា​កង​ជន្ល​ទី​១ លើកទ័ព​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ​ជួបនឹង​ទ័ព​ព្រះ​ស្រីជេដ្ឋា (ព្រះស្ដេច​កន) ហើយ​បាន​តតាំង​ច្បាំង​គ្នា​នៅ​ទីនោះ​យូរ​បន្ដិច ឧកញ៉ា​វង្សាអគ្គរាជ​ក៏​នាំ​ពល​រត់​ថយ​ក្រោយមក​ដល់​ខាងលិច​ភូមិ​ឈូកស ខែត្រ​លង្វែក។ ខណៈនោះ​ឧកញ៉ា​នរិន្ទ​សេនា​ឃុំ​ពល​ទាហាន​សេះ​ ៤០ ​នាក់​កាល់​ពល​ខ្លួន និង​ពល​ឧកញ៉ា​វង្សាអគ្គរាជ​ឲ្យ​ចូល​តតាំង​ច្បាំង​គ្នា​ទៀត ហើយ​បណ្ដែតទូក​ថយក្រោយ។ មេទ័ព​ខាង​ព្រះស្ដេច​កន​ឃើញ​ហើយ​យល់​ថា ខ្លួន​មាន​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពីរ​ដង​ហើយ ក៏​បរពល​សំរុក​គ្រលុក​តាម​ដល់​ស្ទឹង​ជ្រៃ។ ឧកញ៉ា​ចក្រី​ទេពជា​កង​ជន្ល​ទី​៣ ​ក៏​ចេញពី​ក្នុង​ព្រៃ​បរពល​ចូល​មួយ​ស្របក់ ក៏​នាំ​ពល​គេច​រត់​ថយក្រោយ​ទៅ​ទៀត។ ខណៈនោះ​នាយកង​នាយ​ទ័ព​ខាង​ព្រះស្ដេច​កន​ស្រែក​ក្រាបទូល​ថា ចក្រី​បាក់ទ័ព​ទៀត​ហើយ ឯ​កងទ័ព​គ្រប់​កង​ខាង​ព្រះស្ដេច​កន​ឮ​ថា​ចក្រី​បាក់ទ័ព​ទៀត ហើយ​ក៏​រឹត​តែ​មានចិត្ដ​ជោរ​ឡើង ក៏​ដេញ​តាម​ទៅ​ត្រាតែ​ជួបនឹង​ទ័ព​ក្រឡាហោម​ដែល​បង្កប់​ចាំ​នៅ​វាល​ស្រាប​អង្កាម​នោះ។ ឧកញ៉ា​ក្រឡាហោម ក៏​ទទួល​ច្បាំង​ជា​មាំមួន សម្ដេចព្រះ​សុទត្ដ​ដែល​ឃុំ​ពលដំរី​ច្បាំង​ ៣០០ ​នោះបាន​ឫក​ហើយ ក៏​បរដំរី​ជល់​ជាន់​ពីក្រោយ។ ឯ​កងទ័ព​ដែល​បង្កប់​សងខាង​នោះ ក៏​ប្រសព្វ​ពីឆ្វេង​ពីស្ដាំទាំង​ព្រះ​បរមបពិត្រ​ក៏​បែរ​ព្រះ​ទីនាំង​រាជ​កុញ្ជរចូលលុក​លុយ​កាប់​ចាក់​ប្រសព្វ​គ្នា​មកបណ្ដាល​ឲ្យ​ស្លាប់​ពល​ខាង​ព្រះស្ដេច​កន​ប្រមាណ ​២០០០០ ​នាក់។ លុះ​មក​ដល់​មុខ​ព្រះស្ដេច​កន ព្រះ​ទីនាំង​ពិជ័យ​រាជ​កញ្ជរ​ដែល​ចេះ​កាន់​នូវ​អាវុធ​គ្រវែង​ចាក់​សំលាប់ពលព្រះ​ស្ដេច​កន​បណ្ដាល​ឲ្យ​ស្លាប់​ជា​ច្រើន។ ព្រះស្ដេច​កនទ្រាំ​មិន​បាន​ក៏​បែក​ទ័ព​រត់​កាត់​ព្រៃ​មក​ដល់​ចុង​ព្រែក​រលាប្អៀរ​ខាងស្ដាំ ចោល​ទ័ព​អស់ជាប់​តែ​ខាង​ទាហាន​ស្ម័គ្រចិត្ដ​ប្រមាណ​ ១០០​ នាក់ ហើយ​មក​ជួបជុំ​នឹង​ទ័ព​ឧកញ៉ា​សួគ៌ាលោក ឧកញ៉ា​មនោមេត្រី ឧកញ៉ា​ឧទ័យធិរាជ​ដែល​បង្កប់​ក្នុង​ព្រៃ។ ទ័ព​ទាំងនោះ​ក៏​ស្ទុះ​ចេញ​មក​ក៏​តាំង​ហ៊ោ​ដេញ​ទ័ព​ព្រះស្ដេច​កន​ខ្ចាត់ខ្ចាយទៅ​ទៀត។ ស្ដេច​កន​នៅ​សល់​តែ​ទាហាន​១០០​ នាក់​រត់​តាម​លុះ​ទៅ​ដល់​ចុង​ភូមិ​តាជេស ខែត្រ​លង្វែក កងទ័ព​ទាំង​ ១០០​ នាក់​នោះ​ពុំ​ចេះ​ហែល​ទឹក​ទាំងអស់​គ្នា​ទេចេះ​តែ ​២០​ នាក់​ប៉ុណ្ណោះ។ អ្នកចេះ​ហែល​ទឹក​ក៏​រត់​ទៅ​លើ​កោះ​តូចនាំ​គ្នា​តោង​សេះ​ព្រះ​ទីនាំង​ស័ង្ខរស្មី​នោះ​ឆ្លង​ទៅ​ស្ទឹង​ស្ងួត​ជើងព្រៃ​ជា​ត្រើយ​ខាងកើត។ លុះ​កងទ័ព​ឧកញ៉ាយមរាជ ឧកញ៉ា​សួគ៌ាលោក​ដេញ​ទៅ​ដល់​ឃើញ​ទ័ព​សត្រូវ​កំពុង​ហែល ក៏​ស្រែក​ហៅ​កងទ័ព​ជើងទឹក​ឲ្យ​តាម​ចាប់។ សូរសព្ទ​ដែល​បង្កូក​ហៅ​ទ័ពជើងទឹក​តែ​មួយ​ម៉ាត់​ម្នាក់​ក៏​លាន់​ដូច​គេ​ស្រែកហ៊ោ (ព្រោះហេតុនេះ​ហើយ​បានជា​កោះ​តូច​នោះ ប្រែ​ឈ្មោះ​ថា កោះ​ហ៊ោ រៀង​មក)។ ឯ​ម៉ឺន​ពិភក្ដី​លិខិត ម៉ឺន​ជំនិត​សទ្រង់ ​ម៉ឺន​បំរុងអក្ខរា​ទាំង ​៣ ​នាយ​ជា​អាល័ក្ស ជា​មន្ត្រី​ព្រះស្ដេច​កន​ជាប់​បាវ​ប្រាំមួយ​ប្រាំពីរ​នាក់ស្ពាយ​ត្រា​ជា​សំរាប់​រាជ្យ​របស់​សម្ដេច​កន​នោះរត់​បែក​ទៅ​ដល់​ចុង​ភូមិ​កំពង់ម្ដា ខែត្រ​រលាប្អៀរ ក៏​ចាប់​យក​កូន​ទូក​អ្នកស្រុក​នោះ​ចុះ​ចែវ​តាម​ស្ដេច​កន​ទៅ។ ខណៈ​នោះ​មាន​ខ្យល់ព្យុះ​រលក​បោកបក់​ខ្លាំងទូក​លិចលង់​ទាំង​ត្រា​សំរាប់​រាជ្យ​នោះ​បាត់​នៅ​ក្នុង​ព្រះធរណី​បាតទន្លេ​ នៅ​ទីនោះ​ក៏​ស្រុត​ទៅ​ជ្រៅ​ពន់ប្រមាណ។ នាយ​អាល័ក្ស​ទាំង ​៣ ​យក​ផ្ដៅ​ពីរ​បន្ទះ​មក​ត​តែ​មួយសំយុង​ទៅ​ត្រង់​កន្លែង​ដែល​លិច​ត្រា​នោះ​ក៏​ពុំ​ដល់នឹង​រក​មនុស្ស​ឲ្យ​មុជ​ទៅ​តាមមនុស្ស​ផង​ឃើញ​ជ្រៅ​ណាស់​ពុំ​ហ៊ាន​មុជ​តាម។ នាយ​ទាំង ​៣​ នាក់​ខ្លាច​ខុស​នឹង​ព្រះស្ដេច​កន​ក៏​នាំ​គ្នា​មុជទឹក​ទៅ​តាម​ត្រា​នោះលុះដល់​ស្លាប់​ទាំង ​៣ ​នាក់ “ព្រោះហេតុនោះ​បានជា​ទីនោះ​ហៅ​អន្លង់​ត្រារាជ្យយារៗ​មក​ហៅ​តំបន់​អន្លង់រាជ្យ ទ្រង់​ស្រូត​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​ជ្រួស​តាម​ទៅ​ដល់​កៀន​តាធឹង។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​ទត​ពីលើ​ខ្នង​សេះ​ព្រះ​ទីនាំង​ទៅ​ឃើញ ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​នាំ​ទាហាន​រួមចិត្ដ​មក​ដល់​ចុង​ភូមិ​កំពង់ចាម ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​ហែល​ឆ្លង​ទឹក​តំរង់​ទៅ​តំបន់​ដូនម៉ៅ​ត្រើយ​ខាងកើត ព្រមទាំង​ទាហាន​រួមចិត្ដ ​២០ ​នាក់ក៏​ហែល​តោង​សេះ​នោះ​ទៅ​ដល់​ច្រាំង​ទន្លេ​ម្ខាង សេះ​នោះ​ក្លាយជា​នាគ​មុជទឹក​បាត់​ទៅ។

សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ គ.ស. ១៥២៤

[កែប្រែ]

សម្ដេចព្រះ​បរមបពិត្រ​ខត្តិយា​ចន្ទរាជា ជា​អម្ចាស់​ជីវិតលើត្បូង ព្រះ​អង្គ​លើក​ពិជ័យសង្គ្រាម​មក​ដល់​ស្រុក​ឧដុង្គ​ហើយ ស្ដេច​ទៅ​ថ្វាយបង្គំ​ព្រះ​ចេតិយ ព្រះ​បដិមា ហើយ​ស្ដេច​ត្រឡប់​មក​គង់​ព្រះ​ពន្លា​វិញ ហើយ​ទ្រង់​ត្រាស់​ចាត់​កងទ័ព​ជា​ច្រើនកង

  • ឲ្យ​ចៅពញា​តេជោ ចៅហ្វាយ​ស្រុក​សំរោងទង​ជា​មេទ័ព​មុខកាន់​ពល ​២០០០០ ​នាក់ជា​ទ័ពស្រួច
  • ឲ្យ​ឧកញ៉ា​មនោមេត្រីកាន់​ពល ១០០០០ ​នាក់ជា​មេទ័ព​ស្ដាំ។
  • ឲ្យ​ឧកញ៉ា​រាជា​មេត្រី ជា​មេទ័ព​ឆ្វេងកាន់​ពល ​១០០០០ ​នាក់។
  • ឲ្យ​ឧកញ៉ា​សួគ៌ាលោក​”សុខ” កូនចៅពញា​មឿង កាន់​ពល​៣០០០០ ​នាក់​ជា​ទ័ព​មុខ។
  • ឲ្យ​សម្ដេចចៅពញា​យសរាជាជា​ព្រះរាជ​ភគិនេយ្យោជា​មេទ័ព​ហ្លួងឃុំ​ពល ​៥០០០០ ​នាក់ឆ្លង​ទៅ​ព័ទ្ធ​ពី​ខែត្រព្រៃវែងស្ទាក់ផ្លូវ​កុំឲ្យ​សម្ដេចចៅហ៊្វា​កៅ​មក​សួរ​គ្នា​បាន។ ទើប​ទ្រង់​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត៖
  • ឲ្យ​ឧកញ៉ា​ឧទ័យធិរាជ ចៅហ្វាយស្រុក​អាសន្ទុកជា​មេទ័ព​មុខ
  • ចៅពញា​ពេជ​តេជោ ជា​មេទ័ព​ឆ្វេង។
  • ចៅពញា​ស្រែន្យ​ខាំងហ្វាជា​មេកង​ទ័ព​ស្ដាំ។
  • ចៅពញា​មន្ដ្រី​ភក្ដីជា​កងទ័ព​ក្រោយ។

ទាំង ​៤​ កងឃុំ​ពល ​៥០០០០ ​នាក់​លើក​ជា​ទ័ពជើងគោក​ទៅ​ ខែត្រ​កំពង់សៀមឆ្លង​ទៅ​មាត់​ឃ្មុង និង​ភ្នំ​ពានជាំងស្ទាក់ផ្លូវ​កុំឲ្យ​សម្ដេចចៅពញា​កំហែងជា​ឪពុកក្មេក​ ព្រះស្ដេច​កនលើក​ទៅ​ជួយ​ព្រះស្ដេច​កន​បាន។ ទើប​ព្រះ​អង្គ​ចាត់​ទ័ព​មួយ​ផ្លូវ​ទៀត៖

  • ឧកញ៉ា​ចក្រី​“ទេព” កូន​ទី​៣ ​ពញា​មឿង ឃុំ​ពល​ ២០០០០​ នាក់ជា​មេកង​ទ័ព​មុខ។
  • ឧកញ៉ា​យមរាជឃុំ​ពល​ ១០០០០ ​នាក់​ជា​ទ័ព​ឆ្វេង។
  • ឧកញ៉ា​ក្រឡាហោម​ ឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ស្ដាំ។
  • ព្រះ​អង្គ​ឯង​ទ្រង់​ពល​ ៤០០០០ ​នាក់ជា​ទ័ព​ហ្លួង។

ឧកញ៉ា​មហាមន្ដ្រី ឃុំ​ពល ​៥០០០​ នាក់ជា​ទ័ព​បង្កប់ ហើយ​ទ្រង់​ត្រាស់​ផ្ដាំ​ឲ្យ​ធ្វើ​តាម​គ្រប់​ប្រការ។ ព.ស ​២០៦៨, គ.ស​ ១៥២៤, ម.ស​ ១៤៤៦, ច.ស ​៨៨៦ ឆ្នាំវក ​ឆស័ក សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​ទ្រង់​ចាត់​ទ័ព​ស្រេច​ហើយ ស្ដេច​ចូល​ស្រង់​ទ្រង់គ្រឿង​រង្គ​សង្គ្រាម​យុទ្ធ​បរិសុទ្ធ​នូវ​គ្រឿង​កកុធភ័ណ្ឌ ព្រះ​ហោរា​ថ្វាយ​ពិជ័យ​ឫក្ស​ព្រះរាជ​គ្រូ​បុរោហិត ថ្វាយ​ទឹក​ស័ង្ខ ទឹក​កុណ្ឌី ទឹក​ក្លស់ ផ្លុំ​ត្រៃ​ស័ង្ខ ក្រុម​សុរិយា​តូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រ​ខ្ទារ ទាំង​ក្រឡា​ប្រឹថពី ស្ដេច​គង់​ព្រះ​រាជយានព្រម​ដោយនូវ​ស្វេតច្ឆត្រ​ស​ ៩ ​ជាន់ និង​ចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រ​លឿង ខៀវ ព្រាតឆ្លុះ​ស​សែង ព្រះ​សុរិយា​ស្ដេច​យាង​គង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត។ ឯ​អស់​មន្ដ្រី​សេនារេហ៍ពល​សឹង​ជិះទូក​ហ៊ោ​ទូក-​ង មួង យោង​ពីមុខនៅ​ពីក្រោយតាម​អណ្ដាប់​អណ្ដោយលើក​ចេញ​ទៅ​ប្រថាប់​ទ័ព​នៅ​ព្រះ​ប្រសប់ឈប់​ចាំ​ស្ដាប់​សូរសព្ទ​គ្រប់​កង​ដែល​លើក​ទៅ។ ផ្លូវ​ខាង​ណា​ទន់​នឹង​បាន​ទៅ​ជួយ​ខាង​នោះ។

រីឯ​សម្ដេចព្រះ​ស្រីជេដ្ឋា ម្ចាស់​ត្រើយ​ខាងកើតដែល​ទ្រង់​ចាត់​ឲ្យ​ចៅហ៊្វា​កៅ​នាំ​គ្រប់​គ្រួ​ទៅ ហើយ​ត្រាស់​បង្គាប់​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង កេណ្ឌ​កងទ័ព​មក​ឲ្យ​រក្សា​ព្រះ​នគរ​បាន​តែ​ ១០០០០ ​នាក់នោះ​នាយគយ​ខាង​ពាម​ផ្កាយ​សម្រេច​១ នាយគយ​ខាង​ខែត្រ​ព្រៃវែង​១ នាយគយ​ខាង​ពាមរ​១ ទាំង ​៣​ មេ​គយ​នេះ​យល់​កងទ័ព​ទាំង​បី​ផ្លូវ​លើក​មក​ដល់​ហើយ​ក៏​ភិតភ័យឡើង​សេះ​ចូល​ទៅ​ប្ដឹង​សេនាបតី​ឲ្យ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​សម្ដេចព្រះ​ស្រីជេដ្ឋា សម្ដេចព្រះ​ស្រីជេដ្ឋា​ត្រាស់​ថា យើ! ពញា​ចន្ទរាជាអញ​ស្មានថាបាន​ផែនដី​តែ​ប៉ុណ្ណោះ​ក៏​នឹង​គិត​នៅ​ស្ងៀម​រក្សា​ផែនដី ដោយ​ខ្លួនឯង​ឲ្យ​រាស្ដ្រ​រកស៊ី​ឲ្យ​សុខ​សប្បាយ​ទៅ​ហើយ ឥឡូវ​រុករាន​ទន្ទ្រាន​លើក​យោធា​ទាហាន​តាម​មក​ទៀត។ ខណៈនោះ​ទ្រង់​ត្រាស់​សេនាបតី​ទាំង ​៤ ​ឲ្យ​តឿន​ពល​ឡើង​រក្សា​នាទី​ភាគ​បន្ទាយ តែ​កាល​ពិនិត្យ​រេហ៍ពល​ទៅ​ឃើញ​បាន​ចំនួន​បាន​តែ​ ១០០០០ ​នាក់ទ្រង់​យល់​ថានឹង​ទប់​រក្សា​បន្ទាយ​ព្រះរាជវាំង​នោះ​ពុំ​បាន ទើប​ទ្រង់​ត្រាស់​ឲ្យ​កៀរ​គ្រួ​លើកចោល​បន្ទាយ​បាសាន្ត។ លុះ​ធ្វើ​ដំណើរ​មក ទ័ព​ព្រះ​ស្រីជេដ្ឋា​ក៏​មក​ជួប​ប្រទះ​នឹង​កងទ័ព​ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង។ ទ័ព​ទាំង​សងខាង​ក៏​បាន​ច្បាំង​គ្នា​ពី​ព្រឹក​លុះ​ថ្ងៃត្រង់ តែ​ពុំ​ទាន់​ឈ្នះ​ចាញ់។ ឧកញ៉ា​ចក្រី​ទេព​កូន​ទី​៣​របស់​ចៅពញា​មឿង និង​ចៅពញា​តេជោ ចៅហ្វាយស្រុក​ខែត្រ​សំរោងទង​បានដឹង​ថា ព្រះស្ដេច​កន​ និង​មុខមន្ដ្រី​រេហ៍ពល​រត់​ចោល​បន្ទាយ​ដូច្នោះ​ហើយ ព្រមទាំង​ឮ​សូរ​កាំភ្លើង​កំពុង​ច្បាំង​គ្នា​យ៉ាង​ខ្លាំង​ណាស់​ទៀត ក៏​តឿន​កងទ័ព​ស្រូត​តាម​ទៅ​ហើយ​បាន​ទាន់​កំពុង​ច្បាំង​គ្នា។ មេទ័ព​ខាងលិច​ទាំង​ពីរ​កង​ក៏​ដេញ​ពល​ឲ្យ​ចូល​ជួយ​ច្បាំង​ប្រកាប់​គ្នា​យ៉ាង​ សាហាវ ពល​ខ្មាំង​ស្លាប់​ជា​ច្រើន។ មេទ័ព​ត្រើយ​ខាងលិច​ព្រួត​គ្នា​ចូល​ទៅ​ប្រយុទ្ធ​នឹង​ព្រះស្ដេច​កន​ទៀត តែ​ស្ដេច​កន​ខំ​បរពល​វាយ​ទំលាយ តែ​ពុំ​រួច​ក៏​ថយ​ទ័ព និង​គ្រប់​គ្រួ​ចូល​ទៅ​ក្នុង​បន្ទាយ​ស្រីសឈរ​វិញ ហើយ​ឲ្យ​បិទទ្វារ​បន្ទាយ​ឲ្យ​រេហ៍ពល​ឡើង​រក្សា​បន្ទាយ​ជា​មាំមួន។ ឯ​ស្នា​ព្រះ​អង្គជា​ក្មួយ​ព្រះស្ដេច​កនឃុំ​ពល​ ៥០០​ នាក់​នៅ​ក្រៅ​បន្ទាយលុះ​ឃើញ​ព្រះស្ដេច​កន​ជាប់​ចំណង​ហើយនាំ​ពល​ ៥០០​ នាក់​នោះ​វាយ​ជ្រែកចូល​ទៅ​ក៏​ពុំ​បាន ទើប​ស្នា​ព្រះ​អង្គ​ជិះសេះ​បរជា​ប្រញាប់​ទៅ​ជំរាប​សម្ដេចចៅហ៊្វា​កៅ​នៅ​ បន្ទាយ​ពិជ័យ​ព្រៃនគរតាម​ហេតុ​គ្រប់​ប្រការ។ សម្ដេច​ចៅហ៊្វា​កៅលុះ​បានដឹង​ហើយក៏​និយាយ​នឹង​សម្ដេច​ចៅពញា​ហែងជា​បិតាក្មេក​ស្ដេច​កន និង​ឧកញ៉ា​ចក្រីជា​មា​ព្រះស្ដេច​កន​ ពញា​ស្នងធ្នឹម​ព្រះ​នគរ​“ផាលង់” ជា​ប្អូនថ្លៃ​ព្រះស្ដេច​កន​ថាឲ្យទៅ​ត្រួត​បន្ទាយ​ឲ្យ​មាំមួន​កុំឲ្យ​ធ្វេសប្រហែស។ កាល​មន្ដ្រី​ទាំង​ ​៣ ​នាយ​ទទួល​ពាក្យ​ហើយ សម្ដេចចៅហ៊្វា​កៅ​ក៏​ឡើង​ជិះសេះ​នាំ​ពល​ ៥០០០០​ នាក់​លើក​ស្រូត​ទៅ​ជួយ​ព្រះស្ដេច​កន។ លុះ​ឃើញ​ទ័ព​ខាងលិច​កំពុង​ចោម​បន្ទាយ​ដូច្នោះ ក៏​បរពល​វាយ​ជ្រែកចូល​ទៅ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​នៅ​លើ​ក្បាល​បន្ទាយ​ឃើញ​មាន​កងទ័ព​វាយ​ចូល​មកអរ​ណាស់​ក៏​នាំ​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង វាយ​ជ្រែក​ចំណោម​ចេញ​ទៅ តែ​វាយ​បាន​​ ៣​ ថ្ងៃ​ហើយ​ក៏​នៅ​តែ​ចេញ​ពុំ​រួច។ ឯ​សម្ដេចព្រះ​ឧត្ដម​បរមខត្តិយាមហា​ចន្ទរាជាធិរាជ ព្រះ​អង្គ​លើកទ័ព​ចេញ​ទៅ​ដល់​ភូមិ​ស្វាយ​ឫស្សីស្រុក ហើយ​ទ្រង់​ជ្រាប​ថា មេទ័ព​ទាំង​បី​ចោម​បន្ទាយ​ព្រះស្ដេច​កន ​៣ ​ថ្ងៃ​ហើយ​ពុំ​បែកចាប់ខ្លួន​ពុំ​បានពុំ​ទាន់​ឈ្នះ​ចាញ់ ទើប​ទ្រង់​ត្រាស់​ប្រើ​សម្ដេចចៅហ៊្វាទឡ្ហៈ​ឲ្យ​លើកទ័ព​ទៅ​ជួយ​ថែម​ទៀត ហើយ​ព្រះ​អង្គ​លើកទ័ព​ទៅ​តាំង​បន្ទាយ​ឈប់​ទ័ព​នៅ​ទន្លេ​បិទ ​ខែត្រ​ត្បូងឃ្មុំ។ ស្រេច​ហើយ​ទ្រង់​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ឲ្យ​ឃុំ​ពល ​១០០០០ ​នាក់​ឲ្យ​លើក​ទ័ព​ចេញ​ទៅ​បង្កប់​ក្នុង​ព្រៃ​រំលោង​ប្របផ្លូវ​ចង្អៀត ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​អា​ខ្មាំង​លើក​ទៅ​ជួយ ឬ​លើក​រត់​ចេញពី​បន្ទាយ​មកឲ្យ​លើកទ័ព​ទៅ​បោះ​ស្កាត់​ពីមុខ​វាចាប់​វា​ឲ្យ​បានកុំឲ្យ​អា​ខ្មាំង​រត់​រួច។ ទ្រង់​ត្រាស់​បង្គាប់​ព្រះ​សុទត្ដ​ឲ្យ​ឃុំ​ពល​កាំភ្លើង​តូច​ ២៥០ ​នាក់​ឲ្យទៅ​បង្កប់​ចាំមើលឃើញ​កងទ័ព​ខ្មាំង​ចុះចូល​ក្នុង​ផ្លូវ​រំលោង ហើយ​ទ្រង់​ផ្ដាំ​ថាឲ្យ​ព្រួត​គ្នា​បាញ់​កុំឲ្យ​អា​ខ្មាំង​រត់​រួច ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​មហាទេព​ឲ្យ​ឃុំ​ពល ​៤០០​ នាក់​ទៅ​ពួន​ចាំ​មើល​លើ​ភ្នំ​ពានជាំង​ថា បើ​ឃើញ​ខ្មាំងសត្រូវ​ចូល​មក​ដល់​ឲ្យ​ព្រួត​គ្នា​បាញ់​កាំភ្លើង​ធំ និង​ព្រួត​គ្នា​ប្រមៀល​ដុំ​ថ្មទំលាក់​ឲ្យ​ត្រូវ​ពួក​ខ្មាំង​ចាប់​ខ្មាំង​ឲ្យ​បាន។ មេកង​ទាំង​បី​ក៏​ថ្វាយបង្គំ​លា​ធ្វើ​តាម​ត្រាស់​បង្គាប់។

ចៅពញាតេជោ មេទ័ព​ខាងលិច​យល់​ទ័ព​ខ្មាំង​វាយ​ផ្ទប់​ទាំង​សងខាង​នឹង​ទ្រាំ​ទៅ​មុខ​មិន​បាន ទើប​ស្រែក​ឲ្យ​ពល​បើកផ្លូវ​ឲ្យ​ខ្មាំង​ចេញ​ទៅ។ ឯ​ព្រះស្ដេច​កនយល់​ឃើញ​ដូច្នោះ​ហើយ ​ក៏​នាំ​រេហ៍ពល​ចេញពី​បន្ទាយ​ទៅ​ទំលាយ​ទ័ព​ដែល​ព័ទ្ធ​ចេញ​ទៅ​បាន។ ក្នុង​គ្រានោះ មេទ័ព​ទាំង​បី​កង​ក៏​ដេញ​ពល​សត្រូវ​ចាក់​កាប់សំលាប់​ពល​ខ្មាំងសត្រូវ​អស់​ជាង ​១០០០០ ​នាក់។ ស្ដេច​កន និង​ចៅហ៊្វា​កៅខំ​បរពល​ស្រូតរូត​ឆ្លង​ទន្លេតូច​ទៅ​តាម​ផ្លូវ​មេស​ព្រះ​ចន្ទ​កាត់តំរង់​ទៅក្រុង​ពិជ័យ​ព្រៃនគរ។ ពេល​នោះ​ សម្ដេចចៅពញា​បែន មេទ័ព​ខាងលិច​លើក​ទៅ​ប្រទះ​នឹង​ទ័ព​ខាងកើត​ដែល​បែក​ខ្ចាត់ខ្ចាយ​ដូច្នោះ ក៏​បរពល​ឲ្យ​ចូល​កាប់​ចាក់​សត្រូវ​អស់​ជា​ច្រើន ហើយ​សម្ដេច​បែន​ជិះសេះ​រាំ​ដាវ​បរដេញ​ទៅ​ទាន់​សម្ដេច​ចៅហ៊្វា​កៅ។ សម្ដេចចៅហ៊្វា​កៅ​ឲ្យ​ព្រះស្ដេច​កន​បរសេះរត់ទៅ​មុន ឯ​ចៅហ៊្វា​កៅ​បែរមក​ប្រកាប់​ប្រចាក់​គ្នា​មួយ​ស្របក់ តែ​ទទួល​ជា​ពេល​នោះ សេះ​សម្ដេចចៅពញា​បែន​ស្រុត​ជើង​ក្នុង​អន្លង់ សម្ដេច​បែន​ក៏​ធ្លាក់​អាវុធ​ពី​ដៃ ដូច្នេះ​សម្ដេចចៅហ៊្វា​កៅ​យល់​បានការ​ហើយ ក៏​ពួយ​មួយ​លំពែង​ទៅ​ត្រូវ​សម្ដេច​ពញា​បែន​ធ្លាក់​ពី​សេះ​ស្លាប់​មួយ​រំពេច។ ឯ​មេទ័ព​ខាងលិច​ទាំង​បី​កង​លើក​ទៅ​ដល់​ក៏​បរពល​ចូល​ច្បាំង។ សម្ដេច​ចៅហ៊្វា​កៅ​ឃើញ​ទ័ព​ខាងលិច​ច្រើន​លើសលប់​កំលាំង​ក៏​បរសេះ​រត់ទៅ​តាម​ព្រះស្ដេច​កនកំពុង​រត់​ក្នុង​ផ្លូវ​រំលោង លុះ​ឃើញ​សម្ដេចចៅហ៊្វា​កៅ​មក​ដល់​ហើយ​ក៏​នាំ​ស្រូត​ទៅ។ រំពេច​នោះ​ឧកញ៉ា​មហាមន្ដ្រី យល់​ទ័ព​ខ្មាំង​នៅ​ក្នុង​រំលោង ហើយ​ក៏​បរពល​ស្កាត់​ស្ទាក់​ពីមុខ​ភ្លាម។ ទ័ព​ខ្មាំង​នឹង​វាយទំលាយ​ទៅ​ក៏​ពុំ​រួចនឹង​ងាកឆ្វេង​ស្ដាំ​ក៏​ពុំ​បាន ព្រោះ​ទើស​ច្រាំង​ខ្ពស់​ណាស់ និង​ថយក្រោយ​ក៏​ពុំ​បាន​ឡើយ ហើយ​កងទ័ព​ពីក្រោយ​ក៏​ដេញ​មក​ដែរ។ ឃុន​ហ្លួង​ព្រះស្ដេច​កន​ភ័យ​ណាស់ ទើប​ប្រឹក្សា​នឹង​សម្ដេចចៅហ៊្វា​កៅ​ថា យើង​ម្ដងនេះ​នឹង​រត់ទៅ​ខាង​ណា​ក៏​ពុំ​បាន ព្រោះ​សងខាង​មាន​ច្រាំង​ខណ្ឌ​ខាង​មុខ​មាន​គេ​បោះ​ស្កាត់ខាងក្រោយ​ទ័ព​គេ​ដេញ​នឹង​ជ្រែក​ទៅ​ខាង​ណា​ក៏​ពុំ​រួច​ដែរ យើង​មុខជា​ស្លាប់​នៅ​ទី​នេះ​ពុំខាន។ និយាយ​រួច​ហើយ​ហើយ​ស្ដេច​កន​ ក៏​ក្រាប​យំ​លើ​ខ្នង​សេះ។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ ក៏​ចាប់ដៃ​ទាញ​ឡើង​ហើយ​ថាបើ​មា​ស្លាប់សុំ​ក្មួយ​ស្លាប់​តាម។ បើ​មា​មាន​ជីវិត​រស់​ទេ ក្មួយ​នឹង​ភ័យ​ខ្លាច វា​ថ្វី​ថា​ហើយ​ចៅហ៊្វា​កៅ​ក៏​បោល​សេះទំលាយ​ចេញ​ទៅ។ ឯ​ព្រះ​សុទត្តយល់​ទ័ព​ខ្មាំង​ជាប់​ចំណោម​ហើយ​ក៏​បរពល​កាំភ្លើង ​២៥០ ​នាក់​ទៅ​ឈរ​បាញ់​ពី​មាត់ច្រាំង​ត្រូវ​ពល​ខ្មាំង​ស្លាប់​ជា​ច្រើន​ណាស់។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ​ក៏​ស្រែក​ប្រកាស​ថា បើ​យើង​មិន​ខំប្រឹង​គង់​នឹង​ស្លាប់​គ្រាប់​កាំភ្លើង​គេ​ទាំងអស់​ជា​មិន​ខាន យើង​ស៊ូ​ចូល​ទៅ​ប្រកាប់ បើ​ស្លាប់​នឹង​ប្រយុទ្ធ​គេ​យើង​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ដែរ បើ​រស់​យើង​ក៏​រស់​បាន​រួច​ទៅ​ដល់​បន្ទាយ​ជួប​ប្រពន្ធ​កូន​ជា​មិន​ខាន។ ឯ​អស់​ពួក​ខ្មាំង​ស្ដាប់​ឮ​អស់​ហើយ​ក៏​ចូល​ចិត្ដ​ពួតដៃគ្នាចូល​វាយ​ទំលាយ​ទ័ព​មុខ​ត្រាតែ​រួច​ចេញ​មក​នៅ​សល់​តែ​មនុស្ស ​៥០០០​ នាក់ក្រៅពី​នោះ​ស្លាប់​អស់។ កងទ័ព​ទាំងនោះ​ក៏​ខំ​ស្រូត​រូត​រត់ទៅ​ដល់​ច្រក​ចង្អៀត​ផ្លូវ​ភ្នំ​ពានជាំងអស់កំលាំង​ណាស់​ក៏​នាំ​គ្នា​ឈប់​ដាំបាយ​ស៊ី។ ឧកញ៉ា​មហាទេព​ឃើញ​ហើយ​ក៏​ប្រមៀល​ដុំ​ថ្ម​បាញ់​កាំភ្លើង​ ធ្នូ ស្នាត្រូវ​ពួក​ស្ដេច​កន​ស្លាប់​ជា​ច្រើន​នាក់​ទៀត។ ព្រះស្ដេច​កន និង​ចៅហ៊្វា​កៅព្រមទាំង​ពល​ទាហាន ​៥០០០​ នាក់នាំ​គ្នារត់ទៅ​ទៀត។ ឧកញ៉ា​មហាទេព​ដេញ​តាម​ទៅ​ឃើញ​ច្រក​ចង្អៀត​ណាស់ ក្រែង​ចាញ់​កលឧបាយ​សត្រូវក៏​វាយ​ស្គរ​ហៅ​ពល​ថយ​មក​ជួប​នឹង​កងទ័ព​ទាំង​ ៥ ​កង​វិញ​ហើយ​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​សម្ដេច​បរមខត្តិយាមហា​ចន្ទរាជា​សូម​ទ្រង់ជ្រាប​គ្រប់​ប្រការ។ សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ត្រាស់​ថា៖ សម្ដេចចៅពញា​បែន​ស្លាប់ចាប់​ខ្មាំង​មិន​បាន ហើយ​ទ្រង់​ស្ដាយ​ណាស់ ទ្រង់មាន​ព្រះ​បន្ទូល​ថា ចៅពញា​បែន​មិន​គួរ​ជា​ស្លាប់​ក្នុង​ដៃ​អា​ខ្មាំង​ឡើយ។ ទ្រង់​ព្រះ​ពិរោធ​នឹង​ពួក​អា​ខ្មាំង​ណាស់ ទើប​ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​យមរាជ​សួសឃុំ​ពល​ ២០០០០ ​នាក់ទៅ​វាយ​បន្ទាយ​ពិជ័យ​នគរ ឧកញ៉ា​វាំងឃុំ​ពល​ ២០០០០​ នាក់ទៅ​វាយ​ទិស​ខាងលិច​ ឲ្យ​សម្ដេចព្រះ​ភគិយ្យោ​យសរាជាជា​កែវ​នាយក​មេទ័ព​ធំ​ត្រួតត្រា​លើ​មេទ័ព​ទាំងអស់។ មេទ័ព​ទាំង​បី​កង​ក៏​លើក​ពល​ចោម​បន្ទាយ​តាម​ត្រាស់​បង្គាប់​រៀងៗ​ខ្លួន​ពុំ​មាន​ធ្វេសប្រហែស​ឡើយ។ (សាស្ដ្រា​ទាំង​ប៉ុន្មាន​និយាយ​ថា ព្រះ​បរម​ខិត្ដិយាមហា​ចន្ទរាជា​ឲ្យ​លើកទ័ព​ទៅ​ប្រាំ​កង តែ​រាប់​ឈ្មោះ​មេទ័ពឃើញ​តែ​បី​កង)។

សម្ដេចចៅហ៊្វា​កៅ​ដែល​ នាំ​ព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​រត់​ទៅ​នោះ​លុះរត់ទៅ​ដល់​បន្ទាយ​ហើយ ក៏​រួបរួម​នឹង​សម្ដេចចៅពញា​ហែង ចៅពញា​ចក្រី និង​ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរជាលន់នឹង​ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំងតាំង​ឲ្យ​ត្រួតត្រា​រក្សា​ពុំ​ហ៊ាន​ធ្វេសប្រហែស​ទាំង​យប់​ទាំង​ថ្ងៃ។ មេទ័ព​ទាំង​បី​កង​ខាង​ព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​លើក​ទៅ​ដល់​បង្គាប់​ពល​ឲ្យ​ឡើង​ក្បាល​បន្ទាយ​ខាង​សត្រូវអត់​មាន​បង្អែបង្អង់​ឡើយ។ ពួក​ពល​ខ្មាំង​ក៏​ពួយ​នឹង​លំពែង បាញ់​នឹង​កាំភ្លើង ប្រមៀល​ដុំ​ថ្មទំលាក់​មក​ត្រូវ​អស់​រេហ៍ពល​មេទ័ព​ខាងលិចបណ្ដាល​ឲ្យ​ស្លុត​ស្លាប់​អស់​ជា​ច្រើន។ មេទ័ព​ខាងលិច​យល់​ថា ទ្រាំ​ពុំ​បាន​ហើយ​ក៏​វាយ​ស្គរ​បរពល​ថយ​មក​វិញ មេទ័ព​ខាងលិច​ព្យាយាម​បរពល​ឲ្យ​ចូល​ចោម​បន្ទាយ​ព្រះស្ដេច​កន​ឥត​មាន​ឈប់​ឈរ តែ​ឡើង​បន្ទាយ​នោះ​ពុំ​បានត្បិត​បន្ទាយ​នោះ​ធំ​ហើយ​ខ្ពស់​ណាស់។

ការឡោមព័ទ្ធបន្ទាយស្រឡប់ដូនតីពិជ័យព្រៃនគរ (១៥២៥)

[កែប្រែ]

និយាយ​អំពី​សម្ដេច​ស្រីជេដ្ឋា ព្រះ​អង្គ​គ្រង​ពិជ័យ​ព្រៃនគរ​នោះ​វិញ លុះដល់​ខែ​មិគសិរ បុស្ស ហើយ​ទ្រង់​គិត​ថា ទ្រង់​នឹង​ធ្វើ​សង្គ្រាម​យកជ័យ​ជំនះ​លើ​សម្ដេចចៅពញា​ចន្ទរាជា​ក្នុង​គ្រានេះឲ្យ​ខាង​តែ​បាន ទើប​ទ្រង់​ត្រាស់​បង្គាប់​ចៅហ៊្វា​កៅ សម្ដេចចៅពញា​ហែង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល និង​ចៅពញា​លំពាំង​ជា​សេនាបតី​ឲ្យ​កេណ្ឌ​រេហ៍ពល​បាន ​១៥០០០​ នាក់​មក​សម​ហាត់​ឲ្យ​ស្ទាត់ ហើយនឹង​យក​ទៅ​វាយ​បន្ទាយ​ក្ដុល​វិញ។ បើ​មាន​ជ័យ​ជំនះ​ហើយ ទ្រង់​នឹង​លើក​រហូត​ដល់​បន្ទាយ​មានជ័យ (ពោធិ៍សាត់) សំរេចផែនដី​ក្នុង​ឆ្នាំ​នេះ​ឲ្យ​បាន។ សេនាបតី​ទាំង​ប្រាំមួយ​នាក់ ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់​សំបុត្រ​ឲ្យ​កេណ្ឌ​មក​គ្រប់គ្រាន់​តាម​ព្រះ​បន្ទូល​ពិសេស។ សេចក្ដី​ដែល​កេណ្ឌ​រេហ៍ពល​មក​សមហាត់​នេះ​ឮ​សូរសព្ទ​ទៅ​ដល់​សម្ដេចព្រះ​ភគិនេយ្យោ​យសរាជា​ជា​កែវ​នាយក​ទើប​ទ្រង់​ត្រាស់​ប្រឹក្សា​នឹង​ឧកញ៉ា​ចក្រី​ទេព ឧកញ៉ា​សួគ៌ាលោក​សុខ កូន​ពញា​មឿង និង​សម្ដេចចៅពញា​កែវ ចៅពញា​ឧទ័យធិរាជ ចៅពញា​តេជោ​នោះអស់​នាយ​កងទ័ព​ថា ពល​គេ​ដល់​ទៅ​១៥០០០០ ​នាក់ ​ពល​យើង​មាន​តែ ​៤០០០​ នាក់ដូច្នោះ​នឹង​គិត​ដូច​ម្ដេច​កើត។ វេលា​នោះ​ ឧកញ៉ា​ចក្រី​កែវ ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង​យក​សេចក្ដី​ក្រាប​ទូល​ពល​យើង​សម្ដេចព្រះ​បរមបពិត្រ​ជា​អម្ចាស់​ ទ្រង់​ឲ្យ​បន្ថយ​អស់​ទៅ​ហើយ បើ​យើង​នឹង​ទៅ​កេណ្ឌ​ថែម​ទៀត ក្រែង​ពុំ​ទាន់ តែ​កាល​បិតា​ទូលព្រះបង្គំ​លោត​អន្លង់​សំលាប់​ខ្លួន​ទៅ​កេណ្ឌ​ទ័ព​បិសាច​ឲ្យ​ជួយ​ធ្វើការ​នោះ បាន​ផ្ដាំ​ទុក​នឹង​ចៅពញា​ចន្ទ មេ​ស្មឹង​ជាភឿន​ថា បើ​ម្ចាស់ផែនដី​មាន​សេចក្ដី​ទ័ល​ធុរៈ​ដូច​ម្ដេច កុំឲ្យ​ស្ដេច​មាន​បន្ទូល​ផ្ទាល់​ថាឲ្យ​មេ​ស្មឹង​និយាយ​ឆ្លង​ព្រះ​បន្ទូល លោក​នឹង​កេណ្ឌ​ទ័ព​បិសាច​មក​ជួយ​ឲ្យ​បានសំរេច។ ឥឡូវ​ការណ៍​យើង​ក៏​ប្រទាល​ខ្លួន​ណាស់​ហើយ គួរ​យើង​ធ្វើ​តាម​បណ្ដាំ​នោះ​ល្បងមើល សម្ដេចព្រះ​ភគិនេយ្យោ​យសរាជា​ជា​កែវ​នាយក​ទ្រង់​ជ្រាប​ហើយ ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​ចន្ទ មេ​ស្មឹង ចូល​មក​ត្រាស់​ប្រាប់​ដូន​កូន​ពញា​មឿង​ពីរ​នាក់​យក​សេចក្ដី​ក្រាប​បង្គំ​ទូល។ ខណៈនោះ ពញា​ចន្ទ ​មេ​ស្មឹងទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ​ក៏​ឲ្យធ្វើ​រោង​រាជវ័តិ និង​ឆត្រ គ្រឿង​សក្ការៈបូជា ស្លៀក​ស​ស្រេច​ហើយ ក៏​ចូល​ទៅ​ក្នុង​រោង​រាជពិធី​ឧទ្ទិស​ដល់​ខ្មោច​ពញា​មឿង​ថាសុំ​ឲ្យ​ពញា​ជួយ​ឲ្យ​បាន​សំរេច​ដូច​ជួយ​ការណ៍​ក្នុង​ខែត្រ​ ពោធិ៍សាត់។ ក្នុង​គ្រានោះ​បិសាច​ពញា​មឿង​ចូល​សណ្ឋិត​នឹង​មេ​ស្មឹង ហើយ​ប្រាប់​កូន​ទាំង​ពីរ​ថាឲ្យ​យក​ចំបើង​ចង​ជា​រូប​មនុស្ស​ឲ្យ​កាន់​ប្រឆេះ​ឲ្យ​ពួក​ពល​ចេះ​តែ​តាំង​ហ៊ោបាញ់​កាំភ្លើង​ពី​ចំងាយ​ទៅ​សុំ​យើង​កេណ្ឌ​ទ័ព​បិសាច​ទៅ​ជួយ​ឲ្យ​សំរេច។ វេលា​នោះ​កូន​ពញា​មឿង​ទាំង​ពីរ​នាក់ លុះដល់​ពេល​យប់​ហើយឲ្យ​រេហ៍ពល​យក​ចំបើង​ចង​ជា​រូប​មនុស្សរួច​ចង​ប្រឆេះ​នៅ​រូប​ចំបើង​នោះយក​ទៅ​ដាក់​នៅ​ក្បាល​ត្រោក​ជុំវិញ​បន្ទាយ​ព្រះស្ដេច​កន។ ឯ​បិសាច​ពញា​មឿង​ក៏​កេណ្ឌ​ឲ្យ​តាំង​ហ៊ោ​បីដូច​គេ​ប្លន់​យក​បន្ទាយ។ ទ័ព​ស្ដេច​កន​ឮ​ហើយ ក៏​តាំង​តែ​បាញ់កាំភ្លើង ធ្នូ ស្នាចោល​ដុំ​ថ្ម​ពី​ក្នុង​បន្ទាយ​មក​ជា​ច្រើន​រាត្រី។ សម្ដេចចៅហ៊្វា​កៅ​ធ្វើ​តែ​ដូច្នោះ ​១៥ ​រាត្រី។ កងទ័ព​ក្នុង​បន្ទាយ​បាញ់​អស់​ព្រួញ ធ្នូ ស្នា នឹង​ជិត​អស់ទាំង​គ្រាប់រំសេវលុះដល់​យប់​គំរប់ ​១៥ ​នោះស្រាប់តែ​ឮ​តាំង​ហ៊ោ​ទូងស្គរ​ក្រោម​ដី និង​លើ​អាកាស​ដូច​រន្ទះ កក្រើក​ទាំង​ព្រះធរណី ធូលី​ក៏​បក់​បោក​ចូល​ភ្នែក។ អស់​សេនា​ទាហាន​ទ្រាំ​ពុំ​បាន​ក៏​បើកទ្វារ​បន្ទាយ​ខាងកើត ហើយរត់ទៅ​ទិស​អាគ្នេយ៍​ប៉ង​ទៅ​ខែត្ររោងដំរី​ដើម្បី​ទៅ​ពឹង​ប្រទេស​ចាម​ឲ្យ​ជួយ។ កងទ័ព​បិសាច​បណ្ដាល​អាត្មា​ឲ្យ​ឃើញកងទ័ព​ឈរ​តាំង​ហ៊ោ​តាម​ផ្លូវថ្នល់​ដល់​ទៅ​ខែត្រ​រោងដំរី​នោះ។ ឯ​ព្រះស្ដេច​កន សម្ដេចចៅហ៊្វា​កៅ ចក្រី និង​ស្នង​ធ្នឹម​ព្រះ​នគរ​ជាលន់នាំអ្នកម្នាងជាលែងរត់​ចេញ​តាម​ទ្វារ​ប៉ម​ទិសឦសានដើម្បី​ទៅ​ទិស​ខាងជើង​កាត់​ស្រុក​លាវ

រាជទាន

[កែប្រែ]

តែងតាំងរួចហើយ សម័យថ្ងៃមួយនោះ ព្រះបរមបពិត្រ ព្រះអង្គចេញគង់ចុងព្រះរាជរោងរម្យ ជួបជុំព្រះបរមវង្សានុវង្ស អង្គអគ្គសេវកាមហាមាត្យ បុរោហិត បណ្ឌិត កវី មន្ត្រីតូចធំ ទើបមានព្រះរាជបន្ទូលមង្គលទិព្វពិសេសត្រាស់ថា: ទំនៀមព្រះមហាក្សត្រខត្តិយាវង្ស អំពីបូរាណរាជរៀងមកតែង ទ្រង់គ្រឿងអលង្ការ កកុធភណ្ឌ ចេញឱ្យមន្ត្រីក្រាបបង្គំគាល់ជាប្រក្រតី នោះឃើញលំបាកណាស់ ទើបត្រាស់ឱ្យធ្វើព្រះសភ័គ ប្រវែង ៨ ហត្ថ ឱ្យពិចិត្ររចនាដោយសុវណ្ណបុប្ផាដាំជរ ជាសំរាប់ព្រះអង្គទ្រង់ជាប្រក្រតីវិញហើយទ្រង់ប្រញប្ដិ ខាងរបៀបក្សត្រីនោះ ព្រះរាជវង្សានុវង្ស ជំទាវខុនណាង តូចធំឱ្យដណ្ដប់ស្បៃប្រវែង ៨ ហត្ថ មានផ្កាភ្ញីជរដោយខណ្ឌ ដោយសែសយតិចច្រើនតាមបណ្ដាសក្ដិធំតូច។ ក្នុងមួយខ្លួនឱ្យមានជា ៣ យ៉ាង ឬ ៣ សំរាប់ សំរាប់ស្លៀកដណ្ដប់ដោយមានការណ៍ធំតូច។ វេលាកាលចូលគាល់ឱ្យដណ្ដប់ស្បៃដែលបញ្ញត្តិ។ ឱ្យសេនាទាហានកាន់ផ្លិតស្លឹកត្នោត ឯផ្លិតនោះឱ្យបិទមាសរាយផ្កាយជាជរប៉ាន់ប៉ាក់។ វេលាណាចូលគាល់ ឱ្យចូលគាល់រាល់ខ្លួនតាមសក្ដិ។ ព្រះបរមវង្សានុវង្សខាងក្សត្រាឱ្យបាំងព្រះក្លស់ គង់ព្រះរាជយានបិទមាស ព្រះវង្សាដែលមានយសជាធំឱ្យបាំងសប្បធមជិះគ្រែក្រញូង មនុស្សសែង ៤ នាក់បាំងតាំងយូក្រអែ រាយផ្កាយបិទមាសរំយោលមាសយ៉ាងច្រើន។ មន្ត្រីធំតូចឱ្យបាំងតាំងយូក្រអែលាបម្រ័ក្សណ៍ លាបប្រាក់ និង ជាតិហិង្គុលបិទមាសរំយោលយ៉ាងច្រើន។ មន្ត្រីធំ តូច ឱ្យបាំងតាំងយូ ក្រអែ លាបម្រ័ក្សណ៍ លាបប្រាក់ និងជាតិហិង្គុលបិទមាសរំយោលយ៉ាងច្រើនតិច ចុះមកតាមបណ្ដាសក្ដិធំតូច។ ឯតាំងយូក្រអែនោះ ធ្វើនឹងស្លឹកត្នោត តែតំលោះពុំបាន ហើយទ្រង់ព្រះករុណា ឱ្យចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខែត្រអាសន្ទុកខ្នងពស់១ ឱ្យចៅពញាពិស្ណុលោកខែត្រទ្រាំង១ ឱ្យចៅពញាធម្មាតេជោខែត្របាភ្នំ ១ ឱ្យចៅពញាអរជូនស្រុកត្បូងឃ្មុំ១ ឱ្យចៅពញាសួគ៌ាលោកជាចៅហ្វាយស្រុកខ្នងពស់ខែត្រពោធិ៍សាត់១ ជើងគ្រឹះទាំង ៥ នេះឱ្យមានដំរី សេះ និង រោងពលសំរាប់ចាំទ្វារ សំរាប់សែងបំរើដោយចំនួនតិចច្រើន និង តាមសក្ដិធំតូច។

ឯកសារយោង

[កែប្រែ]
យសស័ក្ដិខ្មែរ
មុនដោយ
ឧទ័យធិរាជ (ឝ្រីឝៅគន្ធបទ)
ចៅពញាឧទ័យធិរាជនៃខែត្រអាសន្ទុក
គ.ស ១៥១៦-១៥??
តដោយ
ឧទ័យធិរាជ (ស្ដេចកន)